កណ្ឌទី ៥៩
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅក្រុងស៊ីយ៉ូន ស្រុកចាកសុន រដ្ឋមិសសួរី ថ្ងៃទី៧ ខែសីហា ឆ្នាំ១៨៣១ (History of the Church, ១:១៩៦–២០១)។ ដើមបញ្ជីរបស់លោកអំពីវិវរណៈនេះ ព្យាការីសរសេរពណ៌នាអំពីដែនដីស៊ីយ៉ូន ជាកន្លែងសម្រាប់ឲ្យមនុស្សជួបជុំគ្នានៅពេលនោះ។ ដែនដីត្រូវបានថ្វាយ ដូចដែលព្រះអម្ចាស់ទ្រង់ដឹកនាំ ហើយកន្លែងសម្រាប់ព្រះវិហារនៅថ្ងៃក្រោយត្រូវបានធ្វើបុណ្យឆ្លងដែរ។ ជាពិសេស ព្រះអម្ចាស់ទ្រង់ធ្វើឲ្យបញ្ញត្តិទាំងនេះ មានន័យដល់ពួកបរិសុទ្ធនៅក្រុងស៊ីយ៉ូន។
១–៤, ពួកបរិសុទ្ធដែលមានចិត្តស្មោះត្រង់នៅក្រុងស៊ីយ៉ូននឹងត្រូវបានព្រះពរ; ៥–៨, ពួកគេត្រូវស្រឡាញ់ និងបម្រើព្រះអម្ចាស់ ហើយកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់; ៩–១៩, ដោយសារការញែកថ្ងៃរបស់ព្រះអម្ចាស់ទុកជាបរិសុទ្ធ នោះពួកបរិសុទ្ធត្រូវបានព្រះពរខាងសាច់ឈាម និងខាងវិញ្ញាណ; ២០–២៤, ពួកមនុស្សសុចរិតត្រូវបានសន្យាសេចក្ដីសុខសាន្ត នៅនាលោកិយនេះ និងជីវិតដ៏នៅអស់កល្បជានិច្ចនៅបរលោក។
១មើលចុះ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា មានពរហើយដល់អស់អ្នកណាដែលបានឡើងមកឯដែនដីនេះ ដោយភ្នែកស្មោះត្រង់ ទាំងស្រុង ចំពោះសិរីល្អរបស់យើង តាមព្រះបញ្ញត្តិទាំងឡាយរបស់យើង។
២ត្បិតអស់អ្នកណាដែលរស់នៅនឹងបានគ្រងផែនដីទុកជាមរតក ហើយអស់អ្នកណាដែលស្លាប់ទៅនឹងបានសម្រាកពីការងាររបស់ខ្លួន ហើយកិច្ចការទាំងឡាយរបស់ពួកគេនឹងជាប់តាមពួកគេ ហើយពួកគេនឹងបានទទួលមកុដនៅក្នុងវិមានទាំងឡាយនៃព្រះវរបិតារបស់យើង ដែលយើងបានរៀបចំសម្រាប់ពួកគេនោះ។
៣មែនហើយ មានពរហើយដល់អស់អ្នកណាដែលដាក់ជើងឈរនៅលើដែនដីស៊ីយ៉ូន ដែលបានគោរពតាមដំណឹងល្អរបស់យើង ត្បិតពួកគេនឹងបានទទួលសម្រាប់ជារង្វាន់របស់ពួកគេ នូវរបស់ល្អៗនៃផែនដី ហើយផែនដីនឹងផលិតក្នុងកម្លាំងខ្លួន។
៤ហើយពួកគេនឹងបានពាក់មកុដដោយព្រះពរទាំងឡាយមកពីលើ មែនហើយ និងដោយព្រះបញ្ញត្តិទាំងឡាយដ៏មិនតិចដែរ និងដោយវិវរណៈទាំងឡាយតាមវេលា — គឺជាពួកអ្នកដែលមានចិត្តស្មោះត្រង់ និងឧស្សាហ៍ចំពោះយើង។
