ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៤ ៖ ថ្ងៃទី ២ គោលលទ្ធិ និង សេចក្តីសញ្ញា ១១-១២


មេរៀន​ទី ៤ ៖ ថ្ងៃ​ទី ២

គោលលទ្ធិ និង សេចក្តីសញ្ញា ១១-១២

សេចក្ដីផ្ដើម

មិនយូរប៉ុន្មាន​ក្រោយ​ពី​បព្វជិតភាព​អើរ៉ុន​បាន​ស្តារ​ឡើង​វិញ​ក្នុង​ខែ ឧសភា ឆ្នាំ ១៨២៩ បងប្រុស​របស់ យ៉ូសែប ស្ម៊ីធ គឺ ហៃរុម និង យ៉ូសែប ណៃត ស៊ីញ្ញ័រ បាន​មក​លេង​ព្យាការី​នៅ ភូមិហារម៉ូនី រដ្ឋ​ផែនសិលវេញ៉ា ។ បុរស​ទាំងពីរ​នាក់​បាន​បង្ហាញ​ពី​បំណង​ប្រាថ្នា​ដើម្បី​បម្រើ​ព្រះ ហើយ​ជួយ​ក្នុង​ការស្ដារឡើង​វិញ ។.គោលលទ្ធិ និង សេចក្តីសញ្ញា ១១ និង ១២ មាន​នូវ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ទៅ​កាន់ ហៃរុម ស៊្មីធ និង ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ទៅ​កាន់ យ៉ូសែប ណៃត ស៊ីញ្ញ័រ ស្ដីពី​របៀប​ដែល​ពួក​គាត់​អាច​ជួយ​នាំ​កិច្ចការ​របស់​ព្រះអម្ចាស់​ចេញ​មក ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១១:១-១៤

ហៃរុម ស៊្មីធ ស្វែងយល់​ពី​របៀប​ដែល​គាត់​អាច​ជួយ​នាំ​កិច្ចការ​របស់​ព្រះអម្ចាស់​ចេញ​មក ។

តើ​អ្នក​ធ្លាប់​ចង់​រួមចំណែក​ក្នុង​បុព្វហេតុ​ដ៏​អស្ចារ្យ​មួយ​ដែល​អ្នក​បាន​ដឹង​ថា​នឹង​ក្លាយ​ជា​គុណប្រយោជន៍​សម្រាប់​ជីវិត​មនុស្ស និង ពិភពលោក​ដែរ​ឬ​ទេ ? នោះ​គឺ​ជា​អ្វី​ដែល​មនុស្ស​ជាច្រើន​បាន​គិត​អំពី​សាសនាចក្រ​នៅ​ជំនាន់​នៃ​ការស្ដារឡើងវិញ​ពី​មុន ។ តាម​ពិត​ទៅ នោះ​គឺ​ជា​អ្វី​ដែល​មនុស្ស​ជា​ច្រើន​គិត​អំពី​ការបម្រើ​ក្នុង​សាសនាចក្រ—ដែល​ជា​នគរ​ព្រះ​នៅ​លើ​ផែនដី—សព្វថ្ងៃ​នេះ ។ នៅ​ក្នុង កណ្ឌទី ១១ និង ១២ នៃ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ព្រះអម្ចាស់​ប្រទាន​ឱវាទ​ដល់ ហៃរុម ស៊្មីធ និង យ៉ូសែប ណៃ ស៊ីញ្ញ័រ ទាក់ទង​នឹង​ការរួមចំណែក​ពួកគាត់​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១:២៧ និង ១២:៧ ដើម្បី​ស្វែងរក​ថា​មាន​នរណា​ទៀត​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ដល់​នៅ​ក្នុង​វិវរណៈ​ទាំងនេះ ។

