ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៨ ៖ ថ្ងៃ​ទី ៣ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៥-៨៦


មេរៀន​ទី ១៨ ៖ ថ្ងៃ​ទី ៣

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៥-៨៦

សេចក្តីផ្តើម

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៥ គឺ​ជា​ចំណែក​មួយ​នៃ​សំបុត្រ​ដ៏​បំផុសគំនិត ដែល​ព្យាការី យ៉ូសែប ស៊្មីធ បាន​ផ្ញើ​ជូន វិលលាម ដ័បបុលយូ ហ្វែប្ស នៅ​ថ្ងៃ​ទី ២៧ វិច្ឆិកា ឆ្នាំ ១៨៣២ ។ នៅ​ក្នុង​សំបុត្រ​នេះ ព្យាការី​បាន​ពន្យល់​ថា ព្រះអម្ចាស់​មាន​ព្រះទ័យ​ឲ្យ​បញ្ជី​ប្រវត្តិ​ដ៏​ត្រឹមត្រូវ​មួយ ត្រូវបាន​ធ្វើ​ឡើង​អំពី​អ្នក​ដែល​បាន​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ នៅ​រដ្ឋ មិសសួរី ។ ក្រោយ​មក នៅ​ថ្ងៃ​ទី ៦ ខែ ធ្នូ ឆ្នាំ ១៨៣២ យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៦ នៅ​ពេល​លោក​កំពុង​ធ្វើ​កំណែ​ដ៏​បំផុសគំនិត​លើ​ព្រះគម្ពីរ​ប៊ីប ។ វិវរណៈ​នេះ​បាន​ផ្ដល់​ការបកស្រាយ​បន្ថែម​អំពី​រឿង​ប្រដូច​នៃ​ស្រូវ និង ស្រងែ និង អំពី​តួនាទី​របស់​បព្វជិតភាព​ក្នុង​ការជួយ​ដល់​ព្រះអម្ចាស់ ប្រមូល​ពួក​សុចរិត​នៅ​ថ្ងៃ​ចុងក្រោយ​បង្អស់ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៥

ស្មៀន​របស់​ព្រះអម្ចាស់ ត្រូវ​រក្សា​បញ្ជី​ប្រវត្តិ​នៃ​រាស្ត្រ​របស់​ព្រះ

សូម​ស្រមៃ​ថា​អ្នក​ស្ថិត​នៅ​ក្នុង​ក្រុម​កីឡា​មួយ​ក្រុម ដែល​មាន​សមត្ថភាព​ក្លាយ​ទៅ​ជា​ក្រុម​មួយ​ដ៏​ឆ្នើម ។ បន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ការលេង​ជាមួយ​ក្រុម​នេះ អ្នក​សង្កេត​ឃើញ​ថា មាន​សមាជិក​ក្រុម​ម្នាក់​គឺ​ជា​កីឡាករ​អាត្មានិយម ខ្លះ​ទៀត​មិន​លេង​ក្នុង​ទីតាំង​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ និង ខ្លះ​ទៀត​មិន​ស្ដាប់​តាម​គ្រូបង្វឹក​ឡើយ ។ ហេតុអ្វី​បាន​ជា​វា​អាច​នឹង​មាន​ការលំបាក សម្រាប់​ក្រុម​របស់​អ្នក​ដើម្បី​ប្រកួត​យក​ឈ្នះ ? តើ​មាន​អ្វី​ដែល​តម្រូវ​ឲ្យ​កែប្រែ ដើម្បី​ឲ្យ​ក្រុម​នេះ​អាច​ប្រកួត​បាន​កាន់តែ​ប្រសើរ​ឡើង ?

