កណ្ឌទី ៥៨
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅក្រុងស៊ីយ៉ូន ស្រុកចាកសុន រដ្ឋមិសសួរី ថ្ងៃទី១ ខែសីហា ឆ្នាំ១៨៣១ (History of the Church, ១:១៩០–១៩៥)។ នៅថ្ងៃឈប់សម្រាកទីមួយ បន្ទាប់ពីព្យាការី និងក្រុមលោកបានមកដល់ពីស្រុក ចាកសុន រដ្ឋមិសសួរី នោះមានការប្រជុំមួយខាងសាសនា ហើយមានសមាជិកពីរនាក់បានទទួលបុណ្យជ្រមុជទឹក។ នៅក្នុងអាទិត្យនោះ មានពួកបរិសុទ្ធខ្លះៗពីភូមិខូលស្វិល មកពីសាខាថមសុន និងពួកមនុស្សផ្សេងៗទៀតបានមកដល់ (សូមមើលកណ្ឌទី ៥៤)។ មនុស្សជាច្រើនចង់ដឹងពីព្រះហឫទ័យនៃព្រះអម្ចាស់ អំពីពួកគេនៅកន្លែងជួបជុំគ្នាថ្មី។
១–៥, ពួកអ្នកណាដែលស៊ូទ្រាំការវេទនា នោះនឹងបានពាក់សិរីល្អទុកជាមកុដ; ៦–១២, ពួកបរិសុទ្ធត្រូវរៀបចំសម្រាប់អាពាហ៍ពិពាហ៍នៃកូនចៀម និងអាហារនៃព្រះអម្ចាស់; ១៣–១៨, ប៊ីស្សពត្រូវធ្វើជាចៅក្រមក្នុងចំណោមសាសន៍អ៊ីស្រាអែល; ១៩–២៣, ពួកបរិសុទ្ធត្រូវគោរពតាមក្រឹត្យវិន័យទាំងឡាយនៃដែនដី; ២៤–២៩, មនុស្សលោកគប្បីប្រើសិទ្ធិជ្រើសរើសរបស់ខ្លួនដើម្បីធ្វើអំពើល្អ; ៣០–៣៣, ព្រះអម្ចាស់ទ្រង់បញ្ជា ហើយដកចេញ; ៣៤–៤៣, ដើម្បីប្រែចិត្ត មនុស្សលោកត្រូវសារភាព ហើយលះបង់ចោលអំពើបាបទាំងឡាយរបស់ខ្លួន; ៤៤–៥៨, ពួកបរិសុទ្ធត្រូវទិញដីនៃកេរ្តិ៍អាកររបស់ពួកខ្លួន ហើយជួបជុំគ្នានៅរដ្ឋមិសសួរី; ៥៩–៦៥, ដំណឹងល្អត្រូវបានផ្សាយដល់គ្រប់មនុស្សទាំងអស់។
១ចូរប្រុងស្ដាប់ចុះ ឱអ្នករាល់គ្នាជាពួកអែលឌើរនៃសាសនាចក្ររបស់យើងអើយ ហើយចូរផ្ទៀងត្រចៀកចំពោះព្រះបន្ទូលរបស់យើង ហើយរៀនពីយើង តាមអ្វីដែលយើងសព្វព្រះហឫទ័យអំពីអ្នក និងអំពីដែនដីនេះផង ដែលយើងបានចាត់អ្នកឲ្យទៅ។
២ត្បិតយើងប្រាប់អ្នកជាប្រាកដថា មានពរហើយដល់អ្នកណាដែលកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់យើង ទោះបីរស់ ឬស្លាប់ក្ដី ហើយអ្នកណាដែលមានចិត្តស្មោះត្រង់ក្នុងសេចក្ដីវេទនា រង្វាន់របស់អ្នកនោះនៅនគរស្ថានសួគ៌ គឺប្រសើរជាង។
