ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៩ ៖ ថ្ងៃទី ៤ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩


មេរៀន​ទី ១៩ ៖ ថ្ងៃទី ៤

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩

សេចក្តីផ្តើម

នៅ​ថ្ងៃ​ទី ២៧ ខែ កុម្ភៈ ឆ្នាំ ១៨៣៣ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការទូល​សួរ​របស់ ព្យាការី យ៉ូសែប ស៊្មីធ អំពី​ការប្រើប្រាស់​ថ្នាំ​ជក់​របស់​ពួក​បងប្អូន​ប្រុស​នៅ​ក្នុង​ការប្រជុំ​ទាំងឡាយ​របស់​ពួកគាត់ នោះ​ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩ ដែល​ត្រូវបាន​ស្គាល់​ថា​ជា ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ។ នៅ​ក្នុង​វិវរណៈ​នោះ ព្រះអម្ចាស់​បាន​ព្រមាន​ទាស់​នឹង​ការប្រើប្រាស់​សារធាតុ​ដែល​បណ្ដាល​ឲ្យ​អន្តរាយ ហើយ​បាន​លើក​ទឹកចិត្ត​ឲ្យ​ទទួលទាន​អាហារ​ដែល​នាំ​ឲ្យ​មាន​សុខភាព​ល្អ​វិញ ។ ព្រះអម្ចាស់​ក៏​បាន​សន្យា​ដែរ​ថា មនុស្ស​ទាំងឡាយ​ដែល​ធ្វើតាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ នឹង​មាន​ពរ​ទាំង​ខាង​សាច់ឈាម និង ខាង​វិញ្ញាណ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩:១-៣

យ៉ូសែប ស៊្មីធ បង្ហាញ​វិវរណៈ ដែល​ត្រូវបាន​ស្គាល់​ថា​ជា ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ

តើ​អ្នក​ធ្លាប់​ពន្យល់​ប្រាប់​នរណាម្នាក់ អំពី​មូលហេតុ​ដែល​អ្នក​មិន​ទទួលទាន​គ្រឿង​ស្រវឹង តែ ឬ កាហ្វេ ឬ ប្រើប្រាស់​ថ្នាំ​ជក់​ដែរ​ឬ​ទេ ? បើ​អ្នក​ធ្លាប់ តើ​អ្នក​ចងចាំ​អំពី​អ្វី​ដែល​អ្នក​បាន​ថ្លែង និង ប្រតិកម្ម​របស់​បុគ្គល​នោះ​ដែរ​ឬ​ទេ ? មេរៀន​នេះ​នឹង​ជួយ​អ្នក​យល់​កាន់តែ​ច្បាស់ អំពី​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ហើយ​ត្រៀមខ្លួន​ដើម្បី​ពន្យល់​វា​ទៅ​កាន់​មនុស្ស​ទូទៅ ។

