ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២២ ៖ ថ្ងៃទី ៣ គោលលទ្ធិ និង សេចក្តីសញ្ញា ១០៤


មេរៀន​ទី ២២ ៖ ថ្ងៃទី ៣

គោលលទ្ធិ និង សេចក្តីសញ្ញា ១០៤

សេចក្ដីផ្ដើម

នៅ​ត្រឹម​និទាឃរដូវ​ឆ្នាំ ១៨៣៤ សាសនាចក្រ​បាន​មាន​វិបត្តិ​ផ្នែក​ហិរញ្ញវត្ថុ ចំណែក​ឯ​ការខិតខំ​ប្រមូល​មូលនិធិ​សម្រាប់​ជា​ការសង្គ្រោះ​នោះ បាន​បរាជ័យ ។ ក្នុង​ឆ្នាំ ១៨៣៤ ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ឲ្យ « បង្កើត​អាជីវកម្ម និង ការបោះពុម្ព​របស់​សាសនាចក្រ ដោយ​បង្កើត​ជា ‹ សហគ្រាស › មួយ ដែល​នឹង​មើល​ខុស​ត្រូវ​លើ​កិច្ចការ​ទាំងនេះ ដោយ​បង្កើត​ឲ្យ​មាន​មូលនិធិ​សម្រាប់​ការស្ថាបនា​ទីក្រុង ស៊ីយ៉ូន និង ដើម្បី​ជា​ប្រយោជន៍​ដល់​ជន​ក្រីក្រ ។ សហគ្រាស​នេះ ត្រូវ​បាន​ស្គាល់​ថា សហគ្រាស​សាមគ្គីភាព ដែល​ត្រូវបាន​បង្កើត​ឡើង​នៅ​ខែ មេសា ឆ្នាំ ១៨៣២ ហើយ​បាន​រំលាយ​ទៅ​វិញ​នៅ​ឆ្នាំ ១៨៣៤ ( សូម​មើល កណ្ឌ ៨២ ) » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៧៨ សេចក្ដី​ណែនាំ​អំពី​កណ្ឌ ) ។ នៅ​ថ្ងៃ​ទី ២៣ ខែ មេសា ឆ្នាំ ១៨៣៤ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈ ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៤ ។ នៅ​ក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​បើកសម្ដែង​ថា សហគ្រាស​សាមគ្គីភាព​ត្រូវតែ​បង្កើត​ឡើង​វិញ ចំណែក​ឯ​ទ្រព្យសម្បត្តិ​របស់​វា​នោះ ត្រូវ​បែងចែក​ក្នុង​ចំណោម​សមាជិក​នៃ​សហគ្រាស​នោះ​តាម​តំណែង​របស់​ខ្លួន ។ នៅ​ក្រោម​ការដឹកនាំ​របស់ យ៉ូសែប ស៊្មីធ នៅ​ពេល​ក្រោយ​មក​ទៀត វាក្យសព្ទ « សហគ្រាស​សាមគ្គីភាព » ត្រូវបាន​ជំនួស​ដោយ « សហសមាគម » នៅ​ក្នុង​វិវរណៈ​នេះ ។ មេរៀន​នេះ​ប្រើប្រាស់​វាក្យសព្ទ សហសមាគម ដើម្បី​ឲ្យ​ត្រូវ​នឹង​ភាសា​ដែល​ប្រើ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៤ ។ ព្រះអម្ចាស់​ក៏​បាន​ណែនាំ​សមាជិក​សាសនាចក្រ​ផងដែរ អំពី​របៀប​ដែល​ពួកលោក​ត្រូវ​មើល​ថែ​ជនក្រីក្រ ហើយ​បាន​ប្រទាន​ឱវាទ​ដល់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​អំពី​បំណុល​របស់​ពួកលោក ។ សមាជិកភាព​នៃ​សហសមាគម​រួម​មាន យ៉ូសែប ស៊្មីធ, ស៊ីឌនី រិកដុន, អូលីវើរ ខៅឌើរី, វិលលាម ដ័បបុលយូ ហ្វែប្ស, អែតវឺត ប៉ាទ្រិច, យ៉ូហាន វិតមើរ, ស៊ីឌនី គិលបឺត, ម៉ាទិន ហារីស, នូវល ខេ វិតនី, យ៉ូហាន ចនសុន និង ហ្វ្រែឌើរិក ជី វិលលាម្ស ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១០៤:១-១៨