៣ត្បិតនៅពេលនេះ អ្នករាល់គ្នាពុំអាចមើលឃើញដោយភ្នែកធម្មតារបស់អ្នកឡើយ នូវគម្រោងការណ៍នៃព្រះរបស់អ្នកអំពីអ្វីៗទាំងនោះ ដែលត្រូវបានមកនៅពេលក្រោយ និងសិរីល្អដែលត្រូវមកតាមក្រោយ បន្ទាប់ពីមានសេចក្ដីវេទនាដ៏ច្រើន។
៤ត្បិតបន្ទាប់ពីមានការវេទនាដ៏ច្រើន នោះទើបបានព្រះពរ។ ហេតុដូច្នោះហើយ ថ្ងៃនោះនឹងមកដល់ កាលអ្នករាល់គ្នានឹងត្រូវបានពាក់សិរីល្អដ៏ច្រើនទុកជាមកុដ ម៉ោងមិនទាន់ដល់ទេ ប៉ុន្តែនៅជិតដៃបង្កើយ។
៥ចូរនឹកចាំពីការណ៍នេះ ដែលយើងប្រាប់អ្នកមកពីមុន ប្រយោជន៍ឲ្យអ្នកអាចទុកក្នុងចិត្ត ហើយទទួលយកអ្វីដែលនឹងមកតាមក្រោយ។
៦មើលចុះ យើងប្រាប់អ្នកជាប្រាកដថា ព្រោះដោយហេតុនេះបានជាយើងចាត់អ្នក — ប្រយោជន៍ឲ្យអ្នកអាចគោរពតាម ហើយប្រយោជន៍ឲ្យចិត្តអ្នករាល់គ្នាអាចបានប្រុងប្រៀប ដើម្បីថ្លែងទីបន្ទាល់អំពីអ្វីៗដែលនឹងមកដល់។
៧ហើយប្រយោជន៍ឲ្យអ្នកអាចបានកិត្តិយសផង ក្នុងការសង់គ្រឹះ និងក្នុងការធ្វើទីបន្ទាល់អំពីដែនដីដែលក្រុងស៊ីយ៉ូននៃព្រះនឹងបានសង់ឡើង
៨ហើយប្រយោជន៍ឲ្យការជប់លៀងដោយម្ហូបមានឱជារសយ៉ាងវិសេសសម្រាប់មនុស្សទាល់ក្រ មែនហើយ ជាការជប់លៀងដោយម្ហូបមានឱជារសយ៉ាងវិសេស និងស្រាទំពាំងបាយជូរសម្រាំងយ៉ាងល្អ ប្រយោជន៍ឲ្យផែនដីអាចបានដឹងថា មាត់នៃពួកព្យាការីនឹងមិនត្រូវខកឡើយ
៩មែនហើយ ជាអាហារនៃដំណាក់របស់ព្រះអម្ចាស់ ដែលបានរៀបចំជាស្រេចដល់គ្រប់ទាំងសាសន៍ណាដែលត្រូវបានអញ្ជើញមក។
១០ទីមួយ គឺពួកមនុស្សមាន និងពួកអ្នករៀនសូត្រ ពួកអ្នកប្រាជ្ញ និងពួកដែលមានត្រកូលខ្ពស់
១១ហើយបន្ទាប់ពីនោះ គឺថ្ងៃនៃព្រះចេស្ដារបស់យើងនឹងមកដល់ ខណៈនោះ មនុស្សទាល់ក្រ មនុស្សខ្វិន និងមនុស្សខ្វាក់ និងមនុស្សថ្លង់នឹងមករៀបអាពាហ៍ពិពាហ៍នៃកូនចៀម ហើយទទួលទានអាហារនៃព្រះអម្ចាស់ ដែលបានរៀបចំស្រេចសម្រាប់ថ្ងៃដ៏ធំដែលនឹងមក ដល់។
១២មើលចុះ យើងជាព្រះអម្ចាស់បានមានព្រះបន្ទូលហើយ។
១៣ហើយប្រយោជន៍ឲ្យទីបន្ទាល់អាចចេញពីក្រុងស៊ីយ៉ូនទៅ មែនហើយ គឺចេញពីមាត់នៃទីក្រុងមរតករបស់ព្រះ —