រូបភាព
យ៉ូសែប ស្ម៊ីធ កំពុង​បង្រៀន

នា​រដូវ​រងា​ឆ្នាំ ១៨៣៣ ពួក​បងប្អូន​ប្រុស​បព្វជិតភាព​ប្រមាណ​ជា ២០ នាក់ បាន​ចាប់ផ្ដើម​ប្រជុំ​គ្នា​នៅ​បន្ទប់​ខាង​លើ​នៃ​ផ្សារ​របស់ នូវល ខេ វិតនី នៅ​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ ដើម្បី​ចូលរួម​សាលា​នៃ​ពួក​ព្យាការី ។ « នៅ​ក្នុង​ការប្រជុំ​នៃ​សាលា​នោះ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ២៧ ខែ កុម្ភៈ ឆ្នាំ ១៨៣៣ ព្យាការី​បាន​ទទួល​វិវរណៈ​ដ៏​សំខាន់​មួយ ។ នៅ​ជំនាន់​ដំបូង​នៃ​សាសនាចក្រ ការប្រើប្រាស់​គ្រឿង​ស្រវឹង ថ្នាំ​ជក់ កាហ្វេ និង តែ គឺ​ជា​រឿង​ធម្មតា​នៅ​ក្នុង​សហគមន៍ និង ចំណោម​សមាជិក​សាសនាចក្រ ។ នៅ​ពេល​ព្យាការី​បាន​ឃើញ​ពួក​បងប្អូន​ប្រុស ប្រើប្រាស់​ថ្នាំ​ជក់​នៅ​សាលា នោះ​លោក​បាន​មាន​ការព្រួយ​បារម្ភ ។ ព្រិកហាំ យ៉ង់ នៅ​ចាំ​ដូច្នេះ ៖ ‹ នៅ​ពេល​ពួក​គាត់​ប្រជុំ​គ្នា​នៅ​ក្នុង​បន្ទប់​នេះ​បន្ទាប់​ពី​ស្រស់ស្រូប​អាហារ​ពេល​ព្រឹក [ កិច្ចការ ] ដំបូង​ដែល​ពួកគាត់​ធ្វើ គឺ​អុជ​ខ្សៀ​របស់​ពួកគាត់ ហើយ​កាល​កំពុង​តែ​ជក់ នោះ​ពួកគាត់​ជជែក​គ្នា​អំពី​កិច្ចការ​ដ៏​មហិមា​នៃ​នគរ ។… ជា​រឿយៗ នៅ​ពេល​ព្យាការី​ចូល​ទៅ​ក្នុង​បន្ទប់​ដើម្បី​បង្រៀន នោះ​លោក​បាន​ឃើញ​ថា ខ្លួន​លោក​ហ៊ំព័ទ្ធ​ទៅ​ដោយ​ផ្សែង​បារី ។ ការណ៍​នេះ​បូក​រួម​ទាំង​ការត្អូញត្អែរ​ពី​សំណាក់​ភរិយា​របស់​លោក​អំពី​ការសម្អាត​កម្រាល​ឥដ្ឋ​ដ៏​កខ្វក់ [ មក​ពី​ការទំពារ​ថ្នាំ​ជក់ ] ផង​នោះ បាន​ធ្វើ​ឲ្យ​ព្យាការី​ពិចារណា​លើ​បញ្ហា​នេះ ហើយ​លោក​បាន​ទូល​សួរ​ព្រះអម្ចាស់​ទាក់ទង​ទៅ​នឹង​ការប្រើប្រាស់​ថ្នាំ​ជក់​របស់​ពួក​បងប្អូន​ប្រុស ហើយ​វិវរណៈ​នេះ​ត្រូវបាន​ស្គាល់​ថា​ជា ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ដែល​បាន​មក​ពី​ការទូល​សួរ​នោះ › » (ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស៊្មីធ [ ឆ្នាំ ២០០៧ ] ទំព័រ ២៦៣) ។

សូម​អាន​សេចក្ដី ណែនាំ​អំពី​កណ្ឌ​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩ដោយ​ស្វែងរក​អ្វី​ដែល​ព្យាការី យ៉ូសែប ស៊្មីធ បាន​ធ្វើ​ក្នុង​ការឆ្លើយ​តប​ទៅ​កាន់​ពួក​បងប្អូនប្រុស​អំពី​ការប្រើប្រាស់​ថ្នាំ​ជក់​របស់​ពួកគាត់ ។ បន្ទាប់​មក សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩:១–៣ដោយ​ស្វែងរក​ពាក្យ និង ឃ្លា ដែល​ពិពណ៌នា​អំពី​គោលបំណង​របស់​ព្រះអម្ចាស់​ក្នុង​ការប្រទាន​វិវរណៈ​នេះ ។

អ្នក​អាច​នឹង​រក​ឃើញ​ថា គោលបំណង​មួយ​នៃ​វិវរណៈ​នេះ ទាក់ទង​នឹង​ការសង្គ្រោះ​ខាង​សាច់ឈាម​របស់​យើង ។ ការសង្គ្រោះ​ខាង​សាច់ឈាម ត្រូវ​អនុវត្ត​ជាមួយ​នឹង​សុខុមាលភាព​ខាង​រូបកាយ​របស់​យើង ។

