កណ្ឌទី ១៣៣
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅភូមិហៃរាំ រដ្ឋអូហៃអូ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ១៨៣១ (History of the Church, ១:២២៩–២៣៤)។ សម្រាប់បុព្វកថានៃវិវរណៈនេះ ព្យាការីបានសរសេរថា ៖ « នៅពេលនេះ មានការណ៍ជាច្រើន ដែលពួកអែលឌើរប្រាថ្នាចង់ដឹងអំពីការផ្សាយដំណឹងល្អដល់បណ្ដាជននៅលើផែនដី និងអំពីការប្រមូលគ្នា ហើយដើម្បីដើរតាមពន្លឺនៃសេចក្ដីពិត ហើយត្រូវបានបង្គាប់មកពីស្ថានខ្ពស់ នោះទើបនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ១៨៣១ ខ្ញុំបានទូលសូមដល់ព្រះអម្ចាស់ ហើយបានទទួលវិវរណៈដ៏សំខាន់ ដែលមានដូចតទៅនេះ » (History of the Church, ១:២២៩)។ មុនដំបូងកណ្ឌនេះ ត្រូវបានបញ្ចូលក្នុងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាជាបរិសិដ្ឋ ហើយបន្ទាប់មក ទើបបានដាក់លេខតាមកណ្ឌ។
១–៦, ពួកបរិសុទ្ធត្រូវបានបញ្ជាឲ្យរៀបចំសម្រាប់ការយាងមកលើកទីពីរ; ៧–១៦, មនុស្សលោកទាំងអស់ត្រូវបានបញ្ជាឲ្យរត់ចេញពីក្រុង បាប៊ីឡូន មកឯក្រុងស៊ីយ៉ូន ហើយរៀបចំសម្រាប់ថ្ងៃដ៏ធំនៃព្រះអម្ចាស់; ១៧–៣៥, ទ្រង់នឹងឈរលើភ្នំស៊ីយ៉ូន ទ្វីបទាំងឡាយនឹងក្លាយទៅជាដែនដីតែមួយ ហើយពួកពូជអំបូរនៃអ៊ីស្រាអែលដែលបាត់នោះនឹងវិលមកវិញ; ៣៦–៤០, ដំណឹងល្អត្រូវបានសាងឡើងវិញ តាមរយៈយ៉ូសែប ស៊្មីធ ដើម្បីឲ្យបានផ្សាយប្រាប់ដល់អស់ទាំងពិភពលោក; ៤១–៥១, ព្រះអម្ចាស់ទ្រង់នឹងយាងចុះមកក្នុងសេចក្ដីសងសឹកមកលើ ពួកទុច្ចរិត; ៥២–៥៦, គឺនឹងទៅជាឆ្នាំនៃពួកប្រោសលោះរបស់ទ្រង់; ៥៧–៧៤, ដំណឹងល្អនឹងត្រូវបានចាត់ឲ្យចេញទៅ ដើម្បីជួយសង្គ្រោះពួកបរិសុទ្ធ និងសម្រាប់ជាសេចក្ដីបំផ្លិចបំផ្លាញដល់ពួកទុច្ចរិត។
១ចូរប្រុងស្ដាប់ចុះ ឱអ្នករាល់គ្នាជារាស្ត្រនៃសាសនាចក្រយើងអើយ ព្រះអម្ចាស់ដ៏ជាព្រះរបស់អ្នក ទ្រង់មានព្រះបន្ទូលថាដូច្នោះ ហើយចូរស្ដាប់តាមព្រះបន្ទូលនៃព្រះអម្ចាស់ដែលមានអំពីអ្នកចុះ —
២ព្រះអម្ចាស់ដែលនឹងយាងមកឯព្រះវិហាររបស់ទ្រង់ក្នុងមួយរំពេច ព្រះអម្ចាស់ដែលនឹងយាងចុះមកលើពិភពលោក ដោយសេចក្ដីបណ្ដាសា ដើម្បីជំនុំជំរះ មែនហើយ មកលើអស់ទាំងសាសន៍ដែលភ្លេចព្រះ និងមកលើអស់ទាំងពួកមនុស្សអាក្រក់ ដែលនៅក្នុងចំណោមពួកអ្នក។
