ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៦ ៖ ថ្ងៃ​ទី ១ គោលលទ្ធិ និង សេចក្តីសញ្ញា ៧២-៧៤


មេរៀន​ទី ១៦ ៖ ថ្ងៃ​ទី ១

គោលលទ្ធិ និង សេចក្តីសញ្ញា ៧២-៧៤

សេចក្តីផ្តើម

នៅ​ថ្ងៃ​ទី ៤ ខែ ធ្នូ ឆ្នាំ ១៨៣១ ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧២ ជា​កណ្ឌ​ដែល​ព្រះអម្ចាស់​បាន​ហៅ​ប៊ីស្សព​ថ្មី​នៅ​រដ្ឋ អូហៃអូ ហើយ​បាន​បើក​សម្ដែង​ករណីយកិច្ច​មួយ​ចំនួន​របស់​លោក ។ នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៣ត្រូវបាន​ប្រទាន​ឲ្យ​ក្នុង​ខែ មករា ឆ្នាំ ១៨៣២ ព្រះអម្ចាស់​បាន​ណែនាំ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ឲ្យ​ចាប់ផ្ដើម​កិច្ចការ​បកប្រែ​លើ​ព្រះគម្ពីរ​ប៊ីប​ឡើង​វិញ ។ ជា​លទ្ធផល​នៃ​កិច្ចការ​លើ​ព្រះគម្ពីរ​មរមន​របស់​ពួកគាត់​នោះ ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៤ដែល​ជា​ការបកស្រាយ​នៃ កូរិនថូស ទី១ ៧:១៤ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧២:១-៨

ព្រះអម្ចាស់​ហៅ នូវល ខេ វិតនី ធ្វើ​ជា​ប៊ីស្សព​នៅ​រដ្ឋ អូហៃអូ

តើ​អ្នក​ធ្លាប់​បាន​ទទួល​ការហៅ ឬ ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​អ្វី​មួយ​លំបាក នៅ​ក្នុង​សាសនាចក្រ ហើយ​មាន​អារម្មណ៍​ថា លើស​កម្រិត ឬ មិន​មាន​លទ្ធភាព​ធ្វើ​ដែរ​ឬ​ទេ ? សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧២:១–២ដោយ​ស្វែងរក​ការហៅ ដែល​ត្រូវ​តែ​មាន​នៅ​រដ្ឋ អូហៃអូ ( « នៅ​ក្នុង​ផ្នែក​នេះ​នៃ​ចម្ការ​ទំពាំងបាយ​ជូរ​របស់​ព្រះអម្ចាស់ » ) ។

នា​រដូវ​ក្ដៅ​ឆ្នាំ ១៨៣១ ប៊ីស្សព អែតវឺត ប៉ាទ្រិច ដែល​ជា​ប៊ីស្សព​ដំបូង​ត្រូវបាន​ហៅ​នៅ​ក្នុង​សាសនាចក្រ បាន​ផ្លាស់​ទីលំនៅ​ជិត ១៤៤៨ គីឡូម៉ែត្រ ទៅ​ភាគ​ខាង​លិច ពី​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ ទៅ​កាន់​ទីក្រុង អ៊ីនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ដើម្បី​បម្រើ​ជា​ប៊ីស្សព​នៅ​ទីក្រុង ស៊ីយ៉ូន ។ ជា​លទ្ធផល ព្រះអម្ចាស់​បាន​ប្រកាស​រដ្ឋ អូហៃអូ ត្រូវ​ការ​ប៊ីស្សព​ថ្មី ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧២:៣–៦រួច​ស្វែងរក​ឃ្លា ដែល​ពន្យល់​អំពី​មូលហេតុ​ដែល​ពួក​បរិសុទ្ធ​នៅ​រដ្ឋ អូហៃអូ ដែល​ជា​អ្នក​កាន់កាប់​ត្រួតត្រា​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ ត្រូវការ​ប៊ីស្សព ។ ( អ្នក​ត្រូវបាន​បង្រៀន​ឲ្យ​ស្គាល់​ក្រឹត្យវិន័យ​នៃ​ការថ្វាយ​នៅ​ក្នុង « មេរៀន​ទី ១០ ៖ ថ្ងៃ​ទី ៣ » នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:៣០–៤២ នៅ​ក្នុង​សៀវភៅ​មេរៀន​នេះ ) ។

សូម​ពិចារណា​អំពី​របៀប​ដែល​ប៊ីស្សព និង ប្រធាន​សាខា​របស់​អ្នក ជួយ​អ្នក​ឲ្យ​រ៉ាប់រង​លើ​ការទទួល​ខុសត្រូវ ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ​នា​ពេល​បច្ចុប្បន្ន​នេះ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧២:៧-៨រួច​កត់ចំណាំ​អំពី​បុគ្គល ដែល​ព្រះអម្ចាស់​បាន​ហៅ​ឲ្យ​ធ្វើ​ជា​ប៊ីស្សព​ថ្មី​នៅ​រដ្ឋ អូហៃអូ ។