១៤មែនហើយ ព្រោះដោយហេតុនេះហើយ បានជាយើងចាត់អ្នកឲ្យមកទីនេះ ហើយបានជ្រើសរើសអែតវឺត ប៉ាទ្រិច ជាអ្នកបម្រើរបស់យើង ហើយបានចាត់ចែងបេសកកម្មដល់គាត់ នៅក្នុងដែនដីនេះ។
១៥ប៉ុន្តែបើសិនជាគាត់មិនប្រែចិត្តពីអំពើបាបទាំងឡាយរបស់គាត់ ដែលជាការឥតជំនឿ និងការខ្វាក់រឹងទទឹងនៃចិត្តទេ នោះចូរឲ្យគាត់ប្រុងប្រយ័ត្ន ក្រែងគាត់ដួល។
១៦មើលចុះ បេសកកម្មរបស់គាត់ត្រូវបានប្រគល់ដល់គាត់ហើយ ហើយនឹងមិនត្រូវប្រគល់ដល់គាត់ទៀតទេ។
១៧ហើយអស់អ្នកណាដែលប្រព្រឹត្តក្នុងបេសកកម្មនេះ គឺត្រូវបានតាំងឲ្យធ្វើជាចៅក្រមក្នុងចំណោមសាសន៍អ៊ីស្រាអែល ដូចជានៅកាលពីចាស់បុរាណ ដើម្បីចែកដែនដីនៃមរតករបស់ព្រះដល់កូនចៅរបស់ទ្រង់
១៨ហើយដើម្បីជំនុំជំរះរាស្ត្ររបស់ទ្រង់ ដោយសារទីបន្ទាល់នៃមនុស្សសុចរិត និងដោយសារជំនួយពីទីប្រឹក្សាទាំងឡាយរបស់គាត់ តាមក្រឹត្យវិន័យទាំងឡាយនៃនគរ ដែលបានប្រទានឲ្យមកដោយពួកព្យាការីនៃព្រះ។
១៩ត្បិតយើងប្រាប់អ្នកជាប្រាកដថា ក្រឹត្យវិន័យរបស់យើងនឹងត្រូវបានកាន់តាមនៅលើដែនដីនេះ។
២០ចូរកុំឲ្យមនុស្សណាស្មានថា ខ្លួនជាអ្នកគ្រប់គ្រងឡើយ ប៉ុន្តែចូរឲ្យព្រះទ្រង់គ្រប់គ្រងលើអ្នកដែលជំនុំជំរះវិញ តាមដំបូន្មាននៃព្រះហឫទ័យរបស់ទ្រង់ផ្ទាល់ ឬក៏ម្យ៉ាងទៀត លើអ្នកណាដែលទូន្មាន ឬអង្គុយនៅលើទីវេទិកាជំនុំជំរះ។
២១ចូរកុំឲ្យមនុស្សណាបំបាក់ក្រឹត្យវិន័យទាំងឡាយនៃដែនដីឡើយ ត្បិតអ្នកណាដែលកាន់តាមក្រឹត្យវិន័យទាំងឡាយនៃព្រះ នោះមិនត្រូវបំបាក់ក្រឹត្យវិន័យទាំងឡាយនៃដែនដីទេ។
២២ហេតុដូច្នោះហើយ ចូរនៅក្រោមអំណាចទាំងឡាយដែលមានហើយចុះ រហូតដល់ទ្រង់សោយរាជ្យ ដែលមានសិទ្ធិសោយរាជ្យ ហើយដាក់អស់ទាំងខ្មាំងសត្រូវនៅក្រោមព្រះបាទទ្រង់។
២៣មើលចុះ ក្រឹត្យវិន័យទាំងឡាយដែលអ្នករាល់គ្នាបានទទួលពីព្រះហស្តរបស់យើង គឺជាក្រឹត្យវិន័យទាំងឡាយនៃសាសនាចក្រ ហើយដោយនូវចំណុចនេះហើយ បានជាអ្នករាល់គ្នាត្រូវកាន់តាម។ មើលចុះ នេះហើយជាប្រាជ្ញា។
២៤ហើយឥឡូវនេះ ដូចជាយើងមានបន្ទូលអំពីអែតវឺត ប៉ាទ្រិច ជាអ្នកបម្រើរបស់យើងថា ដែនដីនេះ ជាដែនដីនៃទីលំនៅរបស់គាត់ និងពួកអ្នកដែលគាត់បានតាំងឲ្យធ្វើជាទីប្រឹក្សារបស់គាត់ ហើយជាដែនដីនៃទីលំនៅដល់អ្នកណា ដែលយើងបានតាំងឲ្យថែរក្សាឃ្លាំង របស់យើងដែរ