សូម​កត់ចំណាំ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩:២ ថា ដំបូង​ឡើយ ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ពុំ​ត្រូវបាន​ប្រទាន​មក​ជា​ព្រះបញ្ញត្តិ​នៅ​ឡើយ​ទេ ។ ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បាន​ពន្យល់ ៖ « នៅ​គ្រា​នោះ …បើ [ ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ] ត្រូបាន​ប្រទាន​ជា​ព្រះបញ្ញត្តិ នោះ​វា​នឹង​នាំ​ឲ្យ​មនុស្ស ដែល​ញៀន​ក្នុង​ការប្រើប្រាស់​សារធាតុ​ពុល​ទាំងឡាយ ឲ្យ​ធ្លាក់​នៅ​ក្រោម​ការកាត់ទោស ដូច្នេះ ព្រះអម្ចាស់​បាន​មាន​សេចក្ដី​មេត្តា​ករុណា ហើយ​ប្រទាន​ឱកាស​ឲ្យ​ពួកគេ​យកឈ្នះ​ជាមុន​សិន ពី​មុន​ទ្រង់​ដាក់​ឲ្យ​ពួកគេ​ស្ថិត​នៅ​ក្រោម​ច្បាប់ » ( នៅ​ក្នុង របាយការណ៍​សន្និសីទ ខែ តុលា ឆ្នាំ ១៩១៣ ទំព័រ ១៤ ) ។

ដោយសារតែ​ហេតុ​នេះ​ហើយ ទើប​យើង​គួរតែ​ប្រុង​ប្រយ័ត្ន​កុំ​វិនិច្ឆ័យ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ជំនាន់​ដំបូង​មួយ​ចំនួន ដែល​បន្ទាប់​ពី​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​ត្រូវបាន​បើកសម្ដែង​ហើយ នៅ​តែ​ប្រើប្រាស់​សារធាតុ​ដែល​ត្រូវបាន​ហាម​ឃាត់​នា​ពេល​សព្វថ្ងៃ​នេះ ។ ពេញ​មួយ​ប្រវត្តិ​សាសនាចក្រ​ជំនាន់​ដំបូង ថ្នាក់​ដឹកនាំ​បាន​អញ្ជើញ​ពួក​បរិសុទ្ធ​ឲ្យ​រស់នៅ​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​ឲ្យ​បាន​កាន់តែ​ពេញលេញ ។ នៅ​សន្និសីទ​ទូទៅ​នា​សរទរដូវ​ឆ្នាំ ១៨៥១ ប្រធាន ព្រិកហាំ យ៉ង់ បាន​ស្នើ​ឲ្យ​ពួក​បរិសុទ្ធ​ទាំងអស់​ចុះ​សេចក្ដី​សញ្ញា​ជា​ផ្លូវការ ដើម្បី​ចៀសវាង​ពី​តែ កាហ្វេ ថ្នាំជក់ និង ស្រា​វិស្គី ។ នៅ​ថ្ងៃ​ទី ១៣ ខែ តុលា ឆ្នាំ ១៨៨២ ព្រះអម្ចាស់​បាន​បើកសម្ដែង​ដល់​ប្រធាន ចន ថេលើរ ថា ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ត្រូវ​ចាត់ទុក​ថា​ជា​ព្រះបញ្ញត្តិ​មួយ ។ ក្នុង​ឆ្នាំ ១៩១៩ គណៈ​ប្រធាន​ទី​មួយ​នៅ​ក្រោម​ការដឹកនាំ​របស់​ប្រធាន ហ៊ីប៊ើរ ចេ ក្រាន្ត បាន​ដាក់​ការគោរព​ប្រតិបត្តិ​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ជា​តម្រូវការ​ដើម្បី​ទទួលបាន​បណ្ណ័​ចូល​ព្រះវិហារ​បរិសុទ្ធ ។ ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​បន្ត​ធ្វើ​ជា​ព្រះបញ្ញត្តិ​ដ៏​មាន​សារៈសំខាន់​នា​ពេល​សព្វថ្ងៃ​នេះ ហើយ​ការគោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​នេះ គឺ​ជា​លក្ខខណ្ឌ​ដែល​តម្រូវ​ឲ្យ​មាន​ពី​មុន​ពិធីបុណ្យ​ជ្រមុជ​ទឹក ការចូលរួម​ព្រះវិហារ​បរិសុទ្ធ កិច្ចការ​ផ្សព្វផ្សាយ​សាសនា និង កិច្ចការ​ដ៏​សក្ដិសម​ផ្សេងៗ​ទៀត​នៅ​ក្នុង​សាសនាចក្រ ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ឃ្លា គោលការណ៍​ដោយ​សេចក្ដី​សន្យា ( ចេញ​ពី គ. និង ស. ៨៩:៣ ) ដូច​បាន​បង្ហាញ​ខាង​ក្រោម​នេះ ។ សូម​ទុក​ចន្លោះ​ខ្លះ ដើម្បី​សរសេរ​គោលការណ៍ និង សេចក្ដី​សន្យា​នៃ​វិវរណៈ​នេះ នៅ​ពី​ក្រោម​ពាក្យ​ទាំង​ពីរ​នៃ​ឃ្លា​នេះ ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​ឃ្លា​នេះ នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

