ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៨ ៖ ថ្ងៃ​ទី ១ គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:៣១-៥០


មេរៀន​ទី ៨ ៖ ថ្ងៃ​ទី ១

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៣១-៥០

សេចក្ដីផ្ដើម

នៅ​មិន​យូរប៉ុន្មាន​ពីមុន​សន្និសីទ​សាសនាចក្រ​ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ១៨៣០ ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ​ដែល​មាន​ចែង​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៩ « នៅ​ក្នុង​វត្តមាន​ពួក​អែលឌើរ​ប្រាំមួយ​នាក់ » ( ក្បាល​កណ្ឌ គ. និង ស. ២៩ ) ។ នៅ​ពេល​អ្នក​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:១–៣០ នៅ​អំឡុង​មេរៀន​មុន អ្នក​បាន​រៀន​អំពី​ការប្រមូល​អ្នក​ដែល​ព្រះអម្ចាស់​បាន​រើស និង ការស្ថាបនា​ទីក្រុង ស៊ីយ៉ូន ឡើង ។ មេរៀន​នេះ​ផ្ដោត​ទៅ​លើ​លក្ខណៈ​សម្បត្តិ​នៃ​ការធ្លាក់​របស់​អ័ដាម ដែល​បើកសម្ដែង​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:៣១–៥០ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៣១-៣៥

ព្រះអង្គសង្គ្រោះ​ពន្យល់​ថា គ្រប់​ការណ៍​ទាំងអស់​សុទ្ធ​តែ​ជា​ការណ៍​ខាង​វិញ្ញាណ​ចំពោះ​ទ្រង់

សូម​ពិចារណា​អំពី​របៀប ដែល​យើង​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​ខាង​ក្រោម ៖

ស្ថានភាព​ទី ១ ៖ សូម​ស្រមៃ​ថា​មាន​មិត្តភក្ដិ​អ្នក​ម្នាក់ ដែល​កំពុង​មាន​ឥរិយាបថ​មិន​សមរម្យ ដែល​អ្នក​ដឹង​ថា​នឹង​មាន​ទុក្ខទោស​ដល់​ខ្លួន​គាត់ ។ ក្នុង​ឱកាស​មួយ អ្នក​ព្យាយាម​លើក​ទឹក​ចិត្ត​មិត្តភក្ដិ​របស់​អ្នក ឲ្យ​បញ្ឈប់​ឥរិយាបថ​នេះ ប៉ុន្តែ គាត់​ប្រាប់​អ្នក​ថា ជម្រើស​របស់​គាត់​នេះ​ពុំ​មែន​ជា​បញ្ហា​អ្វី​នោះ​ទេ ព្រោះ​គ្មាន​អ្វី​អាក្រក់​បាន​កើតឡើង​ចំពោះ​គាត់​ឡើយ ។ តើ​គោលការណ៍​នៃ​ដំណឹងល្អ​មួយ​ណា ដែល​អាច​ជួយ​មិត្តភក្ដិ​របស់​អ្នក ឲ្យ​យល់​អំពី​សារៈសំខាន់​នៃ​ជម្រើស​របស់​គាត់ ?

ស្ថានភាព​ទី ២ ៖ សូម​នឹក​ស្រម៉ៃ​ថា មាន​មិត្តភក្ដិ​ម្នាក់​បាន​មក​រក​អ្នក ហើយ​និយាយ​ថា មាន​អារម្មណ៍​បាក់ទឹកចិត្ត​បន្ដិចបន្ដួច ។ នាង​ប្រាប់​អ្នក​ថា នាង​ពុំ​ដឹង​ថា​តើ​ការរក្សា​ព្រះបញ្ញត្តិ​មាន​មាន​តម្លៃ​ស្មើ​នឹង​ការខិតខំ​ដែរ​ឬ​ទេ ។ នាង​ពន្យល់​ថា ទោះ​ជា​នាង​បាន​ព្យាយាម​គោរព​តាម​ព្រះបញ្ញត្តិ​នានា​ក្ដី ក៏​នាង​ពុំ​ឃើញ​ថា ស្ថានភាព​របស់​នាង​មាន​សភាព​ល្អ​ប្រសើរ​ជាង​ជីវិត​របស់​មិត្តភក្ដិ​នាង ដែល​ជ្រើសរើស​ធ្វើ​អំពើបាប​នោះ​ដែរ ។ តើ​គោលការណ៍​នៃ​ដំណឹងល្អ​មួយ​ណា ដែល​អាច​ជួយ​មិត្តភក្ដិ​របស់​អ្នក ឲ្យ​បន្ត​គោរពប្រតិបត្តិ ?

