បណ្ណាល័យ
មេរៀនទី 2 ៖ ការសិក្សា​ព្រះគម្ពីរ


មេរៀនទី 2

ការសិក្សា​ព្រះគម្ពីរ

សេចក្តីផ្ដើម

មេរៀន​នេះ នឹង​ជួយ​សិស្ស​ឲ្យបើក​ការយល់ដឹង​របស់​ពួកគេ​អំពី​បំណង​ទាំងឡាយ​នៃ​ព្រះគម្ពីរ ។ វា​ក៏​នឹង​ជួយ​ពួកគេ​ឲ្យ​សិក្សា​ព្រះគម្ពីរ​តាម​របៀប​ដ៏​មាន​ន័យ​ជាង​មុន​ផង​ដែរ ។ វា​រួមមាន​សកម្មភាពនៃ​ការ​រៀន​អំពី​ការយល់​ដឹង​លើ​សាវតា និង សាច់រឿងនៃ​ព្រះគម្ពីរ ការស្គាល់ និង ការយល់​ពី​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ និង ការអនុវត្ត​គោលលទ្ធិ និង គោលការណ៍​ទាំងនោះ​ទៅក្នុង​ជីវិត​របស់​យើង ។ នៅពេល​សិស្ស​រីកចម្រើន​នូវ​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការសិក្សា​ព្រះគម្ពីរ នោះ​សេចក្ដីស្រឡាញ់​ចំពោះ​ព្រះគម្ពីរ​នឹង​កើនឡើង រួមទាំង​ការយល់ដឹង​អំពី​ដំណឹងល្អ​របស់​ពួកគេ​នឹង​កើន​ឡើង​ដែរ ។ សូម​គិត​ពី​របៀប​ដើម្បី​រំឭក​ពី​កិច្ចការ​សិក្សា​នៅក្នុង​មេរៀន​នេះ ពេញ​មួយ​ឆ្នាំ ។

យោបល់​សម្រាប់​ការបង្រៀន

តើ​យើង​គួរតែ​ចាប់​យក​ការសិក្សា​ព្រះគម្ពីរ​នៅក្នុង​ថ្នាក់​សិក្ខាសាលា ដោយ​របៀប​ណា ?

ពីមុន​ថ្នាក់​រៀន​ចាប់ផ្ដើម សូម​សរសេរ​ប្រសាសន៍​ដូច​ខាងក្រោម​ដោយ​ប្រធាន ថូម៉ាស អេស ម៉នសុន នៅលើ​ក្ដារខៀន ។ ( ប្រសាសន៍​ខាងលើ​នេះ មាន​នៅ​ទំព័រ 107 នៃ​របាយការណ៍​សន្និសីទ​ខែ តុលា ឆ្នាំ 1970 ) ។

« គោលដៅ​នៃ​ការបង្រៀន​ដំណឹងល្អ … គឺ​មិនមែន​ដើម្បី ‹ ចាក់​ដំណឹង › ទៅក្នុង​គំនិត​របស់​សមាជិក​ថ្នាក់​រៀន​នោះ​ទេ ។ … គោលបំណង គឺ​ដើម្បី​បំផុស​បុគ្គល​ម្នាក់ៗ ឲ្យ​គិត​អំពី មាន​អារម្មណ៍​អំពី ហើយ​បន្ទាប់​មក​ធ្វើ​អ្វី​មួយ​អំពី​ការរស់នៅ​តាម​គោលការណ៍​នៃ​ដំណឹងល្អ » ( ប្រធាន ថូម៉ាស អេស ម៉នសុន ) ។

សុំ​ឲ្យ​សិស្ស​ម្នាក់​អាន​ប្រសាសន៍​នេះ​ឲ្យ​ឮៗ ។

  • ផ្អែកលើ​ប្រសាសន៍​នេះ តើ​អ្វី​គួរ​តែ​ជា​គោលដៅ​របស់​ខ្ញុំ ក្នុងនាមជា​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា​របស់​អ្នក ? តើ​អ្វីគួរតែ​ជា​គោលដៅ​របស់​អ្នក ក្នុង​នាម​ជា​សិស្ស​ថ្នាក់​សិក្ខាសាលា ?

