ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 107


កណ្ឌ​ទី ១០៧

វិវរណៈ​អំពី​បព្វជិតភាព ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​១៨៣៥ (History of the Church, ២:២០៩–២១៧)។ នៅ​ថ្ងៃ​ដែល​បាន​ពោល​ដល់​នេះ ពួក​១២​នាក់​បាន​ជួបជុំ​គ្នា​ក្នុង​ក្រុម​ប្រឹក្សា​មួយ ហើយ​បាន​សារភាព​អំពី​ការ​កម្សោយ​និង​ការ​ខ្វះ​ខាត​រៀងៗ​ខ្លួន ដោយ​ថ្លែង​សូម​ការ​អភ័យទោស ហើយ​ដោយ​ស្វែង រក​ការ​ណែនាំ​ពី​ព្រះ​អម្ចាស់​ត​ទៅ​ទៀត។ ពួក​គេ​កំពុងតែ​នឹង​បែក​គ្នា​ទៅ​បម្រើ​បេសកកម្ម​តាម​ស្រុក​រៀងៗ​ខ្លួន។ ទោះ​ជា​ចំណែក​ទាំង​ឡាយ​នៃ​កណ្ឌ​នេះ ត្រូវ​បាន​ទទួល​នៅ​ថ្ងៃ​ដែល​បាន​ពោល​ដល់​នេះ​ក៏​ដោយ គង់តែ​បញ្ជី​ប្រវត្តិ​ទាំង​ឡាយ​បញ្ជាក់​ថា ផ្នែក​នានា​នោះ​ត្រូវ​បាន​ទទួល​នៅ​ពេល​ផ្សេងៗ​ពី​គ្នា ខ្លះ​នៅ​ខែ​វិច្ឆិកា ឆ្នាំ ១៨៣១ ម្ល៉េះ។

១–៦, មាន​បព្វជិតភាព​ពីរ​យ៉ាង​គឺ ៖ ម៉ិលគីស្សាដែក និង​អើរ៉ុន; ៧–១២, អស់​អ្នក​ដែល​កាន់​បព្វជិតភាព​ម៉ិលគីស្សាដែក មាន​អំណាច​នឹង​ធ្វើ​ការ​ក្នុង​តំណែង​ទាំង​ឡាយ​នៅ​ក្នុង​សាសនាចក្រ​បាន; ១៣–១៧, គណៈប៊ីស្សព​ត្រួតត្រា​លើ​បព្វជិតភាព​អើរ៉ុន ដែល​បម្រើ​ចាត់ចែង​ខាង ការ​ប្រព្រឹត្ត​ខាង​ក្រៅ​ទាំង​ឡាយ; ១៨–២០, បព្វជិតភាព​ម៉ិលគីស្សាដែក​កាន់​កូន​សោ​ទាំង​ឡាយ​ខាង​អស់​ទាំង​ព្រះ​ពរ​នៃ​វិញ្ញាណ; បព្វជិតភាព​អើរ៉ុន​កាន់​កូន​សោ​ខាង​ការងារ​បម្រើ​នៃ​ពួក​ទេវតា; ២១–៣៨, គណៈប្រធាន​ទី​មួយ ពួក​១២​នាក់ និង​ពួក​៧០​នាក់ រួម​គ្នា​ធ្វើ​ជា​កូរ៉ុម​ទាំង​ឡាយ ដែល​សម្រេច​ចិត្ត​នៅ​ក្នុង​សេចក្ដី​សាមគ្គី និង​សេចក្ដី​សុចរិត; ៣៩–៥២, របៀប​នៃ​អយ្យកោ​ត្រូវ​បាន​តាំង​ឡើង មក​ពី​លោក​អ័ដាម​ដល់​លោក​ណូអេ; ៥៣–៥៧, ពួក​បរិសុទ្ធ​ពី​បុរាណ​បាន​ជួបជុំ​គ្នា​នៅ​អ័ដាម​អុនដៃ​អា​ម៉ាន ហើយ​ព្រះ​អម្ចាស់​ទ្រង់ បាន​លេច​មក​ឯ​ពួក​គេ; ៥៨–៦៧, ពួក​១២​នាក់​ត្រូវ​ចាត់ចែង​អ្នក​ដឹកនាំ​នៃ​សាសនាចក្រ​ឲ្យ​មាន​របៀបរៀបរយ; ៦៨–៧៦, ពួក​ប៊ីស្សព​បម្រើ​ជា​ចៅក្រម​ទូ​ទៅ​នៅ​ក្នុង​អ៊ីស្រាអែល; ៧៧–៨៤, គណៈប្រធាន​ទី​មួយ និង​ពួក​១២​នាក់ រួម​គ្នា​ជា​តុលាការ​ដ៏​ខ្ពស់​បំផុត​នៅ​ក្នុង​សាសនាចក្រ; ៨៥–១០០, ពួក​ប្រធាន​នៃ​បព្វជិតភាព​ត្រួតត្រា​លើ​កូរ៉ុម​របស់​ខ្លួន​រៀងៗ​ខ្លួន។

នៅ​ក្នុង​សាសនាចក្រ​មាន​បព្វជិតភាព​ពីរ​យ៉ាង ដែល​មាន​ឈ្មោះ​ថា បព្វជិតភាព​ម៉ិលគីស្សាដែក និង​អើរ៉ុន ព្រម​ទាំង​បព្វជិតភាព​លេវី។

ហេតុ​អ្វី​បាន​ជា​ទី​មួយ​ត្រូវ​បាន​ហៅថា​បព្វជិតភាព​ម៉ិលគីស្សាដែក គឺ​ពី​ព្រោះ​លោក​ម៉ិលគីស្សាដែក ជា​សង្ឃ​ជាន់​ខ្ពស់​ដ៏​ធំ​បែប​នេះ​ម្នាក់។

មុន​សម័យ​លោក​បព្វជិតភាព​នោះ​ត្រូវ​បាន​ហៅថា បព្វជិតភាព​ដ៏​បរិសុទ្ធ តាម​របៀប​នៃ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ។

ប៉ុន្តែ​មក​ពី​ការ​គោរព​កោតក្រែង ឬ​ភក្ដី​ភាព​ដល់​ព្រះ​នាម​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត គឺ​ដើម្បី​កុំ​ឲ្យ​ប្រើ​ព្រះ​នាម​របស់​ព្រះ​អង្គជា​ញឹកញាប់​ពេក ទើប​សាសនាចក្រ​ពី​សម័យ​បុរាណ​បាន​ហៅ​បព្វជិតភាព​តាម​លោក​ម៉ិលគីស្សាដែក ឬ​បព្វជិតភាព​ម៉ិលគីស្សាដែក។

គ្រប់​ទាំង​សិទ្ធិ​អំណាច ឬ​តំណែង​ផ្សេងៗ​ទៀត​នៅ​ក្នុង​សាសនាចក្រ សុទ្ធ​តែ​ជា​ការ​បន្តោង​បញ្ជាប់​ទៅ​នឹង​បព្វជិតភាព​នេះ។

ប៉ុន្តែ​មាន​ចំណែក ឬ​មេ​ចំណែក​ពីរ​យ៉ាង​គឺ — ទី​មួយ​ជា​បព្វជិតភាព​ម៉ិលគីស្សាដែក ហើយ​មួយ​ទៀត​ជា​បព្វជិតភាព​អើរ៉ុន ឬ​លេវី