៥ហេតុដូច្នោះហើយ យើងប្រទានបញ្ញត្តិមួយដល់ពួកគេ ដោយមានបន្ទូលថា ៖ អ្នកត្រូវស្រឡាញ់ដល់ព្រះអម្ចាស់ជាព្រះនៃអ្នកឲ្យអស់ពីចិត្តនៃអ្នក អស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំងនៃអ្នក ហើយដោយនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ នោះអ្នកត្រូវបម្រើទ្រង់។
៦អ្នកត្រូវស្រឡាញ់អ្នកជិតខាងដូចជាខ្លួនអ្នក។ អ្នកមិនត្រូវលួចឲ្យសោះ ឬផិតគ្នាឲ្យសោះ ឬសម្លាប់ឲ្យសោះ ឬប្រព្រឹត្តអំពើអ្វីដូចនោះឲ្យសោះ។
៧អ្នកត្រូវថ្វាយអំណរគុណដល់ព្រះអម្ចាស់ជាព្រះនៃអ្នក នៅគ្រប់ការណ៍ទាំងអស់។
៨អ្នកត្រូវថ្វាយការបូជាដល់ព្រះអម្ចាស់ជាព្រះនៃអ្នក ដោយសេចក្ដីសុចរិត គឺដោយចិត្តសង្រេង និងវិញ្ញាណទន់ទាប។
៩ហើយប្រយោជន៍ឲ្យអ្នកអាចរក្សាខ្លួនឲ្យបានពេញលេញ កុំឲ្យប្រឡាក់ពីលោកិយ នោះអ្នកត្រូវទៅដំណាក់នៃការអធិស្ឋាន ហើយថ្វាយសាក្រាម៉ង់របស់អ្នកឡើងនៅថ្ងៃបរិសុទ្ធរបស់យើងចុះ
១០ត្បិតប្រាកដមែន ថ្ងៃនេះត្រូវបានចាត់ទុកដល់អ្នក ដើម្បីឲ្យសម្រាកពីការងារទាំងឡាយរបស់អ្នក ហើយដើម្បីថ្វាយភក្ដីភាពរបស់អ្នកដល់ព្រះដ៏ខ្ពស់បំផុត
១១ទោះជាយ៉ាងណាក៏ដោយ បំណន់ទាំងឡាយរបស់អ្នកត្រូវថ្វាយឡើងដោយសេចក្ដីសុចរិត នៅគ្រប់ថ្ងៃ និងគ្រប់ពេលវេលា
១២ប៉ុន្តែចូរនឹកចាំថានៅថ្ងៃនេះ ជាថ្ងៃរបស់ព្រះអម្ចាស់ អ្នកត្រូវថ្វាយដង្វាយទាំងឡាយរបស់អ្នក និងសាក្រាម៉ង់ទាំងឡាយរបស់អ្នកដល់ព្រះដ៏ខ្ពស់បំផុត ដោយសារភាពនូវអំពើបាបទាំងឡាយរបស់អ្នក ដល់បងប្អូនរបស់អ្នក និងនៅចំពោះព្រះអម្ចាស់ចុះ។
១៣ហើយនៅថ្ងៃនេះ អ្នកមិនត្រូវធ្វើអ្វីឡើយ ក្រៅពីរៀបចំអាហាររបស់អ្នកដោយចិត្តស្មោះស្ម័គ្រប៉ុណ្ណោះ ប្រយោជន៍ឲ្យការតមរបស់អ្នកអាចបានល្អឥតខ្ចោះ ឬម្យ៉ាងទៀត ប្រយោជន៍ឲ្យសេចក្ដីអំណររបស់អ្នកអាចបានពេញ។
១៤ប្រាកដមែន នេះជាការតម និងការអធិស្ឋាន ឬម្យ៉ាងទៀត ជាការត្រេកអរ និងការអធិស្ឋាន។
