ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២១ ៖ ថ្ងៃ​ទី ៤ គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:១៧-៤២


មេរៀន​ទី ២១ ៖ ថ្ងៃ​ទី ៤

គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:១៧-៤២

សេចក្ដីផ្ដើម

នៅ​ថ្ងៃ​ទី ១៦ និង ១៧ ខែ ធ្នូ ឆ្នាំ ១៨៣៣ ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​អំពី​ពួក​បរិសុទ្ធ​នៅ​រដ្ឋ មិសសួរី ដែល​បាន​ចាកចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន ដើម្បី​ភៀសខ្លួន​ចេញ​ពី​សេចក្ដី​បៀតបៀន ។ ពួក​បរិសុទ្ធ​ជា​ច្រើន​ត្រូវបាន​បង្ខំ ឲ្យ​ទុក​ចោល​ទ្រព្យសម្បត្តិ​របស់​ខ្លួន ។ វិវរណៈ​ដែល​ព្យាការី​បាន​ទទួល ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០១ត្រូវ​បាន​បំបែក​ជា​បី​មេរៀន ។ មេរៀន​ទី​ពីរ​នេះ រួម​បញ្ចូល​ទាំង​ការបកស្រាយ​របស់​ព្រះអម្ចាស់ អំពី​ស្ថានភាព​អំឡុង​ពេល​សហស្សវត្សរ៍ ។ វា​ក៏​រួម​បញ្ចូល​ទាំង​ព្រះបន្ទូល​នៃ​ការលួងលោមចិត្ត និង ឱវាទ ទៅ​ដល់​ពួក​បរិសុទ្ធ​ផងដែរ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:១៧-៣៤

ព្រះអម្ចាស់​ពិពណ៌នា​អំពី ស្ថានភាព​អំឡុង​ពេល​សហស្សវត្សរ៍

សូម​គិត​អំពី​ព្រឹត្តិការណ៍​មួយ​ចំនួន​នា​ពេល​អនាគត ដែល​អ្នក​រៀបចំ​ខ្លួន​ចូលរួម ។ ហេតុអ្វី​បាន​ជា​អ្នក​ខិតខំ ដើម្បី​រៀបចំ​ខ្លួន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ទាំងនោះ ?

គោលលទ្ធិ និង សេចក្តីសញ្ញា ១០១ មាន​នូវ​ការបង្រៀន​ស្ដីពី ការរៀបចំ​ខ្លួន​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង សម្រាប់​សហស្សវត្សរ៍ ( រយៈ​ពេល​នៃ​សេចក្ដី​សុខសាន្ត ដែល​នឹង​ចាប់ផ្ដើម នៅ​ពេល​ព្រះគ្រីស្ទ​យាង​ត្រឡប់​មក​សោយរាជ្យ​ដោយ​អង្គ​ទ្រង់​ផ្ទាល់ នៅ​លើ​ផែនដី ) ។ ចេញ​ពី គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:១៧–២១យើង​រៀន​ថា ការសន្យា​របស់​ព្រះអម្ចាស់​ថា​នឹង​ប្រមូល​ពួក​បរិសុទ្ធ​នៅ​ទីក្រុង ស៊ីយ៉ូន ក្នុង​ឃុំ​ចាកសុន រដ្ឋ មិសសួរី នោះ « ត្រូវបាន​ពន្យា​ពេល [ ផ្អាក​បណ្ដោះ​អាសន្ន ] ព្រោះ​មនុស្ស​កំពុង​ត្រូវបាន​ញែក​ចេញ​ជា​បរិសុទ្ធ ដើម្បី​ទទួល​បាន​អំណោយ និង ការទទួល​ខុសត្រូវ​ដែល​មាន​មក​ជាមួយ​អំណោយ​នោះ ។ នៅ​ចន្លោះ​ពេល​នោះ ពួក​អ្នក​មាន​ចិត្ត​ទៀងត្រង់​បាន​ប្រមូល​គ្នា​នៅ​ច្រក​ភ្នំ​រ៉ក់គី [ និង​នៅ​ស្តេក​ទូទាំង​ពិភពលោក ] ។… ព្រះវិហារបរិសុទ្ធ​ត្រូវបាន​កសាង​ឡើង ។… ប៉ុន្តែ​ទីក្រុង ស៊ីយ៉ូន នឹង​ត្រូវបាន​ស្ថាបនា​ឡើង​នៅ​ទីតាំង​ដែល​បាន​ជ្រើសរើស » ( ជេម អ៊ិ ថាល់មេហ្គ មាត្រា​នៃ​សេចក្តី​ជំនឿការបោះពុម្ព​លើក ១២ [ ឆ្នាំ ១៩២៤ ] ទំព័រ ៣៥៣ ) ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:២២-២៣ដោយ​ស្វែងរក​ការណ៍ ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់​ពួក​បរិសុទ្ធ​ឲ្យ​ធ្វើ ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់ ។ ( នៅ​ក្នុង ខទី ២៣ឃ្លា « វិវរណៈ​ដែល​នឹង​មក​ដល់ » សំដៅ​ទៅ​លើ​ការយាង​មក​ជា​លើក​ទី​ពីរ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ សេចក្ដី​យោង​ចំពោះ​ពាក្យ វាំងនន​ត្រូវបាន​បើក​ឡើង ក៏​ទាក់ទង​ទៅ​នឹង​ការយាង​មក​ជា​លើក​ទី​ពីរ​ដែរ—គឺ​នៅ​ពេល​ដែល​ប្រជាជន​ទាំងអស់​នៅ​លើ​ផែនដី នឹង​ឃើញ​ព្រះអង្គ​សង្គ្រោះ ) ។

