ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 63


កណ្ឌ​ទី ៦៣

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ចុងខែ​សីហា ឆ្នាំ​១៨៣១ (History of the Church, ១:២០៦–២១១)។ នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ព្យាការី, ស៊ីឌនី រិកដុន និង អូលីវើរ ខៅឌើរី បាន​មក​ដល់​ក្រុង ខឺតឡង់ បន្ទាប់​ពី​បាន​ទៅ​ទស្សនកិច្ច​រដ្ឋ​មិសសួរី។ ទុកជា​បុព្វកថា​ដល់​បញ្ជី​របស់​លោក​នេះ ព្យាការី​បាន​សរសេរ​ថា ៖ « នៅ​ដើម​កាល​នៃ​សាសនាចក្រ នោះ​មាន​ការ​ខ្វល់​ខ្វាយ​ដ៏​ធំ ដើម្បី​បាន​ព្រះ​បន្ទូល​នៃ​ព្រះ យ៉ាង​ណា​ក៏​ដោយ ចំពោះ​គ្រប់​កិច្ច​ដែល​ទាក់​ទង​នឹង​សេចក្ដី​សង្គ្រោះ​របស់​យើង; ហើយ​ព្រោះ​ឥឡូវ​នេះ ដែនដី​ស៊ីយ៉ូន​ជាកម្ម​វត្ថុ​មួយ​ខាង​សាច់​ឈាម​ដ៏​សំខាន់​ដែល​គិត​ដល់ នោះ​ខ្ញុំ​បាន​ទូល​ដល់​ព្រះ​អម្ចាស់ សូម​ព័ត៌មាន​ត​ទៅ​ទៀត អំពី​ការ​ប្រមូល​ពួក​បរិសុទ្ធ និង​ការ​ទិញ​ដីធ្លី និង​ការ​ផ្សេងៗ​ទៀត » (History of the Church, ១:២០៧)។

១–៦, ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​នឹង​មក​លើ​ពួក​ទុច្ចរិត; ៧–១២, ទី​សំគាល់​ទាំង​ឡាយ​បាន​មក​ដោយ​សារ​សេចក្ដី​ជំនឿ; ១៣–១៩, ពួក​អ្នក​កំផិត​ក្នុង​ចិត្ត​នឹង​បដិសេធ​សេចក្ដី​ជំនឿ ហើយ​នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​បឹង​ភ្លើង; ២០, ពួក​ស្មោះត្រង់​នឹង​បាន​ទទួល​កេរមរតក​នៅ​លើ​ផែនដី ដែល​បាន​ផ្លាស់​ប្រែ; ២១, ដំណើរ​រឿង​ដ៏​ពេញ​លេញ​អំពី​ហេតុការណ៍​ទាំង​ឡាយ​នៅ​លើ​ភ្នំ​នៃ​ភាព​ផ្លាស់​ប្រែ ពុំ​ទាន់​បាន​បើក​សម្ដែង​ប្រាប់​នៅ​ឡើយ​ទេ; ២២–២៣, ពួក​គោរព​តាម​ទទួល​សេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ​នៃ​នគរ; ២៤–៣១, កេរមរតក​ទាំង​ឡាយ​នៅ​ក្រុង​ស៊ីយ៉ូន​ត្រូវ​តែ​ទិញ; ៣២–៣៥, ព្រះ​អម្ចាស់​ទ្រង់​ចេញ​បញ្ញត្តិ​ថា​មាន​សង្គ្រាម​ទាំង​ឡាយ ហើយ​ថា​ពួក​ទុច្ចរិត​ប្រហារ​ពួក​ទុច្ចរិត; ៣៦–៤៨, ពួក​បរិសុទ្ធ​ត្រូវ​ប្រមូល​គ្នា​ទៅ​ក្រុង​ស៊ីយ៉ូន ហើយ​ផ្ដល់​ប្រាក់​កាស ដើម្បី​កសាង​ក្រុង​នោះ​ឡើង; ៤៩–៥៤, ព្រះ​ពរ​ទាំង​ឡាយ​ត្រូវ​បាន​បញ្ជាក់​ដល់​ពួក​ស្មោះត្រង់ ក្នុង​កាល​ការ​យាង​មក​លើក​ទី​ពីរ​ក្នុង​ដំណើរ​រស់​ឡើង​វិញ និង​ក្នុង​សហស្សវត្ស; ៥៥–៥៨, នេះ​ហើយ​ជា​ថ្ងៃ​នៃ​ការ​ព្រមាន; ៥៩–៦៦, ព្រះ​នាម​របស់​ព្រះ​អម្ចាស់​ត្រូវ​យក​ជា​អសារ​ឥត​ការ ដោយ​ពួក​អ្នក​ដែល​យក​ព្រះ​នាម​មក​ប្រើ ដោយ​គ្មាន​សិទ្ធិ​អំណាច។

