កណ្ឌទី ៧៥
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅភូមិអាមហ៊ើស្ទ រដ្ឋអូហៃអូ ថ្ងៃទី២៥ ខែមករា ឆ្នាំ១៨៣២ (History of the Church, ១:២៤២–២៤៥)។ នេះជាគ្រានៃសន្និសីទដែលបានកំណត់ទុក។ នៅឯសន្និសីទនេះ យ៉ូសែប ស៊្មីធ ត្រូវបានគាំទ្រ ហើយតែងតាំងជាប្រធាននៃបព្វជិតភាពជាន់ខ្ពស់។ មានពួកអែលឌើរខ្លះ ដែលបានជួបប្រទះការពិបាកក្នុងការនាំមនុស្សលោកឲ្យយល់សាររបស់ពួកគេ នោះមានបំណងចង់ដឹងរឿងថែមទៀត អំពីភារកិច្ចនានារបស់ពួកគេជាប្រចាំ។ វិវរណៈនេះក៏បានមកតាមក្រោយ។
១–៥, ពួកអែលឌើរដែលស្មោះត្រង់ដែលផ្សាយដំណឹងល្អនឹងបានជីវិតដ៏នៅអស់កល្បជានិច្ច; ៦–១២, ចូរអធិស្ឋានដើម្បីឲ្យបានទទួលព្រះដ៏ជាជំនួយ ដែលបង្រៀនគ្រប់ទាំងអស់; ១៣–២២, ពួកអែលឌើរនឹងអង្គុយក្នុងការជំនុំជំរះអ្នកទាំងនោះដែលបដិសេធសាររបស់ពួកគេ; ២៣–៣៦, ក្រុមគ្រួសារនៃពួកអ្នកផ្សាយសាសនាត្រូវបានទទួលជំនួយពីសាសនាចក្រ។
១ប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា យើងជាអ្នកដែលមានបន្ទូល ដោយសារសំឡេងនៃព្រះវិញ្ញាណរបស់យើង គឺជាអាលផា និងអូមេកា ជាព្រះអម្ចាស់របស់អ្នក និងជាព្រះរបស់អ្នក —
២ចូរប្រុងស្ដាប់ចុះ ឱអ្នករាល់គ្នាដែលបានចុះឈ្មោះរបស់ខ្លួន ដើម្បីចេញទៅប្រកាសប្រាប់ពីដំណឹងល្អរបស់យើង ហើយដើម្បីកាត់មែកចម្ការទំពាំងបាយជូររបស់យើងអើយ។
៣មើលចុះ យើងប្រាប់អ្នកថា គឺជាព្រះហឫទ័យរបស់យើង ដែលអ្នកគួរចេញទៅ ហើយមិនបង្អង់នៅ ឬក៏ខ្ជិលច្រអូសឡើយ ប៉ុន្តែធ្វើការដោយកម្លាំងរបស់អ្នកចុះ —
៤ដោយបន្លឺសំឡេងរបស់អ្នកឡើង ហាក់ដូចជាសំឡេងត្រែ ដោយប្រកាសប្រាប់សេចក្ដីពិត តាមវិវរណៈ និងព្រះបញ្ញត្តិទាំងឡាយ ដែលយើងបានប្រទានដល់អ្នកចុះ។
៥ម្ល៉ោះហើយ បើសិនជាអ្នករាល់គ្នាស្មោះត្រង់ នោះអ្នករាល់គ្នានឹងបានផ្ទុកកណ្ដាប់ស្រូវ ហើយអ្នកនឹងបានពាក់មកុដកិត្តិយស និងសិរីល្អ និងអមតភាព ហើយនិងជីវិតដ៏នៅអស់កល្បជានិច្ច។
