បណ្ណាល័យ
មេរៀន​ទី 1 ៖ តួនាទី​របស់​សិស្ស


មេរៀន​ទី 1

តួនាទី​របស់​សិស្ស

សេចក្តីផ្ដើម

គោលបំណង​នៃ​មេរៀន​នេះ គឺ​ដើម្បី​ជួយ​ដល់​សិស្ស​ទាំងអស់​ឲ្យ​បំពេញ​តាម​តួនាទី​របស់​ពួកគេ នៅក្នុង​ការរៀនសូត្រ​ពី​ដំណឹងល្អ ។ ពេលខ្លះ សិស្ស​គិត​ថា ទំនួលខុសត្រូវ​ក្នុង​ការរៀនសូត្រ​របស់​ខ្លួន អាស្រ័យ​តែ​លើ​គ្រូបង្រៀន​ប៉ុណ្ណោះ ។ ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ បានមាន​ប្រសាសន៍​អំពី​តម្រូវការ​ទាំង​សិស្ស និង គ្រូបង្រៀន ដើម្បី​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

« បញ្ហា និងការល្បួង​ទាំងឡាយ​ដែល​សិស្ស​របស់​យើងបាន​ជួបប្រទះ គ្រាន់​តែ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​កន្លង​ទៅ​មាន​លក្ខណៈ​ស្រាល​ជាង​ឆ្ងាយ​ណាស់ បើ​ប្រៀបធៀប​ទៅ​នឹង​អ្វី​ដែល​យើងមើល​ឃើញ​នាពេល​បច្ចុប្បន្ន ហើយ​វា​មាន​លក្ខណៈ​កាន់តែ​ពិបាក​ទៅ​នៅ​ថ្ងៃអនាគត ។ ខ្ញុំ​មាន​អារម្មណ៍ … ថា អ្វី​ដែល​យើង​បាន​ធ្វើ និង​កំពុង​ធ្វើ នឹង​មិន​គ្រប់គ្រាន់​នោះ​ទេ ។ យើង​ត្រូវការ​ព្រះចេស្ដា​ដ៏​អស្ចារ្យ​ជាងនេះ ដើម្បី​ទាញ​យក​ដំណឹង​ល្អ​មក​ចាក់​ចូល​នៅក្នុង​ដួងចិត្ត និង ជីវិត​នៃ​កូនសិស្ស​ទាំងឡាយ​របស់​យើង ។ …

« អ្នក​ត្រូវតែ​មាន​ព្រះវិញ្ញាណ​ធ្វើជា​ដៃគូ​ដ៏​ខ្ជាប់ខ្ជួន​របស់​អ្នក ដើម្បី​បង្រៀន​ដោយ​ព្រះចេស្ដា ហើយ​សិស្ស​​របស់​អ្នក​នឹង​មិន​រស់រាន​ខាង​វិញ្ញាណ​បាន​ទេ បើ​គ្មាន​ព្រះវិញ្ញាណ​ជា​ដៃគូ​របស់​ពួកគេ » ( « ព្រះវិញ្ញាណ ត្រូវតែ​ជា​ដៃគូ​ដ៏​ខ្ជាប់ខ្ជួន​របស់​យើង » [ សុន្ទរកថា​ទៅកាន់​អ្នកអប់រំ​សាសនា ផ្នែក CES នៅថ្ងៃទី 7 ខែ កុម្ភៈ ឆ្នាំ 2003 ] ទំព័រ 1 , si.lds.org ) ។

នៅពេល​ដែល​អ្នក​បង្រៀន​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ជួយ​សិស្ស​ឲ្យ​រៀន​ដោយ​ព្រះចេស្ដា​ដូចគ្នា​នោះ អ្នក​អាច​ជួយ​ពួកគេ​ឲ្យ​ក្លាយជា​អ្នកផ្លាស់​ប្រែចិត្ត​ដ៏​ពិត ​ចំពោះ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារឡើង​វិញនេះ ។ អ្នក​អាច​ត្រូវការ​រំឭក​គោលការណ៍​ដែល​បាន​បង្រៀន​នៅក្នុង​មេរៀន​នេះជា​ប្រចាំ ដើម្បី​រំឭក​សិស្ស​ទាំងអស់​ពី​ទំនួលខុសត្រូវ​នៅក្នុង​ថ្នាក់​របស់​ពួកគេ ។

