កណ្ឌទី ៨២
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅស្រុកចាកសុន រដ្ឋមិសសួរី ថ្ងៃទី២៦ ខែមេសា ឆ្នាំ១៨៣២ (History of the Church, ១:២៦៧–២៦៩)។ ជាគ្រានៃការប្រឹក្សាទូទៅរបស់សាសនាចក្រ ដែលយ៉ូសែប ស៊្មីធ ជាព្យាការី ត្រូវបានគាំទ្រឲ្យធ្វើជាប្រធាននៃបព្វជិតភាពជាន់ខ្ពស់ ចំពោះតំណែងដែលលោកបានតែងតាំងពីមុនមក នៅឯសន្និសីទនៃសង្ឃជាន់ខ្ពស់ អែលឌើរ និងសមាជិក នៅភូមិអាមហ៊ើស្ទ រដ្ឋអូហៃអូ ថ្ងៃទី២៥ ខែមករា ឆ្នាំ១៨៣២ (សូមមើលចំណងជើងនៃកណ្ឌទី ៧៥)។ កាលពីដើម មានឈ្មោះប្លែកៗបានយកមកប្រើក្នុងការបោះពុម្ពវិវរណៈនេះ ដើម្បីលាក់ឈ្មោះជនទាំងឡាយ (សូមមើលចំណងជើងនៃកណ្ឌទី ៧៨)។
១–៤, កាលដែលត្រូវបានប្រទានឲ្យច្រើន នោះក៏មានតម្រូវការជាច្រើនវិញ; ៥–៧, សេចក្ដីងងឹតសោយរាជ្យនៅក្នុងពិភពលោក; ៨–១៣, ព្រះអម្ចាស់ទ្រង់ជាប់សន្យា កាលណាយើងប្រព្រឹត្តតាមអ្វីដែលទ្រង់មានព្រះបន្ទូល; ១៤–១៨, ក្រុងស៊ីយ៉ូនត្រូវរីកខាងលំអ និងបរិសុទ្ធភាព; ១៩–២៤, មនុស្សគ្រប់រូបត្រូវស្វែងរកចំណូលចិត្តនៃអ្នកជិតខាងរបស់ខ្លួន។
១ប្រាកដមែន យើងប្រាប់អ្នករាល់គ្នា ជាពួកអ្នកបម្រើរបស់យើង ជាប្រាកដថា ដរាបណាអ្នកអត់ទោសដល់គ្នាទៅវិញទៅមកចំពោះការរំលងច្បាប់របស់ខ្លួន នោះសូម្បីតែយើងជាព្រះអម្ចាស់ក្ដី ក៏អត់ទោសឲ្យអ្នកដែរ។
២ទោះជាយ៉ាងណាក៏ដោយ គង់តែមានពួកអ្នកទាំងនោះនៅក្នុងចំណោមអ្នកដែរ ដែលបានធ្វើបាបដ៏ធ្ងន់ធ្ងរ មែនហើយ គឺអស់អ្នករាល់គ្នាបានធ្វើបាប ប៉ុន្តែយើងប្រាប់អ្នកជាប្រាកដថា ចូរប្រយ័ត្នពីពេលនេះតទៅ ហើយចូរបែរចេញពីអំពើបាប ខ្លាចក្រែងសេចក្ដីជំនុំជំរះដ៏ធ្ងន់ធ្ងរនឹងធ្លាក់មកលើក្បាលអ្នក។
៣ត្បិតដល់អ្នកណាដែលត្រូវបានប្រទានឲ្យច្រើន នោះក៏មានតម្រូវការជាច្រើនវិញ ហើយអ្នកណាដែលធ្វើបាបទាស់នឹងពន្លឺដ៏ធំជាង នោះនឹងត្រូវទទួលការដាក់ទោសដ៏ធំជាងដែរ។
៤អ្នករាល់គ្នាអំពាវនាវដល់ព្រះនាមរបស់យើង សូមវិវរណៈទាំងឡាយ ហើយយើងប្រទានវិវរណៈទាំងនោះដល់អ្នក ហើយដរាបណា អ្នករាល់គ្នាមិនកាន់តាមព្រះបន្ទូលទាំងឡាយរបស់យើង ដែលយើងប្រទានដល់អ្នកទេ នោះអ្នករាល់គ្នាត្រឡប់ទៅជាអ្នករំលងច្បាប់ ហើយសេចក្ដីយុត្តិធម៌ និងសេចក្ដីជំនុំជំរះត្រូវជាទោសដែលភ្ជាប់ទៅនឹងក្រឹត្យវិន័យរបស់យើង។
