ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២៨ ៖ ថ្ងៃ​ទី ២ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:១២-២១


មេរៀន​ទី ២៨ ៖ ថ្ងៃទី ២

គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:១២-២១

បុព្វកថា

មេរៀន​នេះ​រួម​មាន​គោលលទ្ធិ​ដែល​ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​នៅ​ការ​ប្រជុំ​សាសនាចក្រ​មួយ​នៅ​រ៉ាមូស រដ្ឋអិលលីណោយ នៅ​ថ្ងៃ​ទី ២ ខែ មេសា ឆ្នាំ ១៨៤៣ ។ សេចក្ដីណែនាំ​ទាំង​នេះ​ត្រូវ​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣០ ។ ព្យាការី​បាន​បង្រៀន​អំពី​ព្រឹត្តិការណ៍​នាអនាគត រួម​មាន​ទាំង​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ផង​ដែរ ។ លោក​ក៏​បាន​បង្រៀន​អំពី​សមត្ថភាព​របស់​យើង​ដើម្បី​រក្សា​ទុក​ចំណេះដឹង និង​ប្រាជ្ញា​បន្ទាប់​ពី​យើង​ស្លាប់ ហើយ​បាន​ពន្យល់​ពី​របៀប​ដែល​យើង​អាច​ទទួល​បាន​ពរជ័យ​របស់​ព្រះ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:១២-១៧

យ៉ូសែប ស៊្មីធ បង្រៀន​អំពី​ការ​យាងមក​ជា​លើក​ទីពីរ

តើ​អ្នក​ធ្លាប់​ចង់​ដឹង​ថា​ការ​យាង​មក​ជា​លើក​ទី​ពីរ​នឹង​កើត​ឡើង​នៅ​ពេល​ណា​ដែរ​ទេ ?

មាន​មនុស្ស​ផ្សេង​ទៀត​ជា​ច្រើន​នាក់​បាន​ងឿង​ឆ្ងល់​ពី​រឿង​នេះ​ដូចគ្នា ។ នៅ​ក្នុង​សម័យ​របស់​យ៉ូសែប ស្ម៊ីធ មាន​គ្រូគង្វាល​ម្នាក់​ដែល​មាន​ឋានៈខ្ពស់​ឈ្មោះ វិល្លាម មិល្លឺ បាន​ប្រកាស​ថា ការ​យាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអម្ចាស់​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ទី ៣ ខែ មេសា ឆ្នាំ ១៨៤៣ ។ ពីមុន​ថ្ងៃ​ដែល​មិល្លឺ បាន​ទស្សន៍ទាយ​ពី​ការ​យាង​មក​ជា​លើក​ទីពីរ​មួយ​ថ្ងៃ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ថ្លែង​ទៅ​ពួក​បរិសុទ្ធ​នៅរ៉ាមូស រដ្ឋអិលលីណោយ ហើយ​បាន​លើក​ឡើង​ថា លោក​បាន​អធិស្ឋាន​ដើម្បី​ឲ្យ​ដឹង​ពី​ពេលវេលា​នៃ​ការ​យាង​មក​ជា​លើក​ទីពីរ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:១៤–១៧ ដោយ​ស្វែង​រក​អ្វី​ដែល​យ៉ូសែប ស្ម៊ីធ បាន​ដឹង​ពេល​លោក​បាន​អធិស្ឋាន​អំពី​កាល​វេលា​នៃ​ការ​យាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​កត់ចំណាំ​ថា ព្រះអម្ចាស់​មិន​បាន​បើក​សម្ដែង​ដល់​យ៉ូសែប ស្ម៊ីធ ពី​កាលបរិច្ឆេទ​នៃ​ការ​យាង​មក​ជា​លើក​ទី​ពីរ​ឡើយ ។ លើស​ពី​នេះ​ទៀត ទ្រង់​បាន​ណែនាំ​ដល់​យ៉ូសែប ថា « ចូរ​កុំ​រំខាន​យើង​ពី​ការណ៍​នេះ​ទៀត​ឡើយ » ( គ. និង ស. ១៣០:១៥ ) ។ សូម​មើល​សេចក្ដីយោង​បទគម្ពីរ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:១៥ លេខ​យោង ក ។ វគ្គ​ទាំង​នេះ​បាន​គូស​បញ្ជាក់​បន្ថែម​ទៀត​ថា គ្មាន​នរណា​ម្នាក់​ដឹង​ប្រាកដ​ពី​ពេល​ដែល​ព្រះអង្គសង្គ្រោះ​នឹង​យាង​មក​វិញ​ឡើយ ។

