កណ្ឌទី ១១០
ការនិមិត្តទាំងឡាយដែលបានសម្ដែងដល់ យ៉ូសែប ស៊្មីធ ជាព្យាការី និង អូលីវើរ ខៅឌើរី នៅក្នុងព្រះវិហារឯក្រុងខឺតឡង់ រដ្ឋអូហៃអូ ថ្ងៃទី៣ ខែមេសា ឆ្នាំ១៨៣៦ (History of the Church, ២:៤៣៥–៤៣៦)។ នេះជាគ្រានៃការប្រជុំនៅថ្ងៃឈប់សម្រាក។ ព្យាការីកត់បុព្វកថាចំពោះបញ្ជីរបស់លោកអំពីការសម្ដែងទាំងឡាយដោយពាក្យទាំងនេះថា ៖ « នៅពេលរសៀល ខ្ញុំបានជួយពួកប្រធានឯទៀតក្នុងការចែកអាហាររបស់ព្រះអម្ចាស់ដល់សាសនាចក្រ ដោយបានទទួលអាហារពីពួក១២នាក់ ដែលមានឯកសិទ្ធិធ្វើការនៅឯតុដ៏ពិសិដ្ឋថ្ងៃនេះ។ បន្ទាប់ពីបានប្រតិបត្តិកិច្ចការនេះដល់ពួកបងប្អូនរបស់ខ្ញុំក្នុងសាសនារួចហើយ នោះខ្ញុំបានទៅឯវេទិកា ដោយមានវាំងននបិទ ហើយក្រាបចុះជាមួយអូលីវើរ ក្នុងការអធិស្ឋានដ៏មុតមាំ និងស្ងាត់។ បន្ទាប់ពីបានក្រោកពីអធិស្ឋាន នោះស្រាប់តែមានការនិមិត្តមួយបើកឲ្យយើងទាំងពីរនាក់ឃើញ » (History of the Church, ២:៤៣៥)។
១–១០, ព្រះអម្ចាស់យេហូវ៉ាលេចមកក្នុងសិរីល្អ ហើយទទួលព្រះវិហារខឺតឡង់ជាដំណាក់របស់ទ្រង់; ១១–១២, លោកម៉ូសេ និងលោកអេលីយ៉ាសលេចមករៀងៗខ្លួន ហើយប្រគល់កូនសោ និងគ្រាកាន់កាប់ត្រួតត្រាទាំងឡាយរបស់ពួកគេ; ១៣–១៦, លោកអេលីយ៉ា វិលមកវិញ ហើយប្រគល់កូនសោទាំងឡាយ និងគ្រាកាន់កាប់ត្រួតត្រារបស់លោក ដូចជាបានសន្យាទុកដោយលោកម៉ាឡាគី។
១ស្បៃត្រូវបានបើកពីគំនិតរបស់ពួកយើង ហើយភ្នែកនៃយោបល់របស់ពួកយើងត្រូវបានបើកឡើង។
២យើងបានឃើញព្រះអម្ចាស់ ទ្រង់ឈរនៅលើរបាបង្អែកវេទិកានៅចំពោះយើង ហើយនៅក្រោមព្រះបាទរបស់ទ្រង់ មានកម្រាលធ្វើពីមាសសុទ្ធ មានពណ៌ដូចជាត្បូងឃ្មុំ។
៣ព្រះនេត្ររបស់ទ្រង់ដូចជាអណ្ដាតភ្លើង ព្រះកេសារបស់ទ្រង់ស ដូចជាហិមៈសុទ្ធ ព្រះភក្ត្ររបស់ទ្រង់ភ្លឺជាងពន្លឺថ្ងៃ ហើយសំឡេងរបស់ទ្រង់ ដូចជាសូរនៃទឹកច្រើន គឺជាសំឡេងនៃព្រះយេហូវ៉ាមានព្រះបន្ទូលថា ៖
៤យើងជាដើម ហើយជាចុង យើងជាអង្គដែលមានព្រះជន្មរស់នៅ យើងជាអង្គដែលត្រូវបានស្លាប់ យើងជាព្រះគាំទ្ររបស់អ្នកជាមួយព្រះវរបិតា។
៥មើលចុះ អំពើបាបទាំងឡាយរបស់អ្នកត្រូវបានអត់ទោសឲ្យហើយ អ្នកត្រូវបានជ្រះស្អាតនៅចំពោះយើង ហេតុដូច្នេះហើយ ចូរងើបមុខឡើង ហើយអរសប្បាយរីករាយចុះ។
៦ចូរឲ្យចិត្តនៃបងប្អូនអ្នកក្នុងសាសនាបានអរសប្បាយរីករាយចុះ ហើយចូរឲ្យចិត្តនៃអស់ទាំងរាស្ត្ររបស់យើងបានអរសប្បាយរីករាយ ដែលបានសង់ដំណាក់នេះថ្វាយដល់ព្រះនាមរបស់យើងដោយអស់ពីកម្លាំងរបស់ពួកគេ។