តំណែង​នៃ​អែលឌើរ​នៅ​ក្រោម​បព្វជិតភាព​ម៉ិលគីស្សាដែក។

បព្វជិតភាព​ម៉ិលគីស្សាដែក​មាន​សិទ្ធិ​ខាង​គណៈប្រធាន ហើយ​មាន​អំណាច និង​សិទ្ធិ​អំណាច​លើ​អស់​ទាំង​តំណែង​នៅ​ក្នុង​សាសនាចក្រ នៅ​គ្រប់​សម័យ​នានា​ក្នុង​ពិភពលោក ដើម្បី​ចាត់ចែង​ការណ៍​ទាំង​ឡាយ​ខាង​វិញ្ញាណ។

គណៈប្រធាន​នៃ​បព្វជិតភាព​ជាន់​ខ្ពស់ តាម​របៀប​លោក​ម៉ិលគីស្សាដែក មាន​សិទ្ធិ​ដើម្បី​ធ្វើ​ការ​ក្នុង​គ្រប់​តំណែង​ទាំង​អស់​នៅ​ក្នុង​សាសនាចក្រ។

១០ពួក​សង្ឃ​ជាន់​ខ្ពស់ តាម​របៀប​បព្វជិតភាព​ម៉ិលគីស្សាដែក មាន​សិទ្ធិ​ដើម្បី​ធ្វើ​ការ​នៅ​ក្នុង​តំណែង​របស់​ខ្លួន គឺ​នៅ​ក្រោម​ការ​ដឹកនាំ​នៃ​គណៈប្រធាន​ក្នុង​ការ​ចាត់ចែង​ការណ៍​ទាំង​ឡាយ​ខាង​វិញ្ញាណ ហើយ​ព្រម​ទាំង​នៅ​ក្នុង​តំណែង​នៃ​អែលឌើរ សង្ឃ (តាម​របៀប​លេវី) គ្រូ ឌីកុន និង​សមាជិក។

១១អែលឌើរ​មាន​សិទ្ធិ​ដើម្បី​ធ្វើ​ការ​ជំនួស​សង្ឃ​ជាន់​ខ្ពស់ កាលណា​សង្ឃ​ជាន់​ខ្ពស់​មិន​នៅ។

១២សង្ឃ​ជាន់​ខ្ពស់ និង​អែលឌើរ​ត្រូវ​ចាត់ចែង​ការណ៍​ទាំង​ឡាយ​ខាង​វិញ្ញាណ យល់​ព្រម​តាម​សេចក្ដី​សញ្ញា និង​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​សាសនាចក្រ ហើយ​ពួក​គេ​មាន​សិទ្ធិ​ដើម្បី​ធ្វើ​ការ នៅ​ក្នុង​តំណែង​ទាំង​នេះ​នៃ​សាសនាចក្រ កាលណា​គ្មាន​អ្នក​កាន់​សិទ្ធិ​អំណាច​ខ្ពស់​ជាង​នៅ​ទី​នោះ។

១៣បព្វជិតភាព​ទី​ពីរ​ត្រូវ​បាន​ហៅថា បព្វជិតភាព​អើរ៉ុន ពី​ព្រោះ​បព្វជិតភាព​នេះ​ត្រូវ​បាន​ប្រទាន​មក​លើ​លោក​អើរ៉ុន និង​ពូជ​ពង្ស​លោក គឺ​រហូត​អស់​ទាំង​តំណ​ពួក​គេ។

១៤ហេតុ​អ្វី​បាន​ជា​បព្វជិតភាព​អើរ៉ុន​ត្រូវ​បាន​ហៅថា បព្វជិតភាព​តូច​ជាង គឺ​ពី​ព្រោះ​បព្វជិតភាព​នេះ​ជា​ការ​បន្តោង​បញ្ជាប់​ទៅ​នឹង​របស់​ធំ​ជាង ឬ​បព្វជិតភាព​ម៉ិលគីស្សាដែក ហើយ​មាន​អំណាច​ក្នុង​ការ​ចាត់ចែង​ពិធីការ​ទាំង​ឡាយ​ខាង​ក្រៅ។

១៥គណៈប៊ីស្សព​គឺជា​គណៈប្រធាន​នៃ​បព្វជិតភាព​នេះ ហើយ​កាន់​កូន​សោ​ទាំង​ឡាយ ឬ​សិទ្ធិ​អំណាច​នៃ​របស់​ដដែល។

១៦គ្មាន​នរណា​មាន​សិទ្ធិ​ចំពោះ​តំណែង​នេះ ដើម្បី​កាន់​កូន​សោ​ទាំង​ឡាយ​នៃ​បព្វជិតភាព​នេះ​ឡើយ លើក​លែងតែ​អ្នក​នោះ​ចំ​ជា​ពូជ​ពង្ស​លោក​អើរ៉ុន​ពិត។

១៧ប៉ុន្តែ​សង្ឃ​ជាន់​ខ្ពស់​ក្នុង​បព្វជិតភាព​ម៉ិលគីស្សាដែក មាន​សិទ្ធិ​អំណាច​ដើម្បី​ធ្វើ​ការ​នៅ​ក្នុង​អស់​ទាំង​តំណែង​តូច​ជាង គឺ​គាត់​អាច​ធ្វើ​ការ​នៅ​ក្នុង​តំណែង​ប៊ីស្សព កាលណា​ពុំ​អា​ចរក​ពូជ​ពង្ស​លោក​អើរ៉ុន​ពិត​បាន សូម​ឲ្យ​តែ​គាត់​បាន​ហៅ ហើយ​ញែក​ចេញ ហើយ​តែង​តាំង​ចំពោះ​អំណាច​នេះ ដោយ​ដៃ​របស់​គណៈប្រធាន​នៃ​បព្វជិតភាព​ម៉ិលគីស្សាដែក។

១៨អំណាច និង​សិទ្ធិ​អំណាច​នៃ​របស់​ខ្ពស់​ជាង ឬ​បព្វជិតភាព​ម៉ិលគីស្សាដែក គឺ​ត្រូវ​កាន់​កូន​សោ​ទាំង​ឡាយ​នៃ​អស់​ទាំង​ព្រះ​ពរ​ខាង​វិញ្ញាណ​នៅ​ក្នុង​សាសនាចក្រ —

១៩ដើម្បី​មាន​ឯកសិទ្ធិ​ក្នុង​ការ​ទទួល​សេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ​នៃ​នគរ​ស្ថាន​សួគ៌ ដើម្បី​ឲ្យ​ស្ថាន​សួគ៌​បាន​បើកចំហ​ចំពោះ​ពួក​គេ ដើម្បី​ទាក់​ទង​ជាមួយ​នឹង​ជំនុំ​ទូ​ទៅ និង​សាសនាចក្រ​នៃ​កូន​ច្បង ហើយ​ដើម្បី​ត្រេកអរ​ចំពោះ​សេចក្ដី​រួបរួម​គ្នា និង​វត្ត​មាន​នៃ​ព្រះ​ដ៏​ជា​ព្រះ​វរបិតា និង​ព្រះ​យេស៊ូវ​ដ៏​ជា​អ្នក​កណ្ដាល​នៃ​សេចក្ដី​សញ្ញា​ថ្មី។

២០អំណាច និង​សិទ្ធិ​អំណាច​នៃ​របស់​តូច​ជាង ឬ​បព្វជិតភាព​អើរ៉ុន គឺ​ត្រូវ​កាន់​កូន​សោ​ទាំង​ឡាយ​នៃ​ការងារ​បម្រើ​របស់​ពួក​ទេវតា ហើយ​ដើម្បី​ចាត់ចែង​ការ​ប្រព្រឹត្តិ​ខាង​ក្រៅ​ទាំង​ឡាយ នៃ​យ​ពាក្យ​ខាង​ដំណឹង​ល្អ បុណ្យ​ជ្រមុជ​ទឹក​ខាង​ការ​ប្រែ​ចិត្ត​សម្រាប់​ការ​ផ្ដាច់​បាប​ទាំង​ឡាយ យល់​ព្រម​តាម​សេចក្ដី​សញ្ញា និង​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ។

