ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៩ ៖ ថ្ងៃទី ៤ នៅ​រដ្ឋ អូហៃអូ


មេរៀន​ទី ៩ ៖ ថ្ងៃ​ទី ៤

នៅ​រដ្ឋ អូហៃអូ

បុព្វកថា

នៅ​ចុង​ខែ មករា ឆ្នាំ ១៨៣១ ព្យាការី យ៉ូសែប ស៊្មីធ និង ភរិយា​របស់​លោក​គឺ អិមម៉ា ស៊ីឌនី រិកដុន និង អែតវឺត ប៉ាទ្រិច បាន​ផ្លាស់ទី​លំនៅ​ពី​រដ្ឋ នូវ យ៉ោក ទៅ​រដ្ឋ អូហៃអូ ។ សមាជិក​ដទៃ​ទៀត​នៃ​សាសនាចក្រ​នៅ​រដ្ឋ នូវ យ៉ោក បាន​ផ្លាស់​ទី​លំនៅ​ទៅ​តាម​ក្រោយ​នៅ​ប្រាំ​ខែ​បន្ទាប់ ។

ពួក​បរិសុទ្ធ​ទាំងនោះ ដែល​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​រដ្ឋ អូហៃអូ បាន​ទទួល​ពរជ័យ​ដ៏​ធំ​ក្រៃលែង ។ វិវរណៈ​ដែល​មាន​ជា​បន្តបន្ទាប់​តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ បាន​នាំ​ឲ្យ​ពួកគេ​យល់ដឹង​កាន់តែ​ជ្រាលជ្រៅ​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ លើស​ពី​នេះ​ទៅ​ទៀត ពួកគេ​ទទួល​បាន​ពរជ័យ ដែល​កើតឡើង​ពី​ការកសាង​ព្រះវិហារ​បរិសុទ្ធ និង ការផ្សាយ​ដំណឹងល្អ ។ ទន្ទឹម​នឹង​ពេល​ដែល​សាសនាចក្រ​បាន​រីកចម្រើន​ក្នុង​បរិមាណ និង ភាពរឹងមាំ​ខាង​វិញ្ញាណ​នៅ​រដ្ឋ អូហៃអូ នោះ​ការប្រឆាំង​ក៏​បាន​កើនឡើង​ទាស់​នឹង​សាសនាចក្រ និង ថ្នាក់ដឹកនាំ​របស់​សាសនាចក្រ​ដែរ ។ នៅ​ទីបំផុត ក្នុង​ខែ មករា ឆ្នាំ ១៨៣៨ សមាជិក​សាសនាចក្រ​ជា​ច្រើន ត្រូវ​ភៀសខ្លួន​ចេញ​ពី​រដ្ឋ អូហៃអូ ហើយ​ចូលរួម​ជាមួយ​ពួក​បរិសុទ្ធ​ដែល​រស់នៅ​រដ្ឋ មិសសួរី ។ មេរៀន​នេះ​នឹង​ផ្ដល់​ដល់​អ្នក នូវ​ការសង្ខេប​មួយ​អំពី​បទពិសោធន៍​ទាំងឡាយ​របស់​ពួក​បរិសុទ្ធ​នៅ​រដ្ឋ អូហៃអូ ។ អ្នក​នឹង​រៀន​កាន់តែ​ពិស្ដារ​អំពី​ព្រឹត្តិការណ៍​ទាំងនេះ និង អំពី​ការបង្រៀន​នានា នៅ​ក្នុង​មេរៀន​ក្រោយៗ​មក​ទៀត ។

ព្រះអម្ចាស់​បញ្ជា​ឲ្យ​ពួក​បរិសុទ្ធ​ទៅ​ប្រមូល​ផ្ដុំ​គ្នា​នៅ​រដ្ឋ អូហៃអូ ដើម្បី​ទទួល​បាន​ពរជ័យ​ដែល​បាន​សន្យាទុក

តើ​អ្នក ឬ នរណាម្នាក់​នៅ​ក្នុង​ក្រុមគ្រួសារ​របស់​អ្នក ធ្លាប់​ផ្លាស់ទី​លំនៅ​ទៅ​កាន់​ផ្ទះ​ថ្មី​ដែរ​ឬ​ទេ ? តើ​មាន​ឧបសគ្គ​អ្វី​ខ្លះ ដែល​បាន​ជួបប្រទះ​នៅ​ក្នុង​ការផ្លាស់ទីលំនៅ​នេះ ? តើ​មាន​ពរជ័យ​អ្វី​ខ្លះ ដែល​បាន​កើតឡើង​ជា​លទ្ធផល​នៃ​ការផ្លាស់​ទី​លំនៅ​នេះ ?

