ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២០ ៖ ថ្ងៃ​ទី ៣ គោលលទ្ធិ និង សេចក្តីសញ្ញា ៩៤-៩៦


មេរៀន​ទី ២០ ៖ ថ្ងៃ​ទី ៣

គោលលទ្ធិ និង សេចក្តីសញ្ញា ៩៤-៩៦

បុព្វកថា

ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៤ នៅ​ថ្ងៃ​ទី ២ ខែ សីហា ឆ្នាំ ១៨៣៣ ហើយ​បាន​ដឹកនាំ​ពួកបរិសុទ្ធ​ឲ្យ​ស្ថាបនា​ទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ ឲ្យ​ស្រដៀង​គ្នា​ទៅ​នឹង​ទីក្រុង ស៊ីយ៉ូន នៅ​រដ្ឋ មិសសួរី ដែរ ។ ព្រះអម្ចាស់​ក៏​បាន​ត្រាស់​បង្គាប់​ពួកបរិសុទ្ធ ឲ្យ​សាងសង់​គេហដ្ឋាន​មួយ​ឡើង ( អគារ​រដ្ឋបាល​សាសនាចក្រ ) សម្រាប់​គណៈប្រធាន​ទី​មួយ និង ជា​កន្លែង​សម្រាប់​បោះពុម្ព ដែល​ជា​កិច្ចការ​បន្ថែម​ពី​លើ​ព្រះវិហារបរិសុទ្ធ ដែល​ទ្រង់​បាន​បង្គាប់​ដល់​ពួកបរិសុទ្ធ​ឲ្យ​សាងសង់​កាល​ពី​លើក​មុន ។ កាល​ពី​ពីរ​ខែ​មុន នៅ​ថ្ងៃ​ទី ១ ខែ មិថុនា ឆ្នាំ ១៨៣៣ ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៥ដែល​ព្រះអម្ចាស់​បាន​វាយ​ផ្ចាល​ពួកបរិសុទ្ធ ចំពោះ​ការពន្យារ​ពេល​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៦ មាន​ការ​ណែនាំ​របស់​ព្រះអម្ចាស់ ឲ្យ​ចាត់តាំង នូវល ខេ វិតនី ឲ្យ « កាន់កាប់ » ( គ. និង ស. ៩៦:២ ) អចលនទ្រព្យ ដែល​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺតឡង់ នឹង​ត្រូវ​បាន​សាងសង់​លើ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៤

ព្រះអម្ចាស់​ត្រាស់​បង្គាប់​ឲ្យ​ពួកបរិសុទ្ធ សាងសង់​គេហដ្ឋាន​ពីរ​ឡើង ហើយ​បញ្ជាក់​បន្ថែម​អំពី​សេចក្ដី​ត្រូវការ​ក្នុង​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ ។

រូបភាព
ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺត​ឡង់

សូម​ស្រមៃ​ថា អ្នក​មាន​ឱកាស​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រទេស​មួយ ដែល​បាន​ទៅ​ដល់​ទីក្រុង​ជាច្រើន ។ នៅ​ពេល​អ្នក​ធ្វើ​ដំណើរ អ្នក​បាន​កត់សម្គាល់​ថា មាន​កីឡាដ្ឋាន​មួយ ស្ថិត​នៅ​ចំ​កណ្ដាល​ទីក្រុង​នីមួយៗ ។ តើ​ការណ៍​នេះ​អាច​ប្រាប់​យ៉ាង​ដូចម្ដេច អំពី​មនុស្ស​នៅ​ក្នុង​ប្រទេស​នេះ ?

បើ​អ្នក​គូរ​ប្លង់​ទីក្រុង​ដ៏​ធំ​មួយ តើ​អ្នក​នឹង​ដាក់​អ្វី​នៅ​ចំ​កណ្ដាល​ទីក្រុង ? ហេតុអ្វី ?

សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៤:១–២ដោយ​ស្វែងរក​ថាតើ​ព្រះអម្ចាស់ បាន​ណែនាំ​ឲ្យ​គូរ​ប្លង់​ទីក្រុង​នៃ​ស្តេក​ស៊ីយ៉ូន​ឡើង​នៅ​ក្នុង​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ យ៉ាង​ដូចម្ដេច ។

តើ​ការណ៍​នេះ​ថ្លែង​យ៉ាង​ដូចម្ដេច អំពី​សារៈសំខាន់​នៃ​ព្រះវិហារ​បរិសុទ្ធ​ចំពោះ​ព្រះអម្ចាស់ ?