២១មក​ពី​ការ​ចាំ​បាច់​ទើប​មាន​ពួក​ប្រធាន ឬ​ពួក​អ្នក​កាន់​តំណែង​ត្រួតត្រា ដែល​កើត​មាន​ឡើង ឬ​បាន​តាំង​ឡើង ឬ​មក​ពី​ចំណោម​ពួក​អ្នក ដែល​បាន​តែងតាំង​ចំពោះ​តំណែង​នានា​នៅ​ក្នុង​បព្វជិតភាព​ទាំង​ពីរ​នេះ។

២២មក​ពី​បព្វជិតភាព​ម៉ិលគីស្សាដែក គឺ​មាន​ពួក​សង្ឃ​ជាន់​ខ្ពស់​ត្រួតត្រា​បី​នាក់ ដែល​បាន​រើស​ឡើង​ដោយ​ក្រុម គឺ​បាន​តាំង ហើយ​តែង​តាំង​ឡើង​ចំពោះ​តំណែង​នោះ ហើយ​គាំទ្រ​ដោយ​សេចក្ដី​ទុក​ចិត្ត សេចក្ដី​ជំនឿ និង​សេចក្ដី​អធិស្ឋាន​នៃ​សាសនាចក្រ ឲ្យ​ធ្វើ​ជា​កូរ៉ុម​នៃ​គណៈ​ប្រធាន​នៃ​សាសនាចក្រ។

២៣ពួក​អ្នក​ប្រឹក្សា​១២​នាក់​ដែល​ធ្វើ​ដំណើរ ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​ពួក​សាវក​១២​នាក់ ឬ​ជា​ពួក​សាក្សី​ពិសេស​អំពី​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ​នៅ​ពេញ​សព្វ​ក្នុង​ពិភពលោក — ម្ល៉ោះ​ហើយ ខុស​ពី​ពួក​អ្នក​កាន់​តំណែង​ផ្សេងៗ​ទៀត​នៅ​ក្នុង​សាសនាចក្រ ក្នុង​ភារកិច្ច​នៃ​ការងារ​របស់​ពួក​គេ។

២៤ហើយ​ពួក​គេ​រួម​គ្នា​ធ្វើ​ជា​កូរ៉ុម ដោយ​មាន​សិទ្ធិ​អំណាច និង​អំណាច​ស្មើ​គ្នា​នឹង​ប្រធាន​បី​នាក់ ដែល​បាន​ពោល​ដល់​មក​ហើយ​នោះ។

២៥ពួក​៧០​នាក់​ត្រូវ​បាន​ហៅ​ឲ្យ​ផ្សាយដំណឹង​ល្អ ហើយ​ឲ្យ​ធ្វើ​ជា​ពួក​សាក្សី​ពិសេស​ដល់​ពួក​សាសន៍​ដទៃ និង​នៅ​ពេញ​សព្វ​ក្នុង​ពិភព​លោក — ម្ល៉ោះ​ហើយ ខុស​ពី​ពួក​អ្នក​កាន់​តំណែង​ផ្សេងៗ​ទៀត​នៅ​ក្នុង​សាសនាចក្រ ក្នុង​ភារកិច្ច​នៃ​ការងារ​របស់​ពួក​គេ។

២៦ហើយ​ពួក​គេ​រួម​គ្នា​ធ្វើ​ជា​កូរ៉ុម ដោយ​មាន​សិទ្ធិ​អំណាច​ស្មើ​គ្នា​នឹង​ពួក​សាក្សី​១២​នាក់ ឬ​ពួក​សាវក​ពិសេស​ដែល​បាន​ពោល​ប្រាប់​មក ហើយ​នោះ។

២៧ហើយ​ការ​សម្រេច​ចិត្ត​ណា​មួយ​ដែល​បាន​ធ្វើ​ឡើង​ដោយ​កូរ៉ុម​ទាំង​នេះ ត្រូវ​តែ​បាន​ធ្វើ​ឡើង​ដោយ​សំឡេង​នៃ​កូរ៉ុម​ទាំង​នោះ​ជា​ឯកច្ឆន្ទ​គឺថា សមាជិក​គ្រប់​រូប​នៅ​ក្នុង​កូរ៉ុម​នីមួយៗ ត្រូវ​យល់​ព្រម​នឹង​ការ​សម្រេច​ចិត្ត​ទាំង​ឡាយ​នៃ​កូរ៉ុម​របស់​ខ្លួន ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ទាំង​ឡាយ​របស់​ពួក​គេ ដោយ​មាន​អំណាច ឬ​សុពលភាព​និង​គ្នា​ទៅ​វិញ​ទៅ​មក —

២៨សមាជិក​ភាគ​ច្រើន​អាច​រួម​គ្នា​ធ្វើ​ជា​កូរ៉ុម ជួនណា​កាលៈទេសៈ​ពុំ​អាច​ធ្វើ​ឲ្យ​សមាជិក​ជួបជុំ​ទាំង​អស់​គ្នា​បាន —

២៩លើក​លែងតែ​ករណី​នេះ បើ​ពុំ​នោះ​សោត​ទេ ការ​សម្រេច​ចិត្ត​របស់​ពួក​គេ​ពុំ​អាច​បាន​ព្រះ​ពរ​ទាំង​ឡាយ ដូច​ជា​ការ​សម្រេច​ចិត្ត​ទាំង​ឡាយ​នៃ​កូរ៉ុម​របស់​ប្រធាន​ទាំង​បី​ពី​បុរាណ ដែល​បាន​តែងតាំង​តាម​របៀប​លោក​ម៉ិលគីស្សាដែក ហើយ​ដែល​ជា​ពួក​បុរស​សុចរិត និង​បរិសុទ្ធ​នោះ​ឡើយ។

៣០ការ​សម្រេច​ចិត្ត​ទាំង​ឡាយ​នៃ​កូរ៉ុម​ទាំង​នេះ ឬ​ពី​កូរ៉ុម​ណា​មួយ នោះ​ត្រូវ​បាន​ធ្វើ​ឡើង ដោយ​សេចក្ដី​សុចរិត ដោយ​បរិសុទ្ធភាព និង​ចិត្ត​សុភាព​រាបសា ស្លូតបូត និង​សេចក្ដី​អត់ធ្មត់ និង​ដោយ​សេចក្ដី​ជំនឿ និង​គុណធម៌ និង​តម្រិះ សេចក្ដី​អត់​សង្កត់ សេចក្ដី​អត់ធន់ សេចក្ដី​កោតខ្លាច​ដល់​ព្រះ សេចក្ដី​រាប់​អាន​គ្នា និង​សេចក្ដី​សប្បុរស

៣១ពី​ព្រោះ​សេចក្ដី​សន្យា​ថា បើ​សិន​ជា​សេចក្ដី​ទាំង​ឡាយ​នេះ​ចម្រើន​ឡើង ក្នុង​ចិត្ត​ពួក​គេ​ហើយ នោះ​ពួក​គេ​នឹង​មិន​ដែល​នៅ​ឥត​ផល​ខាង​ដំណើរ​ស្គាល់​ព្រះ​អម្ចាស់​ឡើយ។