៣ត្បិតទ្រង់នឹងលាតព្រះពាហុបរិសុទ្ធរបស់ទ្រង់ នៅភ្នែកនៃគ្រប់ទាំងសាសន៍ ហើយអស់ទាំងចុងផែនដីនឹងបានឃើញសេចក្ដីសង្គ្រោះនៃព្រះរបស់ពួកគេ។
៤ហេតុដូច្នោះហើយ ចូររៀបចំ ចូររៀបចំ ឱរាស្ត្រយើងអើយ ចូរញែកខ្លួនចេញជាបរិសុទ្ធ ចូរប្រមូលគ្នីគ្នា ឱអ្នករាល់គ្នាជារាស្ត្រនៃសាសនាចក្រយើង ដែលនៅលើដែនដីស៊ីយ៉ូនអើយ គឺអ្នកទាំងអស់ដែលពុំបានបញ្ជាឲ្យនៅនោះ។
៥ចូរចេញពីក្រុងបាប៊ីឡូន។ ចូរអ្នករាល់គ្នាដែលកាន់ប្រដាប់ទាំងឡាយនៃព្រះអម្ចាស់បានជ្រះស្អាតចុះ។
៦ចូរប្រកាសឲ្យមានជំនុំមុតមាំទាំងឡាយរបស់អ្នក ហើយនិយាយរកគ្នាទៅវិញទៅមកឲ្យបានញឹកញាប់ចុះ។ ហើយចូរឲ្យមនុស្សគ្រប់រូបអំពាវនាវដល់ព្រះនាមនៃព្រះអម្ចាស់ចុះ។
៧មែនហើយ យើងប្រាប់អ្នកម្ដងទៀតជាប្រាកដថា ពេលវេលាបានមកដល់ហើយ ក្នុងកាលសំឡេងនៃព្រះអម្ចាស់ប្រាប់ដល់អ្នកថា ៖ ចូរចេញពីក្រុងបាប៊ីឡូន ចូរប្រមូលគ្នីគ្នាពីចំណោមសាសន៍នានាពីទិសទាំងបួន ចាប់តាំងពីជើងមេឃម្ខាងរហូតដល់ជើងមេឃម្ខាង។
៨ចូរចាត់ពួកអែលឌើរនៃសាសនាចក្ររបស់យើង ឲ្យទៅឯសាសន៍ទាំងឡាយ ដែលនៅឆ្ងាយអង្វែង គឺទៅដល់កោះទាំងឡាយក្នុងសមុទ្រ ចូរចាត់ឲ្យទៅឯដែនដីចម្លែក ចូរប្រកាសប្រាប់សាសន៍ទាំងអស់ គឺមុនដំបូងដល់ពួកសាសន៍ដទៃ ហើយបន្ទាប់មកដល់ពួកសាសន៍យូដា។
៩ហើយមើលចុះ និងមើលន៏ នេះគឺជាសម្រែករបស់ពួកគេ និងសំឡេងនៃព្រះអម្ចាស់ ដល់ប្រជាជនទាំងអស់ ថា ៖ ចូរអ្នករាល់គ្នាចេញ ទៅឯដែនដីស៊ីយ៉ូន ប្រយោជន៍ឲ្យព្រំដែនទាំងឡាយនៃរាស្ត្ររបស់យើងអាចបានរីក ហើយប្រយោជន៍ឲ្យស្តេកទាំងឡាយរបស់នាងអាច បានចម្រើនកម្លាំង ហើយប្រយោជន៍ឲ្យស៊ីយ៉ូនអាចបានចេញទៅភូមិភាគជុំវិញ។
១០មែនហើយ ចូរឲ្យសម្រែកចេញទៅក្នុងចំណោមប្រជាជនទាំងអស់ថា ៖ ចូរភ្ញាក់ហើយក្រោកឡើង ហើយចេញទៅទទួលប្ដីថ្មោងថ្មីចុះ មើលចុះ ហើយមើលន៏ ប្ដីថ្មោងថ្មីកំពុងតែមក ចូរអ្នករាល់គ្នាចេញទៅទទួលលោកចុះ។ ចូររៀបចំខ្លួនសម្រាប់ថ្ងៃដ៏ធំនៃព្រះអម្ចាស់ចុះ។
១១ហេតុដូច្នេះហើយ ចូរចាំយាមចុះ ត្បិតអ្នករាល់គ្នាមិនដឹងជាថ្ងៃណា ឬម៉ោងណាឡើយ។