សូម​អាន គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៤:៣, ១០រួច​ស្វែងរក​អគារ​ចំនួន​ពីរ​ទៀត ដែល​ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់ ឲ្យ​ពួក​បរិសុទ្ធ​សាងសង់​នៅ​ទីក្រុង ខឺត​ឡង់ ។

ព្រះ​បញ្ញត្តិ​ដែល​បង្គាប់​ឲ្យ​សាងសង់​អគារ​ទាំង​ពីរ​នេះ​ឡើង បង្ហាញ​អំពី​សារៈសំខាន់ ដែល​ព្រះអម្ចាស់​បាន​ដាក់​នៅ​ក្នុង ពិធីបរិសុទ្ធ​ទាំងឡាយ​ក្នុង​ព្រះវិហារបរិសុទ្ធ កិច្ចការ​នៃ​គណៈប្រធាន​ទី​មួយ​ក្នុង​ការទទួល​បាន​វិវរណៈ និង ការ​បម្រើ​ក្នុង​សាសនាចក្រ និង ការបោះពុម្ព​ព្រះគម្ពីរ ព្រម​ទាំង​កិច្ចការ​ដទៃៗ​ទៀត ដែល​ព្រះអម្ចាស់​ត្រាស់​បង្គាប់ ។

សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៤:៦-៨, ១២ដោយ​ស្វែងរក​ឃ្លា ដែល​ទាក់ទង​ទៅ​នឹង​ភាពពិសិដ្ឋ​នៃ​អគារ​ទាំង​នេះ ។

ព្រះអម្ចាស់​បាន​ណែនាំ​ដល់ ហៃរុម ស៊្មីធ, រេយណុល្ស ខាហ៊ូន និង យ៉ារេឌ ខារតើរ ឲ្យ​បង្កើត​គណៈកម្មាធិការ​សាងសង់ សម្រាប់​ការសាងសង់​អគារ​ដែល​បាន​លើកឡើង​នៅ​ក្នុង​វិវរណៈ​នេះ ( សូម​មើល គ. និង ស. ៩៤:១៣–១៧ ) ។

សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៤:១៦ដោយ​ស្វែងរក​ការណ៍ ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់​ដល់​ពួកបរិសុទ្ធ អំពី​ការសាងសង់​អគារ​ទាំងឡាយ សម្រាប់​គណៈប្រធាន​ទី​មួយ និង សម្រាប់​ការបោះពុម្ព ។

សូម​ពិចារណា​អំពី​មូលហេតុ ដែល​វា​មាន​សារៈសំខាន់ ដែល​ព្រះវិហារ​បរិសុទ្ធ​ត្រូវតែ​បាន​សាងសង់​ឡើង ឲ្យ​បាន​មុន​អគារ​ពីរ​ផ្សេង​ទៀត ? តើ​ការណ៍​នេះ​អាច​បង្រៀន​យើង អំពី​សារៈសំខាន់​នៃ​ព្រះវិហារ​បរិសុទ្ធ​ដូចម្ដេច​ខ្លះ ?

គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៥

ព្រះអម្ចាស់​បាន​វាយ​ផ្ចាល​ពួកបរិសុទ្ធ ចំពោះ​ការផ្អាក​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ

ដំបូង ព្រះអម្ចាស់​ចេញ​ព្រះ​បញ្ញត្តិ​ឲ្យ​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺតឡង់ នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:១១៩ដែល​មាន​កត់ត្រា​នៅ​ថ្ងៃទី ២៧-២៨ ខែ ធ្នូ ឆ្នាំ ១៨៣២ ។

សូម​សិក្សា​សេចក្ដី​ណែនាំ​អំពី​កណ្ឌ​នៃ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៥ ដោយ​ស្វែងរក​កាលបរិច្ឆេទ ដែល​វិវរណៈ​នេះ​ត្រូវបាន​ប្រទាន​ឲ្យ ។ តើ​មាន​រយៈ​ពេល​ប្រហែល​ប៉ុន្មាន នៅ​ចន្លោះ​កាលបរិច្ឆេទ​ទាំង​ពីរ​នេះ ?

