ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៤ ៖ ថ្ងៃ​ទី ៣ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨-៧៥ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣


មេរៀន​ទី ៤ ៖ ថ្ងៃ​ទី ៣

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨–៧៥ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣

សេចក្ដីផ្ដើម

ខណៈ​កំពុង​បកប្រែ​ចំណែក​នៃ​ផ្ទាំងចំណារ​មរមន​អំពី​ការបម្រើ​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់ឡើងវិញ ( នីហ្វៃទី៣ ១១–២៨ ) ព្យាការី យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី បាន​មាន​ចម្ងល់​អំពី​ពិធីបុណ្យជ្រមុជទឹក ។ ពួក​លោក​បាន​ចូល​ទៅ​ក្នុង​ព្រៃ​ក្បែរ​កសិដ្ឋាន​របស់​យ៉ូសែប​នៅ ភូមិហារម៉ូនី រដ្ឋ​ផែនសិលវេញ៉ា ដើម្បី​ទូល​សួរ​ដល់​ព្រះអម្ចាស់​អំពី​បញ្ហា​ដ៏​សំខាន់​នេះ ។ កាល​កំពុង​អធិស្ឋាន​នោះ ទេវតា​មួយ​អង្គ​បាន​បង្ហាញ​ព្រះកាយ​ឲ្យ​ពួក​លោក​ឃើញ ។ ទ្រង់​បាន​ប្រទាន​បព្វជិតភាព​អើរ៉ុន​ដល់​ពួកលោក ហើយ​បាន​ណែនាំ​ឲ្យ​ពួកលោក​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ទន្លេ សុសគ្វីហាណា ដែល​នៅ​ក្បែរ​នោះ ។ ក្រោយ​ពី យ៉ូសែប និង អូលីវើរ បាន​ធ្វើ​បុណ្យជ្រមុជទឹក​ហើយ​នោះ ទេវតា​បាន​ណែនាំ​ដល់​ពួកលោក​ឲ្យ​តែងតាំង​បព្វជិតភាព​អើរ៉ុន​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ។ យ៉ូសែប បាន​ដាក់​ដៃ​លើ​អូលីវើរ​មុន ហើយ​បាន​តែងតាំង​គាត់​នូវ​បព្វជិតភាព​អើរ៉ុន ហើយ​ក្រោយ​មក​អូលីវើរ បាន​ធ្វើ​ដូចគ្នា​នោះ​ចំពោះ​យ៉ូសែប​ដែរ ។

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨–៧២ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣

យ៉ូហាន បាទីស្ទ ប្រទាន​បព្វជិតភាព​អើរ៉ុន​ដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី

  1. ដោយ​មិន​ចាំបាច់​មើល​ក្នុង​ព្រះគម្ពីរ​របស់​អ្នក សូម​ឆ្លើយ​នឹង​សំណួរ​ខាង​ក្រោម​នេះ​ដាក់​ទៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​តាម​ដែល​អ្នក​អាច​ធ្វើ​ទៅ​បាន ៖

    1. តើ​បព្វជិតភាព​អើរ៉ុន​ត្រូវបាន​ស្ដារឡើងវិញ​នៅ​ថ្ងៃ​ខែ​ឆ្នាំ​ណា ?

    2. តើ​ទេវតា​ដែល​បាន​ស្ដារ​បព្វជិតភាព​អើរ៉ុន​ឡើង​វិញ​ដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី មាន​ព្រះនាម​អ្វី ?

    3. តើ​ទេវតា​បាន​ធ្វើ​ដូចម្ដេច​ដើម្បី​ប្រទាន​បព្វជិតភាព​អើរ៉ុន​ដល់​យ៉ូសែប និង អូលីវើរ ?

    4. តើ​ទេវតា​បាន​មាន​បន្ទូល​ប្រាប់​ដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ថា​ពួកលោក​នឹង​ទទួល​បាន​អ្វី​ទៀត​បន្ទាប់​ពី​បព្វជិតភាព​អើរ៉ុន ?