១២ហេតុដូច្នេះហើយ ចូរឲ្យពួកអ្នកដែលនៅក្នុងចំណោមពួកសាសន៍ដទៃរត់ទៅឯក្រុងស៊ីយ៉ូនចុះ។
១៣ហើយចូរឲ្យពួកអ្នកដែលជាពូជពង្សយូដារត់ទៅក្រុងយេរូសាឡិម គឺទៅឯភ្នំទាំងឡាយនៃដំណាក់របស់ព្រះអម្ចាស់។
១៤ចូរអ្នករាល់គ្នាចេញពីចំណោមពួកសាសន៍នានា គឺចេញពីក្រុងបាប៊ីឡូន ចេញពីកណ្ដាលអំពើទុច្ចរិតដែលជាក្រុងបាប៊ីឡូនខាងវិញ្ញាណ។
១៥ប៉ុន្តែប្រាកដមែន ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរកុំឲ្យការរត់ភៀសរបស់អ្នក ធ្វើទៅដោយប្រញាប់ប្រញាល់ឡើយ ប៉ុន្តែចូរឲ្យគ្រប់ទាំងអស់បានប្រុងប្រៀបចំពោះអ្នកជាស្រេច ហើយអ្នកណាដែលទៅ នោះចូរកុំឲ្យគេងាកមើលក្រោយឡើយ ក្រែងលោសេចក្ដីបំផ្លិចបំផ្លាញនឹងមានមកលើគេមួយរំពេចនោះ។
១៦ឱអ្នករាល់គ្នាជាបណ្ដាជននៅលើផែនដីអើយ ចូរប្រុងស្ដាប់ចុះ ហើយឱអ្នករាល់គ្នាជាពួកអែលឌើរនៃសាសនាចក្រយើងអើយ ចូរឮជុំគ្នា ហើយឮសំឡេងនៃព្រះអម្ចាស់ចុះ ត្បិតទ្រង់បានហៅដល់មនុស្សទាំងអស់ ហើយទ្រង់បានបញ្ជាដល់មនុស្សទាំងអស់នៅគ្រប់ទិសទី ឲ្យប្រែចិត្ត។
១៧ត្បិតមើលចុះ ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់បានចាត់ទេវតាមួយដែលកំពុងហោះកាត់កណ្ដាលមេឃឲ្យស្រែកប្រាប់ថា ៖ ហើយចូរអ្នករាល់គ្នារៀបចំផ្លូវទទួលព្រះអម្ចាស់ ហើយតម្រង់ផ្លូវថ្វាយទ្រង់ចុះ ត្បិតម៉ោងនៃការយាងមករបស់ទ្រង់នៅជិតបង្កើយ —
១៨កាលកូនចៀមនឹងឈរនៅលើភ្នំស៊ីយ៉ូន ហើយមានមនុស្សមួយសែនបួនម៉ឺនបួនពាន់នាក់ ដែលមានព្រះនាមព្រះវរបិតាទ្រង់កត់លើថ្ងាស គេបានឈរជាមួយដែរ។
១៩ហេតុដូច្នោះហើយ ចូររៀបចំសម្រាប់ការយាងមកនៃប្ដីថ្មោងថ្មីចុះ ចូរទៅ ចូរចេញទៅទទួលលោកចុះ។
២០ត្បិតមើលចុះ ទ្រង់នឹងឈរនៅលើភ្នំដើមអូលីវ និងនៅលើមហាសាគរដ៏ខ្លាំងក្លាគឺជាទីជម្រៅដ៏ធំ និងនៅលើកោះទាំងឡាយក្នុងសមុទ្រ និងនៅលើដែនដីស៊ីយ៉ូន។
២១ហើយទ្រង់នឹងបន្លឺសំឡេងទ្រង់ចេញពីក្រុងស៊ីយ៉ូន ហើយទ្រង់នឹងមានព្រះបន្ទូលពីក្រុងយេរូសាឡិម ហើយសំឡេងទ្រង់នឹងបានឮក្នុងចំណោមប្រជាជនទាំងអស់
២២ហើយសំឡេងនោះនឹងទៅដូចជាសូរទឹកច្រើន ហើយដូចផ្គរលាន់យ៉ាងខ្លាំងដែលនឹងកម្ទេចភ្នំទាំងឡាយ ហើយច្រកភ្នំទាំងឡាយនឹងគ្មានឃើញឡើយ។