អំឡុង​គ្រា​នេះ ថ្នាក់​ដឹកនាំ​សាសនាចក្រ បាន​ទិញ​អចលនទ្រព្យ​នៅ​ទីក្រុង ខឺតឡង់ ដែល​ត្រូវ​សាងសង់​ព្រះវិហារ​បរិសុទ្ធ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ថ្ងៃ​ទី ១ ខែ មិថុនា ឆ្នាំ ១៨៣៣ ពួក​បរិសុទ្ធ​ពុំ​បាន​ចាប់ផ្ដើម​សាងសង់​ព្រះវិហារ​បរិសុទ្ធ ហើយ​ក៏​ពុំ​បាន​រៀបចំ​ចាក់គ្រឹះ​ដែរ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៥:១–៣រួច​ស្វែងរក​អ្វី ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់​ពួកបរិសុទ្ធ អំពី​ការពន្យារ​ពេល​របស់​ពួកគេ​នៅ​ក្នុង​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ ។

សូម​យោង​ទៅ​កាន់ ខទី ១ ដើម្បី​បញ្ចប់​សេចក្ដី​ថ្លែងការណ៍​ដូច​តទៅ​នេះ ៖ ព្រះ​វាយផ្ចាល  ។

រូបភាព
ឪពុក និង កូន

ការវាយផ្ចាល​មាន​ន័យ​ថា ការណែនាំ ឬ ការកែតម្រូវ ។ នៅ​ក្នុង ខទី ១អ្នក​អាច​នឹង​ចង់​គូសចំណាំ​មូលហេតុ ដែល​ព្រះ​វាយ​ផ្ចាល​មនុស្ស​ដែល​ទ្រង់​មាន​ព្រះទ័យ​ស្រឡាញ់ ។

សូម​ពិចារណា​ថាតើ​អ្នក​មាន​ប្រតិកម្ម​យ៉ាង​ដូចម្ដេច នៅ​ពេល​អ្នក​ត្រូវបាន​វាយផ្ចាល ឬ កែតម្រូវ ។ នៅ​ពេល​អ្នក​អាន​សេចក្ដី​អត្ថាធិប្បាយ​ខាង​ក្រោម​នេះ សូម​ស្វែងរក​របៀប​ដែល​ពួក​បងប្អូន​ប្រុស​មួយ​ចំនួន បាន​ឆ្លើយ​តប​ទៅ​នឹង​ការវាយផ្ចាល​របស់​ព្រះអម្ចាស់ ៖