រូបភាព
ព្រះយេស៊ូវគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ឡើងវិញ

សូម​បញ្ចប់​សេចក្ដី​ថ្លែងការណ៍​ដូចតទៅ​នេះ ដោយ​យោង​តាម គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:២២–២៣ ៖ យើង​អាច​រៀបចំ​ខ្លួន​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ ដល់​ព្រះ​នាម​ទ្រង់ ដោយ​រស់នៅ​តាម​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ នោះ​ត្រូវ​ប្រមូល​គ្នា ហើយ នៅ​ទី​បរិសុទ្ធ​នានា ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​មាន​អារម្មណ៍​ថា អ្នក​ឈរ​នៅ​ក្នុង​ទីបរិសុទ្ធ នៅ​ពេល​ណា​ខ្លះ ?

    2. តើ​ការប្រមូល​គ្នា​នៅ​ទី​បរិសុទ្ធ​នានា ជាមួយ​នឹង​ពួក​បរិសុទ្ធ​ដទៃ​ទៀត ជួយ​អ្នក​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ?

គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:២៤–៣៤ សំដៅ​ទៅ​លើ​ការបំផ្លាញ​បង់​នៃ​ពួក​ទុច្ចរិត នៅ​គ្រា​នៃ​ការយាង​មក​ជា​លើក​ទី​ពីរ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង ទៅ​លើ​ស្ថានភាព​ដែល​នឹង​កើតឡើង​នៅ​លើ​ផែនដី​អំឡុង​ពេល​សហស្សវត្សរ៍ ។ ឧទាហរណ៍ នៅ​ក្នុង ខទី ៣២–៣៤ យើង​អាន​ថា ព្រះអម្ចាស់​នឹង​បើកសម្ដែង​គ្រប់​ទាំងអស់​អំពី​ផែនដី​មាន​ដូចជា​ការបង្កបង្កើត​របស់​វា ព្រម​ទាំង​អំពី​ស្ថានសួគ៌​ដែរ ។ ( ពាក្យ សេចក្ដី​ខ្មាំង នៅ​ក្នុង ខទី ២៦ សំដៅ​ទៅ​លើ​សម្អប់ និង ការទាស់ទែងគ្នា ) ។

