ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៥ ៖ ថ្ងៃ​ទី ៣ គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១–២២


មេរៀន​ទី ៥ ៖ ថ្ងៃ​ទី ៣

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:១–២២

សេចក្ដីផ្ដើម

នៅក្នុង​ខែ​មិថុនា ឆ្នាំ ១៨២៩៩ យ៉ូសែប ស្ម៊ីធ បាន​ជួល​ម្ចាស់​រោង​ពុម្ព ឈ្មោះ អ៊ែហ្គប៊ើត ប៊ី ហ្គ្រានឌីន ដើម្បី​បោះពុម្ព​ព្រះគម្ពីរ​ចំនួន ៥០០០ ក្បាល​ក្នុង​តម្លៃ ៣០០០ ដុល្លារ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ហ្គ្រានឌីន នឹង​មិន​ចាប់​ផ្ដើមបោះពុម្ព ឬសូម្បី​តែ​ទិញក្រដាស​បោះពុម្ព​ឡើយ ទាល់តែ​គាត់​ត្រូវ​បាន​អះអាង​ថា ទទួលបាន​ប្រាក់​បង់​ថ្លៃ​សម្រាប់ការងារ​មុន​សិន។​ នៅក្នុង​វិវរណៈ ដែលមាន​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩ដែលទំនង​ជា​ត្រូវ​បាន​ប្រទាន​ឲ្យ​នៅ​រដូវ​ក្ដៅ​ឆ្នាំ ១៨២៩ នោះព្រះអម្ចាស់​បាន​បញ្ជា​ម៉ាទិន ហារិស​ឲ្យ « ​ចំណាយ​ផ្នែក​នៃ​ទ្រព្យ​សម្បត្តិ​របស់អ្នក … [ហើយ] សងបំណុល​ដែល​អ្នក​បាន​យល់​ព្រម​ជាមួយ​នឹង​អ្នក​បោះពុម្ព » (គ និង ស ១៩:៣៤–៣៥)។ ម៉ាទិន ហារិស​ផ្ទាល់​បាន​ធានា​ថា​នឹង​សង​ការ​ចំណាយ​ថ្លៃ​បោះពុម្ព​ដោយ​ខ្លួន​គាត់​ផ្ទាល់ ប្រសិនបើ​ប្រាក់​ដែល​ទទួល​បាន​មក​ពី​ការ​លក់​ព្រះគម្ពីរមរមន ពុំ​គ្រប់គ្រាន់​សម្រាប់​ការចំណាយ​ទេ​នោះ​នោះ​គាត់​នឹង​កាត់​ដី​ចម្ការ​គាត់​ឲ្យ​ខ្លះ ។

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​ពិពណ៌នា​អំពី​វិវរណៈ​នេះ ជាមួយ​នឹងការបង្រៀន​របស់​វា​អំពី​ដង្វាយធួន​ថា​ជា « វិវរណៈ​ដ៏​មហិមា​មួយ ដែលត្រូវ​បាន​ប្រទាន​ឲ្យ​នៅក្នុង​គ្រា​កាន់កាប់ត្រួតត្រា​នេះ មាន​វិវរណៈ​មួយ​ចំនួន​ដែល​មាន [ សារៈសំខាន់ ] ច្រើន​ជាង​នេះ » ( Church History and Modern Revelation វ៉ុល ២ [ ឆ្នាំ ១៩៥៣ ] ១:៨៥ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:១-៣

ព្រះអង្គ​សង្គ្រោះ​ប្រកាស​ថា ទ្រង់​បាន​សម្រេច​តាម​ព្រះ​ឆន្ទៈ​របស់ព្រះបិតា​ហើយ

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១–៣ រួច​ស្វែងរក​ការណ៍​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា ទ្រង់​ជា​នរណា ហើយ​ទ្រង់​បាន​ធ្វើ​អ្វី​ខ្លះ ។ សូម​គូសចំណាំ​ពាក្យ ឬ ឃ្លា​ដែល​បង្រៀន​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​សម្រេច​តាម​ព្រះហឫទ័យ​នៃ​ព្រះវរបិតា​ទ្រង់ ហើយ​ថា ព្រះយេស៊ូវគ្រីស្ទ​នឹង​ជំនុំជម្រះ​យើង​តាម​កិច្ចការ​ទាំងឡាយ​របស់​យើង ។

