ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៨ ៖ ថ្ងៃ​ទី ២ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៤៣-១២០


មេរៀន​ទី ១៨ ៖ ថ្ងៃ​ទី ២

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៤៣-១២០

សេចក្តីផ្តើម

នៅ​ថ្ងៃទី ២២ និង ២៣ ខែ កញ្ញា ឆ្នាំ ១៨៣២ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈ ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤ ។ នៅ​ក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​បង្រៀន​ពួក​បរិសុទ្ធ អំពី​សារៈសំខាន់​នៃ​ការស្ដាប់​តាម​ព្រះបន្ទូល​ព្រះ ហើយ​បាន​វាយផ្ចាល​ពួក​គេ​ចំពោះ​ការរាប់​ដល់​ព្រះគម្ពីរ​មរមន និង ព្រះបញ្ញត្តិ​មុនៗ ទុក​ជា​គ្មាន​ផល​ប្រយោជន៍ ។ បន្ថែម​ពី​លើ​នោះ ទ្រង់​បាន​គូសសម្គាល់​អំពី​ប្រតិបត្តិការ​របស់​ពួក​សាវក និង អ្នក​កាន់​បព្វជិតភាព​ទូទៅ ក្នុង​ការប្រកាស​ដំណឹងល្អ​ពាសពេញ​ពិភពលោក ហើយ​ទ្រង់​បាន​ពន្យល់​អំពី​របៀប​ដែល​កិច្ចការ​នេះ​ត្រូវបាន​សម្រេច ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៤៣-៦១

ព្រះអម្ចាស់​បង្រៀន​អំពី​សារៈសំខាន់ នៃ​ការស្ដាប់​តាម​ព្រះបន្ទូល​ព្រះ

សូម​ពិចារណា​អំពី​ការខិតខំ​របស់​អ្នក ក្នុង​ការសិក្សា​ព្រះគម្ពីរ​ជា​រៀងរាល់​ថ្ងៃ ។ តើ​អ្នក​ធ្វើ​បាន​ល្អ​កម្រិត​ណា ក្នុង​ការសម្រេច​បាន​គោលដៅ​នេះ ?

  1. ជួនកាល វា​មាន​ការលំបាក​ដើម្បី​មាន​ទម្លាប់​នៃ​ការសិក្សា​ព្រះគម្ពីរ​ជា​រៀង​រាល់​ថ្ងៃ ។ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​រាយ​បញ្ជី​ឧបសគ្គ​មួយ​ចំនួន ដែល​អ្នក​ប្រឈម​មុខ​ក្នុង​ការព្យាយាម​សិក្សា​ព្រះគម្ពីរ​រាល់​ថ្ងៃ ។ សូម​សរសេរ​អំពី​គ្រា​មួយ ដែល​អ្នក​ជ្រើសរើស​សិក្សា​ព្រះគម្ពីរ ទោះ​ជា​មាន​ការលំបាក​យ៉ាង​ណា​ក្ដី ។ តើ​អ្នក​បាន​ទទួល​ពរ ដោយ​ព្រោះ​ការធ្វើ​ដូច្នោះ​យ៉ាង​ដូចម្ដេច​ដែរ ?

នៅ​ពេល​អ្នក​បន្ត​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤អ្នក​នឹង​រៀន​សេចក្ដីពិត ដែល​អាច​បំផុសគំនិត​អ្នក​ឲ្យ​បន្ត​ខិតខំ​សិក្សា​ព្រះគម្ពីរ​ជា​ប្រចាំ​ថ្ងៃ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៤៣–៤៤រួច​ស្វែងរក​ពាក្យ និង ឃ្លា ដែល​បង្រៀន​អំពី​សារៈសំខាន់​នៃ​ការសិក្សា និង ការអនុវត្តន៍​តាម​ព្រះបន្ទូល​ព្រះអម្ចាស់ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​នូវ​អ្វី​ដែល​អ្នក​រកឃើញ ។

