គោលលទ្ធិ និងសេចក្ដីសញ្ញា
កណ្ឌទី ១
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈយ៉ូសែប ស៊្មីធ ជាព្យាការី នៅឯសន្និសីទពិសេសមួយ សម្រាប់ពួកអែលឌើរនៃសាសនាចក្រ ដែលបានធ្វើឡើងនៅក្រុងហៃរាំ រដ្ឋអូហៃអូ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៨៣១ (History of the Church, ១:២២១–២២៤ [ប្រវត្តិនៃសាសនាចក្រ]) មានវិវរណៈជាច្រើនដែលបានទទួលមកពីព្រះអម្ចាស់មុនពេលនេះ ហើយការប្រមូលវិវរណៈទាំងនេះ សម្រាប់យកមកបោះពុម្ពផ្សាយចេញជាសៀវភៅ នោះគឺជាកម្មវត្ថុដ៏សំខាន់បំផុតមួយ ដែលបានអនុម័តនៅឯសន្និសីទ។ កណ្ឌនេះជាអារម្ភកថារបស់ព្រះអម្ចាស់ចំពោះគោលលទ្ធិ សេចក្ដីសញ្ញា និងព្រះបញ្ញត្តិទាំងឡាយ ដែលបានប្រទានឲ្យមកនៅក្នុងការកាន់កាប់ត្រួតត្រាសម័យនេះ។
១–៧, សំឡេងនៃការព្រមានគឺត្រូវប្រាប់ដល់មនុស្សទាំងអស់; ៨–១៦, ការក្បត់សាសនា និងអំពើទុច្ចរិតកើតមានឡើងមុនការយាងមកលើកទី២; ១៧–២៣, យ៉ូសែប ស៊្មីធ ត្រូវបានហៅឲ្យសាងសេចក្ដីពិត និងព្រះចេស្ដារបស់ព្រះអម្ចាស់មកលើផែនដីវិញ; ២៤–៣៣, ព្រះគម្ពីរមរមន ត្រូវបានបញ្ចេញមក ហើយសាសនាចក្រដ៏ពិតត្រូវបានតាំងឡើង; ៣៤–៣៦, សេចក្ដីសុខសាន្តនឹងត្រូវបាត់បង់ពីផែនដី; ៣៧–៣៩, ចូរស្ទង់មើលព្រះបញ្ញត្តិទាំងនេះចុះ។
១ចូរប្រុងស្ដាប់ចុះ ឱប្រជារាស្ត្រនៃសាសនាចក្រយើងអើយ សំឡេងនៃព្រះដែលគង់នៅលើ ហើយដែលមានព្រះនេត្រទតមកលើមនុស្សទាំងអស់ ទ្រង់មានព្រះបន្ទូលថាដូច្នោះ ប្រាកដមែន យើងប្រាប់ជាប្រាកដថា ៖ ចូរប្រុងស្ដាប់ចុះ ឱប្រជាជាតិទាំងប៉ុន្មានដែលនៅឆ្ងាយ អើយ និងអ្នករាល់គ្នា ដែលនៅលើកោះក្នុងសមុទ្រអើយ ចូរស្ដាប់ព្រមគ្នាចុះ។
២ត្បិត សំឡេងនៃព្រះអម្ចាស់ប្រាកដជាប្រាប់ដល់មនុស្សទាំងអស់មែន ហើយគ្មាននរណានឹងគេចបានឡើយ ហើយគ្មានភ្នែកណាដែលនឹងមិនបានឃើញ ឬគ្មានត្រចៀកណាដែលនឹងមិនបានឮ ឬគ្មានដួងចិត្តណាដែលនឹងមិនធ្លុះបានឡើយ។
៣ហើយពួកអ្នកបះបោរនឹងត្រូវចាក់ទំលុះដោយសេចក្ដីទុក្ខសោកដ៏រីងរៃ រីឯសេចក្ដីទុច្ចរិតរបស់ពួកគេនឹងត្រូវថ្លែងប្រាប់ពីលើដំបូលផ្ទះ ហើយអំពើស្ងាត់កំបាំងរបស់ពួកគេ នឹងត្រូវបើកសម្ដែងមកឲ្យឃើញ។
៤ហើយសំឡេងនៃការព្រមាន នឹងត្រូវប្រាប់ដល់មនុស្សទាំងអស់ ដោយមាត់នៃពួកសិស្សទាំងឡាយរបស់យើង ដែលយើងបានរើសនៅគ្រាចុងក្រោយបង្អស់នេះ។