សូម​ប្រាប់​សិស្ស​ថា នៅក្នុង​មេរៀន​នេះ ពួកគេ​នឹងស្វែងរក​នូវ​របៀប​ដើម្បី « គិត​អំពី មាន​អារម្មណ៍​អំពី ហើយ​បន្ទាប់​មកបញ្ចេញសកម្មភាព​អំពី​ការរស់នៅ​តាម​គោលការណ៍ » ដែល​បាន​បង្រៀន​នៅក្នុង​ព្រះគម្ពីរ ។

ការយល់​ពី​ប្រវត្តិ និង សាច់រឿង​នៃ​ព្រះគម្ពីរ

សូម​ពន្យល់​ថា រឿង​មួយ​ដែល​សិស្ស​អាច​ធ្វើ​ឲ្យ​រីកចម្រើន​ការសិក្សា​ព្រះគម្ពីរ​របស់ពួកគេ គឺ​ត្រូវ​រៀន​អំពី​ ប្រវត្តិ និង សាច់រឿង​នៃ​ដំណើររឿង និង វិវរណៈ​នៅក្នុង​ព្រះគម្ពីរ ។ ប្រវត្តិ និង សាច់រឿង ជាញឹកញាប់​ត្រូវ​បាន​ហៅថា បរិបទ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ការប្រឹក្សា​ខាងក្រោម​ពី​ប្រធាន ថូម៉ាស អេស ម៉នសុន ៖

រូបភាព
ប្រធាន​ថូម៉ាស អេស ម៉នសុន

« សូមផ្ដើម​ស្គាល់​មេរៀនទាំងឡាយ ដែល​ព្រះគម្ពីរ​បង្រៀន ។ រៀន​ពី​ប្រវត្តិ និង សាច់រឿង​នៃ​រឿង​ប្រៀបប្រដូច​របស់​លោក​ចៅហ្វាយ និង ការដាស់តឿន​របស់​ព្យាការី​ទាំងឡាយ ។ សិក្សា​ពី​វា ហាក់ដូចជា វា​កំពុង​និយាយ​ទៅកាន់​អ្នក ដោយសារ​វា​គឺជា​សេចក្ដីពិត » ( « ធ្វើជា​ខ្លួន​អ្នក​ដ៏​ល្អ​បំផុត » Ensign លីអាហូណា ខែ ឧសភា ឆ្នាំ 2009 ទំព័រ 68 ) ។

សូម​បង្ហាញ​ថា ការយល់​ពី​ប្រវត្តិ និង សាច់រឿង​មួយ អាច​ជួយ​យើង​ឲ្យ​យល់​ពី​ការបង្រៀន​ទាំងឡាយ​នៅក្នុង​ព្រះគម្ពីរ ។ វា​ផ្ដល់​ជា​ដំណឹងដែល​បញ្ជាក់ និង នាំ​មក​នូវ​ជម្រៅនៃការយល់ដឹង​ពី​ដំណើររឿង​យ៉ាង​ជ្រាលជ្រៅ ចំពោះ​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ​នៅក្នុង​អត្ថបទ​ព្រះគម្ពីរ ។

សូម​សរសេរ​សំណួរ​ខាង​ក្រោម​នៅ​លើ​ក្តាខៀន ៖

  • តើ​នរណា​ជា​អ្នក​និយាយ​នៅក្នុង​ខ​ទាំងនេះ ?

  • តើ​គាត់​កំពុង​និយា​យទៅកាន់​នរណា ?

  • តើ​មាន​អ្វី​កើតឡើង​នៅក្នុង​ដំណើរ​រឿង​នេះ ?

សូម​ពន្យល់​ថា សំណួរ​ទាំងនេះ អាច​ជួយ​យើង​ឲ្យ​យល់​ពី​បរិបទ​នៃ​ការបង្រៀន​មួយ ឬ ដំណើររឿង​មួយ​នៅក្នុង​ព្រះគម្ពីរ ។

សុំ​ឲ្យ​សិស្ស​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​ធ្វើ ដើម្បី​ទទួល​បាន​នូវ​ការយល់​ដឹង​ល្អ​ប្រសើរ​ពីប្រវត្តិ និង សាច់រឿង​នៃ​វគ្គ​ទាំងឡាយ​ក្នុង​ព្រះគម្ពីរ ។ អ្នក​អាច​ចង់​សរសេរ​គំនិត​ទាំងនេះ​ខ្លះៗ នៅលើ​ក្ដារ​ខៀន ។