រូបភាព
ហៃរុម ស៊្មីធ

ហៃរុម ស៊្មីធ ដែល​ជា​បងប្រុស​របស់ យ៉ូសែប ទំនង​ជា​បាន​ដឹង​ពី​ហេតុការណ៍​ដែល​បាន​កើតឡើង​នា​ពេល​ថ្មីៗ​នេះ​មាន​ដូចជា ដំណើរ​ទៅ​មុខ​នៃ​ការបកប្រែ​ព្រះគម្ពីរ​មរមន និង ការស្ដារឡើងវិញ​នៃ​បព្វជិតភាព​អើរ៉ុន ។ គាត់​បាន​ចង់​ដឹង​ពី​របៀប​ដែល​គាត់​អាច​ជួយ​ដល់​យ៉ូសែប​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ។ យ៉ូសែប​បាន​ទូល​សូម​ដល់​ព្រះអម្ចាស់ ហើយ​បាន​ទទួល​វិវរណៈ​ដែល​មាន​ចែង​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១ សម្រាប់​ហៃរុម ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១:៣, ៨, ១០, ១៤, ១៧, ២១, និង ២៧ រួច​គូសចំណាំ​ពាក្យ បំណង មាន​បំណង និង មាន​សេចក្ដី​ប៉ងប្រាថ្នា ។ សូម​គិត​អំពី​អារម្មណ៍​ដ៏​ស្មោះស្ម័គ្រ​ដែល​មនុស្ស​ម្នាក់​គួរតែ​មាន ជា​អ្នក​ដែល​ពិតជា​ចង់​ជួយ​ដល់​កិច្ចការ​របស់​ព្រះអម្ចាស់ ។

  1. សូម​គូស​ប្រអប់​ពីរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូម​សរសេរ​នៅ​ក្នុង​ប្រអប់​ទីមួយ​ថា ពរជ័យ​ដែលបាន​សន្យា​ដោយសារតែ​សេចក្ដី​សុចរិត​ដែល​គាត់​ប្រាថ្នា​ចង់​បាន ។ សូម​សរសេរ​នៅ​ក្នុង​ប្រអប់​ទីពីរ​ថា ការណ៍​ដែល​គាត់​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​ពរជ័យ​ទាំងនោះ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១:៥–៨ ។ នៅ​ក្នុង​ប្រអប់​ទី​មួយ សូម​ធ្វើ​បញ្ជី​នៃ​ពរជ័យ​ទាំងឡាយ​ដែល​ព្រះអម្ចាស់​បាន​សន្យា​ដល់ ហៃរុម ស៊្មីធ ចំពោះ​បំណង​ប្រាថ្នា​របស់​គាត់​ក្នុង​ការជួយ​ដល់​កិច្ចការ​របស់​ព្រះអម្ចាស់ ។ នៅ​ក្នុង​ប្រអប់​ទី​ពីរ សូម​ធ្វើ​បញ្ជី​នៃ​ការណ៍​ដែល​ហៃរុម​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​ពរជ័យ​ដ៏​ទេវភាព​ទាំងនោះ ។

នៅ​ពេល​អ្នក​សិក្សា​ខគម្ពីរ​ទាំងនេះ អ្នក​អាច​នឹង​រក​ឃើញ​សេចក្ដីពិត​ទាំងនេះ ៖ យើង​អាច​ទទួល​បាន​ពរជ័យ​ពី​ព្រះ​ស្រប​តាម​បំណង​ប្រាថ្នា​ដ៏​សុចរិត​របស់​យើង ។ ប្រសិនបើ​យើង​មាន​បំណង​ធ្វើ​កិច្ចការ​របស់​ព្រះ នោះ​យើង​នឹង​បាន​ទៅ​ជា​មធ្យោបាយ​នៃ​ការធ្វើ​ល្អ​ដ៏​ច្រើន ។

  1. សូម​បំពេញ​កិច្ចការ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​សរសេរ​ចម្លើយ​មួយ​ចំនួន​ចំពោះ​សំណួរ​តទៅ​នេះ ៖ តើ​អ្នក​អាច​ធ្វើ​ដូចម្ដេច​ដើម្បី « បាន​ទៅ​ជា​មធ្យោបាយ​នៃ​ការធ្វើ​ល្អ​ដ៏​ច្រើន » នៅ​ក្នុង​តំណ​នេះ ?

    2. សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១:៩–១៤ ដោយ​ស្វែងរក​ឱវាទ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន ដែល​នឹង​ជួយ ហៃរុម ឲ្យ​សម្រេច​បាន​នូវ​ការណ៍​ល្អ​ដ៏​ច្រើន ។ សូម​សរសេរ​ដំបូន្មាន​របស់​ព្រះអម្ចាស់​ដល់​ហៃរុម​ទៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ហើយ​រក​មើល​ថា​តើ​ដំបូន្មាន​របស់​ទ្រង់​ត្រូវ​គ្នា​នឹង​យោបល់​មួយ​ចំនួន​ដែល​អ្នក​បាន​សរសេរ​ដែរ​ឬ​ទេ ។

    3. យោង​តាម គោលលទ្ធិ និង សេចក្តីសញ្ញា ១១:១២–១៣ តើ​អ្នក​ស្គាល់​អានុភាព​នៃ​ព្រះវិញ្ញាណ​តាម​របៀប​ណា ?

