ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២ ៖ ថ្ងៃ​ទី ៤ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥៥-៦៥


មេរៀន​ទី ២ ៖ ថ្ងៃ​ទី ៤

យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៥៥-៦៥

សេចក្ដីផ្ដើម

បន្ទាប់​ពី​បាន​ទទួល​ការណែនាំ​ពី​ទេវតា​មរ៉ូណៃ​អស់​រយៈ​ពេល​បួន​ឆ្នាំ​ហើយ យ៉ូសែប ស៊្មីធ បាន​ទទួល​ខុស​ត្រូវ​លើ​ផ្ទាំង​ចំណារ​មាស ហើយ​លោក​បាន​ចាប់ផ្ដើម​បកប្រែ​ព្រះគម្ពីរ​មរមន ។ លោកម៉ាទិន ហារីស ត្រូវបាន​អនុញ្ញាត​ឲ្យ​បង្ហាញ​តួអក្សរ​ដែល​បាន​ចម្លង​ចេញ​ពី​ផ្ទាំង​ទាំងនោះ និង​ការបកប្រែ​ចេញ​ពី​ផ្ទាំង​ទាំង​នោះ​ទៅ​ដល់​សាស្ត្រាចារ្យ​នៅ​ទីក្រុង នូវ យ៉ោក ។ សូម​កត់ចំណាំ​ពី​របៀប​ដែល​យ៉ូសែប ស៊្មីធ ទទួល​ខុស​ត្រូវ​លើ​ផ្ទាំង​ទាំងនោះ​ដោយ​យកចិត្តទុកដាក់ ។

យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៥៥-៥៨

យ៉ូសែប ទទួល​បទពិសោធន៍​នៃ​ព្រឹត្តិការណ៍​សំខាន់ៗ​កាល​លោក​ចាប់ផ្ដើម​ឈាន​ចូល​ក្នុង​មជ្ឈិមវ័យ

សូម​គិត​អំពី​ព្រឹត្តិការណ៍​សំខាន់ៗ​ដែល​បាន​កើតឡើង​ក្នុង​ជីវិត​របស់​យុវវ័យ​ដែល​អ្នក​ស្គាល់ ។ ( វា​រួម​បញ្ចូល​ទាំង​ពររបស់​លោកអយ្យកោ ការងារ ការ​អប់រំ ការផ្លាស់ប្ដូរ​ស្ថានភាព​គ្រួសារ ឬ មរណភាព​របស់​មនុស្ស​ជា​ទី​ស្រឡាញ់ ) ។ តើ​មាន​ព្រឹត្តិការណ៍​សំខាន់ៗ​អ្វី​ខ្លះ​ដែល​បាន​កើតឡើង​ចំពោះ​អ្នក​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ? តើ​អ្នក​ដឹង​ថា​ព្រឹត្តិការណ៍​នេះ​បាន​មាន​ឥទ្ធិពល​លើ​លក្ខណៈសម្បត្តិ និង​អនាគត​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

សូម​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥៥–៥៨ រួច​ស្វែងរក​ព្រឹត្តិការណ៍​សំខាន់ៗ​ក្នុង​ជីវិត​របស់​យ៉ូសែប ស្ម៊ីធ ដែល​បាន​កើតឡើង​នៅ​ពី​មុន​ពេល​ដែល​លោក​ទទួល​បាន​ផ្ទាំង​មាស​ពី​ទេវតា​មរ៉ូណៃ ។

វា​ជា​ការសំខាន់​ដែល​ត្រូវ​ដឹង​ថា នៅ​អំឡុង​ពេល​នោះ​បងប្រុស​របស់​យ៉ូសែប គឺ អាលវិន បាន​ទទួល​មរណភាព ។ ព្រឹត្តិការណ៍​នេះ​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​វិវរណៈ​នា​ពេល​អនាគត​ដែល​អ្នក​នឹង​ដឹង​នៅ​ពេល​ក្រោយ​នៅ​ឆ្នាំ​នេះ ( សូម​មើល គ. និង ស. ១៣៧:១–៦ ) ។