យោបល់​សម្រាប់​ការបង្រៀន

ទំនួល​ខុសត្រូវ​ផ្ទាល់​ខ្លួន​ក្នុង​ការរៀន​ដោយ​ការសិក្សា និង ដោយ​សេចក្ដី​ជំនឿ

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឡើងមក​ខាង​មុខ​ថ្នាក់ ។ សូមពន្យល់​ថា អ្នក​ចង់​ជួយ​សិស្ស​នោះ ឲ្យ​រឹងមាំ​ខាង​រាងកាយ​ខ្លាំង​ជាង​មុន ។ បន្ទាប់​មក សូម​ហៅ​សិស្ស​ទីពីរ​ម្នាក់ទៀតមក​ខាង​មុខ ហើយ​ធ្វើ​អាវ៉ង់​ប្រាំ​ដង ។

ក្រោយ​ពី​សិស្ស​ទីពីរ​បានធ្វើ​អាវ៉ង់​រួច​ហើយ សូម​សួរ​ទៅសិស្ស​ទីមួយ​ថា ៖

  • តើ​ការធ្វើ​អាវ៉ង់​នោះ បាន​ជួយ​ឲ្យ​អ្នក​រឹងមាំ​ជាង​មុន​ដែរឬ​ទេ ?

សូម​សួរ​ទៅ​ថ្នាក់​ថា ៖

  • តើ​ឧទាហរណ៍​នៃ​ការ​ហាត់​ប្រាណ​នេះ ទាក់ទង​នឹង​ការទទួលខុសត្រូវ​របស់​អ្នក​ក្នុង​ការរៀន​ពី​ដំណឹងល្អ​យ៉ាង​ដូចម្ដេច ? តើ​នរណា​ទទួល​ខុសត្រូវ​ចំពោះ​ការរៀន​ពី​ដំណឹងល្អ​របស់​អ្នក ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានពាគោលលទ្ធិ និង សេចក្ដី​សញ្ញា 88:118 ឲ្យ​ឮៗ ។

  • តើ​អ្នក​គិត​ថា វា​មាន​​ន័យ​ដូច​មេ្ដច ដើម្បី « ស្វែងរក​ការរៀនសូត្រ … គឺ​ដោយ​សារ​ការសិក្សា និង ដោយ​សារ​សេចក្ដី​ជំនឿ​ផង » ? ( អ្នក​អាចលើក​ឡើង​ថាការរៀនសូត្រ​ដោយ​ការការសិក្សា និង​ដោយ​សេចក្ដីជំនឿ តម្រូវ​ឲ្យ​មាន​ការខិតខំ​រៀងៗ​ខ្លួន ។ )

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​សាវក​ដប់ពីរ​នាក់ បាន​និយាយ​អំពី អត្ថន័យនៃការ​រៀន​ដោយ​សេចក្ដីជំនឿ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​សរសេរ​សម្ដី​នេះ​ទុក​នៅ​កន្លែង​ណាមួយ ( ប្រហែល​នៅក្នុង​កំណត់ហេតុ​​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេររបស់​ពួកគេ ) ដូច្នេះ ពួកគេ​អាច​មើល​វា​បាន​ញឹកញាប់ អំឡុង​ពេល​រៀន​ថ្នាក់​សិក្ខាសាលា ៖

« ការរៀន​ដោយ​សេចក្ដី​ជំនឿ តម្រូវ​ឲ្យ​មាន​ការខំ​ប្រឹង​ខាង​វិញ្ញាណ សតិ​អារម្មណ៍ និង​រាងកាយ ហើយ​មិនមែន​គ្រាន់​តែ​ជា​ការទទួល​អំពើ​នោះ​ទេ ។ … សិស្ស​ម្នាក់​ត្រូវ​តែ​អនុវត្ត​សេចក្ដីជំនឿ និងប្រតិបត្តិ​ដើម្បី​ទទួល​បាន​ចំណេះដឹង​សម្រាប់​ខ្លួន​ឯង​ផ្ទាល់ » ( « ស្វែងរក​ការរៀនសូត្រដោយ​សេចក្ដី​ជំនឿ » [ ការថ្លែង​ទៅ​កាន់​អ្នកអប់រំ​ខាង​សាសនា ផ្នែក CES ថ្ងៃទី 3 ខែ កុម្ភៈ ឆ្នាំ 2006 ] ទំព័រ 3, si.lds.org) ។

ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​ប្រចាំ​ថ្ងៃ

សូម​ពន្យល់​ថា ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​ប្រចាំ​ថ្ងៃ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការស្វែងរក​ការរៀនសូត្រ​ដោយសារ​ការសិក្សា និង ដោយសារ​សេចក្ដីជំនឿ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន ហេលេមិន 3:29–30 ឲ្យ​ឮៗ ។

  • តើ​អ្នក​គិត​ថា វា​មាន​ភាព​ខុសគ្នា​យ៉ាងណា រវាង​ការអាន​ព្រះគម្ពីរ​មិនសូវហ្មត់ចត់ និង « ការកាន់​តាម​ព្រះបន្ទូល​នៃ​ព្រះ » ?