៦ហេតុដូច្នេះហើយ ប្រាកដមែន យើងប្រាប់អ្នក វិលលាម អ៊ី ម៉័កខ្លេលិន ជាអ្នកបម្រើរបស់យើងថា យើងដកបេសកកម្មដែលយើងបានប្រទានដល់គាត់ ដើម្បីឲ្យចេញទៅឯស្រុកទាំងឡាយនៅខាងកើត
៧ហើយយើងប្រទានដល់គាត់នូវបេសកកម្មថ្មីមួយ និងព្រះបញ្ញត្តិថ្មីមួយ ដែលយើងជាព្រះអម្ចាស់ វាយផ្ចាលគាត់ ព្រោះតែការរអ៊ូរទាំក្នុងចិត្តរបស់គាត់
៨ហើយគាត់បានធ្វើបាប ទោះជាយ៉ាងណាក៏ដោយ យើងបានអត់ទោសឲ្យគាត់ ហើយប្រាប់គាត់ទៀតថា ចូរអ្នកទៅក្នុងស្រុកទាំងឡាយនៅទិសខាងត្បូងចុះ។
៩ហើយចូរឲ្យ លូកា ចនសុន ជាអ្នកបម្រើរបស់យើងទៅជាមួយគាត់ ហើយប្រកាសប្រាប់ពីអ្វីៗដែលយើងបានបញ្ជាដល់ពួកគេចុះ —
១០ដោយអំពាវនាវដល់ព្រះនាមនៃព្រះអម្ចាស់ សូមព្រះដ៏ជាជំនួយ ដែលនឹងបង្រៀនពួកគេនូវគ្រប់ទាំងអស់ ដែលជាការចាំបាច់ដល់ពួកគេ —
១១ដោយអធិស្ឋានជានិច្ច ប្រយោជន៍កុំឲ្យពួកគេរសាយចិត្តឡើយ ហើយដរាបណាពួកគេប្រព្រឹត្តបែបនេះ នោះយើងនឹងគង់នៅជាមួយពួកគេរហូតដល់ចុងបំផុត។
១២មើលចុះ នេះហើយជាព្រះហឫទ័យនៃព្រះអម្ចាស់ ជាព្រះរបស់អ្នក ដែលទ្រង់មានចំពោះអ្នក។ គឺដូច្នោះមែន។ អាម៉ែន។
១៣ហើយជាថ្មីទៀត ប្រាកដមែន ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរឲ្យ អួរសុន ហៃឌ៍ ជាអ្នកបម្រើរបស់យើង និង សាំយូអែល អេច ស៊្មីធ ជាអ្នកបម្រើរបស់យើងចេញដំណើររបស់ពួកគេទៅក្នុងស្រុកទាំងឡាយនៅទិសខាងកើត ហើយប្រកាសប្រាប់ពីអ្វីៗដែល យើងបានបញ្ជាដល់ពួកគេចុះ ហើយដរាបណាពួកគេមានចិត្តស្មោះត្រង់ មើលន៏ យើងនឹងគង់នៅជាមួយពួកគេរហូតដល់ចុងបំផុត។
១៤ហើយជាថ្មីទៀត ប្រាកដមែន យើងប្រាប់ដល់ ឡៃម៉ាន ចនសុន ជាអ្នកបម្រើរបស់យើង និងដល់ អួរសុន ប្រាត្ត ជាអ្នកបម្រើរបស់យើងថា ពួកគេក៏ត្រូវចេញដំណើររបស់ពួកគេទៅក្នុងស្រុកទាំងឡាយនៅទិសខាងកើត ហើយមើលចុះ និងមើលន៏ យើងក៏គង់នៅជាមួយពួកគេដែរ គឺរហូតដល់ចុងបំផុត។
១៥ហើយជាថ្មីទៀត យើងប្រាប់ដល់ អាសា ដត្ស ជាអ្នកបម្រើរបស់យើង និងដល់ ខាវ្ស វិលសុន ជាអ្នកបម្រើរបស់យើងថា ពួកគេក៏ត្រូវចេញដំណើររបស់ពួកគេទៅឯស្រុកទាំងឡាយនៅទិសខាងលិច ហើយប្រកាសប្រាប់ពីដំណឹងល្អរបស់យើង ដូចជាយើងបានបញ្ជាពួកគេ។