ព្រឹត្តិការណ៍​សំខាន់​មួយ​ទៀត​ក្នុង​ជីវិត​របស់​លោក​នៅ​គ្រា​នោះ​គឺ​អាពាហ៍ពិពាហ៍​របស់​លោក​ជាមួយ​នឹង អិមម៉ា ហេល ។ ម្ដាយ​របស់​ព្យាការី​គឺ លូស៊ី ម៉ាក ស៊្មីធ បាន​កត់ត្រា​អំពី​អាពាហ៍ពិពាហ៍​របស់​កូន​ប្រុស​គាត់​ជាមួយ​នឹង អិមម៉ា ថា ៖ « យើង​មាន​ក្ដីរីករាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ជ្រើសរើស​របស់គាត់ ហើយ​ពុំគ្រាន់​តែ​យល់ព្រម​ចំពោះ​ការរៀបការរបស់គាត់​នឹង​នាង​ទេ ប៉ុន្តែ​បាន​ស្នើរសុំ​ឲ្យ​គាត់​នាំ​នាង​មក​ផ្ទះ ហើយ​រស់នៅ​នឹង​យើង​ទៀត​ផង » (History of Joseph Smith by His Mother, បាន​បោះពុម្ព​ដោយ. Preston Nibley [ ឆ្នាំ ១៩៥៨ ] ទំព័រ ៩៣ ) ។

យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៥៩-៦២

យ៉ូសែប ទទួល​បាន​ផ្ទាំង​ទាំងនោះ ហើយ​ចាប់ផ្ដើម​បកប្រែ

សូម​ស្រមៃ​ថា ឪពុក​អ្នក​បាន​ប្រគល់​ច្បាប់​ចម្លង​មួយ​នៃ​ការបោះពុម្ព​ដំបូង​របស់​ព្រះគម្ពីរ​មរមន ( ដែល​សព្វថ្ងៃ​នេះ​មាន​តម្លៃ​ជិត ១៨០,០០០ ដុល្លា ) ។ តើ​អ្នក​នឹង​ថែរក្សា​សៀវភៅ​នោះ​យ៉ាងដូចម្ដេច ប្រសិនបើ​អ្នក​ស្គាល់​ពី​តម្លៃ​ខាង​សាច់​ប្រាក់​របស់​វា​ហើយ​នោះ ? តើ​អ្នក​នឹង​ថែរក្សា​វា​យ៉ាង​ដូចម្ដេច ប្រសិនបើ​អ្នក​បាន​ដឹង​ថា វា​គឺ​ជា​ច្បាប់​ចម្លង​ដើម​ចុងក្រោយ​តែមួយ​គត់​នៃ​ព្រះគម្ពីរ​មរមន​ដែល​មាន​លើ​ផែនដី​នេះ ?

យ៉ូសែប ស៊្មីធ ត្រូវបាន​ប្រទាន​ឲ្យ​នូវ​វត្ថុ​ដ៏​មាន​តម្លៃ​ពន់ពេក ។ សូម​ពិចារណា​ពី​អ្វី​ដែល​អ្នក​អាច​រៀន​ពី​គំរូ​របស់​លោក​កាល​អ្នក​សិក្សា​ពី​ដំណើររឿង​របស់​លោក ។ សូម​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥៩ រួច​ស្វែងរក​វត្ថុ​ដ៏​មាន​តម្លៃ​ដែល​ទេវតា​មរ៉ូណៃ​បាន​ប្រគល់​ដល់​យ៉ូសែប ( សូម​គិត​ពី​ការគូសចំណាំ​វត្ថុ​ទាំងនេះ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ) ។

តើ​ការទទួលខុសត្រូវ​អ្វី​ខ្លះ​ដែល​យ៉ូសែប​មាន​ចំពោះ​វត្ថុ​ទាំងនេះ ? សូម​បំពេញ​គោលការណ៍​តទៅ​នេះ​ដោយ​ផ្អែក​ទៅ​លើ​អ្វី​ដែល​មរ៉ូណៃ​បាន​សន្យា​ដល់​យ៉ូសែប ដូច​មាន​កត់ត្រា​នៅ​ក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥៩ ៖ ដរាប​ណា​ខ្ញុំ​ទទួលខុសត្រូវ​ចំពោះ ហើយ​ថែរក្សា​វត្ថុ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ខ្ញុំ​នោះ ទ្រង់​ នឹង។

