ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 3


កណ្ឌ​ទី ៣

វិវរណៈ​ដែល​ប្រទាន​ដល់​យ៉ូសែប ស្ម៊ីធ ជា​ព្យាការី នៅ​ភូមិ ហាម៉ូនី រដ្ឋ ផែនសិល​វេញ៉ា ខែ​កក្កដា ឆ្នាំ​១៨២៨ ទាក់​ទង​ទៅ​នឹង​ការ​បាត់​ឯកសារ ១១៦ សន្លឹក ដែល​បាន​បកប្រែ​ចេញ​ពី​ភាគ​ទី​មួយ​នៃ​ព្រះ​គម្ពីរ​មរមន ដែល​ហៅថា គម្ពីរលី​ហៃ។ ព្យាការី​បាន​អនុញ្ញាត​ទាំង​រុញ​រា​ឲ្យ​ពី​ដៃ​លោក​ទៅ​ម៉ាទិន ហារិ​ស ដែល​បាន​បម្រើ​ជា​ស្មៀន​មួយ​រយៈ​ក្នុង​ការ​បកប្រែ​ព្រះ​គម្ពីរ​មរមន។ វិវរណៈ​ត្រូវ​ប្រទាន​ឲ្យ​តាម​រយៈ យូរីម និង​ធូមីម (History of the Church, ១:២១–២៣) (សូម​មើល​កណ្ឌ​ទី ១០)។

១–៤, ដំណើរ​របស់​ព្រះ​អម្ចាស់​ជា​វង់​មួយ​ដ៏​នៅ​អស់​កល្ប​ជានិច្ច; ៥–១៥, យ៉ូសែប ស្ម៊ីធ ត្រូវ​តែ​ប្រែ​ចិត្ត បើ​ពុំ​នោះ​សោត​ទេ នឹង​ត្រូវ​បាត់បង់​អំណោយទាន​ដើម្បី​បកប្រែ; ១៦–២០, ព្រះ​គម្ពីរ​មរមន​ចេញ​មក​ដើម្បី​ជួយសង្គ្រោះ​ពូជ​នៃ​លោក​លីហៃ។

កិច្ចការ និង​ផែនការ និង​គម្រោងការណ៍​ទាំង​ឡាយ​នៃ​ព្រះ នោះ​ពុំ​អាច​ធ្វើ​ឲ្យ​ស្មុគស្មាញ ឬ​សាបសូន្យ​បាន​ឡើយ។

ត្បិត​ព្រះ​ទ្រង់​មិន​យាង​លើ​ផ្លូវ​វៀចវាង​ឡើយ ឬ​ក៏​ទ្រង់​ងាក​ពី​ឆ្វេង​ទៅ​ស្ដាំ ឬ​ក៏​ទ្រង់​បែរ​ចេញ​ពី​អ្វី​ដែល​ទ្រង់​មាន​បន្ទូល​នោះ​ដែរ ម្ល៉ោះ​ហើយ ផ្លូវ​ទាំង​ឡាយ​របស់​ទ្រង់​ត្រង់ ហើយ​ដំណើរ​របស់​ទ្រង់ ជា​វង់​មួយ​ដ៏​នៅ​អស់​កល្ប​ជានិច្ច។

ចូរ​ចាំ​ចុះ ចូរ​ចាំ​ចុះ​ថា មិនមែន​ជា​កិច្ចការ​នៃ​ព្រះ​ទេ​ដែល​ស្មុគស្មាញ ប៉ុន្តែ​ជា​កិច្ចការ​នៃ​មនុស្ស​លោក​ទេតើ។

ត្បិត​ទោះ​ជា​មនុស្ស​អាច​មាន​វិវរណៈ​ជា​ច្រើន ហើយ​មាន​អំណាច​អាច​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​ជា​ច្រើន​បាន​ក៏​ដោយ តែ​បើ​គេ​អួតអាង​ដោយ​កម្លាំង​របស់​ខ្លួន ហើយ​ចាត់​ដំបូន្មាន​ទាំង​ឡាយ​នៃ​ព្រះ​ទុកជា​គ្មាន​តម្លៃ ហើយ​ដើរ​តាម​សេចក្ដី​បញ្ជោរ​នៃ​បំណង និង​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​រូប​កាយ​របស់​ខ្លួន អ្នក​នោះ​ត្រូវ​តែ​ធ្លាក់​ចុះ ហើយ​ធ្វើ​ឲ្យ​សេចក្ដី​សងសឹក​នៃ​ព្រះ​ដ៏​យុត្តិធម៌​មាន​មក​លើ​ខ្លួន​ឯង។