នៅ​ពេល​អ្នក​សិក្សា​អំពី​ផ្នែក​ចុងក្រោយ​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ២៩ សូម​ស្វែងរក​គោលការណ៍ និង គោលលទ្ធិ ដែល​អាច​ប្រើប្រាស់​បាន ដើម្បី​ជួយ​បុគ្គល​ទាំងឡាយ​ណា​ដែល​មាន​ស្ថានភាព​ដូចនេះ ។

ក្នុង​ឆ្នាំ ១៨៣០ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ត្រូវបាន​ស្ដារឡើងវិញ ហើយ​រៀបចំ​ឡើង​ម្ដងទៀត​នៅ​លើ​ផែនដី ហើយ​ភាពពោរពេញ​នៃ​ដំណឹងល្អ​ត្រូវបាន​បើកសម្ដែង​ដល់​សមាជិក​សាសនាចក្រ តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ ។ នៅ​ក្នុង​វិវរណៈ​ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៩ ព្រះអម្ចាស់​បាន​ជួយ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ការធ្លាក់​របស់​អ័ដាម ហើយ​បាន​បើកសម្ដែង​ពី​គោលបំណង​នៃ​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:៣១–៣៣ បង្រៀន​ថា ព្រះ​បាន​បង្កើត​គ្រប់​ការណ៍​ទាំងអស់​ខាង​វិញ្ញាណ ។ អត្ថន័យ​មួយ​នៃ​ការណ៍​នេះ​គឺ​ថា ការណ៍​ទាំងនោះ​អាច​កើតឡើង​នៅ​ក្នុង​វត្តមាន​ទ្រង់ ហើយ​ពុំ​ចេះ​ស្លាប់​ឡើយ ។ ទ្រង់​បាន​រៀបចំ​របៀប​មួយ​សម្រាប់​ការបង្កើត​របស់​ទ្រង់​ដើម្បី​ក្លាយ​ទៅ​ជា​ខាង​សាច់ឈាម មាន​ន័យ​ថា ការបង្កើត​ទាំងនោះ​នឹង​បែក​ចេញ​ពី​វត្តមាន​របស់​ទ្រង់ ហើយ​ត្រូវ​តែ​ស្លាប់ ។ ព្រះ​ក៏​បាន​បង្កើត​របៀប​មួយ​ដើម្បី​ឲ្យ​ការបង្ក​បង្កើត​របស់​ទ្រង់​យកឈ្នះ​លើ​សេចក្ដីស្លាប់ ហើយ​ត្រឡប់​ទៅ​ឯ​វត្តមាន​របស់​ទ្រង់​វិញ ។ នេះ​គឺ​ជា​ផ្នែក​ទាំងអស់​នៃ​ផែនការ​របស់​ទ្រង់ ដើម្បី​ប្រទាន​ឱកាស​ទៅ​ដល់​កូនចៅ​ទ្រង់​ឲ្យ​ប្រែក្លាយ​ដូចជា​ទ្រង់​ដែរ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:៣៤-៣៥ រួច​ស្វែងយល់ ថាតើ​ព្រះអម្ចាស់​ទ្រង់​ចាត់ទុក​ព្រះបញ្ញត្តិ​ទាំងឡាយ ដែល​ទ្រង់​ប្រទាន​ដល់​ពួកយើង​នោះ​ថា​ជា​អ្វី ។ សូម​កត់ចំណាំ​សេចក្ដីពិត​នេះ​នៅ​ក្នុង​បទគម្ពីរ​របស់​អ្នក ៖ ព្រះបញ្ញត្តិ​ទាំង​អស់​របស់​ព្រះ​សុទ្ធតែ​ជា​ខាង​វិញ្ញាណ ។ ព្រះបញ្ញត្តិ​នីមួយៗ​ដែល​ព្រះ​ប្រទាន​ឲ្យ មាន​គោលបំណង​ខាង​វិញ្ញាណ ហើយ​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​ជួយ​យើង​ឲ្យ​ត្រឡប់​ទៅ​ឯ​វត្តមាន​របស់​ទ្រង់​វិញ ។