២៣ទ្រង់នឹងបញ្ជាដល់ទីជម្រៅដ៏ធំ ហើយទីជម្រៅនោះនឹងត្រូវបានបង្ហូរទៅឯស្រុកទាំងឡាយដែលនៅទិសខាងជើង ហើយកោះទាំងឡាយនឹងក្លាយទៅជាដែនដីតែមួយ
២៤ហើយដែនដីយេរូសាឡិម និងដែនដីស៊ីយ៉ូននឹងត្រឡប់ទៅកន្លែងវាវិញ ហើយផែនដីនឹងបានដូចកាលពីដើម មុនផែនដីត្រូវបានបែកចេញពីគ្នា។
២៥ហើយព្រះអម្ចាស់ គឺជាព្រះអង្គសង្គ្រោះ ទ្រង់នឹងឈរនៅកណ្ដាលរាស្ត្រទ្រង់ ហើយនឹងសោយរាជ្យលើសាច់ឈាមទាំងអស់។
២៦ហើយពួកអ្នកដែលនៅស្រុកទាំងឡាយនៅទិសខាងជើងនឹងត្រូវបាននឹកចាំនៅចំពោះព្រះអម្ចាស់ ហើយពួកព្យាការីរបស់ពួកគេនឹងបានឮសំឡេងរបស់ទ្រង់ ហើយនឹងមិនទប់ខ្លួនទៀតឡើយ ហើយពួកគេនឹងវាយថ្មដាទាំងឡាយ ហើយទឹកកកនឹងហូរចុះមកនៅចំពោះវត្តមានរបស់ពួកអ្នកនោះ។
២៧ហើយថ្នល់ខ្ពស់មួយនឹងត្រូវបានបោះឡើងនៅកណ្ដាលទីជម្រៅដ៏ធំ
២៨ពួកខ្មាំងសត្រូវរបស់ពួកគេនឹងក្លាយទៅជារបឹបចំពោះខ្លួន។
២៩ហើយនៅទីរហោស្ថានដ៏ឥតជីជាតិនឹងផុសឡើងជាត្រពាំងទឹករស់ ហើយខ្សាច់ដែលក្ដៅព្រាចៗនឹងពុំនៅជាដីហួតហែងទៀតឡើយ។
៣០ហើយពួកគេនឹងផលិតចេញមកនូវទ្រព្យសម្បត្តិរបស់ពួកគេ ជូនកូនចៅនៃអេប្រាអិម ជាពួកអ្នកបម្រើរបស់យើង។
៣១ហើយព្រំដែនទាំងឡាយនៃភ្នំដ៏នៅអស់កល្បអស់កាលជានិច្ចនឹងញ័ររន្ធត់នៅចំពោះវត្តមានរបស់ពួកគេ។
៣២ហើយនៅទីនោះ ពួកគេនឹងដួលចុះ ហើយនឹងត្រូវបានបំពាក់ដោយសិរីល្អជាមកុដ គឺនៅក្រុងស៊ីយ៉ូន ដោយដៃនៃពួកអ្នកបម្រើរបស់ព្រះអម្ចាស់ គឺជាកូនចៅនៃអេប្រាអិម។
៣៣ហើយពួកគេនឹងបានពោរពេញទៅដោយចម្រៀងទាំងឡាយនៃសេចក្ដីអំណរដ៏នៅអស់កល្បអស់កាលជានិច្ច។
៣៤មើលចុះ នេះគឺជាព្រះពរនៃព្រះដ៏គង់នៅអស់កល្បអស់កាលជានិច្ច មកលើពួកពូជអំបូរអ៊ីស្រាអែល និងព្រះពរដ៏ធំជាងមកលើក្បាលអេប្រាអិម និងពួកអ្នកដែលដើរជាមួយលោក។
៣៥ហើយពួកគេក៏មកពីពូជអំបូរយូដាដែរ គឺបន្ទាប់ពីការឈឺចាប់របស់ពួកគេ នោះនឹងត្រូវបានញែកចេញជាបរិសុទ្ធក្នុងភាពបរិសុទ្ធនៅចំពោះព្រះអម្ចាស់ ដើម្បីឲ្យរស់នៅក្នុងវត្តមានរបស់ទ្រង់ ទាំងថ្ងៃទាំងយប់ជារៀងដរាបតទៅ។