  • ដោយ​យោង​តាម ខ ដែល​យើង​ទើប​តែ​បាន​អាន តើ​ពរជ័យ​អ្វីខ្លះ ដែល​បាន​មក​ពី​ការកាន់តាម​ព្រះបន្ទូល​នៃ​ព្រះ ?

  • តើ​ពរជ័យអ្វី​ផ្សេង​ទៀត ដែល​មក​តាមរយៈ​ការសិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ ?

  • តើ​ពេល​ណា​ដែល​អ្នក​ទទួល​បាន​ពរជ័យ​នានា​ តាមរយៈ​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​ប្រចាំ​ថ្ងៃ ?

នៅពេល​ដែល​សិស្ស​ឆ្លើយសំណួរ​ទាំងនេះ សូម​ប្រាកដ​ថា ពួកគេ​យល់​ថា ការសិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ ជួយ​ពង្រឹង​ទីបន្ទាល់​របស់​យើង អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​មក​ក្នុង​ជីវិត​របស់​យើង និង ជួយ​យើង​ឲ្យ​រៀន​ដំណឹង​ល្អ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​នឹង​សំណួរ​មួយ​ក្នុងចំណោម​សំណួរ​ខាងក្រោម នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ៖

  • តើ​អ្នក​អាច​ពង្រីក​ការសិក្សា​ព្រះគម្ពីរ​មរមន​របស់​អ្នក​ឆ្នាំ​នេះ​បាន​ដោយ​របៀប​ណា ?

  • តើ​ការអាន​ព្រះគម្ពីរមរមន បាន​ជះឥទ្ធិពល​ដល់​អារម្មណ៍​របស់​អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ តាម​របៀប​ណា​ខ្លះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ដាក់​គោលដៅ​មួយ ដើម្បី​សិក្សា​ព្រះគម្ពីរ​មរមន​ប្រចាំ​ថ្ងៃ​ក្នុង​ឆ្នាំ​នេះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ដាក់​គោលដៅ​ដើម្បី​អាន​ព្រះគម្ពីរ​មរមន​ឲ្យ​ចប់ អំឡុងពេល​សិក្ខាសាលា​ឆ្នាំ​នេះ​ផង​ដែរ ។ អ្នក​អាច​ផ្តល់​ជា​យោបល់​ឲ្យ​ពួកគេ​សរសេរ​ទុក​នូវ​គោលដៅ​ទាំងនេះ នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។ សូម​រំឭក​ពួកគេ​ថា គោលដៅ​ទាំងនេះ អាច​ជួយ​ពួកគេជាមួយនឹង​តម្រូវការ​ក្នុង​កាតព្វកិច្ច​ចំពោះ​ព្រះ និង ការអភិវឌ្ឍ​ខ្លួន ។

ការរៀន​សូត្រ​ដោយ​ព្រះវិញ្ញាណ

សូម​ចម្លង​ឌីយ៉ាក្រាម​ខាងក្រោម​ដាក់​លើ​ក្ដារខៀន ។ សូម​លុប​ពាក្យ​ចេញ​ពី​ឌីយ៉ាក្រាម ។ អ្នក​នឹង​សរសេរ​វា ពេល​មេរៀនបោះជំហានទៅ​មុខ ។

រូបភាព
Triangle Diagram

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា 50:17–18 ឲ្យ​ឮ​ៗ ។

  • យោង​តាម​ខ​ទាំងនេះ តើ​អ្វី​ខ្លះ​ដែល​ព្រះអម្ចាស់ តម្រូវ​ឲ្យ​គ្រូបង្រៀន​ដំណឹងល្អ​ត្រូវ​មាន ? ( ដើម្បី​បង្រៀន​សេចក្ដី​ពិត ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ ) ។

សូម​សរសេរ ព្រះវិញ្ញាណ​បរិសុទ្ធ និង គ្រូបង្រៀន នៅលើ​ឌីយ៉ាក្រាម ដូច​ដែល​បាន​បង្ហាញ​នៅ​ខាង​លើ ។ សូម​ចែកចាយ​គំនិត​របស់​អ្នក​អំពី​ការស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​ដែល​អ្នក​បង្រៀន ។ សូម​ជួយ​សិស្ស​ឲ្យ​ដឹង​ថា នៅក្នុង​ការរៀបចំ និង ការបង្រៀន​របស់​អ្នក អ្នក​បាន​ខិតខំ​ដោយ​អស់ពីចិត្ត​ដើម្បី​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ ។

