ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 88


កណ្ឌ​ទី ៨៨

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​១៨៣២ (History of the Church, ១:៣០២–៣១២)។ វិវរណៈ​នេះ​ត្រូវ​បាន​ញែក​ចេញ​ដោយ​ព្យាការី​ថា​ជា « ស្លឹក​អូលីវ … ដែល​បាន​បេះ​ពី​ដើម​នៅ​ស្ថាន​បរមសុខ ជា​សារ​អំពី​សេចក្ដី​សុខសាន្ត​របស់​ព្រះ​អម្ចាស់​ដល់​យើង » (History of the Church, ១:៣១៦)។ នៅ​ក្នុង​បញ្ជី​ប្រវត្តិ​ឃើញ​ថា​ចំណែក​នៃ​វិវរណៈ​នេះ ត្រូវ​បាន​ទទួល​នៅ​ថ្ងៃ​ទី​២៧ និង​២៨ ខែ​ធ្នូ ឆ្នាំ​១៨៣២ និង​ថ្ងៃ​ទី៣ ខែ​មក​រា ឆ្នាំ​១៨៣។

១–៥, ពួក​បរិសុទ្ធ​ដ៏​ស្មោះត្រង់​ទទួល​បាន​ព្រះ​ដ៏​ជា​ជំនួយ​នោះ ដែល​ជា​សេចក្ដី​សន្យា​អំពី​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច; ៦–១៣, គ្រប់​ទាំង​អស់​ត្រូវ​បាន​ត្រួតត្រា និង​គ្រប់​គ្រង​ដោយ​ពន្លឺ​នៃ​ព្រះ​គ្រីស្ទ; ១៤–១៦, ដំណើរ​រស់​ឡើង​វិញ​មាន​មក​តាម​រយៈ​សេចក្ដី​ប្រោស​លោះ; ១៧–៣១, ការ​គោរព​តាម​ក្រឹត្យ​វិន័យ​ខាង​សេឡេស្ទាល ទេរេសទ្រាល ឬ​ទេឡេស្ទាល នោះ​ត្រៀម​មនុស្ស​លោក​សម្រាប់​នគរ និង​សិរី​ល្អ​តាម​លំដាប់​នោះ; ៣២–៣៥, អស់​អ្នក​ណា​ដែល​សុខ​ចិត្ត​នៅ​ជាប់​ក្នុង​អំពើ​បាប ក៏​នឹង​នៅ​ក្នុង​អំពើ​ស្មោក​គ្រោក​ដដែល; ៣៦–៤១, នគរ​ទាំង​អស់​ត្រូវ​បាន គ្រប់​គ្រង​ដោយ​ក្រឹត្យ​វិន័យ; ៤២–៤៥, ព្រះ​ទ្រង់​បាន​ប្រទាន​ក្រឹត្យ​វិន័យ​ដល់​គ្រប់​ទាំង​អស់; ៤៦–៥០, មនុស្ស​នឹង​បាន​យល់​ដូច​ជា​ព្រះ; ៥១–៦១, ពាក្យ​ប្រៀប​ប្រដូច​អំពី​បុរស​ម្នាក់​ដែល​ចាត់​ពួក​អ្នក​បម្រើ​របស់​លោក​ឲ្យ​ទៅ​ស្រែ ហើយ​ទៅ​មើល​ពួក​គេ​តាម​លំដាប់; ៦២–៧៣, ចូរ​ចូល​ទៅ​ជិត​ព្រះ​អម្ចាស់ ហើយ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះ​ភក្ត្រ​ទ្រង់; ៧៤–៨០, ចូរ​ញែក​ខ្លួន​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ ហើយ​ចូរ​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​គោល​លទ្ធិ​ទាំង​ឡាយ​អំពី​នគរ; ៨១–៨៥, មនុស្ស​គ្រប់​រូប​ដែល​បាន​ទទួល​ការ​ព្រមាន នោះ​ត្រូវ​ព្រមាន​អ្នក​ជិត​ខាង​របស់​ខ្លួន​ដែរ; ៨៦–៩៤, ទី​សំគាល់​ទាំង​ឡាយ ចលាចល​ខាង​ធាតុ​សព្វ​សារពើ និង​ពួក​ទេវតា​រៀបចំ​ផ្លូវ​សម្រាប់​ការ​យាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះ​អម្ចាស់; ៩៥–១០២, ត្រែ​នៃ​ពួក​ទេវតា​ផ្លុំ​ហៅ​ពួក​អ្នក​ស្លាប់​តាម​លំដាប់; ១០៣–១១៦, ត្រែ​នៃ​ពួក​ទេវតា​ប្រកាស​ប្រាប់​អំពី​ការ​សាង​ឡើង​វិញ​នៃ​ដំណឹង​ល្អ ការ​រលំ​នៃ​ក្រុង​បាប៊ីឡូន និង​ចម្បាំង​នៃ​ព្រះ​ដ៏​មហិមា; ១១៧–១២៦, ចូរ​ស្វែងរក​ការ​រៀន​សូត្រ ចូរ​តាំង​ដំណាក់​នៃ​ព្រះ (ព្រះ​វិហារ) ហើយ​ចូរ​បំពាក់​ខ្លួន​ដោយ​ចំណង​នៃ​សេចក្ដី​សប្បុរស; ១២៧–១៤១, របៀប​នៃ​សាលា​របស់​ពួក​ព្យាការី​ត្រូវ​បាន​តែង​ឡើង ព្រម​ទាំង​ពិធី​បរិសុទ្ធ​ខាង​ការ​លាង​ជើង​ផង។

ប្រាកដ​មែន ដូច្នេះ​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដល់​អ្នក​រាល់​គ្នា​ដែល​បាន​ជួបជុំ​គ្នា ដើម្បី​ទទួល​ព្រះ​ហឫទ័យ​របស់​ទ្រង់​អំពី​អ្នក​ថា៖

មើល​ចុះ ការ​នេះ​សព្វ​ព្រះ​ហឫទ័យ​ដល់​ព្រះ​អម្ចាស់ ហើយ​ពួក​ទេវតា​មាន​ចិត្ត​ត្រេកអរ​មក​លើ​អ្នក សំណូមពរ​នៃ​ពាក្យ​អធិស្ឋាន​ទាំង​ឡាយ​របស់​អ្នក​បាន​ឮ​ទៅ​ដល់​ព្រះ​កាណ៌​របស់​ព្រះ​អម្ចាស់​នៃ​សាបោត ហើយ​បាន​កត់​ទុក​នៅ​ក្នុង​សៀវភៅ​នាម​នៃ​ពួក​អ្នក​ដែល​បាន​ញែក​ចេញ​ជា​បរិសុទ្ធ គឺជា​ពួក​អ្នក​នៅ​ឯ​ពិភព​សេឡេស្ទាល។

ហេតុ​ដូច្នោះ​ហើយ ឥឡូវ​នេះ យើង​ចាត់​ព្រះ​ដ៏​ជា​ជំនួយ​មួយ​អង្គ​ទៀត​ឲ្យ​មក​លើ​អ្នក គឺ​មក​លើ​អ្នក​ជា​មិត្ត​របស់​យើង ប្រយោជន៍​ឲ្យ​បាន​នៅ​ជាប់​ក្នុង​ដួង​ចិត្ត​របស់​អ្នក​គឺជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដី​សន្យា រីឯ​ព្រះ​ដ៏​ជា​ជំនួយ​មួយ​ទៀត គឺ​ដូច​ជា​យើង​បាន​សន្យា​ដល់​ពួក​សិស្ស​យើង​ដែរ ដូច​ជា​បាន​កត់​ទុក​នៅ​ក្នុង​ទី​បន្ទាល់​របស់​យ៉ូហាន។

ព្រះ​ដ៏​ជា​ជំនួយ​នេះ គឺជា​សេចក្ដី​សន្យា​ដែល​យើង​បាន​ប្រទាន​ដល់​អ្នក​អំពី​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​គឺជា​សិរី​ល្អ​នៃ​នគរ​សេឡេស្ទាល

រីឯ​សិរី​ល្អ​នោះ​គឺជា​សិរី​ល្អ​នៃ​សាសនាចក្រ​របស់​កូន​ច្បង គឺជា​សិរី​ល្អ​របស់​ព្រះ​ដ៏​បរិសុទ្ធ​បំផុត​លើ​គ្រប់​ទាំង​អស់ តាម​រយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​របស់​ទ្រង់ —

ទ្រង់​ដែល​បាន​យាង​ឡើង​ទៅ​ស្ថាន​ខ្ពស់ ក៏​ដូច​ជា​ទ្រង់​បាន​យាង​ចុះ​ក្រោម​គ្រប់​ទាំង​អស់ ដោយ​ហេតុ​នោះ ទើប​ទ្រង់​យល់​គ្រប់​ទាំង​អស់ ប្រយោជន៍​ឲ្យ​ទ្រង់​អាច​បាន​ទៅ​ជា​ពន្លឺ​នៃ​សេចក្ដី​ពិត​នៅ​ក្នុង​ទាំង​អស់ និង​តាម​រយៈ​គ្រប់​ទាំង​អស់

រីឯ​សេចក្ដី​ពិត​នោះ​ភ្លឺ។ នេះ​គឺជា​ពន្លឺ​នៃ​ព្រះ​គ្រីស្ទ។ ក៏​ដូច​ជា​ទ្រង់​សណ្ឋិត​នៅ​ក្នុង​ព្រះ​អាទិត្យ និង​ពន្លឺ​នៃ​ព្រះ​អាទិត្យ និង​អំណាច​នៃ​ព្រះ​អាទិត្យ ដែល​ព្រះ​អាទិត្យ​បាន​បង្កើត​ឡើង​នោះ​ដែរ។

ក៏​ដូច​ជា​ទ្រង់​សណ្ឋិត​នៅ​ក្នុង​ព្រះ​ចន្ទ ហើយ​ជា​ពន្លឺ​នៃ​ព្រះ​ចន្ទ និង​អំណាច​នៃ​ព្រះ​ចន្ទ ដែល​ព្រះ​ចន្ទ​បាន​បង្កើត​ឡើង​នោះ​ដែរ

ក៏​ដូច​ជា​ពន្លឺ​នៃ​តារា​ទាំង​ឡាយ និង​អំណាច​នៃ​តារា ដែល​តារា​បាន​បង្កើត​ឡើង​នោះ​ដែរ

១០ហើយ​ផែនដី​ផង​ដែរ និង​អំណាច​នៃ​ផែនដី គឺជា​ផែនដី​ដែល​អ្នក​ឈរ​លើ។

១១ហើយ​ពន្លឺ​ដែល​ភ្លឺ ដែល​ឲ្យ​ពន្លឺ​ដល់​អ្នក នោះ​គឺ​តាម​រយៈ​ព្រះ​អង្គ​ដែល​បំភ្លឺ​ភ្នែក​អ្នក ដែល​ជា​ពន្លឺ​ដដែល ដែល​ប្រោស​យោបល់​ដល់​អ្នក

១២ជា​ពន្លឺ​នោះ​ហើយ ដែល​ចេញ​មក​ពី​វត្ត​មាន​នៃ​ព្រះ ដើម្បី​បំពេញ​ភាព​ល្ហល្ហេវ​នៃ​មេឃ —