១៦ហើយអ្នកណាដែលស្មោះត្រង់នឹងបានឈ្នះគ្រប់ទាំងអស់ ហើយនឹងបានលើកឡើងនៅថ្ងៃចុងក្រោយបង្អស់។
១៧ហើយជាថ្មីទៀត យើងប្រាប់ដល់ មេជើរ អិន អាស៊្លី ជាអ្នកបម្រើរបស់យើង និងដល់ ប៊ើរ រិក្ស ជាអ្នកបម្រើរបស់យើងថា ចូរឲ្យពួកគេចេញដំណើររបស់ពួកគេទៅក្នុងស្រុកនៅទិសខាងត្បូងផងដែរ។
១៨មែនហើយ ចូរឲ្យអស់អ្នកទាំងនោះចេញដំណើររបស់ខ្លួន ដូចជាយើងបានបញ្ជាដល់ពួកគេ ដោយទៅពីផ្ទះមួយទៅផ្ទះមួយ ហើយពីភូមិមួយទៅភូមិមួយ និងពីទីក្រុងមួយទៅទីក្រុងមួយចុះ។
១៩ហើយនៅក្នុងផ្ទះណាមួយក៏ដោយ ដែលអ្នករាល់គ្នាចូល ហើយពួកគេទទួលអ្នក នោះចូរទុកពររបស់អ្នករាល់គ្នាមកលើផ្ទះនោះចុះ។
២០ហើយនៅក្នុងផ្ទះណាមួយក៏ដោយ ដែលអ្នករាល់គ្នាចូល ហើយពួកគេមិនទទួលអ្នកទេ នោះអ្នករាល់គ្នាត្រូវចេញយ៉ាងរហ័សពីផ្ទះនោះ ហើយរលាស់ធូលីដីពីជើងអ្នកចេញទុកជាទីបន្ទាល់ទាស់នឹងពួកគេ។
២១ហើយអ្នកនឹងបានពោរពេញទៅដោយសេចក្ដីអំណរ និងសេចក្ដីរីករាយ ហើយចូរដឹងការណ៍នេះថា នៅថ្ងៃជំនុំជំរះ នោះអ្នកនឹងបានទៅជាចៅក្រមដល់ផ្ទះនោះ ហើយដាក់ទោសពួកគេ
២២ហើយនៅថ្ងៃជំនុំជំរះ នោះអ្នកឥតសាសនានឹងទ្រាំបានងាយជាជាងផ្ទះនោះ ហេតុដូច្នេះហើយ ចូរក្រវាត់ចង្កេះ ហើយមានចិត្តស្មោះត្រង់ចុះ ហើយអ្នករាល់គ្នានឹងបានឈ្នះគ្រប់ទាំងអស់ ហើយនឹងបានលើកឡើងនៅថ្ងៃចុងក្រោយបង្អស់ គឺដូច្នោះមែន។ អាម៉ែន។
២៣ហើយជាថ្មីទៀត ឱអ្នករាល់គ្នាជាពួកអែលឌើរនៃសាសនាចក្រយើងដែលបានចុះឈ្មោះរបស់ខ្លួន ប្រយោជន៍ឲ្យអ្នកអាចបានដឹងអំពីព្រះហឫទ័យ ដែលទ្រង់មានចំពោះអ្នកអើយ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដល់អ្នកយ៉ាងដូច្នេះថា —
២៤មើលចុះ យើងប្រាប់អ្នកថា គឺជាភារកិច្ចនៃសាសនាចក្រ ដើម្បីជួយទ្រទ្រង់ក្រុមគ្រួសារនៃពួកអ្នកទាំងនោះ ហើយក៏ដើម្បីទ្រទ្រង់ក្រុមគ្រួសារនៃពួកអ្នកទាំងនោះ ដែលត្រូវបានហៅ ហើយត្រូវបានចាត់ឲ្យទៅក្នុងលោកិយ ដើម្បីប្រកាសប្រាប់ពីដំណឹងល្អដល់មនុស្សលោក។