ព្រះអម្ចាស់ ប្រទាន​ការណែនាំ​ទាក់ទង​នឹង​សហសមាគម

រូបភាព
កូនសោ​រថយន្ត

សូម​ស្រមៃ​ថា ឪពុក​ម្ដាយ​របស់​អ្នក​បាន​ឲ្យ​កូនសោ​ឡាន​របស់​ពួកគាត់​មក​ដល់​អ្នក ( ឬ សូម​គិត​អំពី​អ្វី​មួយ​ផ្សេង​ទៀត ដែល​តម្រូវ​ឲ្យ​ប្រើ​កូនសោ​ដូចជា ផ្ទះ​របស់​អ្នក ) ។ តើ​ការណ៍​នេះ​ធ្វើ​ឲ្យ​អ្នក ក្លាយ​ទៅ​ជា​ម្ចាស់​ឡាន​នោះ​ដែរ​ឬ​ទេ ? តើ​អ្នក​អាច​ប្រើប្រាស់​ឡាន​នោះ សម្រាប់​គោលបំណង​ទាំងឡាយ​ណា​ដែល​អ្នក​ចង់​បាន​ដែរ​ឬ​ទេ ? ហេតុអ្វី​អាច ឬ ហេតុអ្វី​មិន​អាន ? តើ​ការដឹង​ថា អ្នក​នឹង​ទទួល​ខុសត្រូវ​ចំពោះ​អ្វី​ដែល​អ្នក​ធ្វើ​ជាមួយ​វត្ថុ​នោះ នឹង​មាន​ឥទ្ធិពល​មក​លើ​អ្នក​យ៉ាង​ដូចម្ដេច ?