យើង​រៀន​ចេញ​ពី​ដំបូន្មាន​ដែល​ហៃរុម​បាន​ទទួល​ថា ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ដឹកនាំ​យើង​ឲ្យ​ធ្វើ​ល្អ រាបសា និង​វិនិច្ឆ័យ​ដោយ​សុចរិត ។ ព្រះវិញ្ញាណ​ក៏​បំភ្លឺ​គំនិត​របស់​យើង ហើយ​ក៏​បំពេញ​ព្រលឹង​របស់​យើង​ដោយ​សេចក្ដី​អំណរ​ដែរ ។ វា​អាច​នឹង​មាន​ប្រយោជន៍​ក្នុង​ការ​ដាក់​បទគម្ពីរ​យោង​សេចក្ដីពិត​ទាំងនេះ​ដែល​មាន​ចែង​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១:១២–១៣ ជាមួយ​នឹង​ចំណេះចំណាន​ខគម្ពីរ​ដែល​មាន​ចែង​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨:២–៣ ។

  1. សូម​យក​ពេល​បន្តិច ហើយ​ពិចារណា​ពី​ស្ថានភាព​ដែល​អ្នក​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ។ សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ពី​បទពិសោធន៍​ខាង​ក្រោម​ចំនួន​មួយ ឬ ច្រើន​ជាង​នេះ​ដែល​អ្នក​ធ្លាប់​បាន​ជួប​ប្រទះ ៖

    1. បទពិសោធន៍​មួយ​ដែល​ព្រះវិញ្ញាណ​បាន​ដឹកនាំ​អ្នក​ឲ្យ​ធ្វើ​ល្អ

    2. បទពិសោធន៍​មួយ​នៅ​ពេល​ដែល​ព្រះវិញ្ញាណ​បាន​បណ្ដាល​អ្នក​ឲ្យ​មាន​ភាពរាបសា

    3. បទពិសោធន៍​មួយ​នៅ​ពេល​ដែល​ព្រះវិញ្ញាណ​បាន​ជួយ​អ្នក​ឲ្យ​ធ្វើ​ការវិនិច្ឆយ​ត្រឹមត្រូវ

    4. បទពិសោធន៍​មួយ​នៅ​ពេល​ដែល​ព្រះវិញ្ញាណ​បាន​បំភ្លឺ​អ្នក​អំពី​ប្រធានបទ​មួយ ឬ បញ្ហា​ផ្ទាល់ខ្លួន

គោលលទ្ធិ និង សេចក្តីសញ្ញា ១១:១៥-៣០

ព្រះអម្ចាស់​បាន​ត្រាស់​បញ្ជា ហៃរុម ស៊្មីធ ឲ្យ​ត្រៀមខ្លួន​ទទួល​យក​ការហៅ​ឲ្យ​ទៅ​ផ្សាយ

សូម​ស្រមៃ​ពី​ការមើលទៅ​ការចាប់ផ្ដើម​នៃ​អ្វី​ដែល​អ្នក​មាន​អារម្មណ៍​ថា​ជា​បុព្វហេតុ​ដ៏​ធំ​នៅ​ក្នុង​ពិភពលោក ដោយ​ដឹង​ថា​អ្នក​អាច​ជា​ចំណែក​មួយ​នៅ​ក្នុង​បុព្វហេតុ​នោះ ។ តើ​អ្នក​នឹង​ចំណាយ​ពេល​ប៉ុន្មាន ដើម្បី​គិត​ពី​បុព្វហេតុ​នោះ ថែមទាំង​ការដាក់ផែនការណ៍ និង ការត្រៀមខ្លួន​ដើម្បី​រួម​ចំណែក ? សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១:១៥–១៦ ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​ឲ្យ ហៃរុម ស៊្មីធ ធ្វើ ។