៥ហើយពួកគេនឹងចេញទៅ ហើយគ្មាននរណានឹងបញ្ឈប់ពួកគេបានឡើយ ត្បិតយើងជាព្រះអម្ចាស់ បានបញ្ជាពួកគេហើយ។
៦មើលចុះ នេះជាសិទ្ធិអំណាចរបស់យើង ហើយជាសិទ្ធិអំណាចនៃពួកអ្នកបម្រើរបស់យើង ហើយជាអារម្ភកថារបស់យើងចំពោះព្រះគម្ពីរនៃព្រះបញ្ញត្តិទាំងឡាយរបស់យើង ដែលយើងបានប្រទានឲ្យពួកគេយកទៅបោះពុម្ពផ្សាយដល់អ្នករាល់គ្នា ឱបណ្ដាជននៅលើផែនដីអើយ។
៧ហេតុដូច្នេះហើយ ចូរខ្លាច ហីយញ័រចុះ ឱប្រជារាស្ត្រអើយ ត្បិតយើងជាព្រះអម្ចាស់បានចេញក្រឹត្យដែលនៅក្នុងព្រះបញ្ញត្តិទាំងប៉ុន្មាននោះ នឹងត្រូវបានសម្រេច។
៨ហើយយើងប្រាប់ដល់អ្នករាល់គ្នាជាប្រាកដថា ពួកគេដែលចេញទៅដោយនាំយកដំណឹងទាំងនេះទៅប្រាប់បណ្ដាជននៅលើផែនដីចំពោះពួកគេនេះហើយ ដែលបានទទួលអំណាច ដើម្បីភ្ជាប់ពួកអ្នកដែលមិនជឿ និងពួកអ្នកដែលបះបោរនៅលើផែនដី ព្រមទាំងនៅលើស្ថានសួគ៌ផង
៩មែនហើយ ប្រាកដមែន គឺដើម្បីភ្ជាប់ពួកគេទុកចាំថ្ងៃណាមួយ ក្នុងកាលសេចក្ដីក្រោធនៃព្រះអម្ចាស់នឹងចាក់មកលើពួកទុច្ចរិតដោយគ្មានកម្រិតឡើយ —
១០ដល់ថ្ងៃដែលព្រះអម្ចាស់ទ្រង់នឹងយាងមក ដើម្បីសងដល់មនុស្សរាល់គ្នា តាមកិច្ចការរបស់ខ្លួន ហើយវាល់ដល់មនុស្សរាល់គ្នា តាមរង្វាល់ដែលខ្លួនបានវាល់ឲ្យមនុស្សទូទៅទាំងឡាយ។
១១ហេតុដូច្នេះហើយ សំឡេងនៃព្រះអម្ចាស់ គឺដល់អស់ចុងផែនដី ដើម្បីឲ្យមនុស្សទាំងអស់ណាដែលនឹងឮ ចូរឮចុះ ៖
១២ចូររៀបចំ ចូររៀបចំសម្រាប់អ្វីដែលនឹងមកដល់ចុះ ត្បិតព្រះអម្ចាស់នៅជិតបង្កើយ
១៣ហើយសេចក្ដីក្រោធនៃព្រះអម្ចាស់បានឆួលឡើង ហើយដាវរបស់ទ្រង់បានលាងសំអាតនៅលើស្ថានសួគ៌ហើយ ហើយនឹងធ្លាក់មកលើបណ្ដាជនទាំងឡាយនៅលើផែនដី។
១៤ហើយព្រះពាហុនៃព្រះអម្ចាស់នឹងបានសម្ដែងឲ្យឃើញ ហើយថ្ងៃនោះនឹងមកដល់ កាលពួកគេនឹងលែងឮសំឡេងនៃព្រះអម្ចាស់ ឬ សំឡេងនៃពួកអ្នកបម្រើរបស់ទ្រង់ ឬមិនស្ដាប់តាមពាក្យសម្ដីនៃពួកព្យាការី និង ពួកសាវក នោះនឹងត្រូវកាត់ចញពីចំណោមប្រជាជន
១៥ត្បិតពួកគេបានវង្វេងចេញពីក្រឹត្យក្រមរបស់យើង ហើយបានបំបាក់សេចក្ដីសញ្ញារបស់យើងដែលនៅអស់កល្បជានិច្ច