ទោះជា​ហេតុផល​នៃ​ការដែល​ពួកគេ​ផ្លាស់ទីលំនៅ​នោះ​អាច​ប្រែប្រួល ក៏​ប្រជាជន​តែងតែ​លះបង់​ដើម្បី​ផ្លាស់ទីលំនៅ​ទៅ​កាន់​កន្លែង​ថ្មី ព្រោះ​ពួកគេ​ជឿ​ថា ជីវិត​នឹង​មាន​សភាព​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​ពួកគេ​នៅ​កន្លែង​ថ្មី​នោះ ។

សូម​រំឭក​ការសិក្សា​របស់​អ្នក​អំពី គោលលទ្ធិ និង សេចក្តីសញ្ញា ៣៧–៣៨ ដែល​ជា​ព្រឹត្តិការណ៍​ជុំវិញ​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ដែល​បញ្ជា​ឲ្យ​ពួក​បរិសុទ្ធ​ចាកចេញ​ពី​រដ្ឋ នូវ យ៉ោក ហើយ​ផ្លាស់​លំនៅ​ទៅ​រដ្ឋ អូហៃអូ ។ នៅ​ពេល​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​ពួកគេ​ប្រមូល​ផ្ដុំ​គ្នា​នៅ​រដ្ឋ អូហៃអូ ទ្រង់​ក៏​បាន​សន្យា​ថា ពួកគេ​នឹង​ទទួល​បាន​ពរជ័យ​ពិសេសៗ​នៅ​ទី​នោះ ។

  1. សូម​ចម្លង​តារាង​ខាងក្រោម​នេះ​ចូលទៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ការសន្យា​ទាំងឡាយ

    គ. និង ស. ៣៨:៣១-៣២

    ក.

    ខ.

    គ.

    ឃ.

    គ. និង ស. ៣៨:៣៣

    ង.

    គ. និង ស. ៤២:៦១

    ច.

    សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៨:៣១–៣២រួច​ធ្វើ​បញ្ជី​ការណ៍​ទាំងបួន​ចំណុច ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា ពួកបរិសុទ្ធ​នឹង​ទទួល​បាន​នៅ​ពេល​បាន​ទៅ​ដល់​រដ្ឋ អូហៃអូ នៅ​ក្នុង​ប្រអប់ « ការសន្យា​ទាំងឡាយ » ទុក​ជា​ចម្លើយ​ពី ដល់ ឃ ។

    សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៨:៣៣រួច​ធ្វើ​បញ្ជី​នៃ​ទី​កន្លែង ដែល​ទ្រង់​នឹង​បញ្ជូន​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ទៅ ទុក​ជា​ចម្លើយ នៅ​លើ​តារាង ។

    នៅ​មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី យ៉ូសែប ស៊្មីធ បាន​ទៅ​ដល់​រដ្ឋ អូហៃអូ នោះ​លោក​ទទួល​បាន​វិវរណៈ​ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤២ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:៦១ដោយ​ត្រួសៗ រួច​ស្វែងរក​ការសន្យា​បន្ថែម ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ ។ សូម​សរសេរ « ទទួល​វិវរណៈ​ថែម​ទៅ​លើ​វិវរណៈ » ទុក​ជា​ចម្លើយ នៅ​លើ​តារាង ។

កណ្ឌ​បន្ទាប់​ទាំងបួន​ក្នុង​មេរៀន​នេះ នឹង​ជួយ​អ្នក​ឲ្យ​រៀន​កាន់តែ​ច្រើន អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​បំពេញ​ការសន្យា​ទាំងនេះ នៅ​ពេល​រាស្ត្រ​របស់​ទ្រង់​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​រដ្ឋ អូហៃអូ ពី​ឆ្នាំ ១៨៣១ ដល់ ឆ្នាំ ១៨៣៨ ។

« យើង​នឹង​ប្រទាន​ក្រឹត្យវិន័យ​មួយ​ដល់​អ្នក » (គ. និង ស. ៣៨:៣២ ) ។

ព្រះអម្ចាស់​បាន​សន្យា​ថា ទ្រង់​នឹង​ប្រទាន​ក្រឹត្យវិន័យ​ដល់​ពួក​បរិសុទ្ធ នៅ​ពេល​ពួកគេ​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​រដ្ឋ អូហៃអូ ។ ហេតុអ្វី​បាន​ជា​ក្រឹត្យវិន័យ​មាន​សារៈសំខាន់ ? ហេតុអ្វី​បាន​ជា​ក្រឹត្យវិន័យ​មាន​សារៈសំខាន់​នៅ​ក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ ?