នៅ​ក្នុង​សេចក្ដី​ថ្លែង​តទៅ​នេះ សូម​គូស​បន្ទាត់​ពី​ក្រោម​នូវ​អ្វី​ដែល​អែលឌើរ អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ថ្លែង​អំពី​អ្នក​ដែល​ដឹង​ពី​ពេល​ដែល​ការ​យាង​មក​ជា​លើក​ទីពីរ​នឹង​កើត​ឡើង ៖

រូបភាព
អែលឌើរ អិម រ័សុល បាឡឺដ

« ខ្ញុំ​ត្រូវ​បាន​ហៅ​ជា​សាវក​មួយ​រូប​ដើម្បី​ធ្វើ​ជា​សាក្សី​ពិសេស​របស់​ព្រះគ្រីស្ទ​នៅ​ក្នុង​គ្រា​ដ៏​រំភើប ហើយ​តានតឹង​ទាំង​នេះ ហើយ​ខ្ញុំ​មិន​ដឹង​ថា​ពេលណា​ទ្រង់​នឹង​យាង​មក​ម្ដង​ទៀត​ឡើយ ។ អ្វី​ដែល​ខ្ញុំ​អាច​ដឹង​គឺ គ្មាន​បងប្អូន​ប្រុស​របស់​ខ្ញុំ​ណា​ម្នាក់​នៅ​ក្នុង​កូរ៉ុម​នៃ​ពួក​ដប់​ពីរនាក់ ឬ​សូម្បី​តែ​គណៈប្រធាន​ទី​មួយ​បានដឹង​ដែរ ។ ហើយ​ខ្ញុំ​សូម​ណែនាំ​ដោយ​រាបសារ​ថា ប្រសិន​បើ​យើង​មិន​ដឹង នោះ​គ្មាន​នរណា​ម្នាក់​ដឹង​ឡើយ មិន​ថា​ការ​លើក​ហេតុផល​របស់​ពួកគេ​មាន​ការ​បង្ខិតបង្ខំ​បែបណា ឬ​ការ​គណនា​របស់​ពួកគេ​សមហេតុ​សមផល​យ៉ាង​ណា​នោះ​ទេ ។ ព្រះ​អង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា ‹ អំពី​ថ្ងៃ និង កាលវេលា​នោះ គឺ​គ្មាន​នរណា​ម្នាក់​ដឹង​ឡើយ សូម្បី​តែ​ពួក​ទេវតា​នៃ​ព្រះ​នៅ​ឯ​សួគ៌ ប៉ុន្តែ​មាន​តែ​ព្រះ​វរបិតា​យើង​មួយ​អង្គ​គត់ › [ Joseph Smith—Matthew ១:៤០ ] ។

« ខ្ញុំ​ជឿ​ថា នៅ​ពេល​ព្រះអម្ចាស់​មាន​បន្ទូល​ថា ‹ គ្មាន​នរណា​ម្នាក់ ›​ដឹង​ឡើយ នោះ​ទ្រង់​ពិត​ជា​មានន័យ​ថា​គ្មាន​នរណា​ម្នាក់​ដឹង​ឡើយ ។ យើង​គួរ​តែ​ប្រុង​ប្រយ័ត្ន​ក្រៃលែង​ចំពោះ​ជនណា​មួយ​ដែល​ប្រកាស​ថា​មាន​ករណី​លើក​លែង​ចំពោះ​បញ្ញត្តិ​នៃ​ព្រះ » ( « When Shall These Things Be? » Ensign ខែ ធ្នូ ឆ្នាំ ១៩៩៦ ទំព័រ ៥៦) ។