រូបភាព
យ៉ូសែប ស៊្មីធ និង នូវល ខេ វិតនី

នៅ​ពេល នូវល ខេ វិតនី ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​ជា​ប៊ីស្សព​នៅ​រដ្ឋ អូហៃអូ នោះ​គាត់​បាន​មាន​អារម្មណ៍​ថា​មិន​សក្ដិសម​ដើម្បី​បម្រើ​នៅ​ក្នុង​តំណែង​នេះ​ទេ ។ ព័ត៌មាន​ខាង​ក្រោម​នេះ បាន​មក​ពី​ចៅ​ប្រុស​របស់​គាត់​គឺ អែលឌើរ អួសុន អែហ្វ វិតនី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ជួយ​យើង​ឲ្យ​យល់​អំពី​របៀប​ដែល នូវល ខេ វិតនី បាន​មាន​អារម្មណ៍ និង អ្វី​ដែល​គាត់​បាន​ស្វែងយល់​អំពី​ថា​តើ​ការហៅ​របស់​គាត់​នេះ គឺ​បាន​មក​ពី​ណា ៖

រូបភាព
អួសុន អែហ្វ វិតនី

« គំនិត​នៃ​ការសន្មត់​អំពី​ការទទួល​ខុសត្រូវ​ដ៏​មាន​សារៈសំខាន់​នេះ ( តំណែង​ជា​ប៊ីស្សព ) ស្ទើរតែ​មាន​កម្រិត​លើស​ពី​អ្វី​ដែល​គាត់​អាច​ទទួល​យក​ទៅ​ទៀត ។ ទោះជា​ក្នុង​អំណោយ​ទាន​ពី​ធម្មជាតិ ដែល​បុរស​មួយ​ចំនួន​មាន​គុណសម្បត្តិ​ចំពោះ​តំណែង​នេះ​យ៉ាង​ណា​ក្ដី ក៏​គាត់​នៅ​តែ​មិន​ទុកចិត្ត​លើ​សមត្ថភាព​ខ្លួនឯង ហើយ [ បាន​មាន​អារម្មណ៍ ] ថា​មិន​មាន​លទ្ធភាព​ទទួល​យក​ការទុក​ព្រះទ័យ​ដ៏​ខ្ពង់ខ្ពស់ និង ដ៏​បរិសុទ្ធ​នេះ​ដែរ ។ គាត់​បាន​ថ្លែង​ប្រាប់​ព្យាការី ដោយ​ភាពអល់អែក ៖

« ‹ បងប្រុស យ៉ូសែប ខ្ញុំ​ពុំ​អាច​មើល​ឃើញ​ខ្លួនឯង​ថា​សម​ជា​ប៊ីស្សព​នោះ​ទេ ប៉ុន្តែ បើ​បងប្រុស​មាន​ប្រសាសន៍​ថា នេះ​គឺ​ជា​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់​ហើយ​នោះ ខ្ញុំ​នឹង​ព្យាយាម › ។

« ព្យាការី​បាន​បន្លឺ​តប​ទៅ​វិញ​ថា ‹ បងប្រុស ពុំ​ចាំបាច់​គ្រាន់តែ​ស្ដាប់​តាម​ពាក្យ​សម្ដី​របស់​ខ្ញុំ​ប៉ុណ្ណោះ​ទេ សូម​ទៅ ហើយ​ទូល​សួរ​ដល់​ព្រះវរបិតា​ដោយ​ខ្លួន​បងប្រុស​ផ្ទាល់​ចុះ › ។