បន្ទាប់ពី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៥ថ្នាក់​ដឹកនាំ​សាសនាចក្រ បាន​ធ្វើ​សន្និសីទ​មួយ ដើម្បី​ពិភាក្សា​អំពី​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ ។ « ពួក​បងប្អូន​ប្រុស​មួយ​ចំនួន ចង់​សាងសាង់ពី​ឈើ​សង់​ផ្ទះ ហើយ​ពួក​បងប្អូន​ប្រុស​ឯ​ទៀត ចង់​សាងសង់​ជា​លក្ខណៈ​ដាក់​ឈើ​ហ៊ុប ។ យ៉ូសែប បាន​រំឭក​ពួកគាត់​ថា ពួកគាត់​ពុំ​មែន​សាងសង់​ដំណាក់​មួយ​ឡើង​សម្រាប់​មនុស្ស​នោះ​ទេ ប៉ុន្តែ​គឺ​សម្រាប់​ព្រះ លោក​បាន​មាន​ប្រសាសន៍​ថា ‹ បងប្អូន​ប្រុស​ទាំងឡាយ​អើយ តើ​យើង​នឹង​សាងសង់​ដំណាក់​សម្រាប់​ព្រះ​របស់​យើង​ពី​ឈើ​ហ៊ុប​ឬ ? ទេ ខ្ញុំ​មាន​ផែនការ​ល្អ​ប្រសើរ​ជាង​នោះ ។ ខ្ញុំ​មាន​គម្រោង​សាងសង់​ដំណាក់​របស់​ព្រះអម្ចាស់ ដែល​បាន​ប្រទាន​មក​ពី​ទ្រង់​ផ្ទាល់ ហើយ​ឆាប់ៗ​នេះ បងប្អូន​នឹង​ឃើញ អំពី​ភាពខុសគ្នា​រវាង ការយល់​ឃើញ​របស់​យើង និង អ្វី​ដែល​ទ្រង់​ព្រះតម្រិះ › » ( លូស៊ី ម៉ាក ស្ម៊ីធ History of Joseph Smith by His Mother ed. Preston Nibley [ ឆ្នាំ ១៩៥៨ ] ទំព័រ ២៣០ ) ។ បន្ទាប់​ពី យ៉ូសែប បាន​ពន្យល់​អំពី គំរូ​ពេញលេញ​នៃ​ព្រះវិហារ​បរិសុទ្ធ នោះ​ពួក​បងប្អូន​ប្រុស​ទាំងអស់​មាន​ចិត្ត​រំភើប​រីករាយ ។ ពួកគាត់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីតាំង​សាងសង់ ដក​របង ហើយ​បាន​ចាក់​ដី​បំពេញ​ក្នុង​ស្រែ ដែល​បាន​ដាំដុះ​ដោយ​គ្រួសារ ស្ម៊ីធ កាល​ពីមុន ។ បន្ទាប់​ពី​ស្រូវ​ត្រូវបាន​ដក​ចេញ​ហើយ ហៃរុម ស៊្មីធ « បាន​ចាប់ផ្ដើម​ជីក​រណ្ដៅ​ដាំ​បង្គោល​គ្រឹះ ដែល​គាត់​បាន​ប្រកាស​ថា គាត់​នឹង​ចាប់ផ្ដើម​សាងសង់​គេហដ្ឋាន​ទី​មួយ​មុន​គេ » ( លូស៊ី ម៉ាក ស្ម៊ីធ History of Joseph Smithទំព័រ ២៣១ ) ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​អ្វី​ដែល​អ្នក​អាច​រៀន​ពី​ពួក​បងប្អូន​ប្រុស​ទាំងនេះ ស្ដីពី​របៀប​ឆ្លើយ​តប​ទៅ​នឹង​ការកែតម្រូវ ឬ ការណែនាំ ។ បន្ថែម​ពី​លើ​នោះ សូម​សរសេរ​អំពី​គ្រា​មួយ ដែល​អ្នក​ត្រូវបាន​វាយផ្ចាល ហើយ​បាន​ឆ្ហើយ​តប​ទៅ​វិញ ដើម្បី​ស្វែងរក​ភាពរីកចម្រើន ។

សូម​កត់ចំណាំ​ថា ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល ហៅ​ការពន្យារ​ពេល​របស់​ពួក​បរិសុទ្ធ​ក្នុង​ការសាង់សង់​ព្រះវិហារ​បរិសុទ្ធ​ថា​ជា « អំពើបាប​ដ៏​ធ្ងន់​ណាស់ » ( គ. និង ស. ៩៥:៣ ) ។ តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​បាន​ចាត់ទុក​ការពន្យារ​ពេល​ក្នុង​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ ជា​អំពើបាប​ដ៏​ធ្ងន់​ណាស់ ? សូម​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៥:៦ ដើម្បី​ឃើញ​ថាតើ​ព្រះអម្ចាស់​បាន​ប្រៀបធៀប​អំពើ​បាប​ដ៏​ធ្ងន់​ណាស់​នេះ ទៅ​នឹង​អ្វី ។

សូម​ពិចារណា​ថាតើ ការ​មិន​អើពើ​នឹង​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់—ជា​ពិសេស​ក្នុង​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ—អាច​មាន​សភាព​ដូចជា ការ​ដើរ​នៅ​ក្នុង​សេចក្ដី​ងងឹត​នៅ​ពេល​ថ្ងៃ​ត្រង់ យ៉ាង​ដូចម្ដេច ?