យោង​តាម គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:១៤–១៧ និង សេចក្ដីថ្លែង​ការណ៍​របស់​អែលឌើរ បាឡឺដ យើង​បាន​រៀន​ថា មាន​តែ​ព្រះ​ទេ​ដែល​ដឹង​ពី​ពេលវេលា​ជាក់លាក់​ដែល​ការ​យាង​មក​ជា​លើក​ទី​ពីរ​នឹង​កើត​ឡើង ។

  1. សូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ការ​ចងចាំ​អំពី​សេចក្ដីពិត​នេះ អាច​ជួយ​អ្នក​កុំ​ឲ្យ​ភ័ន្តច្រឡំ​ចំពោះ​ការ​ប្រកាស​ខុស​នានា​ដោយ​របៀប​ណា ?

គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:១៨-១៩

យ៉ូសែប ស៊្មីធ បង្រៀន​អំពី​សារៈសំខាន់​នៃ​ការ​ទទួល​បាន​ចំណេះដឹង និង ប្រាជ្ញា​នៅ​ក្នុង​ជីវិត​នេះ

សូម​នឹក​ស្រមៃ​ថា អ្នក​កំពុង​ចាក​ចេញ​ពី​ផ្ទះ​ទៅ​កន្លែង​មួយ​ដែល​អ្នក​ពុំ​ធ្លាប់​ទៅ​ពីមុន​សោះ ។ អ្នក​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​យក​ឥវ៉ាន់​តែ​មួយ​វ៉ាលី​ប៉ុណ្ណោះ ។ តើ​ឥវ៉ាន់​អ្វីខ្លះ​ដែល​អ្នក​ចង់​ដាក់ក្នុង​វ៉ាលី​របស់​អ្នក ?

រូបភាព
វ៉ាលី

ចុះ​ប្រសិន​បើ​កន្លែង​ដែល​អ្នក​ទៅ​ជា​ពិភពវិញ្ញាណ​វិញ ( កន្លែង​ដែល​វិញ្ញាណ​យើង​ទៅ​ក្រោយ​ពី​យើង​ស្លាប់ ) ? តើ​របស់​ណា​មួយ​ដែល​អ្នក​ជ្រើស​ដាក់​នៅ​ក្នុង​វ៉ាលី​របស់​អ្នក​ដែល​អ្នក​អាច​យក​វា​ទៅ​ជាមួយ​នៅ​ពេល​អ្នក​ស្លាប់ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:១៨–១៩ ដោយស្វែង​រក​អ្វី​ដែល​យើង​អាច​យក​ទៅ​ជាមួយ​នឹង​យើង​បាន​ពេល​យើង​ស្លាប់​ទៅ ។

យោង​តាម ខ ១៨–១៩ តើ​អ្វី​នឹង​នៅ​ជាមួយ​យើង​ក្រោយ​ពេល​យើង​ស្លាប់​ទៅ ? ដើម្បី​ឆ្លើយ​សំណួរ​នេះ សូម​បំពេញ​គោលការណ៍​ដូច​តទៅ​នេះ ៖ និង ដែល​យើង​ទទួល​បាន​នៅក្នុង​ជីវិត​នេះ នោះ​នឹង​នៅជាប់​ជាមួយ​យើង​ក្នុង​ដំណើររស់​ឡើងវិញ ។