តើ​អ្នក​គិត​ថា​ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​ត្រាស់​បញ្ជា ហៃរុម ឲ្យ « ចាំ​បន្តិច » ? សូម​ពិចារណា​ពី​ស្ថានភាព​ដែល​សាសនាចក្រ​ពុំ​ទាន់​បាន​បង្កើត​ឡើង​ជា​ផ្លូវការ​ទាល់តែ​ដល់​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត និង ពី​ព្រះគម្ពីរ​មរមន​ដែល​ពុំ​ទាន់​បាន​បោះពុម្ព​នៅ​ឡើយ​នោះ ។ តើ​អ្នក​គិត​ថា​ព្រឹត្តិការណ៍​នា​ពេល​អនាគត​ទាំងនេះ​នឹង​មាន​ឥទ្ធិពល​លើ​ការត្រៀមខ្លួន​របស់ ហៃរុម ក្នុង​ការជួយ​ដល់​កិច្ចការ​របស់​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១:១៨–២០ ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា ហៃរុម ត្រូវធ្វើ​ដើម្បី​ក្លាយ​ជា​គ្រឿង​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធិភាព​នៅ​ក្នុង​ព្រះហស្ត​របស់​ព្រះអម្ចាស់ ។

  1. សូម​ឆ្លើយ​នឹង​សំណួរ​ខាង​ក្រោម​មួយ ឬ ច្រើន​ជាង​នោះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​យុវវ័យ​ម្នាក់​ដែល​កំពុង​ត្រៀមខ្លួន​បម្រើ​បេសកកម្ម​អាច « អំពាវនាវ​ដល់​ព្រះវិញ្ញាណ » បាន​យ៉ាង​ដូចម្ដេច ?

    2. តើ​អ្នក​គិត​ថា ការ « នៅ​ជាប់​នឹង [ ព្រះអម្ចាស់ ] ឲ្យ​អស់​ពី​ចិត្ត » មាន​ន័យ​ដូចម្ដេច ?

    3. តើ​អ្វី​ដែល​ព្រះអម្ចាស់​ទ្រង់​តម្រូវ​ឲ្យ​អ្នក « ជួយ​នាំ​មក​រក​ពន្លឺ » ?

ដោយ​ប្រើ គោលលទ្ធិ និង សេចក្តីសញ្ញា ១១:១៨–២០ សូម​សរសេរ​គោលការណ៍​មួយ​ដែល​ថ្លែង​ពី​របៀប​ចាំបាច់​មួយ​ចំនួន ដែល​អ្នក​អាច​ត្រៀមខ្លួន​ដើម្បី​បម្រើ​ក្នុង​នគរ​របស់​ព្រះអម្ចាស់ ៖

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១:២១–២២ រួច​ស្វែងរក​ការណ៍​ផ្សេង​ទៀត​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា ហៃរុម ស៊្មីធ ត្រូវ​ធ្វើ ដើម្បី​ជួយ​គាត់​ឲ្យ​ក្លាយ​ជា​គ្រូបង្រៀន​ដំណឹងល្អ​ដ៏​មាន​ប្រសិទ្ធិភាព​មួយ​រូប ។ តើ​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់​ហៃរុម​ដូចម្ដេច​ខ្លះ អំពី​អ្វី​ដែល​គាត់​ត្រូវ​ធ្វើ​ដើម្បី​អាច​ប្រកាស​ព្រះបន្ទូល​របស់​ទ្រង់​បាន ?

រូបភាព
អ្នក​ផ្សព្វផ្សាយ​សាសនា​កំពុង​អាន​ព្រះគម្ពីរ

តើ​អ្នក​គិត​ថា ការសិក្សា​ព្រះគម្ពីរ​ដើម្បី « ឲ្យ​បាន​ព្រះបន្ទូល [ របស់​ព្រះអម្ចាស់ ] » មាន​លក្ខណៈ​ខុស​គ្នា​ពី​ការគ្រាន់តែ​អាន​ព្រះគម្ពីរ​យ៉ាង​ដូចម្ដេច ? អស់​អ្នក​ដែល​សិក្សា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​នឹង​ទទួល​បាន​ព្រះវិញ្ញាណ​ទ្រង់ និង ព្រះចេស្តា​ដើម្បី​បញ្ចុះបញ្ចូល​មនុស្ស​ដទៃ​អំពី​សេចក្ដីពិត​នៃ​ដំណឹងល្អ ។