សិស្ស​អាច​លើកឡើង​ពី​ការអនុវត្ត​នានា​ដូចជា ការរកមើល​ន័យ​នៃ​ពាក្យ​ពិបាក ឬ ពាក្យ​មិន​ដែលឃើញ ការ​ពិនិត្យ​មើល​អត្ថបទ​ជុំវិញ​នោះ ការអាន​សេចក្ដីសង្ខេប​នៃ​ជំពូក​នៅ​ក្បាល​ជំពូក ឬ ការស្វែងរក​លេខ​យោង​សម្រាប់​ការពន្យល់ និង ឯកសារយោង​ឆ្លង​គ្នា ។ សូម​ប្រាកដ​ថា បាន​លើក​ឡើង​ពី​ជំនាញ​ទាំងនេះ ប្រសិន​បើ​សិស្ស​មិន​បាន​លើកឡើង​ទេ ។

ដើម្បី​យក​របៀប​នៃ​ការយល់​ពី​បរិបទ​នៃព្រះគម្ពីរ​មួយ​ធ្វើ​ជា​គំរូ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន  នីហ្វៃ​ទី 3 17:1–10 ឲ្យ​ឮៗ ។ សុំ​ឲ្យ​ថ្នាក់​អាន​តាម រក​មើល​ចម្លើយ​ទៅនឹង​សំណួរ​ដែល​អ្នក​បាន​សរសេរ​នៅលើ​ក្ដារ​ខៀន ។ អ្នក​ក៏​អាច​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​មើល​នៅ​សេចក្ដីសង្ខេប​ក្នុង​ក្បាល​ជំពូក​បន្តិចៗ​ផងដែរ ។

  • តើ​នរណា​ដែល​និទាន​ដំណើរ​រឿង​នេះ នៅក្នុង ខ 1, 5–6, និង 9–10 ? ( មរមន ) ។

  • នៅក្នុង​ដំណើរ​រឿង​នេះ តើ​នរណាកំពុងតែនិយាយ ? តើ​នរណា​កំពុងតែទទួល​សារលិខិត​នេះ ?

  • តើ​មាន​រឿង​អ្វីបាន​កើតឡើង ពីមុន​ព្រឹត្តិការណ៍​នៅក្នុង​ដំណើររឿង​នេះ ? ( សូម​មើល​សេចក្ដីសង្ខេប​នៃជំពូក​នៅ  នីហ្វៃទី 3 8–16 ។ ) តើ​ចំណេះដឹង​របស់​អ្នក​ពី​ប្រវត្តិ​នេះ មាន​ឥទ្ធិពលយ៉ាង​ដូចម្ដេច​លើ​ការយល់ដឹង​របស់​អ្នក​ពី​មូលហេតុ​ដែល​មនុស្ស​ចង់​បាន​ព្រះអង្គ​សង្រ្គោះឲ្យ​គង់​នៅ​យូរ​បន្ដិច​ទៀតនោះ ? ( សូមមើល នីហ្វៃទី3 17:5–6 ។ ) តើ​អព្ភូតហេតុ​អ្វីខ្លះ​ដែល​បាន​កើតឡើង ក្រោយ​ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា ទ្រង់​នឹង​នៅ ? ( សូមមើល នីហ្វៃទី3 17:7–10 ។ )

ការស្គាល់ និង ការយល់​ដឹង​ពី​គោលលទ្ធិ ហើយនិង​គោលការណ៍​ទាំងឡាយ

សូម​សង្កត់​ធ្ងន់​ថា នៅពេល​សិស្ស​យល់​ពី​ប្រវត្តិ និង សាច់រឿង​នៃ​ដំណើររឿង​ក្នុង​ព្រះគម្ពីរ​ហើយ ពួកគេ​នឹង​រៀបចំ​ដើម្បី​ស្គាល់ និង យល់​ពី​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ ដែល​មាន​នៅក្នុង​ ព្រះគម្ពីរ​បាន​ប្រសើរ​ជាង ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​ការពិពណ៌នា​ពី​គោលការណ៍​នៃ​ដំណឹងល្អ​ដូច​ខាងក្រោម ដែល​ចែក​ចាយ​ដោយ អែលឌើរ រីឆាដ ជី ស្កត នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ថា ៖

« គោលការណ៍​ទាំងអស់ ​បាន​ប្រមូល​ផ្ដុំ​សេចក្ដីពិត ខ្ចប់​ទុក​សម្រាប់​ការអនុវត្តន៍​ចំពោះ​កាលៈទេសៈ​ផ្សេងៗ​គ្នា​ដ៏​ទូលំទូលាយ​មួយ » ( « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » Ensign ខែ វិច្ឆិកា ឆ្នាំ 1993 ទំព័រ 86 ) ។