សូម​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៤៥-៤៦ ។ ខគម្ពីរ​ទាំងនេះ​ជួយ​យើង​ឲ្យ​យល់​ថា បើ​យើង​ស្ដាប់​តាម​ព្រះបន្ទូល​ព្រះ​ដោយ​ឧស្សាហ៍ នោះ​យើង​នឹង​ត្រូវបាន​បំភ្លឺ​តាម​រយៈ​ព្រះវិញ្ញាណ​នៃ​ព្រះគ្រីស្ទ ។

សូម​កត់ចំណាំ​ឃ្លា « ព្រះវិញ្ញាណ​នៃ​ព្រះគ្រីស្ទ » នៅ​ក្នុង ខទី ៤៥ ។ ឃ្លា​មួយ​ទៀត​ដែល មាន​ន័យ​ស្រដៀង​នឹង​នេះ​គឺ « ពន្លឺ​នៃ​ព្រះគ្រីស្ទ » ។ ពន្លឺ​នៃ​ព្រះគ្រីស្ទ គឺ​ជា « អានុភាព​មួយ​នៃ​សេចក្ដី​ល្អ ដែល​មាន​នៅ​ក្នុង​មនុស្ស​ទូទៅ ។… នៅ​ក្នុង​ព្រះគម្ពីរ ពន្លឺ​នៃ​ព្រះគ្រីស្ទ ពេលខ្លះ​ត្រូវបាន​ហៅ​ថា ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ព្រះវិញ្ញាណ​នៃ​ព្រះ ព្រះវិញ្ញាណ​នៃ​ព្រះគ្រីស្ទ ឬ ពន្លឺ​នៃ​ជីវិត ។

« ពន្លឺ​នៃ​ព្រះគ្រីស្ទ មិន​គួរ​យល់​ច្រឡំ​ជាមួយ​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ​ទេ ។ ពន្លឺនៃ​ព្រះគ្រីស្ទ​មិន​មែន​ជា​តួ​អង្គ ដូចជា​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ​ទេ ។ វា​មាន​ឥទ្ធិពល​ដឹកនាំ​មនុស្ស ឲ្យ​ស្វែងរក​ដំណឹងល្អ​ពិត ធ្វើ​បុណ្យ​ជ្រមុជទឹក និង ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » (ពិត​ចំពោះ​សេចក្ដី​ជំនឿ ៖ ឯកសារ​យោង​នៃ​ដំណឹងល្អ [ ឆ្នាំ ២០០៤ ] ទំព័រ ១១៨) ។

ប្រធាន ប៊យដ៍ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា ពន្លឺ​នៃ​ព្រះគ្រីស្ទ​គឺ​មាន​នៅ​ក្នុង​មនុស្ស​គ្រប់​រូប ហើយ « ចំណេះដឹង​អំពី​ភាពត្រឹមត្រូវ និង ភាពខុសឆ្គង​នេះ ត្រូវបាន​ហៅ​ថា ពន្លឺ​នៃ​ព្រះគ្រីស្ទ ការយល់ដឹង​ក្រម​សីលធម៌ ឬ សតិសម្បជញ្ញៈ វា​អាច​ដឹកនាំ​យើង​ឲ្យ​គ្រប់គ្រង​ទង្វើ​របស់​យើង​បាន—លើកលែង​តែ​យើង​មាន​ចិត្ត​មានះ ឬ មិន​ធ្វើ​តាម​វា » ( The Light of Christ » EnsignLiahona ខែ មេសា ឆ្នាំ ២០០៥ ទំព័រ ៨–៩ ) ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៤៧រួច​បញ្ចប់​គោលការណ៍​ដូចតទៅ​នេះ ដោយ​យោង​តាម​អ្វី​ដែល​អ្នក​រក​ឃើញ ៖ បើ​យើង​ស្ដាប់​តាម​ព្រះវិញ្ញាណ នោះ​យើង​នឹង  ។