១៥ហើយដរាបណាអ្នករាល់គ្នាប្រព្រឹត្តការទាំងនេះ ដោយអំណរគុណ ដោយទឹកចិត្ត និងទឹកមុខរីករាយ ដោយមិនសើចចេចចាចឡើយ ត្បិតនេះជាអំពើបាប ប៉ុន្តែដោយចិត្តអរសប្បាយ និងមុខរីករាយវិញ —
១៦យើងប្រាប់ជាប្រាកដថា ដរាបណាអ្នករាល់គ្នាប្រព្រឹត្តរបៀបនេះ នោះផលបរិបូរនៃផែនដីជារបស់ផងអ្នករាល់គ្នាហើយ គឺសត្វជើងបួនលើវាល និងសត្វហើរលើអាកាស និងអ្វីដែលឡើងលើដើមឈើ ហើយដើរនៅលើផែនដីផង
១៧មែនហើយ ហើយរុក្ខជាតិ និងអ្វីដែលកើតមកពីផែនដីផង ទោះជាសម្រាប់អាហារ ឬសម្រាប់សំលៀកបំពាក់ ឬសម្រាប់ផ្ទះសំបែង ឬសម្រាប់ជង្រុក ឬសម្រាប់ចម្ការ ឬសម្រាប់សួនច្បារ ឬសម្រាប់ចម្ការទំពាំងបាយជូរក្ដី
១៨មែនហើយ គ្រប់ទាំងអស់ដែលបានមកពីផែនដីតាមរដូវកាលវា គឺត្រូវបានបង្កើតឡើងសម្រាប់ផលប្រយោជន៍ និងការប្រើប្រាស់របស់មនុស្ស ទាំងដើម្បីផ្គាប់ភ្នែក និងដើម្បីធ្វើឲ្យចិត្តអរសប្បាយផង។
១៩មែនហើយ គឺសម្រាប់អាហារ និងសម្រាប់សំលៀកបំពាក់ សម្រាប់ភ្លក់ និងសម្រាប់ហិតក្លិន ដើម្បីចម្រើនកម្លាំងដល់រូបកាយ និងដើម្បីធ្វើឲ្យព្រលឹងមានជីវិតជីវ៉ាឡើង។
២០ហើយការណ៍នេះសព្វព្រះហឫទ័យដល់ព្រះ ដែលទ្រង់បានប្រទានគ្រប់ទាំងអស់ដល់មនុស្ស ព្រោះដោយហេតុនេះហើយ បានជារបស់ទាំងនេះត្រូវបានបង្កើតមក ដើម្បីឲ្យយកមកប្រើប្រាស់ដោយការវិនិច្ឆ័យ គឺមិនឲ្យហួសហេតុ ឬដោយការគំរាមកំហែងឡើយ។
២១ហើយមនុស្សមិនដែលជំទាស់ព្រះក្នុងការណ៍ណាមួយឡើយ ឬក៏សេចក្ដីក្រោធរបស់ទ្រង់មិនទាស់នឹងនរណាមួយទេ លើកលែងតែអស់អ្នកណាដែលមិនទទួលស្គាល់ព្រះហស្តរបស់ទ្រង់ក្នុងគ្រប់ទាំងអស់ ហើយមិនគោរពតាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ប៉ុណ្ណោះ។
២២មើលចុះ នេះគឺតាមក្រឹត្យវិន័យ និងពួកព្យាការី ហេតុដូច្នោះហើយ ចូរកុំរំខានដល់យើងអំពីរឿងនេះទៀតឡើយ។
២៣ប៉ុន្តែចូររៀនចុះថា អ្នកណាដែលប្រព្រឹត្តកិច្ចការទាំងឡាយដោយសេចក្ដីសុចរិត នោះនឹងបានទទួលរង្វាន់របស់ខ្លួន គឺសេចក្ដីសុខសាន្តនៅនាលោកិយនេះ និងជីវិតដ៏នៅអស់កល្បជានិច្ចនៅបរលោក។
២៤យើងជាព្រះអម្ចាស់ បានមានបន្ទូលថាដូច្នោះហើយ ហើយព្រះវិញ្ញាណធ្វើទីបន្ទាល់។ អាម៉ែន៕