សូម​អាន​សេចក្ដីណែនាំ​អំពី​កណ្ឌ​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ៤២ ។ បន្ទាប់​ពី​ពួកបរិសុទ្ធ​បាន​ទៅ​ដល់​រដ្ឋ អូហៃអូ ក្នុង​ឆ្នាំ ១៨៣១ ហើយ​នោះ ព្រះអម្ចាស់​បាន​បំពេញ​ការសន្យា​របស់​ទ្រង់ ហើយ​បាន​ប្រទាន​វិវរណៈ​មួយ​ត្រូវបាន​ចាត់ទុក​ថា​ជា​ក្រឹត្យវិន័យ​នៃ​សាសនាចក្រ ។ ក្រឹត្យវិន័យ​នេះ រួមបញ្ចូល​ទាំង​ព្រះបញ្ញត្តិ និង សេចក្ដីណែនាំ​នានា ដែល​ដឹកនាំ​អ្នក​កាន់​តំណែង​សាសនាចក្រ ។

សូម​អាន​សេចក្ដី​សង្ខេប​អំពី​កណ្ឌ​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ៤២ដោយ​ស្វែងរក​ក្រឹត្យវិន័យ និង ព្រះបញ្ញត្តិ​មួយ​ចំនួន ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួក​បរិសុទ្ធ ។ ( សេចក្ដី​សង្ខេប​អំពី​កណ្ឌ​មាន​នៅ​មុន​ខទី​មួយ ។ វា​ផ្ដល់​នូវ​លេខ​ខគម្ពីរ និង សេចក្ដីសង្ខេប​ខ្លី​អំពី​ខគម្ពីរ​ទាំងនោះ ) ។ នៅ​ពេល​អ្នក​អាន អ្នក​អាច​នឹង​ចង់​គូសចំណាំ​ឃ្លា « ក្រឹត្យ​វិន័យ​ទាំងឡាយ​សម្រាប់​ត្រួត​លើ​ការថ្វាយ​ទ្រព្យ​សម្បត្តិ​ត្រូវបាន​ចែងប្រាប់ » ។

នៅ​ក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​ប្រទាន​ក្រឹត្យវិន័យ​នៃ​ការថ្វាយ ។ ក្រឹត្យ​វិន័យ​នេះ​គឺ​ជា « គោលការណ៍​ដ៏​ទេវភាព​មួយ ដែល​បុរស និង ស្ត្រី​ទាំងឡាយ​លះបង់​ថ្វាយ​ពេល​វេលា ទេពកោសល្យ និង ទ្រព្យសម្បត្តិ​របស់​ខ្លួន​ដោយ​ស្ម័គ្រចិត្ត ទៅ​ក្នុង​ការកសាង និង ការស្ថាបនា​នគរ​ព្រះ​ឡើង » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ក្រឹត្យវិន័យ​នៃ​ការថ្វាយ »scriptures.lds.org) ។ ថ្នាក់ដឹកនាំ​សាសនាចក្រ​ត្រូវបាន​បញ្ជា​ឲ្យ​បង្កើត​សហគ្រាស​រួបរួម ( ត្រូវបាន​ហៅ​ថា សហគ្រាស​សណ្ដាប់ធ្នាប់​ផងដែរ ) ដើម្បី​គ្រប់គ្រង​លើ​កិច្ចការ​ខាង​សាច់ឈាម ឬ ខាង​ជំនួញ​របស់​សាសនាចក្រ ជួយ​ដល់​ជនក្រីក្រ និង ជួយ​កាត់បន្ថយ​សេចក្ដីខ្វះខាត​ចេញ​ពី​ចំណោម​ពួក​បរិសុទ្ធ ។ នេះ​គឺ​ជា​ពរជ័យ​ចំពោះ​ពួកបរិសុទ្ធ​នៅ​គ្រា​នោះ ព្រោះ​ពួក​បរិសុទ្ធ​ជា​ច្រើន​ដែល​បាន​ផ្លាស់ទីលំនៅ​មក​ពី​រដ្ឋ នូវ យ៉ោក បាន​តម្រូវ​ឲ្យ​ទុក​ចោល​ផ្ទះ​សម្បែង និង ទ្រព្យ​សម្បត្តិ​របស់​ខ្លួន ។ សហគ្រាស​រួបរួម ក៏​បាន​ផ្ដល់​ជា​ប្រាក់កាស​ដើម្បី​ធ្វើ​ជា​ហិរញ្ញប្បទាន​ដល់​បន្ទុក​ទាំងឡាយ​របស់​សាសនាចក្រ​មាន​ដូចជា កិច្ចការ​ផ្សព្វផ្សាយ​សាសនា និង ការបោះពុម្ព​វិវរណៈ ។ អ្នក​នឹង​រៀន​បន្ថែម​អំពី ក្រឹត្យវិន័យ​នៃ​ការថ្វាយ និង ឥទ្ធិពល​របស់​វា​ទៅ​លើ​ពួក​បរិសុទ្ធ​នៅ​ក្នុង​មេរៀន​ក្រោយៗ ។