៣២ហើយ​នៅ​ករណី​ណា​ដែល​ការ​សម្រេច​ចិត្ត​របស់​កូរ៉ុម​ទាំង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ដោយ​សេចក្ដី​មិន​សុចរិត ការ​សម្រេច​ចិត្ត​នោះ នឹង​ត្រូវ​នាំ​មក​ចំពោះ​ជំនុំ​ទូ​ទៅ​នៃ​កូរ៉ុម​នានា ដែល​ធ្វើ​ឡើង​ជា​អ្នក​មាន​សិទ្ធិ​អំណាច​ក្នុង​សាសនាចក្រ​លើ​ការណ៍​ទាំង​ឡាយ​ខាង​វិញ្ញាណ បើ​ពុំ​នោះ​សោត​ទេ​នឹង​គ្មាន​នរណា​អាច​ប្ដឹង​ឧទ្ធរណ៍​ពី​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ​បាន​ឡើយ។

៣៣ពួក​១២​នាក់​គឺជា​ក្រុម​ប្រឹក្សា​ត្រួតត្រា​ជាន់​ខ្ពស់​ដែល​ធ្វើ​ដំណើរ ដើម្បី​ធ្វើ​ការ​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់ នៅ​ក្រោម​ការ​ដឹកនាំ​របស់​គណៈប្រធាន​នៃ​សាសនាចក្រ យល់​ព្រម​តាម​ការ​តែងតាំង​នៃ​ស្ថាន​សួគ៌ ដើម្បី​សាង​សាសនាចក្រ​ឡើង ហើយ​កាន់កាប់​គ្រប់​ទាំង​កិច្ចការ​នៃ​សាសនាចក្រ នៅ​គ្រប់​សាសន៍ មុនដំបូង​ដល់​ពួក​សាសន៍​ដទៃ ហើយ​ទី​ពីរ ដល់​ពួក​សាសន៍​យូដា។

៣៤ពួក​៧០​នាក់​ត្រូវ​ប្រព្រឹត្ត​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់ នៅ​ក្រោម​ការ​ដឹកនាំ​របស់​ពួក​១២​នាក់ ឬ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ដែល​ធ្វើ​ដំណើរ​ក្នុង​ការ​សាង​សាសនាចក្រ​ឡើង និង​ការ​កាន់កាប់​គ្រប់​ទាំង​កិច្ចការ​នៃ​សាសនាចក្រ នៅ​គ្រប់​សាសន៍ គឺ​មុនដំបូង​ដល់​ពួក​សាសន៍​ដទៃ ហើយ​បន្ទាប់​មក ដល់​ពួក​សាសន៍​យូដា —

៣៥ពួក​១២​នាក់​ដែល​ត្រូវ​បាន​ចាត់​ឲ្យ​ទៅ ដោយ​កាន់​កូន​សោ​ទាំង​ឡាយ ដើម្បី​ទៅ​បើកទ្វារ ដោយ​ការ​ប្រកាស​ប្រាប់​ពី​ដំណឹង​ល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​មុនដំបូង​ដល់​ពួក​សាសន៍​ដទៃ ហើយ​បន្ទាប់​មក ដល់​ពួក​សាសន៍​យូដា។

៣៦ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ដែល​នៅ​ជា​អចិន្ត្រៃយ៍ នៅ​ឯ​ស្តេក​ទាំង​ឡាយ​នៃ​ស៊ីយ៉ូន ធ្វើ​ជា​កូរ៉ុម​មួយ​ដែល​មាន​សិទ្ធិ​អំណាច​ស្មើ​គ្នា​និង​កូរ៉ុម​នៃ​គណៈ​ប្រធាន ឬ​ក្រុម​ប្រឹក្សា​ដែល​ធ្វើ​ដំណើរ​ក្នុង​កិច្ចការ​ទាំង​ឡាយ​នៃ​សាសនាចក្រ ក្នុង​គ្រប់​ទាំង​ការ​សម្រេច​ចិត្ត​ទាំង​ឡាយ​របស់​ពួក​គេ។

៣៧ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​នៅ​ស៊ីយ៉ូន ធ្វើ​ជា​កូរ៉ុម​មួយ​ដែល​មាន​សិទ្ធិ​អំណាច​ស្មើ​គ្នា​នឹង​ក្រុម​ប្រឹក្សា​ទាំង​ឡាយ​នៃ​ពួក​១២​នាក់ នៅ​ឯ​ស្តេក​ទាំង​ឡាយ​នៃ​ស៊ីយ៉ូន​ក្នុង​កិច្ចការ​ទាំង​ឡាយ នៃ​សាសនាចក្រ ក្នុង​គ្រប់​ទាំង​ការ​សម្រេច​ចិត្ត​ទាំង​ឡាយ​របស់​ពួក​គេ។

៣៨គឺជា​ភារកិច្ច​របស់​ក្រុម​ប្រឹក្សា​ដែល​ធ្វើ​ដំណើរ​ឲ្យ​ស្នើ​ដល់​ពួក​៧០​នាក់ កាលណា​ពួក​គេ​ត្រូវ​ការ​ជំនួយ ដើម្បី​បំពេញ​ការងារ​នានា​ខាង​ការ​ផ្សាយ និង​ការ​ចាត់ចែង​ដំណឹង​ល្អ​ជាជាង​អ្នក​ណា​ផ្សេងៗ​ទៀត។

៣៩គឺជា​ភារកិច្ច​របស់​ពួក​១២​នាក់ នៅ​ក្នុង​សាខា​ធំៗ​ក្នុង​សាសនាចក្រ ឲ្យ​តែងតាំង​ពួក​អ្នក​ធ្វើ​ការងារ​បម្រើ​ខាង​ការ​ផ្សាយដំណឹង​ល្អ ដូចដែល​ពួក​គេ​ត្រូវ​បាន​ចាត់​ដល់​ពួក​គេ​ដោយ​វិវរណៈ —

៤០របៀប​នៃ​បព្វជិតភាព​នេះ​ត្រូវ​បាន​បញ្ជាក់​ថា​បាន​បន្ត​ចុះ​មក​ពី​ឪពុក​ដល់​កូន ហើយ​ជា​របស់​ផង​ពូជ​ពង្ស​ពិត​ពី​ពូជ​ជម្រើស ដែល​សេចក្ដី​សន្យា​ទាំង​ឡាយ​ត្រូវ​បាន​ធ្វើ​ឡើង​នោះ។

៤១របៀប​នេះ​ត្រូវ​បាន​តាំង​ឡើង​នៅ​សម័យ​លោក​អ័ដាម ហើយ​បាន​ចុះ​មក​តាម​ពូជ​អំបូរ តាម​របៀប​ដែល​មាន​ដូច​ត​ទៅ​នេះ​គឺ ៖

៤២ពី​លោក​អ័ដាម​ទៅ​សេត ដែល​ត្រូវ​បាន​តែងតាំង​ដោយ​លោក​អ័ដាម កាល​មាន​អាយុ​៦៩​ឆ្នាំ ហើយ​បាន​ឲ្យ​ពរ​ដល់​គាត់​បី​ឆ្នាំ​មុន ការ​មរណភាព​របស់​លោក (អ័ដាម) ហើយ​បាន​ទទួល​សេចក្ដី​សន្យា​ពី​ព្រះ ដោយ​ឪពុក​របស់​គាត់ ថា​ពូជ​ពង្ស​របស់​គាត់​ត្រូវ​បាន​ជ្រើស​រើស ដោយ​ព្រះ​អម្ចាស់ ហើយ​ថា​ពួក​គេ​ត្រូវ​បាន​រក្សាទុក​ឲ្យ​គង់​វង់ រហូត​ដល់​ទីបំផុត​នៃ​ផែនដី