សូម​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨–៧២ រួច​ត្រួតពិនិត្យ​ចម្លើយ​របស់​អ្នក ។ អ្នក​អាច​នឹង​សរសេរ​គោលលទ្ធិ​ដូច​តទៅ​នេះ​នៅ​ក្បែរ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨ ៖ បព្វជិតភាព​នេះ​ត្រូវ​បាន​ប្រទាន​ដោយ​ការដាក់ដៃ​លើ​ក្បាល ។ តាម​របៀប​នោះ​ហើយ​ដែល យ៉ូហាន បាទីស្ទ ដែល​ជា​បុគ្គល​ដែល​បាន​រស់ឡើងវិញ​នោះ បាន​ប្រទាន​បព្វជិតភាព​អើរ៉ុន​ដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ។

សូម​ត្រឡប់​ទៅ​មើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨ ដោយ​ស្វែងរក​អ្វី​ដែល​យ៉ូសែប និង អូលីវើរ បាន​ធ្វើ​ដែល​នាំ​ឲ្យ​ពួកលោក​សូម​សួរ​ដល់​ព្រះអម្ចាស់​អំពី​ពិធីបុណ្យជ្រមុជទឹក ហើយ​ទទួល​បាន​ការផ្ដាច់បាប​របស់​ខ្លួន ។ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៩ មាន​នូវ​បន្ទូល​របស់ យ៉ូហាន បាទីស្ទ ទៅ​កាន់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ។

ការស្ដារ​បព្វជិតភាព​អើរ៉ុន​ឡើង​វិញ​មាន​សារៈសំខាន់​បំផុត​ដែល​ពាក្យ​សម្ដី​ទាំងនេះ​ក៏​មាន​ចែង​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា កណ្ឌ​ទី ១៣ ដែល​ជា​វគ្គ​ចំណេះចំណានខគម្ពីរ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​វា​នៅក្នុង​របៀប​មួយ​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ​នៅពេល​ខាង​មុខ ។

រូបភាព
ទ្វារ និង​រង្វង់​កូនសោ

តើ​អ្វី​ជា​មុខងារ និង គោលបំណង​របស់​ទ្វារ ?

តើ​កូនសោ​មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​មុខងារ​របស់​ទ្វារ ?

ព្រះអម្ចាស់​ប្រើប្រាស់​កូនសោ​ជា​និមិត្តរូប​តំណាង​ឲ្យ​សិទ្ធិអំណាច​បព្វជិតភាព​ដែល​ចាក់សោ​ឱកាស និង ពរជ័យ​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ សូម​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៣ ដោយ​ស្វែងរក​កូនសោ​ទាំងឡាយ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​បព្វជិតភាព​អើរ៉ុន ។ សូម​ពិរចារណា​អំពី​ការគូស​ចំណាំ​កូនសោ​ទាំងនេះ​ដែល​មាន​ចែង​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​នៅ​ពេល​អ្នក​ស្វែងរក​ពួកវា ។

  1. ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​បំពេញ​នៅ​ក្នុង​បញ្ជី​ខាងក្រោម​ដោយ​សរសេរ​អំពី​កូនសោ​ទាំង​បី​ដែល​បាន​លើកឡើង​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣ ៖

    បព្វជិតភាព​អើរ៉ុន​កាន់​កូនសោ​នៃ ៖

    ១)

    ២)

    ៣)

អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ពី​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព​អើរ៉ុន និង ពរជ័យ​ដែល​កូនសោ​បព្វជិតភាព​ទាំងនោះ​នាំ​ឲ្យ​មាន​ចំពោះ​សមាជិក​សាសនាចក្រ​ថា ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« តើ​បព្វជិតភាព​អើរ៉ុនកាន់ ‹ កូនសោ​ការបម្រើ​នៃ​ពួក​ទេវតា › និង នៃ ‹ ដំណឹងល្អ​នៃការ​ប្រែចិត្ត និង​ពិធីបុណ្យជ្រមុជទឹក និង​ការ​ផ្ដាច់បាប › មាន​ន័យ​យ៉ាង​ណា ? អត្ថន័យ អាចត្រូវ​រកបាន​នៅក្នុង​ពិធីបរិសុទ្ធ​នៃ​ពិធីបុណ្យជ្រមុជទឹក និង​នៅក្នុង​ពិធីសាក្រាម៉ង់។ ពិធីបុណ្យជ្រមុជទឹក គឺ​សម្រាប់ការផ្ដាច់បាប ហើយ​ពិធីសាក្រាម៉ង់ គឺ​រំឭក​សេចក្ដីសញ្ញា និង​ពរជ័យទាំងឡាយ​នៃពិធីបុណ្យជ្រមុជទឹក ។ ទាំងពីរ គួរ​តែ​ដើរ​ឈាន​មុខ​ដោយ​ការ​ប្រែចិត្ត ។…

« គ្មាន [យើង] ណា​ម្នាក់ បាន​រស់នៅ​ដោយ​គ្មានអំពើបាបសោះ ចាប់តាំងពី​ពិធីបុណ្យជ្រមុជទឹក [ របស់​យើង ] ទៅនោះទេ ។ បើ​គ្មាន​ការ​ផ្ដល់​នូវ​ការ​លាង​សម្អាត​បន្ថែម​ខ្លះៗ ក្រោយពីពិធីបុណ្យជ្រមុជទឹក​យើងទេ នោះ​យើង​ម្នាក់ៗ​នឹង​ត្រូវ​វង្វេង​នូវ​រឿង​ខាង​វិញ្ញាណ​មិនខាន ។…

« យើង​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រែចិត្ត​ពី​អំពើបាប​របស់​យើង ហើយ​មក​រក​ព្រះអម្ចាស់​ដោយ​ដួងចិត្ត​សង្រេង និងវិញ្ញាណទន់ទាប ហើយ​ទទួលទាន​សាក្រាម៉ង់​ដោយ​ការ​គោរពតាម​សេចក្ដីសញ្ញានានា​នៃពិធីសាក្រាម៉ង់ ។ នៅពេល​យើង​រំឭក​ពីសេចក្ដី​សញ្ញា​នៃពិធីបុណ្យជ្រមុជទឹក​របស់​យើង​តាម​វិធី​នេះ នោះ​ព្រះអម្ចាស់​នឹង​រំឭក​ឥទ្ធិពល​នៃ​ការ​លាង​សម្អាត​នៃពិធីបុណ្យជ្រមុជទឹក​របស់​យើង ។…

« យើង​ពុំ​អាច​ថ្លែង​បំផ្លើសពី​សារៈសំខាន់​នៃ​បព្វជិតភាព​អើរ៉ុន​ក្នុង​នេះ​នោះទេ។ ជំហាន​សំខាន់ៗ​ទាំងអស់នេះ មាន​នូវការ​ផ្ដាច់បាប ដែលត្រូវ​ធ្វើឡើង​តាមរយៈ​ពិធីបរិសុទ្ធ​នៃ​ការ​សង្គ្រោះ​នៃពិធីបុណ្យជ្រមុជទឹក និងការ​រំឭកពិធីបរិសុទ្ធ​នៃ​ពិធីសាក្រាម៉ង់។ ពិធីបរិសុទ្ធ​ទាំងពីរនេះ គឺ​ត្រូវបាន​ធ្វើ​ឡើង​ដោយ​អ្នកកាន់បព្វជិតភាព​អើរ៉ុន ក្រោម​ការ​ដឹកនាំ​របស់​គណៈប៊ីស្សព ដែល​អនុវត្ត​កូនសោ​នៃ​ដំណឹងល្អ​នៃ​ការ​ប្រែចិត្ត និង​នៃ​ពិធីបុណ្យជ្រមុជទឹក និង​សម្រាប់ការ​ផ្ដាច់បាប » (« The Aaronic Priesthood and the Sacrament, » Ensignខែ វិច្ឆិកា ឆ្នាំ ១៩៩៨, ទំព័រ ៣៧-៣៨ ) ។

សូម​ពិចារណា​អំពី​របៀប ដែល​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព​អើរ៉ុន​អាច​ជួយ​យើង​ឲ្យ​ទទួលបាន​ពរជ័យ​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ យោង​តាម​អែលឌើរ អូក តើ​នរណា​ដែល​ជា​អ្នក​ត្រួតត្រា​លើ​កូនសោ​អំពី​ដំណឹងល្អ​នៃ​ការប្រែចិត្ត និង ពិធីបុណជ្រមុជទឹក​នៅ​ក្នុង​វួដ​នីមួយ ?