២៥ហេតុដូច្នោះហើយ ចូរឲ្យពួកគេនាំគ្រួសាររបស់ពួកគេមកឯដែនដីនេះ ដូចដែលពួកគេត្រូវបានទូន្មានរវាងខ្លួនគេជាមួយនឹងយើងចុះ។
២៦ត្បិតមើលចុះ មិនសមឲ្យយើងត្រូវបញ្ជានូវគ្រប់អ្វីៗទាំងអស់ទេ ត្បិតអ្នកណាដែលត្រូវគេបង្ខំនូវគ្រប់អ្វីៗទាំងអស់ អ្នកនោះមានឈ្មោះថាជាបាវខ្ជិលច្រអូស ហើយមិនមានប្រាជ្ញាទៅវិញ ហេតុដូច្នោះហើយ អ្នកនោះពុំបានទទួលរង្វាន់ឡើយ។
២៧យើងប្រាប់ជាប្រាកដថា មនុស្សលោកត្រូវឧស្សាហ៍ចូលរួមក្នុងប្រយោជន៍ល្អ ហើយប្រព្រឹត្តអ្វីៗជាច្រើនតាមបំណងចិត្តរបស់ខ្លួន ហើយនាំមកនូវសេចក្ដីសុចរិតដ៏ច្រើន
២៨ត្បិតអំណាចគឺមាននៅក្នុងខ្លួនគេ ម្ល៉ោះហើយ ពួកគេជាភ្នាក់ងារចំពោះខ្លួនគេផ្ទាល់។ ហើយដរាបណាមនុស្សលោកប្រព្រឹត្តអំពើល្អ នោះពួកគេនឹងពុំត្រូវបាត់បង់រង្វាន់របស់ខ្លួនឡើយ។
២៩ប៉ុន្តែអ្នកណាដែលមិនប្រព្រឹត្តអ្វីសោះឡើយ ទាល់តែអ្នកនោះត្រូវបានបញ្ជា ហើយទទួលបញ្ញត្តិនោះដោយចិត្តសង្ស័យ ហើយកាន់តាមដោយចិត្តខ្ជិលច្រអូស អ្នកនោះឈ្មោះថាជាប់ទោសហើយ។
៣០ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា តើយើងជានរណាទៅដែលបានបង្កើតមនុស្សមក ដែលនឹងគិតថា អ្នកនោះគ្មានទោសទេ ដែលពុំគោរពតាមបញ្ញត្តិទាំងឡាយរបស់យើងនោះ?
៣១ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា តើយើងជានរណាទៅដែលបានសន្យា ហើយពុំបានសម្រេចនោះ?
៣២យើងបញ្ជា ហើយមនុស្សលោកពុំគោរពតាមសោះ យើងដកយកចេញ ហើយពួកគេពុំបានទទួលព្រះពរឡើយ។
៣៣ខណៈនោះ ពួកគេនិយាយក្នុងចិត្តពួកគេថា ៖ នេះពុំមែនជាកិច្ចការនៃព្រះអម្ចាស់ទេ ត្បិតសេចក្ដីសន្យាទាំងឡាយរបស់ទ្រង់ពុំបានសម្រេចសោះ។ ប៉ុន្តែវេទនាដល់មនុស្សរបៀបនោះ ត្បិតរង្វាន់របស់ពួកគេនៅខាងក្រោម ហើយពុំមែនមកពីខាងលើទេ។
៣៤ហើយឥឡូវនេះ យើងប្រទានការដឹកនាំអំពីដែនដីនេះតទៅទៀត។
៣៥នេះជាប្រាជ្ញានៅក្នុងយើង ដែលម៉ាទិន ហារិស ជាអ្នកបម្រើរបស់យើង ត្រូវធ្វើជាគំរូដល់សាសនាចក្រ ដោយនូវការដាក់ប្រាក់កាសរបស់គាត់ចំពោះប៊ីស្សពនៃសាសនាចក្រ។