  1. សូម​ពិពណ៌នា​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​អ្នក​អំពី​របៀប​ដែល​ការស្គាល់​សេចក្ដីពិត​អំពី​ព្រះអង្គសង្គ្រោះ អាច​នឹង​ជួយ​ដល់ ម៉ាទិន ហារីស មាន​អារម្មណ៍​សន្តិភាព និង ត្រូវបាន​ប្រទាន​ឲ្យ​នូវ​ភាពរឹងមាំ​ដើម្បី​ធ្វើ​តាម​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:៤-១២

ព្រះយេស៊ូវគ្រីស្ទ ពន្យល់​អំពី​ទារុណកម្ម​ដ៏​អស់កល្ប និង​មិន​ចេះ​ចប់​

ព្រះអម្ចាស់​បាន​ពន្យល់​អំពី​សេចក្ដីពិត​មួយ​ចំនួន ដែល​អាច​ជួយ​យើង​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ពលិកម្មធួន​របស់​ទ្រង់ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:៤ រួច​ស្វែងរក​ពាក្យ​ទាំងឡាយ​ដែល​នឹង​បំពេញ​សេចក្ដីថ្លែងការណ៍​នៃ​គោលលទ្ធិ​ដូចតទៅ​នេះ ៖ មនុស្ស​គ្រប់​រូប​ត្រូវតែ បើ​មិន​ដូច្នេះ​ទេ​នោះ .អ្នក​អាច​នឹង​ចង់​គូសចំណាំ​ឃ្លានេះ នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:៥ ។ តើ​ព្រះអង្គសង្គ្រោះ​បាន​ពិពណ៌នា​យ៉ាង​ដូចម្ដេច អំពី​សេចក្ដីវេទនា​នៃ​អស់​អ្នក​ដែល​ពុំ​ប្រែចិត្ត ហើយ​ដោយហេតុនោះ​ត្រូវ​ទទួល​ការជំនុំជម្រះ​របស់​ទ្រង់​នោះ ? តើ​ការស្គាល់​សេចក្ដីពិត​នេះ ផ្ដល់​នូវ​ហេតុផល​បន្ថែម​មួយ ដើម្បី​ធ្វើ​ឲ្យ​យើង​ប្រែចិត្ត​ពី​អំពើបាប​របស់​យើង​យ៉ាង​ដូចម្ដេច ?

សូម​មើល​ត្រួសៗ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:៦–៧ រួច​ស្វែងរក​ឃ្លា​ទាំងឡាយ ដែល​ជួនកាល​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ពិពណ៌នា​អំពី​ស្ថានភាព​នៃ​មនុស្ស​ដែល​ពុំ​ប្រែចិត្ត ។ សូម​គូសចំណាំ​ឃ្លា « ការរងទុក្ខវេទនា​ដ៏​មិនចេះ​ចប់​មិន​ចេះហើយ » និង « សេចក្ដី​ជាប់​ទោស​ដ៏​អស់កល្ប​ជានិច្ច » ។ តើ​អ្នក​គិត​ដូចម្ដេច នៅ​ពេល​អ្នក​អាន​ឃ្លា​ទាំង​ពីរ​នេះ ?

សូម​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:៨–១២ ដោយ​ស្វែងរក​ព័ត៌មាន​ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​ពី​មូលហេតុ ដែល​ឃ្លា​ទាំងនេះ​ពុំ​សំដៅ​លើ​រយៈពេល​ដែល​មនុស្ស​នឹង​រងទុក្ខ​ព្រោះ​អំពើបាប​របស់​ខ្លួន​នោះ​ទេ ។

តើ​អ្នក​សម្គាល់​ឃើញ​ថា​ពាក្យ « មិន​ចេះ​សូន្យ​ឡើយ » គឺ​ជា​ព្រះនាម​របស់​ទ្រង់​ដែរ​ឬ​ទេ ? ការណ៍​នេះ​មាន​ន័យ​ថា « ទោស​ដ៏​អស់កល្ប​ជានិច្ច » ឬ « ទោស​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ » គឺ​ជា « ទោស​មក​ពី​ព្រះ » ។ តើ​អ្នក​គិត​ថា « ទោស​មក​ពី​ព្រះ » មាន​ន័យ​ដូចម្ដេច ?