ចូរ​ប្រុង​ស្ដាប់​ចុះ ឱ​អ្នក​រាល់​គ្នា​ជា​រាស្ត្រ​អើយ ហើយ​ចូរ​បើកចំហ​ចិត្ត​របស់​អ្នក ហើយ​ផ្ទៀង​ត្រចៀក​ពី​ចម្ងាយ ហើយ​ចូរ​ស្ដាប់ ឱ! អ្នក​ដែល​ហៅ​ខ្លួន​ថា​ជា​រាស្ត្រ​នៃ​ព្រះ​អម្ចាស់​អើយ ហើយ​ឮ​ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់ និង​ព្រះ​ហឫទ័យ​របស់​ទ្រង់ ដែល​មាន​ចំពោះ​អ្នក​ចុះ។

មែន​ហើយ យើង​ប្រាប់​ជា​ប្រាកដ​ថា ចូរ​ឮ​ព្រះ​បន្ទូល​នៃ​ព្រះ​អង្គ​ដែល​មាន​សេចក្ដី​ខ្ញាល់​ឆួល​ឡើង​ទាស់​នឹង​ពួក​ទុច្ចរិត និង​ពួក​បះបោរ

ដែល​មាន​ព្រះ​ហឫទ័យ​ចង់​យក សូម្បីតែ​ពួក​គេ​ដែល​ទ្រង់​នឹង​យក​ទៅ ហើយ​រក្សា​ជីវិត​ពួក​គេ​ទុក ដែល​ទ្រង់​មាន​ព្រះ​ហឫទ័យ​ចង់​រក្សា​ទុក​ដែរ

ដែល​កសាង​ឡើង​តាម​ចំណង់ និង​ព្រះ​ហឫទ័យ​របស់​ទ្រង់ ហើយ​បំផ្លាញ​ចោល​ក្នុង​កាល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ ហើយ​អាច​បោះ​ព្រលឹង​ចុះ​ទៅ​ស្ថាន​នរក​បាន។

មើល​ចុះ យើង​ជា​ព្រះ​អម្ចាស់ បន្លឺ​សំឡេង​របស់​យើង ហើយ​សំឡេង​របស់​យី​ង​ត្រូវ​គោរព​តាម។

ហេតុ​ដូច្នោះ​ហើយ យើង​ប្រាប់​ជា​ប្រាកដ​ថា ចូរ​ឲ្យ​ពួក​ទុច្ចរិត​ប្រុងប្រយ័ត្ន ហើយ​ចូរ​ឲ្យ​ពួក​បះបោរ​កោតខ្លាច និង​ភ័យ​ញ័រ​ចុះ ហើយ​ចូរ​ឲ្យ​ពួក​ដែល​ឥត​ជឿ​ទប់​មាត់​របស់​ពួក​គេ​ទុក ត្បិត​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​នឹង​មក​លើ​ពួក​គេ ដូច​ជា​ព្យុះសង្ឃរា ហើយ​សាច់​ឈាម​ទាំង​អស់​នឹង​ស្គាល់​ថា យើង​ជា​ព្រះ។

ហើយ​អ្នក​ណា​ដែល​ស្វែងរក​ទី​សំគាល់​ទាំង​ឡាយ​នោះ​នឹង​ឃើញ​ទី​សំគាល់​ទាំង​ឡាយ ប៉ុន្តែ​ពុំ​មែន​ចំពោះ​សេចក្ដី​សង្គ្រោះ​ឡើយ។

យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា មាន​អ្នក​ខ្លះ​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​ស្វែងរក​ទី​សំគាល់​ទាំង​ឡាយ ហើយ​មាន​មនុស្ស​បែប​នេះ ចាប់​តាំង​ពី​ដើមដំបូង​មក​ម្ល៉េះ

ប៉ុន្តែ​មើល​ចុះ សេចក្ដី​ជំនឿ​ពុំ​មែន​មាន​ឡើង​ដោយ​សារ​ទី​សំគាល់​ទាំង​ឡាយ​ឡើយ ប៉ុន្តែ​ទី​សំគាល់​ទាំង​ឡាយ​មក​តាម​ក្រោយ​អស់​អ្នក​ដែល​ជឿ​វិញ។

១០មែន​ហើយ ទី​សំគាល់​ទាំង​ឡាយ​មាន​ឡើង​ដោយ​សារ​សេចក្ដី​ជំនឿ ពុំ​មែន​ដោយ​សារ​បំណង​របស់​មនុស្ស ឬ​តាម​ដែល​ពួក​គេ​ចង់​បាន​នោះ​ទេ ប៉ុន្តែ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​វិញ។

១១មែន​ហើយ ទី​សំគាល់​ទាំង​ឡាយ​មាន​ឡើង ដោយ​សារ​សេចក្ដី​ជំនឿ​ចំពោះ​កិច្ចការ​ដ៏​អស្ចារ្យ ត្បិត​បើ​ឥត​មាន​សេចក្ដី​ជំនឿ​ទេ នោះ​គ្មាន​មនុស្ស​ណា​មួយ​អាច​សព្វ​ព្រះ​ហឫទ័យ​ព្រះ​បាន​ឡើយ ហើយ​អ្នក​ណា​ដែល​ព្រះ​ទ្រង់​ខ្ញាល់ នោះ​ទ្រង់​នឹង​មិន​សព្វ​ព្រះ​ហឫទ័យ​សោះឡើយ ហេតុ​ដូច្នោះ​ហើយ ចំពោះ​មនុស្ស​បែប​នេះ ព្រះ​អង្គ​មិន​បង្ហាញ​ទី​សំគាល់​ទាំង​ឡាយ​ឡើយ គ្រាន់តែ​សេចក្ដី​ក្រោធ​ចំពោះ​ការ​ដាក់​ទោស​ប៉ុណ្ណោះ។

