កណ្ឌទី ៨៩
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅក្រុងខឺតឡង់ រដ្ឋអូហៃអូ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ១៨៣៣ (History of the Church, ១:៣២៧–៣២៩)។ ព្រោះតែពួកបងប្អូនក្នុងសាសនាមុនដំបូងប្រើថ្នាំជក់នៅក្នុងការប្រជុំរបស់ពួកគេ ទើបធ្វើឲ្យព្យាការីពិចារណាពីរឿងនេះ ដោយហេតុនេះ ទើបលោកទូលសូមដល់ព្រះអម្ចាស់អំពីរឿងនេះ។ វិវរណៈនេះ ត្រូវបានទទួលមក ដែលស្គាល់ថាជាពាក្យសម្ដីនៃប្រាជ្ញាវាងវៃ។ មុនដំបូង ខបីខាងមុខ គឺបានសរសេរឡើងជាការបង្គាប់ និងការអធិប្បាយដោយព្យាការី។
១–៩, ការប្រើប្រាស់ស្រាទំពាំងបាយជូរ ភេសជ្ជ:ខ្លាំង ថ្នាំជក់ និងភេសជ្ជ:ក្ដៅត្រូវបានហាមប្រាម; ១០–១៧, រុក្ខជាតិ ផ្លែឈើ សាច់ និង ធញ្ញជាតិត្រូវបានតែងតាំងសម្រាប់ការប្រើប្រាស់ដល់មនុស្ស និងដល់សត្វទាំងឡាយ; ១៨–២១, ការគោរពតាមក្រឹត្យវិន័យនៃដំណឹងល្អ ព្រមទាំងពាក្យសម្ដីនៃប្រាជ្ញាវាងវៃ នោះផ្ដល់នូវព្រះពរទាំងឡាយ ខាងសាច់ឈាម និងខាងវិញ្ញាណ។
១ពាក្យសម្ដីនៃប្រាជ្ញាវាងវៃ គឺសម្រាប់ផលប្រយោជន៍ដល់ក្រុមប្រឹក្សានៃពួកសង្ឃជាន់ខ្ពស់ ដែលបានជួបជុំគ្នានៅក្រុងខឺតឡង់ និងដល់សាសនាចក្រ ហើយព្រមទាំងដល់ពួកបរិសុទ្ធនៅក្រុងស៊ីយ៉ូនផង —
២ដើម្បីផ្ញើការសួរសុខទុក្ខ គឺពុំមែនដោយព្រះបញ្ញត្តិ ឬការបង្ខំទេ ប៉ុន្តែដោយវិវរណៈ និងពាក្យសម្ដីនៃប្រាជ្ញាវាងវៃវិញ គឺដោយបង្ហាញនូវរបៀប និងព្រះហឫទ័យនៃព្រះក្នុងសេចក្ដីសង្គ្រោះខាងសាច់ឈាមនៃពួកបរិសុទ្ធទាំងអស់នៅថ្ងៃចុងក្រោយបង្អស់ —
៣ដែលបានប្រទានសម្រាប់គោលការណ៍ដោយសេចក្ដីសន្យា គឺដែលបានសម្រួលតាមសមត្ថភាពនៃពួកកម្សោយ និងអស់ទាំងពួកបរិសុទ្ធ ដែលកម្សោយជាងគេបំផុតផង ដែលជា ឬដែលអាចហៅថាជាពួកបរិសុទ្ធ។
៤មើលចុះ ប្រាកដមែន ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដល់អ្នកដូច្នេះថា ៖ ពីព្រោះតែអំពើអាក្រក់ទាំងឡាយ និងផែនការទាំងឡាយដែលមាន ហើយនឹងមាននៅក្នុងដួងចិត្តមនុស្ស ដែលរួមគំនិតប្រព្រឹត្តអំពើទុច្ចរិតនៅថ្ងៃចុងក្រោយបង្អស់ ទើបយើងបានព្រមានដល់អ្នក ហើយហាមអ្នកទុកជាមុន ដោយប្រទានដល់អ្នកនូវពាក្យសម្ដីនៃប្រាជ្ញាវាងវៃនេះ តាមរយៈវិវរណៈ —
៥ថាដរាបណាមនុស្សណាមួយផឹកស្រាទំពាំងបាយជូរ ឬភេសជ្ជ:ខ្លាំងនៅក្នុងចំណោមអ្នករាល់គ្នា មើលចុះ គឺពុំមែនល្អទេ ឬក៏មិនសមចំពោះព្រះនេត្រនៃព្រះវរបិតារបស់អ្នកដែរ គឺគ្រាន់តែជួបជុំគ្នាដើម្បីថ្វាយសាក្រាម៉ង់ទាំងឡាយរបស់អ្នកដល់ព្រះអង្គបានហើយ។
៦ហើយមើលចុះ នេះគឺត្រូវជាស្រាទំពាំងបាយជូរ មែនហើយ គឺស្រាទំពាំងបាយជូរសុទ្ធ ពីផ្លែទំពាំងបាយជូរដែលអ្នកធ្វើផ្ទាល់។
៧ហើយជាថ្មីទៀត ភេសជ្ជ:ខ្លាំង គឺពុំមែនសម្រាប់ពោះទេ ប៉ុន្តែសម្រាប់ជូតខ្លួនអ្នករាល់គ្នាវិញ។