    គោលការណ៍

    ដោយ​សេចក្ដី​សន្យា

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩:៤-៩

ព្រះអម្ចាស់​ព្រមាន​ពួក​បរិសុទ្ធ​កុំ​ឲ្យ​ប្រើប្រាស់​គ្រឿង​ស្រវឹង ថ្នាំ​ជក់ តែ ឬ កាហ្វេ

រូបភាព
ក្មេង​ប្រុស​កំពុង​ស្ទូចត្រី

តើ​អ្នក​ធ្លាប់​ស្ទូច​ត្រី​កាល​ពី​មុន​ដែរ​ឬ​ទេ ?

រូបភាព
នុយ​សន្ទូច

តើ​អ្នក​ស្ទូច​ត្រី​ព្យាយាម បញ្ឆោត​ត្រី​ឲ្យ​ស៊ី​សន្ទូច​តាម​របៀប​ណា​ខ្លះ ?

តើ​ហេតុអ្វី​បាន​ជា​មនុស្ស​មួយ​ចំនួន​ព្យាយាម បញ្ចុះបញ្ចូល​អ្នក​ឲ្យ​ទទួលទាន​សារធាតុ​ដែល​ព្រះអម្ចាស់​បាន​ហាម​ឃាត់ ? តើ​ពួកគេ​ប្រើ​នុយ ឬ វិធីសាស្ត្រ​អ្វី​ខ្លះ ដើម្បី​ព្យាយាម​បញ្ចុះបញ្ចូល​អ្នក និង មនុស្ស​ទូទៅ​ឲ្យ​ប្រើប្រាស់​សារធាតុ​ទាំងនោះ ? សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩:៤ដោយ​ស្វែងរក​ថាតើ​នរណា ដែល​ព្រះអម្ចាស់​បាន​ព្រមាន​ថា នឹង​ប៉ុនប៉ង​បញ្ឆោត​ពួក​បរិសុទ្ធ​នៅ​ថ្ងៃ​ចុងក្រោយ ។

សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នៅ​ក្រោម​ចំណងជើង « គោលការណ៍ » ៖ ព្រោះ​តែ​អំពើ​អាក្រក់​ទាំងឡាយ​នៃ​មនុស្ស​ដែល​រួម​គំនិត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នៅ​ថ្ងៃ​ចុងក្រោយ នោះ​ព្រះអម្ចាស់​ព្រមាន​យើង​មិន​ឲ្យ​ប្រើប្រាស់​សារធាតុ​អន្តរាយ​នានា ។

សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ជួយ​យើង​ឲ្យ​យល់​ថា អំពើ​អាក្រក់​មួយ និង មនុស្ស​ដែល​រួម​គំនិត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត គឺ​ទទួល​បាន​ផល​ប្រយោជន៍​ដោយ​ការជួញ​ដូរ​សារធាតុ​ញៀន​ដល់​មនុស្ស​ដទៃ ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« ព្រះអម្ចាស់​បាន​ទត​ឃើញ​ជាមុន​នូវ ស្ថានភាព​នា​ពេល​សព្វថ្ងៃ​នេះ នៅ​ពេល​មនុស្ស​មាន​ចិត្ត​ចង់​បាន​ប្រាក់ នោះ​បាន​បណ្ដាល​ឲ្យ​មនុស្ស​រួម​គំនិត ទាក់ទាញ​មនុស្ស​ដទៃ​ឲ្យ​សេព​សារធាតុ​ពុល​ទៅ​ក្នុង​រូបកាយ​របស់​ពួកគេ ។ ការផ្សាយ​ពាណិជ្ជកម្ម​ដែល​ផ្សព្វផ្សាយ​អំពី​ស្រាបៀរ ស្រា​ទំពាំងបាយជូរ គ្រឿង​ស្រវឹង​នានា កាហ្វេ ថ្នាំ​ជក់ និង សារធាតុ​អន្តរាយ​ដទៃៗ​ទៀត គឺ​ជា​គំរូ​នៃ​ទង្វើ​ដែល​ព្រះអម្ចាស់​បាន​ទត​ឃើញ​ទុក​ជា​មុន ។ ប៉ុន្តែ គំរូ​ដ៏​ប្រកប​ទៅ​ដោយ​គ្រោះ​ថ្នាក់​បំផុត​នៃ​ការរួម​គំនិត​ដ៏​អាក្រក់​នោះ នៅ​ក្នុង​ជំនាន់​របស់​យើង​នេះ គឺ​ជា​អ្នក​ដែល​ជំរុញ​ចិត្ត​ឲ្យ​ពួក​យុវវ័យ​ធ្លាក់​ចូល​ទៅ​ក្នុង​ការប្រើប្រាស់​គ្រឿង​ញៀន ។

