កណ្ឌទី ១២៤
វិវរណៈដែលបានប្រទានដល់ យ៉ូសែប ស៊្មីធ ជាព្យាការី នៅក្រុងណៅវូ រដ្ឋអិលលីណោយ ថ្ងៃទី១៩ ខែមករា ឆ្នាំ១៨៤១ (History of the Church, ៤:២៧៤–២៨៦)។ មកពីការបៀតបៀន និងទម្រង់ការខុសច្បាប់ មានចេះតែច្រើនឡើងទាស់នឹងពួកគេពីពួករដ្ឋការ បានជាពួកបរិសុទ្ធត្រូវគេបង្ខំឲ្យចេញពីរដ្ឋមិសសួរី។ បញ្ញត្តិឲ្យកម្ចាត់ចោល ដែលបានចេញដោយលោកលិលបឺន ដ័បបុលយូ បកស៍ ជាអភិបាលរដ្ឋមិសសួរី ចុះនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ១៨៣៨ នោះពុំបានទុកឲ្យពួកគេមានផ្លូវណាទៀតឡើយ (History of the Church, ៣:១៧៥)។ នៅឆ្នាំ១៨៤១ កាលវិវរណៈនេះត្រូវបានប្រទានមក នោះទីក្រុងណៅវូ ដែលនៅចំកន្លែងភូមិដើម នៃភូមិខមមើស រដ្ឋអិលលីណោយ ត្រូវបានសង់ឡើងដោយពួកបរិសុទ្ធ ហើយនៅទីនេះហើយ ទីស្នាក់ការនៃសាសនាចក្រត្រូវបានតាំងឡើង។
១–១៤, យ៉ូសែប ស៊្មីធ ត្រូវបានបញ្ជាឲ្យអនុវត្តការប្រកាសដ៏ម៉ឺងម៉ាត់ ប្រាប់អំពីដំណឹងល្អដល់ប្រធានាធិបតីនៃសហរដ្ឋដល់អភិបាលរដ្ឋទាំងឡាយ និងដល់ពួកអ្នកគ្រប់គ្រងអស់ទាំងសាសន៍; ១៥–២១, ហៃរុម ស៊្មីធ, ដាវីឌ ដ័បបុលយូ ប៉ាទិន, យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ, និងពួកអ្នកផ្សេងៗទៀត ដែលនៅក្នុងចំណោមពួកអ្នករស់ និងពួកអ្នកស្លាប់ នោះត្រូវបានទទួលព្រះពរ ដោយសារសេចក្ដីទៀងត្រង់ និងសេចក្ដីស្មោះរបស់ពួកគេ; ២២–២៨, ពួកបរិសុទ្ធត្រូវបានបញ្ជាឲ្យស្ថាបនាទីសំណាក់សម្រាប់ជាទីកំសាន្តដល់មនុស្សដទៃ និងព្រះវិហារមួយនៅក្រុងណៅវូ; ២៩–៣៦, បុណ្យជ្រមុជទឹកជំនួសមនុស្សស្លាប់ត្រូវបានប្រព្រឹត្តឡើងនៅក្នុងព្រះវិហារ; ៣៧–៤៤, រាស្ត្ររបស់ព្រះអម្ចាស់ ស្ថាបនាព្រះវិហាររហូត សម្រាប់ការប្រព្រឹត្តិនូវពិធីបរិសុទ្ធទាំងឡាយ; ៤៥–៥៥, ពួកបរិសុទ្ធត្រូវបានរួចពីការស្ថាបនាព្រះវិហារនៅ ស្រុកចាកសុន មកពីការសង្កត់សង្កិននៃពួកខ្មាំងសត្រូវរបស់ពួកគេ; ៥៦–៨៣, ការបង្គាប់ទាំងឡាយត្រូវបានប្រទាន សម្រាប់ការស្ថាបនាណៅវូហោស; ៨៤–៩៦, ហៃរុម ស៊្មីធ ត្រូវបានហៅឲ្យធ្វើជាលោកអយ្យកោ ដើម្បីទទួលកូនសោទាំងឡាយ និងដើម្បីឈរជំនួស អូលីវើរ ខៅឌើរី; ៩៧–១២២, វិលលាម ឡវ៍ និងពួកអ្នកផ្សេងៗទៀតត្រូវបានទូន្មានអំពីការងាររបស់ពួកគេ; ១២៣–១៤៥, ពួកអ្នកដឹកនាំទូទៅ និងពួកអ្នកដឹកនាំនៅប្រចាំភូមិត្រូវបានប្រាប់ឈ្មោះ ព្រមទាំងភារកិច្ច និងកូរ៉ុមដែលពួកគេចូលរួម។
១ប្រាកដមែន ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដល់អ្នកគឺ យ៉ូសែប ស៊្មីធ ជាអ្នកបម្រើរបស់យើងថា យើងពេញចិត្តនឹងដង្វាយ និងការទទួលស្គាល់របស់អ្នក ដែលអ្នកបានធ្វើ ត្បិតចំពោះការណ៍នេះហើយ ដែលយើងបានលើកអ្នកឡើង ប្រយោជន៍ឲ្យយើងអាចបង្ហាញនូវប្រាជ្ញា របស់យើង តាមរយៈពួកកម្សោយនៃផែនដី។
២ការអធិស្ឋានទាំងឡាយរបស់អ្នក នោះយើងទទួលស្គាល់ហើយ រីឯចម្លើយដល់ការណ៍ទាំងនោះ នោះយើងប្រាប់អ្នកថា ពេលនេះអ្នកត្រូវបានហៅយ៉ាងឆាប់ឲ្យអនុវត្តការប្រកាសដ៏ម៉ឺងម៉ាត់ ប្រាប់អំពីដំណឹងល្អ និងប្រាប់អំពីស្តេកនេះ ដែលយើងបានតាំងឡើងជាថ្មសីមា នៃស៊ីយ៉ូន ដែលនឹងត្រូវបានដាប់ដោយក្បាច់ក្បូរតាមរបៀបព្រះរាជវាំង។
៣ការប្រកាសនេះនឹងត្រូវបានធ្វើឡើងដល់អស់ទាំងមហាក្សត្រនៃពិភពលោក ដល់ជ្រុងទាំងបួននៃផែនដី ដល់ប្រធានាធិបតីដែលបានរើសតាំងឡើងដោយកិត្តិយស និងដល់ពួកអភិបាលរដ្ឋដ៏ឧត្ដមនៃប្រទេសដែលអ្នករស់នៅ និងដល់អស់ទាំងសាសន៍ក្នុងផែនដី ដែលខ្ចាត់ខ្ចាយពាសពេញទូទៅផង។
៤ចូរសរសេរការប្រកាសនោះដោយវិញ្ញាណនៃភាពស្លូតបូត និងដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ដែលនឹងស្ថិតនៅក្នុងអ្នក នៅពេលសរសេរការប្រកាសនោះ
៥ត្បិតការណ៍នោះនឹងត្រូវបានប្រទានដល់អ្នកដោយព្រះវិញ្ញាណបរិសុទ្ធ ឲ្យដឹងនូវព្រះហឫទ័យរបស់យើងអំពីមហាក្សត្រ និងពួកអ្នកមានសិទ្ធិអំណាចទាំងនោះ ព្រមទាំងអ្វីៗដែលនឹងធ្លាក់មកលើពួកគេ នៅពេលខាងមុខផង។
៦ត្បិតមើលចុះ យើងកំពុងតែនឹងហៅពួកគេ ឲ្យស្ដាប់តាមពន្លឺ និងសិរីល្អនៃស៊ីយ៉ូន ត្បិតពេលកំណត់បានមកដល់នាងហើយ។
៧ហេតុដូច្នេះហើយ ចូរអ្នករាល់គ្នាស្រែកប្រាប់ពួកគេ ដោយការប្រកាសដ៏ខ្លាំង និងដោយទីបន្ទាល់របស់អ្នកចុះ ចូរកុំខ្លាចពួកគេឡើយ ត្បិតពួកគេជាស្មៅ ហើយសិរីល្អរបស់ពួកគេដូចជាផ្កានៃស្មៅនោះ ដែលនឹងរោយចុះជាឆាប់ៗ ប្រយោជន៍កុំឲ្យពួកគេអាចដោះសារបាន —
៨ហើយប្រយោជន៍ឲ្យយើងអាចមករកពួកគេនៅថ្ងៃនៃការពិនិត្យពិច័យ កាលដែលយើងនឹងបើកស្បៃចេញពីមុខយើង ដើម្បីចាត់ចំណែកនៃពួកសង្កត់សង្កិន ទុកក្នុងចំណោមពួកអ្នកមានពុត ជាទីដែលមានសង្កៀតធ្មេញ បើសិនជាពួកគេមិនទទួលស្គាល់ពួកអ្នកបម្រើរបស់យើង និងទីបន្ទាល់របស់យើង ដែលយើងបានបើកសម្ដែងដល់ពួកគេនោះ។
៩ហើយជាថ្មីទៀត យើងនឹងមករក ហើយបន្ទន់ចិត្តពួកគេ គឺពួកគេជាច្រើនដើម្បីជាការល្អដល់អ្នក ប្រយោជន៍ឲ្យអ្នកអាចបានគុណធម៌នៅក្នុងភ្នែកគេ ប្រយោជន៍ឲ្យពួកគេអាចមករកពន្លឺនៃសេចក្ដីពិត និងឲ្យពួកសាសន៍ដទៃទៅរកភាពតម្កើងឡើង ឬភាពលើកឡើងនៃស៊ីយ៉ូន។
១០ត្បិតថ្ងៃនៃការពិនិត្យពិច័យរបស់យើងនឹងមកជាប្រញាប់ គឺនៅវេលាដែលអ្នករាល់គ្នាមិនគិត ហើយតើទីណាទៅជាទីសន្តិសុខនៃរាស្ត្រយើង និងជាទីពឹងជ្រកសម្រាប់ពួកអ្នកដែលនៅសល់?
