ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២៩ ៖ ថ្ងៃទី ៤ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៥


មេរៀន​ទី ២៩ ៖ ថ្ងៃទី ៤

គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៥

បុព្វកថា

នៅ​ថ្ងៃ​ទី ២៧ ខែ មិថុនា ឆ្នាំ ១៨៤៤ ព្យាការី យ៉ូសែប ស៊្មីធ និង បងប្រុស ហៃរុម ដែល​ជា​ជំនួយការ​ប្រធាន និង ជា​លោកអយ្យកោ​នៃ​សាសនាចក្រ​នោះ ត្រូវ​គេ​ធ្វើ​ឃាត​នៅ​ក្រុង​កាតធេច រដ្ឋ អិលលីណោយ ។ កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​អនុមតិ​ចេញ​សេចក្ដី​ប្រកាស​មួយ​អំពី ទុក្ករកម្ម​នោះ​ដើម្បី​បញ្ចូល​ទៅ​ក្នុង​សេចក្ដី​បញ្ចប់​នៃ​គោលលទ្ធិ និង សេចក្តីសញ្ញា​ដែល​បោះពុម្ព​ក្នុង​ឆ្នាំ ១៨៤៤ ដែល​បាន​ហៀប​នឹង​បោះពុម្ព​រួចរាល់​ហើយ​នោះ ។ សេចក្ដី​ប្រកាស​នោះ​សរសេរ​តាម​ដំណើររឿង​ដែល​អែលឌើរ យ៉ូហាន ថេលើរ និង វិលឡឺឌ រិចឺត្យ ជា​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់ បាន​ឃើញ​ដោយ​ផ្ទាល់ភ្នែក ។ សព្វថ្ងៃ វិវរណៈ​នេះ​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៥ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣៥

ទុក្ករកម្ម​របស់​យ៉ូសែប និង ហៃរុម ស៊្មីធ ត្រូវបាន​ប្រកាស

សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៥:១ ។ សូម​ស្រមៃ​ថា អ្នក​គឺ​ជា​សមាជិក​សាសនាចក្រ​ម្នាក់​រស់នៅ​ទីក្រុង ណៅវូ រដ្ឋ អិលលីណោយ ក្នុង​ឆ្នាំ ១៨៤៤ រួច​សូម​គិត​ថាតើ​អ្នក​អាច​នឹង​មាន​អារម្មណ៍​ដូចម្ដេច នៅ​ពេល​បាន​ឮ​ដំណឹង​ដ៏​ខ្លោចផ្សា​នេះ ។

ពួក​បរិសុទ្ធ​ជា​ច្រើន​បាន​សោកសៅ​ជា​ខ្លាំង​ពន់ពេក នៅ​ពេល​បាន​ទទួល​ដំណឹង​អំពី​មរណភាព​របស់ យ៉ូសែប និង ហៃរុម ស៊្មីធ ។ សូម​គិត​អំពី​អារម្មណ៍ និង ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​អ្នក​អំពី​ព្យាការី យ៉ូសែប ស៊្មីធ នៅ​ពេល​អ្នក​ទទួល​ដំណឹង​អំពី​ថ្ងៃ​ចុងក្រោយ​នៃ​ជីវិត​របស់​លោក ។

យ៉ូសែប ស៊្មីធ និង ពួក​បរិសុទ្ធ​បាន​រស់នៅ​យ៉ាង​សុខសាន្ត​នៅ​រដ្ឋ អិលលីណោយ អស់​រយៈពេល​ប្រហែល​បី​ឆ្នាំ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ត្រឹម​ឆ្នាំ ១៨៤២ ពួកគាត់​បាន​ចាប់ផ្ដើម​ជួប​ប្រទះ​នឹង​សេចក្ដី​ទំនាស់​សាជាថ្មី ។ អ្នក​ប្រឆាំង​នៅ​ក្នុង​សាសនាចក្រ និង បក្សប្រឆាំង​នៅ​ខាង​ក្រៅ​សាសនាចក្រ​បាន​រួមកម្លាំង​គ្នា​ប្រឆាំង​នឹង​ព្យាការី ព្រម​ទាំង​សាសនាចក្រ ។ ប្រជាពលរដ្ឋ​ទីក្រុង អិលលីណោយ បាន​ចាប់ផ្ដើម​ភ័យខ្លាច ហើយ​ស្អប់​ឥទ្ធិពល​នយោបាយ​របស់​ពួក​បរិសុទ្ធ ។ ប្រជាពលរដ្ឋ​បាន​បែរ​ជា​ច្រណែន​នឹង​ការរីកចម្រើន​ខាង​សេដ្ឋកិច្ច​របស់​សាសនាចក្រ​នៅ​ទីក្រុង ណៅវូ ហើយ​បាន​រិះគន់​នឹង​អំណាច​របស់​អភិបាលក្រុង​ណៅវូ និង​ក្រុម​ជីវពល​របស់​ក្រុង ។ ប្រជាពលរដ្ឋ​ខ្លះ​ទៀត បាន​ស្អប់​ពួក​បរិសុទ្ធ​ដោយសារតែ​ការយល់ខុស​រវាង​គោលលទ្ធិ​ដ៏​ចម្លែក​របស់​សាសនាចក្រ​ដូចជា​ពហុ​អាពាហ៍ពិពាហ៍ និងការ​អនុវត្ត​ផ្សេងទៀត ដែលបាន​ប្រព្រឹត្ត​ដោយ​ខុសឆ្គង​ពី​សំណាក់​សមាជិក​សាសនាចក្រ​ក្បត់​សាសនា ។ ( សូម​មើល Church History in the Fulness of Times Student ManualChurch Educational System manual ឆ្នាំ ២០០៣ ] ទំព័រ ២៦៣–៦៦, ២៧០–៧១) ។