« នូវល… បាន​សម្រេច​ចិត្ត​ធ្វើ​តាម​អ្វី​ដែល [ ព្យាការី ] បាន​ទូន្មាន ។ ការអធិស្ឋាន​ដ៏​រាបសា និង ស្មោះ​អស់​ពី​ចិត្ត​របស់​គាត់​ត្រូវបាន​ឆ្លើយ​តប ។ នា​រាត្រី​ដ៏​សែន​ស្ងាត់ និង ក្នុង​បន្ទប់​ដាច់​តែ​ឯង គាត់​បាន​ឮ​សំឡេង​មួយ​ចេញ​មក​ពី​ស្ថានសួគ៌ ៖ ‹ ភាពរឹងមាំ​របស់​អ្នក ស្ថិត​នៅ​លើ​យើង › ។ ព្រះបន្ទូល​ទាំងនេះ​មាន​តែ​ប៉ុន្មាន​ម៉ាត់​ប៉ុណ្ណោះ ហើយ​ងាយ​យល់ ប៉ុន្តែ មាន​អត្ថន័យ​ជ្រាលជ្រៅ ។ មន្ទិល​របស់​គាត់​បាន​រលាយ​សាបសូន្យ​ទៅ ដូចជា​ទឹកសន្សើម​ត្រូវ​ពន្លឺ​ថ្ងៃ​ដូច្នោះ​ដែរ ។ គាត់​បាន​ទៅ​ជួប​ព្យាការី ជម្រាប​លោក​ថា គាត់​មាន​ចិត្ត​សោមនស្ស ហើយ​មាន​ឆន្ទៈ​នឹង​ទទួល​យក​តំណែង ដែល​គាត់​ត្រូវបាន​ហៅ​នោះ » ( នៅ​ក្នុង B. H. Roberts, A Comprehensive History of the Church ១:២៧១ ) ។

  1. សូម​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​ដូចតទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ សូម​ស្រមៃ​ថា មិត្ត​ភក្ដិ ឬ សមាជិក​គ្រួសារ​ម្នាក់ ទទួល​បាន​ការហៅ​ឲ្យ​បម្រើ​នៅ​ក្នុង​សាសនាចក្រ ហើយ​មាន​អារម្មណ៍​ថា​លើស​កម្រិត ហើយ​មិន​មាន​លទ្ធភាព​បំពេញ​ការហៅ​នោះ ។ ដោយ​ផ្អែក​ទៅ​លើ​អ្វី ដែល​អ្នក​បាន​រៀន​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧២ និង បទពិសោធន៍ ដែល នូវល ខេ វិតនី បាន​មាន​ចំពោះ​ការហៅ​របស់​គាត់ សូម​សរសេរ​ដំបូន្មាន ឬ ទីបន្ទាល់ ពីរ​បី​ប្រយោគ​ដែល​អ្នក​នឹង​ផ្ដល់​ឲ្យ ដើម្បី​ជួយ​បុគ្គល​នេះ ឲ្យ​មាន​អារម្មណ៍​ទុកចិត្ត​ក្នុង​ការទទួល​យក ហើយ​បំពេញ​ការហៅ​នេះ ។

ប្រធាន ហិនរី ប៊ី អាវរិង ក្នុង​គណៈ​ប្រធាន​ទីមួយ ក៏​បាន​បង្រៀន​អំពី​ប្រភព​នៃ​ការហៅ​ឲ្យ​បម្រើ​នៅ​ក្នុង​សាសនាចក្រ​ដែរ ៖

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

« ខ្ញុំ​សូម​ទូន្មាន​ដល់​មនុស្ស​គ្រប់​គ្នា​ទាំង បុរស ឬ ស្ត្រី ក្មេង​ស្រី ឬ ក្មេង​ប្រុស ដែល​ត្រូវបាន​ហៅ ឬ នឹង​ត្រូវបាន​ហៅ ។ មាន​រឿង​មួយ​ចំនួន ដែល​អ្នក​ត្រូវតែ​ដឹង ដែល​ជា​ការរឿង​ពិត ។…

« ដំបូង អ្នក​ត្រូវបាន​ហៅ​ដោយ​ព្រះ ។ ព្រះអម្ចាស់​ស្គាល់​អ្នក ។ ទ្រង់​ស្គាល់​អ្នក​ដែល​ទ្រង់​មាន​ព្រះទ័យ​ឲ្យ​បម្រើ នៅ​ក្នុង​គ្រប់​តួនាទី​ក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ ទ្រង់​បាន​រើស​អ្នក ។… បុគ្គល​ដែល​ត្រូវបាន​បំផុត​គំនិត​ឲ្យ​ស្នើ​ដល់​អ្នក​ចំពោះ​ការហៅ​នេះ ពុំ​បាន​ធ្វើ​ដូច្នោះ​ដោយសារតែ ពួកគាត់​ចូលចិត្ត​អ្នក ឬ ពួកគាត់​ត្រូវការ​នរណាម្នាក់​ឲ្យ​ធ្វើ​កិច្ចការ​ជាក់លាក់​ណាមួយ​ឡើយ ។ ពួកគាត់​បាន​អធិស្ឋាន ហើយ​បាន​ទទួល​ចម្លើយ​ថា អ្នក​គឺ​ជា​បុគ្គល​ដែល​ត្រូវ​តែ​បាន​ហៅ ។