៣៦ហើយឥឡូវនេះ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលជាប្រាកដថា ការណ៍ទាំងនេះអាចបានដឹងនៅក្នុងចំណោមអ្នករាល់គ្នា ឱបណ្ដាជននៅលើផែនដីអើយ យើងបានចាត់ឲ្យទេវតារបស់យើង ហោះកាត់កណ្ដាលមេឃ ទាំងមានដំណឹងល្អដ៏នៅអស់កល្បអស់កាលជានិច្ច ដែលបានលេចមកឲ្យមនុស្សខ្លះឃើញ ហើយបានថ្លែងប្រាប់ដល់មនុស្ស ដែលនឹងលេចមកឯមនុស្សជាច្រើន ដែលរស់នៅលើផែនដី។
៣៧ហើយដំណឹងល្អនេះនឹងត្រូវបានផ្សាយដល់គ្រប់អស់ទាំងសាសន៍ គ្រប់ពូជមនុស្ស គ្រប់ភាសា និងគ្រប់ប្រជាជន។
៣៨ហើយពួកអ្នកបម្រើនៃព្រះនឹងចេញទៅដោយបន្លឺសំឡេងយ៉ាងខ្លាំងថា ៖ ចូរកោតខ្លាចដល់ព្រះ ហើយសរសើរសិរីល្អរបស់ទ្រង់ចុះ ត្បិតម៉ោងដែលទ្រង់ត្រូវជំនុំជំរះ នោះបានមកដល់ហើយ
៣៩ហើយចូរក្រាបថ្វាយបង្គំដល់ព្រះដ៏បង្កើតផ្ទៃមេឃ និងផែនដី និងសមុទ្រ និងរន្ធទឹកទាំងប៉ុន្មាន —
៤០ដោយអំពាវនាវដល់ព្រះនាមនៃព្រះអម្ចាស់ ទាំងថ្ងៃទាំងយប់ដោយទូលថា ៖ ឱបើសិនជាទ្រង់នឹងវែកផ្ទៃមេឃ ហើយយាងចុះមកទៅអេះ ដើម្បីឲ្យភ្នំទាំងប៉ុន្មានបានញាប់ញ័រនៅចំពោះទ្រង់។
៤១ហើយនោះនឹងត្រូវបានឆ្លើយមកលើក្បាលពួកគេ ព្រោះវត្តមាននៃព្រះអម្ចាស់នឹងបានទៅដូចជាភ្លើងរាលឆេះគំនរស្នាប់ ហើយដូចជាភ្លើងធ្វើឲ្យពុះខ្ជោលឡើង។
៤២ឱព្រះអម្ចាស់អើយ ព្រះអង្គទ្រង់នឹងយាងចុះមក ដើម្បីធ្វើឲ្យពួកខ្មាំងសត្រូវទ្រង់បានស្គាល់ព្រះនាមទ្រង់ ហើយឲ្យសាសន៍ទាំងប៉ុន្មានបានញាប់ញ័រនៅចំពោះទ្រង់ —
៤៣នៅគ្រាដែលទ្រង់បានធ្វើការគួរស្ញែងខ្លាច ដែលពួកគេពុំបានម៉ៃចិត្តសោះ
៤៤មែនហើយ កាលទ្រង់យាងចុះមក ហើយភ្នំទាំងប៉ុន្មានបានកក្រើកញ័រនៅចំពោះទ្រង់ គឺទ្រង់តែងតែប្រោសដល់អ្នកណាដែលមានចិត្តរីករាយ ហើយប្រព្រឹត្តដោយសុចរិត គឺដល់ពួកអ្នកដែលនឹកចាំពីទ្រង់ក្នុងអស់ទាំងផ្លូវរបស់ទ្រង់។
៤៥ត្បិតចាប់តាំងពីកំណើតលោកិយមក មនុស្សលោកមិនដែលឮ ក៏មិនដែលដឹងដោយសារត្រចៀក ហើយភ្នែកមិនដែលឃើញព្រះឯណាក្រៅពីទ្រង់ ឱព្រះអង្គអើយ នូវការណ៍ដ៏ធំដែលទ្រង់បានរៀបចំសម្រាប់អ្នកដែលសង្ឃឹមដល់ទ្រង់ឡើយ។
៤៦ហើយនឹងបានពោលថា ៖ តើអ្នកណាហ្ន៎ ដែលចុះមកពីព្រះដែលគង់នៅលើស្ថានសួគ៌ ស្លៀកពាក់ដោយសំពត់ពណ៌ មែនហើយ គឺមកពីតំបន់ទាំងឡាយដែលពុំដែលស្គាល់គឺស្លៀកពាក់ដោយរុងរឿង ហើយក៏ដើរដោយឫទ្ធិយ៉ាងខ្លាំងរបស់គេនោះ?