មើល​ចុះ អ្នក​ត្រូវ​បាន​ផ្ទុក​ផ្តាក់​នូវ​ការណ៍​ទាំង​នេះ ប៉ុន្តែ​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​ដែល​បាន​ប្រទាន​ដល់​អ្នក​នោះ តើ​តឹង​រឹង​យ៉ាង​ណា ហើយ​ចូរ​ចាំ​ផង​ដែរ​ពី​សេចក្ដី​សន្យា​ទាំង​ឡាយ ដែល​បាន​ធ្វើ​ដល់​អ្នក បើ​សិន​ជា​អ្នក​ពុំ​រំលង​ព្រះ​បញ្ញត្តិ​ទាំង​នោះ។

ហើយ​មើល​ចុះ អ្នក​តែងតែ​រំលង​ព្រះ​បញ្ញត្តិ និង​ក្រឹត្យ​វិន័យ​ទាំង​ឡាយ​នៃ​ព្រះ ហើយ​បាន​ទៅ​តាម​ការ​បញ្ចុះ​បញ្ចូល​ទាំង​ឡាយ​នៃ​មនុស្ស​លោក។

ត្បិត​មើល​ចុះ អ្នក​មិន​ត្រូវ​ខ្លាច​មនុស្ស​ជាង​ព្រះ​ឡើយ ទោះ​ជា​មនុស្ស​លោក​ចាត់​ដំបូន្មាន​ទាំង​ឡាយ​នៃ​ព្រះ​ទុកជា​គ្មាន​តម្លៃ ហើយ​មើល​ងាយ​ព្រះ​បន្ទូល​ទាំង​ឡាយ​របស់​ទ្រង់​ក៏​ដោយ —

ប៉ុន្តែ​អ្នក​គួរតែ​មាន​ចិត្ត​ស្មោះត្រង់ នោះ​ទ្រង់​ក៏​នឹង​សន្ធឹង​ព្រះ​ពាហុ​របស់​ទ្រង់ ហើយ​ទ្រ​ទ្រង់​អ្នក​ពី​អស់​ទាំង​ព្រួញ​ភ្លើង​របស់​មារ​សត្រូវ ហើយ​ទ្រង់​ក៏​នឹង​គង់នៅ​ជាមួយ​អ្នក​គ្រប់​ពេល​វេលា​មាន​ការ​ខ្វល់​ខ្វាយ​ដែរ។

មើល​ចុះ អ្នក​ជា​យ៉ូសែប ហើយ​អ្នក​ត្រូវ​បាន​រើស​ឲ្យ​ធ្វើ​កិច្ចការ​នៃ​ព្រះ​អម្ចាស់ ប៉ុន្តែ​មក​ពី​ការ​រំលង បើ​សិន​ជា​អ្នក​មិន​ប្រយ័ត្នប្រយែង នោះ​អ្នក​នឹង​ធ្លាក់។

១០ប៉ុន្តែ​ចូរ​ចាំ​ចុះ​ថា ព្រះ​ទ្រង់​ប្រកប​ដោយ​សេចក្ដី​មេត្តាករុណា ហេតុ​ដូច្នេះ​ហើយ ចូរ​ប្រែ​ចិត្ត​ពី​អ្វី​ដែល​អ្នក​បាន​ធ្វើ​ដែល​ផ្ទុយ​ទៅ​នឹង​បញ្ញត្តិ ដែល​យើង​បាន​ឲ្យ​ដល់​អ្នក​ចុះ ហើយ​អ្នក​ក៏​នឹង​នៅ​ជា​អ្នក​ជម្រើស​ដដែល ហើយ​អ្នក​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​កិច្ចការ​ម្ដង​ទៀត

១១លើក​លែងតែ​អ្នក​ធ្វើ​ដូច្នេះ នោះ​អ្នក​នឹង​ត្រូវ​បោះបង់​ចោល ហើយ​ក្លាយ​ទៅ​ដូច​ជា​មនុស្ស​ដទៃ ហើយ​គ្មាន​អំណោយទាន​ទៀត​ទេ។

១២ហើយ​កាល​អ្នក​បាន​បោះបង់​ចោល​អ្វី​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​ដល់​អ្នក គឺជា​ចក្ខុវិស័យ និង​អំណាច​ដើម្បី​បកប្រែ នោះ​អ្នក​បាន​បោះបង់​ចោល​អ្វី​ដែល​ពិសិដ្ឋ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​មនុស្ស​ទុច្ចរិត

១៣ជា​អ្នក​ដែល​ចាត់​ដំបូន្មាន​ទាំង​ឡាយ​នៃ​ព្រះ​ទុកជា​គ្មាន​តម្លៃ ហើយ​បាន​បំបាក់​សេចក្ដី​សន្យា​ដ៏​ពិសិដ្ឋ​ទាំង​ឡាយ​ដែល​បាន​ធ្វើ​នៅ​ចំពោះ​ព្រះ ហើយ​បាន​ពឹងផ្អែក​ទៅ​លើ​ការ​វិនិច្ឆ័យ​របស់​ខ្លួន ហើយ​បាន​អួតអាង​ដោយ​នូវ​ប្រាជ្ញា​របស់​ខ្លួន។

