ជំពូកទី ៣
មរមនស្រែកប្រាប់អំពីការប្រែចិត្តដល់ពួកសាសន៍នីហ្វៃ — ពួកគេយកបានជ័យជម្នះដ៏ធំមួយ ហើយបានសរសើរកម្លាំងរបស់ខ្លួន — មរមនប្រកែកមិនព្រមដឹកនាំពួកគេ ហើយសេចក្ដីអធិស្ឋានរបស់លោកដើម្បីពួកគេ គឺគ្មានសេចក្ដីជំនឿ — ព្រះគម្ពីរមរមនអញ្ជើញពូជអំបូរទាំងដប់ពីរពូជរបស់អ៊ីស្រាអែលឲ្យជឿដល់ដំណឹងល្អ។ ប្រមាណជាឆ្នាំ ៣៦០–៣៦២ គ.ស.។
១ហើយហេតុការណ៍បានកើតឡើងថា ពួកសាសន៍លេមិនពុំបានមកច្បាំងទៀតទេ រហូតដល់ដប់ឆ្នាំបានកន្លងផុតទៅ។ ហើយមើលចុះ ខ្ញុំបានចាត់ឲ្យប្រជាជនខ្ញុំ គឺសាសន៍នីហ្វៃ ឲ្យធ្វើការដើម្បីរៀបចំដែនដីរបស់គេ និងគ្រឿងសស្ត្រាវុធរបស់គេសម្រាប់ពេលមានចម្បាំង។
២ហើយហេតុការណ៍បានកើតឡើងថា ព្រះអម្ចាស់ទ្រង់បានមានបន្ទូលមកខ្ញុំថា ៖ ចូរស្រែកទៅកាន់ប្រជាជននេះថា — ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយមករកយើង ហើយចូរអ្នករាល់គ្នាទទួលបុណ្យជ្រមុជទឹក ហើយស្ថាបនាសាសនាចក្ររបស់យើងទៀត ហើយអ្នករាល់គ្នានឹងបានជីវិតរស់នៅ។
៣ហើយខ្ញុំបានស្រែកប្រាប់ប្រជាជននេះ តែគឺជាការឥតប្រយោជន៍ទៅវិញ ហើយពួកគេពុំបានដឹងថា គឺព្រះអម្ចាស់ដែលបានទុកជីវិតឲ្យពួកគេ ហើយបានអនុញ្ញាតឲ្យពួកគេ មានឱកាសមួយសម្រាប់ការប្រែចិត្ត។ ហើយមើលចុះ ពួកគេបានធ្វើចិត្តរឹងរូសទាស់នឹងព្រះអម្ចាស់ ជាព្រះរបស់គេ។
៤ហើយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីឆ្នាំទីដប់នេះបានកន្លងផុតទៅ គឺបើគិតទាំងស្រុង គឺបីរយហុកសិបឆ្នាំ ចាប់តាំងពីព្រះគ្រីស្ទទ្រង់បានយាងមក នោះស្ដេចរបស់ពួកសាសន៍លេមិនបានផ្ញើសំបុត្រមួយច្បាប់មកខ្ញុំ ដែលប្រាប់ឲ្យខ្ញុំដឹងថា ពួកគេកំពុងរៀបចំមកច្បាំងនឹងពួកយើងទៀត។
៥ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំបានឲ្យប្រជាជនខ្ញុំប្រមូលគ្នាមក នៅឯដែនដីចោលស្ងាត់នៅត្រង់ទីក្រុងមួយ ដែលនៅជិតព្រំប្រទល់ គឺនៅជិតចន្លោះតូច ដែលនាំទៅកាន់ដែនដីខាងត្បូង។
៦ហើយនៅទីនោះ ពួកយើងបានដាក់ពលទ័ពរបស់យើង ដើម្បីពួកយើងអាចបញ្ឈប់ពលទ័ពសាសន៍លេមិន ដើម្បីកុំឲ្យពួកគេអាចដណ្ដើមយកដែនដីណាមួយរបស់ពួកយើងបានឡើយ ហេតុដូច្នេះហើយ ពួកយើងបានពង្រឹងកម្លាំងទាំងអស់តទល់នឹងពួកគេ។
៧ហើយហេតុការណ៍បានកើតឡើងថា នៅក្នុងឆ្នាំទីបីរយហុកសិបមួយ នោះទ័ពលេមិនបានចុះមកទីក្រុងចោលស្ងាត់ដើម្បីច្បាំងនឹងពួកយើង ហើយហេតុការណ៍បានកើតឡើងថា នៅឆ្នាំនោះ ពួកយើងបានវាយឈ្នះពួកគេ ដរាបដល់ធ្វើឲ្យពួកគេត្រឡប់ទៅឯដែនដីផ្ទាល់របស់គេវិញ។