១២ហេតុ​ដូច្នោះ​ហើយ យើង​ជា​ព្រះ​អម្ចាស់​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​អ្នក​ទាំង​នោះ ដែល​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​ស្វែងរក​ទី​សំ​គាល់ និង​ការ​អស្ចារ្យ​ទាំង​ឡាយ​សម្រាប់​សេចក្ដី​ជំនឿ ហើយ​មិនមែន​សម្រាប់​សេចក្ដី​ល្អ​ដល់​មនុស្ស​លោក​ចំពោះ​សិរី​ល្អ​របស់​យើង​ឡើយ។

១៣ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​ប្រទាន​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ ហើយ​មនុស្ស​ជា​ច្រើន​បាន​បែរ​ចេញ​ពី​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង ហើយ​ពុំ​បាន​កាន់​តាម​ទេ។

១៤មាន​ពួក​កំផិត​ប្រុស​ស្រី​នៅ​ក្នុង​ចំណោម​អ្នក ពួក​គេ​ខ្លះ​បាន​បែរ​ចេញ​ពី​អ្នក ហើយ​អ្នក​ផ្សេង​ទៀត​បាន​នៅ​ជាមួយ​អ្នក ដែល​នឹង​ត្រូវ​បាន​បើក​សម្ដែង​ប្រាប់​ពី​ពេល​នេះ​ត​ទៅ។

១៥ចូរ​ឲ្យ​មនុស្ស​បែប​នេះ​ប្រុងប្រយ័ត្ន ហើយ​ប្រែ​ចិត្ត​យ៉ាង​ឆាប់​រហ័ស​ចុះ ខ្លាចក្រែង​សេចក្ដី​ជំនុំ​ជំរះ​នឹង​មាន​មក​លើ​ពួក​គេ​ដូច​ជា​លប់ ហើយ​សេចក្ដី​ចម្កួត​របស់​ពួក​គេ​នឹង​ត្រូវ​បាន​សម្ដែង​ឲ្យ​ឃើញ ហើយ​កិច្ចការ​ទាំង​ឡាយ​របស់​ពួក​គេ​នឹង​ទៅ​តាម​ពួក​គេ​នៅ​ក្នុង​ភ្នែក​ទាំង​ឡាយ​នៃ​ប្រជាជន។

១៦ហើយ​យើង​ប្រាប់​អ្នក​ជា​ប្រាកដ ដូច​ជា​យើង​បាន​ប្រាប់​ពី​មុន​ថា អ្នក​ណា​ដែល​គ្រាន់តែ​ក្រឡេក​ឃើញ​ស្ត្រី ហើយ​មាន​តម្រេក​សម្រើប​ចង់​បាន ឬ​បើ​សិន​ជា​អ្នក​ណា​មួយ​ប្រព្រឹត្ត​អំពើ​កំផិត​នៅ​ក្នុង​ចិត្ត​របស់​ខ្លួន នោះ​នឹង​មិន​មាន​ព្រះ​វិញ្ញាណ​ឡើយ ប៉ុន្តែ​នឹង​បោះបង់​ចោល​សេចក្ដី​ជំនឿ ហើយ​នឹង​ខ្លាច​ទៅ​វិញ។

១៧ហេតុ​ដូច្នោះ​ហើយ យើង​ជា​ព្រះ​អម្ចាស់​បាន​មាន​បន្ទូល​ថា ពួក​ខ្លាច និង​ពួក​មិន​ជឿ និង​គ្រប់​ទាំង​ពួក​កំភូត និង​អស់​អ្នក​ណា​ដែល​ចូល​ចិត្ត ហើយ​ប្រព្រឹត្ត​ការ​កុហក និង​ពួក​កំផិត និង​ពួក​មន្តអាគម គេ​នឹង​មាន​ចំណែក​នៅ​ក្នុង​បឹង​ដែល​ឆេះ​ជា​ភ្លើង និង​ស្ពាន់ធ័រ គឺជា​សេចក្ដី​ស្លាប់​ទី​ពីរ​វិញ។

១៨យើង​ប្រាប់​ជា​ប្រាកដ​ថា ពួក​គេ​នឹង​មិន​មាន​ចំណែក​នៅ​ក្នុង​ដំណើរ​រស់​ឡើង​វិញ​លើក​ទី​មួយ​ឡើយ។

១៩ហើយ​ឥឡូវ​នេះ មើល​ចុះ យើង​ជា​ព្រះ​អម្ចាស់​ប្រាប់​អ្នក​ថា អ្នក​រាល់​គ្នា​ពុំ​បាន​រាប់​ជា​សុចរិត​ឡើយ ពី​ព្រោះ​មាន​ការណ៍​ទាំង​នេះ​នៅ​ចំណោម​ពួក​អ្នក។