ស្ថានភាព​ស្រដៀង​គ្នា​នេះ បាន​ចាប់ផ្ដើម​កើតឡើង​ក្នុង​ឆ្នាំ ១៨៣២ នៅ​ពេល​មាន​សមាជិក​សាសនាចក្រ​បាន​ធ្វើ​ដំណើរ​មក​ដល់​រដ្ឋ មិសសួរី កាន់តែ​ច្រើន​ឡើងៗ ។ ពួក​បរិសុទ្ធ​ជា​ច្រើន​នៅ​រដ្ឋ មិសសួរី បាន​រស់នៅ​ដោយ​ធ្វើ​តាម​ក្រឹត្យវិន័យ​ទាំងឡាយ ដែល​ព្រះអម្ចាស់​បាន​ដាក់​ចំពោះ​ការស្ថាបនា​ទីក្រុង ស៊ីយ៉ូន ឡើង ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សមាជិក​សាសនាចក្រ​មួយ​ចំនួន​ពុំ​បាន​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់​នោះ​ទេ ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ មិសសួរី ដោយ​ពុំ​មាន​បណ្ណ​ចេញ​ពី​ថ្នាក់​ដឹកនាំ​របស់​ពួកគេ​ឡើយ ( ដែល​តម្រូវ​ដោយ​ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់ មាន​នៅ​ក្នុង គ. និង ស. ៧២:១៧–១៨, ២៥ ) ។ បណ្ណ​នោះ​គឺ​ជា​ក្រដាស​មួយ​សន្លឹក​ដែល​មាន​ហត្ថលេខា​របស់​ប៊ីស្សព​នៃ​សាសនាចក្រ ឬ ពួក​អែលឌើរ​ជា​អធិបតី​បី​រូប​នៃ​សាសនាចក្រ ថ្លែង​ថា បុគ្គល​នេះ​សក្ដិសម និង មាន​ជំហរ​ល្អ ហើយ​អាច​ធ្វើ​កិច្ច​ត្រួតត្រា​បាន ។ ទោះ​ជា សមាជិក​សាសនាចក្រ​ទាំងអស់​នៅ​រដ្ឋ មិសសួរី ត្រូវបាន​ត្រាស់​បង្គាប់​ឲ្យ​ថ្វាយ​ទ្រព្យសម្បត្តិ​ខ្លួន​ទៅ​កាន់​សាសនាចក្រ​ក្ដី ក៏​សមាជិក​មួយ​ចំនួន​បាន​ធ្វើ​ដំណើរ​មក​ដល់​ដោយ​ពុំ​មាន​ធនធាន​អ្វី​ដើម្បី​ថ្វាយ​ឡើយ ដែល​ប្រជាជន​កាន់តែ​មាន​ការលំបាក ។ យ៉ាងហោចណាស់ មាន​សមាជិក​ម្នាក់​ដែល​បាន​ថ្វាយ​ទ្រព្យសម្បត្តិ បាន​ទាមទារ​យក​ទៅ​វិញ នៅ​ពេល​ពួកគេ​ចាកចេញ​ពី​សាសនាចក្រ ។ សមាជិក​ខ្លះ​ទៀត​នៅ​រដ្ឋ មិសសួរី បាន​បដិសេធ​មិន​ថ្វាយ​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ទៅ​ដល់​សាសនាចក្រ​ឡើយ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ឥរិយាបថ​ដែល​បាន​ប្រកាន់​ដោយ​សមាជិក​សាសនាចក្រ​បែប​នេះ មាន​សភាព​ដូចជា​កីឡាករ​ដែល​មិន​សកម្ម​ក្នុង​ក្រុម​យ៉ាង​ដូចម្ដេច ?

    2. ហេតុអ្វី​បាន​ជា​វា​អាច​ជា​ការលំបាក ក្នុង​ការស្ថាបនា​ទីក្រុង ស៊ីយ៉ូន ឡើង​នៅ​ក្នុង​ស្ថានភាព​បែប​នេះ ?

សូម​អាន​សេចក្ដីណែនាំ​អំពី​កណ្ឌ​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៥ ដើម្បី​យល់​អំពី​របៀប​ដែល​ព្យាការី យ៉ូសែប ស៊្មីធ បាន​ឆ្លើយ​តប​ទៅ​នឹង​ឧបសគ្គ​ទាំងនេះ​នៅ​រដ្ឋ មិសសួរី ។