១១ចូរភ្ញាក់ឡើង ឱពួកមហាក្សត្រនៃផែនដីអើយ! ចូរមក ឱចូរមកជាមួយមាសរបស់អ្នក និងប្រាក់របស់អ្នក ដើម្បីទៅជួយរាស្ត្រយើង គឺទៅឯគេហដ្ឋាននៃពួកស្រីៗនៃក្រុងស៊ីយ៉ូន។
១២ហើយជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដថា ចូរឲ្យ រ៉ូបឺត ប៊ី ថមសុន ជាអ្នកបម្រើរបស់យើង ជួយអ្នកសរសេរការប្រកាសនេះ ត្បិតយើងពេញចិត្តនឹងគាត់ណាស់ ហើយដើម្បីឲ្យគាត់អាចបាននៅជាមួយអ្នក
១៣ហេតុដូច្នេះហើយ ចូរឲ្យគាត់ប្រុងស្ដាប់តាមការទូន្មានរបស់អ្នក ហើយយើងនឹងប្រទានពរដល់គាត់ដោយព្រះពរដ៏ច្រើនអនេក ចូរឲ្យគាត់មានចិត្តស្មោះ និងពិតត្រង់ក្នុងការណ៍ទាំងអស់ ចាប់តាំងពីអំណឹះតទៅ ហើយគាត់នឹងបានធំនៅក្នុងព្រះនេត្ររបស់យើង
១៤ប៉ុន្តែចូរឲ្យគាត់នឹកចាំពីការកាន់កាប់ត្រួតត្រារបស់គាត់ ដែលយើងតម្រូវពីដៃរបស់គាត់ចុះ។
១៥ហើយជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដថា មានពរហើយ ហៃរុម ស៊្មីធ ជាអ្នកបម្រើរបស់យើង ត្បិតយើងជាព្រះអម្ចាស់ស្រឡាញ់គាត់ មកពីសេចក្ដីស្មោះនៃចិត្តរបស់គាត់ និងមកពីគាត់បានស្រឡាញ់នូវអ្វីដែលត្រឹមត្រូវចំពោះយើង ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
១៦ជាថ្មីទៀត ចូរឲ្យ យ៉ូហាន ស៊ី បិនណែត ជាអ្នកបម្រើរបស់យើង ជួយអ្នកក្នុងការងាររបស់អ្នក នូវការផ្ញើព្រះបន្ទូលរបស់យើងទៅពួកមហាក្សត្រ និងប្រជាជននៃផែនដី ហើយឈរនៅក្បែរអ្នក គឺ យ៉ូសែប ស៊្មីធ ជាអ្នកបម្រើរបស់យើងនៅក្នុងម៉ោងនៃសេចក្ដីទុក្ខវេទនា ហើយរង្វាន់របស់គាត់នឹងពុំបាត់បង់ឡើយ បើសិនជាគាត់ទទួលការទូន្មាន។
១៧ហើយមកពីសេចក្ដីស្រឡាញ់របស់គាត់ នោះគាត់នឹងបានទៅជាធំ ត្បិតគាត់នឹងបានទៅជារបស់ផងយើង បើសិនជាគាត់ប្រព្រឹត្តការណ៍នេះ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ។ យើងបានឃើញកិច្ចការដែលគាត់បានប្រព្រឹត្តដែលយើងទទួល បើសិនជាគាត់ធ្វើតទៅ ហើយនឹងបំពាក់គាត់ដោយព្រះពរទាំងឡាយ និងសិរីល្អដ៏ធំទុកជាមកុដ។
១៨ហើយជាថ្មីទៀត យើងប្រាប់អ្នកថា ជាព្រះហឫទ័យរបស់យើង ដែល ឡៃម៉ាន វ៉ៃត ជាអ្នកបម្រើរបស់យើងគួរផ្សាយតទៅទៀត ដើម្បីក្រុងស៊ីយ៉ូននៅក្នុងវិញ្ញាណនៃភាពស្លូតបូត ដោយទទួលថ្លែងប្រាប់ពីយើងនៅមុខមនុស្សលោក ហើយយើងនឹងទ្រគាត់លើស្លាបឥន្ទ្រី ហើយគាត់នឹងបង្កើតសិរីល្អ និងកិត្តិយសចំពោះខ្លួន និងចំពោះព្រះនាមរបស់យើងដែរ។
១៩គឺកាលណាគាត់បញ្ចប់កិច្ចការរបស់គាត់ នោះយើងអាចទទួលគាត់មកចំពោះខ្លួនយើងផ្ទាល់ ដូចជាយើងបានធ្វើដល់ ដាវីឌ ប៉ាទ្ទិន ជាអ្នកបម្រើរបស់យើងដែរ គឺជាអ្នកដែលនៅជាមួយយើងនៅពេលនេះ និងព្រមទាំងអែតវឺត ប៉ាទ្រិច ជាអ្នកបម្រើរបស់យើង និងព្រមទាំងយ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ ជាអ្នកបម្រើដ៏ចំណាស់របស់យើងផងដែរ ដែលអង្គុយជាមួយលោកអ័ប្រាហាំនៅខាងស្ដាំដៃរបស់លោក ហើយលោកមានពរ ហើយបរិសុទ្ធផង ព្រោះលោកជារបស់ផងយើង។
២០ហើយជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដថា ជួច មិលលើ ជាអ្នកបម្រើរបស់យើង គាត់គ្មានឧបាយកលឡើយ គាត់ជាអ្នកដែលអាចទុកចិត្តបាន មកពីសេចក្ដីទៀងត្រង់នៃចិត្តគាត់ ហើយមកពីសេចក្ដីស្រឡាញ់ ដែលគាត់មានចំពោះទីបន្ទាល់អំពីយើង នោះយើងជាព្រះអម្ចាស់ស្រឡាញ់គាត់។
២១ហេតុដូច្នេះហើយ យើងប្រាប់អ្នកថា យើងបិទត្រាមកលើក្បាលគាត់នូវតំណែងខាងគណៈប៊ីស្សព ដូចជាចំពោះអែតវឺត ប៉ាទ្រិច ជាអ្នកបម្រើរបស់យើងដែរ ប្រយោជន៍ឲ្យគាត់អាចទទួលការថ្វាយពីគេហដ្ឋានរបស់យើង ប្រយោជន៍ឲ្យគាត់អាចប្រគល់ពរមកលើក្បាលនៃពួកក្រីក្រនៃរាស្ត្ររបស់យើង ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ ចូរកុំឲ្យនរណាមើលងាយ ជួច ជាអ្នកបម្រើរបស់យើងឡើយ ត្បិតគាត់នឹងតម្កើងកិត្តិយសដល់យើង។
២២ចូរឲ្យ ជួច ជាអ្នកបម្រើរបស់យើង និង ឡៃម៉ាន ជាអ្នកបម្រើរបស់យើង និង យ៉ូហាន ស្នៃឌើ ជាអ្នកបម្រើរបស់យើង និងពួកអ្នកផ្សេងៗទៀតស្ថាបនាគេហដ្ឋានមួយថ្វាយដល់ព្រះនាមរបស់យើង ជាគេហដ្ឋានមួយដែលយ៉ូសែប ជាអ្នកបម្រើរបស់យីងនឹងបង្ហាញដល់ពួកគេ គឺនៅលើកន្លែងដែលលោកនឹងបង្ហាញដល់ពួកគេផងដែរ។
២៣ហើយទីនោះនឹងទៅជាទីសំណាក់ ជាគេហដ្ឋានដែលពួកអ្នកមកពីចម្ងាយអាចមកស្នាក់នៅ ហេតុដូច្នេះហើយ ចូរធ្វើទីនោះឲ្យទៅជាគេហដ្ឋានដ៏ល្អមួយ គួរសមការទទួលគ្រប់យ៉ាង ប្រយោជន៍ឲ្យអ្នកធ្វើដំណើរដ៏នឿយហត់អាចបានសុខស្រួល ក្នុងកាលគាត់ពិចារណាពីព្រះបន្ទូលនៃព្រះអម្ចាស់ និងពីថ្មសីមា ដែលយើងបានតាំងឡើងសម្រាប់ក្រុងស៊ីយ៉ូន។
២៤គេហដ្ឋាននេះនឹងត្រូវទៅជាទីអាស្រ័យដ៏ស្រួលមួយ បើសិនជាស្ថាបនាចំពោះព្រះនាមរបស់យើង ហើយបើសិនជាអ្នកត្រួតត្រាដែលនឹងត្រូវបានតាំងឡើងឲ្យត្រួតត្រា មិនទ្រាំឲ្យមានភាពកខ្វក់ណាមួយចូលមកក្នុងទីនោះឡើយ។ ទីនោះនឹងទៅជាបរិសុទ្ធ បើពុំនោះសោតទេ ព្រះអម្ចាស់ដ៏ជាព្រះរបស់អ្នក ទ្រង់នឹងពុំគង់នៅទីនោះឡើយ។
២៥ហើយជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដថា ចូរឲ្យពួកបរិសុទ្ធរបស់យើងមកពីទីចម្ងាយចុះ។
២៦ហើយចូរអ្នករាល់គ្នាចាត់ពួកទូតដែលលឿន មែនហើយ ចូររើសពួកទូត ហើយប្រាប់ដល់ពួកគេថា ៖ ចូរមក យកមាសអ្នកមកផង និងប្រាក់អ្នក និងត្បូងដ៏វិសេសរបស់អ្នក និងគ្រប់របស់របរកេរ្តិ៍អាករចាស់ៗរបស់អ្នក ហើយព្រមទាំងអស់អ្នកដែលមានចំណេះវិជ្ជាធ្វើ របស់របរទាំងឡាយណាដែលចង់មក អាចមក ហើយចូរយកឈើស្រឡៅ និងឈើស្រល់ និងឈើកកោះ ព្រមទាំងអស់ទាំងឈើវិសេសៗទាំងឡាយនៃផែនដីផង
២៧ហើយចូរយកដែក និងទង់ដែង និងលង្ហិន និងស័ង្កសី ហើយព្រមទាំងវត្ថុវិសេសៗទាំងឡាយនៃផែនដីផង ហើយចូរស្ថាបនាគេហដ្ឋានមួយដល់ព្រះនាមរបស់យើង ដើម្បីឲ្យព្រះដ៏ខ្ពស់បំផុត គង់នៅទីនោះ។