២៥ហេតុដូច្នោះហើយ យើងជាព្រះអម្ចាស់ប្រទានដល់អ្នកនូវព្រះបញ្ញត្តិនេះថា អ្នករាល់គ្នារកបានកន្លែងនានាសម្រាប់គ្រួសាររបស់ខ្លួនចុះ ដរាបណាបងប្អូនរបស់អ្នកយល់ព្រម ដើម្បីបើកចិត្តរបស់ពួកគេ។
២៦ហើយចូរឲ្យមនុស្សទាំងអស់ ដែលអាចរកបានកន្លែងនានាសម្រាប់គ្រួសាររបស់ខ្លួន ហើយទ្រទ្រង់សាសនាចក្រសម្រាប់ពួកគេដោយពុំខានទៅក្នុងលោកិយ ទោះជានៅទិសខាងកើត ឬខាងលិច ឬខាងជើង ឬខាងត្បូងក្ដី។
២៧ចូរឲ្យពួកគេសូម ហើយពួកគេនឹងបានទទួល ចូរគោះ ហើយតែងនឹងបើកឲ្យពួកគេ ហើយនឹងបានធ្វើឲ្យពួកគេដឹងមកពីស្ថានខ្ពស់ គឺដោយសារព្រះដ៏ជាជំនួយពីទីណាក៏ដោយដែលពួកគេត្រូវទៅ។
២៨ហើយជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដថា រីឯមនុស្សគ្រប់រូបណាដែលត្រូវផ្គត់ផ្គង់ដល់គ្រួសាររបស់ខ្លួនផ្ទាល់ នោះចូរឲ្យអ្នកនោះផ្គត់ផ្គង់ចុះ ហើយអ្នកនោះនឹងពុំត្រូវបាត់បង់មកុដរបស់ខ្លួនឡើយ ហើយចូរឲ្យអ្នកនោះធ្វើការនៅក្នុងសាសនាចក្រចុះ។
២៩ចូរឲ្យមនុស្សគ្រប់រូបមានចិត្តឧស្សាហ៍ក្នុងគ្រប់ជំពូកទាំងអស់។ ហើយពួកខ្ជិលច្រអូសនឹងពុំមានកន្លែងនៅក្នុងសាសនាចក្រឡើយ លើកលែងតែអ្នកនោះប្រែចិត្ត ហើយកែប្រែផ្លូវនានារបស់ខ្លួនវិញ។
៣០ហេតុដូច្នោះហើយ ចូរឲ្យ ស៊ីម្មាន ខារតើរ ជាអ្នកបម្រើរបស់យើង និង អេមើរ ហារិស ជាអ្នកបម្រើរបស់យើងចូលរួមគ្នាក្នុងការងារបម្រើចុះ
៣១ហើយព្រមទាំងអែសរ៉ា ធេយ័រ ជាអ្នកបម្រើរបស់យើង និង ថូម៉ាស ប៊ី មាស ជាអ្នកបម្រើរបស់យើងផង
៣២ព្រមទាំងហៃរុម ស៊្មីធ ជាអ្នកបម្រើរបស់យើង និង រេយណូលស៍ ខាហ៊ូន ជាអ្នកបម្រើរបស់យើងផង
៣៣ហើយព្រមទាំងដានីយ៉ែល ស្តានតោន ជាអ្នកបម្រើរបស់យើង និង ស៊ីមួរ ព្រុនសុន ជាអ្នកបម្រើរបស់យើងផង
៣៤ហើយព្រមទាំងសិលវ៉ែស្ទើរ ស៊្មីធ ជាអ្នកបម្រើរបស់យើង និង គេឌាន ខារតើរ ជាអ្នកបម្រើរបស់យើងផង
៣៥ហើយព្រមទាំងរឺកកិល្ស អេម្ស ជាអ្នកបម្រើរបស់យើង និង ស្ទេផាន ប៊ើរណែត ជាអ្នកបម្រើរបស់យើងផង
៣៦ហើយព្រមទាំងមីកា ប៊ី វែលតោន ជាអ្នកបម្រើរបស់យើង ហើយនិង អេដែន ស៊្មីធ ជាអ្នកបម្រើរបស់យើងផងដែរ។ គឺដូច្នោះមែន។ អាម៉ែន៕