រូបភាព
យ៉ូហាន វិតមើរ

យ៉ូហាន វិតមើរ

សំបុត្រ​របស់ យ៉ូសែប ស៊្មីធ បាន​ចែង​អំពី​សេចក្ដី​ណែនាំ​ចំពោះ​ស្មៀន​របស់​ព្រះអម្ចាស់​គឺ យ៉ូហាន វិតមើរ ដែល​បាន​រស់នៅ​ក្នុង​រដ្ឋ មិសសួរី ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៥:១–២ដោយ​ស្វែងរក​ការណ៍ ដែល​ព្រះអម្ចាស់​បាន​ណែនាំ​ឲ្យ​ស្មៀន​សាសនាចក្រ​នៅ​រដ្ឋ មិសសួរី ធ្វើ ។ ( នៅ​ពេល​អ្នក​សិក្សា​ខគម្ពីរ​ទាំងនេះ វា​អាច​នឹង​ជួយ​ក្នុង​ការ​ដឹង​ថា ពួក​អ្នក​ក្បត់​សាសនា​គឺ​ជា​ពួក​ដែល​បាន​ក្បត់​នឹង​សាសនា ឬ ដក​ខ្លួន​ចេញ​ពី​សាសនាចក្រ ហើយ​មិន​ទទួល​ស្គាល់​សេចក្ដី​ជំនឿ ) ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៥:៣–៥ដោយ​ស្វែងរក​មូលហេតុ ដែល​មនុស្ស​មួយ​ចំនួន​ពុំ​មាន​ឈ្មោះ​នៅ​ក្នុង​កំណត់ត្រា​សាសនាចក្រ ។ នៅ​ក្នុង ខទី ៣ ឃ្លា « ពួក​អ្នក​ទាំងនោះ​ដែល​ពុំ​បាន​ទទួល​កេរមរតក​របស់​ខ្លួន » សំដៅ​ទៅ​លើ​សមាជិក​សាសនាចក្រ ដែល​បដិសេធ​មិន​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ ដូច​ដែល​ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់ ។

គឺ​ដូចជា​កំណត់ត្រា​ដែល​បាន​រក្សា​ទុក​នៅ​ជំនាន់​ដំបូង​របស់​សាសនាចក្រ​ដែរ នោះ​កំណត់ត្រា​ក៏​ត្រូវបាន​រក្សា​ទុក​នៅ​ជំនាន់​របស់​យើង​នេះ ដើម្បី​ឲ្យ​បាន​គង់វង្ស​ជា​កំណត់ត្រា​នៃ​ឈ្មោះ​សមាជិក​ដ៏​ស្មោះត្រង់ ក៏​ដូចជា​ប្រវត្តិ​នៃ​កិច្ចការ​របស់​ពួកគេ​ផងដែរ ។ គោលការណ៍​មួយ ដែល​យើង​រៀន​ចេញ​ពី​សំបុត្រ​របស់​ព្យាការី​គឺ បើ​យើង​រស់នៅ​តាម​ក្រឹត្យវិន័យ​ទាំងឡាយ​របស់​ព្រះ នោះ​ឈ្មោះ​របស់​យើង​នឹង​ត្រូវបាន​កត់ត្រា​នៅ​ក្នុង​កំណត់ហេតុ​នៃ​សាសនាចក្រ ជា​សមាជិក​ដ៏​ស្មោះត្រង់ ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​ការណ៍​ដែល​អ្នក​ត្រូវតែ​ធ្វើ​ដើម្បី​ឲ្យ​ឈ្មោះ​របស់​អ្នក ត្រូវបាន​កត់ត្រា​ជា​សមាជិក​សាសនាចក្រ​ដ៏​ស្មោះត្រង់ ។ ( បន្ទាប់​ពី​អ្នក​បាន​បញ្ចប់​លំហាត់​នេះ​ហើយ សូម​ផ្ទៀងផ្ទាត់​អ្វី​ដែល​អ្នក​បាន​សរសេរ​ជាមួយ​នឹង ចម្លើយ​ដែល​មាន​នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ ) ។