១៣ពន្លឺ​ដែល​នៅ​ក្នុង​គ្រប់​ទាំង​អស់ ដែល​ផ្ដល់​ជីវិត​ដល់​គ្រប់​ទាំង​អស់ ដែល​ជា​ក្រឹត្យ​វិន័យ​តាម​រយៈ​អ្វី​គ្រប់​ទាំង​អស់​ត្រូវ​បាន​គ្រប់​គ្រង គឺជា​ព្រះ​ចេស្ដា​នៃ​ព្រះ​ដែល​សណ្ឋិត​នៅ​លើ​បល្ល័ង្ក​របស់​ទ្រង់ ដែល​សណ្ឋិត​នៅ​ក្នុង​ឱរា​នៃ​ភាព​អស់​កល្ប​ជានិច្ច​ដែល​គង់នៅ​កណ្ដាល​គ្រប់​ទាំង​អស់។

១៤ឥឡូវ​នេះ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា តាម​រយៈ​សេចក្ដី​ប្រោស​លោះ​ដែល​បាន​ធ្វើ​ឡើង​សម្រាប់​អ្នក នោះ​ទើប​បាន​នាំ​ឲ្យ​មាន​ដំណើរ​រស់​ពី​ស្លាប់​ឡើង​វិញ។

១៥ហើយ​វិញ្ញាណ និង​រូប​កាយ គឺជា​ព្រលឹង​នៃ​មនុស្ស។

១៦ហើយ​ដំណើរ​រស់​ពី​ស្លាប់​ឡើង​វិញ គឺជា​សេចក្ដី​ប្រោស​លោះ​នៃ​ព្រលឹង។

១៧ហើយ​សេចក្ដី​ប្រោស​លោះ​នៃ​ព្រលឹង គឺ​តាម​រយៈ​ព្រះ​អង្គ​ដែល​ប្រោស​គ្រប់​ទាំង​អស់​ឲ្យ​មាន​ជីវិត ហើយ​នៅ​ក្នុង​ឱរា​ព្រះ​អង្គ គឺ​ត្រូវ​បាន​ចេញ​បញ្ញត្តិ​ថា មនុស្ស​ក្រីក្រ និង​មនុស្ស​ស្លូតបូត​នៅ​លើ​ផែនដី នឹង​បាន​គ្រង​ផែនដី​ទុកជា​មរតក។

១៨ហេតុ​ដូច្នេះ​ហើយ ផែនដី​ត្រូវ​តែ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ​ពី​គ្រប់​អំពើ​ដ៏​ឥត​សុចរិត​ទាំង​អស់ ប្រយោជន៍​ឲ្យ​វា​បាន​រៀបចំ​សម្រាប់​សិរី​ល្អ​ខាង​សេឡេស្ទាល

១៩ត្បិត​បន្ទាប់​ពី​ផែនដី​បាន​បំពេញ​នូវ​កម្រិត​នៃ​ការ​បង្ក​បង្កើត​របស់​នា​ង​ហើយ​នោះ នាង​នឹង​បាន​បំពាក់​សិរី​ល្អ​ទុកជា​មកុដ គឺ​ដោយ​នៅ​វត្ត​មាន​នៃ​ព្រះ​ដ៏​ជា​ព្រះ​វរបិតា

២០ប្រយោជន៍​ឲ្យ​រូប​កាយ​ទាំង​ឡាយ ដែល​នៅ​ក្នុង​នគរ​សេឡេស្ទាល អាច​បាន​ផែនដី​ជា​រៀង​ដរាប​ត​ទៅ ត្បិត​ដោយ​សារ​គោល​បំណង​នេះ​ហើយ ទើប​ផែនដី​ត្រូវ​បាន​ធ្វើ ហើយ​បង្កើត​ឡើង​មក ហើយ​ដោយ​សារ​គោលបំណង​នេះ​ហើយ ទើប​ពួក​គេ​ត្រូវ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ។

២១ហើយ​ពួក​អ្នក​ណា​ដែល​ពុំ​បាន​ញែក​ជា​បរិសុទ្ធ តាម​រយៈ​ក្រឹត្យ​វិន័យ​ដែល​យើង​បាន​ប្រទាន​ដល់​អ្នក គឺជា​ក្រឹត្យ​វិន័យ​នៃ​ព្រះ​គ្រីស្ទ​ទេ នោះ​ត្រូវ​គ្រង​នគរ​មួយ​ទៀត​ទុកជា​មរតក គឺ​ដែល​ត្រូវ​ជា​នគរ​ទេរេសទ្រាល ឬ​ក៏​ដែល​ជា​នគរ​ទេឡេស្ទាល។

២២ត្បិត​អ្នក​ណា​ដែល​ពុំ​អាច​នៅ​ជាប់​ក្នុង​ក្រឹត្យ​វិន័យ​នៃ​នគរ​សេឡេស្ទាល​បាន​ទេ នោះ​ពុំ​អាច​នៅ​ជាប់​ក្នុង​សិរី​ល្អ​ខាង​សេឡេស្ទាល​បាន​ឡើយ។

២៣ហើយ​អ្នក​ណា​ដែល​ពុំ​អាច​នៅ​ជាប់​ក្នុង​ក្រឹត្យ​វិន័យ​នៃ​នគរ​ទេរេសទ្រាល​បាន​ទេ នោះ​ពុំ​អាច​នៅ​ជាប់​ក្នុង​សិរី​ល្អ​ខាង​ទេរេសទ្រាល​បាន​ឡើយ។

២៤ហើយ​អ្នក​ណា​ដែល​ពុំ​អាច​នៅ​ជាប់​ក្នុង​ក្រឹត្យ​វិន័យ​នៃ​នគរ​ទេឡេស្ទាល​បាន​ទេ នោះ​ពុំ​អាច​នៅ​ជាប់​ក្នុង​សិរី​ល្អ​ខាង​ទេឡេស្ទាល​បាន​ឡើយ ហេតុ​ដូច្នេះ​ហើយ អ្នក​នោះ​ពុំ​សម​នឹង​បាន​នគរ​នៃ​សិរី​ល្អ​ឡើយ។ ហេតុ​ដូច្នេះ​ហើយ អ្នក​នោះ​ត្រូវ​នៅ​ក្នុង​នគរ​ដែល​ពុំ​មែន​ជា​នគរ​នៃ​សិរី​ល្អ​ទៅ​វិញ។

២៥ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ផែនដី​នៅ​ជាប់​ក្នុង​ក្រឹត្យ​វិន័យ​នៃ​នគរ​សេឡេស្ទាល ត្បិត​ផែនដី​បំពេញ​កម្រិត​នៃ​ការ​បង្ក​បង្កើត​របស់​នាង ហើយ​ពុំ​បាន​រំលង​ក្រឹត្យ​វិន័យ​ឡើយ —

២៦ហេតុ​ដូច្នោះ​ហើយ ផែនដី​ត្រូវ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ មែន​ហើយ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ផែនដី​ត្រូវ​ស្លាប់ នាង​នឹង​ត្រូវ​បាន​ប្រោស​ឲ្យ​មាន​ជីវិត ហើយ​នឹង​នៅ​ជាប់​ក្នុង​អំណាច ដែល​បាន​ធ្វើ​ឲ្យ​នាង​មាន​ជីវិត ហើយ​ពួក​សុចរិត​នឹង​បាន​គ្រង​ផែនដី​ទុកជា​មរតក

២៧ត្បិត​ទោះ​ជា​ពួក​គេ​ស្លាប់​ក៏​ដោយ គង់តែ​ពួក​គេ​នឹង​បាន​រស់​ឡើង​វិញ​ជា​រូប​កាយ​ខាង​វិញ្ញាណ​ដែរ។

២៨ពួក​អ្នក​ណា​ដែល​ជា​វិញ្ញាណ​នៃ​សេឡេស្ទាល នោះ​នឹង​បាន​ទទួល​រូប​កាយ​ដដែល ដែល​ជា​រូប​កាយ​ធម្មតា គឺ​អ្នក​រាល់​គ្នា​នឹង​បាន​ទទួល​រូប​កាយ​របស់​ខ្លួន ហើយ​សិរី​ល្អ​របស់​អ្នក​នឹង​ទៅ​ជា​សិរី​ល្អ ដែល​រូប​កាយ​របស់​អ្នក​ត្រូវ​បាន​ប្រោស​ឲ្យ​មាន​ជីវិត។

២៩អ្នក​រាល់​គ្នា​ណា​ដែល​ត្រូវ​បាន​ប្រោស​ឲ្យ​មាន​ជីវិត ដោយ​សារ​ចំណែក​នៃ​សិរី​ល្អ​ខាង​សេឡេស្ទាល ខណៈ​នោះ​នឹង​បាន​ទទួល​ដដែល គឺជា​ភាព​ពោរ​ពេញ។

៣០ហើយ​ពួក​អ្នក​ណា​ដែល​ត្រូវ​បាន​ប្រោស​ឲ្យ​មាន​ជីវិត ដោយ​សារ​ចំណែក​នៃ​សិរី​ល្អ​ខាង​ទេរេសទ្រាល ខណៈ​នោះ​នឹង​បាន​ដដែល គឺជា​ភាព​ពោរ​ពេញ។

៣១ហើយ​ពួក​អ្នក​ណា​ដែល​ត្រូវ​បាន​ប្រោស​ឲ្យ​មាន​ជីវិត ដោយ​សារ​ចំណែក​នៃ​សិរី​ល្អ​ខាង​ទេឡេស្ទាល ខណៈ​នោះ​ក៏​នឹង​បាន​ទទួល​ដដែល គឺជា​ភាព​ពោរ​ពេញ​ដែរ។

៣២ហើយ​ពួក​អ្នក​ណា​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន នោះ​ក៏​នឹង​ត្រូវ​បាន​ប្រោស​ឲ្យ​មាន​ជីវិត​ដែរ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ពួក​គេ​នឹង​វិល​ទៅ​កន្លែង​គេ​វិញ ដើម្បី​ត្រេកអរ​ចំពោះ​អ្វី​ដែល​ពួក​គេ​ព្រម​ទទួល ពី​ព្រោះ​ពួក​គេ​មិន​ព្រម​ត្រេកអរ​ចំពោះ​អ្វី ដែល​ពួក​គេ​អាច​ទទួល​បាន​នោះ​ឡើយ។

៣៣ត្បិត​តើ​មាន​ប្រយោជន៍​អ្វី​ដល់​មនុស្ស បើ​សិន​ជា​បាន​ប្រទាន​អំណោយទាន​មក​លើ​គេ ហើយ​គេ​ពុំ​ទទួល​យក​អំណោយទាន​សោះនោះ? មើល​ចុះ អ្នក​នោះ​ពុំ​ត្រេកអរ​ចំពោះ​អ្វី​ដែល​បាន​ប្រទាន​ដល់​គេ ឬ​ក៏​ត្រេកអរ​ចំពោះ​ម្ចាស់​ដែល​ប្រទាន​អំណោយទាន​នោះ​ដែរ។

៣៤ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា អ្វី​ក៏​ដោយ​ដែល​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​សារ​ក្រឹត្យ​វិន័យ នោះ​ក៏​ត្រូវ​បាន​រក្សាទុក​ឲ្យ​បាន​គង់វង្ស​ដោយ​សារ​ក្រឹត្យ​វិន័យ​ដែរ ហើយ​ត្រូវ​បាន​ធ្វើ​ឲ្យ​ល្អ​ឥត​ខ្ចោះ និង​ត្រូវ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ​ដោយ​សារ​ក្រឹត្យ​វិន័យ​ដដែល។