ត្រឹមខែ មិថុនា ឆ្នាំ ១៨៤៤ អនាមិកភាព​ប្រឆាំង​នឹង​សាសនាចក្រ​បាន​មាន​ភាពតានតឹង​ជា​ខ្លាំង ។ ប្រជាពលរដ្ឋ​ខ្លះ​នៅ​រដ្ឋ អិលលីណយ បាន​ពិភាក្សា​អំពី​ការបណ្ដេញ​ពួកបរិសុទ្ធ​ចេញ​ពី​រដ្ឋ ទន្ទឹម​នឹង​ពេល​មនុស្ស​ផ្សេង​ទៀត​បាន​គ្រោង​សម្លាប់ យ៉ូសែប ស៊្មីធ ។ អ្នក​ខ្លះ​ដែល​បាន​រួមគំនិត​ក្បត់​នឹង​ព្យាការី និង សាសនាចក្រ ជា​អតីត​សមាជិក​នៃ​សាសនាចក្រ ដែល​បាន​ក្បត់​សាសនា ។ នៅ​ថ្ងៃ​ទី ៧ ខែ មិថុនា ឆ្នាំ ១៨៤៤ វិល្លាម ឡ ដែល​បាន​បម្រើ​ជា​ទីប្រឹក្សា​ទី​ពីរ​ក្នុង​គណៈ​ប្រធាន​ទីមួយ និង អ្នក​ក្បត់​សាសនា​ផ្សេង​ទៀត បាន​បោះពុម្ព​កាសែត​ទីមួយ​ដែល​ហៅ​ថា Nauvoo Expositor ។ ដោយ​មាន​បំណង​ចង់​បញ្ឆេះ​កំហឹង​សាធារណជន​ឲ្យ​ប្រឆាំង​នឹង​ព្យាការី ព្រមទាំង សាសនាចក្រ​ផងនោះ បុរស​ទាំងនេះ​បាន​ប្រើ​កាសែត​នេះ ដើម្បី​និយាយ​បង្ខូច​អំពី យ៉ូសែប ស្ម៊ីធ ព្រមទាំង​ថ្នាក់​ដឹកនាំ​ដទៃ​ទៀត​នៃ​សាសនាចក្រ ។ យ៉ូសែប ស្ម៊ីធ និង ក្រុមប្រឹក្សា​ទីក្រុង ណៅវូ បាន​ដឹង​ថា កាសែត​អុជអាល​នេះ នឹង​នាំ​ទៅរក​អំពើ​ហិង្សា​ឥត​សណ្ដាប់ធ្នាប់​ប្រឆាំង​នឹង ទីក្រុង​នេះ ។ ពួកគាត់​បាន​ប្រកាស​ថា​ក្រុមកាសែត​នេះ​ជា​ភាពសៅហ្មង​ដល់​សាធារណជន ហើយ​បាន​បញ្ជា​ឲ្យ​កាសែត Nauvoo Expositor ត្រូវ​តែ​បាន​បំផ្លាញ​ចោល ។

រូបភាព
ទំព័រ​កាសែត

ពួក​អ្នក​ក្បត់សាសនា​បាន​ប្រើ Nauvoo Expositor ដើម្បី​និយាយ​បង្ខូច​អំពី យ៉ូសែប ស្ម៊ីធ ព្រមទាំង​ថ្នាក់​ដឹកនាំ​ដទៃ​ទៀត​នៃ​សាសនាចក្រ ហើយ​បញ្ឆេះ​កំហឹង​សាធារណធន​ទាស់​នឹង​សាសនាចក្រ ។