  1. សូម​រាយ​បញ្ជី​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​ស្ថានភាព​ចំនួន​ពីរ ឬ បី នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:២៤–៣៤ ដែល​អ្នក​នឹង​រង់ចាំ​ជា​ពិសេស ដើម្បី​ឲ្យ​ស្ថានភាព​ទាំងនោះ​កើតឡើង ។ សូម​ពន្យល់​អំពី​មូលហេតុ ដែល​ស្ថានភាព​ទាំងនេះ​មាន​អត្ថន័យ​ចំពោះ​អ្នក ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៣៥-៣៨

ព្រះអម្ចាស់​មាន​បន្ទូល​អះអាង​ដល់​ពួក​បរិសុទ្ធ​នៅ​រដ្ឋ មិសសួរី ថា បើ​ពួកគេ​កាន់ខ្ជាប់​នៅ​ក្នុង​សេចក្ដី​ជំនឿ នោះ​ពួកគេ​នឹង​ទទួល​បាន​សិរីល្អ​របស់​ទ្រង់​នៅ​ចុង​បំផុត ។

នៅ​ពេល​ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:២៤–៣៤ពួក​បរិសុទ្ធ​នៅ​រដ្ឋ មិសសួរី បាន​ជួប​ប្រទះ​នឹង​ការលំបាក​ធំៗ រួម​មាន​ការរំលោភបំពាន​ខាង​រូបកាយ ការបាត់បង់​ផ្ទះសម្បែង និង ទ្រព្យសម្បត្តិ​នានា ថែម​ទាំង​អាកាសធាតុ​ត្រជាក់ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៣៥–៣៨រួច​ស្វែងរក​គោលការណ៍ និង ឱវាទ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួក​បរិសុទ្ធ​នៅ​រដ្ឋ មិសសួរី ដើម្បី​លួងលោមចិត្ត ហើយ​ចម្រើន​កម្លាំង​ពួកគេ​នៅ​ក្នុង​ការល្បងល​នេះ ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ចំណុច​មួយ​ចេញ​ពី​ឱវាទ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួក​បរិសុទ្ធ​នៅ​ក្នុង ខទី ៣៥–៣៨ ។ បន្ទាប់​មក សូម​ពន្យល់​អំពី​របៀប​ដែល​ឱវាទ​នេះ អាច​នឹង​លួងលោមចិត្ត​ដល់​ពួក​បរិសុទ្ធ​នៅ​រដ្ឋ មិសសួរី ។

សូម​បញ្ចប់​គោលការណ៍​ដូចតទៅ​នេះ ដោយ​ផ្អែក​ទៅ​លើ​អ្វី​ដែល​អ្នក​ស្វែងយល់​ចេញ​ពី គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៣៥ ៖ អស់​អ្នក​ណា​ដែល ដោយ​ព្រោះ​ព្រះ​នាម​នៃ​ព្រះអង្គ​សង្គ្រោះ ហើយ គង់តែ​នឹង​បាន​ទទួល​សិរីល្អ​របស់​ព្រះ ។

សិស្ស​ដ៏​ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ តែងតែ​ធ្វើតាម​ទ្រង់ ទោះជា​នៅ​ពេល​ពួកគេ​ត្រូវ​គេ​បៀតបៀន​ដោយ​ព្រោះ​តែ​សេចក្ដីជំនឿ​របស់​ខ្លួន​យ៉ាង​ណា​ក្ដី ។ ប្រធាន ជេម អ៊ី ហ្វោស្ត ក្នុង​គណៈប្រធាន​ទី​មួយ បាន​ចែកចាយ​ដំណើររឿង​ខាង​ក្រោម​នេះ អំពី​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ពីរ​នាក់ ដែល​បាន​រស់នៅ​ប្រទេស ម៉ិកស៊ិក នៅ​ដើម​សតវត្ស​ទី ១៩ ។ ក្នុង​ឆ្នាំ ១៩១៥ ពួកគេ​ត្រូវបាន​ចាប់ខ្លួន​ដោយ​ពួក​ទាហាន​ដ៏​ឃោរឃៅ​មួយ​ក្រុម ។ នៅ​ពេល​អ្នក​អាន​ដំណើររឿង​នេះ សូម​កត់ចំណាំ​អំពី​របៀប​ដែល​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ទាំង​ពីរ​នាក់​នេះ បាន​ធ្វើ​ជា​គំរូ​នៃ​ការទ្រាំទ្រ​នៅ​ក្នុង​សេចក្ដី​បៀតបៀន ដោយ​មាន​សេចក្ដី​ជំនឿ ។