៤៣ពី​ព្រោះ​គាត់ (សេត) ជា​មនុស្ស​ដ៏​ល្អ​ឥត​ខ្ចោះ ហើយ​រូបភាព​គាត់ គឺជា​រូបភាព​របស់​ឪពុក​របស់​គាត់​បេះបិទ ដែល​គាត់​មើល​ទៅ​ដូច​ជា​ឪពុក​របស់​គាត់​ទាំង​ស្រុង ហើយ​អាច​បាន​ស្គាល់​គាត់​ថា​ខុស​ពី​ឪពុក ដោយ​សារ​អាយុ​គាត់​ប៉ុណ្ណោះ។

៤៤អេណុស​ត្រូវ​បាន​តែងតាំង​កាល​មាន​អាយុ​១៣៤​ឆ្នាំ និង​បួន​ខែ ដោយ​ដៃ​របស់​លោក​អ័ដាម។

៤៥ព្រះ​បាន​ហៅ​កៃណាន​នៅ​ក្នុង​ទី​រហោស្ថាន កាល​គាត់​មាន​អាយុ​៤០​ឆ្នាំ ហើយ​គាត់​បាន​ជួប​លោក​អ័ដាម ក្នុង​កាល​ធ្វើ​ដំណើរ​ទៅ​កន្លែង​សេដូឡាម៉ាក់។ គាត់​មាន​អាយុ​៨៧​ឆ្នាំ កាល​គាត់​បាន​ទទួល​ការ​តែងតាំង​របស់​គាត់។

៤៦ម៉ាលេលាល​មាន​អាយុ​៤៩៦​ឆ្នាំ និង​៧​ថ្ងៃ កាល​គាត់​បាន​តែងតាំង ដោយ​ដៃ​របស់​លោក​អ័ដាម ដែល​ជា​អ្នក​ឲ្យ​ពរ​ដល់​គាត់​ផង។

៤៧យ៉ារេឌ​មាន​អាយុ​២០០​ឆ្នាំ កាល​គាត់​បាន​តែងតាំង នៅ​ក្រោម​ដៃ​របស់​លោក​អ័ដាម ជា​អ្នក​ដែល​ឲ្យ​ពរ​ដល់​គាត់​ផង។

៤៨ហេណុក​មាន​អាយុ​២៥​ឆ្នាំ កាល​គាត់​បាន​តែងតាំង នៅ​ក្រោម​ដៃ​របស់​លោក​អ័ដាម ហើយ​គាត់​មាន​អាយុ ៦៥ ឆ្នាំ ហើយ​លោក​អ័ដាម​បាន​ឲ្យ​ពរ​ដល់​គាត់។

៤៩ហើយ​គាត់​បាន​ឃើញ​ព្រះ​អម្ចាស់ ហើយ​គាត់​បាន​ដើរ​ជាមួយ​ទ្រង់ ហើយ​បាន​នៅ​ចំពោះ​ព្រះ​ភក្ត្រ​របស់​ទ្រង់​រហូត ហើយ​គាត់​បាន​ដើរ​ជាមួយ​ព្រះ​អស់​៣៦៥​ឆ្នាំ ដែល​មាន​ន័យ​ថា គាត់​មាន​អាយុ​៤៣០​ឆ្នាំ កាល​គាត់​បាន​ប្រែ​រូប។

៥០មធូសាឡា​មាន​អាយុ​១០០​ឆ្នាំ កាល​គាត់​បាន​តែងតាំង នៅ​ក្រោម​ដៃ​របស់​លោក​អ័ដាម។

៥១ឡាមេក​មាន​អាយុ​៣២​ឆ្នាំ កាល​គាត់​បាន​តែងតាំង​នៅ​ក្រោម​ដៃ​របស់​សេត។

៥២ណូអេ​មាន​អាយុ​១០​ឆ្នាំ កាល​គាត់​បាន​តែងតាំង​នៅ​ក្រោម​ដៃ​របស់​មធូសាឡា។

៥៣បី​ឆ្នាំ​មុន​មរណភាព​របស់​លោក​អ័ដាម នោះ​លោក​បាន​ហៅ​សេត អេណុស កៃណាន ម៉ាលេលាល យ៉ារេឌ ហេណុក និង​មធូសាឡា ដែល​សុទ្ធ​តែ​ជា​ពួក​សង្ឃ​ជាន់​ខ្ពស់​ទាំង​អស់ ព្រម​ទាំង​ពូជ​ពង្ស​លោក​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន ដែល​សុចរិត​ឲ្យ​ទៅ​ក្នុង​ច្រក​ភ្នំ​អ័ដាម​អុនដៃ​អា​ម៉ាន ហើយ​នៅ​ទី​នោះ បាន​ប្រទាន​មក​លើ​ពួក​គេ​នូវ​ពរ​ចុង​ក្រោយ​បង្អស់​របស់​លោក។

៥៤ហើយ​ព្រះ​អម្ចាស់ ទ្រង់​បាន​លេច​មក​ឯ​ពួក​គេ ហើយ​ពួក​គេ​បាន​ក្រោក​ឡើង ហើយ​ឲ្យ​ពរ​ដល់​លោក​អ័ដាម ហើយ​ហៅ​លោក​ថា មីកែល ជា​ស្ដេច ជា​មហា​ទេវតា។

៥៥ហើយ​ព្រះ​អម្ចាស់​បាន​កំសាន្ត​ចិត្ត​ដល់​លោក​អ័ដាម ហើយ​មាន​ព្រះ​បន្ទូល​ទៅ​កាន់​លោក​ថា ៖ យើង​បាន​ដាក់​អ្នក​ឲ្យ​នៅ​ខាង​មុខ សាសន៍​ដ៏​ច្រើន​នឹង​មក​ពី​អ្នក ហើយ​អ្នក​ជា​ស្ដេច​លើ​ពួក​គេ​ជា​រៀង​ដរាប​ត​ទៅ។

៥៦ហើយ​លោក​អ័ដាម​បាន​ក្រោក​ឈរ​ឡើង​នៅ​កណ្ដាល​ក្រុម​ជំនុំ ទោះ​ជា​លោក​កោង​ខ្នង​ដោយ​សារ​អាយុ​ក្ដី ដោយ​បាន​ពោរ​ពេញ​ទៅ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​បាន​ទាយ​ប្រាប់​ពី​អ្វីៗ​ដែល​នឹង​កើត​ឡើង​ដល់​ពូជ​ពង្ស​របស់​លោក​ដល់​ទៅ​តំណ​ចុង​ក្រោយ​បង្អស់។

៥៧ការណ៍​ទាំង​នេះ​ត្រូវ​បាន​សរសេរ​ទុក​នៅ​ក្នុង​គម្ពីរ​ហេណុក ហើយ​នឹង​ត្រូវ​ធ្វើ​ទី​បន្ទាល់ នៅ​ពេល​កំណត់។

៥៨គឺជា​ភារកិច្ច​របស់​ពួក​១២​នាក់​ដែរ ឲ្យ​តែងតាំង ហើយ​រៀបចំ​អស់​ទាំង​ពួក​អ្នក​កាន់​តំណែង​ផ្សេងៗ​ទៀត​នៅ​ក្នុង​សាសនាចក្រ​ឲ្យ​មាន​របៀបរៀបរយ យល់​ព្រម​តាម​វិវរណៈ​ដែល​ថា ៖