២០ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​ណា​ដែល​កាន់ខ្ជាប់​នៅ​ក្នុង​សេចក្ដី​ជំនឿ ហើយ​ប្រព្រឹត្ត​តាម​ព្រះ​ហឫទ័យ​របស់​យើង អ្នក​នោះ​ហើយ​ឈ្មោះ​ថា​បាន​ឈ្នះ ហើយ​នឹង​បាន​ទទួល​កេរមរតក​នៅ​លើ​ផែនដី កាល​ថ្ងៃ​នៃ​ភាព​ផ្លាស់​ប្រែ​មក​ដល់

២១កាល​ផែនដី​នឹង​ផ្លាស់​ប្រែ គឺ​តាម​គំរូ​ដែល​បាន​បង្ហាញ​ដល់​ពួក​សាវក​របស់​យើង​នៅ​លើ​ភ្នំ រីឯ​ដំណើរ​រឿង​ដ៏​ពេញ​លេញ នោះ​អ្នក​រាល់​គ្នា​ពុំ​ទាន់​បាន​ទទួល​នៅ​ឡើយ​ទេ។

២២ហើយ​ឥឡូវ​នេះ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ដូច​ជា​យើង​បាន​មាន​បន្ទូល​ថា​នឹង​ធ្វើ​ឲ្យ​អ្នក​ដឹង​ពី​ព្រះ​ហឫទ័យ​របស់​យើង មើល​ចុះ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ដឹង​ពី​ព្រះ​ហឫទ័យ​របស់​យើង​មែន គឺ​ពុំ​មែន​ដោយ​មាគ៌ា​ខាង​ព្រះ​បញ្ញត្តិ​នោះ​ទេ ត្បិត​មាន​មនុស្ស​ជា​ច្រើន​ដែល​ពុំ​ស្វះ​ស្វែង​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង​ឡើយ។

២៣ប៉ុន្តែ​ចំពោះ​អ្នក​ណា​ដែល​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង នោះ​យើង​នឹង​ប្រទាន​សេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ​នៃ​នគរ​របស់​យើង ហើយ​ដដែល​នេះ​នឹង​នៅ​ក្នុង​អ្នក​នោះ ដូច​ជា​អណ្ដូងទឹក​រស់​ដែល​ផុស​ឡើង​ដល់​ទៅ​បាន​ជីវិត​អស់​កល្ប​ជានិច្ច។

២៤ហើយ​ឥឡូវ​នេះ មើល​ចុះ នេះ​ហើយ​ជា​ព្រះ​ហឫទ័យ​នៃ​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​អ្នក អំពី​ពួក​បរិសុទ្ធ​របស់​ទ្រង់​ថា ពួក​គេ​គួរ​ប្រជុំ​គ្នី​គ្នា​ទៅ​ឯ​ដែនដី​ស៊ីយ៉ូន ពុំ​មែន​ដោយ​បន្ទាន់​ទេ ខ្លាចក្រែង​ត្រូវ​មាន​ការ​ច្របូកច្របល់​ដែល​នាំ​ឲ្យ​មាន​អាសន្នរោគ។

២៥មើល​ចុះ ដែនដី​ស៊ីយ៉ូន — យើង​ជា​ព្រះ​អម្ចាស់ កាន់​នៅ​ក្នុង​ព្រះ​ហស្ត​របស់​យើង​ផ្ទាល់

២៦ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​ជា​ព្រះ​អម្ចាស់​ថ្វាយ​របស់​សេសារ​ទៅ​សេសារ​ចុះ។

២៧ហេតុ​ដូច្នោះ​ហើយ យើង​ជា​ព្រះ​អម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ចង់​ឲ្យ​អ្នក​ទិញ​ដីធ្លី​ទាំង​ឡាយ ប្រយោជន៍​ឲ្យ​អ្នក​អាច​មាន​ប្រៀប​លើ​ពិភព​លោក ប្រយោជន៍​ឲ្យ​អ្នក​អាច​មាន​សិទ្ធិ​លើ​ពិភពលោក ប្រយោជន៍​កុំ​ឲ្យ​ពួក​គេ​អាច​បាន​ចាក់​រុក​ឲ្យ​ខឹង។

២៨ត្បិត​អារក្ស​សាតាំង​ដាក់​ទៅ​ក្នុង​ចិត្ត​របស់​ពួក​គេ ដើម្បី​ឲ្យ​មាន​កំហឹង​ខឹង​នឹង​អ្នក ហើយ​ដើម្បី​ឲ្យ​មាន​ការ​ខ្ចាយ​ឈាម។

២៩ហេតុ​ដូច្នោះ​ហើយ ដែនដី​ស៊ីយ៉ូន​នឹង​ពុំ​ត្រូវ​បាន​ឡើយ លើក​លែងតែ​ដោយ​សារ​ការ​ទិញ ឬ​ដោយ​សារ​ឈាម បើ​ពុំ​នោះ​សោត​ទេ ពុំ​មាន​កេរមរតក​សម្រាប់​អ្នក​ឡើយ។