មាតិកា​នៃ Nauvoo Expositor ព្រមជាមួយ​នឹង​ការបំផ្លាញ​កាសែត​នោះ​ចោល បាន​បណ្ដាល​ឲ្យ​កំហឹង​របស់​ពួក​ប្រឆាំង​នឹង​ពួក​មរមន​ឆេះ​កាន់តែ​ខ្លាំង​ឡើង ។ ចាងហ្វាង​កាសែត​នោះ បាន​ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង យ៉ូសែប ស៊្មីធ ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រុងដទៃ​ទៀត ដោយ​ចោទ​ពួកគាត់​អំពី​បទបង្ក​ភាពចលាចល ។ យ៉ូសែប ស៊្មីធ ត្រូវបាន​ប្រកាស​ថា​មិន​មាន​ទោស​ចំពោះ​ការចោទប្រកាន់​នេះ​ដោយ​ចៅក្រម​ដែល​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង ចៅក្រមដែល​មិនមែន​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ប៉ុន្តែ​ការណ៍​នេះ​បាន​ត្រឹមតែ​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​របស់​លោក​មាន​កំហឹង​កាន់តែ​ខ្លាំង​ប៉ុណ្ណោះ ។ នៅ​ពេល​ពត័មាន​បែកធ្លាយ​ថា ពួក​មនុស្ស​កំណាច​បាន​ប្រមូល​គ្នា​ដើម្បី​ទៅ​វាយ​ប្រហារ​ទីក្រុង ណៅវូ នោះ​ក្នុង​នាម​ជា​អភិបាល​ក្រុង យ៉ូសែប ស៊្មីធ បាន​ប្រកាស​ថា ទីក្រុង ណៅវូ ត្រូវ​ស្ថិត​នៅ​ក្រោម​ច្បាប់​អាជ្ញាសឹក ( ច្បាប់​យោធា​បណ្ដោះអាសន្ន ) ហើយ​ដោយ​មាន​ការដឹកនាំ​ពី​អភិបាល​រដ្ឋ ថូម៉ាស ហ្វដ នៃ​រដ្ឋ អិលលីណោយ នោះ​យ៉ូសែប បាន​បញ្ជា​ឲ្យ​មាន​កង​កម្លាំង​ការពារ​ទីក្រុង ។

បញ្ហា​តានតឹង​នៅ​ក្នុង​តំបន់​នេះ បាន​កើនឡើង​ជា​ខ្លាំង​ដែល​បណ្ដាល​ឲ្យ​លោក​អភិបាល ហ្វដ ទៅ​ដល់​ទីក្រុង កាតធេច ដែល​ជា​ចំណុច​គ្រប់គ្រង​កណ្ដាល​នៃ​ភូមិភាគ ដើម្បី​កែប្រែ​ស្ថានភាព​តានតឹង​នេះ ។ គាត់​បាន​សរសេរ​សំបុត្រ​ទៅ​កាន់ យ៉ូសែប ស្ម៊ីធ ថា មានតែ​តាមរយៈ​ការសម្រេច​ក្ដី​របស់​ព្យាការី និង ថ្នាក់​ដឹកនាំ​ដទៃ​ទៀត​នៃ​សាសនាចក្រ​ត្រូវបាន​ធ្វើ​ឡើង​ដោយ​ក្រុម​ចៅក្រម​មិនមែន​ជា​ពួក​មរមន នៅ​ក្រុង​កាតធេច ទេ ទើប​អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្កប់​ចិត្ត​បាន ។ លោក​អភិបាល ហ្វដ ក៏​បាន​សន្យា​ជាមួយ​ពួក​លោក​ថា​នឹង​ការពារ ហើយ​ផ្ដល់​ការជំនុំជម្រះ​មួយ​ដ៏​យុត្តិធម៌ ប្រសិនបើ​ពួកលោក​ស្ម័គ្រចិត្ត​ឡើង​តុលាការ ។ យ៉ូសែប បាន​សរសេរ​តប​ទៅ​វិញ​ថា ជីវិត​របស់​លោក​នឹង​ស្ថិត​នៅ​ក្នុង​គ្រោះថ្នាក់​នៅ​តាម​ផ្លូវ ដូច្នេះ​លោក​សម្រេច​ថា​នឹង​មិន​ទៅ​ឡើយ ។