១៤ហើយ​នេះ​ហើយ​ជាហេតុ​ដែល​អ្នក​បាន​បាត់បង់​ឯកសិទ្ធិ​អស់​មួយ​រដូវ​កាល —

១៥ត្បិត​អ្នក​បាន​ទ្រាំ​ឲ្យ​ដំបូន្មាន​នៃ​ព្រះ​ដ៏​ណែនាំ​របស់​អ្នក ត្រូវ​យក​ទៅ​ជាន់​ឈ្លី​លើ ចាប់​តាំង​ពី​ដំបូង​មក​ម្ល៉េះ។

១៦ក៏​ប៉ុន្តែ​កិច្ចការ​របស់​យើង នឹង​ចេញ​ទៅ ត្បិត​ដរាបណា​ដែល​ដំណឹង​អំពី​ព្រះ​អង្គ​សង្គ្រោះ បាន​ដឹង​ដល់​ពិភពលោក តាម​រយៈ​ទី​បន្ទាល់​នៃ​ពួក​សាសន៍​យូដា​យ៉ាង​ណា នោះ​ដំណឹង​អំពី​ព្រះ​អង្គ​សង្គ្រោះ​ក៏​នឹង​ចេញ​មក​ពី​ប្រជារាស្ត្រ​របស់​យើង​យ៉ាង​ដូច្នោះ​ដែរ —

១៧ហើយ​ទៅ​ដល់​ពួក​សាសន៍​នីហ្វៃ និង​ពួក​សាសន៍​យ៉ាកុប និង​ពួក​សាសន៍​យ៉ូសែប និង​ពួក​សាសន៍​សូរាំ តាម​រយៈ​ទី​បន្ទាល់​នៃ​ពួក​ឪពុក​របស់​ពួក​គេ —

១៨ហើយ​ទី​បន្ទាល់​នេះ​នឹង​បាន​ក្លាយ​ទៅ​ជា​ដំណឹង​ដល់​ពួក​សាសន៍​លេមិន និង​ពួក​សាសន៍​លេមយួល និង​ពួក​សាសន៍​អ៊ីសម៉ាអែល ដែល​ជា​ពួក​ចុះ​អន់ថយ​ក្នុង​ការ​ឥត​ជំនឿ ពី​ព្រោះ​តែ​សេចក្ដី​ទុច្ចរិត​នៃ​ពួក​ឪពុក​របស់​ពួក​គេ ដែល​ព្រះ​អម្ចាស់ ទ្រង់​បាន​បណ្ដោយ​ឲ្យ​ពួក​គេ​បំផ្លាញ​ចោល​ពួក​សាសន៍​នីហ្វៃ ជា​បង​ប្អូន​របស់​ពួក​គេ ពី​ព្រោះ​តែ​សេចក្ដី​ទុច្ចរិត​ទាំង​ឡាយ​របស់​ពួក​គេ និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ​របស់​ពួក​គេ។

១៩ហើយ​ចំពោះ​គោលការណ៍​នេះ​ហើយ បាន​ជា​ផ្ទាំង​ចារិក​ទាំង​នេះ​ត្រូវ​បាន​រក្សាទុក ដែល​មាន​ប្រវត្តិ​បញ្ជី​ទាំង​នេះ — ដើម្បី​ឲ្យ​សេចក្ដី​សន្យា​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់​អាច​បាន​សម្រេច ដែល​ទ្រង់​បាន​ធ្វើ​ជាមួយ​ប្រជារាស្ត្រ​របស់​ទ្រង់

២០ហើយ​ដើម្បី​ឲ្យ​ពួក​សាសន៍​លេមិន អាច​បាន​ដឹង​អំពី​ពួក​ឪពុក​របស់​ពួក​គេ ហើយ​ដើម្បី​ឲ្យ​ពួក​គេ​អាច​ដឹង​អំពី​សេចក្ដី​សន្យា​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ ហើយ​ដើម្បី​ឲ្យ​ពួក​គេ​អាច​ជឿ​តាម​ដំណឹង​ល្អ ហើយ​ពឹងផ្អែក​ទៅ​លើ​ព្រះ​គុណ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​បាន​តម្កើង ឡើង តាម​រយៈ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​នាម​របស់​ទ្រង់ ហើយ​ដើម្បី​ឲ្យ​ពួក​គេ​បាន​សង្គ្រោះ តាម​រយៈ​ការ​ប្រែ​ចិត្ត​របស់​ពួក​គេ។ អាម៉ែន៕