៣៦ហើយឥឡូវនេះ នេះជាក្រឹត្យវិន័យដល់មនុស្សគ្រប់រូបណាដែលមកឯដែនដីនេះ ដើម្បីទទួលកេរ្តិ៍អាករ ហើយអ្នកនោះត្រូវធ្វើអ្វីនឹងប្រាក់កាសតាមតែក្រឹត្យវិន័យដឹកនាំចុះ។
៣៧ហើយនេះជាប្រាជ្ញាផងដែរ ដែលត្រូវមានដីធ្លីទិញនៅក្រុងអ៊ិនឌីប៉ែនដែនស៍ ទុកជាកន្លែងសម្រាប់ធ្វើឃ្លាំង និងទុកសម្រាប់ធ្វើរោងបោះពុម្ព។
៣៨ហើយការដឹកនាំផ្សេងៗទៀត ស្ដីអំពីម៉ាទិន ហារិស ជាអ្នកបម្រើរបស់យើង នឹងត្រូវបានប្រទានដល់គាត់ពីព្រះវិញ្ញាណ ប្រយោជន៍ឲ្យគាត់អាចបានទទួលកេរ្តិ៍អាកររបស់គាត់ តាមដែលឃើញថាល្អដល់គាត់
៣៩ហើយចូរឲ្យគាត់ប្រែចិត្តពីអំពើបាបទាំងឡាយរបស់គាត់ចុះ ត្បិតគាត់ស្វែងរកសេចក្ដីសរសើរតម្កើងនៃមនុស្សលោក។
៤០ហើយចូរឲ្យវិលលាម ដ័បបុលយូ ហ្វែប្ស ឈរក្នុងតំណែងដែលយើងបានតាំងដល់គាត់ ហើយទទួលកេរ្តិ៍អាកររបស់គាត់ក្នុងដែនដីផងចុះ
៤១ហើយគាត់ត្រូវការប្រែចិត្តផងដែរ ត្បិតយើងជាព្រះអម្ចាស់ មិនសព្វព្រះហឫទ័យនឹងគាត់ឡើយ ត្បិតគាត់ស្វែងរកដើម្បីតម្កើងខ្ពស់ ហើយគាត់មិនស្លូតបូតគ្រប់គ្រាន់នៅចំពោះយើងទេ។
៤២មើលចុះ អ្នកណាដែលប្រែចិត្តពីអំពើបាបទាំងឡាយរបស់ខ្លួន អ្នកនោះឈ្មោះថាបានអត់ទោសឲ្យហើយ ហើយយើងជាព្រះអម្ចាស់មិនចាំពីអំពើបាបទាំងនោះទៀតទេ។
៤៣តាមរបៀបនេះ អ្នករាល់គ្នាអាចដឹង បើសិនជាមនុស្សណាម្នាក់ប្រែចិត្តពីអំពើបាបទាំងឡាយរបស់ខ្លួនមែន ឬអត់ — មើលចុះ អ្នកនោះនឹងសារភាពអំពីអំពើបាបទាំងឡាយ ហើយលះបង់ចោលអំពើបាបទាំងនោះ។
៤៤ហើយឥឡូវនេះ ប្រាកដមែន យើងស្ដីអំពីពួកអែលឌើរដែលនៅសល់ទាំងប៉ុន្មាននៃសាសនាចក្រយើងថា ពេលវេលាមិនទាន់មកដល់ទេ គឺនៅច្រើនឆ្នាំទៀតសម្រាប់ឲ្យពួកគេទទួលកេរ្តិ៍អាកររបស់ពួកគេនៅក្នុងដែនដីនេះ លើកលែងតែពួកគេមានបំណងចង់បានកេរ្តិ៍អាករនោះ តាមរយៈពាក្យអធិស្ឋាននៃសេចក្ដីជំនឿ ដូចដែលបានចាត់ដល់ពួកគេពីព្រះអម្ចាស់ប៉ុណ្ណោះ។
៤៥ត្បិតមើលចុះ ពួកគេនឹងរុញច្រានប្រជាជនទាំងប៉ុន្មានមកជួបជុំគ្នា មកពីទីបំផុតនៃផែនដី។