អ្នក​អាច​បំពេញ​គោលការណ៍​នេះ​ថា « ប្រទាន​ការការពារ និង​ជំនួយ » ។

រូបភាព
យ៉ូសែប ស៊្មីធ ទទួល​បាន​ផ្ទាំង​ចំណារ​មាស

សូម​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦០ រួច​ស្វែងរក​អ្វី​ដែល​បាន​កើតឡើង​នៅ​ពេល​យ៉ូសែប​កាន់កាប់​ផ្ទាំង​ចំណារ​មាស​ទាំងនោះ ។ នៅ​ពេល​អ្នក​អាន សូម​កត់ចំណាំ​ពី​របៀប​ដែល​ព្រះអម្ចាស់​បំពេញ​ការសន្យា​របស់​ទ្រង់​ដរាប​ណា​យ៉ូសែប ស្មោះត្រង់​ចំពោះ​ការទទួលខុសត្រូវ​ដែល​លោក​បាន​ទទួល ។

បន្ទាប់​ពី​យ៉ូសែប ស្ម៊ីធ បាន​ទទួល​ផ្ទាំង​ទាំងនោះ​ពី​មរ៉ូណៃ​ហើយ ដំបូង​ឡើយ​លោក​បាន​លាក់​វា​ទុក​នៅ​ក្នុង​កំណាត់​ឈើ​ហុប​ដែល​ពុក​ផុយ​មួយ​ប្រមាណ​ប្រាំ​គីឡូម៉ែត​ពី​ផ្ទះ​របស់​លោក ។ ដើម្បី​យល់​ពី​របៀប​ដែល​ព្រះអម្ចាស់​ប្រទាន​ការការពារ និង​ជំនួយ នៅ​ពេល​យ៉ូសែប ស្ម៊ីធ បាន​ខិតខំ​អស់​សមត្ថភាព​ដើម្បី​ទទួល​ខុសត្រូវ​ចំពោះ​ផ្ទាំង​ចំណារ​មាស​ទាំងនោះ សូម​អាន​ការបកស្រាយ​របស់​ម្ដាយ​យ៉ូសែប ស្ម៊ីធ អំពី​អ្វី​ដែល​បាន​កើតឡើង​នៅ​មិន​យូរប៉ុន្មាន​បន្ទាប់​ពី​លោក​ទទួល​បាន​ផ្ទាំង​ទាំងនោះ​ពី​មរ៉ូណៃ​នៅ​លើ​ភ្នំ​គូម៉ូរ៉ា ៖

រូបភាព
លូស៊ី ម៉ាក ស្ម៊ីធ

« យ៉ូសែប ស្ម៊ីធ បាន​ទៅ ហើយ​បាន​យក​ចេញ​ពី​កន្លែង​សម្ងាត់មក ហើយ​បាន​រុំ​វា​នៅក្នុង​ក្រណាត់អាវរងារ ដាក់​វា​ក្ដៀត​នៅនឹង​ដៃ រួច​ដើរ​មកផ្ទះ ។