៥៩ចំពោះ​សាសនាចក្រ​នៃ​ព្រះ​គ្រីស្ទ​នៅ​ក្នុង​ដែនដី​ស៊ីយ៉ូន ជា​ការ​បន្ថែម​ទៅ​និង​ក្រឹត្យ​វិន័យ​ទាំង​ឡាយ​នៃ​សាសនាចក្រ អំពី​ធុរកិច្ច​នៃ​សាសនាចក្រ —

៦០យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ព្រះ​អម្ចាស់​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​ព្រះ​បន្ទូល​ថា ជា​ការ​ចាំ​បាច់ ត្រូវ​តែ​មាន​ពួក​អែលឌើរ​ត្រួតត្រា​ដើម្បី​ត្រួតត្រា​លើ​ពួក​អ្នក ដែល​មាន​តំណែង​ជា​អែលឌើរ

៦១ហើយ​ពួក​សង្ឃ ដើម្បី​ត្រួតត្រា​លើ​ពួក​អ្នក​ដែល​មាន​តំណែង​ជា​សង្ឃ​ផង

៦២ហើយ​ពួក​គ្រូ ដើម្បី​ត្រួតត្រា​លើ​ពួក​អ្នក ដែល​មាន​តំណែង​ជា​គ្រូ​ផង តាម​របៀប​ដូច​គ្នា ព្រម​ទាំង​ពួក​ឌីកុន​ផង​ដែរ —

៦៣ហេតុ​ដូច្នោះ​ហើយ ពី​ឌីកុន​ទៅ​គ្រូ ហើយ​ពី​គ្រូ​ទៅ​សង្ឃ ហើយ​ពី​សង្ឃ​ទៅ​អែលឌើរ រៀងៗ​ខ្លួន​តាម​ដែល​ពួក​គេ​បាន​កំណត់ ស្រប​តាម​សេចក្ដី​សញ្ញា និង​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​សាសនាចក្រ។

៦៤ខណៈ​នោះ ទើប​មាន​បព្វជិតភាព​ជាន់​ខ្ពស់ ដែល​ជាធំ​បំផុត​លើ​អ្វីៗ​ទាំង​អស់។

៦៥ហេតុ​ដូច្នោះ​ហើយ ជា​ការ​ចាំ​បាច់ ត្រូវ​តែ​មាន​នរណា​ម្នាក់​តាំង​ឡើង​ពី​បព្វជិតភាព​ជាន់​ខ្ពស់​ឲ្យ​ត្រួតត្រា​លើ​បព្វជិតភាព ហើយ​អ្នក​នោះ​នឹង​ត្រូវ​ហៅថា​ជា ប្រធាន​នៃ​បព្វជិតភាព​ជាន់​ខ្ពស់​នៃ​សាសនាចក្រ

៦៦ឬ​ម្យ៉ាង​ទៀត​ថា សង្ឃ​ជាន់​ខ្ពស់​ដែល​ត្រួតត្រា​លើ​បព្វជិតភាព​ជាន់​ខ្ពស់​នៃ​សាសនាចក្រ។

៦៧ពី​សង្ឃ​ជាន់​ខ្ពស់​ដែល​ត្រួតត្រា ទើប​មាន​ការ​ចាត់ចែង​ការ​ប្រព្រឹត្តិ​ទាំង​ឡាយ និង​ពរ​ទាំង​ឡាយ​មក​លើ​សាសនាចក្រ​ដោយ​ការ​ដាក់​ដៃ​លើ។

៦៨ហេតុ​ដូច្នោះ​ហើយ តំណែង​នៃ​ប៊ីស្សព​គឺ​ពុំ​ស្មើ​តំណែង​នៃ​សង្ឃ​ជាន់​ខ្ពស់​ដែល​ត្រួតត្រា​ទេ ត្បិត​តំណែង​នៃ​ប៊ីស្សព គឺជា​ការ​ចាត់ចែង​គ្រប់​អស់​ទាំង​ការណ៍​ខាង​សាច់​ឈាម។

៦៩ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ប៊ីស្សព​ត្រូវ​បាន​រើស​ពី​បព្វជិតភាព​ជាន់​ខ្ពស់​ដែរ លើក​លែងតែ​លោក​ជា​ពូជ​ពង្ស​លោក​អើរ៉ុន​ពិត​ប៉ុណ្ណោះ។

៧០ត្បិត​លើក​លែងតែ​អ្នក​នោះ​ជា​ពូជ​ពង្ស​លោក​អើរ៉ុន​ពិត នោះ​គាត់​ពុំ​អាច​កាន់​កូន​សោ​ទាំង​ឡាយ​នៃ​បព្វជិតភាព​នោះ​បាន​ឡើយ។

៧១ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​សង្ឃ​ជាន់​ខ្ពស់ គឺថា​តាម​របៀប​លោក​ម៉ិលគីស្សាដែក អាច​បាន​ញែក​ចេញ​ចំពោះ​ការងារ​បម្រើ​ខាង​ការណ៍​ទាំង​ឡាយ​នៃ​សាច់​ឈាម​ដែរ ដោយ​បាន​តម្រិះ​ពី​ការណ៍​ទាំង​ឡាយ​ខាង​សាច់​ឈាម ដោយ​សារ​ព្រះ​វិញ្ញាណ​នៃ​សេចក្ដី​ពិត

៧២ហើយ​ឲ្យ​ធ្វើ​ជា​ចៅក្រម​នៅ​អ៊ីស្រាអែល​ដែរ គឺ​ដើម្បី​ប្រតិបត្តិ​ធុរកិច្ច​នៃ​សាសនាចក្រ ដើម្បី​អង្គុយ​ជំនុំ​ជំរះ​លើ​ពួក​អ្នក​រំលង​ច្បាប់ ស្រប​តាម​ទី​បន្ទាល់ ដូចដែល​បាន​លាតត្រដាង​នៅ​ចំពោះ​គាត់ ស្រប​តាម​ក្រឹត្យ​វិន័យ​ទាំង​ឡាយ ដោយ​ការ​ជំនួយ​ពី​ទីប្រឹក្សា​ទាំង​ឡាយ​របស់​គាត់ ដែល​គាត់​បាន​រើស ឬ​ដែល​នឹង​រើស​នៅ​ក្នុង​ចំណោម​ពួក​អែលឌើរ​នៃ​សាសនាចក្រ។

៧៣នេះ​គឺជា​ភារកិច្ច​របស់​ប៊ីស្សព ដែល​ពុំ​មែន​ជា​ពូជ​ពង្ស​លោក​អើរ៉ុន​ពិត ប៉ុន្តែ​ដែល​បាន​តែងតាំង​ចំពោះ​បព្វជិតភាព​ជាន់​ខ្ពស់ តាម​របៀប​លោក​ម៉ិលគីស្សាដែក។

៧៤ដូច្នោះ ទើប​គាត់​បាន​ធ្វើ​ជា​ចៅក្រម គឺជា​ចៅក្រម​ទូ​ទៅ​នៅ​ក្នុង​ចំណោម​បណ្ដាជន​នៃ​ស៊ីយ៉ូន ឬ​នៅ​ក្នុង​ស្តេក​នៃ​ស៊ីយ៉ូន ឬ​នៅ​ក្នុង​សាខា​ណា​មួយ​ក្នុង​សាសនាចក្រ ដែល​គាត់​នឹង​ត្រូវ​បាន​ញែក​ចេញ​ចំពោះ​ការងារ​បម្រើ​នេះ រហូត​ដល់​ព្រំដែន​ស៊ីយ៉ូន​បាន​ពង្រីក​ឡើង ហើយ​ចាំ​បាច់​ត្រូវ​មាន​ប៊ីស្សព ឬ​ចៅក្រម​ផ្សេងៗ​ទៀត​នៅ​ក្នុង​ស៊ីយ៉ូន ឬ​កន្លែង​ណា​ផ្សេង​ទៀត។