៧ត្បិតមើលចុះ យើងបានទទួលដំណាក់នេះហើយ ហើយព្រះនាមរបស់យើងនឹងស្ថិតនៅទីនេះ ហើយយើងនឹងសម្ដែងកាយយើងដល់រាស្ត្ររបស់យើងនៅក្នុងដំណាក់នេះដោយសេចក្ដីមេត្តាករុណា។
៨មែនហើយ យើងនឹងលេចមកឯពួកអ្នកបម្រើរបស់យើង ហើយមានបន្ទូលទៅកាន់ពួកគេ ដោយសំឡេងរបស់យើងផ្ទាល់ បើសិនជារាស្ត្រយើងនឹងកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់យើង ហើយមិនបង្ខូចដំណាក់ដ៏បរិសុទ្ធនេះ។
៩មែនហើយ គឺចិត្តនៃមនុស្សរាប់ពាន់រាប់ម៉ឺននាក់នឹងបានអរសប្បាយរីករាយ ដោយព្រោះតែព្រះពរទាំងឡាយ ដែលនឹងបានចាក់ចេញមក ព្រមទាំងអំណោយទានពិសិដ្ឋ ដែលពួកអ្នកបម្រើរបស់យើងបានទទួលនៅក្នុងដំណាក់នេះ។
១០ហើយការល្បីល្បាញអំពីដំណាក់នេះនឹងរាលដាលទៅដល់ដែនដីឆ្ងាយ ហើយនេះគឺជាការចាប់ផ្ដើមនូវព្រះពរដែលនឹងបានចាក់មកលើក្បាលនៃរាស្ត្ររបស់យើង។ គឺដូច្នោះមែន។ អាម៉ែន។
១១បន្ទាប់ពីការនិមិត្តនេះបិទទៅ នោះស្រាប់តែផ្ទៃមេឃបានបើកដល់យើងម្ដងទៀត ហើយលោកម៉ូសេបានលេចមកចំពោះយើង ហើយបានប្រគល់ដល់យើងនូវកូនសោទាំងឡាយ នៃការប្រមូលសាសន៍អ៊ីស្រាអែលពីទិសទាំងបួននៃផែនដី ហើយនឹងការនាំពូជអំបូរទាំងដប់ចេញពីដែនដីខាងជើងមក។
១២បន្ទាប់មក លោកអេលីយ៉ាសបានលេចមក ហើយបានប្រគល់គ្រាកាន់កាប់ត្រួតត្រា នៃដំណឹងល្អរបស់លោកអ័ប្រាហាំ ដោយប្រាប់ថា នៅក្នុងយើង និងពូជរបស់យើង នោះអស់ទាំងតំណមនុស្សបន្ទាប់ពីយើងមកនឹងបានពរ។
១៣បន្ទាប់ពីការនិមិត្តបានបិទទៅ នោះមានការនិមិត្តដ៏ធំ និងរុងរឿងមួយទៀត បានបើកមកលើយើង ព្រោះលោកអេលីយ៉ា ជាព្យាការី ដែលបានយកទៅស្ថានសួគ៌ដោយមិនបានភ្លក់សេចក្ដីស្លាប់ បានឈរនៅចំពោះយើង ហើយបាននិយាយថា ៖
១៤មើលចុះ ពេលវេលាបានមកដល់ពេញលេញហើយ ដែលបានពោលដោយមាត់នៃលោកម៉ាឡាគី — ដោយធ្វើទីបន្ទាល់ថា លោក [អេលីយ៉ា] នឹងត្រូវបានចាត់ឲ្យមកមុនថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាចនៃព្រះអម្ចាស់នឹងមកដល់ —
១៥ដើម្បីបង្វែរចិត្តពួកឪពុកមកឯកូន និងចិត្តកូនមកឯឪពុក ក្រែងផែនដីទាំងមូលនឹងត្រូវវាយដោយសេចក្ដីបណ្ដាសា —
១៦ហេតុដូច្នេះហើយ កូនសោទាំងឡាយនៃគ្រាកាន់កាប់ត្រួតត្រានេះ ត្រូវបានប្រគល់ទៅក្នុងដៃរបស់អ្នក ហើយដោយសារការណ៍នេះ ទើបអ្នករាល់គ្នាអាចបានដឹងថាថ្ងៃដ៏ធំ និងគួរស្ញែងខ្លាចនៃព្រះអម្ចាស់ជិតមកដល់ហើយ គឺនៅមាត់ទ្វារ។