១៦ពួកគេពុំស្វែងរកព្រះអម្ចាស់ ដើម្បីតាំងសេចក្ដីសុចរិតរបស់ទ្រង់ឡើយ ប៉ុន្តែមនុស្សគ្រប់រូបដើរតាមផ្លូវរបស់ខ្លួនគេផ្ទាល់ ហើយតាមរូបភាពនៃព្រះរបស់ខ្លួនគេផ្ទាល់ ដែលមានរូបភាពដូចជារូបរាងនៃលោកិយ ហើយសារជាតិដូចជារូបព្រះ ដែលនឹងទៅជាចាស់ ហើយនឹងវិនាសនៅក្រុងបាប៊ីឡូន គឺជាក្រុងបាប៊ីឡូនដ៏ធំដែលនឹងរលំនោះ។
១៧ហេតុដូច្នេះហើយ យើងជាព្រះអម្ចាស់ ដោយជ្រាបនូវគ្រោះដែលនឹងមានមកលើបណ្ដាជនទាំងឡាយនៅលើផែនដី នោះបានហៅយ៉ូសែបស៊្មីធ ជុញ្ញ័រ ជាអ្នកបម្រើរបស់យើង ហើយបាននិយាយមកកាន់លោកពីលើស្ថានសួគ៌ ហើយបានប្រទានព្រះបញ្ញត្តិទាំងឡាយដល់លោក
១៨ហើយក៏បានប្រទានបញ្ញត្តិទាំងឡាយដល់អ្នកដទៃផងដែរ ថាពួកគេគួរប្រកាសប្រាប់ការណ៍ទាំងនេះដល់ពិភពលោក ហើយការណ៍អស់ទាំងនេះ គឺដើម្បីឲ្យបានសម្រេចតាមអ្វីៗដែលបានចែងទុកដោយពួកព្យាការី —
១៩ពួកកម្សោយនៅពិភពលោកនឹងចេញមក ហើយទម្លាក់ពួកខ្លាំងពូកែចុះ ដើម្បីកុំឲ្យមនុស្ស គួរទូន្មានមនុស្សទូទៅ ឬក៏ទុកចិត្តទៅលើដៃនៃមនុស្សឡើយ —
២០ប៉ុន្តែដើម្បីឲ្យមនុស្សគ្រប់រូបអាចនិយាយដោយនូវព្រះនាមនៃព្រះដ៏ជាព្រះអម្ចាស់ គឺជាព្រះអង្គសង្គ្រោះនៃពិភពលោក
២១ដើម្បីឲ្យសេចក្ដីជំនឿអាចបានកើនឡើងនៅលើផែនដីផងដែរ
២២ដើម្បីឲ្យសេចក្ដីសញ្ញាដ៏អស់កល្បជានិច្ចរបស់យើងអាចបានតាំងឡើង
២៣ដើម្បីឲ្យភាពពោរពេញនៃដំណឹងល្អរបស់យើង អាចបានប្រកាសប្រាប់ដោយពួកកម្សោយ និងពួករាបទាបដល់អស់ចុងផែនដី និងនៅចំពោះពួកមហាក្សត្រនិង ពួកអ្នកត្រួតត្រាទាំងឡាយ។
២៤មើលចុះ យើងជាព្រះ ហើយបានមានបន្ទូលថាដូច្នោះ ព្រះបញ្ញត្តិទាំងប៉ុន្មាននេះសុទ្ធតែមកពីយើង ហើយត្រូវបានប្រទានដល់ពួកអ្នកបម្រើរបស់យើង ដោយនូវភាពទន់ខ្សោយរបស់ពួកគេ ស្របតាមភាសារបស់ពួកគេ ដើម្បីឲ្យពួកគេអាចយល់។
២៥ហើយដរាបណាពួកគេធ្វើខុស នោះអាចធ្វើឲ្យបានដឹង
២៦ហើយដរាបណាពួកគេស្វែងរកប្រាជ្ញា នោះពួកគេអាចបានទទួលការបង្គាប់
២៧ហើយដរាបណាពួកគេធ្វើបាប នោះពួកគេអាចបានទទួលការវាយផ្ចាលដើម្បីឲ្យពួកគេអាចបានប្រែចិត្ត
២៨ហើយដរាបណាពួកគេបន្ទាបខ្លួន នោះពួកគេអាចបានធ្វើឲ្យជាខ្លាំង ហើយបានព្រះពរមកពីស្ថានខ្ពស់ ហើយបានទទួលចំណេះវិជ្ជាតាមកាលវេលា។
២៩ហើយបន្ទាប់ពីបានទទួលបញ្ជីប្រវត្តិនៃពួកសាសន៍នីហ្វៃហើយ មែនហើយ គឺដើម្បីឲ្យយ៉ូសែបស៊្មីធ ជាអ្នកបម្រើរបស់យើង អាចមានអំណាចដើម្បីបកប្រែព្រះគម្ពីរមរមន តាមររយៈ សេចក្ដីមេត្តាករុណានៃព្រះ គឺដោយព្រះចេស្ដានៃព្រះ។