សុំ​ឲ្យ​សិស្ស​ដាក់​ប្រដាប់​សៀត​​សៀវភៅ​ចំណាំនៅ​ត្រង់ គោលលទ្ធិ និង សេចក្ដី​សញ្ញា 50 ( ដោយសារ​ពួកគេ​នឹង​ត្រឡប់​ទៅ​វគ្គ​នេះ​វិញ​ នា​ពេល​បន្ដិច​ទៀត ) ។ សូម​ឲ្យ​សិស្សម្នាក់​អាន  នីហ្វៃទី2 33:1 ឲ្យ​ឮ​ៗ ។

  • តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​អ្វី​ចំពោះ​អ្នក​រៀន​ នៅពេល​ដែល​ដំណឹងល្អ​ត្រូវបាន​បង្រៀន​ទៅ ?

សូម​ពន្យល់​ថា ដើម្បី​រៀន​ដំណឹងល្អ​តាម​របៀប​របស់​ព្រះអម្ចាស់ យើ​ងត្រូវ​តែ​ទទួល​យក​ទំនួលខុសត្រូវ​ដើម្បី​រៀន ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា 50:19–21 ដោយ​ស្ងាត់ៗ ។

  • តើ​យើង​គួរ​សរសេរ​អ្វី នៅ​ជ្រុង​ក្រោម​ខាង​ស្ដាំ​នៃ​ត្រីកោណ​នេះ ? ( សរសេរ​ពាក្យ សិស្ស ។ )

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាង​ណា​ដើម្បី​ទទួល​បាន​សេចក្ដីពិត ដោយ​ព្រះវិញ្ញាណ ?

អ្នក​អាច​ចង់​បង្រៀន​គោលការណ៍​ខ្លះៗ អំពី​ការស្គាល់ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា ជា​ធម្មតា ព្រះវិញ្ញាណ​ទាក់ទង​ជាមួយ​នឹង​យើង​យ៉ាង​ស្ងៀមស្ងាត់ តាម​រយៈ​អារម្មណ៍​របស់​យើង និង នៅក្នុង​គំនិត​របស់​យើង ( សូម​មើល នីហ្វៃទី1 17:45; គ. និង ស. 8:2–3 ) ។ ព្រះវិញ្ញាណ​បរិសុទ្ធ ក៏​នាំ​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់ ភាព​រីករាយ សេចក្ដី​សុខសាន្ដ ភាព​អត់ធ្មត់ ការបន្ទាប​ខ្លួន សុភាពរាបសា សេចក្ដី​ជំនឿ និង សេចក្ដី​សង្ឃឹមមក​ដល់​យើង​ដែរ ( សូម​មើល កាឡាទី 5:22–23; គ. និង ស. 11:12 ) ។

  • តើ​អ្នក​អាច​ធ្វើ​អ្វីបាននៅក្នុង​ថ្នាក់​សិក្ខាសាលា ដើម្បី​រៀបចំ​ខ្លួន​អ្នក​រៀន​ដោយ​ព្រះវិញ្ញាណ ?

នៅផ្នែក​នៃ​ការពិភាក្សា​នេះ សូម​ជួយ​សិស្សឲ្យ​យល់​ថា របៀប​សំខាន់​មួយ​ដើម្បី​រៀន​ដោយ​ព្រះវិញ្ញាណ គឺ​ត្រូវ​មាន​ឆន្ទៈ​ដើម្បី​ចែកចាយ​ទីបន្ទាល់​យើង​ជាមួយ​គ្នា​ទៅវិញ​ទៅ​មក ។ សូម​អាន​ប្រសាសន៍​ខាងក្រោម​ដោយ អែលឌើរ រីឆាដ ជី ស្កត នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ ៖

រូបភាព
អែលឌើរ រីឆាដ ជី ស្កត

« នៅពេល​សិស្ស​និយាយ​ពី​សេចក្ដីពិត [ សេចក្ដីពិត​ទាំង​នេះ ] ត្រូវ​បាន​បញ្ជាក់​នៅក្នុង​ដួងចិត្ត​របស់​ពួកគេ ហើយ​ពង្រឹង​ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​ពួកគេ » ( « ដើម្បី​យល់ និង រស់នៅ​តាម​សេចក្ដី​ពិត » [ សុន្ទរកថា​ទៅ​កាន់​អ្នកអប់រំ​ខាង​សាសនា ផ្នែក CES ថ្ងៃទី 4 ខែ កុម្ភៈ ឆ្នាំ 2005 ] ទំព័រ 3, si.lds.org) ។