រូបភាព
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

« រ៉ាហ្វាអែល ម៉ុនរ៉យ គឺ​ជា​ប្រធាន​សាខា​នៃ​សាខា​តូច​មួយ​នៅ​ទីក្រុង សាន់ ម៉ាកុស ប្រទេស ម៉ិកស៊ិក និង វីសិនទែ ម៉ូរាឡែស គឺ​ជា​ទីប្រឹក្សា​ទីមួយ​របស់​គាត់ ។… គេ​បាន​ប្រាប់​ពួកគាត់​ថា ពួកគាត់​នឹង​រួច​ជីវិត​បើ​ពួកគាត់​ទម្លាក់​អាវុធ​ចុះ ហើយ​លះបង់​សាសនា​ដ៏​ចម្លែក​របស់​ពួកគេ​ចោល ។ បងប្រុស ម៉ុនរ៉យ បាន​ប្រាប់​អ្នក​ចាប់ខ្លួន​គាត់​ថា គាត់​ពុំ​មាន​អាវុធ​ណា​មួយ​ឡើយ ហើយ​បាន​ដក​យក​ព្រះគម្ពីរ​មរមន​ចេញ​ពី​ហៅប៉ៅ​របស់​គាត់​ដោយ​ធម្មតា ។ គាត់​បាន​ស្រដី​ថា ‹ លោក អាវុធ​តែ​មួយ​គត់ ដែល​ខ្ញុំ​មាន វា​គឺ​ជា​អាវុធ​នៃ​សេចក្ដីពិត​ដែល​ប្រឆាំង​នឹង​ភាពខុសឆ្គង​ទាំងឡាយ › ។

« នៅ​ពេល​គេ​ពុំ​ឃើញ​មាន​អាវុធ​ទេ នោះ​បងប្អូន​ប្រុស​ទាំង​ពីរ​នាក់​នេះ ត្រូវបាន​គេ​វាយ​ធ្វើបាប​យ៉ាង​ឃោរឃៅ ដើម្បី​ឲ្យ​ពួកគាត់​ប្រាប់​ពី​កន្លែង​ដែល​អាវុធ​ត្រូវបាន​លាក់​ទុក ។ ប៉ុន្តែ ពុំ​មាន​អាវុធ​ដែល​ត្រូវបាន​លាក់​ទុក​ឡើយ ។ ក្រោយ​មក ពួកគាត់​ត្រូវបាន​គេ​នាំ​យក​ទៅ​ឃុំឃាំង​នៅ​ជាយ​ក្រុង ជា​កន្លែង​ដែល​អ្នក​ចាប់​ខ្លួន​ពួកគាត់ ចាប់ចង​ផ្អោប​ពួកគាត់​ទៅ​នឹង​ដើម​ឈើ​ធំ​មួយ ដើម្បី​ធ្វើ​ការប្រហារ​ជីវិត​នៅ​មុខ​ពួក​ទាហាន ។ នាយ​ទាហាន​នោះ​ទទួល​បន្ទុក​ដោះលែង​ពួកគាត់ បើ​ពួកគាត់​លះបង់​ចោល​សាសនា​របស់​ខ្លួន ហើយ​ចូលរួម​ជាមួយ [ កងទាហាន ] ប៉ុន្តែ បងប្រុស ម៉ុនរ៉យ បាន​វាចា​តប​ថា ‹ ខ្ញុំ​ស្រឡាញ់​សាសនា​របស់​ខ្ញុំ​ជាង​ជីវិត​របស់​ខ្ញុំ​ទៅ​ទៀត ហើយ​ខ្ញុំ​មិន​អាច​លះបង់​វា​ចោល​បាន​ឡើយ › ។

