ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 39
កំណត់ចំណាំ​នៅ​បាត

Hide Footnotes

បាវចនា

កណ្ឌ​ទី ៣៩

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី ចំពោះ​យ៉េម្ស ខូវិល នៅ​ភូមិ​ហ្វាយែត រដ្ឋ​ញូវយ៉ក ថ្ងៃ​ទី៥ ខែ​មក​រា ឆ្នាំ​១៨៣១ (History of the Church, ១:១៤៣–១៤៥)។ យ៉េម្ស ខូវិល ជា​អាចារ្យ​សាសនាចក្រ​ផ្នែក​បាទីស្ទ អស់​ប្រមាណ ៤០ ឆ្នាំ​មក​ហើយ លោក​បាន​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះ​អម្ចាស់​ថា លោក​នឹង​គោរព​តាម​បញ្ញត្តិ​ណាមួយ​ក៏​ដោយ ដែល​ព្រះ​អម្ចាស់ ទ្រង់​នឹង​ប្រទាន​ដល់​លោក តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី។

១–៤, ពួក​បរិសុទ្ធ​មាន​អំណាច នឹង​បាន​ត្រឡប់​ជា​កូន​ព្រះ; ៥–៦, ដើម្បី​បាន​ទទួល​ដំណឹង​ល្អ គឺ​ដើម្បី​បាន​ទទួល​ព្រះ​គ្រីស្ទ; ៧–១៤, យ៉េម្ស ខូវិល ត្រូវ​បាន​បញ្ជា​ឲ្យ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​ធ្វើ​ការងារ​នៅ​ក្នុង​ចម្ការ​ទំពាំងបាយជូរ​របស់​ព្រះ​អម្ចាស់; ១៥–២១, ពួក​អ្នក​បម្រើ​របស់​ព្រះ​អម្ចាស់ ត្រូវ​ទៅ​ផ្សាយដំណឹង​ល្អ​មុន​ការ​យាង​មក​លើក​ទី​២; ២២–២៤, អស់​អ្នក​ណា​ដែល​ទទួល​ដំណឹង​ល្អ នោះ​នឹង​ត្រូវ​បាន​ប្រមូល​គ្នា​ក្នុង​វេលា​កាល និង​ក្នុង​អស់​កល្ប​អស់​កាល។

ចូរ​ស្ដាប់​តាម​ចុះ ហើយ​ឮ​សំឡេង​នៃ​ព្រះ​អង្គ ដែល​គង់នៅ​ចាប់​តាំង​ពី​ភាព​អស់​កល្ប ដល់​ភាព​អស់​កល្ប​ជានិច្ច ជា​ព្រះ​ដ៏​ជា​ព្រះ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ —

ជា​ពន្លឺ និង​ជា​ជីវិត​នៃ​ពិភពលោក ជា​ពន្លឺ​ដែល​ភ្លឺ​មក​ក្នុង​សេចក្ដី​ងងឹត តែ​សេចក្ដី​ងងឹត​យល់​មិន​ដល់​ពន្លឺ​ទេ

ជា​ព្រះ​ដដែល ដែល​បាន​យាង​មក​ក្នុង​កាល​ដ៏​ខ្ពង់​ខ្ពស់​បំផុត ដែល​បាន​យាង​មក​រក​រាស្ត្រ​របស់​យើង តែ​រាស្ត្រ​របស់​យើង មិន​បាន​ទទួល​យើង​សោះ

ប៉ុន្តែ​អស់​មនុស្ស​ជា​ច្រើន​ណា​ដែល​បាន​ទទួល​យើង នោះ​យើង​បាន​ប្រទាន​អំណាច ឲ្យ​ត្រឡប់​ទៅ​ជា​កូន​ព្រះ ហើយ​យើង​ក៏​នឹង​ប្រទាន​ដល់​អស់​មនុស្ស​ជា​ច្រើន​ណា ដែល​នឹង​ទទួល​យើង​នូវ​អំណាច​ដើម្បី​ត្រឡប់​ទៅ​ជា​កូន​របស់​យើង​ដែរ។

ហើយ​ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ទទួល​ដំណឹង​ល្អ​របស់​យើង នោះ​ទទួល​យើង​ដែរ ហើយ​អ្នក​ណា​ដែល​មិន​ទទួល​ដំណឹង​ល្អ​របស់​យើង​ទេ នោះ​មិន​ទទួល​យើង​ដែរ។

ហើយ​នេះ​ជា​ដំណឹង​ល្អ​របស់​យើង — ការ​ប្រែ​ចិត្ត និង​បុណ្យ​ជ្រមុជ​ដោយ​ទឹក ហើយ​បន្ទាប់​មក បុណ្យ​ជ្រមុជ​ដោយ​ភ្លើង និង​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ គឺជា​ព្រះ​ដ៏​ជា​ជំនួយ ដែល​បង្ហាញ​គ្រប់​ទាំង​អស់ ហើយ​បង្រៀន​ពី​របស់​ខាង​នគរ ដែល​ប្រកប​ដោយ​ភាព​សុខសាន្ត។