សូម​រំឭក​សិស្ស​ថា កម្មវិធី​កាតព្វកិច្ច​ចំពោះ​ព្រះ និង ការអភិវឌ្ឍ​ខ្លួន រួម​មាន​ការស្នើសុំ​ដើម្បី​ធ្វើការ​ចែកចាយ​សេចក្ដីពិត​នៃ​ដំណឹងល្អ​ជាមួយ​នឹង​អ្នក​ដទៃ​ទៀត ។ សូម​លើក​ទឹកចិត្ត​ពួកគេ ឲ្យ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ​នៅក្នុង​ថ្នាក់​សិក្ខាសាលា នៅក្នុង​កូរ៉ុម ឬ ការប្រជុំ​ក្នុង​ថ្នាក់​នានា និង​នៅក្នុង​ការសន្ទនា​ជាមួយ​នឹង​សមាជិក​គ្រួសារ​ និង មិត្តភក្ដិ​របស់​ពួកគេ ។ សូមបញ្ជាក់យ៉ាងហ្មត់ចត់​ថា នៅពេល​ពួកគេ​ខិត​ខំ​ប្រឹងប្រែង​ដើម្បី​ពន្យល់ ចែកចាយ និង​ថ្លែង​ទីបន្ទាល់​ពី​សេចក្ដីពិត​នៃ​ដំណឹងល្អ នោះ​ព្រះ​នឹង​បង្កើន​សមត្ថភាព​របស់​ពួកគេ​ដើម្បី​ពិភាក្សា​ដំណឹងល្អ​ជាមួយ​នឹង​អ្នក​ដទៃទៀត ។

សូម​ត្រឡប់ទៅ​ឌីយ៉ាក្រាម​នៅ​លើ​ក្ដារខៀន​ម្តង​ទៀត ។ សុំ​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា 50:14, 22 ឲ្យ​ឮ ៗ ។

  • តើ​ខ​ទាំងនេះ សង្ខេប​ពី​តួនាទី​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ គ្រូបង្រៀន និង ការ​សិក្សា​ដំណឹង​ល្អរបស់​សិស្ស ដោយ​របៀប​ណា ? ( អ្នក​អាច​ពន្យល់​ថា ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ត្រូវ​បាន​ហៅ​ថា​ជា ព្រះវិញ្ញាណ និង ព្រះ​ដ៏​ជា​ជំនួយ​ផង​ដែរ នៅក្នុង​វគ្គ​នេះ នឹង​បង្រៀន​ពី​សេចក្ដី​ពិត ។ គ្រូបង្រៀន គឺ​ត្រូវ​បង្រៀន​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ ហើយ​សិស្សត្រូវ​រៀន​ដោយ​ព្រះចេស្ដា​ដូចគ្នា ។ )

  • តើ​នឹង​មាន​អ្វី​កើត​ឡើង នៅពេលដែល​សិស្ស​ម្នាក់​រៀន ដោយ​ព្រះវិញ្ញាណ ហើយ​គ្រូ​បង្រៀន​ដោយ​ព្រះវិញ្ញាណ ? ( អ្នក​អាច​ត្រូវ​ការពន្យល់​ថា ស្អាង​ឡើង មាន​ន័យ​ថា កសាង​ឡើង ពង្រឹង បំភ្លឺ ឬ ពង្រីក ។ )

នៅក្នុង​ព្រះគម្ពីរ​មរមន អេណុស និង អាលម៉ា គឺជា​គំរូ​នៃ​មនុស្ស​ដែល​បាន​រៀន​ដោយ​ព្រះវិញ្ញាណ ។ សុំ​ឲ្យ​សិស្ស​អាន អេណុស 1:4–10 និង អាលម៉ា 5:45–47 ដោយ​ស្ងាត់ៗ ។ ( អ្នក​អាច​សរសេរ ខ​យោង​ទាំងនេះ​នៅលើ​ក្ដារខៀន ) ។ បន្ទាប់​មក​សួរ​ថា ៖

  • តើ​អេណុស ( ឬ អាលម៉ា ) បាន​ធ្វើ​អ្វី​ខ្លះដើម្បីរៀន​ដោយ​ព្រះវិញ្ញាណ ?

