កណ្ឌទី ១១៣
ចម្លើយចំពោះសំណួរខ្លះៗអំពីការសរសេររបស់លោកអេសាយ ដែលបានឲ្យដោយ យ៉ូសែប ស៊្មីធ ជាព្យាការី ខែមីនា ឆ្នាំ១៨៣៨ (History of the Church, ៣:៩–១០)។
១–៦, គល់របស់អ៊ីសាយ ដែលមានលំពង់ចេញមក ហើយឫសរបស់អ៊ីសាយត្រូវបានប្រាប់; ៧–១០, ពួកសំណល់នៃស៊ីយ៉ូនដែលបានខ្ចាត់ខ្ចាយ មានសិទ្ធិចំពោះបព្វជិតភាព ហើយត្រូវបានហៅឲ្យវិលទៅរកព្រះអម្ចាស់វិញ។
១តើអ្នកណាទៅជាគល់របស់អ៊ីសាយ ដែលបានពោលដល់នៅក្នុងខទី១ ទី២ ទី៣ ទី៤ និងទី៥ នៅក្នុងជំពូកទី១១ នៃគម្ពីរអេសាយ?
២ប្រាកដមែន ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដូច្នេះ ៖ គឺជាព្រះគ្រីស្ទ។
៣តើអ្វីជាលំពង់ ដែលបានពោលដល់នៅក្នុងខទី១ នៅក្នុងជំពូកទី១១ នៃគម្ពីរអេសាយ ដែលត្រូវចេញមកពីគល់របស់អ៊ីសាយ?
៤មើលចុះ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ គឺជាអ្នកបម្រើនៅក្នុងព្រះហស្តនៃព្រះគ្រីស្ទ ដែលជាពូជពង្សរបស់អ៊ីសាយខ្លះ និងពូជពង្សរបស់អេប្រាអិមខ្លះ ឬជាវង្សនៃយ៉ូសែប ដែលមានអំណាចដ៏ខ្លាំង ដាក់មកលើអ្នកបម្រើនោះ។
៥តើអ្វីជាឫសរបស់អ៊ីសាយ ដែលបានពោលដល់នៅក្នុងខទី១០ នៅក្នុងជំពូកទី១១?
៦មើលចុះ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ គឺជាពូជពង្សរបស់អ៊ីសាយ ព្រមទាំងយ៉ូសែប ជាអ្នកដែលត្រូវមានបព្វជិតភាព និងកូនសោទាំងឡាយនៃនគរ សម្រាប់ជាទង់ជ័យ និងសម្រាប់ការប្រមូលរាស្ត្ររបស់យើងនៅថ្ងៃចុងក្រោយបង្អស់។
៧សំណួរទាំងឡាយដោយ អេលីយ៉ាស ហ៊ិកប៊ី សួរថា ៖ តើបញ្ជានៅក្នុងគម្ពីរអេសាយ ជំពូកទី៥២ ខទី១ មានន័យថាដូចម្ដេចដែលថា ៖ ឱក្រុងស៊ីយ៉ូនអើយ ចូរពាក់កម្លាំងរបស់ឯង — ហើយតើអេសាយនិយាយពីអ្នកណា?
៨លោកបាននិយាយពីពួកអ្នកដែលព្រះទ្រង់នឹងហៅនៅថ្ងៃចុងក្រោយបង្អស់ ដែលត្រូវកាន់អំណាចនៃបព្វជិតភាព ដើម្បីនាំក្រុងស៊ីយ៉ូន មកម្ដងទៀត ហើយនិងសេចក្ដីប្រោសលោះដល់សាសន៍អ៊ីស្រាអែល ហើយដើម្បីពាក់កម្លាំងរបស់នាងនោះ គឺដើម្បីពាក់សិទ្ធិអំណាច នៃបព្វជិតភាព ដែលនាងគឺស៊ីយ៉ូន មានសិទ្ធិមានតាមវង្សត្រកូល ព្រមទាំងវិលទៅរកអំណាចនោះ ដែលនាងបានបាត់បង់។
៩តើយើងត្រូវយល់យ៉ាងណា ដោយថាក្រុងស៊ីយ៉ូនដោះចំណងពីកនាងចេញ នៅខទីពីរ?
១០យើងត្រូវយល់ថា ពួកសំណល់ដែលបានខ្ចាត់ខ្ចាយ ត្រូវបានទូន្មានឲ្យវិលពីទីដែលពួកគេបានរលំទៅរកព្រះអម្ចាស់វិញ ហើយបើសិនជាពួកគេវិលវិញ នោះសេចក្ដីសន្យានៃព្រះអម្ចាស់ គឺថាទ្រង់នឹងមានព្រះបន្ទូលទៅរកពួកគេ ឬប្រទានដល់ពួកគេនូវវិវរណៈ។ សូមមើលខទី៦ ទី៧ និងទី៨។ ចំណងទាំងឡាយនៅកនាង គឺជាសេចក្ដីបណ្ដាសានៃព្រះមកលើនាង ឬពួកសំណល់នៃអ៊ីស្រាអែល នៅក្នុងស្ថានភាពខ្ចាត់ខ្ចាយរបស់ពួកគេក្នុងចំណោមពួកសាសន៍ដទៃ៕