នៅ​អំឡុង​គ្រា​ដ៏​លំបាក​នេះ ហើយ​បន្ទាប់​ពី​បាន​ប្រឹក្សា​ជាមួយ​គ្នា ព្យាការី​បាន​ទទួល​អារម្មណ៍​ថា បើសិនជា​លោក និង ហៃរុម ចាកចេញ​ពី​ទីក្រុង ណៅវូ ហើយ​ធ្វើ​ដំណើរ​ទៅ​កាន់​ភាគ​ខាង​លិច នោះ​ពួក​បរិសុទ្ធ​នៅ​ទីក្រុង ណៅវូ នឹង​ពុំ​ត្រូវ​គេ​ធ្វើ​ទុក្ខទោស​ឡើយ ។ ដោយ​ធ្វើតាម​ការបំផុសគំនិត​នេះ យ៉ូសែប និង ហៃរុម បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ទន្លេ មីស៊ីស៊ីពី ទៅ​កាន់​រដ្ឋ អៃអូវ៉ា ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សមាជិក​មួយ​ចំនួន​នៃ​សាសនាចក្រ​នៅ​ទីក្រុង ណៅវូ បាន​ឆ្ងល់​អំពី​ផែនការ​របស់​ព្យាការី ។ សមាជិក​ខ្លះ​បាន​មក​ជួប​លោក ហើយ​បាន​ចោទប្រកាន់​លោក​ថា​ជា​មនុស្ស​កំសាក​ដោយ​ស្រដី​ថា លោក​កំពុង​តែ​បោះបង់​ពួកបរិសុទ្ធ​ចោល ហើយ​ទុក​ឲ្យ​ពួកគេ​ប្រឈម​មុខ​នឹង​សេចក្ដី​បៀតបៀន​តែ​ឯង ។ ព្យាការី​បាន​មាន​ប្រសាសន៍​ថា « ប្រសិនបើ​ជីវិត​របស់​ខ្ញុំ ពុំ​មាន​តម្លៃ​ចំពោះ​មិត្ត​ទាំងឡាយ​របស់​ខ្ញុំ​ទេ​នោះ វា​ក៏​ពុំ​មាន​តម្លៃ​ចំពោះ​ខ្លួន​ខ្ញុំ​ផ្ទាល់​ដែរ » ( នៅ​ក្នុង History of the Church ៦:៥៤៩ ) ។ បន្ទាប់​ពី​បាន​ប្រឹក្សា​ជាមួយ​គ្នា​ហើយ យ៉ូសែប និង ហៃរុម បាន​ត្រឡប់​មក​ទីក្រុង ណៅវូ វិញ ។ នៅ​ព្រឹក​ព្រហាម​ថ្ងៃ​ទី ២៤ ខែ មិថុនា ឆ្នាំ ១៨៤៤ ពួកលោក​បាន​ចេញ​ដំណើរ​ទៅ​កាន់​ក្រុង កាតធេច ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៥:៤ដោយ​ស្វែងរក​ការព្យាករណ៍​ដែល យ៉ូសែប ស៊្មីធ បាន​ធ្វើ​នៅ​ក្បែរ​ក្រុង កាតធេច ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ការណ៍​នោះ​មាន​សភាព​ដូចម្ដេច​សម្រាប់ យ៉ូសែប ស៊្មីធ ដែល​ត្រូវ​ចាកចេញ​ពី​ក្រុមគ្រួសារ​របស់​លោក ដោយ​ដឹង​ថា​លោក​នឹង​ពុំ​វិលវិញ​សោះ​ឡើយ​នោះ ?

    2. តើ​អ្នក​គិត​ថា​ហេតុអ្វី​បាន​ជា​ព្យាការី « ស្ងប់​ចិត្ត​ដូចជា​ព្រឹក​ព្រលឹម​នា​រដូវក្ដៅ » នៅ​ពេល​លោក​ដឹង​ថា លោក​នឹង « ទៅ​ដូចជា​ចៀម​ដឹក​ទៅ​សម្លាប់ » ?

ព្យាការី​បាន​ដឹង​ថា មរណភាព​របស់​លោក​នឹង​ការពារ​ជីវិត​របស់​ពួក​បរិសុទ្ធ​ជា​ច្រើន​នាក់ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៥:៥រួច​កត់ចំណាំ​អំពី​អ្វី​ដែល ហៃរុម បាន​អាន និង គូសចំណាំ​ពីមុន​ដែល​លោក​បាន​ចាកចេញ​ទៅ​កាន់​ក្រុង កាតធេច ។

រូបភាព
សន្លឹក​ទំព័រ​ព្រះគម្ពីរ​មរមន

ហៃរុម ស៊្មីធ បាន​អាន ហើយ​គូសចំណាំ​សន្លឹក​ទំព័រ​ព្រះគម្ពីរ​មរមន​នៅ​ក្នុង​ព្រះគម្ពីរ​មួយ​ក្បាល​នេះ ពីមុន​ចាកចេញ​ទៅ​កាន់​ក្រុង កាតធេច ។ សូម​កត់ចំណាំ​កន្លែង ដែល​ជ្រុង​នៃ​ទំព័រ​នេះ​ត្រូវបាន​បត់ ។

  1. សូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ខគម្ពីរ ចេញ​ពី​ព្រះគម្ពីរ​អេធើរ​ទាំងនេះ ( អេធើរ ១២:៣៦–៣៨ ) អាច​នឹង​មាន​អត្ថន័យ​ជា​ពិសេស​សម្រាប់ ហៃរុម ដែល​ត្រូវ​អាន​នៅ​ពេល​នោះ ?

នៅ​ថ្ងៃ​ទី ២៥ ខែ មិថុនា ឆ្នាំ ១៨៤៤ យ៉ូសែប, ហៃរុម និង ថ្នាក់​ដឹកនាំ​ដទៃ​ទៀត បាន​នៅ​ក្រៅ​ឃុំ​រហូត​ដល់​ការជំនុំជំម្រះ​ជា​ផ្លូវការ​មួយ​បាន​ធ្វើ​ឡើង ដើម្បី​ដោះស្រាយ​បញ្ហា​ចោទប្រកាន់​អំពី​បទ​បង្ក​ចលាចល ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ល្ងាច​នោះ យ៉ូសែប និង ហៃរុម ត្រូវ​គេ​ចាប់​ដាក់​គុក កាតធេច អំពី​បទ​អំពើក្បត់ជាតិ ដែល យ៉ូសែប ស្ម៊ីធ និង ក្រុម​មេធាវី​របស់​លោក​បាន​ប្រកាស​ជំទាស់ថា​ខុសច្បាប់ ព្រោះ​ការចោទប្រកាន់​នោះ​ពុំ​បាន​លើកឡើង​កាល​ពី​នៅ​ក្រៅ​ឃុំទេ ហើយ​អំពើក្បត់ជាតិពុំ​មាន​ការដាក់ឲ្យ​នៅ​ក្រៅ​ឃុំ​នោះ​ទេ ដូច្នេះគឺតម្រូវ​ឲ្យ​ពួកលោក​ស្នាក់នៅ​ក្រុង កាតធេច ហើយ ស្ថិត​ក្នុង​គ្រោះថ្នាក់ ។