« លំដាប់​នោះ គេ​បាន​ប្រាប់​ពួកគាត់​ថា ពួកគាត់​នឹង​ត្រូវ​គេ​បាញ់​ប្រហារ​ជីវិត ហើយ​បាន​សួរ​ថា​តើ​ពួកគាត់​មាន​សំណើ​អ្វី​ដែរ​ឬ​ទេ ។ បងប្រុស រ៉ាហ្វាអែល បាន​ស្នើ​សុំ​ឲ្យ​គាត់​អាច​អធិស្ឋាន ពីមុន​គាត់​ត្រូវបាន​ប្រហារ​ជីវិត ។ គាត់​បាន​លុតជង្គង់​ចុះ​នៅ​ទីនោះ ក្នុង​ចំណោម​ពួក​អ្នក​ប្រហារ​ជីវិត អធិស្ឋាន​ដោយ​បញ្ចេញ​សំឡេង​ឮៗ សូម​ឲ្យ​ព្រះ​ប្រទានពរ ហើយ​ថែរក្សា​មនុស្ស​ដ៏​ជា​ទីស្រឡាញ់​ទាំងឡាយ​របស់​គាត់ ថែមទាំង​ថែរក្សា​សាខា​ដ៏​តូច​ដែល​កំពុង​ពុះពារ ដែល​នឹង​ត្រូវ​បាត់បង់​អ្នក​ដឹកនាំ​នោះ ។ នៅ​ពេល​គាត់​បាន​បញ្ចប់​ការអធិស្ឋាន គាត់​បាន​ថ្លែង​ចេញ​ព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ កាល​ទ្រង់​ត្រូវបាន​ដំ​ដែកគោល​ភ្ជាប់​លើ​ឈើ​ឆ្កាង ហើយ​បាន​អធិស្ឋាន​សម្រាប់​ពួក​អ្នក​ប្រហារ​ជីវិត​ទ្រង់ ៖ ‹ ឱ​ព្រះវរបិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ › ។ [លូកា ២៣:៣៤] ។ ក្រុម​ពេជ្ឈឃាដ​បាន​បាញ់​សម្លាប់​បងប្រុស ម៉ុនរ៉យ និង​បងប្រុស ម៉ូរ៉ាល (Discipleship » Ensignលីអាហូណា,ខែ វិច្ឆិកា ឆ្នាំ ២០០៦,ទំព័រ ២១–២២; យោង​តាម Rey L. Pratt, « A Latter-day Martyr » Improvement Era,ខែ មិថុនា ឆ្នាំ ១៩១៨,ទំព័រ ៧២០–២៦ ) ។

សូម​គិត​អំពី​គ្រា​ដែល​អ្នក​ត្រូវបាន​គេ​បៀតបៀន ( ឆាឆៅ ឬ ធ្វើបាប ) ដោយសារ​តែ​សេចក្ដី​ជំនឿ​របស់​អ្នក​មាន​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ និង លើ​សាសនាចក្រ​របស់​ទ្រង់ ។

  1. សូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ នៅ​ពេល​មនុស្ស​ត្រូវបាន​គេ​បៀតបៀន​ដោយសារ​តែ​សេចក្ដី​ជំនឿ​របស់​ខ្លួន​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ និង លើ​សាសនាចក្រ​របស់​ទ្រង់ តើ​ពួកគេ​អាច​ឆ្លើយតប​ដោយ​ប្រើ​សេចក្ដី​ជំនឿ​យ៉ាង​ដូចម្ដេច ?