ហើយ​ឥឡូវ​នេះ មើល​ចុះ យ៉េម្ស ជា​អ្នក​បម្រើ​របស់​យើង​អើយ យើង​ប្រាប់​អ្នក​ថា យើង​បាន​ទត​មើល​កិច្ចការ​ទាំង​ឡាយ​របស់​អ្នក ហើយ​យើង​ស្គាល់​អ្នក​ហើយ។

ហើយ​យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ឥឡូវ​នេះ ដួង​ចិត្ត​របស់​អ្នក​ត្រឹម​ត្រូវ​នៅ​ចំពោះ​យើង នៅ​ពេល​វេលា​នេះ ហើយ​មើល​ចុះ យើង​បាន​ប្រទាន​ព្រះ​ពរ​ដ៏​ធំៗ​មក​លើ​ក្បាល​អ្នក

ទោះ​យ៉ាង​ណា​ដ៏​ដោយ អ្នក​បាន​ជ្រាប​ឃើញ​ភាព​សោកសៅ​ដ៏​ធំ ត្បិត​អ្នក​បាន​បដិសេធ​យើង​ជា​ច្រើន​គ្រា​មក​ហើយ ពី​ព្រោះ​តែ​សេចក្ដី​ឆ្មើងឆ្មៃ និង​សេចក្ដី​ខ្វល់​ខ្វាយ​នៃ​លោកិយ

១០ប៉ុន្តែ​មើល​ចុះ ថ្ងៃ​ទាំង​ឡាយ​នៃ​សេចក្ដី​រំដោះ​អ្នក​កំពុង​មក​ដល់​ហើយ បើ​សិន​ជា​អ្នក​នឹង​ស្ដាប់​តាម​សំឡេង​របស់​យើង ដែល​មាន​បន្ទូល​មក​រក​អ្នក​ថា ៖ ចូរ​ក្រោក​ឡើង ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​លាងបាប​អ្នក​ចេញ​ចុះ ដោយ​អំពាវនាវ​ដល់​ព្រះ​នាម​របស់​យើង ហើយ​អ្នក​នឹង​បាន​ទទួល​ព្រះ​វិញ្ញាណ​របស់​យើង និង​ព្រះ​ពរ​ដ៏​មហិមា ដូច​ជា​អ្នក​ពុំ​ដែល​បាន​ស្គាល់​មក​សោះ។

១១ហើយ​បើ​សិន​ជា​អ្នក​ធ្វើ​ដូច្នេះ នោះ​យើង​បាន​រៀបចំ​អ្នក​ទុក សម្រាប់​កិច្ចការ​ដ៏​ធំ​លើសលែង​ទៅ​ទៀត។ អ្នក​នឹង​ត្រូវ​ផ្សាយ​ពី​ភាព​ពោរ​ពេញ​នៃ​ដំណឹង​ល្អ ដែល​យើង​បាន​ចាត់​ឲ្យ​ចេញ​ទៅ​ក្នុង​គ្រា​ចុង​ក្រោយ​បង្អស់ គឺជា​សេចក្ដី​សញ្ញា​ដែល​យើង​បាន​ចាត់​ឲ្យ​ចេញ​ទៅ​ប្រមូល​រាស្ត្រ​យើង​មក​វិញ ដែល​ត្រូវ​ជា​វង្ស​អ៊ីស្រាអែល។

១២ហើយ​ហេតុការណ៍​នឹង​កើត​ឡើង​ថា អំណាច​នឹង​ស្ថិត​នៅ​លើ​អ្នក អ្នក​នឹង​ត្រូវ​មាន​សេចក្ដី​ជំនឿ​ដ៏​ធំ ហើយ​យើង​នឹង​នៅ​ជាមួយ​អ្នក ហើយ​ទៅ​ពីមុខ​អ្នក។

១៣អ្នក​ត្រូវ​បាន​ហៅ​ដើម្បី​ឲ្យ​ធ្វើ​ការងារ​នៅ​ក្នុង​ចម្ការ​ទំពាំងបាយជូរ​របស់​យើង និង​ដើម្បី​ស្ថាបនា​សាសនាចក្រ​របស់​យើង​ឡើង ហើយ​ដើម្បី​នាំ​ក្រុង​ស៊ីយ៉ូន​ចេញ​មក ប្រយោជន៍​ឲ្យ​ក្រុង​ស៊ីយ៉ូន​អាច​បាន​អរ​សប្បាយ​នៅ​លើ​ភ្នំ​ទាំង​ឡាយ ហើយ​លូតលាស់

១៤មើល​ចុះ ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា អ្នក​ពុំ​ត្រូវ​បាន​ហៅ​ឲ្យ​ទៅ​ស្រុក​ខាង​កើត​ទាំង​ឡាយ​ឡើយ ប៉ុន្តែ​អ្នក​ត្រូវ​បាន​ហៅ​ឲ្យ​ទៅ​រដ្ឋ​អូហៃអូ​វិញ។

