ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 24


កណ្ឌ​ទី ២៤

វិវរណៈ​ដែល​បាន​ប្រទាន​ដល់ យ៉ូសែប ស៊្មីធ ជា​ព្យាការី និង អូលីវើរ ខៅឌើរី នៅ​ភូមិ​ហាម៉ូនី រដ្ឋ​ផែនសិលវេញ៉ា ខែ​កក្កដា ឆ្នាំ​១៨៣០ (History of the Church, ១:១០១–១០៣)។ ទោះ​ជា​តិច​ជាង​បួន​ខែ​បាន​កន្លង​ផុត​ទៅ ចាប់​តាំង​ពី​សាសនាចក្រ​បាន​រៀបចំ​ឡើង​ក្ដី គង់តែ​សេចក្ដី​បៀតបៀន​បាន​ក្លាយ​ទៅ​ជា​ធ្ងន់ធ្ងរ​ដែរ ហើយ​ពួក​អ្នក​ដឹកនាំ​ទាំង​ប៉ុន្មាន បាន​ស្វែងរក​ទីជ្រកកោន ឃ្លាត​ពី​មនុស្ស​ម្នា​នៅ​ពេល​ខ្លះៗ។ វិវរណៈ​ទាំង​បី​ដែល​មាន​ដូច​ត​ទៅ​នេះ ត្រូវ​បាន​ប្រទាន​មក​នៅ​ពេល​នេះ ដើម្បី​ចម្រើន​កម្លាំង លើក​ទឹក​ចិត្ត និង​បង្គាប់​ពួក​គេ។

១–៩, យ៉ូសែប ស៊្មីធ ត្រូវ​បាន​ហៅ​ឲ្យ​បកប្រែ ផ្សាយ និង​ពន្យល់​បទគម្ពីរ​ទាំង​ឡាយ; ១០–១២, អូលីវើរ ខៅឌើរី ត្រូវ​បាន​ហៅ​ឲ្យ​ផ្សាយ​ដំណឹង​ល្អ; ១៣–១៩, ក្រឹត្យ​វិន័យ​ត្រូវ​បាន​បើក​សម្ដែង​ប្រាប់ ដែល​មាន​ទំ​នាក់​ទំនង​នឹង​អព្ភូតហេតុ​ទាំង​ឡាយ ការ​ដាក់​បណ្ដាសា​ទាំង​ឡាយ ការ​រលាស់​ធូលី​ពី​បាត​ជើង និង​ការ​ទៅ​ដោយ​គ្មាន​យក​កាបូប ឬ​យាម​ទៅ​ផង។

មើល​ចុះ អ្នក​ត្រូវ​បាន​ហៅ ហើយ​ជ្រើសរើស​ឲ្យ​កត់​ព្រះ​គម្ពីរ​មរមន ហើយ​ឲ្យ​ធ្វើ​ការងារ​របស់​យើង ហើយ​យើង​បាន​លើក​អ្នក​ឡើង​ឲ្យ​រួច​ពី​សេចក្ដី​វេទនា​ទាំង​ឡាយ​របស់​អ្នក ហើយ​បាន​ទូន្មាន​ដល់​អ្នក​ថា អ្នក​ត្រូវ​បាន​រំដោះ​ឲ្យ​រួច​ផុត​ពី​ពួក​ខ្មាំងសត្រូវ​របស់​អ្នក ហើយ​អ្នក​ត្រូវ​បាន​រំដោះ​ឲ្យ​រួច​ផុត​ពី​អំណាច​ទាំង​ឡាយ​នៃ​អារក្ស​សាតាំង និង​ពី​សេចក្ដី​ងងឹត!

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​អ្នក​មិន​បាន​រួច​ផុត​ពី​អំពើ​រំលង​ទាំង​ឡាយ​របស់​អ្នក​ដែរ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ចូរ​អញ្ជើញ​ទៅ​ចុះ តែ​កុំ​ធ្វើ​បាប​ទៀត​ឡើយ។

ចូរ​តម្កើង​ការងារ​របស់​អ្នក​ចុះ ហើយ​បន្ទាប់​ពី​អ្នក​បាន​ព្រោះ​ស្រែ​អ្នក និង​បាន​ការពារ​ស្រែ​នោះ​រួច​ស្រេច​បាច់​ហើយ ចូរ​អញ្ជើញ​ទៅ​រក​សាសនាចក្រ​យ៉ាង​ឆាប់​រហ័ស ដែល​នៅ​ភូមិ​ខូលស្វិល ភូមិ​ហ្វាយែត និង​ក្រុង​ម៉ែនឆែស្ទើរ ហើយ​ពួក​គេ​នឹង​គាំទ្រ​អ្នក ហើយ​យើង​នឹង​ប្រទាន​ពរ​ដល់​ពួក​គេ ទាំង​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម​ផង