៤៧ហើយទ្រង់នឹងមានព្រះបន្ទូលថា ៖ យើងនេះហើយជាអ្នកដែលមានព្រះបន្ទូលដោយសេចក្ដីសុចរិត ជាអ្នកពូកែនឹងសង្គ្រោះ។
៤៨ហើយព្រះអម្ចាស់ទ្រង់នឹងពាក់ព្រះពស្ត្រពណ៌ក្រហម ហើយព្រះភូសាដ៏ដូចជាអ្នកដែលជាន់ក្នុងធុងទំពាំងបាយជូរ។
៤៩ហើយសិរីល្អនៃវត្តមានរបស់ទ្រង់នឹងទៅជាធំអស្ចារ្យ ដែលព្រះអាទិត្យនឹងលាក់ភក្ត្រាដោយក្ដីខ្មាស ហើយព្រះចន្ទនឹងមិនព្រមឲ្យពន្លឺទេ ហើយតារាទាំងឡាយនឹងត្រូវគ្រវាត់ចេញពីកន្លែងរបស់ខ្លួន។
៥០ហើយសំឡេងទ្រង់នឹងបានឮថា ៖ យើងបានជាន់ក្នុងធុងទំពាំងបាយជូរតែម្នាក់ឯង ហើយបាននាំសេចក្ដីជំនុំជំរះមកលើប្រជាជនទាំងអស់ ហើយឥតមានអ្នកណានៅជាមួយនឹងយើងឡើយ
៥១ហើយយើងបានឈ្លីគេដោយសេចក្ដីឃោរឃៅរបស់យើង ហើយបានជាន់គេដោយសេចក្ដីកំហឹងរបស់យើង ហើយឈាមគេ នោះយើងបានសម្រក់មកលើសំលៀកបំពាក់របស់យើង ហើយធ្វើឲ្យប្រឡាក់សំលៀកបំពាក់របស់យើងអស់ហើយ ត្បិតនេះគឺជាថ្ងៃសង សឹកដែលនៅក្នុងចិត្តយើង។
៥២ហើយឥឡូវនេះ ឆ្នាំកំណត់នៃពួកប្រោសលោះរបស់យើង ក៏បានមកដល់ ហើយពួកគេនឹងថ្លែងប្រាប់ពីសេចក្ដីសប្បុរសរបស់ព្រះអម្ចាស់របស់គេ និងគ្រប់ទាំងអស់ដែលទ្រង់បានប្រោសមកលើពួកគេ តាមសេចក្ដីសប្បុរសរបស់ទ្រង់ និងតាមសេចក្ដីសប្បុរសដ៏បរិបូររបស់ទ្រង់ជារៀងដរាបតទៅ។
៥៣ក្នុងគ្រប់ទាំងសេចក្ដីទុក្ខវេទនារបស់គេ នោះទ្រង់ក៏រងទុក្ខដែរ។ ហើយទេវតាដែលនៅចំពោះទ្រង់បានសង្គ្រោះគេ ហើយដោយសេចក្ដីស្រឡាញ់របស់ទ្រង់ និងដោយសេចក្ដីមេត្តាករុណារបស់ទ្រង់ នោះទ្រង់បានប្រោសលោះគេ ហើយកាលពីចាស់បុរាណ ទ្រង់បានលើកគេបីទៅជាដរាប
៥៤មែនហើយ ព្រមទាំងលោកហេណុក និងពួកអ្នកដែលនៅជាមួយនឹងលោកផង ពួកព្យាការីដែលនៅមុនលោក ហើយព្រមទាំងលោកណូអេ និងពួកអ្នកដែលនៅមុនលោកដែរ ហើយព្រមទាំងលោកម៉ូសេ និងពួកអ្នកដែលនៅមុនលោកដែរ