  1. សូម​ពិចារណា​អំពី​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ទុក​ជា​ឧទាហរណ៍​មួយ​នៃ​គោលលទ្ធិ​ដែល​ថា ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ​ទាំងអស់​សុទ្ធតែ​ជា​ខាង​វិញ្ញាណ ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    1. តើ​ការគោរពប្រតិបត្តិ​តាម​ពាក្យសម្ដី​នៃ​ប្រាជ្ញា​វាងវៃ អាច​មាន​ឥទ្ធិពល​មក​លើ​យើង​ខាង​សាច់ឈាម​យ៉ាង​ដូចម្ដេច ?

    2. តើ​ការគោរពប្រតិបត្តិ​តាម​ពាក្យសម្ដី​នៃ​ប្រាជ្ញា​វាងវៃ អាច​មាន​ឥទ្ធិពល​មក​លើ​យើង​ខាង​វិញ្ញាណ​យ៉ាង​ដូចម្ដេច ?

វា​អាច​នឹង​មាន​លទ្ធផល​ខាង​សាច់ឈាម​ដែល​បណ្ដាល​មក​ពី​ការមិន​គោរព​ប្រតិបត្តិ​តាម​ពាក្យសម្ដី​នៃ​ប្រាជ្ញា​វាងវៃ ប៉ុន្តែ លទ្ធផល​ដ៏​ធំ​ជាង​គេ​នោះ​គឺ លក្ខណៈ​ខាង​វិញ្ញាណ ជា​ពិសេស​ចំពោះ​សមាជិក​សាសនាចក្រ ដែល​បាន​ធ្វើ​សេចក្ដី​សញ្ញា​ដើម្បី​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​នោះ ។ ដោយសារ​តែ​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ​គឺ​សុទ្ធតែ​ជា​ខាង​វិញ្ញាណ រួម​បញ្ចូល​ទាំង​ពាក្យសម្ដី​នៃ​ប្រាជ្ញា​វាងវៃ​ផងដែរ​នោះ ការគោរពប្រតិបត្តិ​នាំ​មក​នូវ​ពរជ័យ​ខាង​វិញ្ញាណ​នៅ​ក្នុង​ជីវិត​របស់​យើង ។ ផ្ទុយទៅ​វិញ ការមិន​គោរពប្រតិបត្តិ​ចំពោះ​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ រារាំង​យើង​ពី​ការទទួលបាន ឬ បណ្ដាល​ឲ្យ​យើង​បាត់បង់​ពរជ័យ​ខាង​វិញ្ញាណ ។

រូបភាព
លកអដមនងនងអវ

សូម​ពិចារណា​អំពី​របៀប​ដែល​ការដឹង​ថា​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ​សុទ្ធតែ​ជា​ខាង​វិញ្ញាណ អាច​ជួយ​បុគ្គល​ទាំងឡាយ​ដែល​ស្ថិត​នៅ​ក្នុង​ស្ថានភាព ដែល​អ្នក​បាន​អាន​កាល​ចាប់ផ្ដើម​មេរៀន​នេះ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៣៦-៤១