« បន្ទាប់ពី​ដើរ​បាន​បន្ដិច​មក លោក​បាន​គិត​ថា វា​នឹង​មាន​សុវត្ថិភាព​ជាង​ដើម្បី​កុំ​ដើរ​តាម​ផ្លូវ ហើយទៅដើរ​កាត់តាម​ព្រៃវិញ ។ បន្ទាប់ពី​ដើរ​ចុះ​ពី​ផ្លូវ បានបន្ដិច​មក នោះលោក​បាន​ទៅ​ជួប​នឹងខ្យល់​បក់​យ៉ាង​ខ្លាំងមួយ ហើយ​ពេល​លោក​លោត​រំលង​គល់ឈើ​មួយ នោះ​មាន​មនុស្ស​ម្នាក់​បាន​លេច​ចេញមកពី​ក្រោយ ហើយ​បាន​វាយ​លោក​យ៉ាង​ខ្លាំង​នឹង​កាំភ្លើង។ យ៉ូសែប បាន​ងាកក្រោយ ហើយវាយ​មនុស្សម្នាក់​នោះ​ដួល រួច​រត់​យ៉ាង​លឿន​បំផុត​តាម​ដែល​លោក​អាច​ធ្វើបាន ។ ពេល​ទៅ​បាន​ប្រហែល​ជា​កន្លះម៉ាយល៍ទៀត លោក​ត្រូវ​បាន​គេ​វាយ​ប្រហារ​ម្ដង​ទៀត​តាម​របៀប​ដូច​មុនដែរ លោក​បាន​វាយ​មនុស្ស​នោះ​ដួល ដូច​មុន ហើយ​ក៏​បាន​រត់​ម្ដងទៀត ហើយ​ពីមុន​លោក​បាន​ទៅ​ដល់​ផ្ទះ នោះ​លោក​ត្រូវ​បាន​គេ​វាយ​ជា​លើក​ទីបី ។ នៅ​ក្នុង​ការ​វាយ​ប្រហារ​ចុង​ក្រោយ​នេះ លោក​បានភ្លាត់​ឆ្អឹង​មេដៃ តែ​ទោះ​ជាយ៉ាងណា លោក​ពុំ​បាន​ដឹង​ទេ រហូត​ទាល់​តែ​លោក​បាន​មក​ជិតដល់​ផ្ទះ ពេល​លោក​បានទម្លាក់ខ្លួន​ចុះ​នៅជិត​នឹង​កាច់ជ្រុង​របង​ផ្ទះ ដើម្បី​ឈប់ឲ្យ​បាត់​ហត់។ ពេលលោក​មាន​កម្លាំង​ភ្លាម នោះ​លោក​បាន​ក្រោក​ឡើង ហើយ​ចូល​ទៅ​ក្នុង​ផ្ទះ ។ លោក​នៅតែ​ពុំ​ទាន់​អាច​និយាយបាន​ទេ ដោយ​សារ​តែ​ការ​វាយ​ប្រហារ និង​ការ​ហត់​មកពីការ​រត់នោះ » (History of Joseph Smith by His Mother, ទំព័រ ១០៨ ) ។

ទោះជា​ការកាពារ​ផ្ទាំង​ចំណារ​មាស​ពុំ​មាន​ភាពងាយស្រួល​ទាល់តែសោះ​សម្រាប់​យ៉ូសែប ស្ម៊ីធ សូម​កត់ចំណាំ​ពី​របៀប​ដែល​ព្រះ​បាន​ប្រទានពរ ហើយ​ពង្រឹង​លោក​ឲ្យ​មាន​លទ្ធភាព​បំពេញ​ការទទួលខុសត្រូវ​របស់​លោក ។ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ផ្ដល់​ដំបូន្មាន​អំពី​ការទុកព្រះទ័យ​ដ៏​ពិសិដ្ឋ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​អ្នក​ថា ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« ចូរ​ឈ្លាសវៃ​ជាមួយ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រទានដល់អ្នក។ វា​គឺ​ជា​ទំនុកចិត្ត​មួយ ។ …

« ជាជាង​ធ្លាក់ចុះទៅក្នុង​ភាព​ធ្វេសប្រហែស សូម​ឲ្យ​ជីវិត​របស់អ្នក ធ្វើ​ជា​មនុស្ស​ម្នាក់​ដែល​បង្កើន​ភាព​ត្រឹមត្រូវ​ច្បាស់លាស់​ក្នុងការ​គោរពប្រតិបត្តិ ។ ខ្ញុំ​សង្ឃឹម​ថា អ្នក​នឹង​គិត ទទួល​អារម្មណ៍ ស្លៀកពាក់ និង​ធ្វើ​សកម្មភាព​តាមរបៀប ដែល​បង្ហាញ​គារវភាព និងការ​គោរព​ដល់​វត្ថុ​ពិសិដ្ឋ កន្លែង​ពិសិដ្ឋ ឱកាស​ពិសិដ្ឋ » («A Sense of the Sacred, »New Eraខែ មិថុនា ឆ្នាំ ២០០៦ ទំព័រ ៣១ ) ។