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ពន្យល់​ពី​កូនសោ​អំពី​ការបម្រើ​នៃ​ពួកទេវតា​តាម​របៀប​នេះ​ថា ៖

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« កាលដែល វិលហ្វូឌ វូឌដ្រុព្វ ជាបុរស​ដែលបាន​រស់នៅ​ជាច្រើន​ឆ្នាំ ហើយ​មានបទពិសោធន៍​យ៉ាង​ច្រើន គឺ​ជា​ប្រធាននៃ​សាសនាចក្រ នោះ​លោក​បាន​មានប្រសាសន៍​ទៅកាន់​យុវជន​នៃ​បព្វជិតភាព​អើរ៉ុន​ថា ៖ ‹ ខ្ញុំ​មានបំណង​ដើម្បីសម្ដែង​ប្រាប់អ្នក​រាល់គ្នា​អំពីការពិតថា​វា​ពុំ​បាន​ធ្វើឲ្យមានភាព​ខុស​ប្លែក​គ្នា​ទេ ទោះជា​បុរស​នោះ​ជា​សង្ឃ ឬ​ជា​សាវក​ក្ដី បើ​គាត់​តម្កើង​ការ​ហៅ​របស់គាត់នោះ។ ជាសង្ឃម្នាក់ កាន់កូនសោ​នៃការបម្រើ​នៃ​ពួកទេវតា ›។ ‹ ទោះជា​សាវក ជា​ពួកចិតសិបនាក់ ឬជា​អែលឌើរ នៅក្នុង​ជីវិត​ខ្ញុំគឺពុំដែលបានទទួល​ការ​ពារមកពីព្រះអម្ចាស់​ច្រើនជាងកាល​ដែល​ខ្ញុំ​កាន់តំណែង​ជា​សង្ឃនោះ​ឡើយ ›។​ (Millennial Star, ៥៣:៦២៩)។

« ចូរ​គិត​អំពី​វា យុវជន​ជា​ទីស្រឡាញ់របស់ខ្ញុំ​អើយ។ បព្វជិតភាព​ដែលអ្នកកាន់នេះ មាននូវ​កូនសោ​នៃ​ការ​បម្រើ​នៃ​ពួកទេវតា។ តាម​ដែលខ្ញុំយល់ នោះវាមានន័យថា បើ​អ្នករស់នៅ​ដោយ​សក្ដិសម​នៃ​បព្វជិតភាព នោះអ្នកមានសិទ្ធិ​ដើម្បី​ទទួល និង​រីករាយ​ជាមួយនឹង​ព្រះចេស្ដា​នៃ​តួអង្គស្ថានសួគ៌ ដើម្បីដឹកនាំ​អ្នក ការពារ​អ្នក និង​ប្រទានពរ​អ្នក។ មែនហើយ បើ​គាត់​ចេះគិត​ច្រើន តើ​គាត់​នឹង​មិនស្វាគមន៍​នូវ​ពរជ័យ​អស្ចារ្យ​ដូច្នេះ​ទេឬអី? (« The Priesthood of Aaron, » Ensign,ខែ វិច្ឆិកា ឆ្នាំ ១៩៨២, ៤៥ ) ។