នៅ​ពេល​អ្នក​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៤៨សូម​កត់ចំណាំ​អ្វី ដែល​ព្រះវរបិតា​នឹង​ធ្វើ នៅ​ពេល​យើង​មក​រក​ទ្រង់ ។

បន្ថែម​ពី​លើ​ការមាន​ពន្លឺ​នៃ​ព្រះគ្រីស្ទ បុគ្គល​ទាំងឡាយ​អាច​ទទួល​បាន​ដៃគូ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ បន្ទាប់​ពី​ពួកគេ​បាន​ធ្វើ​សេចក្ដី​សញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក ។ តាម​រយៈ​អំណោយទាន​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ពួកគេ​អាច​ទទួលបាន​ពន្លឺ​បន្ថែម ហើយ​ត្រូវបាន​ដឹកនាំ​ត្រឡប់​ទៅ​កាន់​វត្តមាន​របស់​ព្រះវរបិតា​វិញ ដើម្បី​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

សូម​គិត​អំពី​គ្រា​មួយ ដែល​អ្នក​បាន​ព្យាយាម​ដើរ​នៅ​ក្នុង​កន្លែង​ងងឹត​ស្លុង ។ តើ​មាន​ភាពខុស​ប្លែក​គ្នា​នៅ​ក្នុង​របៀប ដែល​អ្នក​ដើរ​កាល​នៅ​ក្នុង​កន្លែង​ងងឹត​ស្លុង និង កាល​នៅ​កន្លែង​មាន​ពន្លឺ​ដែរ​ឬ​ទេ ? ជា​ញឹកញាប់ បទគម្ពីរ​លើកឡើង​អំពី​កន្លែង​ងងឹត ដើម្បី​ជា​និមិត្តរូប​នៃ​ស្ថានភាព​មួយ​ខាង​វិញ្ញាណ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៤៩–៥៣រួច​ស្វែងរក​ថា​តើ​នរណា ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត និង មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ពួកគេ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​នោះ ។

  1. សូម​ឆ្លើយ​សំណួរ​ដូច​តទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ការរស់នៅ​ក្រោម​ចំណង​នៃ​អំពើបាប មាន​សភាព​ដូចជា​ការស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត​យ៉ាង​ដូចម្ដេច ?

សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​គិត​ថា​អ្នក​ត្រូវ​ធ្វើ ដើម្បី​ស្ដាប់​ឮ​ព្រះសូរសៀង​ទ្រង់​ឲ្យ​បាន​កាន់តែ​ច្បាស់ ហើយ​ចៀសវាង​ពី​ចំណង​នៃ​អំពើបាប ។

បន្ថែម​ពី​លើ​ព្រះបន្ទូល​ដែល​ថា ពិភពលោក​ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត នោះ​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា គំនិត​របស់​សមាជិក​សាសនាចក្រ​ត្រូវ​បាន​ធ្វើ​ឲ្យ​ងងឹត ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៥៤–៥៦ដោយ​ស្វែងរក​មូលហេតុ​ចំនួន​ពីរ ថាតើ​ហេតុអ្វី​បាន​ជា​គំនិត​របស់​ពួកគេ​ក្លាយ​ជា​ងងឹត​ទៅ​វិញ ។