ប៉ុន្តែ​បើ​សិន​ជា​ពួក​គេ​មិន​ទទួល​អ្នក​ទេ នោះ​យើង​នឹង​បញ្ជូន​បណ្ដាសា​មក​លើ​ពួក​គេ​ជំនួស​ព្រះ​ពរ​វិញ។

ហើយ​អ្នក​ត្រូវ​បួងសួង​ដល់​ព្រះ ដោយ​នូវ​ព្រះ​នាម​របស់​យើង​រហូត ហើយ​កត់​នូវ​អ្វីៗ​ដែល​នឹង​បាន​ប្រទាន​ដល់​អ្នក ដោយ​ព្រះ​ដ៏​ជា​ជំនួយ ហើយ​ត្រូវ​ពន្យល់​ប្រាប់​នូវ​បទគម្ពីរ​ទាំង​ឡាយ​ដល់​សាសនាចក្រ។

ហើយ​អ្វី​ដែល​អ្នក​ត្រូវ​និយាយ និង​កត់ នឹង​បាន​ប្រទាន​ដល់​អ្នក​នៅ​វេលា​នោះ​ឯង ហើយ​ពួក​គេ​នឹង​បាន​ឮ​អ្វី​ទាំង​នោះ បើ​ពុំ​នោះ​សោត​ទេ យើង​នឹង​បញ្ជូន​បណ្ដាសា​ដល់​ពួក​គេ​ជំនួស​ព្រះ​ពរ​វិញ។

ត្បិត​អ្នក​ត្រូវ​ថ្វាយ​ការងារ​របស់​អ្នក​ទាំង​អស់​នៅ​ក្រុង​ស៊ីយ៉ូន ហើយ​នៅ​ក្នុង​ការណ៍​នេះ អ្នក​នឹង​បាន​កម្លាំង។

ចូរ​មាន​ចិត្ត​អត់ធន់​ក្នុង​ការ​ឈឺ​ចាប់ ត្បិត​អ្នក​នឹង​មាន​ដ៏​ច្រើន ប៉ុន្តែ​ចូរ​ទ្រាំទ្រ​ចុះ ត្បិត​មើល​ន៏ យើង​នៅ​ជាមួយ​នឹង​អ្នក គឺ​ដរាប​ដល់​អស់​មួយ​ជីវិត​របស់​អ្នក។

ហើយ​ចំពោះ​កិច្ចការ​ខាង​សាច់ឈាម នោះ​អ្នក​នឹង​ពុំ​មាន​កម្លាំង​ទេ ត្បិត​កិច្ចការ​នេះ​ពុំ​មែន​ជា​ការ​ហៅ​របស់​អ្នក​ឡើយ។ ចូរ​អនុវត្ត​ការ​ហៅ​របស់​អ្នក ហើយ​អ្នក​នឹង​បាន​នូវ​អ្វី​ដែល​អ្នក​ត្រូវ​ការ ដើម្បី​តម្កើង​តំណែង​របស់​អ្នក ហើយ​ដើម្បី​ពន្យល់​ប្រាប់​អស់​ទាំង​បទគម្ពីរ ហើយ​ចូរ​បន្ត​នូវ​ការ​ដាក់​ដៃ​លើ និង​ការ​បញ្ជាក់​សាសនាចក្រ​ទាំង​ឡាយ​ចុះ។

១០ហើយ​អូលីវើរ ជា​បង​ប្អូន​ប្រុស​របស់​អ្នក ត្រូវ​បន្ត​នូវ​ការ​ថ្លែង​ប្រាប់​ពី​ព្រះ​នាម​របស់​យើង នៅ​ចំពោះ​ពិភពលោក និង​ចំពោះ​សាសនាចក្រ​ផង។ ហើយ​លោក​មិន​ត្រូវ​សន្និដ្ឋាន​ថា លោក​អាច​និយាយ​ឲ្យ​បាន​គ្រប់​គ្រាន់​ចំពោះ​គតិ​របស់​យើង​ទេ ហើយ​មើល​ន៏ យើង​នៅ​ជាមួយ​នឹង​លោក​ដរាប​ដល់​ចុង​បំផុត។

១១នៅ​ក្នុង​យើង នោះ​លោក​នឹង​បាន​សិរី​ល្អ ហើយ​ពុំ​មែន​ដោយ​សារ​ខ្លួន​លោក​ទេ ទោះ​ជា​នៅ​ក្នុង​សេចក្ដី​កម្សោយ ឬ​ក្នុង​កម្លាំង ទោះ​ជា​បាវ ឬ​ជា​អ្នក​សេរី​ក្ដី