២៨ត្បិតពុំឃើញមានទីណាមួយឡើយនៅលើផែនដី ដែលទ្រង់អាចយាងមក ហើយសាងឡើងវិញនូវអ្វីដែលបានបាត់បង់ចំពោះអ្នក ឬក៏អ្វីដែលទ្រង់បានយកចេញពីអ្នកទៅ គឺភាពពោរពេញនៃបព្វជិតភាព។
២៩ត្បិតអាងសម្រាប់បុណ្យជ្រមុជទឹក នោះពុំមាននៅលើផែនដីដែលពួកគេ គឺពួកបរិសុទ្ធរបស់យើងអាចធ្វើបុណ្យជ្រមុជទឹកជំនួសពួកអ្នកស្លាប់នោះទេ —
៣០ត្បិតពិធីនេះត្រូវធ្វើនៅក្នុងដំណាក់របស់យើង ហើយពុំអាចបានទទួលស្គាល់ចំពោះយើងឡើយ លើកលែងតែនៅគ្រាក្រតោកយ៉ាករបស់អ្នក គឺជាពេលដែលអ្នកពុំអាចស្ថាបនាដំណាក់ដល់យើងប៉ុណ្ណោះ។
៣១ប៉ុន្តែយើងបានបញ្ជាអ្នក គឺអ្នករាល់គ្នាដែលជាពួកបរិសុទ្ធរបស់យើង ឲ្យស្ថាបនាដំណាក់មួយដល់យើង ហើយយើងនឹងអនុញ្ញាតដល់អ្នក នូវពេលវេលាគ្រប់គ្រាន់ដើម្បីស្ថាបនាដំណាក់ដល់យើង ហើយនៅពេលនេះ បុណ្យជ្រមុជទឹករបស់អ្នកនឹងបានទទួលស្គាល់ចំពោះយើង។
៣២ប៉ុន្តែមើលចុះ នៅចុងពេលកំណត់នេះ បុណ្យជ្រមុជទឹកជំនួសពួកអ្នកស្លាប់របស់អ្នក នោះនឹងពុំបានទទួលស្គាល់ចំពោះយើងឡើយ ហើយបើសិនជាអ្នកមិនប្រព្រឹត្តការណ៍ទាំងនេះ នៅចុងពេលកំណត់ទេ នោះអ្នករាល់គ្នានឹងត្រូវបដិសេធជាសាសនាចក្រ ជាមួយនឹង ពួកអ្នកស្លាប់របស់អ្នកផង ព្រះអម្ចាស់ជាព្រះរបស់អ្នក ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
៣៣ត្បិតយើងប្រាប់អ្នកជាប្រាកដថា បន្ទាប់ពីអ្នកមានពេលគ្រប់គ្រាន់ ដើម្បីស្ថាបនាដំណាក់ដល់យើង ដែលមានពិធីបុណ្យជ្រមុជទឹកជំនួសពួកអ្នកស្លាប់ ហើយដែលមានពិធីនេះតាំងពីកំណើតលោកិយមកម្ល៉េះ នោះបុណ្យជ្រមុជទឹកជំនួសពួកអ្នកស្លាប់របស់អ្នកនឹងពុំត្រូវបានទទួលស្គាល់ចំពោះយើងឡើយ
៣៤ត្បិតនៅក្នុងនោះគឺជាកូនសោទាំងឡាយ នៃបព្វជិតភាពដ៏បរិសុទ្ធដែលបានតែងតាំងឡើង ប្រយោជន៍ឲ្យអ្នកអាចបានទទួលកិត្តិយស និងសិរីល្អ។
៣៥ហើយបន្ទាប់ពីពេលនេះតទៅ បុណ្យជ្រមុជទឹកជំនួសពួកអ្នកស្លាប់របស់អ្នក ដោយពួកអ្នកដែលនៅឆ្ងាយៗ នោះមិនត្រូវទទួលស្គាល់ចំពោះយើងឡើយ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
៣៦ត្បិតត្រូវបានតែងតាំងថានៅក្រុងស៊ីយ៉ូន និងនៅក្នុងស្តេករបស់នាង និងនៅក្រុងយេរូសាឡិម គឺជាកន្លែងទាំងនោះដែលយើងបានតាំងឡើងសម្រាប់ជាទីពឹងជ្រក នោះនឹងទៅជាកន្លែងទាំងឡាយ សម្រាប់បុណ្យជ្រមុជទឹកជំនួសពួកអ្នកស្លាប់របស់អ្នក។
៣៧ហើយជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដថា តើការលាងទាំងឡាយរបស់អ្នកនឹងបានទទួលស្គាល់ចំពោះយើងទៅម្ដេចបាន លើកលែងតែអ្នកប្រព្រឹត្តពិធីទាំងនោះ នៅក្នុងដំណាក់ ដែលអ្នកបានស្ថាបនាដល់ព្រះនាមរបស់យើង?
៣៨ត្បិតដោយហេតុនេះហើយ ទើបយើងបានបញ្ជាដល់លោកម៉ូសេថា លោកត្រូវស្ថាបនារោងឧបោសថមួយ ថាពួកគេគប្បីទ្ររោងនោះទៅជាមួយពួកគេនៅក្នុងទីរីហោស្ថាន ហើយឲ្យស្ថាបនាដំណាក់មួយនៅក្នុងដែនដីសន្យា ប្រយោជន៍ឲ្យពីធីទាំងនោះអាចបានបើកសម្ដែងឲ្យឃើញនូវអ្វីដែលបានលាក់ទុកពីមុនកំណើតលោកិយមកម្ល៉េះ។
៣៩ហេតុដូច្នេះហើយ យើងប្រាប់អ្នកជាប្រាកដថា ការលាបទាំងឡាយរបស់អ្នក និងការលាងទាំងឡាយរបស់អ្នក និងបុណ្យជ្រមុជទឹកទាំងឡាយរបស់អ្នកជំនួសពួកអ្នកស្លាប់ និងជំនុំមុតមាំទាំងឡាយរបស់អ្នក និងបុណ្យរំឭកទាំងឡាយរបស់អ្នក សម្រាប់ជាយញ្ញបូជា ទាំងឡាយរបស់អ្នក ដោយបុត្រារបស់លេវី និងសម្រាប់ព្រះបន្ទូលនៅក្នុងទីបរិសុទ្ធបំផុតរបស់អ្នក ដែលអ្នកទទួលការសន្ទនាទាំងឡាយ និងក្រឹត្យក្រម និងសេចក្ដីជំនុំជំរះទាំងឡាយរបស់អ្នក សម្រាប់ការចាប់ផ្ដើមនៃវិវរណៈទាំងឡាយ និងគ្រឹះនៃក្រុងស៊ីយ៉ូន និងសម្រាប់សិរីល្អ កិត្តិយស និងអំណោយទានពិសិដ្ឋនៃប្រជារាស្ត្ររបស់នាង នោះត្រូវបានតែងតាំងឡើង ដោយពិធីនៃដំណាក់ដ៏បរិសុទ្ធរបស់យើង ដែលរាស្ត្រយើងត្រូវបានបញ្ជារហូតឲ្យស្ថាបនាដល់ព្រះនាមដ៏បរិសុទ្ធរបស់យើង។
៤០ហើយយើងប្រាប់អ្នកជាប្រាកដថា ចូរស្ថាបនាដំណាក់នេះដល់ព្រះនាមរបស់យើង ប្រយោជន៍ឲ្យយើងអាចបើកសម្ដែងប្រាប់ពីពិធីទាំងឡាយរបស់យើងដល់រាស្ត្រយើង
៤១ត្បិតយើងគិតថាសមនឹងបើកសម្ដែងដល់សាសនាចក្ររបស់យើងនូវការណ៍ទាំងឡាយ ដែលបានលាក់ទុកមុនកំណើតលោកិយមកម្ល៉េះ គឺជាការណ៍ទាំងឡាយ ដែលទាក់ទងទៅនឹងគ្រាកាន់កាប់ត្រួតត្រានៃពេលពេញកំណត់។
៤២ហើយយើងនឹងបង្ហាញដល់ យ៉ូសែប ជាអ្នកបម្រើរបស់យើងនូវការណ៍ទាំងអស់ ដែលទាក់ទងទៅនឹងដំណាក់នេះ និងបព្វជិតភាពនៃដំណាក់នេះ និងកន្លែងនៃដំណាក់នេះ ដែលនឹងត្រូវបានស្ថាបនាឡើង។
៤៣ហើយអ្នករាល់គ្នាត្រូវស្ថាបនាដំណាក់នេះ នៅកន្លែងដែលអ្នកបានគិតពិចារណាថានឹងស្ថាបនា ត្បិតគឺជាទីដែលយើងបានរើសសម្រាប់ឲ្យអ្នកស្ថាបនាដំណាក់នេះ។
៤៤បើសិនជាអ្នករាល់គ្នាធ្វើការ ដោយអស់ពីកម្លាំងរបស់អ្នក នោះយើងនឹងចាត់ទីនោះ ដើម្បីឲ្យវាបានទៅជាបរិសុទ្ធ។
៤៥ហើយបើសិនជារាស្ត្រយើងនឹងប្រុងស្ដាប់តាមសំឡេងយើង និងតាមសំឡេងនៃពួកអ្នកបម្រើរបស់យើង ដែលយើងបានតែងតាំងឡើងឲ្យដឹកនាំរាស្ត្រយើង មើលចុះ យើងប្រាប់អ្នកជាប្រាកដថា ពួកគេនឹងមិនត្រូវបានរើចេញពីកន្លែងគេឡើយ។
៤៦ប៉ុន្តែបើសិនជាពួកគេមិនប្រុងស្ដាប់តាមសំឡេងយើង ឬតាមសំឡេងនៃមនុស្សទាំងនេះ ដែលយើងបានតែងតាំងឡើងទេ នោះពួកគេនឹងមិនត្រូវបានពរឡើយ ពីព្រោះពួកគេបង្ខូចដីធ្លីដ៏បរិសុទ្ធទាំងឡាយរបស់យើង និងពិធីដ៏បរិសុទ្ធទាំងឡាយរបស់យើង និងធម្មនុញ្ញទាំងឡាយ និងព្រះបន្ទូលដ៏បរិសុទ្ធទាំងឡាយរបស់យើង ដែលយើងបានប្រទានដល់ពួកគេ។
៤៧ហើយហេតុការណ៍នឹងកើតឡើងថា បើសិនជាអ្នកស្ថាបនាដំណាក់មួយដល់ព្រះនាមយើង ហើយមិនប្រព្រឹត្តនូវអ្វីៗដែលយើងមានបន្ទូល នោះយើងនឹងមិនអនុវត្តសម្បថដែលយើងបានធ្វើដល់អ្នក ឬនឹងមិនបំពេញសេចក្ដីសន្យាទាំងឡាយ ដែលអ្នករាល់គ្នាតម្រូវពីដៃយើងឡើយ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