រូបភាព
អែលឌើរ ជេម អ៊ី ថាលម៉េហ្គ

អែលឌើរ ជេម អ៊ី ថាល់មេហ្គ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ថា ៖ « នៅ​ស្ថាននរក មាន​ច្រក​ចេញ​មួយ ហើយ​ក៏​មាន​ច្រក​ចូល​មួយ​ដែរ ។ ស្ថាននរក​មិន​មែន​ជា​កន្លែង​ដែល​ចៅក្រម​ដែល​ចងគំនុំ​បញ្ជូន​អ្នក​ទោស​ឲ្យ​ទៅ​រងទុក្ខ និង ជាប់ទោស​ស្របតាម​គោលការណ៍ ដើម្បី​ភាពរុងរឿង​របស់​គាត់​នោះទេ ប៉ុន្តែ វា​គឺ​ជា​កន្លែង​ដែល​រៀបចំ​ឡើង​ឲ្យ​មាន​ការបង្រៀន ការលុតដំ​ចំពោះ​អ្នក​ដែល​ខកខាន​មិន​បាន​រៀន​កាល​រស់នៅ​លើ​ផែនដី គឺ​ជា​អ្វី​ដែល​ពួកគេ​គួរតែ​បាន​រៀន ។ ពិតណាស់ យើង​បាន​អាន​អំពី​ទោស​ដ៏​និរន្តរ៍ ការរងទុក្ខ​គ្មាន​ទីបញ្ចប់ និង សេចក្ដី​ជាប់ទោស​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ នោះ​គឺ​ជា​សំនួន​វោហារ​គួរ​ឲ្យ​ខ្លាច​ញញើត​មួយ ប៉ុន្តែ នៅ​ក្នុង​សេចក្ដី​មេត្តាករុណា​របស់​ទ្រង់ ព្រះអម្ចាស់​បាន​បើកសម្ដែង​យ៉ាងច្បាស់​អំពី​អត្ថន័យ​នៃ​កន្សោមពាក្យ​ទាំងនេះ ។ ទ្រង់​មាន​ព្រះបន្ទូល​ថា ‹ ទោស​ដ៏​អស់កល្ប​ជានិច្ច › គឺ​ជា​ទោស​មក​ពី​ព្រះ ដ្បិត​ទ្រង់​គង់​នៅ​ដ៏​អស់កល្ប​ជានិច្ច ហើយ​ស្ថានភាព ឬ សភាព ឬ លទ្ធភាព​នោះ នឹង​មាន​សម្រាប់​អ្នក​ប្រព្រឹត្ត​អំពើបាប ដែល​សម​នឹង​ទទួល ហើយ​ពិតជា​ត្រូវ​ជាប់ទោស​បែប​នោះ ប៉ុន្តែ ការណ៍​នេះ​ពុំ​មាន​ន័យ​ថា អ្នក​ដែល​រងទុក្ខ ឬ អ្នក​ប្រព្រឹត្ត​អំពើបាប ត្រូវ​ទ្រាំទ្រ ហើយ​រងទុក្ខ​ដ៏​អស់​កល្ប​ជានិច្ច និង ដ៏​និរន្តរ៍​ឡើយ ។ គ្មាន​នរណា​ម្នាក់ នឹង​ត្រូវ​ឃុំ​នៅ​ក្នុង​ស្ថាននរក​យូរ​ជាង​ភាពចាំបាច់​ដើម្បី​នាំ​បុគ្គល​នោះ​មក​កាន់​អ្វី​មួយ​ដែល​ល្អប្រសើរ​ជាង​នោះទេ ។ នៅ​ពេល​បុគ្គល​នោះ​សម្រេច​បាន​ដំណាក់កាល​នោះ​ហើយ ច្រក​ចេញ​ចូល​ស្ថានឃុំ​ព្រលឹង​នឹង​បើក​ឡើង ហើយ​នឹង​មាន​ការស្រែក​អបអរ​ក្នុង​ចំណោម​អ្នក​ដែល​មក​ទទួល​ស្វាគមន៍​បុគ្គល​នោះ​ចូល​ទៅ​ឯ​ដំណាក់កាល​ដែល​ប្រសើរ​ជាង​នេះ ។ ព្រះអម្ចាស់​ពុំ​បន្ថយ​ភាពតឹងរ៉ឹង​ក្នុង​អ្វី​ដែល​ទ្រង់​បាន​មាន​ព្រះបន្ទូល​កាល​ពី​គ្រា​កាន់កាប់​ត្រួតត្រា​ដំបូងៗ​អំពី​ការអនុវត្តន៍​នៃ​ក្រឹត្យវិន័យ និង នៃ​ដំណឹងល្អ​របស់​ទ្រង់​ឡើយ ផ្ទុយទៅវិញ ទ្រង់​បាន​បើកសម្ដែង​ឲ្យ​យើង​ដឹង​យ៉ាងច្បាស់​អំពី​សេចក្ដី​ករុណា និង សេចក្ដីមេត្តា​របស់​ទ្រង់​តាមរយៈ​ការណ៍​ដែល​ទ្រង់​ធ្វើ​នេះ ដ្បិត​វា​គឺ​ជា​សិរីល្អ និង កិច្ចការ​ទ្រង់​ដើម្បី​នាំ​មក​ឲ្យ​មាន​អមតភាព និង ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស » ( នៅ​ក្នុង របាយការណ៍​សន្និសីទ ខែ មេសា ឆ្នាំ ១៩៣០ ទំព័រ ៩៧ ) ។