  • តើ​ព្រះវិញ្ញាណ​បាន​ធ្វើ​អ្វី សម្រាប់​អេណុស ( ឬ អាលម៉ា ) ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ ឲ្យ​អាន​ប្រសាសន៍​ខាង​ក្រោម​ដោយ អែលឌើរ បែដណា ៖

« យើង​គួរតែ​ចងចាំ​ជានិច្ច​ថា ព្រះវិញ្ញាណ​បរិសុទ្ធ គឺជា​គ្រូបង្រៀន​ដែល តាមរយៈ​ការអញ្ជើញ​ដោយ​ត្រឹម​ត្រូវ អាច​ចូល​មក​ក្នុង​ដួងចិត្ត​របស់​អ្នករៀន​បាន » ( « ស្វែងរក​ការរៀនសូត្រ​ដោយសារ​សេចក្ដី​ជំនឿ » 4 ) ។

  • តើ​អ្វី​ដែល​យើង​បាន​រៀនរួចហើយ ដែលពាក់ព័ន្ធ​ចំពោះ​ការទទួលខុសត្រូវ​ផ្ទាល់ខ្លួន​របស់​អ្នក ក្នុង​នាម​ជា​សមាជិក​ម្នាក់​នៅក្នុង​ថ្នាក់​នេះ ដោយ​របៀប​ណា ? ( នៅពេល​ដែល​សិស្ស​ឆ្លើយ​សំណួរ សូម​ប្រាកដ​ថា ពួកគេ​យល់​ថា នៅពេល​ដែល​យើង​បើក​ដួងចិត្ត​របស់​យើង ហើយ​សួរ​ដល់​ព្រះ​ដោយ​សេចក្ដី​ជំនឿ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​យើង​ឲ្យ​យល់​ពី​សេចក្ដីពិត​នៃ​ដំណឹងល្អ ។ )

ដើម្បី​ជួយ​សិស្ស​ពិចារណា​ពី​របៀប ដែល​ពួកគេ​អាច​ជួយ​គ្នា​ទៅវិញ​ទៅម​ក​ ឲ្យ​រៀន​ដោយ​ព្រះវិញ្ញាណ សូម​សួរ​ថា ៖

  • តើ​សកម្មភាព​ណា​ខ្លះ ដែល​យើង​អាច​ធ្វើ ដើម្បី​នឹង​ជួយ​អញ្ជើញ​ព្រះវិញ្ញាណ​មក​គង់នៅក្នុង​ថ្នាក់​រៀន​របស់​យើង ? ( ចម្លើយ​អាច​រួម​មាន ការច្រៀង​ចម្រៀង​បើក ការយក​ព្រះគម្ពីរ​មក​ថ្នាក់ ហើយ​ប្រើ​ព្រះគម្ពីរប្រចាំ​ថ្ងៃ ការ​មាន​ឆន្ទៈ​ឆ្លើយ​សំណួរ និង ចែក​ចាយ​បទពិសោធន៍ ការអធិស្ឋាន​សម្រាប់​គ្នា​ទៅវិញ​ទៅមក​ និង ការសុំ​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ) ។

ដើម្បី​ជួយ​សិស្ស​យល់​ថា សកម្មភាព​អវិជ្ជមាន​ខ្លះ ក៏​អាច​មាន​ឥទ្ធិពល​លើ​ថ្នាក់​ទាំងមូល​ផង​ដែរ សូម​សួរថា ៖

  • តើ​ឥរិយាបថ ឬ អាកប្បកិរិយា​បែប​ណា​ខ្លះ ដែល​រារាំង​ព្រះវិញ្ញាណ​មិន​ឲ្យ​មក​គង់​នៅក្នុង​ថ្នាក់​សិក្ខាសាលា ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា ពី​តម្លៃ​នៃ​ការមាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ក្នុង​នាម​ជា​គ្រូបង្រៀន​របស់​ពួកគេ ។

  • តើ​មាន​ពេលវេលា​ណា​ខ្លះ​ដែល​អ្នក​មាន​បទពិសោធន៍ ថា​ព្រះវិញ្ញាណ​ដើរ​តួនាទី​របស់​ទ្រង់​ជា​គ្រូបង្រៀន​មួយ​អង្គ ?