៤៨ត្បិតជាជាងបានព្រះពរ នោះអ្នករាល់គ្នា ដោយសារកិច្ចការទាំងឡាយរបស់អ្នកផ្ទាល់ នាំសេចក្ដីបណ្ដាសាទាំងឡាយ សេចក្ដីក្រោធ សេចក្ដីគ្នាន់ក្នាញ់ និងសេចក្ដីជំនុំជំរះទាំងឡាយ មកលើក្បាលរបស់ខ្លួនទៅវិញ ដោយសារការចម្កួតទាំងឡាយរបស់អ្នក និងដោយសារអស់ទាំងអំពើគួរខ្ពើមឆ្អើមរបស់អ្នក ដែលអ្នកប្រព្រឹត្តនៅចំពោះយើង ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
៤៩ប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា កាលយើងប្រទានព្រះបញ្ញត្តិណាមួយឲ្យពួកកូនមនុស្សធ្វើកិច្ចការដល់ព្រះនាមយើង ហើយពួកកូនមនុស្សទាំងនោះ ចេញទៅដោយអស់ពីកម្លាំងរបស់ពួកគេ និងដោយអស់ពីសមត្ថភាពដែលពួកគេមាន ដើម្បីប្រព្រឹត្តកិច្ចការនោះ ហើយព្យាយាមដោយមិនឈប់ឈរ ហើយពួកខ្មាំងសត្រូវរបស់គេមកលើពួកគេ ហើយបង្ខាបង្ខាំងពួកគេមិនឲ្យធ្វើកិច្ចការនោះឡើយ មើលចុះ គឺជាការចាំបាច់ដល់យើងនឹងតម្រូវកិច្ចការនោះ ពីដៃនៃពួកកូនមនុស្សទាំងនោះទៀតឡើយ ប៉ុន្តែត្រូវទទួលនូវដង្វាយទាំងឡាយរបស់ពួកគេវិញ។
៥០ហើយសេចក្ដីទុច្ចរិត និងអំពើរំលងនូវក្រឹត្យវិន័យ និងព្រះបញ្ញត្តិទាំងឡាយដ៏បរិសុទ្ធរបស់យើង នោះយើងនឹងពិនិត្យពិច័យលើក្បាលនៃអស់អ្នកណាដែលបង្ខាបង្ខាំងកិច្ចការរបស់យើង រហូតដល់តំណទីបី និងទីបួន ជាដរាបណាដែលពួកគេមិនប្រែចិត្ត ហើយស្អប់យើង ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
៥១ហេតុដូច្នេះហើយ ដោយសារហេតុនេះ ទើបយើងទទួលដង្វាយទាំងឡាយពីអស់អ្នក ដែលយើងបានបញ្ជាឲ្យស្ថាបនាទីក្រុងមួយ និងដំណាក់មួយឡើងដល់ព្រះនាមរបស់យើង នៅស្រុកចាកសុន រដ្ឋមិសសួរី ហើយត្រូវបានបង្ខាបង្ខាំងដោយសារពួកខ្មាំងសត្រូវរបស់ពួកគេ ព្រះអម្ចាស់ដ៏ជាព្រះរបស់អ្នក ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
៥២ហើយយើងតបស្នងសងគុណដោយនូវសេចក្ដីជំនុំជំរះ សេចក្ដីក្រោធ និងសេចក្ដីក្នាញ់ក្នាន់ ការយំសោក ការទុក្ខព្រួយ និងការសង្កៀតធ្មេញមកលើក្បាលពួកគេវិញ រហូតដល់តំណទីបី និងទីបួន ដរាបណាដែលពួកគេមិនប្រែចិត្ត ហើយស្អប់យើង ព្រះអម្ចាស់ដ៏ជាព្រះ របស់អ្នក ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
៥៣ហើយការណ៍នេះ យើងធ្វើទុកជាគំរូដល់អ្នក សម្រាប់ការលួងលោមដល់អ្នកអំពីអស់អ្នកដែលត្រូវបានបញ្ជាឲ្យធ្វើកិច្ចការមួយ ហើយត្រូវបានបង្ខាបង្ខាំង ដោយសារកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវរបស់ពួកគេ និងដោយសារការសង្កត់សង្កិន ព្រះអម្ចាស់ដ៏ជាព្រះរបស់អ្នក ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
៥៤ត្បិតយើងជាព្រះអម្ចាស់ជាព្រះរបស់អ្នក ហើយនឹងជួយសង្គ្រោះអស់ពួកអ្នកដែលជាបងប្អូនរបស់អ្នកក្នុងសាសនា ដែលមានចិត្តបរិសុទ្ធ ហើយដែលត្រូវគេប្រហារនៅដែនដីមិសសួរី ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
៥៥ហើយជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដថា យើងបញ្ជាដល់អ្នកជាថ្មីទៀតឲ្យស្ថាបនាដំណាក់មួយដល់ព្រះនាមរបស់យើង គឺនៅកន្លែងនេះ ប្រយោជន៍ឲ្យអ្នកអាចបញ្ជាក់ដល់យើងថា អ្នករាល់គ្នាមានចិត្តស្មោះត្រង់ចំពោះគ្រប់ការណ៍ទាំងអស់ ដែលយើងបានបញ្ជា ដល់ ប្រយោជន៍យើងអាចប្រទានពរដល់អ្នក ហើយបំពាក់កិត្តិយស អមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចទុកជាមកុដដល់អ្នក។
៥៦ហើយឥឡូវនេះ យើងប្រាប់អ្នកថា អំពីផ្ទះសំណាក់ ដែលយើងបានបញ្ជាឲ្យអ្នកសង់ សម្រាប់មនុស្សដទៃស្នាក់ នោះចូរសង់ដល់ព្រះនាមយើងចុះ ហើយចូរដាក់តាមព្រះនាមរបស់យើង ហើយចូរឲ្យយ៉ូសែប ជាអ្នកបម្រើរបស់យើង និងវង្សត្រកូលរបស់លោកមានកន្លែងនៅក្នុងទីនោះផង គឺពីតំណមួយទៅតំណមួយផង។
៥៧ត្បិតការលាបតាំងនេះហើយ ដែលយើងបានដាក់មកលើក្បាលរបស់លោក ដើម្បីឲ្យពររបស់លោកបានដាក់មកលើក្បាលនៃពូជពង្សរបស់លោកបន្តបន្ទាប់ទៅ។
៥៨ហើយដូចជាយើងមានព្រះបន្ទូលដល់លោកអ័ប្រាហាំ អំពីពូជមនុស្សទាំងឡាយនៅផែនដីយ៉ាងណា នោះយើងក៏មានបន្ទូលដល់យ៉ូសែប ជាអ្នកបម្រើរបស់យើងយ៉ាងនោះដែរថា ៖ ដោយសារអ្នក និងដោយសារពូជអ្នក នោះគ្រួសារមនុស្សនៅផែនដីនឹងបានពរ។
៥៩ហេតុដូច្នេះហើយ ចូរឲ្យយ៉ូសែបជាអ្នកបម្រើរបស់យើង និងពូជលោកបន្តបន្ទាប់ទៅ មានកន្លែងនៅក្នុងគេហដ្ឋាននោះ ពីតំណមួយទៅតំណមួយផង ជារៀងរាបដរាបតទៅ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
៦០ហើយចូរឲ្យឈ្មោះគេហដ្ឋាននោះថា ណៅវូហោស ហើយចូរឲ្យទីនោះបានទៅជាទីអាស្រ័យដ៏រីករាយសម្រាប់មនុស្ស ហើយជាទីសម្រាកសម្រាប់អ្នកដំណើរនឿយហត់ ប្រយោជន៍ឲ្យគេអាចបានពិចារណាពីសិរីល្អនៃស៊ីយ៉ូន និងពីសិរីល្អនៃទីនេះ គឺជាថ្មសីមានៃស៊ីយ៉ូន
៦១ប្រយោជន៍ឲ្យគេអាចបានទទួលការទូន្មានពីពួកអ្នក ដែលយើងបានចាត់ដូចជាដំណាំដ៏ល្បី និងជាពួកអ្នកចាំយាមនៅលើកំផែងទាំងឡាយរបស់នាងផង។
៦២មើលចុះ យើងប្រាប់អ្នកជាប្រាកដថា ចូរឲ្យ ជួច មិលលើ ជាអ្នកបម្រើរបស់យើង និងឡៃម៉ាន វ៉ៃត ជាអ្នកបម្រើរបស់យើង និងយ៉ូហាន ស្នៃឌើរ ជាអ្នកបម្រើរបស់យើង និងពេត្រុស ហាវ្ស ជាអ្នកបម្រើរបស់យើងរៀបចំខ្លួន ហើយតាំងពួកគេម្នាក់ឲ្យធ្វើជាប្រធានលើកូរ៉ុមរបស់ខ្លួន ចំពោះផលប្រយោជន៍ខាងការកសាងគេហដ្ឋាននោះ។
៦៣ហើយពួកគេត្រូវបង្កើតធម្មនុញ្ញមួយ ដែលពួកគេអាចទទួលហ៊ុនសម្រាប់កសាងគេហដ្ឋាននោះ។
៦៤ហើយពួកគេមិនអាចទទួលមួយហ៊ុនក្នុងគេហដ្ឋាននោះ តិចជាងហាសិបដុល្លារឡើយ ហើយពួកគេត្រូវបានអនុញ្ញាតឲ្យទទួលចំនួនមួយម៉ឺនប្រាំពាន់ដុល្លារពីមនុស្សម្នាក់ សម្រាប់ជាហ៊ុនក្នុងគេហដ្ឋាននោះ។
៦៥ប៉ុន្តែពួកគេពុំត្រូវអនុញ្ញាតឲ្យទទួលលើសជាងមួយម៉ឺនប្រាំពាន់ដុល្លារ ពីនរណាម្នាក់ សម្រាប់ជាហ៊ុននៃគេហដ្ឋាននោះឡើយ។
៦៦ហើយពួកគេពុំត្រូវបានអនុញ្ញាតឲ្យទទួលមួយហ៊ុនក្នុងគេហដ្ឋាននោះពីនរណាម្នាក់ តិចជាងហាសិបដុល្លារឡើយ។