រូបភាព
អំបិល

សូម​គិត​អំពី​អត្ថប្រយោជន៍​មួយ​ចំនួន នៃ​អំបិល ។ ឧទាហរណ៍ វា​អាច​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ផ្ដល់​ឱជារស និង រក្សា​ម្ហូប​អាហារ និង ដើម្បី​ព្យាបាល​របួស​ជា​សារធាតុ​រម្ងាប់​មេរោគ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៣៩ដោយ​ស្វែងរក​មនុស្ស ដែល​ព្រះអម្ចាស់​បាន​ប្រដូច​ទៅ​នឹង​អំបិល ។

សូម​ពិចារណា​អំពី​មូលហេតុ ដែល​មនុស្ស​ដែល​បាន​មក​រក​ដំណឹងល្អ ហើយ​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​ព្រះអម្ចាស់ អាច​ត្រូវបាន​ហៅ​ថា « អំបិល​នៃ​ផែនដី » ។

សូម​កត់ចំណាំ​នៅ​ក្នុង ខទី ៣៩ ថា ព្រះអម្ចាស់​ក៏​បាន​ហៅ​សមាជិក​សាសនាចក្រ​ថា « ជាតិ​ប្រៃ​នៃ​មនុស្ស » ដែរ ។ ពាក្យ ជាតិ​ប្រៃ សំដៅ​ទៅ​លើ​ឱជារស ឬ គុណភាព​ខុស​ប្លែក​ពី​គេ ។ តើ​អ្នក​គិត​ថា ការធ្វើ​ជា​ជាតិ​ប្រៃ​នៃ​មនុស្ស មាន​ន័យ​ដូចម្តេច ?

រូបភាព
អែលឌើរ ខាឡូស អ៊ី អេសេ

សេចក្ដី​ថ្លែងការណ៍​ដូចតទៅ​នេះ​ដោយ អែលឌើរ ខាឡូស អ៊ី អេសេយ នៃ​ពួកចិតសិប​នាក់ អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់ អំពី​អត្ថន័យ​នៃ​ជាតិ​ប្រៃ​នៃ​មនុស្ស ៖ « នៅ​ពេល​ព្រះអម្ចាស់​បាន​ប្រើ​វាក្យសព្ទ ‹ ជាតិ​ប្រៃ​នៃ​មនុស្ស › គឺ​ទ្រង់​មាន​ព្រះបន្ទូល អំពី​អ្នក​ទាំងឡាយ​ដែល​តំណាង​ឲ្យ​ទ្រង់ ។ ទ្រង់​សំដៅ​ទៅ​លើ​អ្នក​ទាំងឡាយ ដែល​បាន​ប្រែចិត្ត ដែល​បាន​សម្អាត​ឲ្យ​ជ្រះ​ស្អាត​នៅ​ក្នុង​ទឹក​នៃ​ពិធីបុណ្យ​ជ្រមុជ និង អ្នក​ទាំងឡាយ​ដែល​បាន​ធ្វើ​សេចក្ដី​សញ្ញា ដើម្បី​លើក​ដាក់​លើ​ខ្លួន​ពួកគេ​នូវ​ព្រះ​នាម និង ព្រះឆន្ទៈ​ទ្រង់ ។ មួយ​វិញ​ទៀត ទ្រង់​មាន​ព្រះបន្ទូល​អំពី​អ្នក​ទាំងឡាយ ដែល​រួមចំណែក​ក្នុង​អំណាច​បព្វជិតភាព​របស់​ខ្លួន តាម​រយៈ​សេចក្ដី​សញ្ញា ។ ទ្រង់​មាន​បន្ទូល​ពី​អ្នក និង​ខ្ញុំ » (Salt of the Earth: Savor of Men and Saviors of Men » Ensign, ខែ ឧសភា ឆ្នាំ ១៩៨០ ទំព័រ ៤២ ) ។

ឃ្លា « អំបិល​នៃ​ផែនដី » និង « ជាតិ​ប្រៃ​នៃ​មនុស្ស » បង្រៀន​ថា ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ យើង​មាន​ការទទួល​ខុសត្រូវ​ដើម្បី​ជួយ​មនុស្ស​ទាំងអស់ នៅ​លើ​ផែនដី​ឲ្យ​ទទួល​បាន​ពរជ័យ​ពី​ព្រះ ( សូម​មើល អ័ប្រាហាំ ២:៨–១១ ) ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៤០-៤២ដោយ​ស្វែងរក​ការព្រមាន និង ការសន្យា​របស់​ព្រះអម្ចាស់ ។