៣៥អ្វី​ក៏​ដោយ​ដែល​បំបាក់​ក្រឹត្យ​វិន័យ ហើយ​មិន​នៅ​ជាប់​ក្នុង​ក្រឹត្យ​វិន័យ ប៉ុន្តែ​ស្វែងរក​ដើម្បី​ត្រឡប់​ទៅ​ជា​ក្រឹត្យ​វិន័យ​ដល់​ខ្លួន​គេ​វិញ ហើយ​ព្រម​នៅ​ជាប់​ក្នុង​អំពើ​បាប ហើយ​នៅ​ជាប់​ជុំ​គ្នា​ក្នុង​អំពើ​បាប នោះ​ពុំ​អាច​ញែក​ចេញ​ជា​បរិសុទ្ធ​ដោយ​សារ​ក្រឹត្យ​វិន័យ​បាន​ឡើយ ឬ​ដោយ​សារ​សេចក្ដី​មេត្តាករុណា សេចក្ដី​យុត្តិធម៌ ឬ​សេចក្ដី​ជំនុំ​ជំរះ​បាន​ដែរ។ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​ត្រូវ​តែ​ជាប់​នៅ​ក្នុង​ភាព​ស្មោក​គ្រោក​ដដែល។

៣៦គ្រប់​នគរ​ទាំង​អស់​ត្រូវ​បាន​ប្រទាន​ក្រឹត្យ​វិន័យ​ឲ្យ

៣៧ហើយ​មាន​នគរ​ជា​ច្រើន ត្បិត​គ្មាន​កន្លែង​ណា​ដែល​គ្មាន​នគរ​នោះ​ឡើយ ហើយ​គ្មាន​នគរ​ណា​ដែល​គ្មាន​កន្លែង​នោះ​ឡើយ ទោះ​ជា​នគរធំ ឬ​តូច​ក្ដី។

៣៨ហើយ​ចំពោះ​នគរ​នីមួយៗ នោះ​ត្រូវ​បាន​ប្រទាន​ក្រឹត្យ​វិន័យ​ឲ្យ ហើយ​ចំពោះ​ក្រឹត្យ​វិន័យ​នីមួយៗ នោះ​មាន​កម្រិត និង​លក្ខខ័ណ្ឌ​ខ្លះៗ។

៣៩គ្រប់​មនុស្ស​ទាំង​អស់​ដែល​មិន​នៅ​ជាប់​ក្នុង​លក្ខខណ្ឌ​ទាំង​នោះ នោះ​ពុំ​បាន​រាប់​ថា​សុចរិត​ឡើយ។

៤០ត្បិត​បញ្ញា​នៅ​ជាប់​នឹង​បញ្ញា ប្រាជ្ញា​ទទួល​ប្រាជ្ញា សេចក្ដី​ពិត​ឱប​ក្រសោប​សេចក្ដី​ពិត គុណធម៌​ស្រឡាញ់​គុណធម៌ ពន្លឺ​នៅ​ជាប់​នឹងពន្លឺ សេចក្ដី​មេត្តាករុណា​មាន​សេចក្ដី​អាណិត​ដល់​សេចក្ដី​មេត្តាករុណា ហើយ​ទទួល​ស្គាល់​អ្វី​ដែល​ជា​របស់​ខ្លួន សេចក្ដី​យុត្តិធម៌​បន្ត​ដំណើរ​របស់​ខ្លួន ហើយ​ទទួល​ស្គាល់​អ្វី​ដែល​ជា​របស់​ផង​ខ្លួន សេចក្ដី​ជំនុំ​ជំរះ​ធ្វើ​ឡើង​នៅ​ចំពោះ​ព្រះ​ភក្ត្រ​របស់​ទ្រង់ ដែល​គង់​នៅ​លើ​បល្ល័ង្ក ហើយ​គ្រប់​គ្រង ហើយ​អនុវត្ត​គ្រប់​ទាំង​អស់។

៤១ព្រះ​អង្គ​យល់​គ្រប់​ទាំង​អស់ ហើយ​គ្រប់​ទាំង​អស់​នៅ​ចំពោះ​ទ្រង់ ហើយ​គ្រប់​ទាំង​អស់​នៅ​ព័ទ្ធជុំវិញ​ទ្រង់ ហើយ​ព្រះ​អង្គ​នៅ​លើ​គ្រប់​ទាំង​អស់ និង​នៅ​ក្នុង​គ្រប់​ទាំង​អស់ និង​តាម​រយៈ​គ្រប់​ទាំង​អស់ និង​នៅ​ព័ទ្ធជុំវិញ​គ្រប់​ទាំង​អស់ ហើយ​គ្រប់​ទាំង​អស់​គឺ​ដោយ​សារ​ទ្រង់ និង​មក​ពី​ទ្រង់ គឺជា​ព្រះ​ជា​រៀង​ដរាប​ត​ទៅ។

៤២ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ព្រះ​អង្គ​បាន​ប្រទាន​ក្រឹត្យ​វិន័យ​ដល់​គ្រប់​ទាំង​អស់ គឺ​ដោយ​សារ​ក្រឹត្យ​វិន័យ​មួយ​នោះ ទើប​របស់​ទាំង​នោះ​ដើរ​តាម​វេលា​កាល​របស់​ខ្លួន និង​រដូវ​របស់​ខ្លួន

៤៣ហើយ​ដំណើរ​របស់​ខ្លួន​ត្រូវ​បាន​តាំង​ឡើង គឺ​តាម​ដំណើរ​ទាំង​ឡាយ​នៃ​ផ្ទៃ​មេឃ និង​ផែនដី ដែល​មាន​ទាំង​ផែនដី និង​ពិភព​ទាំង​ឡាយ​ផង។

៤៤ហើយ​របស់​ទាំង​នោះ​ឲ្យ​ពន្លឺ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​តាម​វេលា​កាល​របស់​ខ្លួន និង​តាម​រដូវ​របស់​ខ្លួន តាម​នាទី​របស់​ខ្លួន តាម​ម៉ោង​របស់​ខ្លួន តាម​ថ្ងៃ​របស់​ខ្លួន តាម​អាទិត្យ​របស់​ខ្លួន តាម​ខែ​របស់​ខ្លួន តាម​ឆ្នាំ​របស់​ខ្លួន — គ្រប់​ទាំង​នេះ​គឺជា​មួយ​ឆ្នាំ​ចំពោះ​ព្រះ ប៉ុន្តែ​ពុំ​មែន​ចំពោះ​មនុស្ស​ទេ។

៤៥ផែនដី​បង្វិល​លើ​ស្លាប​របស់​ខ្លួន ហើយ​ព្រះ​អាទិត្យ​ឲ្យ​ពន្លឺ​របស់​ខ្លួន​នៅ​ពេល​ថ្ងៃ ហើយ​ព្រះ​ចន្ទ​ឲ្យ​ពន្លឺ​របស់​ខ្លួន​នៅ​ពេល​យប់ ហើយ​តារា​ទាំង​ឡាយ​ក៏​ឲ្យ​ពន្លឺ​របស់​ខ្លួន​ដែរ នៅ​ពេល​តារា​បង្វិល​លើ​ស្លាប​របស់​ខ្លួន​ដោយ​នូវ​សិរី​ល្អ​របស់​ខ្លួន នៅ​កណ្ដាល​ព្រះ​ចេស្ដា​នៃ​ព្រះ។

៤៦តើ​យើង​ត្រូវ​ប្រៀបធៀប​នគរ​ទាំង​នេះ​ទៅ​និង​អ្វី ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​យល់?

៤៧មើល​ចុះ គ្រប់​របស់​ទាំង​នេះ​គឺជា​នគរ ហើយ​មនុស្ស​ណា​មួយ​ដែល​បាន​មើល​ឃើញ​របស់​ណាមួយ ឬ​របស់​តូច​តាច​បំផុត​ណា​មួយ​ក៏​ដោយ នោះ​បាន​ឃើញ​ព្រះ​អង្គ​ទ្រង់​ចលនា​ដោយ​នូវ​ឫទ្ធានុភាព និង​ព្រះ​ចេស្ដា​របស់​ទ្រង់។

៤៨យើង​ប្រាប់​អ្នក​ថា អ្នក​នោះ​បាន​ឃើញ​ព្រះ​អង្គ​ហើយ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ព្រះ​អង្គ​ដែល​បាន​យាង​មក​រក​រាស្ត្រ​របស់​ទ្រង់ តែ​រាស្ត្រ​ទ្រង់​មិន​ទទួល​ទ្រង់​ឡើយ។

៤៩ពន្លឺ​ភ្លឺ​មក​ក្នុង​សេចក្ដី​ងងឹត ហើយ​សេចក្ដី​ងងឹត​យល់​មិន​ដល់​ពន្លឺ​ទេ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ថ្ងៃ​នោះ​នឹង​មក​ដល់ ក្នុង​កាល​អ្នក​នឹង​យល់​ពី​ព្រះ ដោយ​បាន​ប្រោស​ឲ្យ​មាន​ជីវិត​នៅ​ក្នុង​ទ្រង់ និង​ដោយ​សារ​ទ្រង់។

៥០ខណៈ​នោះ អ្នក​រាល់​គ្នា​ដឹង​ថា​អ្នក​រាល់​គ្នា​បាន​ឃើញ​យើង​ថា​ជា​ព្រះ ហើយ​ថា​យើង​ជា​ពន្លឺ​ពិត​ដែល​នៅ​ក្នុង​អ្នក ហើយ​ថា​អ្នក​នៅ​ក្នុង​យើង បើ​ពុំ​នោះ​សោត​ទេ អ្នក​រាល់​គ្នា​ពុំ​អាច​ចម្រើន​លូតលាស់​បាន​ឡើយ។

៥១មើល​ចុះ យើង​នឹង​ប្រៀបធៀប​នគរ​ទាំង​នេះ ទៅ​នឹង​បុរស​ម្នាក់​ដែល​មាន​ស្រែ ហើយ​លោក​បាន​ចាត់​ពួក​អ្នក​បម្រើ​របស់​លោក​ឲ្យ​ទៅ​ស្រែ ដើម្បី​ទៅ​ជីក​កាប់​នៅ​ក្នុង​ស្រែ។

៥២ហើយ​លោក​បាន​មាន​ប្រសាសន៍​ដល់​អ្នក​ទី​មួយ​ថា ៖ ចូរ​អ្នក​ទៅ​ហើយ​ធ្វើ​ការ​នៅ​ក្នុង​ស្រែ​ចុះ ហើយ​នៅ​ម៉ោង​ទី​មួយ នោះ​យើង​នឹង​មក​រក​អ្នក ហើយ​អ្នក​នឹង​ឃើញ​សេចក្ដី​អំណរ​នៅ​លើ​មុខ​យើង។

៥៣ហើយ​លោក​បាន​មាន​ប្រសាសន៍​ទៅ​អ្នក​ទី​ពីរ​ថា ៖ ចូរ​អ្នក​ទៅ​ក្នុង​ស្រែ​ផង​ដែរ ហើយ​នៅ​ម៉ោង​ទី​ពីរ នោះ​យើង​នឹង​មក​ឯ​អ្នក​ដោយ​សេចក្ដី​អំណរ​នៅ​លើ​មុខ​យើង។