« ឱ​បងប្អូន​ប្រុស​ស្រី​វ័យ​ក្មេង​របស់​ខ្ញុំ​អើយ យើង​សូម​ព្រមាន​ដល់​បងប្អូន​ដោយ​សេចក្ដី​ស្រឡាញ់​ទាំងស្រុង​ថា សាតាំង និង ពួក​ពល​បរិវារ​របស់​វា នឹង​ស្រវាស្រទេញ​ក្នុង​ការជំរុញចិត្ត​អ្នក​ឲ្យ​ប្រើប្រាស់​សារធាតុ​ពុល​នានា ព្រោះ​ពួក​វា​ដឹង​យ៉ាង​ប្រាកដ​ថា បើ​អ្នក​សេព​សារធាតុ​ទាំងនោះ អំណាច​ខាង​វិញ្ញាណ​របស់​អ្នក​នឹង​ចុះ​ខ្សោយ ហើយ​អ្នក​នឹង​ធ្លាក់​ទៅ​ក្នុង​អំណាច​របស់​អារក្ស ។ ចូរ​នៅ​ឲ្យ​ឆ្ងាយ​ពី​កន្លែង និង​មនុស្ស​ទាំងនោះ ដែល​នឹង​ជះឥទ្ធិពល​ដល់អ្នក​ឲ្យ​ល្មើស​នឹង​បទបញ្ញត្តិ​របស់ព្រះ ។ ចូរ​រក្សាបទបញ្ញត្តិ​នៃ​ព្រះ ហើយអ្នក​នឹង​មាន​ប្រាជ្ញា​ដើម្បី​ដឹង ហើយ​អាចញែក​ដឹង​ថា វា​អាក្រក់ » (« A Principle with a Promise » Ensignខែ ឧសភា ឆ្នាំ ១៩៨៣ ទំព័រ ៥៤-៥៥ ) ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩:៥-៩ដោយ​ស្វែងរក​ថាតើ​សារធាតុ​អ្វី ដែល​ព្រះអម្ចាស់​បាន​ព្រមាន​ដល់​ពួក​បរិសុទ្ធ មិន​ឲ្យ​ទទួលទាន​ចូល​ទៅ​ក្នុង​រូបកាយ​របស់​ពួកគេ ។ សូម​គិត​ពី​ការគូសចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។ ( ថ្នាក់​ដឹកនាំ​សាសនាចក្រ បាន​ថ្លែង​ថា វាក្យសព្ទ « ភេសជ្ជៈ​ក្ដៅ » សំដៅ​ទៅ​លើ​តែ និង កាហ្វេ ) ។ តើ​សារធាតុ​ទាំងឡាយ​នៅ​ក្នុង ខទី ៥–៩ មាន​សភាព​អន្តរាយ​យ៉ាង​ដូចម្ដេច ?