សេចក្ដី​យោង​ចំពោះ « អ្នក​ខ្លាំង​ពូកែ និង មាន​ឫទ្ធ​ម្នាក់ » ( គ. និង ស. ៨៥:៧ ) ជា​អ្នក​ដែល​ត្រូវ​តាំង​ដំណាក់​នៃ​ព្រះ​ឲ្យ​មាន​របៀប​រៀបរយ និង សេចក្ដី​យោង​ចំពោះ « ដាក់​ដៃ​ទៅ​ទប់​ហឹប​ធំ​នៃ​ព្រះ » ( គ. និង ស. ៨៥:៨ ) ត្រូវបាន​ប្រើប្រាស់​ដោយ​ពួក​អ្នក​ក្បត់​សាសនា​ជា​ច្រើន ដើម្បី​អះអាង​ថា​ការបែក​ចេញ​ពី​សាសនាចក្រ​របស់​ពួកគេ​នោះ គឺ​ជា​រឿង​ត្រឹមត្រូវ ។ ពួកគេ​អះអាង​ថា ប្រធាន​ជា​ច្រើន​នៃ​សាសនាចក្រ​បាន​បាត់បង់​ការសព្វព្រះទ័យ​ពី​ព្រះអម្ចាស់ ហើយ​ត្រូវបាន​បោះបង់​ចោល ហើយ​ថា​ពួកគេ ដែល​ជា​អ្នក​ក្បត់​សាសនា​នោះ គឺ​ជា « អ្នក​ខ្លាំង​ពូកែ និង មាន​ឫទ្ធ​ម្នាក់ » ដែល​ត្រូវបាន​ហៅ​ដោយ​ព្រះ​ដើម្បី​រៀបចំ​អ្វីៗ​ឲ្យ​បាន​ត្រឹមត្រូវ ។ សេចក្ដី​អះអាង​បែប​នេះ មាន​សភាព​ផ្ទុយ​គ្នា​ពី​អត្ថន័យ​នៃ​បទគម្ពីរ ។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ជា​ផ្លូវការ​មួយ ចេញ​ក្នុង​ឆ្នាំ ១៩០៥ គណៈប្រធាន​ទី​មួយ ( យ៉ូសែប អេហ្វ ស៊្មីធ, យ៉ូហាន អ័រ វិនឌើរ និង អាន់ថុន អេជ ឡាន់ ) បាន​ពិភាក្សា​អំពី​ស្ថានភាព​ដែល​នាំ​ឲ្យ​មាន​វិវរណៈ​នេះ និង អ្នក​ទាំងឡាយ​ដែល ឃ្លា​ទាំង​ពីរ​នេះ​សំដៅ​ទៅ​លើ ៖

« ជា​ដំបូង​បង្អស់ វា​ត្រូវ​បាន​សង្កេត​ឃើញ​ថា ប្រធានបទ​នៃ​អត្ថន័យ​សំបុត្រ​នេះ​ទាំងស្រុង [ សំបុត្រ​របស់​ព្យាការី ជូន​ដល់ វិលលាម ដ័បបុលយូ ហ្វែប្ស ] ដែល​ផ្នែក​របស់​វា ក៏​ត្រូវបាន​ទទួល​ស្គាល់​ថា​ជា​វិវរណៈ នៅ​ពេល​ក្រោយៗ​មក​ទៀត​ដែរ​នោះ [គ. និង ស. ៨៥ ] ទាក់ទង​ទៅ​នឹង​កិច្ចការ​សាសនាចក្រ​នៅ​រដ្ឋ មិសសួរី ការប្រមូលផ្ដុំ​ពួក​បរិសុទ្ធ​ទៅ​កាន់​ដែនដី​នោះ និង ការទទួល​បាន​កេរមរតក នៅ​ក្រោម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ និង កិច្ចត្រួតត្រា ហើយ​ព្យាការី​ដោះស្រាយ​ជា​ពិសេស​ជាមួយ​បញ្ហា​នៃ​អ្វី​ដែល​កើតឡើង អំពី​អ្នក​ដែល​ពុំ​អាច​ទទួល​បាន​កេរមរតក​របស់​ខ្លួន​តាមរយៈ​លិខិត​បង្គាប់ ឬ បណ្ណ​កម្មសិទ្ធ​ពី​ប៊ីស្សព ។