« បុគ្គល​ដែល​បាន​ហៅ​អ្នក ពុំ​ផ្ដល់​ការហៅ​នោះ​ឲ្យ​អ្នក​ដោយ​ធម្មតា​នោះ​ទេ ព្រោះ​គាត់​បាន​ស្វែងយល់​ដោយ​បទសម្ភាសន៍​ជាមួយ​អ្នក​ថា អ្នក​មាន​ភាពសក្ដិសម និង មាន​ឆន្ទៈ​ក្នុង​ការបម្រើ ។ គាត់​បាន​អធិស្ឋាន​ដើម្បី​ដឹង អំពី​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់​ដែល​មាន​សម្រាប់​អ្នក ។ វា​គឺ​ជា​ការអធិស្ឋាន និង វិវរណៈ​ដែល​បាន​ប្រទាន​ដល់​ពួកអ្នក​ដែល​មាន​សិទ្ធិអំណាច​របស់​ព្រះអម្ចាស់ ដែល​នាំ​ឲ្យ​អ្នក​មក​កាន់​តំណែង​នេះ » ( « Rise to Your Call » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០២ ទំព័រ ៧៥–៧៦ ) ។

  1. សូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ការយល់​ថា ការហៅ​ឲ្យ​បម្រើ​នៅ​ក្នុង​សាសនាចក្រ​របស់​អម្ចាស់ គឺ​ចេញ​មក​ពី​ព្រះ អាច​ជួយ​អ្នក​ឲ្យ​ទទួលយក ហើយ​ខិតខំ​បំពេញ​ការហៅ​របស់​អ្នក​ដោយ​ឧស្សាហ៍​ព្យាយាម​យ៉ាង​ដូចម្ដេច ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧២:៩-២៦

ព្រះអម្ចាស់​ពន្យល់​អំពី​ករណីយកិច្ច​របស់​ប៊ីស្សព

  1. សូម​រាយ​ជា​បញ្ជី​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​ករណីយកិច្ច និង ការទទួលខុសត្រូវ​ទាំងអស់​នៃ​ប៊ីស្សព និង ប្រធាន​សាខា ដែល​អ្នក​អាច​គិត​ឃើញ ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧២:៩–២៦ព្រះអម្ចាស់​បាន​បើកសម្ដែង​ករណីយកិច្ច​មួយ​ចំនួន​របស់​ប៊ីស្សព នូវល ខេ វិតនី ។ ករណីយកិច្ច​ដែល​ព្រះអម្ចាស់​បាន​ប្រទាន គឺ​ទាក់ទង​ជា​ចម្បង​ទៅ​នឹង​តួនាទី​របស់​ប៊ីស្សព វិតនី នៅ​ក្រោម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការទទួលខុសត្រូវ​មួយ​ចំនួន​នៃ​ប៊ីស្សព និង ប្រធាន​សាខា​នៅ​ក្នុង​សាសនាចក្រ​សព្វថ្ងៃ​នេះ ទាក់ទង​ទៅ​នឹង​ករណីយកិច្ច​ទាំងនេះ​នៃ​ប៊ីស្សព​ដំបូង​បង្អស់​នៃ​សាសនាចក្រ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧២:១០–១២ដោយ​ស្វែងរក​ករណីយកិច្ច ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​ដល់​ប៊ីស្សព វិតនី ។ សូម​គូស​រង្វង់​លើ​ករណីយកិច្ច​ទាំងឡាយ​ណា ដែល​អ្នក​បាន​រាយ​ក្នុង​បញ្ជី​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ដែល​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ករណីយកិច្ច​ដែល​មាន​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ។

ករណីយកិច្ច​មួយ​ចំនួន ដែល​ព្រះអម្ចាស់​បាន​បង្គាប់​ដល់​ប៊ីស្សព វិតនី ឲ្យ​បំពេញ មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ការទទួលខុសត្រូវ ដែល​តម្រូវ​ឲ្យ​ប៊ីស្សព​ធ្វើ​នា​ពេល​សព្វថ្ងៃ​នេះ​ដែរ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧២:១៦–១៨ដោយ​ស្វែងរក​អ្វី​ដែល​ប៊ីស្សព វិតនី ត្រូវ​ផ្ដល់​ឲ្យ​សមាជិក​ដែល​ផ្លាស់​ទីលំនៅ​ទៅ​កាន់​រដ្ឋ មិសសួរី ។