៥៤ហើយ​ក៏​ដល់​អ្នក​ទី​បី​ថា ៖ យើង​នឹង​មក​ឯ​អ្នក។

៥៥ហើយ​ដល់​អ្នក​ទី​បួន និង​រៀង​រហូត​មក​ដល់​អ្នក​ទី​ដប់​ពីរ។

៥៦ហើយ​ចៅហ្វាយ​ស្រែ​បាន​ទៅ​រក​អ្នក​ទី​មួយ នៅ​ក្នុង​ម៉ោង​ទី​មួយ ហើយ​បាន​នៅ​ជាមួយ​អ្នក​នោះ​ពេញ​ម៉ោង​នោះ ហើយ​អ្នក​នោះ​ត្រូវ​បាន​រីករាយ ព្រោះ​តែ​រស្មី​នៅ​លើ​មុខ​ចៅហ្វាយ​របស់​ខ្លួន។

៥៧ហើយ​បន្ទាប់​មក លោក​បាន​ថយ​ចេញ​ពី​អ្នក​ទី​មួយ​ទៅ ប្រយោជន៍​ឲ្យ​លោក​អាច​ទៅ​ឯ​អ្នក​ទី​ពីរ​ផង​ដែរ និង​ទី​បី និង​ទី​បួន និង​រៀង​រហូត​ដល់​ទី​ដប់​ពីរ។

៥៨ហើយ​ដូច្នេះ ទើប​ពួក​គេ​ទាំង​អស់​គ្នា​បាន​ទទួល​រស្មី​នៅ​លើ​មុខ​ចៅហ្វាយ​របស់​ខ្លួន គឺ​មនុស្ស​ម្នាក់ៗ​តាម​ម៉ោង​របស់​ខ្លួន និង​តាម​វេលា​កាល​របស់​ខ្លួន និង​តាម​រដូវ​របស់​ខ្លួន —

៥៩ចាប់​ផ្ដើម​នឹង​អ្នក​ទី​មួយ ហើយ​រហូត​ត​ទៅ​ដល់​អ្នក​ក្រោយ​បង្អស់ ហើយ​ពី​អ្នក​ក្រោយ​បង្អស់​ទៅ​ដល់​អ្នក​ទី​មួយ ហើយ​ពី​អ្នក​ទី​មួយ​ទៅ​ដល់​អ្នក​ក្រោយ​បង្អស់

៦០មនុស្ស​គ្រប់​រូប​តាម​លំដាប់​ខ្លួន រហូត​ដល់​ម៉ោង​របស់​ខ្លួន​បាន​ចប់ គឺ​ស្រប​តាម​ចៅហ្វាយ​របស់​ខ្លួន​បាន​បញ្ជា​គេ ប្រយោជន៍​ឲ្យ​ចៅ​ហ្វា​យ​របស់​ខ្លួន អាច​បាន​តម្កើង​ឡើង​ក្នុង​ខ្លួន ហើយ​គេ​នៅ​ក្នុង​ចៅហ្វាយ​របស់​ខ្លួន​ដែរ ប្រយោជន៍​ឲ្យ​ពួក​គេ​ទាំង​អស់​គ្នា​អាច​បាន​តម្កើង​ឡើង។

៦១ហេតុ​ដូច្នេះ​ហើយ ទើប​យើង​ប្រៀប​ពាក្យ​ប្រៀប​ប្រដូច​នេះ​ទៅ​នឹង​នគរ​ទាំង​អស់​នេះ ហើយ​បណ្ដាជន​នៅ​ទី​នោះ — នគរ​នីមួយៗ នៅ​ក្នុង​ម៉ោង​របស់​វា និង​នៅ​ក្នុង​ពេល​វេលា​របស់​វា និង​នៅ​ក្នុង​រដូវ​របស់​វា គឺ​ស្រប​តាម​បញ្ញត្តិ​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ។

៦២ហើយ​ជា​ថ្មី​ទៀត មិត្ត​ទាំង​ឡាយ​របស់​យើង​អើយ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យើង​ទុក​ពាក្យ​ទាំង​នេះ​ឲ្យ​អ្នក​ពិចារណា​មើល​នៅ​ក្នុង​ចិត្ត​ដោយ​នូវ​បញ្ញត្តិ​នេះ ដែល​យើង​ប្រទាន​ដល់​អ្នក​ថា អ្នក​រាល់​គ្នា​ត្រូវ​អំពាវនាវ​ដល់​យើង​ក្នុង​កាល​យើង​នៅ​ជិត —

៦៣ចូរ​ចូល​មក​ជិត​យើង នោះ​យើង​នឹង​ចូល​ទៅ​ជិត​អ្នក ចូរ​ព្យាយាម​ស្វែងរក​យើង នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ជួប​យើង ចូរ​សូម នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ទទួល ចូរ​គោះ នោះ​តែង​នឹង​បាន​បើក​ឲ្យ​អ្នក។

៦៤អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់​គ្នា​សូម​ព្រះ​វរបិតា​ដោយ​នូវ​ព្រះ​នាម​របស់​យើង នោះ​នឹង​បាន​ប្រទាន​ដល់​អ្នក ដែល​ជា​ការ​ចាំ​បាច់​សម្រាប់​អ្នក

៦៥ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​សូម​អ្វី​ណា​មួយ ដែល​ពុំ​មែន​ជា​ការ​ចំ​បាច់​សម្រាប់​អ្នក​ទេ​នោះ នោះ​នឹង​ត្រឡប់​ជា​ការ​ដាក់​ទោស​ដល់​អ្នក​វិញ។

៦៦មើល​ចុះ អ្វី​ដែល​អ្នក​ឮ​ហាក់​ដូច​ជា​សំឡេង​នៃ​មនុស្ស​ម្នាក់​កំពុងតែ​ស្រែក​នៅ​ក្នុង​ទី​រហោស្ថាន — នៅ​ក្នុង​ទី​រហោស្ថាន ពី​ព្រោះ​អ្នក​រាល់​គ្នា​ពុំ​អាច​មើល​ឃើញ​អ្នក​នោះ​ឡើយ — គឺជា​សំឡេង​របស់​យើង ពី​ព្រោះ​សំឡេង​របស់​យើង​គឺជា​ព្រះ​វិញ្ញាណ ព្រះ​វិញ្ញាណ​របស់​យើង​គឺជា​សេចក្ដី​ពិត សេចក្ដី​ពិត​នៅ​ជាប់ ហើយ​ពុំ​មាន​ទីបំផុត​ឡើយ ហើយ​បើ​សិន​ជា​សេចក្ដី​នោះ​នៅ​ក្នុង​អ្នក សេចក្ដី​នោះ​នឹង​បាន​ចម្រើន​ឡើង​ហើយ។

៦៧ហើយ​បើ​សិន​ជា​ភ្នែក​របស់​អ្នក​ស្មោះស្ម័គ្រ​ទាំង​ស្រុង​ទៅ​ចំពោះ​សិរី​ល្អ​របស់​យើង នោះ​រូប​កាយ​អ្នក​ទាំង​មូល​នឹង​បាន​ពោរ​ពេញ​ទៅ​ដោយ​ពន្លឺ ហើយ​នឹង​ពុំ​មាន​សេចក្ដី​ងងឹត​នៅ​ក្នុង​អ្នក​ឡើយ ហើយ​រូប​កាយ​នោះ​ដែល​បាន​ពោរ​ពេញ​ទៅ​ដោយ​ពន្លឺ យល់​គ្រប់​ទាំង​អស់។

៦៨ហេតុ​ដូច្នេះ​ហើយ ចូរ​ញែក​ខ្លួន​អ្នក​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ​ចុះ ប្រយោជន៍​ឲ្យ​គំនិត​របស់​អ្នក​ស្មោះស្ម័គ្រ​ទាំង​ស្រុង​ទៅ​រក​ព្រះ ហើយ​ថ្ងៃ​ទាំង​ឡាយ​នឹង​មក​ដល់ ដែល​អ្នក​នឹង​បាន​ឃើញ​ព្រះ​អង្គ ត្បិត​ទ្រង់​នឹង​បើក​ព្រះ​ភក្ត្រ​របស់​ទ្រង់​ឲ្យ​អ្នក​ឃើញ ហើយ​នឹង​កើត​ឡើង​តាម​ពេល​វេលា​របស់​ទ្រង់ និង​តាម​ផ្លូវ​របស់​ទ្រង់ និង​ស្រប​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់។

៦៩ចូរ​ចងចាំ​នូវ​សេចក្ដី​សន្យា​ដ៏​ធំ​ចុង​ក្រោយ​បំផុត ដែល​យើង​បាន​ធ្វើ​ដល់​អ្នក​ចុះ ចូរ​បោះ​គំនិត​អសារ​ឥត​ការ​ទាំង​ឡាយ​របស់​អ្នក និង​សំណើច​សើច​ហួស​ហេតុ​របស់​អ្នក​ចេញ​ឲ្យ​ឆ្ងាយ​ពី​អ្នក​ចុះ។

៧០ចូរ​អ្នក​រាល់​គ្នា​នៅ ចូរ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ទី​កន្លែង​នេះ ហើយ​ប្រកាស​ឲ្យ​មាន​ជំនុំ​មុតមាំ​មួយ គឺ​ទាំង​ពួក​អស់​អ្នក​ដែល​ជា​អ្នក​ធ្វើ​ការ​មុនដំបូង​នៅ​ក្នុង​នគរ​ចុង​ក្រោយ​បង្អស់​នេះ​ចុះ។

៧១ហើយ​ចូរ​ឲ្យ​អស់​អ្នក​ណា​ដែល​ពួក​គេ​បាន​ព្រមាន​ក្នុង​កាល​ពួក​គេ​ធ្វើ​ដំណើរ ឲ្យ​អំពាវនាវ​ដល់​ព្រះ​អម្ចាស់ ហើយ​ពិចារណា​ពី​ពាក្យ​ព្រមាន​នៅ​ក្នុង​ចិត្ត​របស់​ពួក​គេ ដែល​ពួក​គេ​បាន​ទទួល​សម្រាប់​មួយ​រដូវ​តូច។

៧២មើល​ចុះ ហើយ​មើល​ន៏ យើង​នឹង​ថែរក្សា​ហ្វូង​របស់​អ្នក ហើយ​នឹង​បណ្ដាល​ឲ្យ​មាន​ពួក​អែលឌើរ​កើត​ឡើង ហើយ​ចាត់​ឲ្យ​ទៅ​រក​ពួក​គេ។