៧៥ហើយ​ដរាបណា​មាន​ប៊ីស្សព​ផ្សេងៗ​ទៀត​បាន​តាំង​ឡើង នោះ​ពួក​គេ​ត្រូវ​ប្រតិបត្តិ​ក្នុង​តំណែង​ដដែល។

៧៦ប៉ុន្តែ​ពូជ​ពង្ស​លោក​អើរ៉ុន​ពិត មាន​សិទ្ធិ​ពេញ​ច្បាប់ ចំពោះ​គណៈប្រធាន​នៃ​បព្វជិតភាព​នេះ ចំពោះ​កូន​សោ​ទាំង​ឡាយ​នៃ​ការងារ​បម្រើ​នេះ ដើម្បី​ប្រតិបត្តិ​ក្នុង​តំណែង​នៃ​ប៊ីស្សព​ដោយ​ឡែក ដោយ​ពុំ​ចាំ​បាច់​ទីប្រឹក្សា​ទាំង​ឡាយ​ឡើយ លើក​លែងតែ​ក្នុង​ករណី ដែល​មាន​ប្រធាន​នៃ​បព្វជិតភាព​ជាន់​ខ្ពស់ តាម​របៀប​លោក​ម៉ិលគីស្សាដែក ត្រូវ​កាត់ក្ដី​ប៉ុណ្ណោះ ដើម្បី​អង្គុយ​ជា​ចៅក្រម​នៅ​អ៊ីស្រាអែល។

៧៧ហើយ​ការ​សម្រេច​ចិត្ត​ពី​ក្រុម​ណា​មួយ​នៃ​ក្រុម​ទាំង​នេះ យល់​ព្រម​តាម​ព្រះ​បញ្ញត្តិ​ដែល​ថា ៖

៧៨ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ធុរកិច្ច​ដ៏​សំខាន់​បំផុត​នៃ​សាសនាចក្រ និង​ករណី​ដ៏​ពិបាក​បំផុត​នៃ​សាសនាចក្រ ដរាបណា គ្មាន​ការ​ពេញ​ចិត្ត​ចំពោះ​ការ​សម្រេច​ចិត្ត​នៃ​ប៊ីស្សព ឬ​ពួក​ចៅក្រម នោះ​នឹង​ត្រូវ​ប្រគល់ ហើយ​បញ្ជូន​ឡើង​ទៅ​ដល់​ក្រុម​ប្រឹក្សា​នៃ​សាសនាចក្រ នៅ​ចំពោះ​គណៈប្រធាន​នៃ​បព្វជិតភាព​ជាន់​ខ្ពស់។

៧៩ហើយ​គណៈប្រធាន​នៃ​ក្រុម​ប្រឹក្សា​ក្នុង​បព្វជិតភាព​ជាន់​ខ្ពស់​ត្រូវ​មាន​អំណាច ដើម្បី​ហៅ​ពួក​សង្ឃ​ជាន់​ខ្ពស់​ផ្សេងៗ​ទៀត គឺ​១២​នាក់​ឲ្យ​ជួយ​ធ្វើ​ជា​ទីប្រឹក្សា​ទាំង​ឡាយ ហើយ​ដូច្នេះ ទើប​គណៈប្រធាន​នៃ​បព្វជិតភាព​ជាន់​ខ្ពស់ និង​ទីប្រឹក្សា​ទាំង​ឡាយ​របស់​គេ​មាន​អំណាច​ដើម្បី​សម្រេច​ចិត្ត​ចំពោះ​ទី​បន្ទាល់ ស្រប​តាម​ក្រឹត្យ​វិន័យ​ទាំង​ឡាយ​នៃ​សាសនាចក្រ។

៨០ហើយ​បន្ទាប់​ពី​ការ​សម្រេច​ចិត្ត​នេះ នឹង​ពុំ​បាន​នឹក​ចាំ​នៅ​ចំពោះ​ព្រះ​អម្ចាស់​ទៀត​ទេ ត្បិត​នេះ​គឺជា​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​បំផុត​នៃ​សាសនាចក្រ​របស់​ព្រះ ហើយ​ជា​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​បង្អស់ ចំពោះ​ការ​ទាស់ទែង​ខាង​ការណ៍​ទាំង​ឡាយ​នៃ​វិញ្ញាណ។

៨១គ្មាន​នរណា​មួយ​ដែល​ជា​សមាជិក​នៃ​សាសនាចក្រ ត្រូវ​បាន​លើក​លែង​ពី​ក្រុម​ប្រឹក្សា​នេះ នៅ​ក្នុង​សាសនាចក្រ​ឡើយ។

៨២ហើយ​ដរាបណា​ប្រធាន​នៃ​បព្វជិតភាព​បាន​ប្រព្រឹត្ត​រំលង នោះ​គាត់​នឹង​ត្រូវ​បាន​នឹក​ចាំ នៅ​ចំពោះ​ក្រុម​ប្រឹក្សា​ទូ​ទៅ​នៃ​សាសនាចក្រ ដែល​នឹង​ត្រូវ​ជួយ​ដោយ​ទីប្រឹក្សា​១២​នាក់​នៃ​បព្វជិតភាព​ជាន់​ខ្ពស់។

៨៣ហើយ​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ​មក​លើ​អ្នក​នោះ នឹង​ត្រូវ​បញ្ចប់​រឿង​ទាស់ទែង​អំពី​គាត់។

៨៤ដូច្នេះ ទើប​គ្មាន​នរណា​ត្រូវ​បាន​លើក​លែង​ពី​សេចក្ដី​យុត្តិធម៌ និង​ក្រឹត្យ​វិន័យ​ទាំង​ឡាយ​នៃ​ព្រះ​ឡើយ ប្រយោជន៍​ឲ្យ​គ្រប់​ទាំង​អស់​អាច​បាន​សម្រេច​តាម​របៀប​រៀបរយ និង​តាម​ការ​ម៉ឺងម៉ាត់​នៅ​ចំពោះ​ទ្រង់ ស្រប​តាម​សេចក្ដី​ពិត និង​សេចក្ដី​សុចរិត។

៨៥ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ភារកិច្ច​របស់​ប្រធាន​នៅ​លើ​តំណែង​នៃ​ឌីកុន គឺ​ត្រូវ​ត្រួតត្រា​លើ​ពួក​ឌីកុន​១២​នាក់ ត្រូវ​អង្គុយ​ជាមួយ​ពួក​គេ​ក្នុង​ក្រុម​ប្រឹក្សា ហើយ​ត្រូវ​បង្រៀន​ពួក​គេ​អំពី​ភារកិច្ច​របស់​គេ ដោយ​ស្អាង​គ្នា​ទៅ​វិញ​ទៅ​មក ដូចដែល​បាន​ប្រទាន​ឲ្យ​មក ស្រប​តាម​សេចក្ដី​សញ្ញា​ទាំង​ឡាយ។

៨៦ហើយ​ព្រម​ទាំង​ភារកិច្ច​របស់​ប្រធាន​នៅ​លើ​តំណែង​នៃ​ពួក​គ្រូ​ដែរ គឺ​ត្រូវ​ត្រួតត្រា​លើ​គ្រូ​២៤​នាក់ ហើយ​ត្រូវ​អង្គុយ​ជាមួយ​ពួក​គេ​ក្នុង​ក្រុម​ប្រឹក្សា ដោយ​បង្រៀន​ពួក​គេ​អំពី​ភារកិច្ច​នៃ​តំណែង​របស់​ពួក​គេ ដូចដែល​បាន​ប្រទាន​ឲ្យ​មក​ក្នុង​សេចក្ដី​សញ្ញា​ទាំង​ឡាយ។