អែលឌើរ អូក បាន​ផ្ដល់​ជា​ការយល់ដឹង​ជ្រៅជ្រះ​បន្ថែម​លើ​កូនសោ​អំពី​ការបម្រើ​នៃ​ពួកទេវតា​ថា ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« ក្នុងនាម​ជា​អ្នកកាន់បព្វជិតភាព​អើរ៉ុន​វ័យក្មេង ខ្ញុំ​ពុំ​ដែលគិត​ថា ខ្ញុំ​នឹង​ឃើញ​ទេវតា​ទេ ហើយ​ខ្ញុំ​បាន​ងឿង​ឆ្ងល់​អំពី​លក្ខណៈ​ដូចនោះ មានទាក់ទង​អ្វី​នឹង​បព្វជិតភាព​អើរ៉ុន។

« ប៉ុន្តែ​ការ​បម្រើ​នៃពួកទេវតា ក៏​អាចជារឿងអាថ៌​កំបាំង។ សារលិខិត​របស់ទេវតា អាច​ត្រូវ​បាន​ផ្ដល់​ឲ្យ​ដោយ​សម្លេង ឬ​ដោយ​គំនិត ឬ​អារម្មណ៍​ទំនាក់ទំនង​នៅក្នុង​ចិត្ត ។…

« ជាទូទៅ ពរជ័យ​នៃ​ការមាន​ភាពជាដៃគូ និង​ទំនាក់ទំនង​ខាង​វិញ្ញាណ គឺ​មាន​តែ​ចំពោះ​អ្នកទាំងឡាយ​ណា​ដែល​ស្អាត​ស្អំ​ប៉ុណ្ណោះ ។… ដូច្នេះ​អ្នកទាំងឡាយ​ដែល​កាន់​បព្វជិត​ភាព​អើរ៉ុន បើក​ទ្វា​សម្រាប់​សមាជិក​សាសនាចក្រ​ទាំងអស់ ដែល​ទទួល​ទាន​ពិធីសាក្រាម៉ង់​ដោយ​សក្ដិសម ដើម្បី​រីករាយ​នឹង​ភាពជា​ដៃគូ​នៃព្រះវិញ្ញាណ​នៃព្រះអម្ចាស់ និង​ការ​បម្រើ​នៃពួកទេវតា។ » ( « The Aaronic Priesthood and the Sacrament, » ទំព័រ ៣៩ )។

រូបភាព
ការរៀបចំ ការប្រសិទ្ធពរ និងការចែកសាក្រាម៉ង់
  1. សូម​ឆ្លើយ​នឹង​សំណួរ​ដូចតទៅ​នេះ​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ការយល់ដឹង​ពី​អំណាច​នៃ​បព្វជិតភាព​អើរ៉ុន អាច​មាន​អានុភាព​លើ​គំនិត ឬ ទង្វើ​របស់​អ្នក​នៅ​ពេល​អ្នក​ត្រៀមខ្លួន បម្រើ ឬ ទទួលទាន​សាក្រាម៉ង់​នៅ​ថ្ងៃ​អាទិត្យ​នេះ​យ៉ាង​ដូចម្ដេច ?

រូបភាព
រូបសញ្ញា​ចំណេះចំណាន​ខគម្ពីរ
ចំណេះចំណានខគម្ពីរ—គោលលទ្ធិ និង សេចក្តីសញ្ញា ១៣:១

  1. សូម​សរសេរ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣:១ ចូល​ទៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូម​សូត្រ​វគ្គ​បទគម្ពីរ​នោះ​ឲ្យ​ឮៗ ។ បន្ទាប់​មក បិទ​ផ្នែក​ខ្លះ​នៃ​វគ្គ​បទគម្ពីរ ហើយ​សូត្រ​វា​ម្ដង​ទៀត ។ សូម​បន្ត​បិទ​វគ្គ​បទគម្ពីរ​បន្ថែម​ហើយ បន្ថែម​ទៀត រួច​សូត្រ​វា​ឲ្យ​ឮៗ​ម្ដងហើយ​ម្ដងទៀត​ដរាប​ដល់​អ្នក​ទន្ទេញ​វា​ចាំ​រត់មាត់ ។