រូបភាព
អំបិល និង ដី

សូម​កត់ចំណាំ​ថា ខទី ៤០ មាន​ចែង​ឃ្លា « បើសិនជា​អំបិល​នៃ​ផែនដី​បាត់​ជាតិ​ប្រៃ​ហើយ » ។ អំបិល​ពុំ​បាត់​ជាតិប្រៃ​ឡើយ នៅ​ពេល​វា​កាន់តែ​ចាស់​នោះ ។ វា​បាត់បង់​រសជាតិ​របស់​វា​នៅ​ពេល វា​ត្រូវបាន​លាយ​ជាមួយ​សារធាតុ​ដទៃ​ទៀត ហើយ​ត្រូវបាន​រំលាយ​ដោយ​សារធាតុ​នោះ ។ អែលឌើរ អេសេយ បាន​បង្រៀន​ថា ៖ « ឱជារស និង គុណភាព បាត់បង់​ពី​មនុស្ស​ទៅ​នៅ​ពេល​ពួកគេ​ធ្វើ​ឲ្យ​គំនិត​ទៅ​ជា​កខ្វក់​ដោយ ការគិត​មិន​បរិសុទ្ធ បន្ទាប​ការនិយាយ​ស្ដី​របស់​ខ្លួន​ដោយ​ថ្លែង​ចេញ​នូវ​ពាក្យ​មិន​សូវ​ពិត ហើយ​ប្រើប្រាស់​កម្លាំង​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់ » ( « Salt of the Earth » ទំព័រ ៤២ ) ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៤០–៤២ ជួយ​យើង​ឲ្យ​រៀន​ថា ដើម្បី​ជួយ​មនុស្ស​ទាំងអស់ នៅ​លើ​ផែនដី​ឲ្យ​ទទួល​បាន​ពរជ័យ​ពី​ព្រះ យើង​ត្រូវតែ​ប្រែចិត្ត​ពី​អំពើបាប​របស់​យើង ហើយ​បន្ទាបខ្លួន ។ អ្នក​អាច​នឹង​ចង់​សរសេរ​សេចក្ដីពិត​នេះ នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការបង្រៀន​របស់​ព្រះអម្ចាស់​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៣៩–៤២ ជួយ​អ្នក​យល់​អំពី​អ្វី ដែល​ទ្រង់​មាន​ព្រះទ័យ​រំពឹង​ពី​អ្នក​យ៉ាង​ដូចម្ដេច ?

    2. តើ​គំរូ​មួយ​ចំនួន​នៃ​របៀប​ដែល​អំពើបាប អាច​រារាំង​យើង​ពី​ការធ្វើ​ឲ្យ​មនុស្ស​នៅ​លើ​ផែនដី​មាន​ពរ​នោះ មាន​អ្វី​ខ្លះ ?

    3. តើ​អ្នក​នឹង​ធ្វើ​អ្វី ដើម្បី​ចៀសវាង​ពី​ការរំខាន​ដោយ​អំពើបាប ?

សូម​គិត​ថាតើ អំពើបាប​កំពុង​រំខាន​ដល់​ជីវិត​របស់​អ្នក​ដែរ​ឬ​ទេ ។ សូម​ប្រែចិត្ត​ពី​អំពើបាប​ទាំងនោះ ដើម្បី​អ្នក​អាច​បាន​បរិសុទ្ធ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ហើយ​ដើម្បី​អ្នក​អាច​មាន​អានុភាព​កាន់តែ​ខ្លាំងក្លា​ក្នុង​ការជួយ​ដល់​មនុស្ស​ទូទៅ​ឲ្យ​ទទួល​បាន​ពរជ័យ ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:១៧-៤២ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