៧៣មើល​ចុះ យើង​នឹង​ពន្លឿន​កិច្ចការ​របស់​យើង​ឲ្យ​ឆាប់​កើត​នៅ​ពេល​កំណត់។

៧៤ហើយ​យើង​ប្រទាន​ដល់​អ្នក ដែល​ជា​អ្នក​ធ្វើ​ការ​មុនដំបូង​នៅ​ក្នុង​នគរ​ចុង​ក្រោយ​បង្អស់​នេះ​នូវ​ព្រះ​បញ្ញត្តិ​មួយ​ថា អ្នក​ត្រូវ​ជួបជុំ​គ្នា ហើយ​រៀបចំ​ខ្លួន ហើយ​ប្រុងប្រៀប​ខ្លួន ហើយ​ញែក​ខ្លួន​ជា​បរិសុទ្ធ មែន​ហើយ ចូរ​ជំរះ​ចិត្ត​របស់​អ្នក​ឲ្យ​បាន​បរិសុទ្ធ ហើយ​លាង​ដៃ​របស់​អ្នក និង​ជើង​របស់​អ្នក​នៅ​ចំពោះ​យើង​ចុះ ប្រយោជន៍​ឲ្យ​យើង​អាច​ធ្វើ​ឲ្យ​អ្នក​បាន​ជ្រះ​ស្អាត

៧៥ប្រយោជន៍​ឲ្យ​យើង​អាច​ធ្វើ​បន្ទាល់​ដល់​ព្រះ​វរបិតា​របស់​អ្នក និង​ព្រះ​របស់​អ្នក និង​ព្រះ​របស់​យើង​ថា អ្នក​បាន​ជ្រះ​ស្អាត​ពី​ឈាម​នៃ​តំណ​ដ៏​ទុច្ចរិត​នេះ ប្រយោជន៍​ឲ្យ​យើង​អាច​បំពេញ​សេចក្ដី​សន្យា​នេះ ជា​សេចក្ដី​សន្យា​ដ៏​ធំ​ចុង​ក្រោយ​បង្អស់ ដែល​យើង​បាន​ធ្វើ​ដល់​អ្នក កាល​យើង​សព្វ​ព្រះ​ហឫទ័យ។

៧៦ហើយ​យើង​ប្រទាន​ដល់​អ្នក​ផង​ដែរ​នូវ​ព្រះ​បញ្ញត្តិ​មួយ​ថា អ្នក​រាល់​គ្នា​ត្រូវ​បន្ត​ការ​អធិស្ឋាន និង​ការ​តម​អាហារ ចាប់​តាំង​ពី​ពេល​នេះ​ត​ទៅ។

៧៧ហើយ​យើង​ប្រទាន​ដល់​អ្នក​នូវ​ព្រះ​បញ្ញត្តិ​មួយ​ថា អ្នក​ត្រូវ​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​គោល​លទ្ធិ​នៃ​នគរ។

៧៨ចូរ​អ្នក​រាល់​គ្នា​ព្យាយាម​បង្រៀន ហើយ​ព្រះ​គុណ​របស់​យើង​នឹង​នៅ​ជាមួយ​អ្នក ដើម្បី​ឲ្យ​អ្នក​អាច​ត្រូវ​បាន​បង្គាប់​ឲ្យ​បាន​ល្អ​ទៅ​ទៀត​អំពី​ទ្រឹស្ដី អំពី​គោលការណ៍ អំពី​គោល​លទ្ធិ អំពី​ក្រឹត្យ​វិន័យ​នៃ​ដំណឹង​ល្អ អំពី​គ្រប់​ទាំង​អស់​ដែល​ទាក់​ទង​ទៅ​នឹង​នគរ​ព្រះ ដែល​ជា​ការ​ចាំ​បាច់​សម្រាប់​ឲ្យ​អ្នក​យល់

៧៩អំពី​របស់​ទាំង​ឡាយ​នៅ​លើ​ទាំង​ស្ថាន​សួគ៌ និង​នៅ​លើ​ផែនដី និង​នៅ​ក្រោម​ផែនដី​ផង របស់​ទាំង​ឡាយ​ដែល​ធ្លាប់​មាន​មក របស់​ទាំង​ឡាយ​ដែល​មាន​ពេល​នេះ របស់​ទាំង​ឡាយ​ដែល​នឹង​កើត​ឡើង​នៅ​ពេល​ឆាប់ របស់​ទាំង​ឡាយ​ដែល​នៅ​ក្នុង​ផ្ទះ របស់​ទាំង​ឡាយ​នៅ​ស្រុក​ផ្សេង​សង្គ្រាម​ទាំង​ឡាយ និង​ការ​ច្របូកច្របល់​នៃ​សាសន៍​ទាំង​ឡាយ និង​សេចក្ដី​ជំនុំ​ជំរះ​ទាំង​ឡាយ​ដែល​នៅ​លើ​ដែនដី; និង​ដំណឹង​អំពី​ស្រុក​ទាំង​ឡាយ និង​នគរ​ទាំង​ឡាយ​ផង —

៨០ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​រៀបចំ​នូវ​គ្រប់​ទាំង​អស់ ក្នុង​កាល​យើង​នឹង​ចាត់​អ្នក​ម្ដង​ទៀត ឲ្យ​ទៅ​ដើម្បី​តម្កើង​ការ​ហៅ ដែល​យើង​បាន​ហៅ​អ្នក​រួច​ហើយ​នោះ និង​បេសកកម្ម​ដែល​យើង​បាន​អនុញ្ញាត​ដល់​អ្នក។

៨១មើល​ចុះ យើង​ចាត់​ឲ្យ​អ្នក​ទៅ​ធ្វើ​បន្ទាល់ ហើយ​ព្រមាន​ប្រជាជន ហើយ​តម្រូវ​ឲ្យ​មនុស្ស​ម្នាក់ៗ​ណា​ដែល​បាន​ព្រមាន នោះ​ត្រូវ​ព្រមាន​អ្នក​ជិត​ខាង​របស់​ខ្លួន។

៨២ហេតុ​ដូច្នេះ​ហើយ ពួក​គេ​គ្មាន​ពាក្យ​ដោះ​សា​រណា​ឡើយ ហើយ​អំពើ​បាប​របស់​ពួក​គេ គឺ​នៅ​លើ​ក្បាល​របស់​ពួក​គេ​ផ្ទាល់។

៨៣អ្នក​ណា​ដែល​ឆាប់ស្វែងរក​យើង នោះ​នឹង​បាន​ជួប​យើង ហើយ​នឹង​មិន​ត្រូវ​បោះបង់​ចោល​ឡើយ។

៨៤ហេតុ​ដូច្នេះ​ហើយ ចូរ​អ្នក​រាល់​គ្នា​នៅ ហើយ​ធ្វើ​ការ​ដោយ​មាន​ចិត្ត​ព្យាយាម​ចុះ ប្រយោជន៍​ឲ្យ​អ្នក​អាច​បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ការ​បម្រើ​របស់​អ្នក ដើម្បី​ចេញ​ទៅ​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ​នៅ​ពេល​ចុង​ក្រោយ​បង្អស់ គឺ​មនុស្ស​ជា​ច្រើន​ណា​ដែល​ព្រះ​ឱស្ឋ​នៃ​ព្រះ​អម្ចាស់​នឹង​សម្រេច​ឲ្យ ដើម្បី​ចង​ក្រឹត្យ​វិន័យ ហើយ​ភ្ជាប់​ទី​បន្ទាល់ និង​ដើម្បី​រៀប​ចំ​ពួក​បរិសុទ្ធ សម្រាប់​ម៉ោង​នៃ​សេចក្ដី​ជំនុំ​ជំរះ​ដែល​នឹង​មក​ដល់

៨៥ប្រយោជន៍​ឲ្យ​ព្រលឹង​របស់​ពួក​គេ អាច​បាន​រួច​ពី​សេចក្ដី​ក្រោធ​នៃ​ព្រះ គឺជា​សេចក្ដី​ស្អប់​ខ្ពើម​ដ៏​បង្ខូច​បំផ្លាញ ដែល​រង់ចាំ​ពួក​ទុច្ចរិត​ទាំង​នៅ​លោកិយ​នេះ និង​នៅ​បរលោក​ផង​ដែរ។ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ចូរ​ឲ្យ​អស់​អ្នក​ណា​ដែល​ពុំ​មែន​ជា​ពួក​អែលឌើរ​ទី​មួយ ឲ្យ​បន្ត​នៅ​ក្នុង​ចម្ការ​ទំពាំងបាយជូរ រហូត​ដល់​ព្រះ​ឱស្ឋ​នៃ​ព្រះ​អម្ចាស់​នឹង​ហៅ​ពួក​គេ​ចុះ ត្បិត​ពេល​វេលា​ពុំ​ទាន់​មក​ដល់​នៅ​ឡើយ​ទេ សំលៀកបំពាក់​របស់​ពួក​គេ​ពុំ​បាន​ជ្រះ​ស្អាត​ពី​ឈាម​នៃ​មនុស្ស​តំណ​នេះ​ឡើយ។

៨៦ចូរ​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​សេរីភាព ដែល​ត្រូវ​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច​ចុះ ចូរ​កុំ​បញ្ជាប់​ខ្លួន​នឹង​អំពើ​បាប​ឡើយ ប៉ុន្តែ​ចូរ​ទុក​ដៃ​របស់​អ្នក​ឲ្យ​បាន​ជ្រះ​ស្អាត រហូត​ដល់​ព្រះ​អម្ចាស់​ទ្រង់​យាង​មក។

៨៧ត្បិត​នៅ​មិន​យូរ​ថ្ងៃ​ប៉ុន្មាន​ទេ ហើយ​ផែនដី​នឹង​ញ័រ​រន្ធត់ ហើយ​ទ្រេតទ្រោត ដូច​ជា​មនុស្ស​ស្រវឹង ហើយ​ព្រះ​អាទិត្យ​នឹង​លាក់​ភក្ត្រា ហើយ​នឹង​មិន​ព្រម​ឲ្យ​ពន្លឺ​ទេ ហើយ​ព្រះ​ចន្ទ​នឹង​ជោគ​ជាំ​ទៅ​ដោយ​ឈាម ហើយ​តារា​ទាំង​ឡាយ​នឹង​ត្រឡប់​ទៅ​ជា​ខឹង​យ៉ាង​ខ្លាំង ហើយ​នឹង​ទម្លាក់​ខ្លួន​ធ្លាក់​ចុះ ដូច​ជា​ផ្លែ​ល្វា​ជ្រុះ​ពី​ដើម​ល្វា​ដូច្នោះ​ដែរ។

៨៨ហើយ​បន្ទាប់​ពី​ទី​បន្ទាល់​របស់​អ្នក នោះ​សេចក្ដី​ក្រោធ និង​សេចក្ដី​ក្ដៅ​ក្រហាយ​នឹង​មាន​មក​លើ​ប្រជាជន។

៨៩ត្បិត​បន្ទាប់​ពី​ទី​បន្ទាល់​របស់​អ្នក នោះ​ទី​បន្ទាល់​អំពី​ផែនដី​រំជួល​នឹង​មក​ដល់ ដែល​នឹង​បណ្ដាល​ឲ្យ​មាន​ការ​ថ្ងូរ​នៅ​កណ្ដាល​ផែនដី ហើយ​មនុស្ស​លោក​នឹង​ដួល​ទៅ​លើ​ដី ហើយ​នឹង​មិន​អាច​ក្រោក​ឈរ​បាន​ឡើយ។

៩០ហើយ​ទី​បន្ទាល់​អំពី​សូរផ្គរ​លាន់ និង​សូរ​រន្ទះបាញ់ និង​សូរ​ខ្យល់​ព្យុះ និង​សូរ​រលក​ទឹកសមុទ្រ​បោក​ហួស​ណា​ហួស​ណី។