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៧៣-៧៥

យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ទទួលបាន​ព្រះពរ​មហិមា​បន្ទាប់​ពី​បាន​ធ្វើ​បុណ្យជ្រមុជទឹក

ព្រះអម្ចាស់​បាន​ស្រោចស្រព​ព្រះពរ​មហិមា​មក​លើ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី បន្ទាប់​ពី​ពួកលោក​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក ។ សូម​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៧៣–៧៤ ។ អ្នក​នឹង​ចង់​គូសចំណាំ​ពាក្យ ឬ ឃ្លា​ណា​ដែល​ពិពណ៌នា​ពី​បទពិសោធន៍​ដែល​យ៉ូសែប និង អូលីវើរ បាន​ទទួល ។

វា​ជា​ការចាំបាច់​ដើម្បី​កត់ចំណាំ​ថា យ៉ូសែប និង អូលីវើរ បាន​ទទួល ព្រះចេស្ដា នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ តាំង​ពី​ពួកលោក​ពុំ​ទាន់​ត្រូវ​បាន​ប្រទាន​ឲ្យ​នូវ​បព្វជិតភាព​មិលគីស្សាដែក​ដើម្បី​ប្រគល់ អំណោយទាន នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​មក​ម្ល៉េះ ( សូម​មើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៧០ សូម​មើល​ផងដែរ Bible Dictionary ឬ សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ព្រះវិញ្ញាណ​បរិសុទ្ធ » ) ។

ចេញ​ពី​អ្វី​ដែល​យ៉ូសែប និង អូលីវើរ បាន​ទទួល​ក្នុង​ឱកាស​នេះ​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៧៤ សូម​បំពេញ​គោលការណ៍​ដូចតទៅ​នេះ ៖ ព្រះវិញ្ញាណបរិសុទ្ធ​ជួយ​យើង​ឲ្យ​យល់​ពី និង បទគម្ពីរ​ទាំងឡាយ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​យើង​ត្រូវការ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ជួយ​យើង​ឲ្យ​យល់​ពី​បទគម្ពីរ​ទាំងឡាយ ?

    2. តើ​នៅ​ពេល​ណា​ខ្លះ​ដែល​អ្នក​ទទួល​បាន​អារម្មណ៍​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​អ្នក​ឲ្យ​យល់​ពី « អត្ថន័យ និង គោលបំណង » នៃ​បទគម្ពីរ​ទាំងឡាយ ?

    3. តើ​អ្នក​អាច​ធ្វើ​ខ្លះ​ដើម្បី​អញ្ជើញ​ឲ្យ​មាន​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅ​ពេល​អ្នក​សិក្សា​ព្រះគម្ពីរ ?

    4. តើ​ការរំឭក​ពី​សេចក្ដីសញ្ញា​ពិធីបុណ្យជ្រមុជទឹក​របស់​អ្នក​ដោយ​ការទទួលទាន​សាក្រាម៉ង់ មាន​អានុភាព​លើ​ការយល់ដឹង​របស់​អ្នក​អំពី​បទគម្ពីរ​យ៉ាង​ដូចម្ដេច ?

ដើម្បី​បញ្ចប់​មេរៀន​នេះ សូម​អាន​ការពិពណ៌នា​របស់ អូលីវើរ ខៅឌើរី ស្ដីពី​ព្រឹត្តិការណ៍​នានា​ជុំវិញ​ការស្ដារឡើងវិញ​នៃ​បព្វជិតភាព​អើរ៉ុន ដែល​មាន​ចែង​នៅ​បន្ទាប់​ពី​សេចក្ដីបញ្ចប់​នៃ​យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ។ នៅ​ពេល​អ្នក​អាន អ្នក​អាច​នឹង​ចង់​គូសចំណាំ​ពាក្យ ឬ ឃ្លា​ណា​ដែល​លេច​ធ្លោ​ចំពោះអ្នក ។ តើ​អ្នក​អាច​រៀន​អ្វី​ខ្លះ​ចេញ​ពី​ការពិពណ៌នា​របស់​អូលីវើរ ?

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨-៧៥ និង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