សូម​ពន្យល់​ថា គោលលទ្ធិ និង គោលការណ៍ទាំងឡាយ គឺ​អស់កល្ប ជា​សេចក្ដីពិត​ដ៏​ឥតប្រែប្រួល​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ដែល​ផ្ដល់​នូវ​ការដឹកនាំ​សម្រាប់​ជីវិត​របស់​យើង ។ វា​គឺជា​មេរៀន ដែល​ព្យាការី​ពី​បុរាណ មាន​បំណង​ចង់​ឲ្យ​យើង​រៀន​ពី​ព្រឹត្តិការណ៍ រឿង និង ការបង្រៀន​នានា ដែល​ពួកគាត់​បាន​សរសេរ​ទុក​នៅក្នុង​ព្រះគម្ពីរ ។ បង្ហាញ​ថា អ្នកសរសេរ​ខ្លះ នៅក្នុង​ព្រះគម្ពីរ បាន​ប្រើ​ឃ្លា​ដូចជា « ម៉្លោះ​ហើយ យើង​អាច​ឃើញ​ថា » ( សូម​មើល ហេលេមិន 3:27–29) ឬ ពាក្យ​ដូចជា ហេតុដូច្នេះ​ហើយ ( សូម​មើល អាលម៉ា 32:16 ) ដើម្បី​ចង្អុល​ឲ្យ​ចំៗ លើ​គោលលទ្ធិ និង គោលការណ៍ទាំងឡាយ ។ ទោះយ៉ាងណា​ក្ដី គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ​ជាច្រើន មិនត្រូវ​បាន​និយាយ​ដោយ​ចំៗ​នោះ​ទេ នៅក្នុង​ព្រះគម្ពីរ​នោះ ។ ផ្ទុយ​ទៅ​វិញ សេចក្ដីពិត​ទាំងនេះ ត្រូវ​បានបរិយាយ ហើយ​ត្រូវ​បាន​បង្ហាញ​តាមរយៈ​ជីវិត​របស់​អ្នក​ទាំងនោះ​ដែល​នៅក្នុង​ព្រះគម្ពីរ​នេះ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​រៀន​ស្គាល់​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ ដែល​មិន​បាន​និយាយ​ចេញ​ដោយ​ចំៗ សូម​ផ្តល់​យោបល់​ដល់​ពួកគេ​ថា នៅពេល​ពួកគេ​អាន ពួកគេ​គួរ​សួរ​ខ្លួនឯង​នូវ​សំណួរ​ដូចខាងក្រោម ៖ តើ​អ្វី​ជា​សារលិខិត​នៅក្នុង​រឿង​នេះ ? តើ​អ្នកសរសេរ​មាន​បំណង​ឲ្យ​យើង​រៀន​អ្វី​ពី​រឿង​នេះ ? តើ​សេចក្ដីពិត​អ្វី ដែល​ត្រូវ​បាន​បង្រៀន​នៅក្នុង​វគ្គនៃ​បទគម្ពីរ​នេះ ? អ្នក​អាច​កត់​ត្រា​ចម្លើយ​ទាំងនេះ​នៅ​លើ​ក្តារខៀន ។

ដើម្បី​ជួយ​សិស្ស​អនុវត្ត​ការស្គាល់​នូវ​គោលលទ្ធិ និង គោលការណ៍ទាំងឡាយ សូម​ឲ្យ​ពួកគេ​ត្រឡប់​ទៅ  នីហ្វៃទី 3 17:1–10 ។ សួរ ៖

  • ឆ្លង​តាម​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង នីហ្វៃទី 3 17:2–3 តើ​យើង​អាច​រៀន​អ្វី​ពី​ការយល់ដឹង​នូវ​ព្រះបន្ទូល​របស់​ទ្រង់ ?

  • តើ​សេចក្ដីពិត​អ្វី​ដែល​យើង​អាច​រៀន​ពី​ព្រះអង្គសង្រ្គោះ ពី​ក្នុង នីហ្វៃទី 3 17:5–7 ?