៣០ហើយ​បើ​សិន​ជា​ដោយ​សារ​ការ​ទិញ​វិញ មើល​ចុះ អ្នក​ត្រូវ​បាន​ពរ​ហើយ

៣១ហើយ​បើ​សិន​ជា​ដោយ​សារ​ឈាម​វិញ ព្រោះ​អ្នក​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​កំចាយ​ឈាម មើល​ន៏ ពួក​ខ្មាំងសត្រូវ​របស់​អ្នក កំពុង​មក​លើ​អ្នក ហើយ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​វាយ​ពី​ទី​ក្រុង​មួយ​ទៅ​ទី​ក្រុង​មួយ និង​ពីសា​លា​ប្រជុំ​មួយ​ទៅ​សាលា​ប្រជុំ​មួយ ហើយ​មាន​តែ​បន្តិចបន្តួច​ទេ ដែល​នឹង​នៅ​សល់​ដើម្បី​ទទួល​កេរមរតក។

៣២យើង​ជា​ព្រះ​អម្ចាស់ កំពុងតែ​ខ្ញាល់​នឹង​ពួក​ទុច្ចរិត យើង​កំពុងតែ​ទប់​ព្រះ​វិញ្ញាណ​របស់​យើង​ពី​បណ្ដាជន​នៅ​លើ​ផែនដី។

៣៣យើង​បាន​ស្បថ​ក្នុង​សេចក្ដី​ក្រោធ​របស់​យើង ហើយ​បាន​ចេញ​បញ្ញត្តិ​ថា​មាន​សង្គ្រាម​ទាំង​ឡាយ​នៅ​លើ​ផ្ទៃ​ផែនដី ហើយ​ពួក​ទុច្ចរិត​នឹង​ប្រហារ​ពួក​ទុច្ចរិត​ចោល ហើយ​សេចក្ដី​ខ្លាច​នឹង​មាន​មក​លើ​មនុស្ស​គ្រប់​រូប

៣៤ហើយ​ពួក​បរិសុទ្ធ​ក៏​វិះ​នឹង​ភៀស​ខ្លួន​មិន​រួច​ដែរ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​ជា​ព្រះ​អម្ចាស់​គង់នៅ​ជាមួយ​ពួក​គេ ហើយ​នឹង​យាង​ចុះ​មក​ពីលើ​ស្ថាន​សួគ៌​ពី​វត្ត​មាន​នៃ​ព្រះ​វរបិតា​របស់​យើង ហើយ​បញ្ឆេះ​ពួក​ទុច្ចរិត​ដោយ​ភ្លើង​ដែល​ពន្លត់​មិន​បាន។

៣៥ហើយ​មើល​ចុះ នេះ​មិនទាន់​កើត​ឡើង​ទេ ប៉ុន្តែ​នៅ​បន្តិច​ទៀត។

៣៦ហេតុ​ដូច្នោះ​ហើយ ដោយ​ឃើញ​ថា​យើង​ជា​ព្រះ​អម្ចាស់ បាន​ចេញ​បញ្ញត្តិ​ឲ្យ​មាន​ការណ៍​ទាំង​នេះ​កើត​ឡើង​នៅ​លើ​ផ្ទៃ​ផែនដី នោះ​យើង​មាន​ប្រាថ្នា​ថា ពួក​បរិសុទ្ធ​របស់​យើង​ត្រូវ​ប្រជុំ​គ្នី​គ្នា​នៅ​លើ​ដែនដី​ស៊ីយ៉ូន

៣៧ហើយ​ថា​មនុស្ស​គ្រប់​រូប​ត្រូវ​យក​សេចក្ដី​សុចរិត​នៅ​ក្នុង​ដៃ និង​សេចក្ដី​ស្មោះត្រង់​នៅ​លើ​ចង្កេះ ហើយ​បន្លឺ​សំឡេង​ព្រមាន​ដល់​បណ្ដា​ជន​នៅ​លើ​ផែនដី ហើយ​ប្រកា​ស​ទាំង​ខាង​ពាក្យ​សម្ដី និង​ខាង​ការ​ភៀស​ខ្លួន ថា​សេចក្ដី​ហិន​វិនាស​នឹង​មក​លើ​ពួក​ទុច្ចរិត។

៣៨ហេតុ​ដូច្នោះ​ហើយ ចូរ​ឲ្យ​ពួក​សិស្ស​របស់​យើង​ដែល​នៅ​ក្រុង​ខឺតឡង់ រៀបចំ​ការងារ​ខាង​សាច់​ឈាម​របស់​ពួក​គេ គឺ​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​លើ​ស្រែ​នេះ។

៣៩ចូរ​ឲ្យ ទីតុស បិលលិង្ស ដែល​ថែរក្សា​ស្រែ​នោះ កាត់​ដីធ្លី​ចេញ ប្រយោជន៍​ឲ្យ​គាត់​អាច​បាន​ប្រុងប្រៀប​ជាស្រេច​នៅ​និទាឃៈរដូវ​ខាង​មុខ ដើម្បី​ចេញ​ដំណើរ​របស់​គាត់​ឡើង​ទៅ​ឯ​ដែនដី​ស៊ីយ៉ូន​ជាមួយ​អស់​អ្នក​ដែល​អាស្រ័យ​នៅ​លើ​ផ្ទៃ​ស្រែ​នោះ លើក​លែងតែ​អស់​អ្នក​ដែល​យើង​នឹង​រក្សាទុក​ចំពោះ​ខ្លួន​យើង​ប៉ុណ្ណោះ ដែល​នឹង​មិន​ត្រូវ​ទៅ​ទេ លុះ​ត្រា​យើង​បញ្ជា​ពួក​គេ។