៥ហេតុដូច្នេះហើយ អ្វីក៏ដោយដែលយើងមានព្រះបន្ទូលដល់មនុស្សម្នាក់ នោះយើងមានព្រះបន្ទូលដល់មនុស្សទាំងអស់ថា ៖ ចូរចាំយាម ត្បិតមារសត្រូវកំពុងតែពង្រីកអាណាចក្រទាំងឡាយរបស់វា ហើយសេចក្ដីងងឹតសោយរាជ្យ
៦ហើយសេចក្ដីខ្ញាល់នៃព្រះឆួលឡើងទាស់នឹងបណ្ដាជននៅលើផែនដី ហើយគ្មាននរណាមួយប្រព្រឹត្តល្អឡើយ ត្បិតគ្រប់មនុស្សទាំងអស់បានចេញពីផ្លូវហើយ។
៧ហើយឥឡូវនេះ យើងប្រាប់អ្នកជាប្រាកដថា យើងជាព្រះអម្ចាស់ នឹងមិនដាក់ទោសដល់អំពើបាបអ្នកឡើយ ចូរទៅចុះ ហើយកុំធ្វើបាបទៀតឡើយ ប៉ុន្តែចំពោះអ្នកនោះដែលធ្វើបាប នោះអំពើបាបពីដើមនឹងវិលមកវិញ ព្រះអម្ចាស់ដ៏ជាព្រះរបស់អ្នក ទ្រង់មានព្រះបន្ទូល ថាដូច្នោះ។
៨ហើយជាថ្មីទៀត យើងប្រាប់អ្នកថា យើងប្រទានដល់អ្នកនូវបញ្ញត្តិថ្មីមួយ ប្រយោជន៍ឲ្យអ្នកអាចយល់ពីព្រះហឫទ័យ ដែលយើងមានចំពោះអ្នក
៩ឬក៏ម្យ៉ាងទៀត យើងប្រទានដល់អ្នកនូវការដឹកនាំទាំងឡាយពីរបៀបដែលអ្នកអាចប្រព្រឹត្តនៅចំពោះយើង ប្រយោជន៍ឲ្យវាអាចបានបែរទៅរកអ្នក សម្រាប់សេចក្ដីសង្គ្រោះដល់អ្នក។
១០យើងជាព្រះអម្ចាស់ជាប់សន្យា កាលណាអ្នករាល់គ្នាប្រព្រឹត្តតាមអ្វី ដែលយើងមានព្រះបន្ទូល ប៉ុន្តែកាលណាអ្នករាល់គ្នាមិនប្រព្រឹត្តតាមអ្វី ដែលយើងមានព្រះបន្ទូលទេ នោះអ្នករាល់គ្នាពុំមានសេចក្ដីសន្យាឡើយ។
១១ហេតុដូច្នេះហើយ យើងប្រាប់អ្នកជាប្រាកដថា ជាការចាំបាច់ដល់ អែតវឺត ប៉ាទ្រិច និង នូវល ខេ វិតនី, អេ ស៊ីឌនី គិលបឺត និងស៊ីឌនី រិកដុន ជាពួកអ្នកបម្រើរបស់យើង និង យ៉ូសែប ស៊្មីធ ជាអ្នកបម្រើរបស់យើង និង យ៉ូហាន វិតមើរ និង អូលីវើរ ខៅឌើរី និង ដ័បបុលយូ ដ័បបុលយូ ហ្វែប្ស និង ម៉ាទិន ហារិស ត្រូវបានចងជុំគ្នាដោយចំណង និងសេចក្ដីសញ្ញា ដែលពុំអាចបណ្ដាច់បានដោយសារការរំលងឡើយ លើកលែងតែសេចក្ដីជំនុំជំរះនឹងមកតាមភ្លាម ក្នុងការកាន់កាប់ត្រួតត្រានានារបស់អ្នក —
១២ដើម្បីកាន់កាប់កិច្ចការអំពីមនុស្សទ័លក្រ និងគ្រប់ទាំងអស់ដែលទាក់ទងទៅនឹងគណៈប៊ីស្សព ទាំងនៅក្នុងដែនដីស៊ីយ៉ូន និងនៅក្នុងដែនដីខឺតឡង់ដែរ
១៣ត្បិតយើងបានទុកដែនដីខឺតឡង់នៅក្នុងពេលកំណត់របស់យើងផ្ទាល់ ទុកសម្រាប់ប្រយោជន៍ដល់ពួកបរិសុទ្ធនៃព្រះដ៏ខ្ពស់បំផុត និងសម្រាប់ស្តេកមួយដល់ក្រុងស៊ីយ៉ូន។
១៤ត្បិតក្រុងស៊ីយ៉ូនត្រូវតែពង្រីកខាងលំអ និងខាងបរិសុទ្ធភាព ព្រំដែនទាំងឡាយរបស់នាងត្រូវតែពង្រីកឡើង ស្តេកទាំងឡាយរបស់នាងត្រូវបានចម្រើនកម្លាំងឡើង មែនហើយ យើងប្រាប់អ្នកជាប្រាកដថា ក្រុងស៊ីយ៉ូនត្រូវក្រោកឡើង ហើយប្រដាប់ដោយសំលៀកបំពាក់ដ៏រុងរឿងរបស់នាងចុះ។