« វា​បាន​កើតឡើង​នៅ​អំឡុង​ពេល​ស្ថានភាព​នៃ​ការបះបោរ និន្ទាឈ្នានីស ភាពឆ្មើងឆ្មៃ ការឥតជំនឿ និង ភាពរឹងរូស​នៃ​ចិត្ត បាន​រីក​រាលដាល​ក្នុង​ចំណោម​ពួក​បងប្អូន​ប្រុស​នៅ​ទីក្រុង ស៊ីយ៉ូន—គឺ ឃុំចាកសុន រដ្ឋ មិសសួរី—នៅ​ក្នុង​គ្រប់​កិច្ចការ​ទាំងអស់​ដែល​ប៊ីស្សព ប៉ាទ្រិច បាន​ចូលរួម ដែល​ពាក្យពេចន៍​ទាំងឡាយ​នៃ​វិវរណៈ​នេះ ត្រូវបាន​ដកស្រង់​ចេញ​ពី​សំបុត្រ​ផ្ញើ​ជូន វិលលាម ដ័បបុលយូ ហ្វែប្ស ចុះ​នៅ​ថ្ងៃ​ទី ២៧ ខែ វិច្ឆិកា ឆ្នាំ ១៨៣២ ។ ‹ មនុស្ស​នោះ​ដែល​ត្រូវបាន​ហៅ​ពី​ព្រះ ហើយ​បាន​តែងតាំង​ឡើង › ឲ្យ ‹ ចែក​ដល់​ពួក​បរិសុទ្ធ នូវ​កេរអាករ​របស់​ពួកគេ ›—គឺ អែតវឺត ប៉ាទ្រិច—បាន​គិត​ខុសឆ្គង​នៅ​ពេល​នោះ ធ្វេសប្រហែស​នឹង​ករណីយកិច្ច​របស់​ខ្លួន ហើយ​ដាក់ ‹ ដៃ​របស់​គាត់​ទៅ​ទប់​ហឹប​ធំ​នៃ​ព្រះ › ដូច្នេះហើយ គាត់​ត្រូវបាន​ព្រមាន​អំពី​សេចក្ដី​ជំនុំជម្រះ​របស់​ព្រះ​ដែល​នឹង​កើតឡើង ហើយ​ការព្យាករណ៍​ត្រូវបាន​ធ្វើ​ឡើង​ថា ‹ អ្នក​ខ្លាំង​ពូកែ និង មាន​ឫទ្ធ​ម្នាក់ › នឹង​ត្រូវបាន​បញ្ជូន​ពី​ព្រះ​មក​ជំនួស​តំណែង​របស់​គាត់ ជា​គណៈប៊ីស្សព—ជា​ម្នាក់​ដែល​មាន​ស្មារតី និង អំណាច​នៃ​តំណែង​ជាន់​ខ្ពស់​នោះ​ស្ថិត​នៅ​ជាមួយ ដែល​គាត់​នឹង​មាន​អំណាច​ដើម្បី ‹ តាំង​ដំណាក់​នៃ​ព្រះ​ឲ្យ​មាន​របៀប​រៀបរយ និង ដើម្បី​រៀបចំ​តាម​ប្លង់​នូវ​កេរមរតក​នៃ​ពួក​បរិសុទ្ធ › និយាយ​បាន​ម្យ៉ាង​ទៀត​គឺ បុគ្គល​ម្នាក់​នឹង​ធ្វើ​កិច្ចការ ដែល ប៊ីស្សព អែតវឺត ប៉ាទ្រិច ត្រូវបាន​ចាត់តាំង ប៉ុន្តែ ពុំ​អាច​សម្រេច​វា​បាន ។…

« … ហើយ​ដោយហេតុ​ថា​តាមរយៈ​ការប្រែចិត្ត និង ការលះបង់ និង ការរងទុក្ខ​របស់​គាត់ នោះ​ប៊ីស្សព អែតវឺត ប៉ាទ្រិច ទទួល​បាន​ដោយ​ឥត​សង្ស័យ​នូវ​ការបន្ធូរបន្ថយ លើ​សេចក្ដី​ជំនុំជម្រះ​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​ទាស់​នឹង​គាត់ ‹ ដោយសារ​ព្រួញ​នៃ​សេចក្ដី​ស្លាប់ ដូចជា​ដើម​ឈើ​ដែល​ត្រូវ​កម្ទេច​ដោយ​រន្ទះបាញ់ › ដូច្នេះ ឱកាស​នៃ​ការបញ្ជូន​បុគ្គល​ម្នាក់​ទៀត​ទៅ​កាន់​តំណែង​គាត់—ដែល​ជា ‹ អ្នក​ខ្លាំង​ពូកែ និង មាន​ឫទ្ធ​ម្នាក់ ដើម្បី​តាំង​ដំណាក់​នៃ​ព្រះ​ឲ្យ​មាន​របៀប​រៀបរយ និង ដើម្បី​រៀបចំ​តាម​ប្លង់​នូវ​កេរមរតក​នៃ​ពួក​បរិសុទ្ធ › នោះ ក៏​អាច​ត្រូវបាន​ចាត់ទុក​ជា​រឿង​កន្លង​ហួស​ទៅ ហើយ​ហេតុការណ៍​នៃ​ការព្យាករណ៍​ទាំងមូល​ត្រូវបាន​បញ្ចប់ » ( នៅ​ក្នុង James R. Clark, comp., សារលិខិត​គណៈប្រធាន​ទី​មួយ នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ វ៉ុល ៦ [ ឆ្នាំ ១៩៦៥–៧៥] ៤:១១២, ១១៥, ១១៧ ) ។