៨ហើយនៅក្នុងឆ្នាំទីបីរយហុកសិបពីរ នោះពួកគេបានចុះមកច្បាំងទៀត។ ហើយពួកយើងបានវាយឈ្នះពួកគេទៀត ហើយបានសម្លាប់ពួកគេអស់ជាច្រើន ហើយសពពួកគេដែលស្លាប់ ត្រូវបោះចោលទៅក្នុងសមុទ្រ។
៩ហើយឥឡូវនេះ ពីព្រោះមកពីការណ៍ដ៏ធំនេះដែលប្រជាជនខ្ញុំ គឺសាសន៍នីហ្វៃបានធ្វើ នោះពួកគេបានចាប់ផ្ដើមអួតអាងចំពោះកម្លាំងរបស់ខ្លួនផ្ទាល់ ហើយចាប់ផ្ដើមស្បថចំពោះស្ថានសួគ៌ថា ពួកគេនឹងសងសឹកដល់ឈាមរបស់ពួកបងប្អូនរបស់គេ ដែលត្រូវសម្លាប់ចោល ដោយពួកខ្មាំងសត្រូវរបស់គេ។
១០ហើយពួកគេបានស្បថដល់ស្ថានសួគ៌ និងចំពោះបល្ល័ង្កនៃព្រះផង គឺថា ពួកគេនឹងឡើងទៅច្បាំងនឹងពួកខ្មាំងសត្រូវរបស់គេ ហើយនឹងកាត់ពួកគេចេញឲ្យអស់ពីលើផ្ទៃដែនដី។
១១ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំមរមន បានប្រកែកជាដាច់ខាតថា ចាប់ពីពេលនេះតទៅ ខ្ញុំមិនព្រមធ្វើជាមេបញ្ជាការ ហើយជាមេដឹកនាំរបស់ប្រជាជននេះទេ ពីព្រោះមកពីអំពើទុច្ចរិត និងអំពើគួរខ្ពើមឆ្អើមរបស់ពួកគេ។
១២មើលចុះ ខ្ញុំបានដឹកនាំពួកគេ ដោយមិនគិតដល់អំពើទុច្ចរិតរបស់ពួកគេឡើយ ខ្ញុំបានដឹកនាំពួកគេជាច្រើនលើកទៅច្បាំង ហើយបានស្រឡាញ់ពួកគេ ស្របតាមសេចក្ដីស្រឡាញ់នៃព្រះ ដែលនៅក្នុងខ្ញុំដោយអស់ពីដួងចិត្តខ្ញុំ ហើយព្រលឹងខ្ញុំបានស្រោចចេញ នៅក្នុងការអធិស្ឋានដល់ព្រះរបស់ខ្ញុំពេញទាំងមួយថ្ងៃដើម្បីពួកគេ ទោះជាយ៉ាងណាក៏ដោយ គង់តែការណ៍នេះគ្មានសេចក្ដីជំនឿសោះ ពីព្រោះមកពីភាពរឹងរូសនៃចិត្តរបស់គេ។
១៣ហើយខ្ញុំបានដោះលែងពួកគេបីដង ឲ្យរួចផុតពីកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវរបស់គេ ហើយពួកគេពុំបានប្រែចិត្តពីអំពើបាបទាំងឡាយរបស់គេសោះ។
១៤ហើយកាលពួកគេបានស្បថចំពោះអ្វីៗទាំងអស់ ដែលត្រូវបានហាមប្រាមដល់ពួកគេ ដោយព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះយេស៊ូវគ្រីស្ទរបស់យើង គឺស្បថថា ពួកគេនឹងឡើងទៅច្បាំងនឹងពួកខ្មាំងសត្រូវរបស់គេ ហើយសងសឹកឲ្យឈាមនៃពួកបងប្អូនរបស់គេ មើលចុះ សំឡេងនៃព្រះអម្ចាស់បានបន្លឺមកខ្ញុំថា ៖
១៥ការសងសឹកគឺជារបស់យើង ហើយយើងនឹងសង ហើយពីព្រោះមកពីប្រជាជននេះពុំប្រែចិត្ត បន្ទាប់ពីយើងបានដោះលែងពួកគេឲ្យរួច មើលចុះ ពួកគេនឹងត្រូវកាត់ចេញពីលើផ្ទៃផែនដីនេះទៅ។