ការរាប់​អ្វី​មួយ​ទុក​ជា​គ្មាន​ផល​ប្រយោជន៍ មាន​ន័យ​ថា ការមិន​អើពើ ឬ ប្រព្រឹត្ត​ចំពោះ​វា​ដោយ​ព្រហើន ឬ ខ្វះ​ការយក​ចិត្ត​ទុក​ដាក់ ។ តើ​គំនិត​របស់​បុគ្គល​ម្នាក់ អាច​ត្រូវបាន​ងងឹត​ដោយ​ការរាប់​អ្វី​ដែល​ពិសិដ្ឋ ទុក​ជា​គ្មាន​ផល​ប្រយោជន៍ យ៉ាង​ដូចម្ដេច ? នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៥៤ឃ្លា « អ្នក​បាន​រាប់​ការណ៍​ទាំងឡាយ ដែល​អ្នក​បាន​ទទួល​មក ទុក​ជា​គ្មាន​ផល​ប្រយោជន៍​វិញ » សំដៅ​ជា​ពិសេស​ទៅ​លើ ពួក​បរិសុទ្ធ​ដែល​មិន​ប្រព្រឹត្ត​តាម​អ្វី ដែល​មាន​ចែង​នៅ​ក្នុង​ព្រះគម្ពីរ​មរមន និង ព្រះ​បញ្ញត្តិ​មុនៗ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៥៧–៥៨ ដើម្បី​ស្វែងរក​អ្វី​ដែល​ពួក​បរិសុទ្ធ បាន​រាប់​ទុក​ជា​គ្មាន​ផល​ប្រយោជន៍ និង អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ ដើម្បី​ចៀសវាង​ពី​ការវាយ និង សេចក្ដី​ជំនុំជម្រះ ។ ( ពាក្យ ការវាយ នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ សំដៅ​ទៅ​លើ​ទោស​មក​ពី​ព្រះ ឬ ការកាត់ទោស ) ។

សូម​កត់ចំណាំ​ថា ពួក​បរិសុទ្ធ​បាន​ធ្វេសប្រហែស​នឹង​ព្រះគម្ពីរ​មរមន​ក៏​ដូចជា « ព្រះ​បញ្ញត្តិ​មុនៗ » ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួកគាត់ ។ អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ បាន​មាន​ប្រសាសន៍ ៖ « ព្រះ​បញ្ញត្តិ​មុនៗ​ទាំងនេះ​ច្បាស់​ជា​វិវរណៈ​មុនៗ​របស់​ព្រះអម្ចាស់ ដូច​មាន​ចែង​នៅ​ក្នុង​ព្រះគម្ពីរ​ប៊ីប ( ព្រះគម្ពីរ​សញ្ញា​ចាស់ និង សញ្ញា​ថ្មី ) និង វិវរណៈ​សម័យ​ថ្មី​ទាំងឡាយ ដែល​ត្រូវបាន​ប្រទាន​ដល់​ពួក​បរិសុទ្ធ ( សូម​មើល History of the Church,១:៣១៨ ទំព័រ ៣២០ ) » ( Another Testament of Jesus Christ » Ensign ខែ មិនា ឆ្នាំ ១៩៩៤ ទំព័រ ៦៣ ) ។

ចេញ​ពី គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៥៧–៥៨យើង​រៀន​គោលការណ៍​ដូចតទៅ​នេះ ៖ បើ​យើង​រាប់​ព្រះបន្ទូល​ព្រះ​ទុក​ជា​គ្មាន​ផល​ប្រយោជន៍ នោះ​ចិត្ត​របស់​យើង​នឹង​ត្រូវបាន​ធ្វើ​ឲ្យ​ងងឹត ហើយ​យើង​នឹង​ត្រូវបាន​ដាក់​នៅ​ក្រោម​ការដាក់ទោស ។

សូម​អាន​សុន្ទរកថា​ខាង​ក្រោម​នេះ ដែល​ថ្លែង​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« តើ​លទ្ធផល​ដ៏​អស់​កល្ប​ជានិច្ច ស្ថិត​នៅ​លើ​ការប្រព្រឹត្ត​របស់​យើង ចំពោះ [ ព្រះគម្ពីរ​មរមន ] ដែរ​ឬ​ទេ ? ពិតមែន​ហើយ វា​នាំ​ឲ្យ​មាន​ពរជ័យ​ផង និង ការដាក់​ទោស​ផង ។