ពួកបរិសុទ្ធ​ដែល​ផ្លាស់​ទីលំនៅ​ទៅ​រដ្ឋ មិសសួរី ត្រូវ​កាន់​បណ្ណ​ទៅ​ឲ្យ​ប៊ីស្សព ប៉ាទ្រិច ដែល​ជា​ប៊ីស្សព​នៃ​ទីក្រុង ស៊ីយ៉ូន ដោយ​បញ្ជាក់​ថា ពួកគេ​សក្ដិសម​នឹង​ទទួល​មរតក​ទីក្រុង ស៊ីយ៉ូន ។ នា​ពេល​បច្ចុប្បន្ន​នេះ បណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដើរ​តួរ​ជា « បណ្ណ » ដែល​ប៊ីស្សព និង ប្រធាន​សាខា​ផ្ដល់​ឲ្យ​សមាជិក ដើម្បី​បញ្ជាក់​អំពី​ភាពសក្ដិសម​របស់​ពួកគេ ហើយ​អនុញ្ញាត​ឲ្យ​ពួកគេ​ចូល​ទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

យើង​រៀន​ចេញ​ពី​វិវរណៈ​នេះ ដែល​ទាក់ទង​នឹង​ករណីយកិច្ច​របស់​ប៊ីស្សព វិតនី ថា ប៊ីស្សព និង ប្រធាន​សាខា គ្រប់គ្រង​កិច្ចការ​ខាង​សាច់ឈាម និង ខាង​វិញ្ញាណ​នៃ​សាសនាចក្រ នៅ​ក្នុង​វួដ និង សាខា​របស់​ពួកគាត់ ។ ( ពាក្យ ខាង​សាច់ឈាម សំដៅ​ទៅ​លើ​កិច្ចការ​ទាំងឡាយ​ទាក់ទង​នឹង​ជីវិត​រូបកាយ​មាន​ដូចជា សម្លៀកបំពាក់ អាហារ ទ្រព្យធន និង ប្រាក់កាស ) ។

សូម​ពិចារណា​អំពី​របៀប​ដែល ជីវិត​របស់​អ្នក​មាន​ពរ​ដោយសារ​ព្រះអម្ចាស់​បាន​ហៅ​ប៊ីស្សព ឬ ប្រធាន​សាខា​របស់​អ្នក ឲ្យ​បម្រើ​អ្នក និង ក្រុមគ្រួសារ​របស់​អ្នក ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៧៣

ព្រះអម្ចាស់​ណែនាំ​ឲ្យ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បន្ត​ការបកប្រែ​លើ​ព្រះគម្ពីរ​ប៊ីប

រូបភាព
យ៉ូសែប ស៊្មីធ បកប្រែ​ព្រះគម្ពីរ​ប៊ីប

សូម​អាន​សេចក្ដី​ណែនាំ​អំពី​កណ្ឌ​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ៧៣រួច​ស្វែងរក​អ្វី​ដែល​ព្យាការី យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បាន​ធ្វើ ចាប់តាំង​ពី​ដើម​ខែ​ធ្នូ ឆ្នាំ ១៨៣១ ។

យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បាន​ផ្សាយ ដើម្បី​ជួយ​តតាំង​ទៅ​នឹង​ព័ត៌មាន​ខុសឆ្គង​អំពី​សាសនាចក្រ ដែល​ជា​លទ្ធផល​នៃ​ការបោះពុម្ព​ផ្សាយ​នៃ​លិខិត​របស់ អែសរ៉ា ប៊ូត ។ នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៣:១–២ព្រះអម្ចាស់​បាន​បើកសម្ដែង​ថា ពួក​អែលឌើរ​ដែល​បាន​កំពុង​ផ្សាយ​ផងដែរ​នោះ ត្រូវ​បន្ត​ផ្សាយ​រហូត​ដល់​សន្និសីទ​លើក​ក្រោយ ។ សន្និសីទ​នេះ​បាន​ប្រព្រឹត្ត​ទៅ នៅ​ពីរ​សប្ដាហ៍​ក្រោយ​មក​ទៀត ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៣:៣-៤ដោយ​ស្វែងរក​កិច្ចការ ដែល​ព្រះអម្ចាស់​បញ្ជា​ឲ្យ យ៉ូសែប និង ស៊ីឌនី ផ្ដោត​អារម្មណ៍​នៅ​ពេល​នោះ ។ « កិច្ចការ​នៃ​ការបកប្រែ​នេះ » យ៉ូសែប និង ស៊ីឌនី ត្រូវ​ចាប់ផ្ដើម​ផ្ដោត​អារម្មណ៍​ម្ដង​ទៀត​ទៅ​លើ​កំណែ​ដ៏​បំផុសគំនិត​នៃ​ព្រះគម្ពីរ​ប៊ីប ។ សព្វថ្ងៃ​នេះ កំណែ​ដ៏​បំផុសគំនិត​របស់​ព្យាការី យ៉ូសែប ស៊្មីធ មាន​នៅ​ក្នុង​លេខ​យោង ( JST ) ពាសពេញ​ព្រះគម្ពីរ​ប៊ីប និង នៅ​ក្នុង​ជំពូក​នៃ​សេចក្ដី​បន្ថែម​របស់​ព្រះគម្ពីរ​ប៊ីប ( ការបកប្រែ​របស់ យ៉ូសែប ស្ម៊ីធ ) ។ ព្រះគម្ពីរ​ម៉ូសេ និង យ៉ូសែប ស្ម៊ីធ—ម៉ាថាយ នៅ​ក្នុង មុក្តា​ដ៏​មាន​តម្លៃ​មហិមា ក៏​បាន​មក​ពី​ការបកប្រែ​ដ៏​បំផុសគំនិត​ដែរ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៧៤