សូម​កត់ចំណាំ​ថា គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩:៧–៨ ថ្លែង​ថា គ្រឿង​ស្រវឹង និង ថ្នាំ​ជក់ ផ្ដល់​ការប្រើប្រាស់​ត្រឹមត្រូវ​ផង និង មិន​ត្រឹមត្រូវ​ផង ។ សព្វ​ថ្ងៃ​នេះ មាន​សារធាតុ​ផ្សេងៗ​ទៀត ដែល​អាច​ត្រូវបាន​ប្រើប្រាស់​ដោយ​ខុស​ឆ្គង ដូច្នេះ វា​បាន​ក្លាយ​ទៅ​ជា​សារធាតុ​អន្តរាយ និង ញៀន ។ ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​ព្រមាន​ទាស់​នឹង​ការប្រើប្រាស់​នៃ « ភេសជ្ជៈ គ្រឿង​ញៀន សារធាតុ​គីមី ឬ សកម្មភាព​ដ៏​គ្រោះថ្នាក់ ដែល​ត្រូវបាន​ប្រើ ដើម្បី​បង្កើត​ឱ្យ​មាន ‹ អារម្មណ៍​រវើរវាយ › ឬ ឥទ្ធិពល​បន្លំ​អារម្មណ៍​ផ្សេង​ទៀត ដែល​អាច​បង្ក​ឲ្យ​អន្តរាយ​ដល់​រូបកាយ ឬ គំនិត​របស់​អ្នក ។ សារធាតុ​ទាំងនេះ​មួយ​ចំនួន​រួមមាន កញ្ឆា ឱសថ​កម្រិត​ខ្លាំង វេជ្ជ​បញ្ជា ឱសថ​ជាវ​ដោយ​គ្មាន​វេជ្ជ​បញ្ជា និង សារធាតុ​គីមី​ដែល​ប្រើ​នៅ​តាម​ផ្ទះ » (ដើម្បីកម្លាំង​នៃ​យុវជន [ កូន​សៀវភៅ ឆ្នាំ ២០១១ ] ទំព័រ ២៦ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការញៀន​មាន​សភាព​ដូច​គ្នា​ទៅ​នឹង​ផ្លែ​សន្ទូច ដែល​មនុស្ស​ប្រើ​ដើម្បី​ស្ទូច​ត្រី​យ៉ាង​ដូចម្ដេច ?

    2. តើ​ហេតុអ្វី​បាន​ជា​ការញៀន បំផ្លាញ​ភាពរីកចម្រើន​ដ៏​អស់កល្ប​របស់​យើង ?

    3. តើ​ការព្រមាន​ឲ្យ​ចៀសវាង​ពី​សារធាតុ​ញៀន និង អន្តរាយ បាន​ប្រទានពរ​ដល់​ជីវិត​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

អ្នក​នឹង​មាន​ពរ ប្រសិនបើ​អ្នក​សម្រេច​ចិត្ត​នា​ពេល​ឥឡូវ​នេះ ថា​នឹង​មិន​ទទួលទាន​សារធាតុ​ដែល​ផ្ទុយ​ទៅ​នឹង​ពាក្យសម្ដី​នៃ​ប្រាជ្ញា​វាងវៃ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩:១០-១៧

ព្រះ​លើក​ទឹកចិត្ត​ឲ្យ​យើង​ប្រើប្រាស់ រុក្ខជាតិ ផ្លែឈើ សាច់ និង ធញ្ញជាតិ

រូបភាព
ផល​ដំណាំ និង ធញ្ញជាតិ

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩:១០-១៧ដោយ​ស្វែងរក​អាហារ ដែល​ព្រះអម្ចាស់​បាន​លើក​ទឹកចិត្ត​យើង​ឲ្យ​ទទួល​ទាន ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។ យោង​តាម ខទី ១១តើ​យើង​គួរមាន​ឥរិយាបថ​បែប​ណា នៅ​ពេល​យើង​ទទួលទាន​អាហារ​ដែល​ផ្ដល់​សុខភាព​ល្អ​ទាំងនេះ ?

វា​អាច​នឹង​ផ្ដល់​អត្ថប្រយោជន៍​ក្នុង​ការដឹង​ថា « ដោយ​ការប្រុងប្រយ័ត្ន » មាន​ន័យ​ថា ដោយ​ឈ្លាសវៃ និង យក​ចិត្ត​ទុកដាក់ ។ របប​អាហារ​លើស​កម្រិត ឬ គ្មាន​តុល្យភាព ទោះជា​អាហារ​ល្អ​យ៉ាង​ណា​ក្ដី អាច​ជា​អាហារ​ដែល​ពុំ​នាំ​ឲ្យ​មាន​សុខភាព​ល្អ​នោះ​ទេ ។