រូបភាព
អែលឌើរ ណែល អេ. ម៉ាកស្វែល

អែលឌើរ នែល អេ ម៉ាក់ស្វែល ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ជួយ​យើង​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​ពាក្យ ប្រាជ្ញា នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​ ៖ « ប្រសិន​បើ​យើង​សញ្ជឹង​គិត​ពី​អ្វី​ដែល​នឹង​នៅ​ក្រោក​ឡើង​ជាមួយ​នឹង​យើង​នៅ​ក្នុង​ការ​រស់​ឡើង​វិញ វា​សបញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រាជ្ញា​យើង​នឹង​ក្រោក​ឡើង​ជាមួយ​នឹង​យើង គឺ​ពុំមែន​តែ​ការ​សាកល្បង​ប្រាជ្ញា​របស់​យើង​ប៉ុណ្ណោះទេ ប៉ុន្តែ​ជា​សមត្ថភាព​របស់​យើង​ដើម្បី​ទទួល ហើយ​អនុវត្ត​សេចក្ដីពិត​ផង​ដែរ ។ ទេពកោសល្យ លក្ខណៈ និង​ជំនាញ​របស់​យើង​នឹង​ក្រោក​ឡើង​ជាមួយ​យើង ពិត​ណាស់​រួម​ទាំង​សមត្ថភាព​របស់​យើង​ដើម្បី​រៀន កម្រិត​នៃ​ទំនុកចិត្ត​របស់​យើង និង សមត្ថភាព​ធ្វើ​ការ​របស់​យើង​ផង​ដែរ » ( We Will Prove Them Herewith [ ឆ្នាំ ១៩៨២ ] ទំព័រ ១២ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. យោង​តាម គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:១៩ តើ​យើង​អាច​ទទួល​ចំណេះដឹង និង ប្រាជ្ញា​ច្រើន​ជាង​មុន​បាន​ដោយ​របៀប​ណា ?

    2. តើ​អ្នក​ធ្លាប់​ទទួល​បាន​ចំណេះដឹង ឬ​ប្រាជ្ញា​តាមរយៈ​ភាពឧស្សាហ៍ និង ការ​ស្តាប់​បង្គាប់​របស់​អ្នក​នៅ​ពេល​ណា​ដែរ ? តើ​អ្នក​បាន​ជួប​បទពិសោធន៍​អ្វីខ្លះ ?

សូម​កត់​សម្គាល់​ថា យោងតាម ខ ១៩ ពួក​អ្នក​ដែល​ទទួល​បាន​ចំណេះដឹង និង ប្រាជ្ញា​ច្រើន​នៅ​ក្នុង​ជីវិត​នេះ​នឹង​មាន​ឧត្តមភាព​នៅ​ក្នុង​លោក​ខាង​មុខ ។ នេះ​មាន​ន័យ​ថា អ្វី​ដែល​យើង​រៀន​នៅ​ក្នុង​ជីវិត​នេះ ទាំង​ខាង​សាច់ឈាម និង ខាង​វិញ្ញាណ នឹង​ជា​ប្រយោជន៍​ដល់​យើង​នៅ​ក្នុង​ភាព​អស់កល្ប​ជានិច្ច ។ យើង​នឹង​ប្រើ​ចំណេះដឹង​ដែល​យើង​ទទួល​បាន​នៅ​ក្នុង​ជីវិត​នេះ​ដើម្បី​ប្រែក្លាយ​កាន់​តែ​ដូច​ជា​ព្រះវរបិតា​សួគ៌ ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​គោលដៅ​មួយ ដែល​អាច​ជួយ​អ្នក​ទទួល​បាន​ចំណេះដឹង និង ប្រាជ្ញា​ច្រើន ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:២០-២១

យ៉ូសែប ស៊្មីធ ពន្យល់​ពី​របៀប​ដែល​យើង​ទទួល​ពរជ័យ

សូម​នឹក​ស្រមៃ​ថា អ្នក​ចង់​កែលម្អ​សិល្បៈ​ក្នុង​ការ​សរសេរ​របស់​អ្នក ដូច្នេះ​អ្នក​សម្រេច​ចិត្ត​រត់​ប្រហែល​ជា​ប្រាំ​គីឡូម៉ែត្រ ប្រាំថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​រយៈ​ពេល​មួយ​ខែ ។ តើ​ការ​ហ្វឹកហាត់​នេះ​ជះ​ឥទ្ធិពល​ទៅ​លើ​សិល្បៈ​នៃ​ការ​សរសេរ​របស់​អ្នក​បាន​ដោយ​របៀប​ណា ?