៤០ហើយ​ចូរ​យក​ប្រាក់​កាស​ទាំង​អស់ ដែល​អាច​សំចៃ​បាន វា​មិន​សំខាន់​ដល់​យើង​ទេ ទោះ​ជា​មាន​តិច ឬ​ច្រើន​ក្ដី ដើម្បី​បញ្ជូន​ឡើង​ទៅ​ឯ​ដែនដី​ស៊ីយ៉ូន ទៅ​ដល់​អស់​អ្នក​ដែល​យើង​បាន​តាំង​ឡើង​ដើម្បី​ទទួល។

៤១មើល​ចុះ យើង​ជា​ព្រះ​អម្ចាស់​នឹង​ប្រទាន​ដល់ យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជា​អ្នក​បម្រើ​របស់​យើង​នូវ​អំណាច ប្រយោជន៍​ឲ្យ​លោក​អាច​សង្កេត​ស្គាល់​ដោយ​សារ​ព្រះ​វិញ្ញាណ​ពី​អស់​អ្នក​ណា​ដែល​ត្រូវ​ឡើង​ទៅ​ឯ​ដែនដី​ស៊ីយ៉ូន និង​អស់​អ្នក​ពី​ពួក​សិស្ស​របស់​យើង​ដែល​ត្រូវ​នៅ។

៤២ចូរ​ឲ្យ​នូវល ខេ វិតនី ជា​អ្នក​បម្រើ​របស់​យើង ទុក​ផ្សារ​របស់​គាត់​ចុះ ឬ​ម្យ៉ាង​ទៀត គឺទុក​ផ្សារ​នោះ​ឲ្យ​មួយ​រដូវ​តូច​ទៀត។

៤៣ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ចូរ​ឲ្យ​គាត់​ចែក​ប្រាក់​ទាំង​អស់​ដែល​គាត់​ចែក​បាន ដើម្បី​បញ្ជូន​ឡើង​ទៅ​ឯ​ដែនដី​ស៊ីយ៉ូន​ចុះ។

៤៤មើល​ចុះ ការណ៍​ទាំង​នេះ​គឺ​នៅ​ក្នុង​ដៃ​របស់​គាត់​ហើយ ចូរ​ឲ្យ​គាត់​ធ្វើ​តាម​ប្រាជ្ញា​ចុះ។

៤៥យើង​ប្រាប់​ជា​ប្រាកដ​ថា ចូរ​ឲ្យ​គាត់​បាន​តែងតាំង​ជា​ភ្នាក់​ងារ​ដល់​ពួក​សិស្ស​ដែល​នឹង​នៅ ហើយ​ចូរ​ឲ្យ​គាត់​បាន​តែងតាំង​ដល់​អំណាច​នេះ​ចុះ

៤៦ហើយ​ឥឡូវ​នេះ ចូរ​ទៅ​ទស្សនកិច្ច​សាសនាចក្រ​ទាំង​ឡាយ ដោយ​បរិយាយ​ប្រាប់​នូវ​ការណ៍​ទាំង​នេះ​ដល់​ពួក​គេ​ជាមួយ​នឹង អូលីវើរ ខៅឌើរី ជា​អ្នក​បម្រើ​របស់​យើង។ មើល​ចុះ នេះ​ហើយ​ជា​ព្រះ​ហឫទ័យ​របស់​យើង គឺ​ដោយ​បាន​ប្រាក់​កាស ដូចដែល​យើង​បាន​ដឹកនាំ។

៤៧អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះត្រង់ ហើយ​កាន់ខ្ជាប់ នោះ​នឹង​បាន​ឈ្នះ​លើ​លោកិយ។

៤៨អ្នក​ណា​ដែល​បញ្ជូន​ទ្រព្យសម្បត្តិ​ទាំង​ឡាយ​ឡើង​ទៅ​ឯ​ដែនដី​ស៊ីយ៉ូន នោះ​នឹង​បាន​ទទួល​កេរមរតក​នៅ​នា​លោកិយ​នេះ ហើយ​កិច្ចការ​ទាំង​ឡាយ​របស់​អ្នក​នោះ​នឹង​ទៅ​តាម​គាត់ ហើយ​ព្រម​ទាំង​រង្វាន់​នៅបរលោក​ផង។

៤៩មែន​ហើយ មាន​ពរ​ហើយ​ដល់​ពួក​អ្នក​ស្លាប់ ដែល​ស្លាប់​នៅ​ក្នុង​ព្រះ​អម្ចាស់​ពី​ពេល​នេះ​ត​ទៅ ក្នុង​កាល​ព្រះ​អម្ចាស់​ទ្រង់​នឹង​យាង​មក ហើយ​សេចក្ដី​ចាស់​ទាំង​ឡាយ​បាន​កន្លង​បាត់​ទៅ ហើយ​គ្រប់​ទាំង​អស់​បាន​ត្រឡប់​ជា​ថ្មី​វិញ ពួក​គេ​នឹង​រស់​ពី​ស្លាប់​ឡើង​វិញ ហើយ​នឹង​មិន​ត្រូវ​ស្លាប់​ទៀត​ឡើយ ហើយ​នឹង​បាន​ទទួល​កេរមរតក​នៅ​ចំពោះ​ព្រះ​អម្ចាស់​នៅ​ក្នុង​ទី​ក្រុង​ដ៏​បរិសុទ្ធ។