សូម​អាន គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៥:៤, ៨–៩រួច​ស្វែងរក​មូលហេតុ ដែល​ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់ ឲ្យ​ពួក​បរិសុទ្ធ​សាងសង់​ព្រះវិហារ​បរិសុទ្ធ​នៅ​ទីក្រុង ខឺត​ឡង់ ។ ( ឃ្លា « ប្រយោជន៍​ឲ្យ​យើង​អាច​សម្រេច​កិច្ចការ​ប្លែកៗ​របស់​យើង​បាន » [ គ. និង ស. ៩៥:៤ ] សំដៅ​ទៅ​លើ​កិច្ចការ​របស់​ព្រះអម្ចាស់​នៅ​ថ្ងៃ​ចុង​ក្រោយ របៀប​ដែល​មនុស្ស​ពុំ​ជឿ​ទៅ​លើ​វិវរណៈ ការយាង​មក​ជួប​ពី​ស្ថានសួគ៌ និង កិច្ចការ​ខាង​វិញ្ញាណ​ដទៃៗ​ទៀត ដែល​អាច​មើល​ឃើញ​ថា ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ គឺ​ជា​រឿង​ចម្លែក ) ។

យើង​រៀន​ចេញ​ពី​ខគម្ពីរ​ទាំងនេះ​ថា នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ព្រះអម្ចាស់​រៀបចំ​ពួក​អ្នក​បម្រើ​ទ្រង់ ឲ្យ​ធ្វើ​កិច្ចការ​របស់​ទ្រង់ ហើយ​ប្រទាន​អំណោយទាន​ឲ្យ​ពួកគាត់​ដោយ​ព្រះចេស្ដា ។

ពាក្យ ប្រទាន​អំណោយទាន មាន​ន័យ​ថា ផ្ដល់​ឲ្យ​នរណា​ម្នាក់​នូវ​អំណោយ​មួយ ។ ការ​ទទួល​អំណោយទាន​ពិសិដ្ឋ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ មាន​ន័យ​ថា​ទទួល​បាន​អំណាច និង ចំណេះ​ដឹង​ខាង​វិញ្ញាណ ។ នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺត​ឡង់ ព្រះអម្ចាស់​បាន​ស្ដារ​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព​ឡើង​វិញ ដែល​ចាំបាច់​ដើម្បី​ធ្វើ​ពិធី​បរិសុទ្ធ​នៃ​ការសង្គ្រោះ ដែល​សព្វថ្ងៃ​នេះ​យើង​អាច​ទទួល​បាន​តែ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ប៉ុណ្ណោះ ៖ ការទទួល​អំណោយទាន​ពិសិដ្ឋ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង ពិធី​ផ្សារភ្ជាប់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ( សូម​មើល គ. និង ស. ១១០ ) ។

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ថ្លែង​អំពី​សារៈសំខាន់​នៃ​ការទទួលបាន​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​ទាំងនេះ ៖ « លុះត្រា​តែ​អ្នក​បាន​ចូល​ក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ ហើយ​បាន​ទទួល​គ្រប់​ពរជ័យ ដែល​រង់ចាំ​អ្នក​នៅ​ទីនោះ បើ​មិន​ដូច្នោះ​ទេ អ្នក​មិន​បាន​ទទួល​អ្វីៗ​ទាំងអស់ ដែល​សាសនាចក្រ​បាន​ផ្តល់​ឲ្យ​ឡើយ ។ ពរជ័យសំខាន់ និងអស្ចារ្យ​បំផុត​ទាំងអស់ នៃ​សមាជិកភាព​នៅក្នុង​សាសនាចក្រ គឺ​ជា​ពរជ័យ​ទាំងឡាយ​ណា​ដែល​យើង​បានទទួលនៅក្នុង​ដំណាក់​នៃ​ព្រះ » ( The Holy Temple—a Beacon to the World » Ensignលីអាហូណាខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៩៣ ) ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​រឿង​មួយ​ចំនួន ដែល​អ្នក​អាច​ធ្វើ​នា​ពេល​ឥឡូវ​នេះ ដើម្បី​ត្រៀមខ្លួន​ទទួល​ពិធី​បរិសុទ្ធ​ទាំងឡាយ និង ពរជ័យ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ការសាងសង់​ព្រះវិហារ​បរិសុទ្ធ គឺ​ជា​កិច្ចការ​ដ៏​ធំ​មួយ​សម្រាប់​ពួក​បរិសុទ្ធ ។ នៅ​ដើម​ឆ្នាំ ១៨៣៣ មាន​សមាជិក​សាសនាចក្រ​តិច​ជាង ២០០ នាក់​រស់នៅ​រដ្ឋ អូហៃអូ ហើយ​ភាគ​ច្រើន​មាន​ជីវភាព​ក្រីក្រ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៥:១១–១២ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​បាន​សន្យា ប្រសិនបើ​ពួក​បរិសុទ្ធ​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។