៥៥ហើយពីលោកម៉ូសេ ទៅលោកអេលីយ៉ា ហើយពីលោកអេលីយ៉ា ទៅលោកយ៉ូហាន ដែលបាននៅជាមួយនឹងព្រះគ្រីស្ទ កាលទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយព្រមទាំងពួកសាវកបរិសុទ្ធជាមួយនឹងលោកអ័ប្រាហាំ អ៊ីសាក និងយ៉ាកុប គេនឹងបាននៅក្នុងវត្តមាននៃកូនចៀម។
៥៦ហើយផ្នូរនៃពួកបរិសុទ្ធនឹងត្រូវបានបើក ហើយពួកគេនឹងចេញមក ហើយឈរនៅខាងស្ដាំដៃនៃកូនចៀមក្នុងកាលទ្រង់ឈរនៅលើភ្នំស៊ីយ៉ូន និងនៅលើទីក្រុងបរិសុទ្ធ គឺក្រុងយេរូសាឡិមថ្មី ហើយពួកគេនឹងច្រៀងទំនុករបស់កូនចៀម ទាំងថ្ងៃទាំងយប់ ជារៀងដរាបតទៅ។
៥៧ហើយដោយហេតុនេះ ទើបមនុស្សអាចបានធ្វើទៅជាពួកអ្នកមានចំណែកក្នុងសិរីល្អទាំងឡាយដែលនឹងត្រូវបានបើកសម្ដែង នោះព្រះអម្ចាស់ទ្រង់បានចាត់ភាពពោរពេញនៃដំណឹងល្អរបស់ទ្រង់ គឺជាសេចក្ដីសញ្ញាដ៏នៅអស់កល្បអស់កាលជានិច្ចរបស់ទ្រង់ដោយ ពិភាក្សាយ៉ាងច្បាស់លាស់ និងក្បោះក្បាយ —
៥៨ដើម្បីឲ្យរៀបចំពួកកម្សោយឲ្យទន្ទឹងចាំការណ៍ទាំងនោះ ដែលត្រូវមកលើផែនដី ហើយទន្ទឹងចាំការងាររបស់ព្រះអម្ចាស់ក្នុងថ្ងៃកាលពួកកម្សោយនឹងបំភាន់ពួកអ្នកប្រាជ្ញ ហើយពួកតូចនឹងត្រឡប់ជាសាសន៍មួយយ៉ាងពូកែ ហើយពីរនាក់នឹងធ្វើឲ្យរាប់ម៉ឺននាក់រត់។
៥៩ហើយតាមរយៈពួកកម្សោយនៅលើផែនដី នោះព្រះអម្ចាស់ទ្រង់នឹងបញ្ជាន់សាសន៍ទាំងឡាយ ដោយសារព្រះចេស្ដានៃព្រះវិញ្ញាណរបស់ទ្រង់។
៦០ហើយដោយសារហេតុនេះ ទើបព្រះបញ្ញត្តិទាំងនេះត្រូវបានប្រទានមក ការណ៍ទាំងនេះត្រូវបានបញ្ជាឲ្យទុកកុំឲ្យពិភពលោកដឹង អំពីថ្ងៃដែលការណ៍ទាំងនោះនឹងត្រូវបានប្រទានមក ប៉ុន្តែឥឡូវនេះ ត្រូវចេញទៅដល់សាច់ឈាមទាំងអស់ —
៦១ហើយនេះគឺស្របតាមគំនិត និងព្រះហឫទ័យនៃព្រះអម្ចាស់ ដែលត្រួតត្រាលើសាច់ឈាមទាំងអស់។
៦២ហើយចំពោះអ្នកណាដែលប្រែចិត្ត ហើយញែកខ្លួនចេញជាបរិសុទ្ធនៅចំពោះព្រះអម្ចាស់ នោះនឹងត្រូវបានប្រទានឲ្យមានជីវិតដ៏នៅអស់កល្បជានិច្ច។
៦៣ហើយចំពោះអស់អ្នកណាដែលមិនព្រមស្ដាប់តាមសំឡេងនៃព្រះអម្ចាស់ នោះនឹងត្រូវបានពោរពេញទៅដោយអ្វី ដែលបានសរសេរទុកដោយព្យាការីម៉ូសេ គឺថាពួកគេនឹងត្រូវកាត់ចេញពីចំណោមប្រជាជន។