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

ប្រធាន យ៉ូសែប ហ្វីលឌីង ស៊្មីធ បាន​ផ្ដល់​ជា​ការយល់ដឹង​ជ្រៅជ្រះ​នេះ​ថា ៖ « ទោស​ដដែល​នេះ​តែង​អនុវត្ត​ត្រូវ​នឹង​ប្រភេទ​បទល្មើស​ដែល​បាន​ប្រព្រឹត្ត ស្របទៅ​តាម​ក្រឹត្យវិន័យ​នៃ​ព្រះ ដែល​ជា​អង្គ​ដ៏​នៅ​អស់កល្ប​ជានិច្ច និង មិន​ចេះ​សូន្យ​ឡើយ ដូចនេះ វា​ត្រូវបាន​ហៅ​ថា ទោស​ដ៏​អស់កល្ប​ជានិច្ច និង ទោស​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ព្រោះ​វា​គឺ​ជា​ទោស ដែល​ព្រះ​បាន​បង្កើត​ដើម្បី​សម្រប​តាម​ក្រឹត្យវិន័យ​ដែល​ពុំ​អាច​កែប្រែ​បាន ។ បុគ្គល​ម្នាក់​អាច​នឹង​ទទួល​ការរងទុក្ខវេទនា​ដ៏​មិនចេះ​ចប់​មិន​ចេះហើយ ហើយ​កាល​បុគ្គល​នោះ​បាន​ទទួល​ទារុណកម្ម​ចំពោះ​ការរំលេង​របស់​ខ្លួន​ហើយ គេ​នឹង​ត្រូវបាន​ដោះលែង ប៉ុន្តែ ទោស​នៅ​តែ​មាន ហើយ​ទុក​សម្រាប់​អនុវត្ត​ចំពោះ​អ្នក​ទោស​ក្រោយ​មក​ទៀត ហើយ​នឹង​ប្រព្រឹត្ត​អស់​កាល​ជា​អង្វែង​ទៅ​ហោង » (Doctrines of Salvation,comp. Bruce R. McConkie វ៉ុល​៣. [១៩៥៤–៥៦] ៣:១៥៨ ) ។