  1. សូម​សរសេរ​អំពី​អាហារ​ដែល​នាំ​ឲ្យ​មាន​សុខភាព​ល្អ នៅ​ក្រោម​ចំណងជើង « គោលការណ៍ » នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

គំរូ​មួយ​នៃ​ការប្រើប្រាស់​អាហារ​ដោយ​ប្រុង​ប្រយ័ត្ន អាច​ឃើញ​មាន​នៅ​ក្នុង​សេចក្ដី​ណែនាំ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​អំពី​សាច់​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩:១២–១៣ ។ ពាក្យ ដោយ​សំចៃ ណែនាំ​ថា សាច់​ត្រូវ​ប្រើប្រាស់​តាមរបៀប​ដែល​មិន​ខ្ជះខ្ជាយ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩:១៨-២១

ព្រះអម្ចាស់​សន្យា​ថា​នឹង​ប្រទាន​សុខភាព​ល្អ ប្រាជ្ញា និង ការការពារ​ដល់​អ្នក​ដែល​គោរព​តាម​ពាក្យសម្ដី​នៃ​ប្រាជ្ញា​វាងវៃ

សូម​សរសេរ​គោលការណ៍​ខាង​ក្រោមនេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នៅ​ក្រោម​ចំណងជើង « សេចក្ដី​សន្យា » ៖ បើ​យើង​ធ្វើតាម​ពាក្យសម្ដី​នៃ​ប្រាជ្ញា​វាងវៃ នោះ​ព្រះអម្ចាស់​នឹង​ប្រទានពរ​ឲ្យ​យើង​ដោយ​នូវ …

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩:១៨–១៩រួច​ស្វែងរក​ពរជ័យ​មួយ​ចំនួន ដែល​អ្នក​អាច​ទទួល​បាន​ចំពោះ​ការគោរព​ប្រតិបត្តិ​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ។

  1. សូម​ប្រើ​អ្វី​ដែល​អ្នក​បាន​រៀន​ចេញ​ពី ខទី ១៨–១៩ ដើម្បី​បញ្ចប់​ប្រយោគ​ដែល​អ្នក​បាន​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ ( សូម​ទុក​ចន្លោះ​ដើម្បី​សរសេរ​ចូល​ទៅ​ក្នុង ប្រយោគ​នេះ​នៅ​ពេល​ក្រោយ ) ។ បន្ទាប់​មក សូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ៖ តើ​ការគោរព​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ អាច​ជួយ​យើង​ឲ្យ​ទទួល​បាន​ប្រាជ្ញា និង ចំណេះដឹង​បាន​តាម​របៀប​ណា ?

ប្រធាន ប៊យដ៏ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​អំពី​គោលបំណង​ចម្បង​មួយ​នៃ​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« ខ្ញុំ​បាន​ដឹង … ថា គោលបំណង​ចម្បង​នៃ​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ត្រូវ​កើតឡើង​ជាមួយ​នឹង​វិវរណៈ ។…

« បើ​មនុស្ស​ម្នាក់ ‹ នៅ​ក្រោម​ឥទ្ធិពល​នេះ › ស្ទើរ​តែ​មិន​អាច​ស្ដាប់​ការ​និយាយ​ធម្មតា​ផង តើ​ពួក​គេ​អាច​ឆ្លើយតប​ទៅ​នឹង​ការ​បំផុស​គំនិត​ខាង​វិញ្ញាណ ដែល​ធ្វើ​ឲ្យ​អារម្មណ៍​ដ៏​ទន់ភ្លន់​បំផុត​របស់​គេ​រំជួល​ដោយ​របៀប​ណា ?