ក្នុង​ខែ មិនា និង ខែ មេសា ឆ្នាំ ១៨៣២ ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​ថ្នាក់​ដឹកនាំ​នៃ​សាសនាចក្រ ឲ្យ​បង្កើត​សហគ្រាស​សាមគ្គីភាព ( ឬ សហសមាគម ) ដែល​សមាជិក​ទាំងឡាយ​នៅ​ក្នុង​សហគ្រាស​នោះ នឹង​ទទួល​ខុសត្រូវ​ចំពោះ​ការគ្រប់គ្រង​លើ​អាជីវកម្ម និង ដំណើរការ​បោះពុម្ព​របស់​សាសនាចក្រ ដើម្បី​មើលថែ​ដល់​ជន​ក្រីក្រ និង ពង្រីក​កិច្ចការ​របស់​ទ្រង់ ។ នា​និទាឃរដូវ​ឆ្នាំ ១៨៣៤ ថ្នាក់​ដឹកនាំ​សាសនាចក្រ បាន​ពិចារណា​អំពី​ការរំលាយ​សហគ្រាស​នេះ​វិញ យោង​លើ​ហេតុផល​ជា​ច្រើន ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ព្រះអម្ចាស់​បាន​មាន​ព្រះទ័យ​ឲ្យ​ពួក​បងប្អូន​ប្រុស បង្កើត​វា​ឡើង​វិញ ហើយ​បែងចែក​ទ្រព្យសម្បត្តិ ក្នុង​ចំណោម​សមាជិក​នៃ​សហគ្រាស​នោះ​តាម​តំណែង​របស់​ខ្លួន ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៤:១-៤រួច​ស្វែងរក​មូលហេតុ​មួយ ដែល​បង្ក​ឲ្យ​មាន​បញ្ហា​ដល់​សហសមាគម ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១០៤:៥–១០ មាន​នូវ​ព្រះរាជ​ឱង្កា​ពី​ព្រះអម្ចាស់​ដែល​ប្រកាស​ថា លទ្ធផល​នៃ​ការល្មើស​សេចក្ដី​សញ្ញា​ដែល​មាន​ក្នុង​សហសមាគម នឹង​ត្រូវ​បណ្ដាសា ហើយ​កាត់​ចេញ​ពី​សាសនាចក្រ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៤:១១-១៣ដោយ​ស្វែងរក​អ្វី ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា សមាជិក​គ្រប់​រូប​នៃ​សហសមាគម​ត្រូវ​ទទួល​បាន ។ ( វា​អាច​នឹង​ផ្ដល់​អត្ថប្រយោជន៍​ក្នុង​ការដឹង​ថា អ្នក​កាន់កាប់​ត្រួតត្រា គឺ​ជា​បុគ្គល​ដែល​ត្រូវបាន​ផ្ដល់​ឲ្យ​ការទទួល​ខុសត្រូវ ចំពោះ​អ្វី​មួយ​ដែល​ជា​កម្មសិទ្ធ​របស់​បុគ្គល​ម្នាក់​ទៀត ) ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៤:១៤ដោយ​ស្វែងរក​ថាតើ​នរណា ជា​ម្ចាស់​កម្មសិទ្ធ​លើ​ទ្រព្យ​សម្បត្តិ​ដែល​មាន​នៅ​ក្នុង​សហសមាគម ។ សូម​គូសចំណាំ​ឃ្លា ដែល​បង្រៀន​អំពី​សេចក្ដីពិត​ដែល​ថា ព្រះអម្ចាស់​បាន​បង្កើត​ផែនដី និង គ្រប់​ទាំង​អស់​ដែល​មាន​នៅ​លើ​នោះ ។

  1. សូម​បំពេញ​កិច្ចការ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​រាយ​បញ្ជី​នៃ​ទ្រព្យសម្បត្តិ​ខាង​លោកិយ​ចំនួន ១០ ដែល​អ្នក​មាន ( ឧទាហរណ៍ ទីលំនៅ សម្លៀកបំពាក់ សួនច្បារ ម្ហូបអាហារ ) ។

    2. សូម​សរសេរ​អំពី​របៀប​ដែល​គោលលទ្ធិ ដែល​មាន​បង្រៀន​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៤:១៤ អាច​នឹង​មាន​ឥទ្ធិពល​ទៅ​លើ​អ្វី ដែល​អ្នក​គិត​អំពី​ទ្រព្យសម្បត្តិ​ទាំងនោះ ហើយ​ប្រើប្រាស់​ពួកវា ។

ការត្រាស់​ក្រើន​រំឭក​ពី​ព្រះអម្ចាស់​ដល់​ពួក​បរិសុទ្ធ​ថា គ្រប់​របស់​ទាំងឡាយ​នៅ​លើ​ផែនដី​នេះ​សុទ្ធ​តែ​ជា​របស់​ផង​ទ្រង់ អាច​អះអាង​ដល់​ពួកគេ​បាន​ថា ទ្រង់​អាច​ផ្គត់ផ្គង់​ដល់​សេចក្ដី​ត្រូវការ​ខាង​សាច់ឈាម​របស់​ពួកគេ​បាន ។ ទ្រង់​បាន​បន្ត​មាន​ព្រះបន្ទូល​ដោយ​ពន្យល់ អំពី​របៀប​ដែល​ទ្រង់​អាច​ទាញ​យក​ធនធាន​នានា មក​ផ្គត់ផ្គង់​ដល់​ពួក​បរិសុទ្ធ​របស់​ទ្រង់ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៤:១៥–១៦ដោយ​ស្វែងរក​ថាតើ​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល ថា​ទ្រង់​នឹង​ផ្គត់ផ្គង់​ដល់​ពួក​បរិសុទ្ធ​នោះ​យ៉ាង​ដូច​ម្ដេច ។

អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ បាន​ផ្ដល់​ការយល់ដឹង​ជ្រៅជ្រះ​អំពី​របៀប​ដែល​ព្រះអម្ចាស់​ផ្គត់ផ្គង់​ដល់​ពួក​បរិសុទ្ធ​របស់​ទ្រង់ ៖ « របៀប​របស់​ព្រះអម្ចាស់​រួម​មាន ការជួយ​ដល់​មនុស្ស​ឲ្យ​ចេះ​ជួយ​ខ្លួនឯង ។ ជន​ក្រីក្រ​ត្រូវបាន​តម្កើង​ឡើង ដោយសារតែ​ពួកគេ​ខិតខំ​ធ្វើការ​ដើម្បី​ទទួល​បាន​ជំនួយ​ខាង​សាច់ឈាម ពួកគេ​បាន​រៀន​គោលការណ៍​ដ៏​ត្រឹមត្រូវ ហើយ​ពួកគេ​មាន​លទ្ធភាព​លើក​ស្ទួយ​ខ្លួន​គេ​ឡើង​ចេញ​ពី​ភាពក្រីក្រ​ទៅ​កាន់​ភាពខ្លួន​ទី​ពឹង​ខ្លួន ។ អ្នក​មាន​ត្រូវ​បាន​បន្ទាបចុះ ដោយសារ​ពួកគេ​មាន​ភាពរាបទាប ក្នុង​ការ​ចែករំលែក​ទ្រព្យសម្បត្តិ​ពួកគេ​ដល់​មនុស្ស​ទ័លក្រ ដោយ​សទ្ធា » (Inspired Church Welfare » Ensign,ខែ ឧសភា ឆ្នាំ ១៩៩៩ ទំព័រ ៧៧ ) ។ សព្វថ្ងៃ​នេះ « របៀប​របស់​ព្រះអម្ចាស់ » ក្នុង « ការជួយ​ដល់​មនុស្ស​ឲ្យ​ចេះ​ជួយ​ខ្លួន​ឯង » មាន​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​សុខុមាលភាព​សាសនាចក្រ និង ការប្រមូល​ដង្វាយ​តមអាហារ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៤:១៧-១៨ដោយ​ស្វែងរក​អ្វី ដែល​ព្រះអម្ចាស់​បាន​ណែនាំ​យើង​ឲ្យ​ធ្វើ ជាមួយ​នឹង​របស់​ដ៏​បរិបូរ​ដែល​ទ្រង់​បាន​បង្កើត​មក ។

យើង​រៀន​ចេញ​ពី​ខគម្ពីរ​ទាំងនេះ​ថា យើង​ទទួល​ខុសត្រូវ​លើ​ការប្រើប្រាស់​របស់ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​យើង ដើម្បី​ជួយ​ដល់​មនុស្ស​ទូទៅ ។

សូម​គិត​ត្រឡប់​ទៅ​ឧទាហរណ៍​នៃ​កូនសោ​ឡាន ដែល​បាន​លើកឡើង​នៅ​ដើម​មេរៀន​នេះ និង របៀប​ដែល​អ្នក​ប្រើប្រាស់​ឡាន​នោះ អាច​មាន​ឥទ្ធិពល​ដោយសារ​តែ​ការទទួល​ខុសត្រូវ​របស់​អ្នក ដែល​មាន​ចំពោះ​វា ។ តើ​ការណ៍​នេះ​ទាក់ទង​ទៅ​នឹង​សេចក្ដីពិត ដែល​អ្នក​បាន​រៀន​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៤:១៤-១៨យ៉ាង​ដូចម្ដេច ?