ប្រធាន ជេ រ៉ូប៊ីន ក្លាក ក្នុង​គណៈប្រធាន​ទី​មួយ បាន​ផ្ដល់​ជា​ការយល់ដឹង​ជ្រៅជ្រះ​បន្ថែម​ដោយ​ការបង្រៀន​អំពី​លក្ខណៈ​សម្បត្តិ​ដ៏​ពិត​របស់​ព្រះ ។ នៅ​ពេល​អ្នក​អាន​ការអត្ថាធិប្បាយ​របស់​គាត់ សូម​គិត​អំពី​របៀប​ដែល​ការយល់ដឹង​ពី​លក្ខណៈ​សម្បត្តិ​របស់​ព្រះ ជួយ​យើង​ឲ្យ​យល់​ពី​ទោស​មក​ពី​ព្រះ ។

រូបភាព
ប្រធាន ជេ រ៉ូប៊ីន ក្លាក

« ខ្ញុំ​ពុំ​អាច​យល់ស្រប​នឹង​គោលលទ្ធិ​ថ្មីៗ​ដែល​ប្រាប់​ថា ព្រះ​ពុំ​ដាក់ទោស​សោះ​ឡើយ​នោះ​ទេ ព្រោះ​ខ្ញុំ​ពុំ​អាច​បោះបង់​ចោល​បទគម្ពីរ​ទាំងឡាយ​ដែល​មាន ដើម្បី​ចាប់​យក​ការសន្និដ្ឋាន​នោះ​ឡើយ [ ប៉ុន្តែ ] ខ្ញុំ​ទទួល​អារម្មណ៍​ថា នៅ​ពេល​ព្រះអម្ចាស់​យាង​មក​ប្រទាន​រង្វាន់​ដល់​យើង… និង ដាក់​ទោស​យើង…នោះ​ទ្រង់​នឹង​ដាក់​ទោស​យើង​យ៉ាង​អប្បបរមា​ដែល​អំពើ​រំលង​របស់​យើង​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​សម​ហេតុផល ។ ខ្ញុំ​ជឿ​ថា ទ្រង់​នឹង​នាំ​មក​ដោយ​សេចក្ដីយុត្តិធម៌​ទាំងអស់​នៃ​ក្ដីស្រឡាញ់ និង​ពរជ័យ​ដ៏​គ្មានទីបំផុត ព្រមទាំង​ក្ដីមេត្តាករុណា និង​ព្រះទ័យ​ល្អ ហើយ​នឹង​ការ​យោគយល់​ដែល​ទ្រង់​បានមាន ។…

« ម្យ៉ាង​ទៀត ខ្ញុំ​ជឿ​ថា នៅពេល​ដល់​ការ​ប្រទានរង្វាន់​ចំពោះ​ទង្វើ​ល្អ​របស់យើង គឺ​ទ្រង់​នឹង​ប្រទាន​ដល់​យើង​ជា​អតិបរមា តាម​ដែលអាច​ធ្វើបាន ដោយ​ចាំក្នុង​ព្រះទ័យ​នូវ​ទោស ដែល​យើង​បាន​ប្រព្រឹត្ត » ( “As Ye Sow … ,” Brigham Young University Speeches of the Year [ ថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ១៩៥៥ ] ទំព័រ ៦–៧ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:១៣-២២

ព្រះអង្គ​សង្គ្រោះ​មាន​ព្រះបន្ទូល​អំពី​ការរងទុក្ខ​របស់​ទ្រង់​ចំពោះ​អំពើបាប

រូបភាព
ព្រះគ្រីស្ទ​គង់​នៅក្នុង​ច្បារ​គែតសេម៉ានី

ព្រះអង្គសង្គ្រោះ​មាន​ព្រះទ័យ​ឲ្យ​ជីវិត​យើង​មាន​ពរ និង រីកចម្រើន​តាមរយៈ​ពលិកម្មធួន​របស់​ទ្រង់ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១៣–១៧ រួច​បំពេញ​សេចក្ដី​ថ្លែងការណ៍​នេះ ៖ អស់​អ្នក​ដែល​ជ្រើសរើស​មិន​ប្រែចិត្ត​នឹង  ។