សូម​ស្រមៃ​ថា អ្នក​មាន​ផែនការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​មាន​កិត្យានុភាព​មួយ ( ឧទាហរណ៍ អាពាហ៍ពិពាហ៍​របស់​មនុស្ស​ល្បីល្បាញ​ម្នាក់ ឬ ពិធី​ទទួលទាន​អាហារ​ពេល​ល្ងាច​ជាមួយ នរណាម្នាក់​ដែល​អ្នក​តែង​ប្រាថ្នា​ចង់​ជួប ) ។ តើ​អ្នក​នឹង​មាន​អារម្មណ៍​ដូចម្ដេច នៅ​ពេល​អ្នក​បាន​ទៅ​ដល់​ពិធី​នោះ ប៉ុន្តែ ពុំ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​រួម​ដោយសារ​តែ​អ្នក​ពុំ​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ភ្ញៀវ​កិត្តិយស ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៥:៩–១១ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា​នឹង​កើតឡើង ចំពោះ​ពួក​បរិសុទ្ធ​ជំនាន់​ដំបូង​ទាំងនោះ ដែល​ឈ្មោះ​របស់​ខ្លួន​ពុំ​បាន​សរសេរ​ទុក​នៅ​ក្នុង​សៀវភៅ​រំឭក​របស់​ព្រះអម្ចាស់ ឬ សៀវភៅ​ច្បាប់​របស់​ព្រះ ។ ( សូម​ចងចាំ​ថា ចំណងជើង​សៀវភៅ​ទាំងនេះ​សំដៅ​ទៅ​លើ​ដំណើររឿង​នៃ​សេចក្ដី​ជំនឿ និង កិច្ចការ​របស់​ពួក​បរិសុទ្ធ​នៅ​ជំនាន់​ដំបូង ) ។

កំណត់ត្រា​ត្រូវបាន​រក្សា​ទុក​ទាំង​នៅ​លើ​ផែនដី និង នៅ​ឯ​ស្ថានសួគ៌ ។ យើង​ទាំងអស់​គ្នា​នឹង​ត្រូវ​កត់ត្រា​អំពី​ការប្រព្រឹត្ត និង សេចក្ដី​ជំនឿ​របស់​យើង​នៅ​ក្នុង​ការរស់នៅ​តាម​ក្រឹត្យវិន័យ​របស់​ព្រះ ។ សូម​ពិចារណា​អំពី​ឥរិយាបថ និង ការគោរព​ប្រតិបត្តិ​ចំពោះ​ក្រឹត្យវិន័យ​ទាំងឡាយ​នៃ​ព្រះ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៦

ព្រះអម្ចាស់​ពន្យល់​បន្ថែម អំពី​រឿង​ប្រដូច​នៃ​ស្រូវសាលី និង ស្រងែ

រូបភាព
ស្រូវសាលី និង ស្រងែ

រឿង​ប្រដូច គឺ​ជា​រឿង​ដែល​ប្រើប្រាស់​ការប្រៀបធៀប ដើម្បី​បង្រៀន​អំពី​សេចក្ដីពិត​មួយ ។ សូម​អាន​រឿង​ប្រដូច​នៃ​ស្រូវសាលី និង ស្រងែ​នៅ​ក្នុង ម៉ាថាយ ១៣:២៤–៣០ ។

តើ​អ្នក​គិត​ថា ស្រូវសាលី​តំណាង​ឲ្យ​អ្វី ?

តើ​អ្នក​គិត​ថា ស្រងែ​តំណាង​ឲ្យ​អ្វី ?

អ្នក​អាច​ផ្ទៀងផ្ទាត់​ចម្លើយ​របស់​អ្នក ចំពោះ​សំណួរ​ខាង​លើ​នេះ ដោយ​យោង​ទៅ​លើ ម៉ាថាយ ១៣:៣៨ ។

  1. សូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ហេតុអ្វី​បាន​ជា​បុរស​នៅ​ក្នុង​រឿង​ប្រដូច​នោះ ចង់​រង់ចាំ​ការ​ដក​ស្រងែ​ចេញ ?