៦៤ហើយព្រមទាំងអ្វីដែលបានសរសេរទុក ដោយព្យាការីម៉ាឡាគីថា ៖ ត្បិតមើល ថ្ងៃនោះកំពុងតែមកដល់ ថ្ងៃនោះឆេះធ្លោ ដូចជា គុកភ្លើង នោះអស់ពួកអ្នកឆ្មើងឆ្មៃ ហើយនិងអស់ពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ គេនឹងដូចជាជញ្ជ្រាំង ហើយថ្ងៃដែលត្រូវមកដល់នោះនឹងឆេះបន្សុសគេទាំងអស់ទៅ ឥតទុកឲ្យគេមានឫស ឬមែកនៅសល់ឡើយ នេះហើយ ជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពួកពលបរិវារ។
៦៥ហេតុដូច្នោះហើយ នេះគឺនឹងត្រូវទៅជាចម្លើយពីព្រះអម្ចាស់ដល់ពួកគេថា ៖
៦៦នៅថ្ងៃនោះ កាលយើងបានយាងមករករាស្ត្ររបស់យើង នោះគ្មានមនុស្សណាមួយក្នុងចំណោមអ្នកបានទទួលយើងឡើយ ហើយអ្នកត្រូវបានដេញចេញ។
៦៧កាលយើងបានហៅជាថ្មីទៀត នោះគ្មានអ្នកណាឆ្លើយតបឡើយ ទោះជាយ៉ាងណាក៏ដោយ គង់តែព្រះពាហុរបស់យើងពុំបានរួញខ្លីនឹងជួយលោះ ឬព្រះចេស្ដាយើងនឹងដោះឲ្យរួចដែរ។
៦៨មើលចុះ កាលណាយើងស្ដីឲ្យ នោះសមុទ្រក៏រីងស្ងួតទៅ។ យើងធ្វើឲ្យទន្លេទៅជាទីហួតហែង ឯត្រីធុំស្អុយ ហើយស្លាប់ទៅដោយស្រេក។
៦៩យើងបំពាក់ផ្ទៃមេឃដោយពពកខ្មៅ ហើយក៏ដណ្ដប់ទៅដោយសំពត់ធ្មៃផង។
៧០ហើយអ្នកនឹងបានតែប៉ុណ្ណោះពីព្រះហស្តយើង — អ្នករាល់គ្នានឹងត្រូវដេកទៅដោយទុក្ខវេទនា។
៧១មើលចុះ និងមើលន៏ គ្មានអ្នកណានឹងជួយដោះអ្នកឡើយ ត្បិតអ្នករាល់គ្នាពុំបានគោរពតាមសំឡេងរបស់យើងសោះ កាលយើងបានហៅអ្នកពីលើមេឃ អ្នករាល់គ្នាពុំបានជឿដល់ពួកអ្នកបម្រើរបស់យើងឡើយ ហើយកាលពួកគេត្រូវបានចាត់ឲ្យមករកអ្នក នោះអ្នករាល់គ្នាពុំបានទទួលពួកគេសោះ។
៧២ហេតុដូច្នោះហើយ ពួកគេបានភ្ជាប់ទីបន្ទាល់ ហើយបានចងក្រឹត្យវិន័យ ហើយអ្នករាល់គ្នាត្រូវបានប្រគល់ទៅឯសេចក្ដីងងឹត។
៧៣ពួកអ្នកទាំងនេះនឹងចេញទៅក្នុងសេចក្ដីងងឹតខាងក្រៅ នៅទីនោះនឹងមានយំ និងទួញសោក ហើយសង្កៀតធ្មេញ។
៧៤មើលចុះ ព្រះអម្ចាស់ដ៏ជាព្រះរបស់អ្នក ទ្រង់បានមានព្រះបន្ទូលហើយ។ អាម៉ែន៕