១៦ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំប្រកែកជាដាច់ខាតថា ខ្ញុំមិនព្រមឡើងទៅច្បាំងនឹងពួកខ្មាំងសត្រូវរបស់ខ្ញុំទេ ហើយខ្ញុំបានធ្វើដូចដែលព្រះទ្រង់បានបញ្ជាខ្ញុំ ហើយខ្ញុំបានឈរធ្វើជាសាក្សីមួយគត់ ដើម្បីសម្ដែងប្រាប់ដល់មនុស្សលោកនូវការណ៍ទាំងឡាយ ដែលខ្ញុំបានឃើញ ហើយបានឮ ស្របតាមការបើកសម្ដែងនៃព្រះវិញ្ញាណ ដែលបានធ្វើបន្ទាល់ដល់ការណ៍ទាំងឡាយដែលនឹងកើតឡើង។
១៧ហេតុដូច្នេះហើយ ខ្ញុំសរសេរទៅកាន់អ្នក ឱពួកសាសន៍ដទៃអើយ និងទៅកាន់អ្នករាល់គ្នាផង ឱវង្សអ៊ីស្រាអែលអើយ ថាកាលណាកិច្ចការនោះចាប់ផ្ដើមឡើង នោះអ្នករាល់គ្នាជិតរៀបចំត្រឡប់ទៅឯដែនដីនៃកេរ្តិ៍អាកររបស់អ្នកវិញ។
១៨មែនហើយ មើលចុះ ខ្ញុំសរសេរទៅកាន់អស់អ្នក ដែលនៅគ្រប់ទិសទីលើផែនដី មែនហើយ ទៅកាន់អ្នករាល់គ្នាជាពូជអំបូរទាំង១២របស់អ៊ីស្រាអែល ដែលនឹងបានទទួលការជំនុំជំរះ ស្របតាមកិច្ចការទាំងឡាយរបស់អ្នកពីពួក១២នាក់ ដែលព្រះយេស៊ូវទ្រង់បានរើស ឲ្យធ្វើជាសាវករបស់ទ្រង់ នៅដែនដីយេរូសាឡិម។
១៩ហើយខ្ញុំសរសេរទៅកាន់សំណល់នៃប្រជាជននេះផង ដែលនឹងបានទទួលការជំនុំជំរះពីពួក១២នាក់ ដែលព្រះយេស៊ូវទ្រង់បានរើសនៅដែនដីនេះដែរ ហើយពួកគេនឹងបានទទួលការជំនុំជំរះពីពួក១២នាក់ទៀត ដែលព្រះយេស៊ូវទ្រង់បានរើសនៅដែនដីយេរូសាឡិម។
២០ហើយការណ៍ទាំងនេះហើយដែលព្រះវិញ្ញាណសម្ដែងដល់ខ្ញុំ ហេតុដូច្នេះហើយ ខ្ញុំសរសេរទៅកាន់អ្នករាល់គ្នា។ ហើយដោយហេតុនេះ ទើបខ្ញុំសរសេរទៅកាន់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាអាចដឹងថា អ្នករាល់គ្នាត្រូវឈរនៅចំពោះវេទិកាជំនុំជំរះនៃព្រះគ្រីស្ទ មែនហើយ គឺមនុស្សរាល់រូប ដែលនៅក្នុងគ្រួសារមនុស្សជាតិទាំងមូលរបស់លោកអ័ដាម ហើយអ្នករាល់គ្នាត្រូវឈរ ដើម្បីទទួលការជំនុំជំរះចំពោះកិច្ចការទាំងឡាយរបស់អ្នក ដើម្បីឲ្យឃើញថា ពួកគេល្អ ឬក៏ពួកគេអាក្រក់
២១ហើយដើម្បីឲ្យអ្នករាល់គ្នា អាចជឿដល់ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទផងដែលអ្នករាល់គ្នានឹងមាននៅក្នុងចំណោមអ្នករាល់គ្នា ហើយដើម្បីឲ្យពួកសាសន៍យូដាផង ដែលជារាស្ត្រនៅក្នុងសេចក្ដីសញ្ញានៃព្រះអម្ចាស់មានសាក្សីផ្សេងទៀត ក្រៅពីទ្រង់ដែលពួកគេបានឃើញ ហើយបានឮថាព្រះយេស៊ូវ ដែលពួកគេបានធ្វើគតនោះ គឺជាព្រះគ្រីស្ទ ហើយជាព្រះនោះពិត។
២២ហើយខ្ញុំសង្ឃឹមថា ខ្ញុំអាចបញ្ចុះបញ្ចូលអស់អ្នករាល់គ្នានៅចុងផែនដីឲ្យប្រែចិត្ត ហើយប្រុងប្រៀបឈរនៅចំពោះវេទិកាជំនុំជំរះនៃព្រះគ្រីស្ទ៕