រូបភាព
អែលឌើរ ណែល អេ. ម៉ាកស្វែល

អែលឌើរ នែល អេ ម៉ាក់ស្វែល ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ក្រើន​រំឭក​យើង​ថា យើង​មាន​ជម្រើស​ដែល​ត្រូវ​ធ្វើ ៖ « យើង​អាច​សម្រេច​យក​របៀប​រស់នៅ​ដែល​ព្រះគ្រីស្ទ​មាន​ក៏​បាន ឬ របៀប​រងទុក្ខ​ដែល​ទ្រង់​មាន​ក៏​បាន ! វា​អាច​នឹង ‹ ត្រូវ​រងទុក្ខ​ដូចជា​យើង › (គ និង ស ១៩:១៦-១៧)ឬ​យក​ឈ្នះ ‹ ដូចជា [ទ្រង់] … បាន​ឈ្នះ › (វិវរណៈ ៣:២១)»(Overcome … Even As I Also Overcame, » Ensignខែ ឧសភា ឆ្នាំ ១៩៨៧, ទំព័រ ៧២ ) ។

សូម​ពិចារណា​អំពី​ជម្រើស​ផ្ទាល់ខ្លួន​របស់​អ្នក ។ តើ​ជម្រើស​ទាំងនោះ​កំពុង​ដឹកនាំ​អ្នក​ទៅ​រក​ជីវិត​ដូចជា​ព្រះគ្រីស្ទ​ដែរ​ឬ​ទេ ឬ​ក៏​ដឹកនាំ​អ្នក​ទៅ​រក​ការរងទុក្ខ​នា​ពេល​អនាគត​ចំពោះ​អំពើបាប​ផ្ទាល់ខ្លួន​របស់​អ្នក ?

ដំណើរ​រឿង​ភាគច្រើន​អំពី​ការរងទុក្ខ​របស់​ព្រះយេស៊ូវគ្រីស្ទ ត្រូវ​បាន​តំណាល​ដោយ​មនុស្ស​ផ្សេង​ទៀត ក្រៅពី​ព្រះអង្គ​ទ្រង់ ( សូមមើល ម៉ាថាយ ២៦:៣៦–៣៩; លូកា ២២:៣៩–៤៤) ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩ មាន​នូវ​ដំណើរ​រឿង​ផ្ទាល់​របស់​ព្រះអង្គសង្គ្រោះ អំពី​សេចក្ដីរងទុក្ខ​របស់​ទ្រង់​ផ្ទាល់ ។

  1. សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១៥, ១៨–១៩ រួច​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ព្រះអង្គ​សង្គ្រោះ​បាន​រៀបរាប់​យ៉ាងដូចម្ដេច អំពី​សេចក្ដី​រងទុក្ខ​ដែល​ទ្រង់​បាន​មាន​នៅ​ក្នុង​សួនច្បារ​គែតសេម៉ានី ?

    2. តើ​អ្នក​មានអារម្មណ៍​យ៉ាង​ដូចម្ដេច អំពី​ការរងទុក្ខទោស​របស់​ព្រះអង្គសង្គ្រោះ​ចំពោះ​អំពើបាប​របស់​អ្នក ?

    3. តើ​ការស្គាល់​ពី​សេចក្ដី​រងទុក្ខ​របស់​ព្រះអង្គសង្គ្រោះ អាច​ជួយ​លើកទឹកចិត្ត ម៉ាទិន ហារីស ឲ្យ​ប្រែចិត្ត​ពី​អំពើបាប​របស់​គាត់​យ៉ាង​ដូចម្ដេច ដូចជា​អ្វី​ដែល​ព្រះអម្ចាស់​បាន​ណែនាំ​គាត់​ឲ្យ​ធ្វើ​នៅ​ក្នុង​វិវរណៈ​នេះ ?

  2. សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:២០ រួច​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ហេតុអ្វី​ការគ្មាន​ព្រះវិញ្ញាណបរិសុទ្ធ នឹង​នាំ​ទៅរក​ការរងទុក្ខ​ដូច្នេះ ?

    2. ហេតុអ្វី​បាន​ជា​វា​អាច​មាន​សារៈសំខាន់​ដើម្បី​ចងចាំ​ពី​គ្រា​ទាំងឡាយ ដែល​យើង​ត្រូវ​រងទុក្ខ​ចំពោះ​លទ្ធផល​នៃ​អំពើបាប​របស់​យើង ?