៦៧ហើយពួកគេពុំត្រូវបានអនុញ្ញាតឲ្យទទួលមនុស្សណាមួយ ជាអ្នកចូលហ៊ុនក្នុងគេហដ្ឋាននេះឡើយ លើកលែងតែអ្នកនោះបង់ហ៊ុនទៅក្នុងដៃពួកគេ នៅពេលគេទិញនោះ
៦៨ហើយនៅចំនួនហ៊ុនណាដែលគេបង់ដល់ដៃពួកគេ នោះគេនឹងបានហ៊ុនចំនួននោះក្នុងគេហដ្ឋាន ប៉ុន្តែបើសិនជាគេមិនបានបង់អ្វីដល់ដៃពួកគេទេ នោះគេនឹងពុំបានហ៊ុនអ្វីក្នុងគេហដ្ឋាននោះឡើយ។
៦៩ហើយបើសិនជានរណាមួយបង់ហ៊ុនដល់ដៃពួកគេ នោះនឹងមានហ៊ុនក្នុងគេហដ្ឋាននោះ សម្រាប់សាមីខ្លួនគេ និងសម្រាប់តំណគេបន្តបន្ទាប់ទៅ ពីតំណមួយទៅតំណមួយ ដរាបណាដែលគេ និងពូជពង្សគេមានហ៊ុននោះ ហើយពុំបានលក់ ឬដកហ៊ុនចេញពីដៃពួកគេតាមអំពើចិត្តគេ នោះគឺបើសិនជាអ្នកនឹងធ្វើតាមព្រះហឫទ័យរបស់យើង ព្រះអម្ចាស់ដ៏ជាព្រះរបស់អ្នក ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
៧០ហើយជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដថា បើសិនជា ជួច មិលលើ ជាអ្នកបម្រើរបស់យើង និងឡៃម៉ាន វ៉ៃត ជាអ្នកបម្រើរបស់យើង និងយ៉ូហាន ស្នៃឌើរ ជាអ្នកបម្រើរបស់យើង និងពេត្រុស ហាវ្ស ជាអ្នកបម្រើរបស់យើងទទួលហ៊ុនណាមួយនៅក្នុងដៃពួកគេ ជាប្រាក់ ឬជាទ្រព្យសម្បត្តិដែលពួកគេទទួលជាតម្លៃប្រាក់ នោះពួកគេមិនត្រូវចាយភាគណាមួយនៃហ៊ុននោះ ចំពោះផលប្រយោជន៍ណាផ្សេងឡើយ លើកលែងតែសម្រាប់គេហដ្ឋាននោះប៉ុណ្ណោះ។
៧១ហើយបើសិនជាពួកគេចាយចំណែកណាមួយនៃហ៊ុននោះ នៅកន្លែងណាផ្សេងទៀត លើកលែងតែនៅក្នុងគេហដ្ឋាននោះ ដោយគ្មានការអនុញ្ញាតពីអ្នកចូលហ៊ុនទេ ហើយពុំបានសងមួយភាគបួនដល់ហ៊ុននោះ ដែលពួកគេបានចាយនៅកន្លែងផ្សេងទៀតទេ លើកលែងតែនៅគេហដ្ឋាននោះ នោះពួកគេត្រូវបណ្ដាសា ហើយនឹងត្រូវដកចេញពីកន្លែងពួកគេ ព្រះអម្ចាស់ដ៏ជាព្រះទ្រង់មានព្រះបន្ទូលថាដូច្នោះ ត្បិតយើងជាព្រះអម្ចាស់គឺជាព្រះ ហើយពុំត្រូវមើលងាយក្នុងការណ៍ណាមួយនៃការណ៍ទាំងនេះឡើយ។
៧២យើងប្រាប់អ្នកជាប្រាកដថា ចូរឲ្យ យ៉ូសែប ជាអ្នកបម្រើរបស់យើង ចូលហ៊ុនក្នុងដៃពួកគេសម្រាប់ការកសាងនៃគេហដ្ឋាននេះ ដូចជាឃើញថាល្អដល់លោកចុះ ប៉ុន្តែយ៉ូសែប ជាអ្នកបម្រើរបស់យើង មិនអាចចូលហ៊ុនលើសជាងមួយម៉ឺនប្រាំពាន់ដុល្លារក្នុងគេហដ្ឋាននោះ ឬតិចជាងហាសិបដុល្លារឡើយ ឬក៏នរណាមួយឡើយ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
៧៣ហើយមានមនុស្សឯទៀតដែរ ដែលចង់ដឹងពីព្រះហឫទ័យរបស់យើងអំពីពួកគេ ព្រោះពួកគេបានទូលសូមពីព្រះហស្តយើង។
៧៤ហេតុដូច្នេះហើយ យើងប្រាប់អ្នក អំពី វិនសុន ណៃត៍ ជាអ្នកបម្រើរបស់យើង បើសិនជាគាត់នឹងប្រព្រឹត្តតាមព្រះហឫទ័យរបស់យើង នោះចូរឲ្យគាត់ចូលហ៊ុនក្នុងគេហដ្ឋាននេះ សម្រាប់រូបគាត់ និងសម្រាប់ពូជពង្សគាត់បន្តបន្ទាប់ទៅពីតំណមួយតំណមួយផងចុះ។
៧៥ហើយចូរឲ្យគាត់បន្លឺសំឡេងគាត់ឮសូរកាន់តែតន្ថើនខ្លាំងឡើងនៅចំកណ្ដាលបណ្ដាជន ដើម្បីអង្វរប្រាប់ពីគតិនៃពួកអ្នកទាល់ក្រ និងពួកអ្នកកម្សត់ទុគ៌ត ហើយចូរកុំឲ្យគាត់ខកខាន ឬមានចិត្តតក់ស្លុតឡើយ ហើយយើងនឹងទទួលដង្វាយទាំងឡាយរបស់គាត់ ត្បិតដង្វាយរបស់គាត់ពុំមែនថ្វាយដល់យើង ដូចជាដង្វាយរបស់កាអ៊ីនឡើយ ព្រោះគាត់នឹងទៅជារបស់ផងយើង ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
៧៦ចូរឲ្យគ្រួសារគាត់សប្បាយរីករាយ ហើយបែរចិត្តចេញពីសេចក្ដីទុក្ខវេទនាចុះ ត្បិតយើងបានរើសគាត់ ហើយបានលាបគាត់ហើយ ហើយគាត់នឹងបានកិត្តិយសនៅកណ្ដាលវង្សត្រកូលគាត់ ព្រោះយើងនឹងអភ័យទោសចំពោះអំពើបាបទាំងអស់របស់គាត់ ព្រះអម្ចាស់ទ្រង់ មានព្រះបន្ទូលថាដូច្នោះ។ អាម៉ែន។
៧៧យើងប្រាប់អ្នកជាប្រាកដថា ចូរឲ្យ ហៃរុម ជាអ្នកបម្រើរបស់យើង ចូលហ៊ុនទៅក្នុងគេហដ្ឋាននោះ ដូចដែលឃើញថាល្អដល់គាត់ គឺសម្រាប់រូបគាត់ និងពូជពង្សគាត់បន្តបន្ទាប់ទៅពីតំណមួយទៅតំណមួយផងចុះ។
៧៨ចូរឲ្យ អ៊ីសាក កាលឡង់ ជាអ្នកបម្រើរបស់យើង ចូលហ៊ុនទៅក្នុងគេហដ្ឋាននោះ ព្រោះយើងជាព្រះអម្ចាស់ស្រឡាញ់គាត់ ចំពោះកិច្ចការដែលគាត់បានធ្វើ ហើយនឹងអភ័យទោសចំពោះអំពើបាបទាំងអស់របស់គាត់ ហេតុដូច្នេះហើយ ចូរត្រូវចងចាំដល់គាត់ចំពោះការប្រាក់នៃគេហដ្ឋាននោះពីតំណមួយទៅតំណមួយផង។
៧៩ចូរឲ្យ អ៊ីសាក កាលឡង់ ជាអ្នកបម្រើរបស់យើង បានតាំងឡើងនៅក្នុងចំណោមពួកអ្នករាល់គ្នា ហើយតែងតាំងឡើងដោយ វិលលាម ម៉ាក្ស ជាអ្នកបម្រើរបស់យើង ហើយបានពរដោយសារគាត់ចុះ គឺទៅជាមួយ ហៃរុម ជាអ្នកបម្រើរបស់យើង ដើម្បីសម្រេចនូវកិច្ចការដែល យ៉ូសែប ជាអ្នកបម្រើរបស់យើងនឹងបញ្ជាក់ប្រាប់ដល់ពួកគេ ហើយពួកគេនឹងត្រូវបានពរដ៏ធំ។
៨០ចូរឲ្យ វិលលាម ម៉ាក្ស ជាអ្នកបម្រើរបស់យើង ចូលហ៊ុនទៅក្នុងគេហដ្ឋាននោះ ដូចដែលឃើញថាល្អដល់គាត់ គឺសម្រាប់រូបគាត់ និងពូជពង្សគាត់ពីតំណមួយទៅតំណមួយផងចុះ។
៨១ចូរឲ្យ ហែនរី ជី ស៊ើវូឌ ជាអ្នកបម្រើរបស់យើង ចូលហ៊ុនទៅក្នុងគេហដ្ឋាននោះ ដូចដែលឃើញថាល្អដល់គាត់ គឺសម្រាប់រូបគាត់ និងពូជគាត់បន្តបន្ទាប់ទៅពីតំណមួយទៅតំណមួយផងចុះ។
៨២ចូរឲ្យ វិលលាម ឡវ៍ ជាអ្នកបម្រើរបស់យើង ចូលហ៊ុនទៅក្នុងគេហដ្ឋាននោះ សម្រាប់រូបគាត់ និងពូជគាត់បន្តបន្ទាប់ទៅពីតំណមួយទៅតំណមួយផងចុះ។
៨៣បើសិនជាគាត់នឹងធ្វើតាមព្រះហឫទ័យរបស់យើង ចូរកុំឲ្យគាត់នាំគ្រួសារគាត់ទៅដែនដីនៃទិសខាងកើត សូម្បីតែទៅក្រុងខឺតឡង់ ក្ដី ទោះជាយ៉ាងណាក៏ដោយ យើងជាព្រះអម្ចាស់ នឹងកសាងក្រុងខឺតឡង់ឡើង ប៉ុន្តែយើងជាព្រះអម្ចាស់ មានរំពាត់ដែលបានរៀបចំទុក សម្រាប់បណ្ដាជនទីនោះ។
៨៤ហើយអំពី អាលម៉ុន បាបបិត ជាអ្នកបម្រើរបស់យើង នោះមានរឿងជាច្រើនដែលយើងមិនសព្វព្រះហឫទ័យ មើលចុះ គាត់គិតចង់តាំងដំបូន្មានរបស់ខ្លួន ជំនួសដំបូន្មានដែលយើងបានតែងតាំង សូម្បីតែដំបូន្មានពីគណៈប្រធាននៃសាសនាចក្ររបស់យើងដែរ ហើយគាត់តាំងរូបកូនគោមាសឡើង សម្រាប់ជាការថ្វាយបង្គំនៃរាស្ត្ររបស់យើង។