សូម​បញ្ចប់​ដោយ​ការអញ្ជើញ​សិស្ស​ឲ្យ​រៀន​ដោយសារ​ការសិក្សា និង សេចក្ដី​ជំនឿ នៅពេល​ពួកគេ​សិក្សា​ព្រះគម្ពីរមរមន​នៅក្នុង​ថ្នាក់​សិក្ខាសាលា​ក្នុង​ឆ្នាំ​នេះ ។ អ្នក​អាច​ធ្វើការ​តាមដាន​ជាមួយ​នឹង​សិស្ស ពេញ​មួយ​ឆ្នាំ ដើម្បី​លើកទឹកចិត្ត​ពួកគេ​ឲ្យ​បន្ដ​នៅក្នុង​កិច្ចការ​នេះ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

ការសិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ

« ព្យាការី​ថ្ងៃចុងក្រោយ បាន​ប្រឹក្សា​យើង​ឲ្យ​សិក្សា​ព្រះគម្ពីរ​រាល់ថ្ងៃ ទាំង​ដោយ​ផ្ទាល់ខ្លួន និង ជាមួយ​នឹង​គ្រួសារ​របស់​យើង ។ ពួក​លោក លើក​ទឹកចិត្ត​យើង​ដូចជា​ នីហ្វៃ បាន​លើក​ទឹកចិត្ត​ដល់​បងប្អូន​ប្រុស​របស់​លោក ឲ្យប្រដូច​បទគម្ពីរ​ទៅ​នឹង​ខ្លួន​យើង ចូរ​​ស្វែងរក​របៀប​ទាំង​ឡាយ ដែល​ជា​ដំណើររឿងពិសិដ្ឋ​​ក្នុង​ជំនាន់បុរាណ អនុវត្តក្នុងជីវិតរបស់​​យើង​សព្វថ្ងៃនេះ (សូមមើល នីហ្វៃទី 1 19:23-24) ។ ពួកលោក​បាន​ទូន្មាន​ដល់​យើង​ថា ‹ ស្ទង់មើល​គម្ពីរ › (យ៉ូហាន 5:39) និង ‹ ទទួល​ទាន​នូវ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ › (នីហ្វៃទី 2 32:3) ។

« អ្នក​នឹង​ទទួល​បាន​ប្រយោជន៍​យ៉ាង​ខ្លាំង ដោយ​ការធ្វើតាម​ការប្រឹក្សា​នេះ ។ ការសិក្សា​ព្រះគម្ពីរដ៏​ជ្រាលជ្រៅ​ជា​ប្រចាំថ្ងៃ ជួយ​អ្នក​ឲ្យ​ទទួល​បាន​ការខ្សឹបប្រាប់​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ វា​ជួយ​កសាង​សេចក្ដីជំនឿ​របស់​អ្នក ធ្វើឲ្យ​អ្នក​មាំមួន​ប្រឆាំង​នឹង​ការល្បួង និង ជួយ​អ្នក​ឲ្យ​ខិតជិត​ទៅ​ព្រះវរបិតា​សួគ៌ា​របស់អ្នក និង ព្រះរាជបុត្រា​ដ៏​ស្ងួនភ្ងា​របស់​ទ្រង់ ។

« អភិវឌ្ឍ​គម្រោង​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​អ្នក ។ សូម​ញែក​ពេល​មួយ​ចំនួន​រៀង​រាល់ថ្ងៃ ដាក់​សម្រាប់​សិក្សា​ព្រះគម្ពីរ ។ អំឡុង​ពេល​នោះ សូម​អាន​ដោយ​ប្រុងប្រយ័ត្ន ដោយ​យកចិត្តទុកដាក់​ទៅ​នឹង​ការបំផុស​នៃ​ព្រះវិញ្ញាណ ។ ចូរ​សុំ​ដល់​ព្រះវរបិតាសួគ៌ា​របស់​អ្នក ឲ្យ​ជួយ​អ្នក​ដឹង​ពី​អ្វី​ដែល​ទ្រង់​នឹង​ចង់​ឲ្យ​អ្នក​រៀន និង ធ្វើ ។

« បន្ដ​អាន​ព្រះគម្ពីរ ជាពិសេស​ព្រះគម្ពីរ​មរមន ពេញ​មួយ​ជីវិត​របស់​អ្នក ។ អ្នក​នឹង​រក​ឃើញ​ជា​ថ្មី​នូវ​រតនសម្បត្តិ​នៃ​ព្រះគម្ពីរ​ម្ដង​ហើយ​ម្ដង​ទៀត ដោយ​រក​ឃើញ​ន័យ​ថ្មី និង ការអនុវត្ត​ថ្មី​ពី​ក្នុង​ព្រះគម្ពីរ នៅពេល​អ្នក​សិក្សា​វា​នៅ​ដំណាក់កាល​ផ្សេងៗ​គ្នា​នៅក្នុង​ជីវិត » (ពិត​ចំពោះ​សេចក្ដី​ជំនឿ ៖ ឯកសារយោង​ដំណឹងល្អ [ ឆ្នាំ 2004 ] « បទគម្ពីរ » ទំព័រ 98 ) ។

ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធានទីមួយ​បាន​មាន​ប្រសាសន៍ ៖

« ប្រសិន​បើ​យើង​ធ្វើ​ឲ្យ​មាន​ទម្លាប់​មិនហ្មត់ចត់នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​របស់​យើង នោះ​យើង​នឹង​មាន​ទម្លាប់មិនហ្មត់ចត់​នៅក្នុង​ការអធិស្ឋាន​របស់​យើង​ផងដែរ ។

យើង​មិន​អាច​ឈប់​អធិស្ឋាន​បាន​ទេ បើ​ខ្វះ​គោល​បំណង នោះការអធិស្ឋាន​របស់​យើង នឹង​ក្លាយ​ជា​ច្រំដែលៗ ដូច​គ្រឿង​ម៉ាស៊ីន ។ ដួងចិត្ត​របស់​យើង មិន​អាច​យក​ចេញ​ពី​ព្រះ​មួយ​អង្គ​ដែល​យើង​មិន​ស្គាល់នោះ​ទេ ហើយ​ព្រះគម្ពីរ និង ពាក្យ​សម្ដី​របស់​ព្យាការី​ដែល​នៅរស់ អាចជួយ​យើង​ឲ្យ​ស្គាល់​ទ្រង់ » ( « ការអធិស្ឋាន » Ensign ខែ វិចិ្ឆកា ឆ្នាំ 2001 ទំព័រ 17 ) ។

នីហ្វៃទី២ ៣៣:១ ។ សូម​បើក​ដួងចិត្ត​របស់​យើង​ចំពោះ​ព្រះវិញ្ញាណ​បរិសុទ្ធ

នៅផ្នែក​មួយ​នៃ​ការពិភាក្សា​របស់​អ្នក​លើ នីហ្វៃទី 2 33:1 សូម​គិត​ពី​ការអាន​នូវ​ប្រសាសន៍​ខាងក្រោម​ដោយ អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ៖

« នីហ្វៃ​បង្រៀន​យើង ‹ ដ្បិត​កាលណា​មនុស្ស​មួយ​និយាយ ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នឹង​នាំ [ សារ​លិខិត ] ចូល​ទៅក្នុង​ចិត្ត​នៃ​កូនចៅ​មនុស្ស › (នីហ្វៃ​ទី 2 33:1) ។ សូម​កត់​ចំណាំ​ពី​របៀប​ដែល​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​នាំ​សារលិខិត ទៅ​ដល់ ប៉ុន្ដែ​មិន​មែន​ចាំបាច់ ទៅ​ក្នុង ដួងចិត្ត​នោះ​ទេ ។ គ្រូបង្រៀន​ម្នាក់អាច​ពន្យល់ បង្ហាញ បញ្ចុះបញ្ចូល និង ថ្លែង​ទីបន្ទាល់ និង ធ្វើ​ដូច្នោះ​ដោយ​មាន​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​ដ៏​អស្ចារ្យ និង ដោយ​មាន​ប្រសិទ្ធភាព ។ ទីបំផុត ទោះយ៉ាង​ណាក្ដី អត្ថន័យ​នៃ​សារលិខិត​មួយ និង សាក្សី​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ បាន​ទម្លុះ​ចូល​ទៅក្នុង​ដួងចិត្ត បើ​សិន​ជា​អ្នក​ទទួល​អនុញ្ញាត​ឲ្យ​វា​ចូល​ទៅ​បាន ។…

« អ្នក​រៀន​ម្នាក់ ដែល​អនុវត្ត​សិទ្ធិជ្រើសរើស​ដោយ​សកម្មភាព ស្រប​តាម​គោលការណ៍​ត្រឹមត្រូវ គឺ​បើក​ដួងចិត្ត​របស់​ខ្លួន​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​អញ្ជើញ​ការបង្រៀន ព្រះចេស្ដា​នៃការថ្លែងទីបន្ទាល់ និង សាក្សី​បញ្ជាក់​របស់​ទ្រង់ » ( « ស្វែងរក​ការរៀនសូត្រ​ដោយ​សេចក្ដីជំនឿ » [ ការថ្លែង​ទៅ​កាន់​អ្នកអប់រំ​ខាង​សាសនា ផ្នែក CES ថ្ងៃទី 3 ខែ កុម្ភៈ ឆ្នាំ 2006 ], 1, 3, si.lds.org) ។