សូម​គិត​អំពី​ការទុក​ព្រះទ័យ​ដ៏​ពិសិដ្ឋ​ដែល​ព្រះវរបិតាសួគ៌​បាន​ប្រទាន​ដល់​យើង មាន​ដូចជា ការប្រព្រឹត្ត​ចំពោះ​រូបកាយ​ដោយ​គារវភាព សេចក្តីសញ្ញា​ពិធី​បុណ្យ​ជ្រមុជទឹក និង នៃ​ព្រះវិហារបរិសុទ្ធ សិទ្ធិអំណាច និង​ករណីយកិច្ច​បព្វជិតភាព ការហៅបម្រើ​ក្នុង​សាសនាចក្រ ការទទួលខុសត្រូវ​ខាង​ការចិញ្ចឹម​បីបាច់​ដល់​គំនិត និង​វិញ្ញាណ​របស់​យើង ការទទួលខុសត្រូវ និង ទំនាក់ទំនង​ក្នុង​គ្រួសារ និង​ការក្រើន​រំឭក​ឲ្យ​ចែកចាយ​ដំណឹងល្អ ។ សូម​វាយ​តម្លៃ​ថាតើ​អ្នក​កំពុង​ធ្វេសប្រហែស និង មិនយកចិត្តទុកដាក់ ឬក៏​កំពុង​ទទួល​ខុសត្រូវ​ចំពោះ​អ្វីៗ​ដែល​បាន​ប្រទាន​ដល់​អ្នក ។ សូម​ពិចារណា​ពី​ពរជ័យ​ទាំងឡាយ​ដែល​អាច​កើតមាន​ក្នុង​ជីវិត​អ្នក ពេល​អ្នក​ព្យាយាម​ប្រព្រឹត្ត​ដោយ​ការយកចិត្ត​ទុកដាក់​ខ្លាំង​បំផុត​ចំពោះ​ការទុក​ព្រះទ័យ​ដែល​ព្រះ​មាន​ចំពោះ​អ្នក ។

  1. សូម​កត់ត្រា​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​ពី​ការទុកព្រះទ័យ​ដ៏​ពិសិដ្ឋ​ដែល​អ្នក​ដឹង​ថា​ត្រូវបាន​ប្រទាន​ឲ្យ និង​ពី​ពរជ័យ​ដែល​អាច​កើត​មាន​ចំពោះ​អ្នក​នៅ​ពេល​អ្នក​ប្រព្រឹត្ត​ដោយ​ការយកចិត្តទុកដាក់​ចំពោះ​ការទុក​ព្រះទ័យ​ទាំងនោះ ។

ដើម្បី​ឃើញ​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​បន្ត​ប្រទានពរ​ដល់​យ៉ូសែប និង អិមម៉ា ស្ម៊ីធ សម្រាប់​កាស្មោះត្រង់​របស់​ពួកលោក សូម​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦១–៦២ ។ តើ​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​ព្យាការី និង ភរិយា​របស់​លោក​នៅ​គ្រា​នេះ​តាម​របៀប​ណា ?

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៣-៦៥

ម៉ាទិន ហារីស បង្ហាញ​តួអក្សរ​ចេញ​ពី​ផ្ទាំង​ទាំងនោះ​ទៅ​ដល់​សាស្ត្រាចារ្យ​នៅ​ទីក្រុង នូវ យ៉ោក

សូម​ស្រមៃ​ថា​អ្នក​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចម្លង​តួអក្សរ​ពិត​ប្រាកដ​មួយ​ចំនួន​ចេញ​ពី​ផ្ទាំង​មាស ។ តើ​អ្នក​នឹង​ធ្វើយ៉ាងណា​ចំពោះ​ច្បាប់​ចម្លង​នោះ ? តើ​អ្នក​នឹង​ធ្វើ​យ៉ាងណា​ប្រសិនបើ​អ្នក​ចង់​បង្ហាញ​ភស្ដុតាង​ទៅ​ដល់​មិត្ត​ម្នាក់​ថា ផ្ទាំង​ចំណារ​មាស​ពិត​ជា​មាន​ដើម​កំណើត​ពី​បុរាណ ដូច​ជា​អ្វី​ដែល​អ្នក​តែងតែ​ថ្លែង​មក​នោះ ?