« អ្នក​នឹង​ត្រូវ​បាន​ទទួល​ព្រះចេស្ដា​មក​ពី​ស្ថាន​លើ » ( គ. និង ស. ៣៨:៣២ )

ព្រះអម្ចាស់​ក៏​បាន​សន្យា​ថា​នឹង​ប្រទាន​ដល់​ពួក​បរិសុទ្ធ « ដោយ​នូវ​ព្រះចេស្ដា​មក​ពី​ស្ថានលើ » នៅ​ពេល​ពួកគេ​បាន​ទៅ​ដល់​រដ្ឋ អូហៃអូ ( គ. និង ស. ៣៨:៣២ ) ។ អំណោយទានពិសិដ្ឋ គឺ​ជា​អំណោយ​មួយ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១១៩ ដោយ​ស្វែងរក​ព្រះបញ្ញត្តិ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួក​បរិសុទ្ធ​នៅ​រដ្ឋ អូហៃអូ ។ « គេហដ្ឋាន » នៅ​ក្នុង​ខគម្ពីរ​នេះ សំដៅ​ទៅ​លើ​ព្រះវិហារ​បរិសុទ្ធ ។ ព្រះវិហារ​បរិសុទ្ធ​នៅ​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ គឺ​ជា​ព្រះវិហារ​បរិសុទ្ធ​ដំបូងគេ ដែល​ត្រូវបាន​សាងសង់​ឡើង​នៅ​ក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​នេះ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៥:៨ ដោយ​ស្វែងរក​អ្វី ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់​ថា ទ្រង់​នឹង​ប្រទាន​ឲ្យ​ពួកគេ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

រូបភាព
ព្រះវិហារបរិសុទ្ធ​ទីក្រុង ខឺតឡង់

ព្រះវិហារបរិសុទ្ធ​ទីក្រុង ខឺត​ឡង់ បាន​ចំណាយ​ពេល​វេលា​អស់​បី​ឆ្នាំ​ក្នុង​ការសាងសង់ ។ បន្ទាប់​ពី​បាន​ឧទ្ទិសឆ្លង​ក្នុង​ឆ្នាំ ១៨៣៦ ព្រះអម្ចាស់​បាន​ចាប់ផ្ដើម​បំពេញ​ការសន្យា​ទ្រង់ ដែល​ប្រទាន​ដល់​ពួកបរិសុទ្ធ​ដោយ​នូវ​ព្រះចេស្ដា ហើយ​ពួកគេ​បាន​ដកពិសោធន៍​ពរជ័យ​ខាង​វិញ្ញាណ​ដ៏​គួរ​ឲ្យ​ស្ញប់ស្ញែង ។ ឧទាហរណ៍​មាន​ដូចជា ព្រះអម្ចាស់​បាន​បញ្ជូន​សារទូត​សួគ៌ា​បី​អង្គ​ឲ្យ​បង្ហាញ​ព្រះកាយ​នៅ​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺត​ឡង់—គឺ ម៉ូសេ អេលីយ៉ាស និង អេលីយ៉ា—ដើម្បី​ស្ដារ​កូនសោ​បព្វជិតភាព​សំខាន់ៗ​ឡើង​វិញ នៅ​លើ​ផែនដី ។ កូនសោ​ទាំងនេះ នឹង​ផ្ដល់​ឲ្យ​ពួក​បរិសុទ្ធ​នូវ​សិទ្ធិអំណាច​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង ដើម្បី​ផ្សារភ្ជាប់​ក្រុមគ្រួសារ​ទាំង​អ្នក​ដែល​នៅ​មាន​ជីវិត និង អ្នក​ដែល​ចែកឋាន​ទៅ​ហើយ​នោះ សម្រាប់​ភាពអស់កល្ប​ជានិច្ច ។ លើស​ពី​នេះ​ទៅ​ទៀត « កូនសោ​ទាំងឡាយ​នៃ​ការប្រមូល​សាសន៍​អ៊ីស្រាអែល » ក៏​ត្រូវ​បាន​ស្ដារឡើងវិញ​នៅ​គ្រា​នេះ​ដែរ ( គ. និង ស. ១១០:១១ ) ។ តាមរយៈ​កូនសោ​ទាំងនេះ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ត្រូវបាន​ប្រគល់​អំណាច ដើម្បី​បង្រៀន​ដំណឹងល្អ​ទូទាំង​ពិភពលោក ។

