កណ្ឌទី ១២៣
កាតព្វកិច្ចនៃពួកបរិសុទ្ធដែលទាក់ទងទៅនឹងពួកអ្នកបៀតបៀនរបស់ខ្លួន នោះត្រូវបានចែងឡើងដោយ យ៉ូសែប ស៊្មីធ ជាព្យាការី កាលលោកជាប់នៅក្នុងគុកនៅក្រុងលិបើទី រដ្ឋមិសសួរី ខែមីនា ឆ្នាំ១៨៣៩ (History of the Church, ៣:៣០២–៣០៣)។
១–៦, ពួកបរិសុទ្ធគប្បីប្រមូល ហើយបោះពុម្ពនូវដំណើររឿងអំពីការទុក្ខលំបាក និងការបៀតបៀនទាំងឡាយរបស់ពួកគេ; ៧–១០, វិញ្ញាណដដែលនោះ ដែលតាំងជំនឿក្លែងក្លាយ ក៏បាននាំឲ្យមានការបៀតបៀនដល់ពួកបរិសុទ្ធដែរ; ១១–១៧, មនុស្សជាច្រើននៅក្នុងចំណោមក្រុមសាសនាទាំងអស់ នោះនឹងនៅតែបានទទួលសេចក្ដីពិត។
១ហើយជាថ្មីទៀត យើងខ្ញុំសូមឲ្យអ្នកពិចារណាពីភាពសមបែបសមបទនូវគ្រប់ទាំងអ្វីៗដែលពួកបរិសុទ្ធប្រមូលទុកជាសំគាល់អំពីការពិត សេចក្ដីទុក្ខវេទនា និងការទុក្ខទោសទាំងអស់ ដែលប្រជាជននៃរដ្ឋនេះបានដាក់មកលើពួកគេ
២ហើយព្រមអស់ទាំងរបស់របរ និងចំនួនខូចខាតទាំងប៉ុន្មាន ដែលពួកគេបានទទួល ទាំងខាងខូចនាមខូចប្រាណ និងខាងខូចរបស់របរពិតប្រាកដផង
៣ហើយព្រមទាំងឈ្មោះនៃជនគ្រប់រូប ដែលមានចំណែកក្នុងការសង្កត់សង្កិនពួកគេ តាមដែលពួកគេអាចរកបានឈ្មោះទាំងនោះ ហើយស្វែងរកឈ្មោះទាំងនោះបាន។
៤ហើយប្រហែលជាអាចតាំងគណៈកម្មាធិការមួយឡើង ដើម្បីស្វែងរកការណ៍ទាំងនេះ និងដើម្បីកត់នូវដំណើររឿង និងសំបុត្រ ភស្តុតាងទាំងឡាយ ហើយព្រមទាំងប្រមូលនូវការបោះពុម្ពផ្សាយបង្ខូចកេរ្តិ៍ទាំងឡាយដែលសុសសាយ
៥និងការណ៍ទាំងអស់ដែលនៅក្នុងទស្សនាវដ្ដីទាំងឡាយ និងនៅក្នុងសព្វវចនាធិប្បាយទាំងឡាយ និងគ្រប់ទាំងប្រវត្តិបង្ខូចកេរ្តិ៍ទាំងឡាយ ដែលបានបោះពុម្ពផ្សាយ ហើយកំពុងកត់ទុក និងដោយអ្នកណា ហើយបង្ហាញប្រាប់ពីប្រជុំអំពើទុច្ចរិត និងការបង្ខំដ៏អាក្រក់អាស្រូវ និងឃាតកម្មទាំងឡាយ ដែលបានប្រព្រឹត្តមកលើប្រជាជននេះ —
៦គឺមិនគ្រាន់តែឲ្យយើងអាចបោះពុម្ពផ្សាយប្រាប់ដល់អស់ទាំងពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែអាចបង្ហាញប្រាប់ពីរឿងនោះដល់ក្រសួងរាជការទាំងឡាយនូវគ្រប់ទាំងសម្បុររបស់ពួកគេដែលងងឹតងងល់ និងដូចជានរក ទុកជាការប្រឹងប្រែងចុងក្រោយបង្អស់ ដែលតម្រូវពីយើង ដោយព្រះវរបិតាសួគ៌ មុនយើងអាចទាមទារយកសេចក្ដីសន្យានោះបានដោយពេញលេញ ដែលនឹងទូលសូមទ្រង់ឲ្យយាងចេញមកពីទីកំបាំងរបស់ទ្រង់ ហើយក៏ដើម្បីកុំឲ្យសាសន៍ទាំងមូលអាចបាននៅដោយការដោះសា មុនទ្រង់អាចចាត់ព្រះចេស្ដានៃព្រះពាហុដ៏ខ្លាំងក្លារបស់ទ្រង់ចេញមក។