៨៥ចូរកុំឲ្យនរណាមួយចេញពីកន្លែងនេះ ដែលបានមកទីនេះប្រុងនឹងកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់យើងឡើយ។
៨៦បើសិនជាពួកគេរស់នៅទីនេះ ចូរឲ្យពួកគេរស់នៅចំពោះយើង ហើយបើសិនជាពួកគេស្លាប់ ចូរឲ្យពួកគេស្លាប់ចំពោះយើង ត្បិតពួកគេនឹងបានសម្រាកពីការងារទាំងអស់របស់ពួកគេនៅទីនេះ ហើយនឹងធ្វើកិច្ចការរបស់ពួកគេតទៅទៀត។
៨៧ហេតុដូច្នេះហើយ ចូរឲ្យ វិលលាម ជាអ្នកបម្រើរបស់យើង ដាក់ទីទុកចិត្តរបស់គាត់មកលើយើង ហើយឈប់ភិតភ័យអំពីគ្រួសារគាត់ មកពីជំងឺនៅដែនដីចុះ។ បើសិនជាអ្នករាល់គ្នាស្រឡាញ់យើង ចូរកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់យើងចុះ ហើយជំងឺនៅដែនដីនឹងបែរទៅជាសិរីល្អដល់អ្នកទៅវិញ។
៨៨ចូរឲ្យ វិលលាម ជាអ្នកបម្រើរបស់យើង ទៅហើយប្រកាសប្រាប់ពីដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់យើងដោយសំឡេងយ៉ាងខ្លាំង និងដោយសេចក្ដីអំណរដ៏ធំ ដូចដែលបានបណ្ដាលដោយព្រះវិញ្ញាណរបស់យើងដល់បណ្ដាជន នៅក្រុងវួរសាវ និងដល់បណ្ដាជននៅក្រុងកាតធេចផង និងដល់បណ្ដាជននៅក្រុងប៊ើរលីងតោនផង និងដល់បណ្ដាជននៅក្រុង ម៉ាឌិសុនផង ហើយចូរឲ្យរង់ចាំដោយមានចិត្តអត់ធន់ និងចិត្តព្យាយាមចាំការបង្គាប់តទៅទៀត ពីសន្និសីទទូទៅរបស់យើង ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
៨៩បើសិនជាគាត់នឹងធ្វើតាមព្រះហឫទ័យរបស់យើង នោះពីអំណឹះតទៅ ចូរឲ្យគាត់ប្រុងស្ដាប់តាមដំបូន្មាននៃយ៉ូសែប ជាអ្នកបម្រើរបស់យើងចុះ ហើយដោយសារប្រាក់កាសរបស់ខ្លួនគាត់ ចូរគាំទ្រគតិនៃពួកអ្នកទ័លក្រ ហើយបោះពុម្ពការបកប្រែថ្មីនៃព្រះបន្ទូល ដ៏បរិសុទ្ធរបស់យើង ផ្សាយដល់បណ្ដាជននៅលើផែនដីចុះ។
៩០ហើយបើសិនជាគាត់ធ្វើបែបនេះ នោះយើងនឹងប្រទានពរដល់គាត់ ដោយព្រះពរដ៏ច្រើនអនេក ដើម្បីកុំឲ្យគាត់ត្រូវបោះបង់ចោល ឬ ឃើញថាពូជគាត់ត្រូវសុំទានអាហារឡើយ។
៩១ហើយជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដថា ចូរឲ្យ វិលលាម ជាអ្នកបម្រើរបស់យើង បានតាំង តែងតាំង និងលាប ឲ្យធ្វើជាទីប្រឹក្សាដល់យ៉ូសែប ជាអ្នកបម្រើរបស់យើង នៅកន្លែងហៃរុម ជាអ្នកបម្រើរបស់យើង ដើម្បីឲ្យហៃរុមជាអ្នកបម្រើរបស់យើង អាចយកតំណែងនៃបព្វជិតភាព និងអយ្យកោដែលត្រូវបានតាំងដល់គាត់ ដោយឪពុកគាត់ តាមរយៈការឲ្យពរ និងដោយសិទ្ធិផង
៩២គឺចាប់ពីអំណឹះតទៅ គាត់នឹងកាន់កូនសោទាំងឡាយនៃពររបស់លោកអយ្យកោមកលើក្បាលនៃរាស្ត្រយើងទាំងអស់
៩៣គឺនរណាក៏ដោយដែលគាត់ឲ្យពរ នោះនឹងបានពរ ហើយនរណាក៏ដោយដែលគាត់ដាក់បណ្ដាសា នោះនឹងត្រូវបណ្ដាសា គឺអ្វីក៏ដោយដែលគាត់នឹងចងនៅលើផែនដី នោះនឹងត្រូវបានចងនៅលើស្ថានសួគ៌ដែរ ហើយអ្វីក៏ដោយដែលគាត់នឹងស្រាយនៅលើផែនដី នោះនឹងត្រូវបានស្រាយនៅលើស្ថានសួគ៌ដែរ។
៩៤ហើយចាប់ពីពេលនេះតទៅ យើងតាំងដល់គាត់ ថាគាត់អាចបានទៅជាព្យាការី និងជាអ្នកមើលឆុត និងជាអ្នកបើកសម្ដែងចំពោះសាសនាចក្ររបស់យើង ដូចជាយ៉ូសែប ជាអ្នកបម្រើរបស់យើងដែរ
៩៥ប្រយោជន៍ឲ្យគាត់អាចប្រព្រឹត្តព្រមព្រៀងគ្នាជាមួយនឹងយ៉ូសែប ជាអ្នកបម្រើរបស់យើង ហើយថាគាត់ត្រូវទទួលដំបូន្មានពីយ៉ូសែប ជាអ្នកបម្រើរបស់យើង ដែលនឹងបង្ហាញដល់គាត់ នូវកូនសោទាំងឡាយ ដែលគាត់អាចសូម និងអាចទទួល ហើយបានពាក់មកុដដោយព្រះពរ និងសិរីល្អ និងកិត្តិយស និងបព្វជិតភាព និងអំណោយទានទាំងឡាយនៃបព្វជិតភាពដដែល ដែលបានពាក់លើអ្នកនោះម្ដង គឺ អូលីវើរ ខៅឌើរី ដែលធ្លាប់ជាអ្នកបម្រើរបស់យើង
៩៦ប្រយោជន៍ឲ្យហៃរុម ជាអ្នកបម្រើរបស់យើង អាចធ្វើទីបន្ទាល់អំពីការណ៍ទាំងឡាយ ដែលយើងនឹងបង្ហាញដល់គាត់ ប្រយោជន៍ឲ្យឈ្មោះគាត់អាចបានរំឮកដល់ដោយកិត្តិយស ពីតំណមួយទៅតំណមួយផងជារៀងដរាបតទៅ។
៩៧ចូរឲ្យ វិលលាម ឡវ៍ ជាអ្នកបម្រើរបស់យើង បានទទួលកូនសោទាំងឡាយដែរ ដើម្បីឲ្យគាត់អាចសូម ហើយអាចបានទទួលព្រះពរទាំងឡាយ ចូរឲ្យគាត់បន្ទាបខ្លួននៅចំពោះយើង ហើយដោយគ្មានឧបាយកលឡើយ ហើយគាត់នឹងបានទទួលព្រះវិញ្ញាណរបស់យើង គឺជាព្រះដ៏ជាជំនួយដែលនឹងសម្ដែងប្រាប់គាត់នូវសេចក្ដីពិតនៃការណ៍គ្រប់ទាំងអស់ ហើយនឹងប្រទានដល់គាត់នូវអ្វីដែលគាត់ត្រូវនិយាយនៅម៉ោងនោះឯង។
៩៨ហើយទីសំគាល់ទាំងនេះនឹងជាប់តាមគាត់ — គឺគាត់នឹងប្រោសមនុស្សឈឺ គាត់នឹងបណ្ដេញអារក្សចេញ ហើយនឹងត្រូវបានរួចពីពួកអ្នកដែលដាក់បំពុលគាត់
៩៩ហើយគាត់នឹងត្រូវបាននាំទៅតាមផ្លូវទាំងឡាយណា ដែលពស់មានពិសពុំអាចចឹកកែងជើងគាត់បានឡើយ ហើយគាត់នឹងហោះហើរលើស្លាបឥន្ទ្រីនៅក្នុងមនោគតិនៃគំនិតរបស់គាត់។
១០០ហើយបើសិនជាយើងមានព្រះហឫទ័យចង់ឲ្យគាត់ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ នោះចូរកុំឲ្យទប់សំឡេងគាត់ឡើយ។
១០១ហេតុដូច្នេះហើយ ចូរឲ្យ វិលលាម ជាអ្នកបម្រើរបស់យើង ស្រែកឲ្យពេញបំពង់ក ហើយកុំសំចៃឡើយ ដោយសេចក្ដីអំណរ និងសេចក្ដីអរសប្បាយ និងដោយហូសាណាដល់ទ្រង់ ដែលគង់នៅលើបល្ល័ង្កជារៀងរាបដរាបតទៅ ព្រះអម្ចាស់ដ៏ជាព្រះរបស់អ្នក ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
១០២មើលចុះ យើងប្រាប់អ្នកថា យើងមានបេសកកម្មមួយទុកសម្រាប់វិលលាម ជាអ្នកបម្រើរបស់យើង និងហៃរុម ជាអ្នកបម្រើរបស់យើង និងសម្រាប់ពួកគេប៉ុណ្ណោះ ហើយចូរឲ្យយ៉ូសែប ជាអ្នកបម្រើរបស់យើងនៅផ្ទះចុះ ត្បិតគេត្រូវការលោក។ អ្វីដែលនៅសល់ទាំងប៉ុន្មាន នោះយើងនឹងបង្ហាញដល់អ្នកនៅពេលក្រោយ។ គឺដូច្នោះមែន។ អាម៉ែន។
១០៣ហើយជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដថា បើសិនជា ស៊ីឌនី ជាអ្នកបម្រើរបស់យើងនឹងបម្រើយើង ហើយធ្វើជាទីប្រឹក្សាដល់យ៉ូសែប ជាអ្នកបម្រើរបស់យើង នោះចូរឲ្យគាត់ក្រោក ហើយឡើងមក ហើយឈរនៅក្នុងតំណែងរបស់គាត់ ហើយបន្ទាបខ្លួននៅចំពោះយើងចុះ។