ពួក​បរិសុទ្ធ​នៅ​រដ្ឋ អូហៃអូ បាន​បន្ដ​ដោយ​មាន​សេចក្ដី​ជំនឿ​ទៅ​លើ​ការសន្យា​របស់​ព្រះអម្ចាស់ ហើយ​បាន​សាងសង់​ព្រះវិហារ​បរិសុទ្ធ ។ ចេញពី គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៥:១១ យើង​រៀន​ថា ប្រសិនបើ​យើង​រក្សា​បទបញ្ញត្តិ​ទាំងឡាយ នោះ​យើង​នឹង​មាន​អំណាច​ដើម្បី​ធ្វើ​អ្វីៗ​ដែល​ព្រះអម្ចាស់​បាន​សុំ​ឲ្យ​យើង​ធ្វើ ។ អ្នក​អាច​សរសេរ​គោលការណ៍​នេះ នៅ​គែម​លើ​ព្រះគម្ពីរ​របស់​អ្នក ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ស្ថានភាព​មួយ​ចំនួន ដែល​អ្នក​អាច​នឹង​ប្រឈមមុខ ជា​ស្ថានភាព​ដែល​គោលការណ៍​នេះ​អាច​អនុវត្ត​នោះ មាន​អ្វី​ខ្លះ ?

    2. តើ​នៅ​ពេល​ណា​ខ្លះ ដែល​អ្នក​បាន​មាន​អារម្មណ៍​ថា បាន​ទទួល​ជំនួយ​ពី​ព្រះអម្ចាស់ ឲ្យ​ធ្វើ​អ្វី​មួយ ដោយសារតែ​អ្នក​បាន​រក្សា​ព្រះបញ្ញត្តិ​ទ្រង់ ?

សូម​កត់ចំណាំ​ថា​ឃ្លា « សេចក្ដី​ស្រឡាញ់​នៃ​ព្រះវរបិតា នឹង​មិន​នៅ​ជាមួយ​អ្នក​ឡើយ » នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩៥:១២ ។ នៅ​ពេល​យើង​ខកខាន​មិន​គោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ដំណឹងល្អ នោះ​យើង​បាត់បង់​ពរជ័យ​មាន​ដូចជា​ពន្លឺ និង ចំណេះដឹង ដែល​ជា​ផ្លែផ្កា​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា មាន​ចំពោះ​មនុស្ស​ទាំងឡាយ ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ខ្លួន​ដោយ​ការគោរពប្រតិបត្តិ ។

រូបភាព
ផ្នែក​ខាង​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺតឡង់

នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៥:១៣-១៧យើង​អាន​ថា ព្រះអម្ចាស់​បាន​ប្រទាន​ការណែនាំ​ដល់​ពួក​បងប្អូនប្រុស អំពី​ទំហំ និង មុខងារ​នៃ​បន្ទប់​ជាក់លាក់ៗ​នៃ​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺតឡង់ ។ សូម​អាន ខទី ១៤ដោយ​ស្វែងរក​វិធី​មួយ​ដែល​ព្រះអម្ចាស់​បាន​បង្ហាញ​ប្រាប់ ថា​ទ្រង់​នឹង​បំពេញ​សេចក្ដី​សន្យា​របស់​ទ្រង់ ដែល​នឹង​ប្រទាន​ដល់​រាស្ត្រ​ទ្រង់​នូវ​អំណាច​ដើម្បី​សាងសង់​ព្រះវិហារ​បរិសុទ្ធ ។

បុរស​ទាំង​បី​រូប ដែល​ព្រះអម្ចាស់​បាន​សន្យា​ថា​នឹង​បង្ហាញ​អំពី​របៀប​សាងសង់​ព្រះវិហារ​បរិសុទ្ធ គឺ​ជា​គណៈប្រធាន​ទី​មួយ ។ ព័ត៌មាន​ខាង​ក្រោម​នេះ នឹង​ជួយ​អ្នក​ឲ្យ​ឃើញ​អំពី​របៀប ដែល​ការសន្យា​នេះ​ត្រូវបាន​បំពេញ ៖