អ្នក « នឹង​ចេញ​ទៅ​ក្នុង​ចំណោម​គ្រប់​អស់​ទាំង​សាសន៍ » ( គ. និង ស. ៣៨:៣៣ )

នៅ​ពេល​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺត​ឡង់ ត្រូវបាន​ឧទ្ទិសឆ្លង និង កូនសោ​ទាំងឡាយ​សម្រាប់​ការប្រមូល​សាសន៍​អ៊ីស្រាអែល ត្រូវ​បាន​ស្ដារឡើងវិញ នោះ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ បាន​ចាប់ផ្ដើម​រីកសាយ​ទៅ​ដល់​ទីកន្លែង​កាន់តែ​ច្រើន ។ សូម​បើក​ទៅ ផែនទី​ទី ៣ « តំបន់ នូវ យ៉ោក ផែនសិលវេញ៉ា និង អូហៃអូ នៃ​សហរដ្ឋ អាមេរិក » នៅ​ក្នុង​ផែនទី​ប្រវត្តិសាស្ត្រ​សាសនាចក្រ ដែល​មាន​នៅ​ខាង​ក្រោយ​បណ្ដុំ​ព្រះគម្ពីរ​របស់​អ្នក ។ សូម​កត់ចំណាំ​ថា ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ គឺ​ជា​កន្លែង​ដ៏​ប្រសើរ​ជាងគេ ដើម្បី​ចាប់ផ្ដើម​បញ្ជូន​អ្នក​ផ្សព្វផ្សាយ​សាសនា​ទៅ​កាន់​ពាសពេញ​ពិភពលោក ដើម្បី​បង្រៀន​ដំណឹងល្អ « ក្នុង​ចំណោម​គ្រប់​អស់​ទាំង​សាសន៍ » ( គ. និង ស. ៣៨:៣៣ ) ។ ទីក្រុង ខឺត​ឡង់ ជា​ទីក្រុង​ដែល​ស្ថិត​នៅ​ជិត​ផ្លូវ​គមនាគមន៍​ធំៗ នៅ​ក្នុង​សហរដ្ឋ ។ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា គ្រាន់តែ​ត្រូវ​ធ្វើ​ដំណើរ​ជិតៗ ដើម្បី​ទៅ​ជិះ​កប៉ាល់​នៅ​ក្នុង​ទន្លេ​ធំៗ​របស់​សហរដ្ឋ និង បឹង អ៊ែរី ។ ពួកគេ​ក៏​អាច​ទៅ​ដល់​ខ្សែ​ផ្លូវជាតិ​ដែល​នាំ​ទៅ​កាន់​ភាគ​ខាង​ត្បូង និង ខ្សែ​ផ្លូវទឹក​ដែល​នាំ​ទៅ​កាន់​ភាគ​ខាង​ជើង​ដែរ ។ ដោយសារតែ​ការណ៍​ទាំងនេះ​ហើយ ទើប​ទីក្រុង ខឺត​ឡង់ គឺ​ជា​ចំណុច​ចេញ​ដំណើរ​ទៅ​បេសកកម្ម កាណាដា ផ្នែក​ផ្សេងៗ​ទៀត​ក្នុង​សហរដ្ឋ និង ចក្រភព​អង់គ្លេស ។

ដោយសារ​មាន​អ្នក​ផ្សព្វផ្សាយ​សាសនា​ធ្វើការ​នៅ​អំឡុង​គ្រា​នេះ នោះ​សមាជិកភាព​ក្នុង​សាសនាចក្រ​ទូទាំង​ពិភពលោក បាន​កើនឡើង​ដល់​រាប់ពាន់​នាក់ ។ ក្នុង​ឆ្នាំ ១៨៣៧ អែលឌើរ ហ៊ីប៊ើរ ស៊ី ឃិមបឹល និង អួរសុន ហៃឌ រួម​ទាំង​សមាជិក​ប្រាំ​នាក់​ទៀត ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​បេសកកម្ម​នៅ​ចក្រភព​អង់គ្លេស ហើយ​ពួកគេ​បាន​ធ្វើ​បុណ្យជ្រមុជទឹក​ឲ្យ​មនុស្ស​ចំនួន ២,០០០ នាក់ ។ ត្រឹម​ឆ្នាំ ១៨៣៨ កាល​ពួក​បរិសុទ្ធ​បាន​ផ្លាស់លំនៅ​ចេញ​ពី​ទីក្រុង ខឺត​ឡង់ ដោយសារតែ​មាន​សេចក្ដីបៀតបៀន នោះ​មាន​សមាជិក​សាសនាចក្រ​ទូទាំង​ពិភពលោក​ជិត ១៨,០០០ នាក់ ដែល​ក្នុង​នោះ​មាន​សមាជិក​ប្រមាណ ២,០០០ នាក់ រស់នៅ​ទីក្រុង ខឺត​ឡង់ ។