៣០ហើយដើម្បីឲ្យអស់អ្នកណាដែលបានទទួលព្រះបញ្ញត្តិទាំងឡាយ អាចមានអំណាចដើម្បីកសាងគ្រឹះនៃសាសនាចក្រនេះ ហើយដើម្បីនាំសាសនាចក្រចេញពីទីអាប់អួ និងពីទីនៃសេចក្ដីងងឹត គឺជាសាសនាចក្រតែមួយ ដែលពិត ហើយសកម្មនៅលើផ្ទៃផែនដីទាំងមូល ដែលយើងជាព្រះអម្ចាស់ សព្វព្រះហឫទ័យណាស់ ដោយនិយាយដល់សាសនាចក្រទាំងស្រុង ហើយមិនមែននីមួយៗទេ —
៣១ត្បិតយើងជាព្រះអម្ចាស់ ពុំអាចទតមើលអំពើបាប សូម្បីតែបន្តិចបន្តួចបានឡើយ
៣២ប៉ុន្តែអ្នកណាដែលប្រែចិត្ត ហើយធ្វើតាមព្រះបញ្ញត្តិទាំងឡាយនៃព្រះអម្ចាស់ នោះនឹងបានអត់ទោស
៣៣ហើយអ្នកណាដែលមិនប្រែចិត្ត នោះនឹងបានយកពីអ្នកនោះវិញ សូម្បីតែពន្លឺដែលគេបានទទួលក្ដី ត្បិតវិញ្ញាណរបស់យើងនឹងពុំតស៊ូគង់នៅជាមួយនឹងមនុស្សជានិច្ចទេ ព្រះអម្ចាស់នៃពួកពលបរិវារមានព្រះបន្ទូលថាដូច្នោះ។
៣៤ហើយជាថ្មីទៀត ឱបណ្ដាជនទាំងឡាយនៅលើផែនដីអើយ យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ៖ យើងជាព្រះអម្ចាស់ ព្រមធ្វើឲ្យការណ៍ទាំងនេះឲ្យបានដឹងដល់មនុស្សទាំងអស់
៣៥ត្បិតយើងមិនរើសមុខជនណាទេ ហើយមានបំណងចង់ឲ្យមនុស្សទាំងអស់ដឹងថា ថ្ងៃនោះនឹងមកជាឆាប់ៗ ម៉ោងមិនទាន់ដល់ទេ ប៉ុន្តែនៅជិតដៃបង្កើយ កាលសេចក្ដីសុខសាន្តនឹងត្រូវយកចេញពីផែនដីទៅ ហើយអារក្សនឹងមានអំណាចលើអាណាចក្ររបស់វាផ្ទាល់។
៣៦ហើយព្រះអម្ចាស់ក៏នឹងមានព្រះចេស្ដាលើពួកបរិសុទ្ធរបស់ទ្រង់ដែរ ហើយនឹងសោយរាជ្យនៅកណ្ដាលពួកគេ ហើយនឹងយាងចុះមកជំនុំជំរះលើស្រុកអេដំម ឬពិភពលោក។
៣៧ចូរពិចារណាមើលព្រះបញ្ញត្តិទាំងនេះចុះ ត្បិតព្រះបញ្ញត្តិទាំងនេះពិត ហើយស្មោះត្រង់ហើយសេចក្ដីព្យាករណ៍ និងសេចក្ដីសន្យាដែលមានទាំងប៉ុន្មាននៅក្នុងនោះ នោះនឹងបានសម្រេចទាំងអស់។
៣៨អ្វីដែលយើងជាព្រះអម្ចាស់បានមានបន្ទូល នោះយើងបានមានបន្ទូលហើយ ហើយយើងពុំកែដោះសារខ្លួនឡើយ ហើយទោះជាផ្ទៃមេឃ ហើយផែនដី នឹងកន្លងបាត់ទៅក៏ដោយ គង់តែពាក្យរបស់យើងនឹងមិនកន្លងបាត់ដែរ ប៉ុន្តែពាក្យទាំងអស់នឹងបានសម្រេច ទោះជាដោយសំឡេងរបស់យើងផ្ទាល់ ឬក៏ដោយសំឡេងនៃពួកអ្នកបម្រើរបស់យើងក្ដី គឺដូចតែគ្នា។
៣៩ត្បិតមើលចុះ ហើយមើលន៏ ព្រះអម្ចាស់ ទ្រង់ជាព្រះ ហើយព្រះវិញ្ញាណធ្វើទីបន្ទាល់ ហើយទីបន្ទាល់នោះពិត ហើយសេចក្ដីពិតជាប់នៅរៀងដរាបតទៅ។ អាម៉ែន៕