៤៦ហេតុដូច្នោះហើយ ចូរជួបជុំគ្នាចុះ ហើយពួកអ្នកណាដែលពុំបានចាត់ឲ្យនៅក្នុងដែនដីនេះ ចូរឲ្យពួកគេផ្សាយដំណឹងល្អនៅក្នុងភូមិភាគជុំវិញ ហើយបន្ទាប់មក ចូរឲ្យពួកគេវិលទៅផ្ទះរបស់ពួកគេវិញចុះ។
៤៧ចូរឲ្យពួកគេផ្សាយតាមផ្លូវ ហើយថ្លែងទីបន្ទាល់អំពីសេចក្ដីពិតនៅគ្រប់កន្លែង ហើយហៅពួកអ្នកមាន ទាំងខ្ពស់ និងទាប និងពួកមនុស្សទាល់ក្រឲ្យប្រែចិត្តចុះ។
៤៨ហើយចូរឲ្យពួកគេសង់សាសនាចក្រទាំងឡាយឡើង ដរាបណាមានបណ្ដាជននៅលើផែនដីដែលនឹងប្រែចិត្ត។
៤៩ហើយចូរឲ្យមានភ្នាក់ងារមួយតាំងឡើង ដោយសារសំឡេងនៃសាសនាចក្រ ចំពោះសាសនាចក្រនៅរដ្ឋអូហៃអូ ដើម្បីទទួលយកប្រាក់កាសទៅទិញដីធ្លីនៅក្រុងស៊ីយ៉ូនចុះ។
៥០ហើយយើងប្រទានបញ្ញត្តិមួយដល់ស៊ីឌនី រិកដុន ជាអ្នកបម្រើរបស់យើងថា គាត់នឹងត្រូវសរសេរពិពណ៌នាអំពីដែនដីស៊ីយ៉ូន និងសេចក្ដីថ្លែងមួយអំពីព្រះហឫទ័យនៃព្រះ ដូចដែលត្រូវបានធ្វើឲ្យគាត់ដឹងដោយសារព្រះវិញ្ញាណ។
៥១ហើយសំបុត្រ និងវិភាគទាន ដើម្បីជូនដល់អស់ទាំងសាសនាចក្រ ដើម្បីទទួលប្រាក់កាស ដើម្បីដាក់ក្នុងដៃនៃប៊ីស្សព ដោយខ្លួនគេផ្ទាល់ ឬដោយភ្នាក់ងារក្ដី ដូចជាឃើញថាល្អដល់គាត់ ឬដូចជាគាត់នឹងដឹកនាំដើម្បីទិញដីធ្លីទុកសម្រាប់ជាកេរ្តិ៍អាករដល់កូនចៅនៃព្រះ។
៥២ត្បិតមើលចុះ យើងប្រាប់អ្នកជាប្រាកដថា ព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យចង់ឲ្យពួកសិស្ស និងកូនចៅមនុស្សបើកចិត្តរបស់ពួកគេ គឺដើម្បីទិញភូមិភាគទាំងមូលនៃស្រុកនេះ យ៉ាងឆាប់ៗតាមពេលវេលាអនុញ្ញាត។
៥៣មើលចុះ នេះហើយជាប្រាជ្ញា។ ចូរឲ្យពួកគេធ្វើការនេះ ក្រែងពួកគេមិនបានទទួលកេរ្តិ៍អាករណាឡើយ លើកលែងតែដោយសារការខ្ចាយឈាម។
៥៤ហើយជាថ្មីទៀត ដរាបណាអាចយកដីបាន នោះចូរចាត់ពួកអ្នកធ្វើការគ្រប់បែបយ៉ាងឲ្យមកដែនដីនេះ ដើម្បីធ្វើការសម្រាប់ពួកបរិសុទ្ធនៃព្រះ។
៥៥ចូរឲ្យគ្រប់របស់អស់ទាំងនេះបានសម្រេចតាមរបៀបរៀបរយចុះ ហើយម្ដងម្កាល ចូរប្រាប់ឲ្យដឹងពីឯកសិទ្ធិដែលមានដីធ្លី ដោយប៊ីស្សព ឬភ្នាក់ងារនៃសាសនាចក្រ។