១០៤ហើយបើសិនជាគាត់នឹងថ្វាយដល់យើងនូវដង្វាយដ៏គួរសម ហើយដោយការទទួលស្គាល់ទាំងឡាយ ហើយនៅជាមួយរាស្ត្រយើង មើលចុះ យើងជាព្រះអម្ចាស់ដ៏ជាព្រះរបស់អ្នកនឹងប្រោសគាត់ឲ្យគាត់បានជា ហើយគាត់នឹងត្រូវបន្លឺសំឡេងរបស់គាត់ទៀត នៅលើភ្នំទាំងឡាយ ហើយធ្វើជាអ្នកនិយាយនៅចំពោះព្រះភក្ត្រយើង។
១០៥ចូរឲ្យគាត់មក ហើយទុកគ្រួសារគាត់នៅក្នុងសង្កាត់ ដែលយ៉ូសែប ជាអ្នកបម្រើរបស់យើងអាស្រ័យនៅ។
១០៦នៅក្នុងដំណើរទាំងអស់របស់គាត់ ចូរឲ្យគាត់បន្លឺសំឡេងគាត់ឡើង ហាក់ដូចជាដោយសំឡេងត្រែ ហើយព្រមានប្រាប់ដល់បណ្ដាជននៅលើផែនដីឲ្យរត់ចេញពីសេចក្ដីក្រោធ ដែលត្រូវមក។
១០៧ចូរឲ្យគាត់ជួយយ៉ូសែប ជាអ្នកបម្រើរបស់យើង ហើយចូរឲ្យ វិលលាម ឡវ៍ ជាអ្នកបម្រើរបស់យើង ជួយយ៉ូសែប ជាអ្នកបម្រើរបស់យើងដែរ ក្នុងការធ្វើការប្រកាសដ៏ម៉ឺងម៉ាត់មួយ ដល់ពួកមហាក្សត្រនៅលើផែនដី ដូចដែលយើងបានប្រាប់អ្នករួចមកហើយនោះ។
១០៨បើសិនជា ស៊ីឌនី ជាអ្នកបម្រើរបស់យើងនឹងធ្វើតាមព្រះហឫទ័យរបស់យើង ចូរកុំឲ្យគាត់ដកគ្រួសារគាត់ចេញពីដែនដីនៅទិសខាងកើតឡើយ ប៉ុន្តែចូរឲ្យគាត់ប្ដូរទីលំនៅរបស់គាត់ ដូចដែលយើងបានប្រាប់រួចមកហើយនោះ។
១០៩មើលចុះ គឺពុំមែនជាព្រះហឫទ័យយើងទេ ដែលគាត់ត្រូវស្វែងរកសន្តិសុខ និងទីពឹងជ្រកចេញពីទីក្រុង ដែលយើងបានតាំងដល់អ្នក គឺជាទីក្រុងណៅវូនោះ។
១១០យើងប្រាប់អ្នកជាប្រាកដថា សូម្បីតែឥឡូវនេះ បើសិនជាគាត់ប្រុងស្ដាប់តាមសំឡេងយើង នោះនឹងបានស្រួលដល់គាត់ហើយ។ គឺដូច្នោះមែន។ អាម៉ែន។
១១១ហើយជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដថា ចូរឲ្យ អេម៉ុស ដាវីស ជាអ្នកបម្រើរបស់យើង ចូលដៃជាមួយពួកអ្នកដែលយើងបានតាំងឡើងឲ្យកសាងផ្ទះសំណាក់ គឺណៅវូហោស។
១១២ចូរឲ្យគាត់ធ្វើការណ៍នេះ បើសិនជាគាត់នឹងមានការប្រាក់ ហើយចូរឲ្យគាត់ប្រុងស្ដាប់តាមដំបូន្មាននៃយ៉ូសែប ជាអ្នកបម្រើរបស់យើង ហើយធ្វើការងារដោយដៃរបស់ខ្លួន ប្រយោជន៍ឲ្យគាត់អាចបានទីទុកចិត្តពីមនុស្ស។
១១៣ហើយកាលណាគាត់បានបញ្ជាក់ថា ខ្លួនមានចិត្តស្មោះត្រង់ ក្នុងគ្រប់ការណ៍ទាំងអស់ ដែលបានផ្ទុកផ្ដាក់ឲ្យគាត់ថែរក្សា មែនហើយ សូម្បីតែការណ៍តូចតាចក៏ដោយ គង់តែគាត់នឹងត្រូវបានធ្វើជាអ្នកត្រួតត្រាលើរបស់ជាច្រើនដែរ
១១៤ហេតុដូច្នេះហើយ ចូរឲ្យគាត់បន្ទាបខ្លួនចុះ ប្រយោជន៍ឲ្យគាត់អាចបានតម្កើងឡើង។ គឺដូច្នោះមែន។ អាម៉ែន។
១១៥ហើយជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដថា បើសិនជា រ៉ូបឺត ឌី ហ្វស្តើរ ជាអ្នកបម្រើរបស់យើងនឹងគោរពតាមសំឡេងយើង នោះចូរឲ្យគាត់កសាងគេហដ្ឋានមួយ សម្រាប់យ៉ូសែប ជាអ្នកបម្រើរបស់យើង ស្របតាមកិច្ចព្រមព្រៀង ដែលគាត់បានធ្វើជាមួយលោក ហាក់ដូចជាទ្វារនឹងបានបើកឲ្យគាត់តាមកាលវេលា។
១១៦ហើយចូរឲ្យគាត់ប្រែចិត្តពីអស់ទាំងសេចក្ដីចម្កួតរបស់ខ្លួន ហើយបំពាក់គាត់ដោយសេចក្ដីសប្បុរស ហើយឲ្យឈប់ប្រព្រឹត្តអំពើអាក្រក់ ហើយឲ្យបោះបង់ចោលអស់ទាំងពាក្យរឹងទទឹងរបស់គាត់ចុះ
១១៧ហើយឲ្យចូលហ៊ុនចូលដៃជាមួយកូរ៉ុមណៅវូហោស សម្រាប់រូបគាត់ និងសម្រាប់តំណគាត់បន្តបន្ទាប់ទៅពីតំណមួយទៅតំណមួយផងចុះ
១១៨ហើយចូរប្រុងស្ដាប់តាមដំបូន្មាននៃយ៉ូសែប និងហៃរុម និងវិលលាម ឡវ៍ ជាពួកអ្នកបម្រើរបស់យើង និងតាមពួកអ្នកដែលមានសិទ្ធិអំណាច ដែលយើងបានហៅឲ្យសង់គ្រឹះនៃស៊ីយ៉ូន ហើយនឹងបានស្រួលដល់គាត់ជារៀងដរាបតទៅ។ គឺដូច្នោះមែន។ អាម៉ែន។
១១៩ហើយជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដថា ចូរកុំឲ្យនរណាចូលហ៊ុនជាមួយកូរ៉ុមណៅវូហោសឡើយ លើកលែងតែអ្នកនោះជឿដល់ព្រះគម្ពីរមរមន និងវិវរណៈទាំងឡាយ ដែលបានប្រទានដល់អ្នក ព្រះអម្ចាស់ដ៏ជាព្រះរបស់អ្នក ទ្រង់មានព្រះបន្ទូលថាដូច្នោះ
១២០ត្បិតអ្វីដែលលើស ឬតិចជាងនេះ គឺមកតែពីអាកំណាចទេ ហើយនឹងបានជាប់ដោយបណ្ដាសាទាំងឡាយ ហើយពុំមែនដោយព្រះពរឡើយ ព្រះអម្ចាស់ដ៏ជាព្រះរបស់អ្នក ទ្រង់មានព្រះបន្ទូលថាដូច្នោះ។ គឺដូច្នោះមែន។ អាម៉ែន។
១២១ហើយជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដថា ចូរឲ្យកូរ៉ុមណៅវូហោស មានថ្លៃឈ្នួលត្រឹមត្រូវ សម្រាប់ការងារទាំងអស់របស់ពួកគេដែលពួកគេបានធ្វើ ក្នុងការកសាងណៅវូហោសចុះ ហើយចូរឲ្យថ្លៃឈ្នួលរបស់ពួកគេ បានយល់ដោយព្រមព្រៀងគ្នាក្នុងចំណោមពួកគេ ដូចជាសមស្របតាមតម្លៃនោះ។
១២២ហើយចូរឲ្យមនុស្សរាល់គ្នាណាដែលចូលហ៊ុន កាន់បង្កាន់ដៃនូវចំណែកប្រាក់របស់ខ្លួន បើសិនជាត្រូវការសម្រាប់ការគាំទ្រដល់ពួកគេ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ បើពុំនោះសោតទេ ការងារទាំងឡាយរបស់ពួកគេនឹងត្រូវបានរាប់ជាហ៊ុនដល់ពួកគេនៅក្នុងគេហដ្ឋាននោះ។ គឺដូច្នោះមែន។ អាម៉ែន។
១២៣យើងប្រាប់អ្នកជាប្រាកដថា ឥឡូវនេះ យើងប្រទានដល់អ្នករាល់គ្នានូវពួកអ្នកកាន់តំណែង ដែលជាសមាជិកនៃបព្វជិតភាពរបស់យើង ប្រយោជន៍ឲ្យអ្នករាល់គ្នាអាចកាន់កូនសោទាំងឡាយនៃបព្វជិតភាពនោះ គឺជាបព្វជិតភាពដែលធ្វើតាមរបៀបនៃលោកម៉ិលគីស្សាដែក ដែលធ្វើតាមរបៀបនៃព្រះរាជបុត្រាបង្កើតតែមួយរបស់យើង។
១២៤មុនដំបូង យើងប្រទានដល់អ្នករាល់គ្នា ហៃរុម ស៊្មីធ ឲ្យធ្វើជាលោកអយ្យកោចំពោះអ្នក ដើម្បីកាន់នូវព្រះពរទាំងឡាយខាងការភ្ជាប់នៃសាសនាចក្ររបស់យើង គឺជាព្រះវិញ្ញាណបរិសុទ្ធនៃសេចក្ដីសន្យា ដើម្បីឲ្យអ្នករាល់គ្នាបានភ្ជាប់ទុកចំពោះថ្ងៃនៃសេចក្ដីប្រោសលោះ ប្រយោជន៍កុំឲ្យអ្នករាល់គ្នាអាចបានធ្លាក់ ទោះជាម៉ោងនៃសេចក្ដីល្បួង ដែលអាចមានមកលើអ្នកក៏ដោយ។
១២៥យើងប្រទានដល់អ្នករាល់គ្នា យ៉ូសែប ជាអ្នកបម្រើរបស់យើង ឲ្យធ្វើជាអែលឌើរពិនិត្យត្រួតត្រាលើអស់ទាំងសាសនាចក្ររបស់យើង ឲ្យធ្វើជាអ្នកបកប្រែ ជាអ្នកទទួលវិវរណៈ ជាអ្នកមើលឆុត និងជាព្យាការី។