« ពួក​បរិសុទ្ធ​ថ្ងៃចុង​ក្រោយ​គ្រប់​រូប គួរតែ​សិក្សា​ព្រះគម្ពីរ​នេះ​ពេញ​មួយ​ជីវិត​ខ្លួន ។ បើ​មិន​ដូច្នោះ​ទេ ពួកគេ​កំពុង​តែ​ធ្វើ​ឲ្យ​ព្រលឹង​ខ្លួន​ធ្លាក់​ក្នុង​ហានិភ័យ ហើយ​ធ្វេស​ប្រហែស​ចំពោះ​ការណ៍ ដែល​អាច​ផ្តល់​ភាព​រួមគ្នា​ខាង​វិញ្ញាណ និង បញ្ញា​ពេញ​មួយ​ជីវិត​ពួកគេ ។ មាន​ភាពខុសគ្នា​មួយ​រវាង​អ្នក​ប្រែចិត្តជឿ ដែល​សង់​គ្រឹះ​នៅ​លើ​សិលា​នៃ​ព្រះគ្រីស្ទ តាមរយៈ​ព្រះគម្ពីរ​មរមន ហើយ​កាន់ខ្ជាប់​ដំបងដែក​នោះ និង អ្នក​ដែល​មិន​បាន​ធ្វើ​ដូច​នោះ​សោះ ( « The Book of Mormon Is the Word of God » Ensignខែ ឧសភា ឆ្នាំ ១៩៧៥ ទំព័រ ៦៥ សូម​មើល​ផងដែរ « The Book of Mormon Is the Word of God » Ensignខែ មករា ឆ្នាំ ១៩៨៨ ទំព័រ ៥ ) ។

« បើសិន​ជា​មាន​ពួក​បរិសុទ្ធ​ជំនាន់​ដំបូង ត្រូវ​បាន​ស្តីបន្ទោស ចំពោះ​ការរាប់​ព្រះគម្ពីរ​មរមន​ទុក​ជា​គ្មាន​ផល​ប្រយោជន៍​នោះ តើ​យើង​ស្ថិត​នៅ​ក្រោម​ការដាក់​ទោស តិច​ជាង​ពួកគេ​ឬ​អី បើសិនជា​យើង​ធ្វើ​ដូច​គ្នា​នោះ​ដែរ​នោះ ?…

« …ចូរ​យើង​កុំ​នៅក្រោម​សេចក្តី​ដាក់​ទោស​ឡើយ ជា​មួយនឹង​ទុក្ខទោស និង​ការ​វិនិច្ឆ័យ​របស់​វា ដោយ​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អំណោយ​ទាន​ដ៏​មហិមា​និង​អស្ចារ្យ ដែល​ព្រះ​អម្ចាស់​បាន​ប្រទាន​ដល់​យើង​នេះឡើយ ។ ផ្ទុយ​ទៅ​វិញ ចូរ​យើង​បំពេញ​ការសន្យា ដែល​បាន​ភ្ជាប់​មក​ជាមួយ​នឹង​ការរក្សា​ការសន្យា​នោះ​ទុក​នៅ​ក្នុង​ដួងចិត្ត​របស់​យើង » ( « The Book of Mormon—Keystone of Our Religion » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ៤–៥, ៧ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​នឹង​ប្រាប់​អំពី​ការប្រព្រឹត្ត​របស់​អ្នក ចំពោះ​ព្រះគម្ពីរ​មរមន​យ៉ាង​ដូចម្ដេច ?

    2. តើ​អ្នក​អាច​ធ្វើ​អ្វី ដើម្បី​ធ្វើ​ឲ្យ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ប្រព្រឹត្ត​ទៅ​ពេញ​មួយ​ជីវិត​បាន ?

    3. តើ​អ្នក​នឹង​ធ្វើ​អ្វី ដើម្បី​សិក្សា​ព្រះគម្ពីរ​ឲ្យ​កាន់តែ​មាន​ភាពឧស្សាហ៍​ព្យាយាម ហើយ​រស់នៅ​តាម​សេចក្ដីពិត​ទាំងឡាយ ដែល​អ្នក​រៀន​ចេញ​ពី​ព្រះគម្ពីរ​នោះ ?