៧គឺជាកាតព្វកិច្ចដ៏ចាំបាច់ដែលយើងមានចំពោះព្រះ ចំពោះពួកទេវតា ដែលពួកយើងនឹងត្រូវបាននាំមកឈរជាមួយ ហើយចំពោះខ្លួនយើងផ្ទាល់ ចំពោះប្រពន្ធកូនយើង ដែលត្រូវបានធ្វើឲ្យឱនចុះដោយការទុក្ខព្រួយសោកសៅ និងទុក្ខសង្រេងនៅក្រោមកណ្ដាប់ដៃដ៏អាស្រូវបំផុតនៃឃាតករ អំណាចផ្ដាច់ការ និងការសង្កត់សង្កិន ដែលបានគាំទ្រ និងទ្រទ្រង់ដោយឥទ្ធិពលនៃវិញ្ញាណនោះ ដែលបានបញ្ចុះជំនឿទាំងឡាយដល់ពួកអយ្យកោ ដែលបានអំពើកុហកទាំងឡាយតមកក្នុងដួងចិត្តនៃកូនចៅ ហើយបានបំពេញពិភពលោកដោយចលាចល ហើយបានរីកកាន់តែធំឡើងៗ ហើយឥឡូវនេះ ទៅជាប្រភពទឹកដ៏ពេញទំហឹងនៃការពុករលួយទាំងអស់ ហើយផែនដីទាំងមូលថ្ងូរនៅក្រោមទម្ងន់នៃសេចក្ដីទុច្ចរិតរបស់វា។
៨គឺជានឹមដែក គឺជាចំណងដ៏មាំ របស់ទាំងនោះសុទ្ធតែជាខ្នោះដៃ និងច្រវាក់ និងខ្នោះជើង និងគំនាបពីស្ថាននរក។
៩ហេតុដូច្នេះហើយ គឺជាកាតព្វកិច្ចដ៏ចាំបាច់ ដែលយើងមានមិនគ្រាន់តែចំពោះប្រពន្ធកូនយើងផ្ទាល់ទេ ប៉ុន្តែចំពោះពួកស្រីមេម៉ាយ និងកូនកំព្រាដែរ ដែលប្ដី និងឪពុកត្រូវគេធ្វើឃាត នៅក្រោមដៃដែករបស់វា
១០ដែលជាអំពើដ៏ងងឹតងងល់ទាំងឡាយ ល្មមធ្វើឲ្យស្ថាននរកញ័ររន្ធត់ ហើយឈរតក់ស្លុត និងស្លាំងស្លក់ ហើយដៃទាំងឡាយនៃអារក្សផ្ទាល់ក៏ញញាក់ញញ័រដែរ។
១១ហើយក៏ជាកាតព្វកិច្ចដ៏ចាំបាច់ ដែលយើងមានចំពោះជំនាន់ក្រោយ និងចំពោះពួកអ្នកមានចិត្តបរិសុទ្ធ —
១២ត្បិតមានមនុស្សជាច្រើននៅលើផែនដីនៅឡើយ នៅក្នុងចំណោមក្រុម បក្ស និកាយទាំងឡាយ ដែលបានខ្វាក់ដោយសារឧបាយកលដ៏ប្រសប់នៃមនុស្ស ម្ល៉ោះហើយ ទើបពួកគេពួនចាំបញ្ឆោត ហើយជាពួកអ្នកដែលលាក់ពីសេចក្ដីពិត ពីព្រោះពួកគេមិនដឹងជាទៅរកសេចក្ដីពិតឯណាទេ —
១៣ហេតុដូច្នេះហើយ គឺថាយើងគួរចំណាយ និងបង្ហិនជីវិតរបស់យើងក្នុងការនាំពន្លឺមករកការណ៍កំបាំងទាំងឡាយនៃសេចក្ដីងងឹតណា ដែលយើងស្គាល់ ហើយការណ៍ទាំងនោះសុទ្ធតែបានសម្ដែងប្រាប់មកពីស្ថានសួគ៌ —
១៤ខណៈនោះ កិច្ចការទាំងនេះគួរតែប្រព្រឹត្តដោយការព្យាយាមដ៏ខ្នះខ្នែង។
១៥ចូរកុំឲ្យមនុស្សណាមួយរាប់ថាការណ៍នោះជាតូចឡើយ ត្បិតមានការណ៍ជាច្រើននៅអនាគត ដោយមានទំនាក់ទំនងទៅនឹងពួកបរិសុទ្ធ ដែលពឹងពាក់ទៅលើការណ៍ទាំងនេះដែរ។
១៦បងប្អូនអើយ អ្នកដឹងហើយថា សំពៅដ៏ធំបានទទួលជំនួយពីចង្កូតដ៏តូចក្នុងកាលមានខ្យល់ព្យុះ ដោយសារដំណើរប្រក្រតីនឹងខ្យល់ និងរលក។
១៧ហេតុដូច្នេះហើយ បងប្អូនដ៏ស្ងួនភ្ងាអើយ ចូរយើងប្រព្រឹត្តការណ៍ទាំងនេះ ដែលនៅក្នុងអំណាចយើងដោយមានចិត្តរីករាយចុះ ហើយលំដាប់នោះ យើងអាចឈរនៅស្ងៀមដោយជឿជាក់ថានឹងបានឃើញសេចក្ដីសង្គ្រោះពីព្រះ និងបានព្រះពាហុទ្រង់បើកសម្ដែងមកឲ្យឃើញ៕