នៅ​ថ្ងៃ​ទី ២៦ ខែ មិថុនា ឆ្នាំ ១៨៤៤ យ៉ូសែប បាន​ជួប​ជាមួយ​លោក​អភិបាល ហ្វដ នៅ​ក្នុង​គុក ។ លោក​អភិបាល ហ្វដ បាន​គិត​អំពី​ការធ្វើ​ដំណើរ​ទៅ​ទីក្រុង ណៅវូ ហើយ យ៉ូសែប បាន​សុំ​ទៅ​ជាមួយ ដោយ​មាន​អារម្មណ៍​ថា​លោក​ពុំ​មាន​សុវត្ថិភាព​នៅ​ក្នុង​គុក កាតធេច នេះ​ឡើយ ។ លោក​អភិបាល ហ្វដ បាន​សន្យា​ថា ប្រសិនជា​លោក​ចាកចេញ​ពី​ក្រុង កាតធេច នោះ​គាត់​នឹង​នាំ យ៉ូសែប និង ហៃរុម ទៅ​ជាមួយ ។ នៅ​ល្ងាច​នោះ ព្យាការី​បាន​ថ្លែងទីបន្ទាល់​អំពី​ភាពពិត​នៃ​ព្រះគម្ពីរ​មរមន និង ការស្តារឡើងវិញ​នៃ​ដំណឹងល្អ ទៅ​កាន់​អ្នក​យាម​គុក ។

នា​ព្រលឹម​ថ្ងៃ​ទី ២៧ ខែ មិថុនា ឆ្នាំ ១៨៤៤ យ៉ូសែប បាន​សរសេរ​នៅ​ក្នុង​សំបុត្រ​មួយ​ច្បាប់​ទៅ​កាន់​ភរិយា​របស់​លោក អិមម៉ា ៖ « បង​ពិត​ជា​ស្កប់​ចិត្ត​នឹង​ជោគវាសនា​របស់​បង ដោយ​ដឹង​ថា​បង​ត្រូវបាន​បង្ហាញ​ថា​គ្មាន​ទោស ហើយ​បាន​ធ្វើ​ដោយ​អស់​ពី​ចិត្ត តាមដែល​អាច​ធ្វើ​ទៅ​បាន ។ សូម​ផ្ញើ​សេចក្ដី​ស្រឡាញ់​របស់​បង ទៅ​ដល់​កូនៗ និង មិត្ត​ទាំងអស់​របស់​បង​ផង » ( នៅ​ក្នុង History of the Church ៦:៦០៥ ) ។ ក្រោយ​មក​នៅ​ថ្ងៃ​ដដែល​នោះ ទោះ​ជា​មាន​ការព្រមាន​ថា​នឹង​មាន​ការ​វាយ​លុក​ចូល​ក្នុង​គុក ហើយ​សម្លាប់​អ្នក​នៅ​ក្នុង​គុក​ទាំងអស់​យ៉ាង​ណា​ក្ដី ក៏​លោក​អភិបាល ហ្វដ បាន​ចាកចេញ​ពី​ក្រុង កាតធេច ទៅ​និយាយ​ជាមួយ​នឹង​ប្រជាពលរដ្ឋ​នៅ​ទីក្រុង ណៅវូ ដែរ ។ គាត់​បាន​ក្បត់​ពាក្យ​សន្យា ហើយ​ពុំ​បាន​នាំ យ៉ូសែប និង ហៃរុម ទៅ​ជាមួយ​ឡើយ ។ មុន​ពេល​ចាកចេញ​ទៅ អភិបាល ហ្វដ បាន​ដាក់​ក្រុម​ទាហាន​កាតធេច--ជា​ពួក​ទាហាន​ឃោរឃៅ​បំផុត​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីក្រុង​កាតធេច-- មក​ទទួល​បន្ទុកយាម​គុក ហើយ​បាន​បណ្តេញ​ទាហាន​ផ្សេង​ទៀត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