៥០ហើយ​អ្នក​ណា​ដែល​រស់នៅ ក្នុង​កាល​ព្រះ​អម្ចាស់​ទ្រង់​យាង​មក ហើយ​បាន​រក្សា​សេចក្ដី​ជំនឿ មាន​ពរ​ដល់​អ្នក​នោះ​ហើយ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គឺ​ត្រូវ​បាន​កំណត់​ឲ្យ​អ្នក​នោះ​ស្លាប់​តាម​អាយុ​មនុស្ស។

៥១ហេតុ​ដូច្នោះ​ហើយ កូន​ក្មេង​នឹង​ត្រូវ​ធំ​ឡើង រហូត​ដល់​វា​ទៅ​ជា​មនុស្ស​ពេញ​វ័យ មនុស្ស​ចាស់​នឹង​ត្រូវ​ស្លាប់ ប៉ុន្តែ​ពួក​គេ​នឹង​មិន​ដេក​លក់​នៅ​ក្នុង​ធូលី​ដី​ទេ ប៉ុន្តែ​ពួក​គេ​នឹង​ត្រូវ​ផ្លាស់​ប្រែ​ក្នុង​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ។

៥២ហេតុ​ដូច្នោះ​ហើយ ព្រោះ​ដោយ​ហេតុ​នេះ ទើប​ពួក​សាវ​ក​បាន​ផ្សាយ​ដល់​ពិភពលោក​អំពី​ដំណើរ​រស់​ឡើង​វិញ​នៃ​មនុស្ស​ស្លាប់។

៥៣ការណ៍​ទាំង​នេះ​ហើយ​ជា​ការណ៍​ទាំង​ឡាយ ដែល​អ្នក​រាល់​គ្នា​ត្រូវ​សម្លឹង​រក ហើយ​តាម​ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់ ការណ៍​ទាំង​នេះ​នៅ​ជិត​ដៃ​បង្កើយ និង​នៅ​ពេល​ខាង​មុខ គឺ​នៅ​ក្នុង​ថ្ងៃ​នៃ​ការ​យាង​មក​របស់​កូន​មនុស្ស។

៥៤ហើយ​លុះ​ត្រា​ដល់​ម៉ោង​នោះ នឹង​មាន​ពួក​ស្រី​ព្រហ្មចារី​ល្ងង់​នៅ​ក្នុង​ចំណោម​អ្នក​មាន​គំនិត ហើយ​នៅ​ម៉ោង​នោះ​នឹង​មាន​ការ​បំបែក​ពួក​សុចរិត និង​ពួក​ទុច្ចរិត​ទាំង​អស់ ហើយ​នៅ​ថ្ងៃ​នោះ យើង​នឹង​ចាត់​ពួក​ទេវតា​របស់​យើង​ឲ្យ​ទៅ​ដក​ពួក​ទុច្ចរិត​ចេញ ហើយ​បោះ​ពួក​គេ​ចោល​ទៅ​ក្នុង​ភ្លើង​ដែល​ពន្លត់​មិន​បាន។

៥៥ហើយ​ឥឡូវ​នេះ មើល​ចុះ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យើង​ជា​ព្រះ​អម្ចាស់​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង ស៊ីឌនី រិកដុន ជា​អ្នក​បម្រើ​របស់​យើង​ឡើយ គាត់​បាន​តម្កើង​ខ្លួន​នៅ​ក្នុង​ចិត្ត​របស់​គាត់ ហើយ​មិន​ទទួល​ការ​ទូន្មាន​ឡើយ ប៉ុន្តែ​បាន​ធ្វើ​ឲ្យ​ព្រះ​វិញ្ញាណ​ព្រួយបារម្ភ​ទៅ​វិញ

៥៦ហេតុ​ដូច្នោះ​ហើយ ការ​សរសេរ​របស់​គាត់ មិន​គួរ​ទទួល​ស្គាល់​ដល់​ព្រះ​អម្ចាស់​ឡើយ ហើយ​គាត់​ត្រូវ​ធ្វើ​មួយ​ទៀត ហើយ​បើ​សិន​ជា​ព្រះ​អម្ចាស់​មិន​ទទួល​ការ​សរសេរ​នោះ​ទេ មើល​ចុះ គាត់​មិន​ត្រូវ​ឈរ​នៅ​ក្នុង​តំណែង ដែល​យើង​បាន​តាំង​ដល់​គាត់​ត​ទៅ​ទៀត​ឡើយ។