ព្រះអម្ចាស់​បកស្រាយ​អត្ថន័យ​នៃ កូរិនថូស ទី១ ៧:១៤

សូម​ស្រមៃ​ថា​អ្នក​កំពុង​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង សម្រាប់​សាសនាចក្រ ។ ខណៈ​ពេល​អ្នក​កំពុង​តែ​បង្រៀន​គូស្វាមី​ភរិយា​មួយ​គូ ដែល​កំពុង​ស្វែងយល់​អំពី​សាសនាចក្រ នោះ​អ្នក​ទទួល​ដំណឹង​ថា ពួកគេ​បាន​មាន​កូនប្រុស​ម្នាក់​បាន​ស្លាប់ កាល​នៅ​អាយុ​ទើបតែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ។ អ្នក​ដឹកនាំ​សាសនា​របស់​គូ​ស្វាមី​ភរិយា​នោះ​បាន​ប្រាប់​ពួកគេ​ថា កូន​នោះ​មិន​អាច​គ្រង​ស្ថានសួគ៌​បាន​ឡើយ ព្រោះ​គាត់​ពុំ​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​ពីមុន​បាត់បង់​ជីវិត​នោះ​ទេ ។ ឪពុកម្ដាយ​រូប​នោះ​ក្រៀមក្រំ​យ៉ាង​ខ្លាំង​ដោយសារតែ​ការបាត់បង់​កូន​របស់​ខ្លួន និង ដោយសារតែ​ពួកគេ​ជឿ​ថា ទារក​តូច​នោះ​បាន​បាត់បង់​សេចក្ដី​សង្គ្រោះ​ហើយ ។

តើ​អ្នក​នឹង​ថ្លែង​ដូចម្ដេច ទៅ​កាន់​ពួកគេ ? ( អ្នក​នឹង​មាន​ឱកាស​សរសេរ​ចម្លើយ​របស់​អ្នក នៅ​ពេល​ក្រោយ​អំឡុង​ពេល​មេរៀន​នេះ ) ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៧៤ មាន​នូវ​ការបកស្រាយ​អំពី កូរិនថូស ទី១ ៧:១៤ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៤:១ដែល​ជា​ប្រសាសន៍​របស់​សាវក ប៉ុល ចេញ​ពី កូរិនថូស ទី១ ៧:១៤ ។ ពាក្យ ដែល​មិន​ជឿ នៅ​ក្នុង ខទី ១ សំដៅ​ទៅ​លើ​ពួក​សាសន៍​យូដា ដែល​ពុំ​បាន​ទទួល​យក​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ប៉ុល ពុំ​មែន​មាន​ប្រសាសន៍​ថា បុគ្គល​ម្នាក់​អាច​ត្រូវបាន​សង្គ្រោះ​ដោយសារ​ប្ដី ឬ ប្រពន្ធ​ដ៏​សុចរិត​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ ការប្រែចិត្ត​ជឿ​របស់​ប្ដី ឬ ប្រពន្ធ អាច​នាំ​ឲ្យ​មាន​ឥទ្ធិពល​នៃ​ការញែក​ឲ្យ​បរិសុទ្ធ​ទៅ​ដល់​ក្រុម​គ្រួសារ ។ ឃ្លា « ពុំ​នោះ​កូនចៅ​គេ​មិន​ស្អាត​ទេ » នៅ​ក្នុង កូរិនថូស ទី១ ៧:១៤ ត្រូវបាន​គេ​ប្រើ​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា ការអនុវត្ត​នៃ​ពិធីបុណ្យជ្រមុជទឹក​របស់​គេ​នោះ សម្រាប់​ក្មេង​តូចៗ​ជា​ការត្រឹមត្រូវ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៤:២–៦ ដោយ​ស្វែងរក​បញ្ហា​ទាំងឡាយ ដែល​បាន​កើតឡើង​នៅ​ជំនាន់​របស់​សាវក ប៉ុល កាល​ប្រពន្ធ​ដែល​បាន​រៀបការ បាន​ប្រែចិត្ត​ជឿ​លើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ប្ដី​នៅ​តែ​អនុវត្ត ក្រឹត្យវិន័យ​នៃ​លោក​ម៉ូសេ ។

ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ បាន​បំពេញ​ក្រឹត្យវិន័យ​នៃ​លោក​ម៉ូសេ ហើយ​ការកាត់ស្បែក​ក៏​ពុំ​តម្រូវ​ឲ្យ​មាន​ទៀត​ដែរ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួក​សាសន៍យូដា​ដែល​បាន​គោរព​តាម​ក្រឹត្យវិន័យ​នៃ​លោក​ម៉ូសេ ជឿ​ថា កុមារា​ម្នាក់​ពុំ​មាន​ភាពស្អាតស្អំ​បាន​ឡើយ លើកលែង​តែ​កុមារា​នោះ​កាត់ស្បែក ដែល​ជា​ធម្មតា​ត្រូវបាន​ធ្វើ​ឡើង​នៅ​អាយុ​ប្រាំ​បី​ថ្ងៃ ។ នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៤:២–៦ ព្រះអម្ចាស់​បាន​ពន្យល់​អំពី​របៀប ដែល​ជំនឿ​ដ៏​ខុសឆ្គង​នេះ​ទាក់ទង​នឹង​ស្ថានភាព​ខាង​វិញ្ញាណ​របស់​កុមារ និង របៀប​ដែល​ការអនុវត្ត​ការកាត់ស្បែក​បាន​បណ្ដាល​ឲ្យ​មាន​បញ្ហា​កើតឡើង​នៅ​ក្នុង​ក្រុមគ្រួសារ ដែល​មាន​តែ​ឪពុក ឬ ម្ដាយ​ជឿ​ទៅ​លើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង ទៅ​លើ​ក្រឹត្យវិន័យ​នៃ​លោក​ម៉ូសេ ។ វិវាទ​ខាង​ជំនឿ​សាសនា និង ការប្រតិបត្តិ​ស្រដៀង​នេះ អាច​កើត​មាន​នា​ពេល​បច្ចុប្បន្ន​នេះ នៅ​ក្នុង​ក្រុមគ្រួសារ​ដែល​មាន​ប្ដី ឬ ប្រពន្ធ​ជា​សមាជិក​សាសនាចក្រ និង មិនមែន​សមាជិក ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៤:៧ រួច​ពិចារណា​អំពី​ការគូសចំណាំ​គោលលទ្ធិ ដែល​ព្រះអម្ចាស់​បាន​បង្រៀន​អំពី​កូន​ក្មេង ។ ក្រោយ​មក សូម​អាន មរ៉ូណៃ ៨:៨–១២ ។ សូម​ពិចារណា​អំពី​របៀប​ដែល​ខគម្ពីរ​ទាំងនេះ អនុវត្ដ​ចំពោះ​ស្ថានភាព​នៃ​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​បាន​លើកឡើង​ពី​ដំបូង ។ អ្នក​អាច​នឹង​ចង់​សរសេរ មរ៉ូណៃ ៨:៨–១២ ជា​ខគម្ពីរ​យោង​នៅ​ក្បែរ គោលលទ្ធិ និង សេចក្តីសញ្ញា ៧៤:៧ ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​អ្វី​ដែល​អ្នក​នឹង​បង្រៀន​ដល់​ប្ដី​ប្រពន្ធ​ដែល​បាន​រៀបការ​ហើយ ដែល​ជឿ​ថា ទារក​របស់​ពួកគេ​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ ពុំ​អាច​គ្រង​ស្ថានសួគ៌​បាន ។ តើ​អ្នក​នឹង​ជួយ​ពួកគេ​ឲ្យ​យល់​តាម​របៀប​ណា អំពី​គោលលទ្ធិ ដែល​បាន​បង្រៀន​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ​ដែល​ថា កូន​ក្មេង​សុទ្ធ​តែ​បរិសុទ្ធ ដែល​ត្រូវបាន​ញែក​ឲ្យ​បរិសុទ្ធ​តាម​រយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ?

អែលឌើរ សាយអាន អែម បូវែន ក្នុង​កូរ៉ុម​នៃ​ពួក​ចិតសិប​នាក់ បាន​ចែកចាយ​បទពិសោធន៍​មួយ ដែល​គាត់​មាន​កាល​នៅ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​ក្នុង​ប្រទេស ឈីលី ។ សូម​កត់ចំណាំ​អំពី​លទ្ធផល ដែល​ការរៀន​អំពី​គោលលទ្ធិ​ពិត​ដែល​ប្រាប់​ថា កូនក្មេង​ត្រូវបាន​ញែក​ឲ្យ​បរិសុទ្ធ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​នោះ បាន​មាន​ចំពោះ​ស្ត្រី​ដែល​អែលឌើរ បូវែន និង ដៃគូ​របស់​គាត់​បាន​បង្រៀន ។