១២៦យើងប្រទានដល់លោកឲ្យធ្វើជាទីប្រឹក្សាគឺ ស៊ីឌនី រិកដុន ជាអ្នកបម្រើរបស់យើង និង វិលលាម ឡវ៍ ជាអ្នកបម្រើរបស់យើង ប្រយោជន៍ឲ្យពួកអ្នកទាំងនេះអាចរួមទៅជាកូរ៉ុម និងជាគណៈប្រធានទីមួយ ដើម្បីទទួលព្រះបន្ទូលទាំងឡាយសម្រាប់សាសនាចក្រទាំងមូល។
១២៧យើងប្រទានដល់អ្នករាល់គ្នា ព្រិកហាំ យ៉ង់ ជាអ្នកបម្រើរបស់យើងឲ្យធ្វើជាប្រធានលើក្រុម១២នាក់ដែលធ្វើដំណើរ
១២៨ជាពួក១២នាក់ដែលកាន់កូនសោទាំងឡាយ ដើម្បីបើកសិទ្ធិអំណាចនៃនគររបស់យើងនៅលើជ្រុងទាំងបួននៃផែនដី ហើយបន្ទាប់ពីនោះ ឲ្យបញ្ជូនព្រះបន្ទូលរបស់យើងទៅដល់សត្វលោកគ្រប់រូប។
១២៩ពួកគេគឺ ហ៊ីបឺរ ស៊ី គិមបុល, បាលី ភី ប្រាត្ត, អួរសុន ប្រាត្ត, អួរសុន ហៃឌ៍, វិលលាម ស៊្មីធ, យ៉ូហាន ថេលើរ, យ៉ូហាន អ៊ី ភេច, វិលហ្វួឌ វូឌដ្រុព្វ, វិលឡឺឌ រិចឺឌ្ស, ជួច អេ ស៊្មីធ
១៣០រីឯ ដាវីឌ ប៉ាទ្ទិន នោះយើងបានយកមកឯយើងហើយ មើលចុះ បព្វជិតភាពរបស់គាត់ នោះគ្មាននរណាអាចយកពីគាត់បានឡើយ ប៉ុន្តែយើងប្រាប់អ្នកជាប្រាកដថា អ្នកផ្សេងទៀតអាចបានតែងតាំងឡើងចំពោះតំណែងដដែលនោះ។
១៣១ហើយជាថ្មីទៀត យើងប្រាប់អ្នកថា យើងប្រទានដល់អ្នកនូវក្រុមប្រឹក្សាជាន់ខ្ពស់មួយ សម្រាប់ថ្មសីមានៃស៊ីយ៉ូន —
១៣២ដោយមានឈ្មោះថា សាំយូអែល បិន្ត, ហែនរី ជី ស៊ើវូឌ, ជួច ដ័បបុលយូ ហារិស, ឆាល្ស ស៊ី រិច, ថូម៉ាស ក្រូវើរ, នូវល ណៃត៍, ដាវីឌ ដត់, ដាន់បើរ វិលសុន — រីឯ ស៊ីបួរ ព្រុនសុន នោះយើងបានយកមកឯយើងហើយ គ្មាននរណាអាចយកបព្វជិតភាពពីគាត់បានឡើយ ប៉ុន្តែអ្នកផ្សេងទៀតអាចបានតែងតាំងឡើងចំពោះតំណែងដដែលនោះជំនួសគាត់; ហើយយើងប្រាប់អ្នកជាប្រាកដថា ចូរឲ្យ អើរ៉ុន ចនសុន បានតែងតាំងឡើងចំពោះតំណែងនេះជំនួសគាត់ចុះ — ដាវីឌ ហ្វូលមើរ, អាលភូស កាត់ឡើរ, វិលលាម ហាន់ទិងតោន។
១៣៣ហើយជាថ្មីទៀត យើងប្រទានដល់អ្នករាល់គ្នា ដន ស៊ី ស៊្មីធ ឲ្យធ្វើជាប្រធានលើកូរ៉ុមនៃពួកសង្ឃជាន់ខ្ពស់
១៣៤ពីធីការត្រូវបានអនុវត្តឡើង សម្រាប់គោលបំណងនៃការរៀបចំពួកអ្នក ដែលត្រូវបានតែងតាំងឡើងជាពួកប្រធាន ឬពួកអ្នកបម្រើ ដែលនៅអចិន្ត្រៃយ៍លើស្តេកផ្សេងៗ ដែលមានពាសពេញទូទៅ
១៣៥ហើយពួកគេក៏អាចធ្វើដំណើរបានដែរ បើសិនជាពួកគេប្រាថ្នា ប៉ុន្តែសុខចិត្តទទួលការតែងតាំងជាប្រធានដែលនៅអចិន្ត្រៃយ៍វិញ នេះគឺជាតំណែងនៃការហៅរបស់ពួកគេ ព្រះអម្ចាស់ដ៏ជាព្រះរបស់អ្នក ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
១៣៦យើងប្រទានដល់គាត់ អាម៉ាសា ឡៃម៉ាន និង ណូអេ ប៉ាកឺត ទុកជាទីប្រឹក្សាទាំងឡាយ ប្រយោជន៍ឲ្យពួកគេអាចពិនិត្យត្រួតត្រាលើកូរ៉ុមនៃពួកសង្ឃជាន់ខ្ពស់ក្នុងសាសនាចក្ររបស់យើង ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
១៣៧ហើយជាថ្មីទៀត យើងប្រាប់អ្នកថា យើងប្រទានដល់អ្នករាល់គ្នា យ៉ូហាន អេ ហ៊ិក្ស, សាំយូអែល វិលលាម្ស និងអ៊ីសាយ បេកើរ ជាអ្នកកាន់បព្វជិតភាព ដើម្បីពិនិត្យត្រួតត្រាលើកូរ៉ុមនៃពួកអែលឌើរ ជាកូរ៉ុមដែលត្រូវបានអនុវត្តឡើង សម្រាប់ពួកអ្នកធ្វើការងារបម្រើដែល នៅប្រចាំជាអចិន្ត្រៃយ៍ ទោះជាយ៉ាងណាក៏ដោយ គង់តែពួកគេអាចធ្វើដំណើរបានដែរ ប៉ុន្តែពួកគេត្រូវបានតែងតាំងឡើង ឲ្យធ្វើជាពួកអ្នកធ្វើការងារបម្រើដែលនៅអចិន្ត្រៃយ៍ចំពោះសាសនាចក្ររបស់យើង ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
១៣៨ហើយជាថ្មីទៀត យើងប្រទានដល់អ្នករាល់គ្នា យ៉ូសែប យ៉ង់, យ៉ូសាយ បាត់តើហ្វៀល, ដានីយ៉ែល មៃល្ស, ហែនរី ហ៊ើរីម៉ាន, សេរ៉ា ប៉ុលសៃហ្វើរ, លេវី ហែនខក់, យ៉េម្ស ហ្វស្តើរ ឲ្យពិនិត្យត្រួតត្រាលើកូរ៉ុមនៃពួក៧០នាក់
១៣៩ជាកូរ៉ុមដែលបានអនុវត្តឡើង សម្រាប់ពួកអែលឌើរដែលធ្វើដំណើរ ដើម្បីធ្វើទីបន្ទាល់ប្រាប់ពីព្រះនាមរបស់យើង នៅក្នុងពិភពលោកទាំងអស់ រីឯកន្លែងណាដែលមានក្រុមប្រឹក្សាជាន់ខ្ពស់ ដែលធ្វើដំណើរ គឺជាពួកសាវករបស់យើង នោះនឹងត្រូវបញ្ជូនពួកគេឲ្យទៅរៀបចំផ្លូវនៅចំពោះព្រះភក្ត្រយើង។
១៤០ការខុសគ្នារវាងកូរ៉ុមនេះនឹងកូរ៉ុមនៃពួកអែលឌើរ គឺថាកូរ៉ុមមួយត្រូវធ្វើដំណើររហូត ហើយកូរ៉ុមមួយទៀត ត្រូវពិនិត្យត្រួតត្រាលើសាសនាចក្រទាំងឡាយតាមកាលវេលា មួយមានភារកិច្ចខាងការពិនិត្យត្រួតត្រាតាមកាលវេលា ហើយមួយទៀត ពុំមានភារកិច្ចខាងការពិនិត្យត្រួតត្រាលើទេ ព្រះអម្ចាស់ដ៏ជាព្រះរបស់អ្នក ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
១៤១ហើយជាថ្មីទៀត យើងប្រាប់អ្នកថា យើងប្រទានដល់អ្នករាល់គ្នា វិនសុន ណៃត៍, សាំយូអែល អេច ស៊្មីធ និង សាដ្រាក់ រ៉ោនឌី បើសិនជាគាត់យល់ព្រមឲ្យពិនិត្យត្រួតត្រាលើគណៈប៊ីស្សព; ដំណឹងអំពីគណៈប៊ីស្សពដែលបានពោលដល់នេះ ត្រូវបានប្រទានដល់អ្នក នៅក្នុងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា។
១៤២ហើយជាថ្មីទៀត យើងប្រាប់អ្នកថា សាំយូអែល រ៉ូហ្វ និងទីប្រឹក្សាទាំងឡាយរបស់គាត់ សម្រាប់ពួកសង្ឃ និងប្រធាននៃពួកគ្រូ ហើយនិងទីប្រឹក្សាទាំងឡាយរបស់គាត់ ហើយព្រមទាំងប្រធាននៃពួកឌីកុន និងទីប្រឹក្សាទាំងឡាយរបស់គាត់ ហើយព្រមទាំងប្រធាននៃស្តេក និងទីប្រឹក្សាទាំងឡាយរបស់គាត់ផង។
១៤៣តំណែងទាំងឡាយខាងលើនេះ យើងបានប្រទានដល់អ្នក ហើយកូនសោទាំងឡាយនៃតំណែងនោះ សម្រាប់ជាជំនួយ និងការត្រួតត្រាសម្រាប់កិច្ចការខាងការងារបម្រើ និងការធ្វើឲ្យពួកបរិសុទ្ធបានល្អឥតខ្ចោះ។
១៤៤ហើយយើងប្រទានបញ្ញត្តិមួយដល់អ្នកថា អ្នកគួរបំពេញតំណែងទាំងនេះ ហើយអនុម័តឈ្មោះទាំងនោះ ដែលយើងបានពោលប្រាប់ បើពុំនោះសោតទេ ចូរកុំអនុម័តពួកគេនៅឯសន្និសីទទូទៅរបស់យើងឡើយ
១៤៥ហើយថាអ្នករាល់គ្នាគួររៀបចំបន្ទប់ទាំងឡាយទុកសម្រាប់តំណែងទាំងនេះ នៅក្នុងគេហដ្ឋានរបស់យើង នៅពេលអ្នកកសាងគេហដ្ឋាននោះដល់ព្រះនាមរបស់យើង ព្រះអម្ចាស់ ដ៏ជាព្រះរបស់អ្នក ទ្រង់មានព្រះបន្ទូលថាដូច្នោះ។ គឺដូច្នោះមែន។ អាម៉ែន៕