  • ក្នុងការ​តបត​នឹង​សេចក្ដីជំនឿ​ដ៏​អស្ចារ្យ​របស់​ប្រជាជន ព្រះអង្គសង្រ្គោះ​បាន​ព្យាបាល​ពួកគេ ។ នៅក្នុង នីហ្វៃទី 3 17:8–9 តើ​គោលការណ៍ណាខ្លះ​ដែល​អ្នក​ឃើញ​អំពី​ការស្វែងរក​ពរជ័យ​ពី​ព្រះអម្ចាស់ ? ( គោលការណ៍​មួយ​ដែល​សិស្ស​អាច​រកឃើញ គឺ​ថា​ព្រះអម្ចាស់ ទ្រង់​ឆ្លើយតប​នូវ​បំណងប្រាថ្នា​ដ៏​ស្មោះស្ម័គ្រ​របស់​យើងក្នុង​ការខិតខំ​ទៅ​ជិត​ទៅ​ទ្រង់ ) ។

ប្រសិន​បើ​មាន​ពេល​ឲ្យ​សិស្ស​អនុវត្ត​ច្រើន ក្នុង​ការរក​នូវ​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​រឿង​ក្នុង​ព្រះគម្ពីរ​ដែល​ពួកគេ​ចូលចិត្ត ។ សុំ​ឲ្យ​ពួកគេ​រក​គោលការណ៍ ដែល​ពួកគេ​បាន​រៀន​ពី​រឿង​ទាំងនេះ ។ បន្ទាប់​មក​សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​រឿង និង គោលការណ៍​ទាំងឡាយ​របស់​ពួកគេ ដែល​ពួកគេ​បាន​រៀន​ហើយ ។

ការអនុវត្តនូវ​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ

ប្រធាន ប៊យដ៍ ឃេ ផាកកឺ ​នៃកូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បានមាន​ប្រសាសន៍​ថា ៖

« គោលលទ្ធិ​ពិត បើ​ត្រូវបាន​យល់​ច្បាស់ វា​នឹង​កែប្រែ​ឥរិយាបថ និង អាកប្បកិរិយា ។ ការសិក្សា​ពី​គោលលទ្ធិ​នៃ​ដំណឹងល្អ នឹង​កែសម្រួល​អាក្បកិរិយា​បាន​លឿន​ជាង​ការសិក្សា​ពី​អាក្បកិរិយា ដើម្បី​អភិវឌ្ឍ​អាក្បកិរិយា​ទៅទៀត ។ … នោះ​គឺជា​ហេតុផល​ដែល​យើង​សង្កត់​យ៉ាង​ធ្ងន់​លើ​ការសិក្សា​ពី​គោលលទ្ធិ​នៃ​ដំណឹងល្អ » ( « ក្មេង​តូចៗ » Ensign ខែ វិច្ឆិកា ឆ្នាំ 1986 ទំព័រ 17 ) ។