« អ្នក​នឹង​បាន​ទទួល​វិវរណៈ ថែម​ទៅ​លើ​វិវរណៈ » ( គ. និង ស. ៤២:៦១ )

សូម​បើក​ទៅ​កាន់ លំដាប់​មាតិកា​ដែល​រៀប​តាម​កាល នៃ​គោលលទ្ធិ និង សេចក្ដីសញ្ញា ( នៅ​បន្ទាប់​ពី​បុព្វកថា ) ហើយ​កត់ចំណាំ​អំពី​ទីតាំង ដែល​ទទួល​បាន​វិវរណៈ​ភាគច្រើន ។

ដូច​ដែល​អ្នក​អាច​សង្កេត​ដូច្នេះ​ដែរ​ថា វិវរណៈ​ជា​ច្រើន​ត្រូវបាន​ទទួល​នៅ​រដ្ឋ អូហៃអូ ជាង​កន្លែង​ណា​ផ្សេង​ទៀត​ទាំងអស់ ។ ការសន្យា​របស់​ព្រះអម្ចាស់​ថា ពួក​បរិសុទ្ធ​នឹង​ទទួល​បាន​វិវរណៈ​ថែម​ទៅ​លើ​វិវរណៈ នៅ​ពេល​ពួកគេ​ប្រមូល​ផ្ដុំ​គ្នា​នៅ​រដ្ឋ អូហៃអូ នោះ ត្រូវ​បាន​សម្រេច ។

  1. សូម​អាន​សេចក្ដី​ណែនាំ​អំពី​កណ្ឌ និង សេចក្តី​សង្ខេប​អំពី​កណ្ឌ នៃ​កណ្ឌ​នីមួយៗ​ខាង​ក្រោម​នេះ ។ រួច​សូម​សរសរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នូវ​ពាក្យពេចន៍​មួយ​ចំនួន ដោយ​សង្ខេប​អ្វី​ដែល​មាន​នៅ​ក្នុង​វិវរណៈ​នេះ និង ប្រយោគ​មួយ ឬ ពីរ​ដោយ​ពិពណ៌នា​អំពី​របៀប​ដែល​វិវរណៈ​នោះ បាន​ប្រទានពរ​ដល់​សមាជិក​សាសនាចក្រ និង ជីវិត​ផ្ទាល់ខ្លួន​របស់​អ្នក ។

    1. គ. និង ស. ៧៦

    2. គ. និង ស. ៨៤

    3. គ. និង ស. ៨៩

ខណៈ​ដែលពួក​បរិសុទ្ធ​នៅ​រដ្ឋ អូហៃអូ ព្រះអម្ចាស់​ក៏​បាន​ណែនាំ​ដល់​ព្យាការី យ៉ូសែប ស៊្មីធ ឲ្យ​បង្កើត​ថ្នាក់​ដឹកនាំ​សាសនាចក្រ ។ គណៈ​ប្រធាន​ទី​មួយ កូរ៉ុម​នៃ​ពួក​សាវក​ទាំងដប់​ពីរ និង កូរ៉ុម​នៃ​ពួក​ចិតសិប​នាក់ ត្រូវបាន​បង្កើត​ឡើង ។ អំឡុង​ពេល​នេះ​ផងដែរ យ៉ូសែប ស៊្មីធ ក៏​បាន​បន្ត​កិច្ចការ​បកប្រែ​របស់​លោក​លើ​ព្រះគម្ពីរ​ប៊ីប ។