៥៦ហើយចូរកុំឲ្យកិច្ចការខាងការប្រមូលគ្នាមកដោយប្រញាប់ប្រញាល់ ឬដោយរត់ភៀសខ្លួនឡើយ ប៉ុន្តែចូរឲ្យធ្វើឡើងដូចដែលបានទូន្មានដោយពួកអែលឌើរនៃសាសនាចក្រនៅឯសន្និសីទចុះ តាមការចេះដឹងដែលពួកគេបានទទួលម្ដងម្កាល។
៥៧ហើយចូរឲ្យស៊ីឌនី រិកដុន ជាអ្នកបម្រើរបស់យើង ថ្វាយ ហើយធ្វើបុណ្យឆ្លងដែនដីនេះ និងកន្លែងសម្រាប់ព្រះវិហារចំពោះព្រះអម្ចាស់ចុះ។
៥៨ហើយចូរហៅឲ្យមានការប្រជុំសន្និសីទមួយចុះ ហើយបន្ទាប់មក ចូរឲ្យស៊ីឌនី រិកដុន និងយ៉ូសែប ស៊្មីធ ជុញ្ញ័រ ជាពួកអ្នកបម្រើរបស់យើងវិលមកវិញចុះ ហើយចូរឲ្យអូលីវើរ ខៅឌើរី មកជាមួយពួកគេផង ដើម្បីសម្រេចនូវកិច្ចការដែលនៅសល់ទាំងប៉ុន្មាន ដែលយើងបានតាំងដល់ពួកគេនៅក្នុងដីធ្លីរបស់ពួកគេ និងកិច្ចការដែលនៅសល់ទាំងប៉ុន្មាន ដូចដែលបានដឹកនាំពីសន្និសីទទាំងឡាយចុះ។
៥៩ហើយចូរកុំឲ្យមនុស្សណាមួយវិលពីដែនដីនេះឡើយ លើកលែងតែអ្នកនោះដែលថ្លែងទីបន្ទាល់តាមផ្លូវ អំពីអ្វីដែលអ្នកនោះដឹង និងជឿយ៉ាងជាក់លាក់បំផុត។
៦០ចូរដកអ្វីដែលបានប្រទានមកលើ ស៊ីបា ភីតើសុន ចេញពីគាត់ចុះ; ហើយចូរឲ្យគាត់ឈរជាសមាជិកនៅក្នុងសាសនាចក្រ ហើយធ្វើ ការដោយដៃរបស់គាត់ផ្ទាល់ ជាមួយនឹងពួកបងប្អូន រហូតដល់គាត់ត្រូវបន្ទោសឲ្យបានគ្រប់គ្រាន់ សម្រាប់អំពើបាបទាំងអស់របស់គាត់ សិន; ត្បិតគាត់ពុំបានសារភាពពីអំពើបាបទាំងនោះឡើយ ហើយគាត់គិតដើម្បីលាក់ទុក។
៦១ចូរឲ្យពួកអែលឌើរដែលនៅសល់ទាំងប៉ុន្មាននៃសាសនាចក្រនេះ ជាពួកអ្នកដែលមកដែនដីនេះ ឯអ្នកខ្លះត្រូវបានពរយ៉ាងលើសលប់ ចូរឲ្យពួកគេធ្វើសន្និសីទនៅលើដែនដីនេះចុះ។
៦២ហើយចូរឲ្យអែតវឺត ប៉ាទ្រិច ជាអ្នកបម្រើរបស់យើងដឹកនាំសន្និសីទ ដែលនឹងធ្វើឡើងដោយពួកគេ។
៦៣ហើយចូរឲ្យពួកគេវិលមកវិញផង ដោយផ្សាយដំណឹងល្អតាមផ្លូវ ដោយថ្លែងទីបន្ទាល់អំពីអ្វីៗ ដែលបានបើកសម្ដែងដល់ពួកគេចុះ។
៦៤ត្បិតប្រាកដមែន សំឡេងត្រូវចេញពីកន្លែងនេះទៅដល់ពិភពលោកទាំងអស់ និងទៅដល់ចុងផែនដីបំផុត — គឺដំណឹងល្អត្រូវបានផ្សាយដល់សត្វលោកគ្រប់រូប ដោយមានទីសំគាល់ទាំងឡាយជាប់តាមអស់អ្នកដែលជឿ។
៦៥ហើយមើលចុះ កូនមនុស្សនឹងយាងមក។ អាម៉ែន៕