៩១ហើយ​គ្រប់​ទាំង​អស់​នឹង​នៅ​ក្នុង​ស្ថានភាព​ចលាចល ហើយ​ប្រាកដ​មែន មនុស្ស​លោក​នឹង​ស្រយុត​ចិត្ត ព្រោះ​សេចក្ដី​ភ័យខ្លាច​នឹង​មាន​មក​លើ​អស់​ទាំង​មនុស្ស។

៩២ហើយ​ពួក​ទេវតា​នឹង​ហោះ​កាត់​កណ្ដាល​មេឃ ដោយ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង ដោយ​បន្លឺ​ត្រែ​នៃ​ព្រះ​ថា ៖ ចូរ​រៀបចំ ចូរ​រៀបចំ ឱ​បណ្ដាជន​នៅ​លើ​ផែនដី​អើយ ត្បិត​សេចក្ដី​ជំនុំ​ជំរះ​នៃ​ព្រះ​របស់​យើង​មក​ដល់​ហើយ។ មើល​ចុះ និង​មើល​ន៏ ប្ដី​ថ្មោង​ថ្មី​មក​ហើយ ចូរ​ចេញ​ទៅ​ជួប​លោក​ចុះ។

៩៣ហើយ​មួយ​រំពេច​នោះ ស្រាប់​តែ​ឃើញ​មា​នទី​សំគាល់​ដ៏​ធំ​លេច​មក​នៅ​លើ​មេឃ ហើយ​គ្រប់​មនុស្ស​ទាំង​ឡាយ​នឹង​បាន​ឃើញ​ព្រម​គ្នា។

៩៤ហើយ​ទេវតា​មួយ​ទៀត​នឹង​បន្លឺ​ត្រែ​របស់​លោក​ថា ៖ សាសនាចក្រដ៏​ធំ​នោះ ជា​មាតា​នៃ​សេចក្ដី​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ ដែល​បាន​ធ្វើ​ឲ្យ​អស់​ទាំង​សាសន៍​ផឹក​ស្រា​ទំពាំងបាយជូរ​នៃ​សេចក្ដី​ក្រោធ​នៃ​សេចក្ដី​កំផិត​របស់​នាង ដែល​បៀតបៀន​ពួក​បរិសុទ្ធ​នៃ​ព្រះ ដែល​កំចាយ ឈាម — នាង​នោះ​ហើយ​ដែល​អង្គុយ​នៅ​លើ​ទឹក​ច្រើន និង​នៅ​លើ​កោះ​ទាំង​ឡាយ​ក្នុង​សមុទ្រ — មើល​ចុះ នាង​ជា​ស្រងែ​នៅ​លើ​ផែនដី នាង​ត្រូវ​បាន​ចង​ជា​កណ្ដាប់ ចំណង​របស់​នាង​មាំមួន​ណាស់ ដែល​គ្មាន​នរណា​អាច​ស្រាយ​បាន​ឡើយ ហេតុ​ដូច្នេះ​ហើយ នាង​ល្មម​នឹង​បាន​ឆេះ​ហើយ។ ហើយ​ទេវតា​នោះ​នឹង​បន្លឺ​ត្រែ​របស់​លោក​កាន់តែ​រន្ថើន​ខ្លាំង​ឡើងៗ ហើយ​អស់​ទាំង​សាសន៍​នឹង​បាន​ឮ​សូរ។

៩៥ហើយ​នឹង​មាន​ភាព​ស្ងប់​ស្ងាត់​នៅ​លើ​មេឃ អស់​រយះ​ពេល​កន្លះ​ម៉ោង ហើយ​មួយ​រំពេច​ក្រោយ​មក នោះ​ស្រាប់​តែ​រនាំង​ស្ថាន​សួគ៌​នឹង​បើក​ឡើង ដូច​ជា​ក្រាំង​ត្រូវ​បាន​លាត​បន្ទាប់​ពី​បាន​មូរ​ទុក ហើយ​ព្រះ​ភក្ត្រ​នៃ​ព្រះ​អម្ចាស់​នឹង​ត្រូវ​បាន​បើក​ឲ្យ​ឃើញ

៩៦ហើយ​ពួក​បរិសុទ្ធ​ដែល​នៅ​លើ​ផែនដី ដែល​រស់នៅ នោះ​នឹង​បាន​ប្រោស​ឲ្យ​មាន​ជីវិត ហើយ​លើក​ឡើង​ទៅ​ជួប​ទ្រង់។

៩៧ហើយ​ពួក​អ្នក​ដែល​ដេកលក់​នៅ​ក្នុង​ផ្នូរ​របស់​ខ្លួន នោះ​នឹង​ចេញ​មក ព្រោះ​ផ្នូរ​របស់​ពួក​គេ​នឹង​បាន​បើក​ឡើង ហើយ​ពួក​គេ​ក៏​នឹង​បាន​លើក​ឡើង​ទៅ​ជួប​ទ្រង់​នៅ​កណ្ដាល​សសរ​នៃ​ផ្ទៃ​មេឃ —

៩៨ពួក​គេ​ជា​របស់​ផង​ព្រះ​គ្រីស្ទ ជា​ផល​ដំបូង ពួក​គេ​នេះ​ហើយ​ដែល​នឹង​ចុះ​មក​ជាមួយ​ទ្រង់​មុនដំបូង ហើយ​ពួក​គេ​នេះ​ហើយ​ដែល​នៅ​លើ​ផែនដី និង​នៅ​ក្នុង​ផ្នូរ​របស់​ខ្លួន ដែល​បាន​លើក​ឡើង​ទៅ​ជួប​ទ្រង់​មុនដំបូង ហើយ​គ្រប់​ការណ៍​ទាំង​នេះ​នឹង​កើត​ឡើង ដោយ​សារ​សូរ​សំឡេង​ត្រែ​របស់​ទេវតា​នៃ​ព្រះ។

៩៩ហើយ​បន្ទាប់​ពី​នេះ​មក ទេវតា​មួយ​ទៀត​នឹង​បន្លឺ​សំឡេង ដែល​ជា​ត្រែ​ទី​ពីរ ហើយ​ខណៈ​នោះ សេចក្ដី​ប្រោស​លោះ​នឹង​មាន​ឡើង​ដល់​អស់​អ្នក​ណា​ដែល​ជា​របស់​ផង​ព្រះ​គ្រីស្ទ ក្នុង​កាល​ទ្រង់​យាង​មក ជា​ពួក​អ្នក​ដែល​បាន​ទទួល​ចំណែក​របស់​ខ្លួន​នៅ​ក្នុង​គុក​នោះ ដែល​បាន រៀបចំ​ទុក​សម្រាប់​ពួក​គេ ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​បាន​ទទួល​ដំណឹង​ល្អ ហើយ​បាន​ទទួល​ការ​ជំនុំ​ជំរះ ស្រប​តាម​មនុស្ស​ក្នុង​សាច់​ឈាម។

១០០ហើយ​ជា​ថ្មី​ទៀត សូរ​ត្រែ​មួយ​ទៀត​នឹង​បន្លឺ​ឡើង ដែល​ជា​ត្រែ​ទី​បី ហើយ​ខណៈ​នោះ វិញ្ញាណ​នៃ​មនុស្ស​ទាំង​ឡាយ​ដែល​ត្រូវ​ទទួល​ការ​ជំនុំ​ជំរះ​នឹង​ចេញ​មក ហើយ​នឹង​បាន​ឃើញ​ថា​នៅ​ក្រោម​ការ​ដាក់​ទោស

១០១ហើយ​ពួក​គេ​ទាំង​នេះ​ហើយ​ដែល​ជា​មនុស្ស​ស្លាប់​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន ហើយ​ពួក​គេ​ពុំ​រស់​ទៀត​ឡើយ រហូត​ដល់​ចប់​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ ឬ​ពុំ​រស់​ទៀត​ទេ រហូត​ដល់​ចុង​បំផុត​ផែនដី។

១០២ហើយ​ត្រែ​មួយ​ទៀត​នឹង​បន្លឺ​ឡើង ដែល​ជា​ត្រែ​ទី​បួន​ថា ៖ មាន​ក្នុង​ចំណោម​ពួក​អ្នក​ដែល​នៅ​សល់​រហូត​ដល់​ថ្ងៃ​ដ៏​ធំ​ចុង​ក្រោយ​បង្អស់ គឺ​ចុង​បំផុត ដែល​នឹង​នៅ​តែ​ស្មោក​គ្រោក​ដដែល។

១០៣ហើយ​ត្រែ​មួយ​ទៀត​នឹង​បន្លឺ​ឡើង ដែល​ជា​ត្រែ​ទី​ប្រាំ ជា​ទេវតា​ទី​ប្រាំ​ដែល​ថ្លែង​ប្រាប់​អំពី​ដំណឹង​ល្អ​ដ៏​អស់​កល្ប​អស់​កាល​ជានិច្ច — ដោយ​ហោះ​កាត់​កណ្ដាល​មេឃ​ប្រាប់​ដល់​គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា និង​គ្រប់​ទាំង​ប្រជាជន

១០៤ហើយ​ការណ៍​នេះ​នឹង​ត្រូវ​ទៅ​ជា​សូរ​នៃ​ត្រែ​របស់​ទ្រង់ ដោយ​ប្រាប់​ដល់​អស់​ទាំង​មនុស្ស ទាំង​នៅ​លើ​ស្ថាន​សួគ៌ និង​នៅ​លើ​ផែនដី និង​ដែល​នៅ​ក្រោម​ផែនដី​ផង — ព្រោះ​គ្រប់​ទាំង​ត្រចៀក​នឹង​បាន​ឮ ហើយ​គ្រប់​ទាំង​ជង្គង់​ត្រូវ​លុត​ចុះ ហើយ​គ្រប់​ទាំង​អណ្ដាត​ត្រូវ​ទទួល​ស្គាល់​ក្នុង​កាល​ពួក​គេ​ឮ​សូរ​ត្រែ​បន្លឺ​ថា ៖ ចូរ​កោតខ្លាច​ដល់​ព្រះ ហើយ​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​អង្គ ដែល​គង់​នៅ​លើ​បល្ល័ង្ក​ជា​រៀង​ដរាប​ត​ទៅ ត្បិត​ម៉ោង​នៃ​សេចក្ដី​ជំនុំ​ជំរះ​របស់​ទ្រង់​មក​ដល់​ហើយ។

១០៥ហើយ​ជា​ថ្មី​ទៀត ទេវតា​មួយ​ទៀត​នឹង​បន្លឺ​ត្រែ​របស់​ទ្រង់ ដែល​ជា​ទេវតា​ទី​ប្រាំមួយ ដោយ​ថា ៖ នាង​បាន​រ​លំ​ហើយ ដែល​បាន​ធ្វើ​ឲ្យ​អស់​ទាំង​សាសន៍​ផឹក​ស្រា​ទំពាំងបាយជូរ​នៃ​សេចក្ដី​ក្រោធ​នៃ​សេចក្ដី​កំផិត​របស់​នាង នាង​បាន​រ​លំ​ហើយ បាន​រ​លំ​ហើយ!