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៦២-១២០

ព្រះអម្ចាស់​ប្រទាន​សេចក្ដីណែនាំ​ទៅ​ដល់​អ្នក​ទាំងឡាយ ដែល​ត្រូវ​បាន​ហៅ​ឲ្យ​ផ្សាយដំណឹងល្អ​របស់​ទ្រង់

សូម​គិត​អំពី​មនុស្ស​រាប់​កោដិ​នាក់ ដែល​រស់នៅ​លើ​ផែនដី​នេះ ។ មនុស្ស​ម្នាក់ៗ​ត្រូវការ​មាន​ឱកាស ដើម្បី​រៀន​អំពី​ដំណឹងល្អ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វា​មិន​អាច​សម្រេច​បាន​នោះ​ទេ ដែល​គណៈប្រធាន​ទី​មួយ និង កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ត្រូវ​ទទួល​ទទួល​បន្ទុក​ប្រកាស​ដំណឹងល្អ​ទៅ​កាន់​អស់​ទាំង​ជាតិ​សាសន៍ ដើម្បី​បង្រៀន​មនុស្ស​គ្រប់​គ្នា​នោះ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៦២ដោយ​ស្វែងរក​ការដឹកនាំ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​អ្នក ដែល​មាន​ការទទួល​ខុសត្រូវ ក្នុង​ការប្រកាស​ដំណឹងល្អ ។

សូម​កត់ចំណាំ​ថា ដោយសារ​តែ​ថ្នាក់​ដឹកនាំ​សាសនាចក្រ ពុំ​អាច​ទៅ​គ្រប់​ទីកន្លែង​ដើម្បី​ប្រកាស​ដំណឹងល្អ​បាន នោះ​ពួក​លោក​ត្រូវ​បញ្ជូន​មនុស្ស​ដទៃ​ទៀត​ឲ្យ​ជួយ​ដល់​ពួកលោក ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៦២ អាច​ជួយ​យើង​ឲ្យ​យល់​ថា ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ទាំងអស់ មាន​ការទទួល​ខុសត្រូវ​ក្នុង​ការនាំ​ដំណឹងល្អ​ទៅ​កាន់​ពិភពលោក​ទាំងមូល ។

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​មាន​ប្រសាសន៍ ៖

រូបភាព
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

« បទគម្ពីរ​បាន​ថ្លែង​យ៉ាង​ច្បាស់​ថា សមាជិក​នៃ​សាសនាចក្រ​ទាំងអស់ មាន​ការទទួល​ខុសត្រូវ​ដើម្បី​ធ្វើ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ៖ ‹ វា​តម្រូវ​ឲ្យ​មនុស្ស​ម្នាក់ៗ​ណា​ដែល​បាន​ព្រមាន នោះ​ត្រូវ​ព្រមាន​អ្នក​ជិត​ខាង​របស់​ខ្លួន › ។ ( គ. និង ស. ៨៨:៨១ ) ។

« ពួក​ព្យាការី​ក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​នេះ ក៏​បាន​បង្រៀន​យ៉ាង​ច្បាស់​អំពី​បរិបទ​ដែល​ថា ការងារ​ផ្សព្វផ្សាយ​សាសនា​គឺ​ជា​ការទទួល​ខុសត្រូវ​របស់​សមាជិក​ទាំងអស់​ដែរ ។ ប្រធាន ដេវីឌ អូ មិកឃេ បាន​បង្រៀន​អំពី​គោលការណ៍​នេះ ដោយ​មាន​ប្រសាសន៍​អញ្ជើញ​ថា ‹ សមាជិក​គ្រប់​រូប​គឺ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ! › ( សូម​មើល របាយការណ៍​សន្និសីទ ខែ មេសា ឆ្នាំ ១៩៥៩ ទំព័រ ១២២ ) » (« It Becometh Every Man, » Ensign, ខែ តុលា ឆ្នាំ ១៩៧៧,ទំព័រ ៣ ) ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៦៤–៧៥រួច​ពិចារណា​អំពី​មូលហេតុ​ដែល​វា​មាន​សារៈសំខាន់ ដែល​ដំណឹងល្អ​ត្រូវ​តែ​បាន​ប្រកាស​ទៅ​កាន់​ពិភពលោក​ទាំង​មូល ។