រូបភាព
តួអក្សរ​ចេញ​ពី​ផ្ទាំង​មាស

រូបភាព​ខាង​លើ​នេះ​គឺ​ជា​គំរូ​មួយ​នៃ​តួអក្សរ​ទាំងឡាយ​ដែល​បាន​ចែង​នៅ​លើ​ផ្ទាំង​ចំណារ​មាស ។ ក្នុង​ឆ្នាំ ១៨២៧ យ៉ូសែប ស៊្មីធ បាន​ចម្លង​តួអក្សរ​មួយ​ចំនួន​ទៅ​ក្នុង​ក្រដាស​មួយ​ផ្ទាំង ។ ម៉ាទិន ហារីស បាន​សួរ​ថា​តើ​គាត់​អាច​បង្ហាញ​តួអក្សរ​ទាំងនោះ​ទៅ​ដល់​សាស្ត្រាចារ្យ​ដែល​មាន​ឯកទេស​ខាង​ភាសា និង អារ្យធម៌​ពី​បុរាណ​បាន​ដែរ​ឬ​ទេ ។ ម៉ាទីន អាច​គិត​ថា លិខិត​បញ្ជាក់​ពី​តួអក្សរ​ទាំងនោះ​អាច​ជួយ​ដល់​ភរិយា​គាត់ ដែល​ពុំ​យល់ស្រប​នឹង​ម៉ាទីន​ក្នុង​ការជួយ​ដល់​យ៉ូសែប ស្ម៊ីធ ក្នុង​ដំណើរការ​បកប្រែ​នេះ ។ ម៉ាទិន ហារីស ក៏​អាច​សង្ឃឹម​ដែរ​ថា លិខិត​បញ្ជាក់​ពី​ភាពជាក់ស្ដែង​នៃ​តួអក្សរ​ទាំងនោះ​អាច​ជួយ​គាត់​រៃអង្គាស​ប្រាក់​ដើម្បី​ចំណាយ​លើ​ការបោះពុម្ព​ព្រះគម្ពីរ​មរមន ។ យើង​ពុំ​ដឹង​ទេ​ថា​តើ​ច្បាប់​ចម្លង​ដែល​បង្ហាញ​នៅ​ទី​នេះ​ដូចគ្នា​នឹង​ច្បាប់​ចម្លង​ដែល​ម៉ាទីន ហារីស បាន​បង្ហាញ​ទៅ​ដល់​ពួក​សាស្ត្រាចារ្យ​នោះ​ឬ​ទេ ព្រោះ​ច្បាប់​ចម្លង​តួអក្សរ​ទាំងនោះ​មួយ​ចំនួន​ត្រូវបាន​បង្កើត​ឡើង ។

  1. សូម​ចម្លង​តារាង​ខាងក្រោម​ចូល​ទៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៣-៦៥