រូបភាព
បុរស​ម្នាក់​ទទួល​ថាស​អាហារ

យើង​អាច​គិត​អំពី « ជន​ក្រីក្រ និង អ្នក​ខ្វះខាត » ថា ពួកគាត់​មិន​គ្រាន់តែ​ជា​មនុស្ស​ដែល​មាន​សេចក្ដី​ត្រូវការ​ខាង​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​មនុស្ស​ដែល​មាន​សេចក្ដី​ត្រូវការ​ខាង​វិញ្ញាណ ខាង​ផ្លូវ​ចិត្ត ខាង​សតិអារម្មណ៍ និង ខាង​សង្គម​ដែរ ។ ស្រដៀង​គ្នា​នេះ​ដែរ យើង​អាច​គិត​អំពី​ភាព​ដ៏​បរិបូរ​របស់​យើង ឲ្យ​បាន​ច្រើន​ជាង​ការគិត​តែ​អំពី​ប្រាក់កាស ឬ ភោគទ្រព្យ​ដែល​យើង​មាន​នោះ ។ ភាព​ដ៏​បរិបូរ​របស់​យើង​ក៏​រួម​បញ្ចូល​ទាំង​ពេល​វេលា ទេពកោសល្យ ចំណេះដឹង និង ជំនាញ​នានា​របស់​យើង​ដែរ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​សំខាន់​ដែល​យើង ត្រូវ​ចែក​រំលែក​ភាព​បរិបូរ​ដែល​ទទួល​បាន​មក​ពី​ព្រះអម្ចាស់ ?

    2. តើ​គំរូ​នៃ​តួអង្គ​មួយ​ចំនួន​ណា​ខ្លះ នៅ​ក្នុង​ព្រះគម្ពីរ ដែល​បាន​ជួយ​ដល់​អ្នក​ខ្វះខាត ? តើ​ពួកគេ​បាន​ជួយ​មនុស្ស​ទូទៅ នៅ​តាម​របៀប​របស់​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច​ខ្លះ ?

    3. តើ​អ្នក​អាច​ជួយ​មនុស្ស​ទូទៅ នៅ​តាម​របៀប​របស់​ព្រះអម្ចាស់​បាន​យ៉ាង​ដូចម្ដេច​ខ្លះ ? ( សូម​សរសេរ​គោលដៅ​ជាក់លាក់​ដើម្បី​ធ្វើ​ដូចនោះ ) ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១០៤:១៩-៧៧

ព្រះអម្ចាស់ ប្រទាន​ការណែនាំ​អំពី​សហសមាគម កិច្ចត្រួតត្រា និង រតនាគារ

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៤:១៩–៥៣ព្រះអម្ចាស់​បាន​ប្រទាន​សេចក្ដីណែនាំ​ជាក់លាក់ៗ ស្ដីពី​កិច្ចត្រួតត្រា​ផ្សេងៗ ដែល​ត្រូវបាន​ចាត់តាំង​ដល់​សមាជិក​ខុសៗ​គ្នា​ក្នុង​សហសមាគម ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៤:២៣, ២៥, ៣១, ៣៣, ៣៥, ៣៨, ៤២, ៤៦ដោយ​ស្វែងរក​គំរូ​មួយ​នៅ​ក្នុង​សេចក្ដី​សន្យា ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ជាមួយ​សមាជិក​នីមួយៗ​ក្នុង​សហសមាគម ។ វា​អាច​នឹង​ជួយ​អ្នក ដែល​ត្រូវ​ដឹង​ថា​ឃ្លា « ដរាបណា » មាន​ន័យ​ថា « ល្គឹកណាតែ » ឬ « បើសិនជា » ។

  1. យោង​តាម​អ្វី​ដែល​អ្នក​បាន​សិក្សា​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ សូម​សរសេរ​គោលការណ៍​មួយ​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ដោយ​ពន្យល់​អំពី​អ្វី​ដែល​នឹង​កើតឡើង ដរាប​ណា​យើង​បន្ទាប​ខ្លួន ហើយ​មាន​ចិត្ត​ស្មោះត្រង់ ។ បន្ទាប់​មក សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    1. តើ​អ្នក​អាច​រៀន​អ្វី​ខ្លះ ចេញ​ពី​គោលការណ៍​នេះ អំពី​របៀប​ដែល​ការគោរពប្រតិបត្តិ មាន​ឥទ្ធិពល​លើ​ពរជ័យ​ដែល​អ្នក​ទទួល​បាន ?