  1. សូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ យោង​តាម​អ្វី​ដែល​អ្នក​បាន​អាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៦៤–៧៥តើ​អ្នក​នឹង​សង្ខេប​អំពី​សារៈសំខាន់​នៃ​ការបង្រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ដល់​មនុស្ស​ដទៃ​យ៉ាង​ដូចម្ដេច ? បន្ទាប់​មក សូម​បញ្ចប់​សេចក្ដី​ថ្លែងការណ៍​ដូចតទៅ​នេះ ៖ ខ្ញុំ​នឹង​បំពេញ​ការទទួល​ខុសត្រូវ​របស់​ខ្ញុំ ក្នុង​ការចែកចាយ​ដំណឹងល្អ​ដោយ …

នៅ​ក្នុង​តារាង​ដូចតទៅ​នេះ សូម​គូស​បន្ទាត់​ពី​ក្រោម​ការភ័យខ្លាច​ទាំងឡាយ ដែល​អាច​បណ្ដាល​ឲ្យ​អ្នក​ស្ទាក់ស្ទើរ​ក្នុង​ការបម្រើ​ព្រះអម្ចាស់ ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ៖ ភ័យខ្លាច​ក្នុង​ការចាកចេញ​ពី​ផ្ទះ ក្រុម​គ្រួសារ និង មិត្តភក្ដិ ភ័យខ្លាច​ក្នុង​ការបាត់បង់​ឱកាស​អប់រំ និង ការងារ ភ័យខ្លាច​ថា​មិន​មាន​លទ្ធភាព​បង់ប្រាក់​បម្រើ​បេសកកម្ម ភ័យខ្លាច​ក្នុង​ការថ្លែង​ទៅ​កាន់​មនុស្ស​ទូទៅ​អំពី​ដំណឹងល្អ និង ភ័យខ្លាច​ក្នុង​ការរៀន​ភាសា​ថ្មី ។

ព្រះអម្ចាស់​អះអាង​ជា​ថ្មី​ទៀត​ដល់​អ្នក ដែល​ស្ទាក់ស្ទើរ ឬ ភ័យខ្លាច​ក្នុង​ការបម្រើ​ទ្រង់ ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៨០, ៨៥, ៨៧–៨៨ដោយ​ស្វែងរក​ការទទួល​ខុសត្រូវ និង ពរជ័យ​នៃ​ការងារ​ផ្សព្វផ្សាយ​សាសនា ។ សូម​បំពេញ​នៅ​ក្នុង​តារាង នូវ​អ្វី​ដែល​អ្នក​រកឃើញ ៖