ការប្រឆាំង និង ការក្បត់សាសនា រុកកួន​ដល់​ពួក​បរិសុទ្ធ​ស្មោះត្រង់​នៅ​រដ្ឋ អូហៃអូ

ទោះ​ជា​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​ពួកបរិសុទ្ធ​នៅ​រដ្ឋ អូហៃអូ យ៉ាង​ណា​ក្ដី ក៏​ការប្រឆាំង​ទាស់​នឹង​សាសនាចក្រ​បាន​កើនឡើង​ផងដែរ ។ នៅ​មិន​យូរ​បន្ទាប់​ពី​ពួក​បរិសុទ្ធ​បាន​ទៅ​ដល់​ទីក្រុង ខឺត​ឡង់ ពួក​រិះគន់​ប្រឆាំង​នឹង​ពួក​មរមន បាន​ចាប់ផ្ដើម​វាយ​ប្រហារ​មក​លើ​សាសនាចក្រ ។ ការវាយប្រហារ​ជា​ច្រើន បាន​កើតឡើង​ជា​ទម្រង់​នៃ​ការចុះផ្សាយ​រឿង និង អត្ថបទ​បង្ខូច​កេរ្តិ៍​ឈ្មោះ​តាមរយៈ​កាសែត ។

រូបភាព
យ៉ូសែប ស៊្មីធ

ព្យាការី យ៉ូសែប ស៊្មីធ បាន​មាន​ប្រសាសន៍​អំពី​ការចុះផ្សាយ​ទាំងនេះ​ថា ៖ « របាយការណ៍​ក្លែងបន្លំ ការកុហក និង រឿងរ៉ាវ​ដ៏​ឆ្កួតលីលា ត្រូវបាន​ចុះផ្សាយ​នៅ​លើ​ទំព័រ​កាសែត ហើយ​បាន​ធ្វើ​ចរាចរណ៍​ទៅ​គ្រប់​ទីកន្លែង ដើម្បី​រារាំង​មនុស្ស​កុំ​ឲ្យ​សិក្សា​ស្វែងយល់​អំពី​កិច្ចការ​នេះ ឬ ឱបក្រសោប​យក​សេចក្ដីជំនឿ​នេះ​ឡើយ » ( នៅ​ក្នុង History of the Church ១:១៥៨ ) ។

ទោះ​ជា​មាន​ទុក្ខលំបាក​ទាំងនេះ ឬ ផ្សេងទៀត​ក្ដី ក៏​ពួកបរិសុទ្ធ​បាន​បន្ត​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីក្រុង ខឺត​ឡង់ ជា​ពិសេស​អំឡុង​ឆ្នាំ ១៨៣៦–៣៨ ដែរ ។ ក្នុង​ឆ្នាំ ១៨៣៦ យ៉ូសែប ស៊្មីធ បាន​គិត​អំពី​បន្ទុក​លើ​បំណុល​នៃ​តម្លៃ​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺត​ឡង់ ។ ទោះជា​សាសនាចក្រ​មាន​ដី​ធ្លី​ជា​ច្រើន​កន្លែង​ក្ដី ក៏​សាសនាចក្រ​ត្រូវការ​ប្រាក់​ដើម្បី​ដោះ​បំណុល​នានា ដែល​នៅ​ជំណាក់​នោះ​ដែរ ។ ដោយសារតែ​មាន​តម្រូវការ​ខាង​ឥណទាន​សម្រាប់​សាសនាចក្រ និង ការកើនឡើង​នៃ​សមាជិក​ក្នុង​ទីក្រុង ខឺត​ឡង់ នោះ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​គ្រោង​នឹង​ប្រើប្រាស់​ធនាគារ​ក្នុង​មូលដ្ឋាន​មួយ ។ សំណើ​របស់​ពួកគេ ដើម្បី​ប្រើប្រាស់​ធនាគារ ត្រូវបាន​ច្រាន​ចោល​ដោយ​សភា​រដ្ឋ អូហៃអូ ។ ជំនួស​ឲ្យ​ការប្រើប្រាស់​ធនាគារ នោះ​ពួក​បរិសុទ្ធ​បាន​បង្កើត​ក្រុមហ៊ុន​មួយ​ហៅ​ថា ក្រុមហ៊ុន​និរភ័យ​សង្គម ខឺតឡង់ ដែល​ដំណើរការ​ដូចជា​ធនាគារ​ដែរ ។