១០៦ហើយ​ជា​ថ្មី​ទៀត ទេវតា​មួយ​ទៀត​នឹង​បន្លឺ​ត្រែ​របស់​ទ្រង់ ដែល​ជា​ទេវតា​ទី​ប្រាំពីរ ដោយ​ថា ៖ បាន​សម្រេច​ហើយ បាន​សម្រេច​ហើយ! កូន​ចៀម​នៃ​ព្រះ​បាន​ឈ្នះ ហើយ​បាន​ជាន់​ក្នុង​ធុង​ទំពាំងបាយជូរ​តែ​ម្នាក់​ឯង គឺជា​ឃ្នាប​ធុង​នៃ​ស្រា​ទំពាំងបាយជូរ ជា​សេចក្ដី​ឃោរឃៅ​របស់​សេចក្ដី​ខ្ញាល់​នៃ​ព្រះ​ដ៏​មាន​ឥទ្ធិ​ឫទ្ធិ។

១០៧ហើយ​ខណៈ​នោះ ពួក​ទេវតា​នឹង​ត្រូវ​បាន​ពាក់​សិរី​ល្អ​នៃ​ព្រះ​ចេស្ដា​របស់​ទ្រង់ ទុកជា​មកុដ ហើយ​ពួក​បរិសុទ្ធ​នឹង​ត្រូវ​បាន​ពោរ​ពេញ​ទៅ​ដោយ​សិរី​ល្អ​របស់​ទ្រង់ ហើយ​ទទួល​កេរមរតក​របស់​ខ្លួន ហើយ​បាន​ធ្វើ​ឲ្យ​ស្មើ​នឹង​ព្រះ​អង្គ។

១០៨ហើយ​ខណៈ​នោះ ទេវតា​ទី​មួយ​នឹង​បន្លឺ​ត្រែ​របស់​ទ្រង់​ម្ដង​ទៀត ប្រាប់​ដល់​ត្រចៀក​នៃ​មនុស្ស​ដែល​រស់នៅ​ទាំង​អស់ ហើយ​បើក​សម្ដែង​នូវ​កិច្ចការ​សម្ងាត់​នៃ​មនុស្ស​លោក និង​កិច្ចការ​ដ៏​អស្ចារ្យ​ទាំង​ឡាយ​នៃ​ព្រះ នៅ​ក្នុង​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ​ដំបូង។

១០៩ហើយ​ខណៈ​នោះ ទេវតា​ទី​ពីរ​នឹង​បន្លឺ​ត្រែ​របស់​ទ្រង់ ហើយ​បើក​សម្ដែង​នូវ​កិច្ចការ​សម្ងាត់​នៃ​មនុស្ស​លោក និង​គំនិត​ដែល​ចិត្ត​គិត ហើយ​ដែល​សម្រេច​ដែរ និង​កិច្ចការ​ដ៏​អស្ចារ្យ​នៃ​ព្រះ នៅ​ក្នុង​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ​ទី​ពីរ —

១១០ហើយ​តាម​លំដាប់​ត​ទៅ រហូត​ដល់​ទេវតា​ទី​ប្រាំពីរ​នឹង​បន្លឺ​ត្រែ​របស់​ទ្រង់ ហើយ​ទ្រង់​នឹង​ឈរ​នៅ​លើ​ដែនដី និង​នៅ​លើ​សមុទ្រ ហើយ​ស្បថ​ដោយ​នូវ​ព្រះ​នាម​នៃអង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក​ថា គ្មាន​ពេល​បង្អង់​ទៀត​ឡើយ ហើយ​សាតាំង​នឹង​ត្រូវ​ចង គឺជា​ពស់​ពី​ចាស់​បុរាណ ដែល​ហៅថា​អារក្ស ហើយ​នឹង​មិន​ត្រូវ​ស្រាយ​ឡើយ​ដល់​ទៅ​អស់​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ។

១១១ហើយ​ខណៈ​នោះ វា​នឹង​ត្រូវ​បាន​ស្រាយ​មួយ​រដូវ​ខ្លី ប្រយោជន៍​ឲ្យ​វា​អាច​ប្រមូល​ពល​ទ័ព​ទាំង​ឡាយ​របស់​វា។

១១២ហើយ​មីកែល ជា​ទេវតា​ទី​ប្រាំពីរ គឺជា​មហា​ទេវតា នឹង​ប្រមូល​ពល​ទ័ព​ទាំង​ឡាយ​របស់​ទ្រង់ គឺជា​ពួក​ពល​បរិវារ​ស្ថាន​សួគ៌។

១១៣ហើយ​អារក្ស​នឹង​ប្រមូល​ពល​ទ័ព​ទាំង​ឡាយ​របស់​វា គឺជា​ពល​ស្ថាន​នរក ហើយ​នឹង​ឡើង​មក​ច្បាំង​នឹង​មីកែល និង​ពល​ទ័ព​ទាំង​ឡាយ​របស់​ទ្រង់។

១១៤ហើយ​ខណៈ​នោះ ចម្បាំង​នៃ​ព្រះ​ដ៏​មហិមា​នឹង​កើត​ឡើង ហើយ​អារក្ស និង​ពល​ទ័ព​ទាំង​ឡាយ​របស់​វា​នឹង​ត្រូវ​បណ្ដេញ​ចេញ​ទៅ​ក្នុង​កន្លែង​ផ្ទាល់​របស់​ពួក​វា​វិញ ដើម្បី​កុំ​ឲ្យ​ពួក​វា​មាន​អំណាច​ទៅ​លើ​ពួក​បរិសុទ្ធ​ជាដាច់ខាត​ទៀត​ឡើយ។

១១៥ត្បិត​មីកែល​នឹង​ច្បាំង​ចម្បាំង​ទាំង​ឡាយ​របស់​ពួក​គេ ហើយ​នឹង​ឈ្នះ​លើ​អារក្ស ដែល​ស្វែងរក​បល្ល័ង្ក​របស់​ព្រះអង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក គឺជា​កូន​ចៀម។

១១៦នេះ​ហើយ​ជា​សិរី​ល្អ​នៃ​ព្រះ និង​ពួក​អ្នក​ដែល​បាន​ញែក​ចេញ​ជា​បរិសុទ្ធ ហើយ​ពួក​គេ​នឹង​មិន​ឃើញ​សេចក្ដី​ស្លាប់​ទៀត​ឡើយ។

១១៧ហេតុ​ដូច្នេះ​ហើយ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ឱ​មិត្ត​ទាំង​ឡាយ​របស់​យើង​អើយ ចូរ​ប្រកាស​ឲ្យ​មាន​ជំនុំ​មុតមាំ​របស់​អ្នក ដូចដែល​យើង​បាន​បញ្ជា​ដល់​អ្នក​ចុះ។

១១៨ហើយ​ដូច​ជា​មនុស្ស​ពុំ​មាន​សេចក្ដី​ជំនឿ​ទាំង​អស់​គ្នា នោះ​ចូរ​អ្នក​រាល់​គ្នា​ព្យាយាម​ស្វែងរក ហើយ​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ មែន​ហើយ ចូរ​អ្នក​រាល់​គ្នា​ស្វែងរក​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​ចេញ​ពី​សៀវភៅ​ដ៏​ល្អៗ​បំផុត ចូរ​ស្វែងរក​ការ​រៀន​សូត្រ គឺ​ដោយ​សារ​ការ​សិក្សា និង​ដោយ​សារ​សេចក្ដី​ជំនឿ​ផង។

១១៩ចូរ​រៀបចំ​ខ្លួន ចូរ​រៀបចំ​អ្វីៗ​ដែល​ត្រូវ​ការ​គ្រប់​មុខ ហើយ​ចូរ​តាំង​គេហដ្ឋាន​មួយ​ឡើង គឺ​គេហដ្ឋាន​នៃ​ការ​អធិស្ឋាន គេហដ្ឋាន​នៃ​ការ​តម​អាហារ គេហដ្ឋាន​នៃ​សេចក្ដី​ជំនឿ គេហដ្ឋាន​នៃ​ការ​រៀន​សូត្រ គេហដ្ឋាន​នៃ​សិរី​ល្អ គេហដ្ឋាន​នៃ​របៀបរៀបរយ គេហដ្ឋាន​នៃ​ព្រះ

១២០ប្រយោជន៍​ឲ្យ​ការ​ចូល​របស់​អ្នក​អាច​បាន​ធ្វើ​ឡើង​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់ ប្រយោជន៍​ឲ្យ​ការ​ចេញ​របស់​អ្នក​អាច​បាន​ធ្វើ​ឡើង​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់ ប្រយោជន៍​ឲ្យ​អស់​ទាំង​ការ​ជម្រាប​សួរ​របស់​អ្នក​អាច​បាន​ធ្វើ​ឡើង​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់ ដោយ​លើក​ដៃ​ថ្វាយ​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត។

១២១ហេតុ​ដូច្នេះ​ហើយ ចូរ​ឈប់​ពី​សម្ដី​អសារ​ឥត​ការ​ទាំង​អស់​របស់​អ្នក ពី​សំណើច​ទាំង​អស់ ពី​សេចក្ដី​ប៉ងប្រាថ្នា​ដ៏​ស្រើបស្រាល​ទាំង​អស់​របស់​អ្នក ពី​សេចក្ដី​ឆ្មើងឆ្មៃ និង​គំនិត​ផ្ដេសផ្ដាស​ទាំង​អស់​របស់​អ្នក និង​ពី​អំពើ​ទុច្ចរិត​ទាំង​អស់​របស់​អ្នក​ចុះ។

១២២ចូរ​តាំង​គ្រូបង្រៀន​ម្នាក់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​ចូរ​កុំ​ឲ្យ​ទាំង​អស់​គ្នា​និយាយ​ព្រម​គ្នា​ឡើយ ប៉ុន្តែ​ចូរ​ឲ្យ​និយាយ​ម្នាក់​ម្ដង ហើយ​ចូរ​ឲ្យ​ទាំង​អស់​គ្នា​ស្ដាប់​ពាក្យ​សម្ដី​របស់​អ្នក​នោះ ប្រយោជន៍​កាលណា​ទាំង​អស់​គ្នា​និយាយ នោះ​ទើប​ឲ្យ​ទាំង​អស់​បាន​ស្អាង​ឡើង​ទាំង​អស់​គ្នា ហើយ​ប្រយោជន៍​ឲ្យ​មនុស្ស​គ្រប់​រូប​អាច​បាន​សិទ្ធិ​ស្មើ​គ្នា។

១២៣ចូរ​មើល​ឲ្យ​ឃើញ​ថា​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ចូរ​ឈប់​មាន​ចិត្ត​លោភ ចូរ​ចេះ​ចែក​គ្នា​ទៅ​វិញ​ទៅ​មក ដូចដែល​ដំណឹង​ល្អ​តម្រូវ។

១២៤ចូរ​ឈប់​មាន​ចិត្ត​ខ្ជិលច្រអូស ចូរ​ឈប់​មាន​ចិត្ត​មិន​ស្អាត ចូរ​ឈប់​រក​កំហុស​ពី​គ្នា​ទៅ​វិញ​ទៅ​មក ចូរ​ឈប់​ដេក​យូរ​ជាង​ដែល​ត្រូវ​ការ ចូរ​ឆាប់​ចូល​ដំណេក ប្រយោជន៍​កុំ​ឲ្យ​អ្នក​រាល់​គ្នា​អស់​កម្លាំង ចូរ​ឆាប់​ក្រោក ប្រយោជន៍​ឲ្យ​រូប​កាយ​របស់​អ្នក​រាល់​គ្នា និង​គំនិត​របស់​អ្នក​រាល់​គ្នា​អាច​មាន​កម្លាំង​ក្លៀវក្លា។