    អេសាយ ២៩:១០-១២

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៣–៦៥ ប្រាប់​ពី​ដំណើររឿង​ដែល​ម៉ាទិន ហារីស បាន​ជួប​ជាមួយ​នឹង​ពួកសាស្ត្រាចារ្យ ។ ព្រឹត្តិការណ៍​នេះ​ត្រូវបាន​ព្យាករ​ដោយ​ព្យាការី អេសាយ ពី​បុរាណ ។ សូម​អាន​វគ្គ​បទគម្ពីរ​នោះ រួច​អាន អេសាយ ២៩:១០–១២ ។ ( វា​ក៏​មាន​អត្ថប្រយោជន៍​ប្រសិនបើ​អាន​ការសង្ខេប​ជំពូក អេសាយ ២៩ ផងដែរ​នោះ ) ។ នៅ​ពេល​អ្នក​អាន​វគ្គ​បទគម្ពីរ​ទាំងនេះ សូម​សង្ខេប​នូវ​អ្វី​ដែល​បាន​លើកឡើង​ទៅ​ក្នុង​ចន្លោះ​ដែល​ត្រូវគ្នា​ក្នុង​តារាង​របស់​អ្នក ។ នៅ​ពេល​អ្នក​បាន​បំពេញ​តារាង​ទាំង​សងខាង​ហើយ សូម​ស្វែងរក​ភាពស្រដៀងគ្នា​រវាង​ដំណើររឿង​របស់​ម៉ាទីន ហារីស និង​ការព្យាករណ៍​របស់​អេសាយ រួច​កត់ត្រា​អ្វី​ដែល​អ្នក​រកឃើញ​ទៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

រូបភាព
យ៉ូសែប ស៊្មីធ និង ម៉ាទិន ហារីស

តើ​សេចក្ដីពិត​អ្វី​ដែល​ការព្យាករណ៍​របស់​អេសាយ និង ដំណើររឿង​របស់​ម៉ាទីន ហារីស​ក្នុង​ការបង្ហាញ​តួអក្សរ​ទៅ​កាន់​ពួកសាស្ត្រាចារ្យ បង្រៀន​យើង​ពី​បុព្វវិជ្ជា​នៃ​ព្រះ និង​ការព្យាករណ៍​របស់​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ ?

អ្នក​អាច​ចង់​សរសេរ​សេចក្ដីថ្លែង​ការណ៍​នៃ​សេចក្ដីពិត​តទៅ​នេះ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​នៅ​ក្បែរ​ដំណើររឿង​នេះ​ក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៣–៦៥ថា ៖ ការព្យាករណ៍​របស់​អ្នក​បម្រើ​ព្រះអម្ចាស់​នឹង​កើតឡើង ។ តើ​អ្នក​អាច​គិត​ពី​ចំណេះចំណាន​ខគម្ពីរ​មួយ​ដែល​បង្រៀន​ពី​សេចក្ដីពិត​ដូចគ្នា​នេះ​ដែរ​ឬ​ទេ ?

ចំណេះចំណាន​ខគម្ពីរ​ចំនួន​ពីរ​ដែល​បង្រៀន​ថា​ការព្យាករណ៍​របស់​អ្នក​បម្រើ​ព្រះអម្ចាស់​នឹង​កើតឡើង​គឺ គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣៧–៣៨ និង អេម៉ុស ៣:៧ ។ អ្នក​អាច​ចង់​សរសេរ​បទគម្ពីរ​យោង​ទាំងនេះ​នៅ​ក្បែរ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៥ ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

បន្ទាប់​ពី ម៉ាទិន ហារីស បាន​បង្ហាញ​តួអក្សរ​ទៅ​ដល់​សាស្ត្រាចារ្យ អ័នថុន និង បណ្ឌិត មិចឆែល ហើយ លោក​ក៏​បាន​ត្រឡប់​ទៅ​កាន់ ប៉ាលម៉ៃរ៉ា វិញ​ដោយ​មាន​ការប្ដេជ្ញាចិត្ត​សាជាថ្មី​ថា​នឹង​ជួយ​ដល់​ការបោះពុម្ព​ព្រះគម្ពីរ​មរមន ។

  1. សូម​សរសេរ​ប្រយោគ​ពីរបី​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​ដោយ​សង្ខេប​នូវ​អ្វី​ដែល​អ្នក​បាន​សិក្សា​ក្នុង​មេរៀន​នៅ​ថ្ងៃ​នេះ និង​មូលហេតុ​ដែល​វា​មាន​សារៈសំខាន់​ចំពោះ​អ្នក ។ សូម​គិត​ពី​ការចែកចាយ​នូវ​អ្វី​ដែល​អ្នក​បាន​សរសេរ​ទៅ​កាន់​គ្រួសារ ឬ មិត្ត​ភក្ដិ​ម្នាក់​របស់​អ្នក ។

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥៥-៦៥ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