រូបភាព
ស្លាបប៉ាកា និង ក្រដាស

ប្រសិន​បើ​អ្នក​ចង់​កែលម្អ​សិល្បៈ​ក្នុង​ការ​សរសេរ​របស់​អ្នក តើ​អ្នក​ត្រូវ​ធ្វើ​អ្វីខ្លះ ?

ដូចជា​យើង​ត្រូវ​យល់​ដឹង​ពី​របៀប​ដើម្បី​ទទួល​បាន​លទ្ធផល​ដែល​យើង​ចង់​បាន​ផងដែរ នោះ​យើង​ត្រូវ​យល់​ដឹង​ពី​របៀប​ដើម្បី​ទទួល​បាន​ពរជ័យ​ដែល​ព្រះវរបិតា​សួគ៌​មាន​ព្រះរាជបំណង​ចង់​ប្រទាន​ដល់​យើង ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:២០-២១ ដោយ​ស្វែងរក​របៀប​ដែល​យើង​អាច​ទទួល​បាន​ពរជ័យ​ដែល​ព្រះវរបិតា​សួគ៌ មាន​ព្រះរាជបំណង​ចង់​ប្រទាន​ដល់​យើង ។ វា​អាច​មាន​ប្រយោជន៍​ដើម្បី​ដឹង​ថា ពាក្យ ផ្អែក​ទៅ​លើ មាន​ន័យ​ថា « សំអាង​លើ » និង​ឃ្លា « ដ៏​ពុំ​អាច​ដក​ចេញ​បាន » មាន​ន័យ​ថា ច្បាប់​មួយ​មាន​ភាព​ជា​អចិន្ត្រៃយ៍ ហើយ​មិន​អាច​ផ្លាស់​ប្ដូរ​បាន ។

ដោយ​យោង​ទៅ​លើ​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង ខ ២០–២១ សូម​បំពេញ​គោលការណ៍​ដូច​តទៅ​នេះ ៖ ប្រសិន​បើ​យើង​ចង់ទទួល​បាន នោះ​យើង​ត្រូវ

ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​បន្ថែម​ទៀត​ពី​គោលការណ៍​នេះ សូម​បំពេញ​តារាង​ខាង​ក្រោម ។ សូម​អាន​បទគម្ពីរ​ទាំងនោះ រួច​រក​មើល​ពី​ច្បាប់ និង​ពរជ័យ​ដែល​ភ្ជាប់​មក​ជាមួយ​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង​បទគម្ពីរ​នីមួយៗ ។

វគ្គ​បទគម្ពីរ

ច្បាប់

ពរជ័យ

គ. និង ស. ១០:៥

នីហ្វៃទី២ ៣២:៣

ម៉ាឡាគី ៣:៨–១០; គ. និង ស. ៦៤:២៣

គ. និង ស. ៨៩:១៨–២១

  1. សូម​បំពេញ​កិច្ចការ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ៖ តើ​ពរជ័យ​អ្វី​ខ្លះ​ដែល​អ្នក​ធ្លាប់​ទទួល​ដោយសារ​អ្នក​គោរព​តាម​ច្បាប់​មួយ ?