ដើម្បី​ឃើញ​ថា ហៃរុម បាន​រក្សា​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះអម្ចាស់ ហើយ​បាន​ធ្វើតាម​ឱវាទ​របស់​ទ្រង់ សូម​មើល​សេចក្ដី​ណែនាំ​អំពី​កណ្ឌ​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ១១ រួច​កត់ចំណាំ​កាលបរិច្ឆេទ​ដែល​បាន​ទទួល​វិវរណៈ​នោះ ។ បន្ទាប់​មក​បើក​ទៅ​សេចក្ដី​ណែនាំ​អំពី​កណ្ឌ​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ២៣ រួច​កត់ចំណាំ​ពី​កាលបរិច្ឆេទ​នៃ​វិវរណៈ​នោះ ។ តើ​នៅ​ប៉ុន្មាន​ខែ​ក្រោយ​មក ដែល​ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៣ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១:២១ រួច​ក្រោយ​មក​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៣:៣ ។ តើ​អ្នក​បាន​ស្វែងយល់​ពី​អ្វី​ខ្លះ ? តើ​ការណ៍​នេះ​អនុវត្ត​យ៉ាង​ដូចម្ដេច​ចំពោះ​ការត្រៀមខ្លួន​ចេញ​បម្រើ​បេសកកម្ម ?

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

សូម​ពិចារណា​ពី​ដំបូន្មាន​ដែល អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ បាន​ផ្ដល់​ដល់​ក្រុម​យុវជន​អំឡុង​ពេល​សម័យ​ប្រជុំ​បព្វជិតភាព​នៃ​សន្និសីទ​ទូទៅ​ថា ៖ « សេចក្ដី​សង្ឃឹម​ដ៏​ស្មោះ​អស់​ពី​ចិត្ត​របស់​ខ្ញុំ​ចំពោះ​ប្អូនយុវជន​ម្នាក់ៗ​គឺ​ថា ប្អូន​នឹង​មិន​ចេញ​បេសកកម្ម​ដោយ​ងាយៗ​នោះទេ ផ្ទុយទៅវិញ​គឺ​ថា ប្អូន​នឹង​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​រយៈ​ពេល​យូរ​ពី​មុន​ប្អូន​ដាក់​ពាក្យ​ស្នើ​ចេញ​បេសកកម្ម​របស់​ប្អូន យូរ​ពីមុន​ប្អូន​ទទួល​ការហៅ​ឲ្យ​បម្រើ ពីមុន​ត្រូវបាន​ញែក​ចេញ​ដោយ​ប្រធាន​ស្តេក​របស់​ប្អូន និង ពីមុន​ប្អូន​ចូល​ទៅ​ក្នុង អិម.ធី.ស៊ី » (« Becoming a Missionary » EnsignLiahona,ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៤៥ ) ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​ការណ៍​មួយ​ចំនួន​ដែល​អ្នក​មាន​អារម្មណ៍​បំផុសគំនិត​ឲ្យ​ធ្វើ​ឲ្យ​បាន​សម្រេច ឬ កែប្រែ​នៅ​ពេល​ប៉ុន្មាន​ខែ​ទៀត​នេះ ដើម្បី​ជួយ​អ្នក​ឲ្យ​ទទួល​បាន​ព្រះបន្ទូល​របស់​ព្រះ​កាន់តែ​ច្រើន ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ១២

ព្រះអម្ចាស់​ប្រទាន​ឱវាទ​ដល់ យ៉ូសែប ណៃ ស៊ីញ្ញ័រ អំពី​របៀប​ដែល​គាត់​អាច​ជួយ​ស្ថាបនា​បុព្វហេតុ​នៃ​ស៊ីយ៉ូន​ឡើង

សូម​គិត​ពី​ឈ្មោះ​របស់​មនុស្ស​មាន​កិត្តិនាម​មួយ​ចំនួន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ។ តើ​ពួកគេ​មាន​គុណសម្បត្តិ​អ្វី​ខ្លះ ?

តើ​អ្នក​ធ្លាប់​ឮ​រឿង​របស់​បុរស​ម្នាក់​ឈ្មោះ យ៉ូសែប ណៃត សុញ្ញ័រ ដែរ​ឬ​ទេ ?​សូម​អាន​សេចក្ដី​ណែនាំ​អំពី​កណ្ឌ​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ១២ ដើម្បី​រៀន​ពី យ៉ូសែប ណៃត ស៊ីញ្ញ័រ និង ពី​គំរូ​នៃ​ការបរិច្ចាគ​របស់​គាត់​ទៅ​ដល់​នគរ​ព្រះ ។