យ៉ូសែប ស៊្មីធ, ស៊ីឌនី រិកដុន និង ហ្រ្វែឌើរិក ជី វិលលាម្ស បាន​អធិស្ឋាន​រួម​គ្នា ហើយ​បាន​ឃើញ​ព្រះវិហារ​បរិសុទ្ធ​នៅ​ក្នុង​ការនិមិត្ត ។ បន្ទាប់​ពី​បាន​ឃើញ​ផ្នែក​ខាង​ក្នុង​យ៉ាង​លម្អិត « អគារ​នោះ​ហាក់ដូចជា​ប្រាកដ​ខ្លួន​យ៉ាង​ជាក់ស្ដែង​ដល់ [ ពួក​គាត់ ] » ហើយ​ពួកគាត់​បាន​មើល​ឃើញ​ផ្នែក​ខាង​ក្នុង​នៃ​អគារ​នោះ ដូចជា​ពួក​គាត់​បាន​ស្ថិត​នៅ​ខាង​ក្នុង​អគារ​នោះ​ដែរ ( សូម​មើល ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស៊្មីធ[ឆ្នាំ ២០០៧ ] ទំព័រ ២៧១) ។ ក្រោយ​មក នៅ​ពេល​ព្រះវិហារ​បរិសុទ្ធ​បាន​សាងសង់​ជិត​រួចរាល់​ហើយ​នោះ ហ្រ្វែឌើរិក ជី វិលលាម្ស បាន​វាចា​ឡើង​ថា វា​មាន​រូបរាង​ដូចជា​គំរូ ដែល​គាត់​បាន​មើល​ឃើញ​នៅ​ក្នុង​ការនិមិត្ត សូម្បី​តែ​ផ្នែក​តូច​បំផុត ដែល​គាត់​ពុំ​អាច​ប្រាប់​ពី​ភាព​ខុសគ្នា​បាន​ឡើយ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៦

នូវល ខេ វិតនី ត្រូវបាន​ចាត់តាំង​ឲ្យ​កាន់កាប់​អចលនទ្រព្យ​នៃ​ព្រះវិហារ​បរិសុទ្ធ​របស់​សាសនាចក្រ

នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៦យើង​អាន​ថា ព្រះអម្ចាស់​បាន​ណែនាំ​ឲ្យ​ប៊ីស្សព នូវល ខេ វិតនី កាន់កាប់​អចលនទ្រព្យ​ដែល​ព្រះវិហារ​បរិសុទ្ធ​នឹង​ត្រូវបាន​សាងសង់​នៅ​លើ​នោះ ។ ព្រះអម្ចាស់​ក៏​បាន​ត្រាស់​បង្គាប់​ប៊ីស្សព វិតនី បែងចែក​អចលនទ្រព្យ​ជា​ឡូដ៍ៗ សម្រាប់​អ្នក​ដែល​មក​ទទួល​កេរមរតក ។ ដី​ឡូដ៍​មួយ​ចំនួន ត្រូវបាន​កំណត់​ឲ្យ​ថ្នាក់​ដឹកនាំ​សាសនាចក្រ មើល​ខុសត្រូវ​សម្រាប់​ការបោះពុម្ព​វិវរណៈ​នានា ។ ការទទួល​បាន​កេរមរតក​នេះ នឹង​ជួយ​ពួកគាត់​លះបង់​ពេល​វេលា​របស់​ខ្លួន ដើម្បី​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៦:៤–៥ដោយ​ស្វែងរក​ថាតើ ការបោះពុម្ព​ព្រះបន្ទូល​របស់​ព្រះ ជួយ​ដល់​ពួក​បរិសុទ្ធ​យ៉ាង​ដូចម្ដេច ។

នៅ​ក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​ក៏​បាន​ណែនាំ​ដែរ​ថា យ៉ូហាន ចនសុន នឹង​ត្រូវបាន​ទទួល​យក​ជា​សមាជិក​នៃ​សហគ្រាស​សាមគ្គីភាព ដែល​មើល​ខុសត្រូវ​លើ​ហិរញ្ញវត្ថុ​របស់​សាសនាចក្រ ការបោះពុម្ព និង ប្រតិបត្តិការ​អាជីវកម្ម​ទាំងឡាយ ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៩៤-៩៦ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាល​បរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