៥៧ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​ប៉ងប្រាថ្នា​នៅ​ក្នុង​ចិត្ត​របស់​ពួក​គេ​នៅ​ក្នុង​ភាព​ស្លូតបូត ដើម្បី​ព្រមាន​ដល់​ពួក​អ្នក​បាប​អំពី​ការ​ប្រែ​ចិត្ត ចូរ​ឲ្យ​ពួក​គេ​បាន​តែងតាំង​ដល់​អំណាច​នេះ​ចុះ។

៥៨ត្បិត​នេះ​ជា​ថ្ងៃ​នៃ​ការ​ព្រមាន ហើយ​ពុំ​មែន​ជា​ថ្ងៃ​នៃ​ពាក្យ​ពេចន៍​ដ៏​ច្រើន​នោះ​ទេ។ ត្បិត​យើង​ជា​ព្រះ​អម្ចាស់​នឹង​មិន​ត្រូវ​គេ​មើល​ងាយ​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់​ឡើយ។

៥៩មើល​ចុះ យើង​មក​ពី​លើ ហើយ​ព្រះ​ចេស្ដា​របស់​យើង​នៅ​ខាង​ក្រោម។ ហើយ​យើង​ខ្ពស់​លើស​ទាំង​អស់ ហើយ​សណ្ឋិត​នៅ​ក្នុង​ទាំង​អស់ ហើយ​គង់នៅ​កណ្ដាល​ទាំង​អស់ ហើយ​ស្ទង់​មើល​ទាំង​អស់ ហើយ​ថ្ងៃ​នោះ​នឹង​មក​ដល់ កាល​គ្រប់​ទាំង​អស់​នឹង​នៅ​ក្រោម​អំណាច​យើង។

៦០មើល​ចុះ យើង​ជា​អាលផា និង​អូមេកា គឺជា​ព្រះ​យេស៊ូវ​គ្រីស្ទ។

៦១ហេតុ​ដូច្នោះ​ហើយ ចូរ​ឲ្យ​មនុស្ស​លោក​ទាំង​អស់​ប្រុងប្រយ័ត្ន​អំពី​របៀប​ពួក​គេ​យក​ព្រះ​នាម​របស់​យើង មក​ប្រើ​ក្នុង​បបូរមាត់​របស់​ពួក​គេ —

៦២ត្បិត​មើល​ចុះ យើង​ប្រាប់​ជា​ប្រាកដ​ថា មាន​មនុស្ស​ជា​ច្រើន​ដែល​នៅ​ក្រោម​ការ​ដាក់​ទោស​នេះ ដែល​ប្រើ​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់ ហើយ​ប្រើ​ព្រះ​នាម​ជា​អសារ​ឥត​ការ ដោយ​គ្មាន​សិទ្ធិ​អំណាច​សោះឡើយ។

៦៣ហេតុ​ដូច្នោះ​ហើយ ចូរ​ឲ្យ​សាសនាចក្រ​ប្រែ​ចិត្ត​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​ពួក​គេ​ចុះ ហើយ​យើង​ជា​ព្រះ​អម្ចាស់​នឹង​បាន​ពួក​គេ បើ​ពុំ​នោះ​សោត​ទេ ពួក​គេ​នឹង​ត្រូវ​កាត់​ចេញ។

៦៤ចូរ​ចងចាំ​ថា អ្វី​ដែល​មក​ពី​លើ គឺ​ពិសិដ្ឋ ហើយ​ត្រូវ​ពោល​ដល់​ដោយ​យក​ចិត្ត​ទុកដាក់ និង​ដោយ​ការ​ទប់​ពី​ព្រះ​វិញ្ញាណ ហើយ​នៅ​ក្នុង​ការណ៍​នេះ នោះ​នឹង​គ្មាន​ការ​ដាក់​ទោស​ទេ ហើយ​អ្នក​រាល់​គ្នា​ទទួល​ព្រះ​វិញ្ញាណ តាម​រយៈ​ការ​អធិស្ឋាន ហេតុ​ដូច្នោះ​ហើយ បើ​គ្មាន​ការណ៍​នេះ​ទេ នោះ​នឹង​ត្រូវ​មាន​ការ​ដាក់​ទោស​ត​ទៅ​ទៀត។

៦៥ចូរ​ឲ្យ យ៉ូសែប ស៊្មីធ ជុញ្ញ័រ និង ស៊ីឌនី រិកដុន ជា​ពួក​អ្នក​បម្រើ​របស់​យើង ស្វែងរក​ផ្ទះ​សំបែង ដូច​ជា​ពួក​គេ​ត្រូវ​បាន​បង្រៀន តាម​រយៈ​ការ​អធិស្ឋាន​ដោយ​ព្រះ​វិញ្ញាណ។

៦៦ការណ៍​ទាំង​នេះ​នឹង​ត្រូវ​យក​ឲ្យ​ឈ្នះ​បាន តាម​រយៈ​សេចក្ដី​អត់ធ្មត់ ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​បាន​ទទួល​សិរី​ល្អ​យ៉ាង​ធ្ងន់​លើសលប់ និង​ដ៏​នៅ​អស់​កល្ប​ជានិច្ច បើ​ពុំ​នោះ​សោត​ទេ នឹង​ត្រូវ​មាន​ការ​ដាក់​ទោស​ធំ​ជាង​នេះ​ទៅ​ទៀត។ អាម៉ែន៕