អ្នក​អាច​នឹង​កត់ចំណាំ​ថា ព្រះបន្ទូល​ព្រះអម្ចាស់​ដែល​មាន​ចែង​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២:១–៦ គឺ​ជា​ព្រះបន្ទូល​ដូចគ្នា​ដែល​មាន​ចែង​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១:១–៦ ។ ជា​រឿយៗ ព្រះអម្ចាស់​នឹង​មាន​ព្រះ​បន្ទូល​ណែនាំ​ដដែលៗ​ទៅ​កាន់​បុគ្គល​ផ្សេងៗ​គ្នា—« អ្វី​ក៏​ដោយ​ដែល​យើង​មាន​ព្រះបន្ទូល​ដល់​មនុស្ស​ម្នាក់ នោះ​យើង​មាន​ព្រះបន្ទូល​ដល់​មនុស្ស​ទាំងអស់ » ( គ. និង ស. ៨២:៥ ) ។ ករណី​បែបនេះ​កើតឡើង​ជាមួយ ហៃរុម ស៊្មីធ ( គ. និង ស. ១១ ) និង យ៉ូសែប ណៃត ស៊ីញ្ញ័រ ( គ. និង ស. ១២ ) ដែល​មាន​ការណែនាំ​មួយ​ចំនួន​ដូចគ្នា ។

ថ្វើបើ យ៉ូសែប ណៃត ស៊ីញ្ញ័រ ពុំ​មែន​ជា​សមាជិក​ដែល​មាន​កិត្តិនាម​ក្នុង​សាសនាចក្រ​កាល​ពី​សម័យ​មុន​យ៉ាង​ណា​ក្ដី ក៏​គាត់​បាន​ធ្វើ​អំពើ​ល្អ​ជា​ច្រើន​ក្នុង​ការស្ថាបនា​នគរ​ព្រះ​ឡើង​ដែរ ។ គាត់​បាន​ផ្គត់ផ្គង់​ជា​អាហារ និង សម្ភារ​ដទៃ​ទៀត​ដល់​ព្យាការី​អំឡុង​ពេល​ធ្វើ​កិច្ចការ​បកប្រែ​ដ៏​តឹងតែង ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២:៦–៨ រួច​គូសចំណាំ​ពី​លក្ខណៈ​សម្បត្តិ​ដ៏​សុចរិត​នានា ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា​ចាំបាច់​ត្រូវមាន​សម្រាប់​អស់​អ្នក​ដែល​ចង់​ជួយ​ដល់​កិច្ចការ​របស់​ព្រះអម្ចាស់ ។ សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​នឹង​អភិវឌ្ឍ​លក្ខណៈ​សម្បត្តិ​ទាំងនេះ​នៅ​ក្នុង​ជីវិត​របស់​អ្នក ។

យ៉ូសែប ណៃត ស៊ីញ្ញ័រ បាន​ព្យាយាម​រស់នៅ​តាម​លក្ខណៈ​សម្បត្តិ​ដ៏​សុចរិត​ទាំងនេះ​ជានិច្ច ។ គាត់​បាន​ជួយ​ដល់​ព្យាការី​ពេញ​ក្នុង​ការបម្រើ​របស់​លោក​ទាំង​ខាង​សាច់ឈាម និង ខាង​វិញ្ញាណ ។ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​បន្ទាប់ពី​ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​ដែល​មាន​ចែង​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២លោក​បាន​កត់ត្រា​ដូចតទៅ​ថា ៖ « យ៉ូសែប ណៃត ស៊ីញ្ញ័រ… បាន​ស្មោះ ហើយ​ពិតត្រង់ ហើយជា​គំរូ​ល្អ និង​[ល្អ]​ចំពោះ​មនុស្ស​គ្រប់រូប ប្រកបដោយគុណធម៌ និង​ចិត្ត​ល្អ ពុំ​ដែល​ងាក​រេ​ឡើយ ។… គាត់​ជា​មនុស្ស​សុចរិត​ម្នាក់ » ( នៅ​ក្នុង History of the Church៥:១២៤ ) ។

  1. ដើម្បី​ជួយ​អ្នក​ឲ្យ​ពិចារណា ហើយ​អនុវត្ត​អ្វី​ដែល​អ្នក​បាន​សិក្សា​នៅ​ថ្ងៃ​នេះ សូម​បំពេញ​បញ្ចប់​ឃ្លា​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ដើម្បី​ជួយ​ដល់​ព្រះអម្ចាស់​ធ្វើ​កិច្ចការ​របស់​ទ្រង់ ខ្ញុំ​នឹង …

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១១-១២ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