១២៥ហើយ​ហួស​ពី​អស់​ទាំង​អ្វីៗ​ទៅ​ទៀត ចូរ​បំពាក់​ខ្លួន​ដោយ​ចំណង​នៃ​សេចក្ដី​សប្បុរស ដូច​ជា​ដោយ​ស្បៃ ដែល​ជា​ចំណង​នៃ​សេចក្ដី​ល្អ​ឥត​ខ្ចោះ និង​សេចក្ដី​សុខសាន្ត។

១២៦ចូរ​អធិស្ឋាន​ជានិច្ច ប្រយោជន៍​កុំ​ឲ្យ​អ្នក​រាល់​គ្នា​អាច​រសាយ​ចិត្ត រហូត​ដល់​យើង​នឹង​យាង​មក។ មើល​ចុះ និង​មើល​ន៏ យើង​នឹង​យាង​មក​ជា​ឆាប់ ហើយ​ទទួល​យក​អ្នក​រាល់​គ្នា​មក​ឯ​យើង​ផ្ទាល់។ អាម៉ែន។

១២៧ហើយ​ជា​ថ្មី​ទៀត របៀប​នៃ​គេហដ្ឋាន​ដែល​បាន​រៀបចំ​ឡើង​សម្រាប់​គណៈប្រធាន​នៃ​សាលា​របស់​ពួក​ព្យាការី គឺ​បាន​តាំង​ឡើង​សម្រាប់​ការ​បង្គាប់​ដល់​ពួក​គេ ចំពោះ​គ្រប់​ទាំង​អស់​ដែល​ជា​ការ​ចាំ​បាច់​សម្រាប់​ពួក​គេ គឺ​សម្រាប់​ពួក​អ្នក​កាន់​តំណែង​ទាំង​អស់​នៅ​ក្នុង​សាសនាចក្រ ឬ​ម្យ៉ាង​ទៀត​ថា គឺ​អស់​អ្នក​ណា​ដែល​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​នៅ​ក្នុង​សាសនាចក្រ ចាប់​ផ្ដើម​ពី​ពួក​សង្ឃ​ជាន់​ខ្ពស់ ចុះ​រហូត​ដល់​ពួក​ឌីកុន —

១២៨ហើយ​នេះ​ជា​របៀប​នៃ​គេហដ្ឋាន​របស់​គណៈប្រធាន​នៃ​សាលា​គឺ ៖ អ្នក​ណា​ដែល​ត្រូវ​បាន​តាំង​ឲ្យ​ធ្វើ​ប្រធាន ឬ​គ្រូបង្រៀន នោះ​ត្រូវ​ឲ្យ​ឃើញ​ថា​កំពុងតែ​ឈរ​នៅ​ក្នុង​កន្លែង​របស់​ខ្លួន នៅ​ក្នុង​គេហដ្ឋាន ដែល​ត្រូវ​បាន​រៀបចំ​សម្រាប់​អ្នក​នោះ។

១២៩ហេតុ​ដូច្នេះ​ហើយ អ្នក​នោះ​ត្រូវ​ទៅ​ក្នុង​គេហដ្ឋាន​នៃ​ព្រះ​មុនគេ នៅ​កន្លែង​ណា​ដែល​ពួក​ជំនុំ​នៅ​ក្នុង​គេហដ្ឋាន​អាច​ស្ដាប់​ឮ​ពាក្យ​សម្ដី​របស់​អ្នក​នោះ ដោយ​ក្បោះក្បាយ​ជាក់​លាក់ គឺ​ពុំ​មែន​ដោយ​ពាក្យ​សម្ដី​ខ្លាំង​ទេ។

១៣០ហើយ​កាលណា​អ្នក​នោះ​ចូល​មក​ក្នុង​គេហដ្ឋាន​នៃ​ព្រះ ត្បិត​អ្នក​នោះ​ត្រូវ​ចូល​ក្នុង​គេហដ្ឋាន​មុនគេ — មើល​ចុះ នេះ​ហើយ​ជា​ការ​ប្រសើរ​ដើម្បី​ឲ្យ​អ្នក​នោះ​អាច​បាន​ទៅ​ជា​គំរូ —

១៣១ចូរ​ឲ្យ​អ្នក​នោះ​ថ្វាយ​បទ​អធិស្ឋាន​របស់​ខ្លួន​ដោយ​លុតជង្គង់​នៅ​ចំពោះ​ព្រះ ដោយ​នូវ​ទី​សំគាល់ ឬ​ការ​ចងចាំ​អំពី​សេចក្ដី​សញ្ញា​ដ៏​អស់​កល្ប​អស់​កាល​ជានិច្ច។

១៣២ហើយ​កាលណា​មនុស្ស​ណា​មួយ​ចូល​មក​ពី​ក្រោយ​អ្នក​នោះ ចូរ​ឲ្យ​គ្រូបង្រៀន​ក្រោក​ឈរ​ឡើង ហើយ​លើក​ដៃ​ឡើង​ទៅ​រក​មេឃ មែន​ហើយ គឺ​លើក​ឡើង​លើ​ជម្រាប​សួរ​បង​ប្អូន ឬ​បង​ប្អូន​ទាំង​ឡាយ ដោយ​ពាក្យ​ទាំង​នេះ​ថា ៖

១៣៣តើ​អ្នក​ជា​បង​ប្អូន ឬ​ពួក​បង​ប្អូន​ក្នុង​សាសនា​ឬ? ខ្ញុំ​សូម​ជម្រាប​សួរ​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ ដោយ​នូវ​ទី​សំគាល់ ឬ​ការ​ចងចាំ​អំពី​សេចក្ដី​សញ្ញា​ដ៏​អស់​កល្ប​អស់​កាល​ជានិច្ច គឺ​ខ្ញុំ​ទទួល​រាប់​អាន​អ្នក​នៅ​ក្នុង​សេចក្ដី​សញ្ញា ដោយ​ការ​សម្រេច​ចិត្ត​ដែល​ជាប់ ឥត​កម្រើក ហើយ​ឥត​ប្រែប្រួល ដើម្បី​ជា​មិត្ត និង​ជា​បង​ប្អូន​អ្នក តាម​រយៈ​ព្រះ​គុណ​នៃ​ព្រះ នៅ​ក្នុង​ចំណង​នៃ​សេចក្ដី​ស្រឡាញ់ ដើម្បី​ដើរ​តាម​អស់​ទាំង​ព្រះ​បញ្ញត្តិ​នៃ​ព្រះ ដោយ​ឥត​ទោស ដោយ​មាន​ចិត្ត​អរគុណ​ជា​រៀង​ដរាប​ត​ទៅ។ អាម៉ែន។

១៣៤ហើយ​អ្នក​ណា​ដែល​ឃើញ​ថា​មិន​សម​ទទួល​ការ​ជម្រាប​សួរ​នេះ នោះ​ពុំ​មាន​កន្លែង​នៅ​ក្នុង​ចំណោម​អ្នក​ទេ ត្បិត​អ្នក​រាល់​គ្នា​ពុំ​ត្រូវ​ទ្រាំ​ឲ្យ​គេហដ្ឋាន​របស់​យើង​កខ្វក់ ដោយ​អ្នក​នោះ​ឡើយ។

១៣៥ហើយ​អ្នក​ណា​ដែល​ចូល​មក ហើយ​មាន​ចិត្ត​ស្មោះត្រង់​នៅ​ចំពោះ​យើង ហើយ​ជា​បង​ប្អូន ឬ​បើ​សិន​ជា​ពួក​គេ​ជា​ពួក​បង​ប្អូន​ក្នុង​សាសនា នោះ​ពួក​គេ​ត្រូវ​ជម្រាប​សួរ​ប្រធាន ឬ​គ្រូបង្រៀន​ដោយ​លើក​ដៃ​ឡើង​ទៅ​រក​មេឃ​ដោយ​ពាក្យ​អធិស្ឋាន និង​សេចក្ដី​សញ្ញា​ដដែល​នេះ ឬ​ដោយ​ថា អាម៉ែន ដោយ​នូវ​ទី​សំគាល់​ដដែល។

១៣៦មើល​ចុះ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា នេះ​ហើយ​ជា​គំរូ​ដល់​អ្នក សម្រាប់​ការ​ជម្រាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​គេហដ្ឋាន​នៃ​ព្រះ គឺ​នៅ​ក្នុង​សាលា​នៃ​ពួក​ព្យាការី។

១៣៧ហើយ​អ្នក​រាល់​គ្នា​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ការ​នេះ​ដោយ​ពាក្យ​អធិស្ឋាន និង​អំណរគុណ ដូច​ជា​ព្រះ​វិញ្ញាណ​នឹង​ប្រទាន​ពាក្យ​សម្ដី​ចំពោះ​កិច្ចការ​ទាំង​អស់​របស់​អ្នក​នៅ​ក្នុង​គេហដ្ឋាន​នៃ​ព្រះ​អម្ចាស់ គឺ​នៅ​ក្នុង​សាលា​នៃ​ពួក​ព្យាការី ប្រយោជន៍​ឲ្យ​ទី​នោះ​អាច​បាន​ទៅ​ជា​ទី​បរិសុទ្ធ ជា​រោង​ឧបោសថ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដើម្បី​ការ​ស្អាង​ដល់​អ្នក។

១៣៨ហើយ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ទទួល​នរណា​មួយ​ពី​ចំណោម​អ្នក​រាល់​គ្នា​ឲ្យ​ចូល​ក្នុង​សាលា​នេះ​ឡើយ លើក​លែងតែ​អ្នក​នោះ​បាន​ជ្រះ​ស្អាត​ពី​ឈាម​នៃ​តំណ​មនុស្ស​នេះ

១៣៩ហើយ​អ្នក​នោះ​ត្រូវ​បាន​ទទួល ដោយ​សារ​ពិធី​បរិសុទ្ធ​នៃ​ការ​លាង​ជើង ព្រោះ​ដោយ​ហេតុ​នេះ​ហើយ ទើប​ពិធី​បរិសុទ្ធ​នៃ​ការ​លាង​ជើង​ត្រូវ​បាន​តាំង​ឡើង។

១៤០ហើយ​ជា​ថ្មី​ទៀត ពិធី​បរិសុទ្ធ​នៃ​ការ​លាង​ជើង គឺ​ត្រូវ​ធ្វើ​ឡើង​ដោយ​ប្រធាន ឬ​ដោយ​អែលឌើរ​ដ៏​ជា​អធិបតី​នៅ​ក្នុង​សាសនាចក្រ។

១៤១ពិធី​នេះ​ត្រូវ​ចាប់​ផ្ដើម​ដោយ​ពាក្យ​អធិស្ឋាន ហើយ​បន្ទាប់​ពី​បាន​ទទួល​ទាន​នំប៉័ង និង​ស្រា​ទំពាំងបាយជូរ​រួច​ហើយ នោះ​លោក​ត្រូវ​ក្រវាត់​ខ្លួន តាម​របៀប​ដែល​បាន​ថ្លែង​ប្រាប់​នៅ​ក្នុង​ជំពូក​ទី​ដប់​បី ក្នុង​ទី​បន្ទាល់​របស់​យ៉ូហាន​អំពី​យើង។ អាម៉ែន៕