នា​រសៀល​ដ៏​ក្ដៅ និង ស្អុះស្អាប់​ថ្ងៃ​ទី ២៧ ខែ មិថុនា សាវក យ៉ូហាន ថេលើរ និង វិលឡឺឌ រិចឺត្យ បាន​នៅ​ជាមួយ យ៉ូសែប និង ហៃរុម ក្នុង​គុក កាតធេច ។ អារម្មណ៍​នៃ​ភាពអស់សង្ឃឹម​បាន​គ្រប​ដណ្ដប់​លើ​ព្យាការី និង អ្នក​ដែល​មាន​វត្តមាន​ជាមួយ​លោក នៅ​ពេល​ពួក​លោក​អង្គុយ​នៅ​ក្នុង​បន្ទប់​គុក​នៅ​ជាន់​ទីពីរ ។​ ព្យាការី​បាន​បង្គាប់​ឲ្យ យ៉ូហាន ថេលើរ ច្រៀង​បទ « អ្នក​ធ្វើ​ដំណើរ​ដ៏​ក្រ​តោក​យ៉ាក » ( សូម​មើល ទំនុក​តម្កើង លេខ ១៧ ) ។ បើសិនជា​អ្នក​មាន​ទំនុកតម្កើង​នេះ ( ឬ​បើ​អ្នក​អាច​ចូល​ទៅ lds.org/music/text/hymns/a-poor-wayfaring-man-of-grief ) សូម​ស្ដាប់ ច្រៀង ឬ អាន​ទំនុកបទ រួច​គិត​អំពី​មូលហេតុ​ដែល​ទំនុក​តម្កើង​នេះ មាន​អត្ថន័យ​ជ្រាលជ្រៅ​ចំពោះ​ព្យាការី​នៅ​គ្រា​នោះ​ក្នុង​ជីវិត​របស់​លោក ។

សូម​ព្យាយាម​ស្រមៃ​ក្នុង​ចិត្ត អំពី​ព្រឹត្តិការណ៍​នានា​ដូចខាង​ក្រោម​ថា​អ្នក​បាន​មាន​វត្តមាន​ជាមួយ​ព្យាការី យ៉ូសែប ស៊្មីធ នៅ​ក្នុង គុក កាតធេច ៖

រូបភាព
បន្ទប់​នៅ​ក្នុង​គុក កាតធេច

បន្ទប់​ដេក​របស់​ពិរុទ្ធជន​ក្នុង​គុក កាតធេច ជា​កន្លែង​ដែល​ក្រុម​មនុស្ស​កំណាច​បាន​វាយប្រហារលើ​ព្យាការី បងប្រុស​របស់​លោក ហៃរុម, យ៉ូហាន ថេលើរ និង វិលឡឺឌ រិចឺត្យ

មិន​យូរ​ប៉ុន្មាន​ប្រហែល​ម៉ោង ៥:០០ រសៀល នៅ​ថ្ងៃ​ទី ២៧ ខែ មិថុនា ឆ្នាំ ១៨៤៤ ក្រុម​មនុស្ស​កំណាច​ប្រមាណ ១៥០-២០០ នាក់ ដែល​លាប​មុខ​ខ្មៅ​មិន​ឲ្យ​ស្គាល់​អត្តសញ្ញាណ បាន​មក​ឡោម​ព័ទ្ធ​គុក ។ អ្នក​យាម​គុក​បាន​ទប់ទល់​បន្តិច​ស្រាប់​តែ​មនុស្ស​កំណាច​បី​បួន​នាក់ បាន​ប្រញាប់ប្រញាល់​ឡើង​ទៅ​ជាន់​លើ​ដល់​បន្ទប់​ដែល​ព្យាការី បងប្រុស​របស់​លោក និង មិត្តភក្ដិ​របស់​លោក​បាន​ស្នាក់នៅ ។

យ៉ូសែប និង អ្នក​ឯ​ទៀត​ក្នុង​បន្ទប់​បាន​រុញ​ទ្វារ​ទល់មិន​ឲ្យ​ក្រុម​មនុស្ស​កំណាច​ចូល​មកបាន ។ មាន​ម្នាក់​ក្នុង​ក្រុម​មនុស្ស​កំណាច​បាន​បាញ់​កាំភ្លើង​ទៅ​ផ្នែក​ខាង​លើ​នៃ​ទ្វារ ដោយ​បាន​ទម្លុះ​ច្រមុះ​របស់​ហៃរុម​ផ្នែក​ខាង​ឆ្វេង​ ។ គាត់​បាន​ដួល​ផ្ងារ​ក្រោយ ដោយ​បាន​ស្រែក​ថា « ខ្ញុំ​ស្លាប់​ហើយ ! » ( នៅ​ក្នុង History of the Church ៦:៦១៧ ) ។ ក្រោយ​មក យ៉ូហាន ថេលើរ បាន​សរសេរ​ថា « ខ្ញុំ​នឹង​មិន​អាច​បំភ្លេច​អារម្មណ៍​អាណិតអាសូរ និង សេចក្ដី​គោរព​ដ៏​ជ្រាលជ្រៅ​ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​នៅ​លើទឹកមុខ​របស់​បងប្រុស យ៉ូសែប ស្ម៊ីធ នៅ​ពេល​លោក​បាន​រត់​ទៅរក​ហៃរុម ហើយ​បានទ្រោប​ទៅ​លើ​គាត់ ដោយ​ស្រែក​ថា ‹ ឱ បងប្រុស ហៃរុម ដ៏​គួរ​ឲ្យ​អាណិត​អើយ ! » ( នៅ​ក្នុង B. H. Roberts, The Rise and Fall of Nauvoo [ ឆ្នាំ ១៩៦៥ ] ទំព័រ ៤៤៣ ) ។