រូបភាព
អែលឌើរ សាយអាន អែម បូវែន

« បងស្រី រ៉ាម៉ៃរ៉េស បាន​រៀន​មេរៀន​យ៉ាង​ឆាប់រហ័ស ។ គាត់​ចង់រៀន​គោលលទ្ធិ​ទាំង​អស់​ដែល​យើង​បាន​បង្រៀន ។ នា​ល្ងាច​មួយ នៅពេល​យើង​កំពុង​ពិភាក្សា​ពី​ការ​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ​ទារក យើង​បាន​បង្រៀន​ថា កុមារ​តូចៗ​គ្មាន​បាបទេ ហើយ​មិន​ត្រូវ​ការ​ពិធីបុណ្យ​ជ្រមុជទឹក​ឡើយ ។ យើង​បាន​អញ្ជើញ​ឲ្យ​គាត់​អាន​ព្រះគម្ពីរ​មរ៉ូណៃ [មរ៉ូណៃ ៨:១០–១២ ] ។…

« បន្ទាប់​ពី​ការ​អាន​ខគម្ពីរនេះ បងស្រី រ៉ាម៉ៃរ៉េស ចាប់​ផ្ដើមយំ ។ ដៃគូខ្ញុំ និង​ខ្ញុំ​មាន​អារម្មណ៍​ច្របូក​ច្របល់ ។ ខ្ញុំ​បាន​សួរ​ថា ‹ បងស្រី រ៉ាម៉ៃរ៉េស តើ​យើង​បាន​និយាយ ឬ​ធ្វើ​អ្វីមួយ​ដែលធ្វើ​ឲ្យ​បង​អន់ចិត្ត​ឬ ? ›

គាត់​បាន​និយាយ​ថា « អូ៎ ទេ អែលឌើរ ពុំ​បាន​ធ្វើ​អ្វី​ខុស​ទេ ។ កាល​ពីប្រាំមួយឆ្នាំ​មុន ខ្ញុំ​មាន​កូនប្រុស​តូច​ម្នាក់ ។ គេ​បាន​ស្លាប់​មុន​ពេល​យើង​ឲ្យ​គាត់​ទទួល​បុណ្យជ្រមុជទឹក ។ សង្ឃ​របស់​យើង​បាន​ប្រាប់​យើង​ថា ដោយ​សារ​គាត់​ពុំ​បាន​ទទួល​បុណ្យជ្រមុជទឹក នោះ​គេ​នឹង​ទៅ​នៅ​កន្លែងឃុំឃាំង​ជា​រៀងរហូត ។ អស់រយៈពេល​ប្រាំ​មួយ​ឆ្នាំហើយ ដែល​ខ្ញុំ​រែកនូវ​បន្ទុក និង​កំហុស​នោះ ។ បន្ទាប់​ពី​អាន​ខគម្ពីរ​នេះ​ហើយ ខ្ញុំ​ដឹង​ដោយ​អំណាច​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា វា​គឺជា​ការ​ពិត ។ ខ្ញុំ​បាន​ដឹង​ថា ទម្ងន់​ដ៏ធ្ងន់​បាន​ដក​ចេញ​ពី​ខ្ញុំ ហើយ​ទាំង​នេះ​គឺ​ជា​ទឹកភ្នែក​នៃ​ក្ដី​អំណរ › ។…

បន្ទាប់ពី​គាត់​រងទុក្ខ​ក្នុង​ទុក្ខព្រួយ និង​ការ​ឈឺចាប់​ដែល​ស្ទើរ​តែ​ពុំ​អាច​រែក​ពន់​បាន​អស់រយៈ​ពេល​ប្រាំមួយ​ឆ្នាំ គោលលទ្ធិ​ពិត​ដែល​បាន​បើក​សម្ដែង​ដោយ​ព្រះវរបិតាសួគ៌​ជាទី​ស្រឡាញ់ តាមរយៈព្យាការី​នៅ​រស់ នាំ​មកនូវ​ភាព​សុខសាន្ដ​ដ៏​ផ្អែមល្ហែម​ដល់​ស្ត្រី​ដែល​រងទុក្ខ​នេះ ។ ដោយ​មិន​ចាំបាច់​និយាយ បងស្រី រ៉ាម៉ៃរ៉េស និង​កូនៗ​របស់គាត់​ដែល​មាន​អាយុ​ប្រាំបី​ឆ្នាំ​ឡើងទៅ បាន​ទទួល​បុណ្យជ្រមុជទឹក » ( « Because I Live, Ye Shall Live Also » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១២, ទំព័រ ១៥–១៦ ) ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៧២-៧៤ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