១២ហើយ​នៅ​គ្រប់​ពេល និង​គ្រប់​ទី​កន្លែង លោក​ត្រូវ​បើក​មាត់ ហើយ​ប្រកាស​ប្រាប់​ពី​ដំណឹង​ល្អ​របស់​យើង ហាក់​ដូច​ជា​ដោយ​សំឡេង​ត្រែ​ទាំង​យប់​ទាំង​ថ្ងៃ។ ហើយ​យើង​នឹង​ប្រទាន​ដល់​លោក​នូវ​កម្លាំង ដូច​ជា​ពុំ​ដែល​ស្គាល់​នៅ​ក្នុង​ចំណោម​មនុស្ស​មក​ឡើយ។

១៣ចូរ​កុំ​សូម​អព្ភូតហេតុ​ឡើយ លើក​លែងតែ​យើង​នឹង​បញ្ជា​ដល់​អ្នក លើក​លែងតែ​ចំពោះ​ការ​ដេញ​អារក្ស​អសោចិ៍​ចេញ ការ​ប្រោស​មនុស្ស​ឈឺ ហើយ​ការពារ​ពី​ពស់​មាន​ពិស និង​អ្វី​ដែល​ពុល​ដល់​ស្លាប់

១៤ហើយ​ការ​ទាំង​នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ឡើយ លើក​លែងតែ​តម្រូវ​ពី​អ្នក ដោយ​ពួក​អ្នក​ដែល​មាន​សេចក្ដី​ប្រាថ្នា​ប៉ុណ្ណោះ ដើម្បី​ឲ្យ​បទគម្ពីរ​ទាំង​ឡាយ អាច​បាន​សម្រេច ត្បិត​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​តាម​អ្វី​ដែល​បាន​ចែង​ទុក។

១៥ហើយ​នៅ​ទី​កន្លែង​ណា​ក៏​ដោយ ដែល​អ្នក​រាល់​គ្នា​នឹង​ចូល ហើយ​ពួក​គេ​មិន​ទទួល​អ្នក ដោយ​នូវ​ព្រះ​នាម​របស់​យើង​ទេ នោះ​អ្នក​រាល់​គ្នា​ត្រូវ​ឲ្យ​បណ្ដាសា​ជំនួស​ឲ្យ​ពរ ដោយ​រលាស់​ធូលី​ពី​បាត​ជើង​អ្នក​ចេញ ទុក​ជាទី​បន្ទាល់​ទាស់​នឹង​ពួក​គេ​វិញ ហើយ​លាង​ជើង​អ្នក​តាម​ផ្លូវ។

១៦ហើយ​ហេតុការណ៍​នឹង​កើត​ឡើង​ថា អស់​អ្នក​ណា​ដែល​នឹង​ដាក់​ដៃ​មក​លើ​អ្នក ដោយ​អំពើ​ឃោរឃៅ នោះ​អ្នក​រាល់​គ្នា​ត្រូវ​បញ្ជា​ឲ្យ​ត្រូវ​វាយ​ដោយ​នូវ​ព្រះ​នាម​របស់​យើង ហើយ​មើល​ចុះ យើង​នឹង​វាយ​ពួក​គេ ស្រប​តាម​ពាក្យ​សម្ដី​របស់​អ្នក តាម​ពេល​ដែល​យើង​កំណត់។

១៧ហើយ​អស់​អ្នក​ណា​ដែល​នឹង​ទៅ​រក​ច្បាប់​ទាស់​នឹង​អ្នក អ្នក​នោះ​នឹង​ត្រូវ​បណ្ដាសា​ដោយ​សារ​ច្បាប់។

១៨ហើយ​អ្នក​មិន​ត្រូវ​យក​កាបូប ឬ​យាម ឬ​ដំបង ឬ​អាវ​២​ទៅ​ឡើយ ត្បិត​សាសនាចក្រ​នឹង​ឲ្យ​អ្វី​ដល់​អ្នក​នៅ​ចំ​ម៉ោង​ដែល​អ្នក​ត្រូវ​ការ សម្រាប់​អាហារ និង​សម្រាប់​សំលៀកបំពាក់ និង​សម្រាប់​ស្បែក​ជើង និង​សម្រាប់​ប្រាក់​កាស និង​សម្រាប់​យាម។

១៩ត្បិត​អ្នក​ត្រូវ​បាន​ហៅ​ឲ្យ​កាត់​មែក​ចម្ការ​ទំពាំងបាយជូរ​របស់​យើង ដោយ​ការ​កាត់​មែក​ដ៏​ខ្លាំង​ក្លា មែន​ហើយ គឺ​នៅ​ពេល​ចុង​ក្រោយ​បំផុត មែន​ហើយ ព្រម​ទាំង​អស់​អ្នក​ណា​ដែល​អ្នក​បាន​តែងតាំង​ផង ហើយ​ពួក​គេ​នឹង​ធ្វើ​តាម​គំរូ​នេះ។ អាម៉ែន៕