ពី​មុន​ព្រឹត្តិការណ៍​កើតឡើង​នៅ​ថ្ងៃ​នោះ មាន​អ្នក​មក​សួរ​សុខទុក្ខ​ម្នាក់​បាន​ឲ្យ​កាំភ្លើង​ខ្លីមួយ​ដើម​ដល់​យ៉ូសែប ។ ដោយដើរ​តួជា​អ្នក​ការពារ​ដល់មនុស្ស​គ្រប់រូប​នៅក្នុង​បន្ទប់ យ៉ូសែប បាន​រត់ទៅ​មាត់ទ្វារ ហើយ​ឈោង​ទៅ​តោង​គ្រោង​ទ្វារ​ដើម្បី​បាញ់​តប​ទៅ​ក្រៅ ។ មាន​តែ​បី​គ្រាប់​ប៉ុណ្ណោះ​ក្នុង​ចំណោម​ប្រាំ​មួយ​គ្រាប់ ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​បី​នាក់​នៃ​ពួក​មនុស្ស​កំណាច​រង​របួស ។ រំពេច​នោះ ពួកមនុស្ស​កំណាច​បាន​រុញ​កាំភ្លើង​របស់​គេ​ទម្លុះ​ចូល​ពាក់​កណ្ដាល​ទ្វារ​ដែល​បិទ ហើយ យ៉ូហាន ថេលើរ បាន​ព្យាយាម​វាយ​កាណុងកាំភ្លើង​របស់​ពួកគេ​នឹង​ឈើច្រត់​ឲ្យ​ដកថយ​វិញ​ ។

នៅ​ពេល​ចលាចល​នៅ​ឯ​ទ្វារ​នោះ​មាន​កាន់តែ​ខ្លាំងឡើង នោះ​យ៉ូហាន ថេលើរ បាន​ព្យាយាម​រត់គេច​ពី​បន្ទប់​តាម​បង្អួច​ ។ នៅ​ពេល​លោក​ចង់​លោត​ចេញពី​បង្អួច លោក​ត្រូវ​គេ​បាញ់​ចំ​ភ្លៅ មក​ពី​មាត់ទ្វារ ហើយ​ក៏​ត្រូវ​គេ​បាញ់​មក​ពី​ខាងក្រៅ​ផងដែរ ។ លោក​បាន​ដួល​ទៅលើ​កម្រាល​ឥដ្ឋ ហើយ​ខណៈ​ដែល​ខំ​វារ​ទៅ​ក្រោម​គ្រែ​ក្បែរ​បង្អួច​នោះ លោក​ត្រូវ​គេ​បាញ់​របួសបី​គ្រាប់​យ៉ាង​ដំណំ ។ នៅ​ពេល​តែ​មួយ​នោះ វិលឡឺឌ រិចឺត្យ បាន​ចាប់ផ្ដើម​វាយ​កាំភ្លើង​ដែល​រុញមក​តាម​ច្រក​ទ្វារ​ដោយ​ដំបង​របស់​គាត់ ។

ក្រោយ​មក យ៉ូសែប ស៊្មីធ បាន​សម្រេចចិត្ត​សាកល្បង​រត់​ចេញ​តាម​បង្អួច ជា​ការសម្រេចចិត្ត​ដែល វិលឡឺឌ រិចឺត្យ បាន​ជឿ​ថា​នឹង​ជួយ​លោក ថែម​ទាំង យ៉ូហាន ថេលើរ ឲ្យ​បាន​រួច​ជីវិត ។ នៅ​ពេល វិលឡឺឌ រិចឺត្យ បាន​បន្ដ​វាយ​ត្រឡប់​ទៅ​ពួកមនុស្ស​កំណាច​នៅ​ឯ​មាត់​ទ្វារ នោះ​ព្យាការី​បាន​ទៅឯ​បង្អួច​ដែល​បើកចំហរ ហើយ​បាន​ស្រែក ៖ « ឱ​ព្រះអម្ចាស់​ដ៏​ជា​ព្រះ​ខ្ញុំ​អើយ ! » ( នៅ​ក្នុង History of the Church ៦:៦១៨ ) ។ នៅ​ពេល​លោកធ្វើ​ដូច​នោះ ស្រាប់​តែមាន​គ្រាប់​កាំភ្លើង​បាញ់ចេញ​មក​ពី​ក្នុងគុកផង និង​មកពី​ក្រៅគុក​ផង​បាញ់​ចំ​ព្យាការី ហើយ​លោក​បាន​ធ្លាក់​ពី​បង្អួច​ទៅ​លើ​ដីជាន់ខាង​ក្រោម ។ ពួកមនុស្ស​កំណាច​ដែល​នៅ​ខាង​ក្នុង​គុក បាន​រត់​ចេញ​ទៅ​ក្រៅមើល​ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ថា យ៉ូសែប បាន​ស្លាប់​មែន ។ ទោះបីជា​គ្មាន​សមាជិក​ណា​ម្នាក់​នៃ​សាសនាចក្រ​នៅ​ក្បែរ​នោះ​យ៉ាង​ណា​ក្ដី ក៏​មាន​មនុស្ស​ម្នាក់​បាន​ស្រែក​ឡើង​ថា « ពួកមរមន​មក​ហើយ ! » ហើយ​ហ្វូង​មនុស្ស​កំណាច​ទាំងមូល​ក៏​រត់​គេច​ចេញ​អស់​ទៅ ។ ( សូម​មើល History of the Church ៦:៦១៨, ៦២០–២១ សូម​មើល​ផងដែរ Church History in the Fulness of Times Student Manual២៨៣) ។