ស្រងែ​គឺ​ជា​ស្មៅ​មួយ​ប្រភេទ​ដែល​ចង្រៃ ។ ស្រូវសាលី និង ស្រងែ​មាន​លក្ខណៈ​ស្ទើរតែ​ដូច​គ្នា​សុទ្ធសាធ នៅ​ពេល​វា​បញ្ចេញ​ពន្លក​មក ប៉ុន្តែ គេ​អាច​បែងចែក​វា​បាន​នៅ​ពេល​វា​ដុះ​ធំ​ឡើង ។ បើ​អ្នក​ច្រូតកាត់​ព្យាយាម​ដក​ស្រងែ​ចេញ ពី​មុន​ស្រូវសាលី និង ស្រងែ​ទុំ​សុស នោះ​ស្រូវសាលី​ជាច្រើន​ក៏​នឹង​ត្រូវ​បំផ្លាញ​ដែរ ។

  1. សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៦:១-៦ដោយ​ស្វែងរក​អត្ថន័យ​នៃ​ស្រែ អ្នក​ព្រួស​គ្រាប់​ពូជ និង ខ្មាំងសត្រូវ ។ សូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ដោយ​ផ្អែក​ទៅ​លើ​ការពន្យល់​របស់​ព្រះអម្ចាស់​អំពី​និមិត្តរូប​ទាំងឡាយ តើ​អ្នក​នឹង​សង្ខេប​អត្ថន័យ​នៃ​រឿង​ប្រដូច​នេះ​យ៉ាង​ដូចម្ដេច ?

ព្យាការី យ៉ូសែប ស៊្មីធ បាន​កំពុង​តែ​ត្រួតពិនិត្យ ហើយ​កែប្រែ​លើ​កំណែ​ព្រះគម្ពីរ​ប៊ីប នៅ​ពេល​លោក​បាន​ទទួល​វិវរណៈ​នេះ ។ យោង​តាម ម៉ាថាយ ១៣:៣០ព្រះអម្ចាស់​បាន​ត្រាស់​សម្ដែង​ថា ស្រងែ​នឹង​ត្រូវ​ប្រមូល​ជា​ដំបូង ហើយ​ចង​ជា​កណ្ដាប់​ទុក​សម្រាប់​ដុត ឯ​ស្រូវសាលី ឲ្យ​ប្រមូល​ដាក់​ក្នុង​ជង្រុក​វិញ ( សូម​មើល ការបកប្រែ​របស់ យ៉ូសែប ស៊្មីធ ម៉ាថាយ ១៣:២៩ [ នៅ​ក្នុង ម៉ាថាយ ១៣:៣០លេខ​យោង  ] ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៦:៧ដោយ​ស្វែងរក​ការយល់ដឹង ដែល​វិវរណៈ​នេះ​ផ្ដល់​ឲ្យ​អំពី​របៀប​នៃ​ការប្រមូល ។ តើ​អ្នក​គិត​ថា ពួក​សុចរិត​នឹង​ត្រូវបាន​ប្រមូល​នៅ​ថ្ងៃ​ចុងក្រោយ​បង្អស់​យ៉ាង​ដូចម្ដេច ?

រូបភាព
អ្នក​ផ្សព្វផ្សាយសាសនា​ស្រី កំពុង​បង្រៀន

សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​បង្រៀន​មនុស្ស អំពី​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ ទាក់ទង​ទៅ​នឹង​រឿងប្រដូច​នៃ​ស្រូវសាលី និង ស្រងែ ។

យើង​ក៏​អាច​ជួយ​ក្នុង​ការប្រមូល​ពួក​សុចរិត​បាន ដោយ​ការចែកចាយ​ដំណឹងល្អ​ជាមួយ​មនុស្ស​ទូទៅ ។ មនុស្ស​ត្រូវបាន​ប្រមូល​ទៅ​ក្នុង​ក្រោល នៅ​ពេល​ពួកគេ​ទទួល​ស្គាល់​ព្រះគ្រីស្ទ ហើយ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ។ ការចងចាំ​អំពី​របៀប​ជា​ច្រើន​ដែល​យើង​មាន​ពរ​ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះអម្ចាស់ អាច​ធ្វើ​ឲ្យ​យើង​កាន់តែ​មាន​បំណងប្រាថ្នាចែកចាយ​ពរជ័យ​នោះ​ជាមួយ​មនុស្ស​ទូទៅ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៦:៨–១០រួច​ស្វែងរក​របៀប​ដែល​យើង​មាន​ពរ ក្នុង​នាម​ជា​សមាជិក​ក្នុង​សាសនាចក្រ​នៃ​ព្រះអម្ចាស់ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