៨៧ព្រម​ទាំង​ភារកិច្ច​របស់​ប្រធាន​លើ​បព្វជិតភាព​អើរ៉ុន​ដែរ គឺ​ត្រូវ​ត្រួតត្រា​លើ​ពួក​សង្ឃ​៤៨​នាក់ ហើយ​អង្គុយ​ជាមួយ​ពួក​គេ​ក្នុង​ក្រុម​ប្រឹក្សា ដើម្បី​បង្រៀន​ពួក​គេ​អំពី​ភារកិច្ច​នៃ​តំណែង​របស់​ពួក​គេ ដូចដែល​បាន​ប្រទាន​ឲ្យ​មក​ក្នុង​សេចក្ដី​សញ្ញា​ទាំង​ឡាយ —

៨៨ប្រធាន​នេះ​ត្រូវ​ធ្វើ​ជា​ប៊ីស្សព ត្បិត​នេះ​ហើយ​ជា​ភារកិច្ច​មួយ​នៃ​បព្វជិតភាព​នេះ។

៨៩ជា​ថ្មី​ទៀត ភារកិច្ច​របស់​ប្រធាន​នៅ​លើ​តំណែង​នៃ​ពួក​អែលឌើរ គឺ​ត្រូវ​ត្រួតត្រា​លើ​ពួក​អែលឌើរ​៩៦​នាក់ ហើយ​ត្រូវ​អង្គុយ​ជាមួយ​ពួក​គេ​ក្នុង​ក្រុម​ប្រឹក្សា ហើយ​ត្រូវ​បង្រៀន​ពួក​គេ ស្រប​តាម​សេចក្ដី​សញ្ញា​ទាំង​ឡាយ។

៩០គណៈប្រធាន​នេះ​ខុស​ពី​គណៈប្រធាន​នៃ​ពួក​៧០​នាក់ ហើយ​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ពួក​អ្នក ដែល​មិន​ធ្វើ​ដំណើរ​ទៅ​ពេញ​សព្វ​ក្នុង​ពិភពលោក។

៩១ហើយ​ជា​ថ្មី​ទៀត ភារកិច្ច​របស់​ប្រធាន​នៃ​តំណែង​របស់​បព្វជិតភាព​ជាន់​ខ្ពស់ គឺ​ត្រូវ​ត្រួតត្រា​លើ​សាសនាចក្រ​ទាំង​មូល ហើយ​ត្រូវ​ធ្វើ​ដូច​ជា​លោក​ម៉ូសេ —

៩២មើល​ចុះ នេះ​ហើយ​ជា​ប្រាជ្ញា មែន​ហើយ គឺ​ត្រូវ​ធ្វើ​ជា​អ្នក​មើល​ឆុត ជា​អ្នក​បើក​សម្ដែង ជា​អ្នក​បកប្រែ ហើយ​ជា​ព្យាការី ដោយ​មាន​គ្រប់​អំណោយទាន​ទាំង​អស់​នៃ​ព្រះ ដែល​ទ្រង់​ប្រទាន​មក​លើ​មេដឹកនាំ​សាសនាចក្រ។

៩៣ហើយ​គឺ​ស្រប​តាម​ការ​និមិត្ត ដែល​បង្ហាញ​អំពី​របៀប​នៃ​ពួក​៧០​នាក់ ថា​ពួក​គេ​ត្រូវ​មាន​ប្រធាន​ប្រាំពីរ​នាក់ ដើម្បី​ត្រួតត្រា​លើ​ពួក​គេ ដែល​ត្រូវ​បាន​រើស​ចេញ​ពី​ចំនួន​ពួក​៧០​នាក់

៩៤ហើយ​ប្រធាន​ទី​ប្រាំពីរ​ក្នុង​ប្រធាន​ទាំង​នេះ ត្រូវ​ត្រួតត្រា​លើ​ប្រធាន​ទាំង​ប្រាំមួយ​នាក់

៩៥ហើយ​ប្រធាន​ទាំង​ប្រាំពីរ​នាក់​នេះ ត្រូវ​រើស​ពួក​៧០​នាក់​ផ្សេង​ទៀត ក្រៅ​ពី​ពួក​៧០​នាក់​លើក​មុន ដែល​ពួក​គេ​ជា​សមាជិក ហើយ​ត្រូវ​ត្រួតត្រា​លើ​ពួក​គេ​

៩៦ហើយ​នឹង​ពួក​៧០​នាក់​ផ្សេង​ទៀត រហូត​ដល់​ប្រាំពីរ​៧០​ដង បើ​សិន​ជា​កិច្ចការ​ក្នុង​ចម្ការ​ទំ​ពាំ​ងំ​បាយ​ជូរ​តម្រូវ​ដោយ​មក​ពី​ការ​ចាំ​បាច់។

៩៧ហើយ​ពួក​៧០​នាក់​ទាំង​នេះ​ត្រូវ​ធ្វើ​ជា​អ្នក​ធ្វើ​ការងារ​បម្រើ​ដែល​ធ្វើ​ដំណើរ​ដល់​ពួក​សាសន៍​ដទៃ​មុនដំបូង ហើយ​ដល់​ពួក​សាសន៍​យូដា​ផង។

៩៨រីឯ​ពួក​អ្នក​កាន់​តំណែង​ផ្សេងៗ​ទៀត​នៅ​ក្នុង​សាសនាចក្រ ដែល​មិនមែន​ជា​សមាជិក​នៃ​ពួក​១២​នាក់ ឬ​ពួក​៧០​នាក់​ទេ នោះ​មិន​ត្រូវ​នៅ​ក្រោម​កាតព្វកិច្ច ដើម្បី​ធ្វើ​ដំណើរ​ក្នុង​ចំណោម​សាសន៍​ទាំង​អស់​ឡើយ ប៉ុន្តែ​ត្រូវ​ធ្វើ​ដំណើរ​តាម​ដែល​កាលៈទេសៈ​អនុញ្ញាត ទោះ​ជា​ពួក​គេ​អាច​កាន់​តំណែង​ខ្ពង់​ខ្ពស់ និង​សំខាន់ៗ​នៅ​ក្នុង​សាសនាចក្រ​ក្ដី។

៩៩ហេតុ​ដូច្នោះ​ហើយ នៅ​ពេល​ឥឡូវ​នេះ ចូរ​ឲ្យ​មនុស្ស​គ្រប់​រូប​រៀន​ពី​ភារកិច្ច​របស់​ខ្លួន ហើយ​ឲ្យ​ប្រតិបត្តិ​ក្នុង​តំណែង​ដែល​ខ្លួន​ត្រូវ​បាន​តាំង​ឡើង​ដោយ​សេចក្ដី​ឧស្សាហ៍​គ្រប់​ជំពូក។

១០០អ្នក​ណា​ដែល​ខ្ជិលច្រអូស​មិន​ត្រូវ​បាន​រាប់​ថា​សម​នឹង​ឈរ​ឡើយ ហើយ​អ្នក​ណា​ដែល​មិន​រៀន​ពី​កាតព្វកិច្ច​របស់​ខ្លួន ហើយ​បង្ហាញ​ខ្លួន ថា​ពុំ​បាន​ទទួល​ការ​អនុមតិ​ទេ នោះ​មិន​ត្រូវ​បាន​រាប់​ថា​សម​នឹង​ឈរ​ឡើយ។ គឺ​ដូច្នោះ​មែន។ អាម៉ែន៕