ការធ្លាក់​របស់​អ័ដាម​នាំ​ឲ្យ​មាន​សេចក្ដីស្លាប់​ខាង​សាច់ឈាម

ខណៈ​ពេល​ដែល​ព្រះ​ប្រទាន​ព្រះបញ្ញត្តិ​ដើម្បី​ប្រទានពរ​យើង​ខាង​វិញ្ញាណ នោះ​សូម​កត់ចំណាំ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:៣៥ ដែល​ទ្រង់​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ជា​ភ្នាក់ងារ​ចំពោះ​ខ្លួន​យើង​ផ្ទាល់ ។ ការណ៍​នេះ​មាន​ន័យ​ថា ព្រះ​ប្រទាន​សិទ្ធិជ្រើសរើស​ដល់​កូនចៅ​ទ្រង់ ហើយ​អនុញ្ញាត​ឲ្យ​ពួកគេ​ជ្រើសរើស​ថា​តើ នឹង​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ទ្រង់​ដែរ​ឬ​ទេ ។

  1. សូម​គូស​តារាង​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ បន្ទាប់​មក សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:៣៦–៤១ រួច​បំពេញ​ជម្រើស និង​លទ្ធផល​នៃ​មនុស្ស ឬ ក្រុម​មនុស្ស​នោះ ៖

    ជម្រើស

    លទ្ធផល

    អារក្ស

    « មួយ​ភាគ​បី​នៃ​ពួក​ពលបរិវារ​ស្ថានសួគ៌ »

    អ័ដាម

សូម​គិត​ពី​ការសរសេរ​គោលការណ៍​តទៅ​នេះ ដាក់​ក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក ៖ ព្រះ​បាន​ប្រទាន​អំណោយ​នៃ​សិទ្ធិជ្រើសរើស ដើម្បី​ធ្វើ​ការជ្រើសរើស ហើយ​ទទួលបាន​លទ្ធផល​នៃ​ជម្រើស​ទាំងនោះ ។

ពីមុន​អ័ដាម បាន​ទទួលទាន​ផ្លែ​ដែល​ហាមឃាត់ គាត់​បាន​រស់នៅ​លើ​ផែនដី​នៅ​ក្នុង​សួនច្បារ​អេដែន ហើយ​អាច​រស់នៅ​ក្នុង​វត្តមាន​របស់​ព្រះ ។ បន្ទាប់​ពី​គាត់​បាន​ទទួលទាន​ផ្លែ​នោះ គាត់​នៅ​តែ​អាច​រស់នៅ​លើ​ផែនដី​បាន ប៉ុន្តែ គាត់​ពុំ​អាច​រស់នៅ​ក្នុង​វត្តមាន​របស់​ព្រះ​បាន​ទៀត​នោះ​ទេ ។ ដោយសារតែ​អ័ដាម បាន​បណ្ដោយ​ខ្លួន​ទៅ​តាម​ការល្បួង ហើយ​បាន​ទទួលទាន​ផ្លែ​ដែល​ហាម​ឃាត់ នោះ​យើង​ទាំងអស់​គ្នា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ខាង​សាច់ឈាម​មួយ ( ដែល​ចេះ​ស្លាប់ ) ហើយ​បែកចេញ​ពី​វត្តមាន​របស់​ព្រះ ។ យោងតាម គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:៤១ តើ​ការបែកចេញ​នេះ​ត្រូវបាន​ហៅ​ថា​ដូចម្ដេច ?

  1. សូម​គូស​ដ្យាក្រាម​ខាងក្រោម​នេះ នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    រូបភាព
    ដ្យាក្រាម​នៃ​ការធ្លាក់

    លើ​ដ្យាក្រាម​នេះ សូម​សរសេរ​នៅ​ក្រោម​ឃ្លា « ផែនដី​ដែល​បាន​ធ្លាក់ ( ខាង​សាច់ឈាម ) » ថា ៖ សេចក្ដីស្លាប់​ខាង​វិញ្ញាណ គឺ​ជា​ការដែល​ត្រូវបាន​កាត់​ចេញ​ពី​វត្តមាន​របស់​ព្រះ ។ បន្ទាប់​មក សូម​ឆ្លើយ​សំណួរ​ដូច​តទៅនេះ ៖ តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​វា​ជា​កាចាំបាច់​សម្រាប់​យើង ដើម្បី​បែកចេញ​ពី​វត្តមាន​របស់​ព្រះ​មួយ​រយៈ​ពេល ?