១៥ហើយ​ដរាបណា​រាស្ត្រ​របស់​យើង​នឹង​ប្រមូល​គ្នី​គ្នា​នៅ​ឯ​រដ្ឋ​អូហៃអូ នោះ​យើង​បាន​រក្សា​ពរ​ទុក ដូច​ជា​ពុំ​ដែល​ស្គាល់​នៅ​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស​ឡើយ ហើយ​ពរ​នោះ​នឹង​ត្រូវ​បាន​ចាក់​មក​លើ​ក្បាល​ពួក​គេ​ទាំង​ឡាយ។ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​ទៅ មនុស្ស​នឹង​ត្រូវ​ចេញ​ទៅ​គ្រប់​អស់​ទាំង​សាសន៍

១៦មើល​ចុះ ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ប្រជារាស្ត្រ​នៅ​រដ្ឋ​អូហៃអូ​អំពាវនាវ​មក​រក​យើង​ដោយ​នូវ​សេចក្ដី​ជំនឿ​ដ៏​ខ្លាំង ដោយ​គិត​ថា​យើង​នឹង​ទប់​ដៃ​របស់​យើង​ទុក​ក្នុង​ការ​ជំនុំ​ជំរះ​មក​លើ​សាសន៍​ទាំង​ឡាយ ប៉ុន្តែ​យើង​ពុំ​អាច​បដិសេធ​ពាក្យ​របស់​យើង​បាន​ឡើយ។

១៧ហេតុ​ដូច្នោះ​ហើយ ចូរ​ចាប់​ផ្ដើម​ធ្វើ​ការ​ដោយ​អស់​ពី​កម្លាំង​អ្នក​ចុះ ហើយ​ចូរ​ហៅ​ពួក​អ្នក​ធ្វើ​ការ ដែល​ស្មោះត្រង់​ទាំង​ប៉ុន្មាន​ឲ្យ​ចូល​ក្នុង​ចម្ការ​ទំពាំងបាយជូរ​របស់​យើង​ចុះ ប្រយោជន៍​ឲ្យ​ចម្ការ​យើង​ត្រូវ​បាន​កាត់​មែក​លើក​ចុង​ក្រោយ​បង្អស់។

១៨ហើយ​ដរាបណា​ពួក​គេ​ប្រែ​ចិត្ត ហើយ​ទទួល​នូវ​ភាព​ពោរ​ពេញ​នៃ​ដំណឹង​ល្អ​របស់​យើង ហើយ​ក្លាយ​ជា​បរិសុទ្ធ នោះ​យើង​នឹង​ទប់​ព្រះ​ហស្ត​របស់​យើង​ទុក​ក្នុង​ការ​ជំនុំ​ជំរះ។

១៩ហេតុ​ដូច្នោះ​ហើយ ចូរ​ចេញ​ទៅ​ចុះ ដោយ​ស្រែក​ឡើង​ដោយ​សំឡេង​ខ្លាំង គឺ​និយាយ​ថា ៖ នគរ​ស្ថាន​សួគ៌​នៅ​ជិត​ដៃ​បង្កើយ ដោយ​ស្រែក​ថា ៖ ហូសាណា! សូម​ឲ្យ​ព្រះ​នាម​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត បាន​ប្រកប​ដោយ​ព្រះ​ពរ។

២០ចូរ​ចេញ​ទៅ​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ទឹក​ចុះ ដោយ​រៀបចំ​ផ្លូវ​ពីមុខ​ព្រះ​ភក្ត្រ​យើង​សម្រាប់​ពេល​ដែល​យើង​នឹង​យាង​មក

២១ត្បិត​ពេល​នៅ​ជិត​ដៃ​បង្កើយ ឯ​ត្រង់​ថ្ងៃ និង​ម៉ោង​កំណត់ នោះ​គ្មាន​អ្នក​ណា​ដឹង​ទេ ប៉ុន្តែ​ពេល​នោះ​នឹង​ត្រូវ​មក​ដល់​ជា​ពិត។

២២ហើយ​អ្នក​ណា​ដែល​ទទួល​របស់​ទាំង​នេះ ឈ្មោះ​ថា​ទទួល​យើង​ដែរ ហើយ​ពួក​គេ​នឹង​ត្រូវ​បាន​ប្រមូល​គ្នី​គ្នា​មក​រក​យើង​ក្នុង​វេលាកាល និង​ក្នុង​អស់​កល្ប​អស់​កាល។

២៣ហើយ​ជា​ថ្មី​ទៀត ហេតុការណ៍​នឹង​កើត​ឡើង​ថា នៅ​លើ​អស់​មនុស្ស​ជា​ច្រើន​ណា ដែល​អ្នក​រាល់​គ្នា​នឹង​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ទឹក នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ដាក់​ដៃ​លើ ហើយ​ពួក​គេ​នឹង​បាន​ទទួល​អំណោយទាន​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​នឹង​ទន្ទឹង​ចាំ​ទី​សំគាល់​ទាំង​ឡាយ​អំពី​ការ​យាង​មក​របស់​យើង ហើយ​នឹង​បាន​ស្គាល់​យើង។

២៤មើល​ចុះ យើង​មក​យ៉ាង​ឆាប់​រហ័ស។ គឺ​ដូច្នោះ​មែន។ អាម៉ែន៕