រូបភាព
បង្អួច

បង្អួច​ដែល​ព្យាការី យ៉ូសែប ស៊្មីធ បាន​ធ្លាក់​ចុះមក

  1. សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៥:៣ ។ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​កត់ត្រា​គំនិត ឬ អារម្មណ៍​នានា ដែល​អ្នក​មាន​បន្ទាប់​ពី​បាន​អាន​ដំណើររឿង​នៃ​ទុក្ករកម្ម​របស់ យ៉ូសែប និង ហៃរុម ស៊្មីធ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៥:២រួច​កត់ចំណាំ​ការពិពណ៌នា​អំពី​ជោគវាសនា​របស់ យ៉ូហាន ថេលើរ និង វិលឡឺឌ រិចឺត្យ ។

គ្រាប់​កាំភ្លើង​បាន​គ្រាន់តែ​ប្លោង​មក​ក្បែរ​ត្រចៀក​ឆ្វេង​របស់ វិលឡឺឌ រិចឺត្យ ប៉ុណ្ណោះ ដែល​បាន​បំពេញ​តាម​ការព្យាករណ៍​ដែល យ៉ូសែប បាន​ព្យាករ​កាល​ពី​មួយ​ជាង​មួយ​ឆ្នាំ​មុន​ថា « គ្រា​នោះ​នឹង​មក​ដល់ កាល​គ្រាប់​កាំភ្លើង​នឹង​ហោះ​ជុំវិញ​ខ្លួន​គាត់​ដូចជា​ខ្យល់​ព្យុះ ហើយ​គាត់​នឹង​ឃើញ​មិត្ត​របស់​គាត់​ដួល​ចុះ​ពាសពេញ ប៉ុន្តែ នឹង​ពុំ​មាន​ប្រហោង​នៅ​ក្នុង​អាវ​គាត់​ឡើយ » ( នៅ​ក្នុង History of the Church ៦:៦១៩ ) ។

សូម​កត់ចំណាំ​ឃ្លា « ដើម្បី​បិទ​ទីបន្ទាល់​អំពី​ព្រះគម្ពីរ​នេះ និង ព្រះគម្ពីរ​មរមន » នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៥:១ ។ នៅ​ក្នុង​បរិបទ​នេះ ឃ្លា « បិទ » គឺ​បង្កើតជា​អ្វី​មួយ​នៅជា​អចិន្ត្រៃយ៍​ដូចជា ទីបន្ទាល់​មួយ​ជាដើម ។ សូម​គិតសរសេរ​អំពី​ការពន្យល់​នេះ ដាក់​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។ អ្នក​ក៏​អាច​នឹង​ចង់​កត់ចំណាំ​ពាក្យ ទុក្ករកម្ម នៅ​ក្នុង ខទី ១ដែរ ។ ទុក្ករបុគ្គល​គឺ​ជា​បុគ្គល​ដែល​រងទុក្ខ​ដល់​ស្លាប់ ដោយ​ឈរ​ជា​សាក្សី​ចំពោះ​សេចក្ដីពិត​នៃ​ជំនឿ ឬ បុព្វហេតុ​របស់​ខ្លួន ។ ពាក្យ ទុក្ករបុគ្គល ចេញ « មក​ពី​ពាក្យ​ភាសា​ក្រិក ដែល​មាន​ន័យ​ថា ‹ សាក្សី › » ( Bible Dictionary, « Martyr » ) ។

រូបភាព
រូប​សំណាក យ៉ូសែប និង ហៃរុម ស៊្មីធ

រូប​សំណាក យ៉ូសែប និង ហៃរុម ស៊្មីធ នៅ​ទីក្រុង ណៅវូ រដ្ឋ អិលលីណោយ

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៥:៧ដោយ​ស្វែងរក​ថាតើ​ទុក្ករកម្ម​របស់​ព្យាការី យ៉ូសែប និង ហៃរុម ស៊្មីធ បាន​ធ្វើ​សាក្សី​ចំពោះ​អ្វី​ខ្លះ ។

  1. សូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ការដឹង​ថា យ៉ូសែប និង ហៃរុម ស៊្មីធ បាន​បិទ​ទីបន្ទាល់​របស់​ពួកលោក អំពី​ភាពពោរពេញ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​ដោយ​ប្រើ​ជីវិត​របស់​ខ្លួន អាច​មាន​ឥទ្ធិពល​លើ​ទីបន្ទាល់​របស់​អ្នក​អំពី​ដំណឹងល្អ​យ៉ាង​ដូចម្ដេច ?

  2. សូម​សរសេរ​អ្វី​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៥ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