    2. តើ​នៅ​ពេល​ណា​ខ្លះ ដែល​អ្នក​ធ្លាប់​បាន​ឃើញ​មនុស្ស​ម្នាក់​មាន​ចិត្ត​ស្មោះត្រង់ ក្នុង​ការទទួល​ខុសត្រូវ​របស់​ខ្លួន​ចំពោះ​ព្រះអម្ចាស់ ហើយ​មាន​ពរ​ដោយសារ​តែ​ការប្រព្រឹត្ត​បែប​នោះ ?

នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៤:៥៤–៧៧ព្រះអម្ចាស់​បាន​ប្រទាន​សេចក្ដី​ណែនាំ​ចំពោះ​ការស្ថាបនា​រតនាគារ​ឡើង ដែល​មូលនិធិ​ទទួល​បាន​ពី​អ្នក​កាន់កាប់​ត្រួតត្រា អាច​ត្រូវបាន​ដាក់​ជំនួស​ដើម្បី​ជា​ប្រយោជន៍​ដល់​សាសនាចក្រ​មាន​ដូចជា ការបោះពុម្ព​ព្រះគម្ពីរ​មរមន ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១០៤:៧៨-៨៦

ព្រះអម្ចាស់​មាន​បន្ទូល​ណែនាំ​ថ្នាក់​ដឹកនាំ​សាសនាចក្រ អំពី​បំណុល​នៃ​សហសមាគម

សូម​គិត​អំពី​គ្រា​មួយ ដែល​អ្នក​ត្រូវបាន​ស្នើ​ឲ្យ​ធ្វើ​អ្វី​មួយ​ដែល​អ្នក​គិត​ថា​ពុំ​អាច​ទៅ​រួច ឬ មាន​ការលំបាក​ពេកពន់ ដើម្បី​ឲ្យ​អ្នក​សម្រេច​កិច្ចការ​នោះ​បាន ។

នៅ​ពេល​កំពុង​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះអម្ចាស់ សហសមាគម​បាន​ធ្លាក់​ទៅ​ក្នុង​បំណុល​មួយ​ដ៏​ធំ ។ មាន​ព្រឹត្តិការណ៍​មួយ​ចំនួន ដែល​រារាំង​សមាគម​ពី​ការសង​បំណុល ។ ឧទាហរណ៍ ការបំផ្លិចបំផ្លាញ​រោងពុម្ព​ពី​សំណាក់​មនុស្ស​កំណាច​នៅ​ឃុំ​ចាកសុន រដ្ឋ មិសសួរី បាន​រារាំង​ពួក​បរិសុទ្ធ​ពី​ការស្វែងរក​ប្រាក់​ចំណូល​ពី​ការបោះពុម្ព​ព្រះគម្ពីរ និង ផលិតផល​ផ្សេង​ទៀត ហើយ​ពួក​មនុស្ស​កំណាច​ក៏​បាន​រារាំង​ពួក​បរិសុទ្ធ​ពី​ការប្រើប្រាស់​ឃ្លាំង​នៅ​ក្រុង អ៊ីនឌីប៉េនដែនស៍ ដែរ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៤:៧៨ដោយ​គូសចំណាំ​សេចក្ដីណែនាំ​ពី​ព្រះអម្ចាស់ ស្ដីពី​បំណុល​របស់​សាសនាចក្រ ។

ការសង​បំណុល​អាច​ជា​រឿង​មិន​អាច​ទៅ​រួច​ចំពោះ​ពួក​បរិសុទ្ធ ប៉ុន្តែ ព្រះអម្ចាស់​បាន​ប្រទាន​សេចក្ដី​ណែនាំ​ដើម្បី​ជួយ​ដល់​ពួកគេ ។