សូម​ពន្យល់​ថា នៅពេល​ដែល​យើង​យល់​ពី​គោលលទ្ធិ ឬ គោលការណ៍​មួយ យើង​ដឹង​ច្រើនជាង​អត្ថន័យ​នៃ​ពាក្យ​ជាច្រើន ។ យើង​ដឹង​ថា​តើ​គោលលទ្ធិ ឬ គោលការណ៍ មាន​ន័យ​យ៉ាង​ណា​នៅក្នុង​ជីវិត​របស់​យើង ។ នៅពេល​យើង​ស្គាល់​គោលលទ្ធិ ឬ គោលការណ៍​មួយ ហើយ​យល់​ពី​វា យើង​អាច​អនុវត្ត​វា​នៅក្នុង​ជីវិត​របស់​យើង ។ សូម​ពន្យល់ថា ការអនុវត្តន៍អាច​កើតឡើង នៅពេល​យើង​ធ្វើ​អ្វី​មួយ​ពី​គោលការណ៍ ដែល​យើ​ងបាន​រៀន​ហើយ ។ សិស្ស​ដែល​ធ្វើ​តាម​គោលការណ៍ ដែល​ពួកគេ​​រៀនហើយ នឹងមាន​ឱកាស​ដ៏កាន់តែ​អស្ចារ្យ ដើម្បី​ទទួលអារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​បញ្ជាក់​ពី​សេចក្ដីពិត​នៃ​គោលការណ៍​ទាំងនោះ ( សូម​មើល  នីហ្វៃទី 2 32:5; មរ៉ូណៃ 10:5 ) ។ នេះ​គឺជា​តម្លៃ​ដ៏​ពិត នៃ​ចំណេះដឹង​ដែល​ទទួល​បាន​ពី​ការសិក្សា​ព្រះគម្ពីរ ។ សូម​ជួយ​សិស្ស​ឲ្យ​មើលឃើញ​ថា នៅពេល​ណា​ដែល​ពួកគេ​សិក្សា​ព្រះគម្ពីរ —មិន​ថា​ពួកគេ​នៅ​ផ្ទះ នៅ​ព្រះវិហារ នៅក្នុង​ថ្នាក់​សិក្ខាសាលា ដោយ​ធ្វើ​ការ​ជាមួយ​នឹង​ការកែសម្រួល​ផ្ទាល់​ខ្លួន ឬ កាតព្វកិច្ច​ចំពោះ​ព្រះ ឬ នៅក្នុង​កន្លែង​ផ្សេងៗ​ទៀតនោះទេ —គោលដៅ​សំខាន់​មួយ​របស់​គេ គួរតែ​ដើម្បី​ធ្វើឲ្យ​នៅក្នុង​ការខិតខំ​របស់​ពួកគេ​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ ហើយ​ខិត​ជិត​ទៅ​រក​ព្រះ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់ និង អនុវត្ត​នូវ​គោលការណ៍​ទាំងឡាយ​ដែល​ពួកគេ​រកឃើញ​នៅក្នុង​ព្រះគម្ពីរ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​អធិស្ឋាន​សុំ​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួនរបស់​ពួកគេ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សួរ​សំណួរ​ដូច​ខាងក្រោម​ផងដែរ នៅពេល​ពួកគេ​សិក្សា ៖ តើ​ព្រះអម្ចាស់​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ជាមួយ​នឹង​ចំណេះដឹង​នេះ ? តើការណ៍​នេះអាច​ធ្វើ​ឲ្យ​មាន​ភាព​ខុសគ្នា​អ្វីខ្លះ នៅក្នុង​ជីវិត​របស់ខ្ញុំ ? តើ​ខ្ញុំ​អាច​ចាប់ផ្ដើម ឬ បញ្ឈប់​ធ្វើអ្វី​ខ្លះឥឡូវ ដើម្បីឲ្យ​ជីវិតរបស់​ខ្ញុំ​បាន​ប្រសើរ​ជាង​មុន​បន្ដិច ? តើ​ជីវិត​របស់​ខ្ញុំ​នឹង​ប្រសើរ​ជាងមុន​ដោយ​របៀប​ណា បើ​ខ្ញុំ​ធ្វើ​តាម​របៀប​នេះ ? ( អ្នក​អាច​សរសេរ​សំណួរ​ទាំងនេះ​ខ្លះ ឬ ទាំងអស់​នៅលើ​ក្ដារខៀន ។ អ្នកក៏​អាច​ផ្ដល់​យោបល់​ឲ្យ​សិស្សសរសេរ​សំណួរ​ទាំងនេះ ​ចូល​ក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់ពួកគេ ដើម្បី​ពួកគេ​អាច​រក​ឃើញ​វា​ញឹកញាប់ ) ។

ដើម្បី​បញ្ចប់ សូមបែង​ចែក​សិស្ស​ចេញ​ជា​គូៗ ។ សុំ​ឲ្យ​ពួកគេ​ចែកចាយ​ជាមួយ​នឹង​គ្នា​ទៅវិញទៅមក នូវ​គោលការណ៍​ដែល​ពួកគេ​បាន​រៀន​រួច នៅ​ថ្ងៃនេះ​ពីក្នុង  នីហ្វៃទី 3 17:1–10 ។ លើកទឹកចិត្ត​ពួកគេ​ឲ្យ​និយាយ​អំពី​អ្វី​ដែល​ពួកគេ​បាន​ធ្វើ ដើម្បី​អភិវឌ្ឍ​ការយល់ដឹង​របស់ពួកគេ​អំពី​គោលការណ៍​ទាំងនេះ និង ពី​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​អនុវត្ត​អ្វី​ដែល​ពួកគេ​បាន​រៀន និង មាន​ដឹង ។ សុំ​ឲ្យ​ពួកគេ​និយាយ​ពី​របៀប​ដែល​ការអនុវត្តន៍​គោលការណ៍​ទាំងនេះ អាច​ធ្វើឲ្យ​មាន​ភាពខុសគ្នា​នៅក្នុង​ជីវិត​របស់​ពួកគេ ។