៨ហើយជាថ្មីទៀត ថ្នាំជក់ គឺពុំមែនសម្រាប់រូបកាយ ឬសម្រាប់ពោះដែរ ហើយមិនមែនល្អសម្រាប់មនុស្សឡើយ ប៉ុន្តែជាថ្នាំសម្រាប់ការជាំ និងអស់ទាំងគោក្របីឈឺ គឺដើម្បីយកមកប្រើប្រាស់ដោយការវិនិច្ឆ័យ និងការប្រសប់។
៩ហើយជាថ្មីទៀត ភេសជ្ជ:ក្ដៅ គឺពុំមែនសម្រាប់រូបកាយ ឬពោះឡើយ។
១០ហើយជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដថា រុក្ខជាតិដែលល្អទាំងឡាយ នោះព្រះអង្គទ្រង់បានតែងតាំងទុកសម្រាប់សុខភាព ធម្មជាតិ និងការប្រើប្រាស់នៃមនុស្ស —
១១គ្រប់រុក្ខជាតិតាមរដូវវា និងគ្រប់ផ្លែឈើតាមរដូវវា គឺគ្រប់ទាំងអស់គឺដើម្បីយកមកប្រើប្រាស់ដោយការប្រុងប្រយ័ត្ន និងអំណរអរ។
១២មែនហើយ ព្រមទាំងសាច់ពីសត្វជើងបួន និងពីសត្វហើរលើអាកាសផង នោះយើងជាព្រះអម្ចាស់បានតែងតាំងសម្រាប់ឲ្យមនុស្សយកមកប្រើប្រាស់ដោយអំណរអរ ទោះជាយ៉ាងណាក៏ដោយ គង់តែរបស់ទាំងឡាយនេះត្រូវយកមកប្រើប្រាស់ដោយសំចៃដែរ
១៣ហើយជាការសព្វព្រះហឫទ័យដល់យើង ដែលរបស់ទាំងនេះមិនត្រូវយកមកប្រើប្រាស់ គឺគ្រាន់តែនៅរដូវរងា ឬត្រជាក់ ឬនៅពេលអំណត់។
១៤គ្រប់ទាំងធញ្ញជាតិត្រូវបានតែងតាំងសម្រាប់ការប្រើប្រាស់របស់មនុស្ស និងសត្វ ដើម្បីទុកជាអាហារនៃជីវិត គឺពុំមែនគ្រាន់តែសម្រាប់មនុស្សទេ ប៉ុន្តែសម្រាប់សត្វជើងបួននៅទីវាល និងសត្វហើរលើអាកាស ព្រមទាំងអស់ទាំងសត្វព្រៃដែលរត់ ឬលូនវារនៅលើដីផងដែរ
១៥ហើយរបស់ទាំងនេះ ព្រះទ្រង់បានបង្កើតឡើង សម្រាប់ការប្រើប្រាស់របស់មនុស្ស គ្រាន់តែនៅពេលអំណត់ ឬពេលអត់ឃ្លានជាខ្លាំង។
១៦គ្រប់ទាំងធញ្ញជាតិ គឺល្អសម្រាប់ទុកជាអាហារដល់មនុស្ស ព្រមទាំងផលពីដើមដែលវារ ដែលផ្ដល់ផ្លែផ្កា ទោះជានៅក្នុងដី ឬខ្ពស់ពីដីក៏ដោយ —
១៧ទោះជាយ៉ាងណាក៏ដោយ គឺស្រូវសាលីសម្រាប់មនុស្ស ហើយពោតសម្រាប់គោក្របី ហើយស្រូវអាវ័នសម្រាប់សេះ និងស្រូវអេប៊ូតសម្រាប់សត្វស្លាបទាំងឡាយ និងសម្រាប់ជ្រូក និងសម្រាប់សត្វទាំងអស់នៅទីវាល ហើយស្រូវឱកសម្រាប់សត្វប្រើប្រាស់ទាំងអស់ និងសម្រាប់ភេសជ្ជ:សាបៗ ព្រមទាំងធញ្ញជាតិផ្សេងផងដែរ។
១៨ហើយពួកបរិសុទ្ធទាំងអស់ដែលនឹកចាំកាន់តាម ហើយប្រព្រឹត្តតាមពាក្យសម្ដីទាំងនេះ ដោយដើរក្នុងការគោរពដល់ព្រះបញ្ញត្តិទាំងឡាយ នោះនឹងបានទទួលសេចក្ដីសុខស្រួលដល់ផ្ចិតពួកគេ ហើយជាខួរដល់ឆ្អឹងពួកគេ
១៩ហើយនឹងរកឃើញប្រាជ្ញា និងផលថ្លៃវិសេសនៃចំណេះវិជ្ជា គឺជាសម្បត្តិដែលលាក់ទុក
២០ហើយនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ។
២១ហើយយើងជាព្រះអម្ចាស់ប្រទានដល់ពួកគេនូវសេចក្ដីសន្យាមួយថា ទេវតាដែលបំផ្លាញនឹងបង្ហួសពួកគេ ដូចជាកូនចៅអ៊ីស្រាអែលដែរ ហើយមិនប្រហារពួកគេឡើយ។ អាម៉ែន៕