ក្នុង​ឆ្នាំ ១៨៣៧ វិបត្តិ​សេដ្ឋកិច្ច​មួយ បាន​រាតត្បាត​ពេញ​សហរដ្ឋ ។ ប្រទេស​ទាំង​មូល​បាន​រង​ឥទ្ធិពល​ដោយ​វិបត្តិ​នេះ ហើយ​ធនាគារ​មួយ​ចំនួន​បាន​ក្ស័យធន ។ លើស​ពី​នេះ​ទៅ​ទៀត ជន​មួយ​ចំនួន​ដែល​មាន​តំណែង​ជា​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​និរភ័យ​សង្គម ខឺតឡង់ ពុំ​មាន​ភាពស្មោះត្រង់​ក្នុង​កិច្ច​ព្រមព្រៀង​របស់​ខ្លួន​នោះ​ឡើយ ។ ក្រុមហ៊ុន​និរភ័យ​សង្គម ខឺតឡង់ ត្រូវបាន​បង្ខំ​ចិត្ត​បិទ​ទ្វារ ហើយ​មនុស្ស​រាប់​រយ​នាក់ ដែល​បាន​ធ្វើ​វិនិយោគទុន​ជាមួយ​ក្រុមហ៊ុន​នេះ បាន​ខាតបង់​ស្ទើរតែ​អ្វី​ទាំងអស់​នូវ​អ្វី​ដែល​ពួកគេ​បាន​វិនិយោគ ។ មេរៀន​របស់​យ៉ូសែប ស្ម៊ីធ​ប្រសើរ​ជាង​មេរៀន​មនុស្ស​ផ្សេង​ទៀត ។ ពួកបរិសុទ្ធ​ជាច្រើន​នាក់​បាន​ចោទ​ប្រកាន់​ព្យាការី​ឲ្យ​ទទួល​ខុសត្រូវ​ចំពោះ​បញ្ហា​ហិរញ្ញវត្ថុ​របស់​ពួកគេ និង​មាន​ការប្តឹងផ្តល់​ជាច្រើន​បន្តបន្ទាប់​ទៀត ។ ថ្នាក់ដឹកនាំ​សាសនាចក្រ ដែល​បាន​ជួយ​បង្កើត​ក្រុមហ៊ុន​និរភ័យ​សង្គម ខឺតឡង់ បាន​ស្មាន​ខុស​ថា បុគ្គល​ម្នាក់ៗ​មាន​សិទ្ធិ​បង្កើត​ក្រុមហ៊ុន​ផ្ទាល់ខ្លួន ដែល​បាន​រួមចំណែក​ក្នុង​កិច្ចការ​ធនាគារ ហើយ​តុលាការ​បាន​សម្រេចក្ដី​ពិន័យ​ជា​ប្រាក់​ចំនួន ១,០០០ ដុល្លា ប្រឆាំង​នឹង​ពួកគេ​ពី​បទ​រំលោភ​សិទ្ធិ​ច្បាប់​ធនាគារ​រដ្ឋ អូហៃអូ ។

ព្រឹត្តិការណ៍​ដ៏​លំបាក​នេះ បាន​នាំ​ឲ្យ​សមាជិក​មួយ​ចំនួន​នៃ​សាសនាចក្រ ក្បត់សាសនា ។ សេចក្ដីបៀតបៀន បាន​មាន​កាន់តែ​ខ្លាំង​អំឡុង​រដូវ​រងា​ឆ្នាំ ១៨៣៧ និង នៅ​និទាឃ​រដូវ​ឆ្នាំ ១៨៣៨ ដែល​ពួក​បរិសុទ្ធ​ភាគ​ច្រើន ត្រូវបាន​បង្ខំ​ចិត្ត​ឲ្យ​ចាកចេញ​ពី​រដ្ឋ អូហៃអូ ។ ថ្នាក់ដឹកនាំ​សាសនាចក្រ​មួយ​ចំនួន រួមមាន យ៉ូសែប ស៊្មីធ ស៊ីឌនី រិកដុន និង ព្រិកហាំ យ៉ង់ ត្រូវ​ភៀសខ្លួន​ពី​ទីក្រុង ខឺត​ឡង់ ដើម្បី​មាន​សុវត្ថិភាព​ក្នុង​ការរស់នៅ ។

  1. យោងតាម​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង​មេរៀន​នេះ សូម​សរសេរ​ប្រយោគ​មួយ​ចំនួន​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​ថា​តើ​អ្នក​នឹង​គិត​ដូចម្ដេច ចំពោះ​ការរស់នៅ​ក្នុង​រដ្ឋ អូហៃអូ អំឡុង​គ្រា​នេះ​នៃ​ប្រវត្តិសាស្ត្រ​សាសនាចក្រ ។ សូម​សរសេរ​បញ្ចូល​ទាំង​អ្វី​ដែល​អ្នក​ចង់​មាន​ចំណែក និង អ្វី​ដែល​អ្នក​គិត​ថា ជា​ឧបសគ្គ​សម្រាប់​អ្នក ។

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា​មេរៀន​អំពី « នៅ​រដ្ឋ អូហៃអូ » ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាល​បរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