« ‹ ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាង​វៃ មាន​តម្លៃ​ដូច​ជា​ក្រឹត្យ​វិន័យ​នៃ​សុខភាព​ដែរ វាអាច​មាន​តម្លៃ​សម្រាប់​វិញ្ញាណ​អ្នក ជាង​សម្រាប់​រាងកាយ​អ្នក​ទៅ​ទៀត › (Prayers and Answers,” Ensign,ខែ វិច្ឆិកា ឆ្នាំ ១៩៧៩ ទំព័រ ២០ ) ។

សូម​គិត​អំពី​របៀប​ដែល​ការគោរព​ប្រតិបត្តិ​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ បាន​នាំ​ឲ្យ​អ្នក​រីករាយ​នឹង​ភាព​ជា​ដៃ​គូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​បង្ហាញ​ប្រាជ្ញា និង ចំណេះ​ដឹង​ទៅ​ដល់​អ្នក​ដែល​ស្មោះត្រង់ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩:២០-២១ដោយ​ស្វែងរក​ពរជ័យ​បន្ថែម ដែល​កើតឡើង​ពី​ការធ្វើតាម​ពាក្យសម្ដី​នៃ​ប្រាជ្ញា​វាងវៃ ។ ( គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩:១៨-២១ គឺ​ជា​វគ្គ​ចំណេះចំណាន​ខគម្ពីរ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​វា​នៅ​ក្នុង​របៀប​មួយ ដែល​ជួយ​អ្នក​អាច​ងាយ​រក​វា​ឃើញ​នៅ​ពេល​ខាង​មុខ ) ។

  1. ចេញ​ពី​អ្វី​ដែល​អ្នក​បាន​រៀន​ពី​ខគម្ពីរ​ទាំងនេះ សូម​សរសេរ​ចូល​ទៅ​ក្នុង​ប្រយោគ​ដែល​នៅ​ក្រោម​ចំណងជើង « សេចក្ដី​សន្យា » នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ ( សូម​មើល លេខ​យោង ២១ ដើម្បី​ជួយ​អ្នក​យល់​ឃ្លា « ទេវតា​ដែល​បំផ្លាញ​នឹង​បង្ហួស​ពួកគេ » ។ សេចក្ដី​សន្យា​នៃ​ការថែ​រក្សា​ពី​ស្ថានសួគ៌​នេះ អាច​សំដៅ​ទៅ​លើ​សុវត្ថិភាព​ខាង​សាច់ឈាម​ផង និង ខាង​វិញ្ញាណ​ផង ) ។ បន្ទាប់​មក សូម​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​ដូចតទៅ​នេះ ៖ តើ​នៅ​ពេល​ណា​ខ្លះ ដែល​សេចក្ដី​សន្យា​ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩:១៨–២១ ត្រូវបាន​បំពេញ​នៅ​ក្នុង​ជីវិត​របស់​អ្នក ឬ ជីវិត​របស់​មនុស្ស​ដែល​អ្នក​ស្គាល់ ?

    សូម​ពិចារណា​អំពី​ការដាក់​គោលដៅ ដើម្បី​រស់នៅ​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​ឲ្យ​បាន​កាន់តែ​ប្រសើរ ។

រូបភាព
scripture mastery icon
ចំណេះចំណាន​ខគម្ពីរ—គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៩:១៨-២១

  1. សូម​ចម្លង​ចំណងជើង និង ខគម្ពីរ​យោង​ដែល​មាន​រាយ​នៅ​ខាង​ក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    សុខភាព

    ប្រាជ្ញា

    កម្លាំង

    ការការពារ ។

    គ. និង ស. ៨៩:១៨

    គ. និង ស. ៨៩:១៩

    គ. និង ស. ៨៩:២០

    គ. និង ស. ៨៩:២១

    សូម​ជ្រើសរើស​ខគម្ពីរ​មួយ​ចំណោម​ខគម្ពីរ​ទាំងនេះ ហើយ​ព្យាយាម​ទន្ទេញ​វា​បី​បួន​នាទី ។ រង់ចាំ​មើល​ថាតើ អ្នក​អាច​សូត្រ​ខគម្ពីរ​នេះ​ឲ្យ​សមាជិក​គ្រួសារ ឬ មិត្ត​ភក្ដិ​ម្នាក់​ស្ដាប់​ដែរ​ឬ​ទេ ។ ដើម្បី​ទន្ទេញ​វគ្គ​បទគម្ពីរ​ទាំងមូល​ឲ្យ​ចាំ អ្នក​អាច​នឹង​ចង់​ជ្រើសរើស​ខគម្ពីរ​ដទៃ​ទៀត ហើយ​កំណត់​ពេល​វេលា​មួយ​ដើម្បី​ព្យាយាម​ទន្ទេញ​ខគម្ពីរ​ទាំងនោះ​នៅ​ថ្ងៃ​ក្រោយ ។

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