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ដូច​តទៅនេះ អំពី​ការធ្លាក់ និង មូលហេតុ​ដែល​យើង​ត្រូវតែ​បែកចេញ​ពី​ព្រះ​មួយ​រយៈ ៖ « ការធ្លាក់​គឺ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់ នៃ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះវរបិតាសួគ៌ ( សូម​មើល នីហ្វៃទី២ ២:១៥–១៦; ៩:៦ ) ។ វា​មាន​ទិសដៅ​ពីរ—ធ្លាក់​ចុះ ដើម្បី​រីកចម្រើន ។ បន្ថែម​ទៅ​លើ​ការណែនាំ​អំពី​ការស្លាប់​ខាង​សាច់ឈាម និង ខាង​វិញ្ញាណ វា​បាន​ផ្ដល់​ឲ្យ​យើង​នូវ​ឱកាស​កើត​មក​លើ​ផែនដី​នេះ ដើម្បី​រៀន និង អភិវឌ្ឍ » (ពិត​ចំពោះ​សេចក្ដីជំនឿ ៖ ឯកសារ​យោង​នៃ​ដំណឹងល្អ [ ឆ្នាំ ២០០៤ ] ទំព័រ ៥៧ សូម​មើល​ផងដែរ នីហ្វៃទី២ ២:២៥ ) ។

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​អំពី​ការធ្លាក់​ដូច​តទៅនេះ​ថា ៖

រូបភាព
អែលឌើរ ប្រ៊ូស អរ ម៉ាក់ខនឃី

« ព្រឹត្តិការណ៍​ដ៏​សំខាន់​បំផុត​ដែល​ធ្លាប់​មាន ឬ ដែល​នឹង​កើតឡើង​នៅក្នុង​គ្រប់​ទាំង​ភាពអស់កល្ប … គឺជា​ការបង្កើត ការធ្លាក់ និង ដង្វាយធួន ។

« មុនពេល​យើង​អាច​ចាប់ផ្ដើម​យល់​អំពី​ការបង្កើត​អ្វីៗ​ទាំងអស់​ខាង​សាច់ឈាម យើង​ត្រូវតែ​ដឹង​ពី​របៀប និង តាម​វិធី​ណា​ដែល​ភាពពិត​ដ៏​អស់កល្ប​ទាំងបី​នេះ —ការបង្កើត ការធ្លាក់ និង ដង្វាយធួន— គឺ​ត្រូវ​ត្បាញ​ជាប់​គ្នា​បំបែក​មិន​បាន​ដើម្បី​បង្កើត​ជា​ផែនការ​សង្គ្រោះ​មួយ ។ គ្មាន​ចំណុច​ណា​មួយ​នៅ​ឈរ​ម្នាក់​ឯង​ឡើយ ចំណុច​មួយៗ​ភ្ជាប់​ទៅ​នឹង​ចំណុច​ពីរ​ទៀត ហើយ​ដោយ​គ្មាន​ចំណេះដឹង​មួយ​នៃ​ចំណុច​ទាំងអស់ នោះ​វា​មិន​អាច​ទៅ​រួច​ទេ ដែល​ដឹង​ពី​សេចក្ដីពិត​អំពី​ចំណុច​វា​នីមួយៗនោះ ។…

« … សូម​ឲ្យ​ចងចាំ​ថា ដង្វាយធួន​បាន​មក​ដោយសារ​ការធ្លាក់ ។ ព្រះគ្រីស្ទ​បង់​ថ្លៃ​សម្រាប់​អំពើ​រំលង​របស់​អ័ដាម ។ ប្រសិនបើ​គ្មាន​ការធ្លាក់​ទេ​នោះ នឹង​គ្មាន​ដង្វាយធួន​ដែល​ភ្ជាប់​មក​ជាមួយ​នូវ​អមតភាព និង ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដែល​ជា​លទ្ធផល​របស់​វា​នោះ​ទេ ។ ហេតុដូច្នេះហើយ វា​ប្រាកដ​ជាក់​ដូចជា​សេចក្ដីសង្គ្រោះ​កើតមាន​តាមរយៈ​ដង្វាយធួន ដូច្នេះ​សេចក្ដីសង្គ្រោះ​ក៏​កើតមាន​ដោយសារតែ​ការធ្លាក់​ដែរ ។