១៥ហេតុដូច្នេះហើយ យើងប្រទានបញ្ញត្តិនេះដល់អ្នក ថាអ្នករាល់គ្នាត្រូវភ្ជាប់ខ្លួនដោយនូវសេចក្ដីសញ្ញានេះ ហើយវានឹងបានសម្រេចតាមក្រឹត្យវិន័យទាំងឡាយនៃព្រះអម្ចាស់។
១៦មើលចុះ នេះហើយជាប្រាជ្ញានៅក្នុងយើងដែរសម្រាប់ការល្អដល់អ្នក។
១៧ហើយអ្នកត្រូវបានស្មើគ្នា ឬក៏ម្យ៉ាងទៀត អ្នកត្រូវមានសិទ្ធិស្មើគ្នាក្នុងទ្រព្យសម្បត្តិទាំងឡាយ ទុកសម្រាប់ប្រយោជន៍ដល់ការកាន់កាប់កិច្ចការខាងការកាន់កាប់ត្រួតត្រារបស់អ្នក គឺមនុស្សគ្រប់រូបតាមចំណង់របស់ខ្លួន និងសេចក្ដីត្រូវការរបស់ខ្លួន ដរាបណាចំណង់របស់អ្នកនោះយុត្តិធម៌ —
១៨ហើយគ្រប់ការណ៍ទាំងនេះ ទុកសម្រាប់ប្រយោជន៍ដល់សាសនាចក្រនៃព្រះដ៏មានព្រះជន្មរស់នៅ ប្រយោជន៍ឲ្យមនុស្សគ្រប់រូបអាចបានប្រសើរឡើងចំពោះការប៉ិនប្រសប់របស់ខ្លួន ប្រយោជន៍ឲ្យមនុស្សគ្រប់រូបអាចបានការប៉ិនប្រសប់ផ្សេងៗទៀត មែនហើយ គឺរាប់រយ ដើម្បីបោះទៅក្នុងឃ្លាំងរបស់ព្រះអម្ចាស់ ដើម្បីឲ្យបានត្រឡប់ទៅជាទ្រព្យសម្បត្តិទូទៅ សម្រាប់សាសនាចក្រទាំងមូល —
១៩មនុស្សគ្រប់រូបស្វែងរកចំណូលចិត្តនៃអ្នកជិតខាងរបស់ខ្លួន ហើយប្រព្រឹត្តនូវគ្រប់ការណ៍ទាំងអស់ ដោយមានភ្នែកស្មោះស្ម័គ្រទាំងស្រុងចំពោះសិរីល្អនៃព្រះ។
២០របៀបនេះហើយដែលយើងបានតែងតាំងចំពោះរបៀបដ៏នៅអស់កល្បអស់កាលជានិច្ចដល់អ្នក និងដល់ពួកជំនួសអ្នកទាំងឡាយ ដរាបណាអ្នកមិនធ្វើបាបសោះ។
២១ហើយមនុស្សណាដែលធ្វើបាប ហើយពង្រឹងចិត្តខ្លួនទាស់នឹងសេចក្ដីសញ្ញានេះ នោះនឹងត្រូវដោះស្រាយតាមក្រឹត្យវិន័យទាំងឡាយនៃសាសនាចក្ររបស់យើង ហើយនឹងត្រូវប្រគល់ទៅឯការធ្វើទុក្ខពីអារក្សសាតាំង ទម្រាំដល់ថ្ងៃប្រោសលោះ។
២២ហើយឥឡូវនេះ យើងប្រាប់អ្នកជាប្រាកដថា នេះហើយគឺជាប្រាជ្ញា ចូរធ្វើមិត្តសម្លាញ់ដល់ខ្លួននូវទ្រព្យសម្បត្តិខាងសេចក្ដីឥតសុចរិត ហើយរបស់ទាំងនោះនឹងមិនបំផ្លាញអ្នកឡើយ។
២៣ចូរទុកសេចក្ដីជំនុំជំរះនឹងយើងចុះ ត្បិតវាជាសេចក្ដីជំនុំជំរះរបស់យើង ហើយយើងនឹងសងវិញ។ ចូរមានសេចក្ដីសុខសាន្តនៅជាមួយអ្នកចុះ រីឯព្រះពររបស់យើងទាំងប៉ុន្មាននឹងនៅជាមួយអ្នកតទៅ។
២៤ត្បិតទោះជាបន្តិចទៀតក្ដី នគររបស់ផងអ្នក ហើយនឹងបានទៅដល់អស់កល្បជានិច្ច បើសិនជាអ្នកមិនធ្លាក់ពីសេចក្ដីខ្ជាប់ខ្ជួនរបស់ខ្លួនឡើយនោះ។ គឺដូច្នោះមែន។ អាម៉ែន៕