  1. នៅក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​គូស​បន្ទាត់ត្រង់​ឈរ​ពីរ—ម្ខាង​ដាក់​ចំណងជើង​ថា ប្រសិនបើ ហើយ​ម្ខាងទៀត​ដាក់​ថា នោះ. សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៤:៨០–៨២។ នៅ​ក្រោម​ប្រអប់​ឈរ « បើសិនជា » សូម​សរសេរ​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្គាប់​ឲ្យ​សមាជិក​ក្នុង​សមាគម​ធ្វើ ដើម្បី​ទទួល​បាន​ជំនួយ​ពី​ទ្រង់​ក្នុង​ការសង​បំណុល​របស់​ពួកគេ ។ នៅ​ក្រោម​ប្រអប់​ឈរ « ខណៈនោះ » សូម​សរសេរ​អ្វី​ដែល​ព្រះអម្ចាស់​បាន​សន្យា​ថា​នឹង​ធ្វើ ដើម្បី​ជួយ​ពួក​បរិសុទ្ធ​ឲ្យ​រួច​ពី​បំណុល ។ យោង​តាម​អ្វី​ដែល​អ្នក​បាន​អាន និង កត់ត្រា សូម​សរសេរ​អ្វី​ដែល​យើង​អាច​រៀន​ចេញ​ពី​ខគម្ពីរ​ទាំងនេះ ។

  2. សូម​ធ្វើ​លំហាត់​ពីរ ឬ ច្រើន​ជាង​ពីរ​នៃ​លំហាត់​ទាំងឡាយ​ខាង​ក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​សរសរ​អំពី​តួអង្គ​មួយ​នៅ​ក្នុង​ព្រះគម្ពីរ ឬ នរណាម្នាក់​ដែល​អ្នក​ស្គាល់ ដែល​ជា​ឧទាហរណ៍​នៃ​គោលការណ៍ ដែល​អ្នក​បាន​សរសរ​នៅ​ក្នុង​លំហាត់​ទី ៤ ។ សូម​ពិពណ៌នា​អំពី ថាតើ​អ្នក​មើល​ឃើញ​គោលការណ៍​នេះ​នៅ​ក្នុង​ជីវិត​បុគ្គល​នេះ​យ៉ាង​ដូចម្ដេច ។ ឬ អ្នក​អាច​សរសរ​អំពី​របៀប​ដែល​អ្នក​ធ្លាប់​បាន​ឃើញ គោលការណ៍​នេះ​នៅ​ក្នុង​ជីវិត​អ្នក ។

    2. សូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ៖ តើ​ការណ៍​មួយ​ចំនួន​ដែល​ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​ឲ្យ​សមាជិក​សាសនាចក្រ​ធ្វើ ដែល​អាច​នឹង​ចាត់ទុក​ថា​ជា​ឧបសគ្គ​នោះ គឺ​ជា​អ្វី ? តើ​ការមាន​ចិត្ត​រាបសា ស្មោះត្រង់ និង ការអធិស្ឋាន​មាន​តួនាទី​អ្វី​ខ្លះ ក្នុង​ការសម្រេច​បាន​ការណ៍​ដែល​ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​ឲ្យ​អ្នក​ធ្វើ ?

    3. សូម​សរសេរ​របៀប​ដែល​អ្នក​អាច​មាន​ចិត្ត​កាន់តែ​រាបសា ស្មោះត្រង់ ឬ ពេញ​ដោយ​ការអធិស្ឋាន ដើម្បី​ឲ្យ​ព្រះអម្ចាស់​អាច​ជួយ​អ្នក សម្រេច​បាន​ការណ៍​ដែល​ទ្រង់​បាន​ត្រាស់​បង្គាប់​ឲ្យ​អ្នក​ធ្វើ ។ សូម​សរសេរ​គោលដៅ​មួយ​ដើម្បី​ធ្វើ​វា ។

  3. សូម​សរសេរ​អ្វី​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១០៤ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