ការទទួល​ខុសត្រូវ​នៃ​ការងារ​ផ្សព្វផ្សាយ​សាសនា

ពរជ័យ​នៃ​ការងារ​ផ្សព្វផ្សាយ​សាសនា

ខគម្ពីរ​ទាំងឡាយ​ដែល​អ្នក​បាន​សិក្សា បញ្ជាក់​ថា នៅ​ពេល​យើង​ចែកចាយ​ដំណឹងល្អ នោះ​ព្រះអម្ចាស់​នឹង​គង់​នៅ​ជាមួយ​យើង នឹង​ការពារ​យើង ហើយ​នឹង​ពង្រឹង​យើង ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ពន្យល់​អំពី​របៀប​ដែល​ការសន្យា​ដែល​បាន​មាន​ព្រះបន្ទូល​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៨០, ៨៥, ៨៨ អាច​នឹង​មាន​អានុភាព​លើ​បំណងប្រាថ្នា និង សមត្ថភាព​របស់​អ្នក ក្នុង​ការ​ចែកចាយ​ដំណឹងល្អ ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៨៩–៩៧ព្រះអម្ចាស់​បាន​អះអាង​ថា មនុស្ស​ណា​ដែល​ទទួល​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​ទ្រង់ នោះ​ពួកគេ​ក៏​ទទួល​ទ្រង់​ដែរ ហើយ​ក៏​នឹង​មាន​ពរ ។ ទ្រង់​ក៏​បាន​បង្រៀន​ផងដែរ​ថា មនុស្ស​ណា​ដែល​មិន​ទទួល​ពួក​អ្នក​បម្រើ​ទ្រង់ ថែមទាំង​ព្រះបន្ទូល​ទ្រង់​នោះ នឹង​បាត់បង់​ពរជ័យ ហើយ​ត្រូវ​បណ្ដាសា ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៩៨-១០២ ។ ខគម្ពីរ​ទាំងនេះ​មាន​នូវ​ទំនុកបទ​ចម្រៀង​នៃ​សេចក្ដី​អំណរ និង ទំនុក​សរសើរ​តម្កើង ដែល​ទាក់ទង​ទៅ​នឹង​ការប្រោសលោះ​នៃ​ទីក្រុង ស៊ីយ៉ូន ។ ការប្រោសលោះ​នៃ​ទីក្រុង ស៊ីយ៉ូន សំដៅ​ទៅ​លើ​ស្ថានភាព ដែល​រាស្ត្រ​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះអម្ចាស់​នឹង​រីករាយ នៅ​ពេល​ពួកគេ​ជ្រើសរើស​មក​រក​ទ្រង់ ហើយ​ទទួល​ពិធី​បរិសុទ្ធ​ទាំងអស់ និង ពរជ័យ​ទាំងឡាយ​នៃ​ដំណឹងល្អ ។

រូបភាព
អ្នក​ផ្សព្វផ្សាយ​សាសនា និង យុវជន​ម្នាក់

តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​ហៅ​អ្នក​ផ្សព្វផ្សាយ​សាសនា​ឲ្យ​បម្រើ​ជា​ដៃគូ ?

សូម​គិត​អំពី​ការហៅ​ដទៃ​ទៀត​នៅ​ក្នុង​សាសនាចក្រ ដែល​សមាជិក​សាសនាចក្រ​បម្រើ​ជាមួយ​មនុស្ស​ម្នាក់ ឬ មនុស្ស​ច្រើន​នាក់ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:១០៦, ១០៩–១០រួច​ស្វែងរក​ការណ៍​ដែល​ព្រះអម្ចាស់​បាន​ណែនាំ​ឲ្យ​សមាជិក​សាសនាចក្រ​ធ្វើ ដើម្បី​ពង្រឹង​គ្នា​ទៅ​វិញ​ទៅ​មក ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:១០៦ បង្រៀន​ថា អ្នក​ដែល​មាន​កម្លាំង​ខ្លាំង​ក្នុង​វិញ្ញាណ ត្រូវ​ស្អាង​អ្នក​ដែល​ទន់ខ្សោយ​ឡើង ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​នៅពេល​ណា ដែល​អ្នក​ធ្លាប់​ត្រូវបាន​ស្អាង​ឡើង​ដោយ​ការធ្វើការ​ជាមួយ​នរណាម្នាក់ ដែល​មាន​កម្លាំង​ខ្លាំង​ក្នុង​វិញ្ញាណ ?

    2. តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ស្វែងរក​វិធី​លើក​ទឹកចិត្ត ហើយ​ពង្រឹង​មនុស្ស​ទូទៅ​បាន ?

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៤៣-១២០ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