ឃ្លា « អ្នក​រាល់​គ្នា​ជា​អ្នក​គ្រង​មរតក​ពេញ​ច្បាប់ » នៅ​ក្នុង ខទី ៩ មាន​ន័យ​ថា សមាជិក​ក្នុង សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ គឺ​ជា​ផ្នែក​នៃ​សេចក្ដី​សញ្ញា​ដែល​ព្រះ​បាន​ធ្វើ​ជាមួយ អ័ប្រាហាំ តាមរយៈ​សេចក្ដី​សញ្ញា​ដែល​អ័ប្រាហាំ​ត្រូវបាន​សន្យា​ថា ពូជពង្ស​របស់​លោក​នឹង​រីករាយ​ជាមួយ​នឹង​ពរជ័យ​នៃ​បព្វជិតភាព ហើយ​នឹង​ចែកចាយ​ពរជ័យ​ទាំងនោះ​ជាមួយ​មនុស្ស​ទូទៅ ( សូម​មើល អ័ប្រាហាំ ២:៩–១១ ) ។

សូម​ពិចារណា​អំពី​សំណួរ​ដូចតទៅ​នេះ ៖ តើ​អ្នក​ធ្លាប់​មាន​ពរ​តាមរយៈ​បព្វជិតភាព​ដូចម្ដេច​ខ្លះ ?

ខណៈ​ពេល​ពិចារណា​អំពី​សំណួរ​ខាង​លើ​នេះ អ្នក​អាច​នឹង​គិត​អំពី​ពិធី​បរិសុទ្ធ​នានា ដែល​អ្នក​អាច​ទទួល​បាន​តាមរយៈ​បព្វជិតភាព រួម​បញ្ចូល​ទាំង​ពិធីបរិសុទ្ធ​នៃ​ការសង្គ្រោះ​នៃ​ពិធីបុណ្យជ្រមុជទឹក និង អំណោយទាន​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៦:១១រួច​ស្វែងរក​របៀប ដែល​យើង​ត្រូវ​ជួយ​ដល់​មនុស្ស​ទូទៅ ។

ឃ្លា « ពន្លឺ​ដល់​ពួក​សាសន៍​ដទៃ » មាន​ន័យ​ថា ការធ្វើ​ជា​គំរូ​សុចរិត​ដល់​មនុស្ស ដែល​ពុំ​មាន​ពរជ័យ​នៃ​ដំណឹងល្អ ។ ខទី ១១ បង្រៀន​ថា យើង​អាច​នាំ​យក​សេចក្ដី​សង្គ្រោះ​ទៅ​ដល់​មនុស្ស​ដទៃ ដោយ​ការជួយ​ពួកគេ​ឲ្យ​ទទួល​បាន​ពរជ័យ​នៃ​បព្វជិតភាព ។ អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​នេះ នៅ​គែម​លើ​ព្រះគម្ពីរ​របស់​អ្នក ។

សូម​ពិចារណា​អំពី​បទពិសោធន៍​នៅ​ពេល​អ្នក ឬ នរណាម្នាក់​ដែល​អ្នក​ស្គាល់ ធ្វើ​គំរូ​ល្អ​ចំពោះ​នរណាម្នាក់ ឬ បាន​ជួយ​មនុស្ស​ម្នាក់​ទៀត ឲ្យ​ទទួល​បាន​ពរជ័យ​ទាំងឡាយ​នៃ​បព្វជិតភាព ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​អ្វី​ដែល​អ្នក​នឹង​ធ្វើ ដើម្បី​ធ្វើ​ជា « ពន្លឺ » ដល់​មនុស្ស​ទូទៅ ដើម្បី​ឲ្យ​ពួកគេ​អាច​ទទួលបាន​ពិធីបរិសុទ្ធ និង ពរជ័យ​ទាំងឡាយ​នៃ​បព្វជិតភាព ។

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៨៥–៨៦ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាល​បរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