« ជីវិត​រមែងស្លាប់ និង ការបង្កបង្កើត និង សេចក្ដីស្លាប់ សុទ្ធតែ​មាន​ការចាប់ផ្ដើម​របស់​វា​ជាមួយ​នឹង​ការធ្លាក់ » ( Christ and the Creation,” Ensignខែ មិថុនា ឆ្នាំ ១៩៨២ ទំព័រ ៩ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៤២-៥០

ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ប្រោស​យើង​ពី​សេចក្ដីស្លាប់​ខាង​វិញ្ញាណ

សូម​ពិចារណា​អំពី​សំណួរ​ដូច​តទៅនេះ ៖ តើ​នរណា​នឹង​ត្រឡប់​ទៅ​ឯ​វត្តមាន​របស់​ព្រះ​វិញ ?

ដើម្បី​យល់​អំពី​ការបង្រៀន​របស់​ព្រះអម្ចាស់​ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៩ វា​ចាំបាច់​ដែល​ត្រូវ​ដឹង​ថា មនុស្ស​ទាំងអស់​នឹង​ត្រឡប់​ទៅ​ឯ​វត្តមាន​របស់​ព្រះ​វិញ បន្ទាប់​ពី​បាន​រស់ឡើងវិញ ។ នេះ​គឺ​ដោយសារតែ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ប្រោស​មនុស្សលោក​ទាំងអស់​ពី​អានុភាព​នៃ​ការធ្លាក់​ខាង​សាច់ឈាម និង ខាង​វិញ្ញាណ ( សូម​មើល ហេលេមិន ១៤:១៥–១៨ ) ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​នៅ​ផ្នែក​ខាង​ស្ដាំ​នៃ​ដ្យាក្រាម ក្រោម​ឃ្លា « វត្តមាន​របស់​ព្រះ » ថា ៖ តាមរយៈ​ដង្វាយធួន នោះ​មនុស្សលោក​ទាំងអស់​នឹង​ត្រូវបាន​ប្រោស​ពី​សេចក្ដីស្លាប់​ខាង​សាច់ឈាម និង ខាង​វិញ្ញាណ ដែល​បណ្ដាល​មក​ពី​ការធ្លាក់​របស់​អ័ដាម ។ បន្ទាប់មក សូម​ឆ្លើយ​សំណួរ​ដូច​តទៅ​នេះ ៖ បើ​យើង​ទាំងអស់​គ្នា​នឹង​ត្រូវបាន​នាំ​ទៅ​ឯ​វត្តមាន​របស់​ព្រះ​នៅ​ទី​បំផុត​នោះ តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​វា​សំខាន់​ទោះជា​យើង​បាន​ធ្វើ​ជម្រើស​ត្រឹមត្រូវ ឬ អត់ កាល​នៅ​លើ​ផែនដី​នោះ ?

រូបភាព
ព្រះគ្រីស្ទ​គង់​នៅក្នុង​ច្បារ​គែតសេម៉ានី

តាមរយៈ​ដង្វាយធួន​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ បាន​ប្រទាន​ការអភ័យទោស និង ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ដល់​អស់​អ្នក​ទាំងឡាយ​ណា ដែល​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ទ្រង់ ហើយ​ប្រែចិត្ត​ចេញ​ពី​អំពើបាប​របស់​ខ្លួន ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:៤២–៤៣ រួច​ស្វែងរក​ការណ៍ ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​មាន​ភាពសក្ដិសម ដើម្បី​បាន​នៅ​ក្នុង​វត្តមាន​របស់​ព្រះ​ជានិច្ច ។ សូម​ពិចារណា​អំពី​ការណ៍​ទាំងឡាយ ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ប្រែចិត្ត ដើម្បី​អ្នក​អាច​បាន​នៅ​ក្នុង​វត្តមាន​របស់​ព្រះ​ជានិច្ច ។