    2. សូម​គិត​អំពី​ពរជ័យ​ដែល​អ្នក​ចង់​ទទួល​បាន ។ សូម​សរសេរ​ពី​អ្វី​ដែល​ច្បាប់ ឬ​ច្បាប់​នានា​ដែល​អ្នក​ត្រូវ​គោរព​តាម ដើម្បី​អ្នក​អាច​ទទួល​បាន​ពរជ័យ​ទាំងនោះ ។ ( អ្នក​អាច​ប្រើ​ជំនួយ​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ដូចជា សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ឬ Topical Guide ( ការណែនាំ​តាម​ប្រធានបទ ) ដើម្បី​ជួយ​អ្នក​ឲ្យ​ស្វែង​រក​ច្បាប់​នានា​ដែល​ជួយ​នាំ​មក​នូវ​ពរជ័យ ។ ត្រូវ​ចងចាំ​ថា ច្បាប់ និង ពរជ័យ​ខ្លះ​គឺ​មាន​ភាព​ជាក់​លាក់​ខ្លាំង​ណាស់ កាល​ដែល​ច្បាប់​ដទៃទៀត​គឺ​ជា​លក្ខណៈទូទៅ ។ វា​ក៏​សំខាន់​ផងដែរ​ដើម្បី​ចង​ចាំ​ថា ពរជ័យ​ខ្លះ​ដែល​បាន​សន្យា​អាច​កើត​មាន​បន្ទាប់​ពី​ជីវិត​រមែង​ស្លាប់ ) ។

សូម​រំឭក​អំពី​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ ដែល​អ្នក​បាន​រកឃើញ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០ ។ សូម​ពិចារណា​ពី​គោលលទ្ធិ និង គោលការណ៍​នានា នៅពេល​អ្នក​អាន​សេចក្ដី​ថ្លែង​ការណ៍​ដូច​តទៅ​នេះ​របស់​ប្រធាន ព្រិកហាំ យ៉ង់ ស្ដីពី​សមត្ថភាព​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ ក្នុង​ការ​ពន្យល់​ពី​រឿង​របស់​ព្រះ ៖ « ភាព​រុង​រឿង​ដ៏​ឧត្តម​នៃ​ចិរក​លក្ខណៈ​របស់​បងប្រុស យ៉ូសែប ស្ម៊ីធ គឺ​ថា លោក​អាច​ធ្វើ​ឲ្យ​មនុស្ស​ដែល​មាន​ការ​យល់​ដឹង​មាន​កំណត់​អាច​យល់​ដឹង​ពី​រឿង​សួគ៌ា​បាន ។ នៅ​ពេល​លោក​បង្រៀន​ដល់​មនុស្ស​ទូទៅ—ដោយ​បើក​សម្ដែង​ពី​រឿង​របស់​ព្រះ ព្រះទ័យ​នៃ​ព្រះ ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ព្រះរាជបំណង​នៃ​ព្រះយេហូវ៉ា ទំនាក់ទំនង​ដែល​យើង​មាន​ជាមួយ​នឹង​ទ្រង់ និង តួអង្គ​សួគ៌ា​ទាំងអស់—លោក​បាន​សម្រប​ការ​បង្រៀន​របស់​លោក​ទៅ​នឹង​សមត្ថភាព​របស់​បុរស ស្ត្រី និង កុមារ​គ្រប់​រូប ដោយ​គូស​បញ្ជាក់​វា​យ៉ាង​ច្បាស់ ។ ការណ៍​នេះ​គួរ​តែ​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ដែល​ស្ដាប់​លោក​ហើយ​បាន​ដឹង​ពី​សិទ្ធិអំណាច និង អំណាច​ដ៏​ទេវភាព​របស់​លោក ពីព្រោះ​គ្មាន​នរណា​ផ្សេង​ទៀត​អាច​បើក​សម្ដែង​រឿង​នៃ​ព្រះ​បាន​ឡើយ មាន​តែ​តាមរយៈ​វិវរណៈ​របស់​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ » ( Teachings of Presidents of the Church: Brigham Young[ឆ្នាំ ១៩៩៧ ] ទំព័រ ៣៤៧) ។

  1. សូម​ឆ្លើយ​សំណួរ​ដូច​តទៅ​នេះ​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​គោលការណ៍​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៩-៣០ ពង្រឹង​ទីបន្ទាល់​អ្នក​ចំពោះ​ការ​ហៅ​បម្រើ​របស់​យ៉ូសែប ស្ម៊ីធ​យ៉ាង​ដូចម្ដេច ?

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:១២-២១ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