សូម​គិត​អំពី​គ្រា​ទាំងឡាយ ដែល​អ្នក​បាន​រងទុក្ខ​ដោយសារ​តែ​អំពើបាប​របស់​អ្នក ហើយ​បាន​ទទួល​អារម្មណ៍​ថា​ត្រូវ​ប្រែចិត្ត ។ នៅ​ពេល​អ្នក​ពិចារណា​អំពី​គ្រា​ទាំងនោះ សូម​នឹកឡើង​វិញ​ពី​ពេល​ដែល​អ្នក​ទទួល​អារម្មណ៍​ថា​មាន​ដៃគូ​ព្រះវិញ្ញាណ​បរិសុទ្ធ និង ពេល​ដែល​អ្នក​ទទួល​អារម្មណ៍​ថា​ព្រះវិញ្ញាណ​បរិសុទ្ធ​ដក​ខ្លួន​ចេញ​ពី​អ្នក ។ តើ​អ្នក​បាន​ធ្វើ​ដូចម្ដេច​ខ្លះ ដើម្បី​បាន​រីករាយ​នឹង​ភាពជាដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​សាជាថ្មី ?

  1. សូម​ប្រើ គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១៣–១៦, ២០ ដើម្បី​ឆ្លើយ​នឹង​សំណួរ​ដូចតទៅ​នេះ​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់​ដែល​បញ្ជា​ឲ្យ​ប្រែចិត្ត បង្ហាញ​ភស្ដុតាង​យ៉ាង​ដូចម្ដេច ចំពោះ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ដែល​មាន​សម្រាប់​យើង ?

នៅ​ពេល​ណាមួយ​អំឡុង​សប្ដាហ៍​ក្រោយ សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ជាមួយ​សមាជិក​គ្រួសារ ឬ មិត្ត​ម្នាក់ អំពី​គោលលទ្ធិ ឬ គោលការណ៍​មួយ​ដែល​អ្នក​បាន​ស្វែងយល់​អំឡុង​ពេល​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:១–២២ ។ សូម​ពិចារណា​អំពី​ការស្ម័គ្រចិត្ត​ចែកចាយ​បទពិសោធន៍​ជាមួយ​គ្រូ​របស់​អ្នក ពេល​ជួប​គាត់​នៅ​ពេល​ក្រោយ ។

រូបភាព
scripture mastery icon
ចំណេះចំណាន​ខគម្ពីរ--គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៩:១៦-១៩

សូម​ធ្វើការ​ទន្ទេញ គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១៦–១៩ ដោយ​សរសេរ​វគ្គ​ចំណេះចំណានខគម្ពីរ​មួយ​ពាក្យ​ម្ដងៗ​នៅ​លើ​ក្រដាស​មួយ​សន្លឹក ។ ដោយ​ប្រើ​ក្រដាស​របស់​អ្នក សូម​អាន​វគ្គ​បទគម្ពីរ​ឲ្យ​ឮៗ​ឲ្យ​បាន​ច្រើន​ដង ។ ក្រោយ​មក សូម​បាំង ( ឬ លុប ) ពាក្យ ឬ ឃ្លា​មួយ​ចំនួន​ដែល​មាន​សរសេរ​នៅ​លើ​ក្រដាស​របស់​អ្នក​នោះ ។ សូម​បន្ដ​សូត្រ​វគ្គ​ចំណេះចំណាន​ខគម្ពីរ ដោយ​សូត្រ​ទាំង​កន្លែង​ដែល​បាំង​នោះ​ចេញ​ពី​ការចងចាំ ។ សូម​ធ្វើ​បែប​នេះ​ម្ដងហើយ​ម្ដង​ទៀត រហូត​ដល់​អ្នក​មាន​អារម្មណ៍​ថា​អាច​សូត្រ​វគ្គបទគម្ពីរ​បាន​ទាំង​អស់ ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន អំពី​អ្វី​ដែល​អ្នក​បាន​ទន្ទេញ​ចាំ​ពី​វគ្គ​ចំណេះចំណាន​ខគម្ពីរ​នេះ ។

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១–២២ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