ទោះជា​មនុស្ស​លោក​ទាំងអស់​នឹង​បាន​រស់ឡើងវិញ ហើយ​បាន​ប្រោស​ពី​សេចក្ដីស្លាប់​ខាង​វិញ្ញាណ និង ត្រូវបាន​នាំ​ត្រឡប់​ទៅ​វត្តមាន​របស់​ព្រះ​ដើម្បី​ទទួល​ការជំនុំជម្រះ​យ៉ាង​ណា​ក្ដី ក៏​មិន​មាន​ន័យ​ថា មនុស្ស​គ្រប់​គ្នា​នឹង​ទៅ​ទី​នោះ​ជា​ដរាប​នោះ​ទេ ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​គូស​នៅ​ផ្នែក​ខាង​ស្ដាំ​នៃ​ដ្យាក្រាម​ដោយ​នូវ​សញ្ញា​ព្រួញ​មួយ​ចេញ​ពី​វត្តមាន​របស់​ព្រះ ។ បន្ទាប់​មក សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:៤៤–៤៥ រួច​ឆ្លើយ​នឹង​សំណួរ​ខាងក្រោម​នេះ ៖

    1. តើ​ជម្រើស​ណា​ខ្លះ ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​មាន​ភាពសក្ដិសម​ដើម្បី​បាន​នៅ​ក្នុង​វត្តមាន​របស់​ព្រះ​ជានិច្ច ?

    2. តើ​អ្វី​ជា​លទ្ធផល​នៃ​ជម្រើស​របស់​ពួកគេ ?

  2. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នៅ​ក្បែរ​បន្ទាត់​ដាច់ៗ​ក្នុង​ដ្យាក្រាម​ថា ៖ អ្នក​ទាំងឡាយ​ណា ដែល​ពុំ​អនុវត្ត​សេចក្ដីជំនឿ ឬ ប្រែចិត្ត ពុំ​អាច​បាន​នៅ​ក្នុង​វត្តមាន​របស់​ព្រះ​ជានិច្ច​ឡើយ ។

    ខាងក្រោម​នេះ បង្ហាញ​អំពី​ទម្រង់​ដែល​ដ្យាក្រាម​របស់​អ្នក​គួរតែ​លេចឡើង​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    រូបភាព
    ដ្យាក្រាម​នៃ​ការធ្លាក់​ដែល​បាន​គូស​រួច
  3. សូម​រំឭក​អំពី​ស្ថានភាព​ចំនួន​ពីរ ដែល​បាន​ពិភាក្សា​នៅ​ពេល​ចាប់ផ្ដើម​នៃ​មេរៀន​នេះ ។ បន្ទាប់មក​សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​នៅ​ថ្ងៃ​នេះ ដែល​អាច​ជួយ​មិត្តភក្តិ​ក្នុង​ស្ថានភាព​ទី ១ ?

    2. តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​នៅ​ថ្ងៃ​នេះ ដែល​អាច​ជួយ​មិត្តភក្តិ​ក្នុង​ស្ថានភាព​ទី ២ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:៤៩ រួច​គិត​អំពី​ការរំពឹងទុក​ទាំងឡាយ ដែល​ព្រះអម្ចាស់​បាន​តម្រូវ​ពី​អ្នក ។ សូម​ដាក់​គោលដៅ​ដើម្បី​បន្ត​អនុវត្ត​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ នៅ​ក្នុង​ជីវិត​របស់​អ្នក តាមរយៈ​ការប្រែចិត្ត​ពី​អំពើបាប​ទាំងឡាយ​របស់​អ្នក និង ការត្រៀមខ្លួន​អ្នក​ដើម្បី​បាន​រស់នៅ​ក្នុង​វត្តមាន​របស់​ព្រះ​ម្ដង​ទៀត ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:៣១-៥០ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