ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៧ ៖ ថ្ងៃ​ទី ៤ គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:១-៣០


មេរៀន​ទី ៧ ៖ ថ្ងៃ​ទី ៤

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:១-៣០

បុព្វកថា

នៅ​មិន​យូរប៉ុន្មាន​ពីមុន​សន្និសីទ​សាសនាចក្រ​ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ១៨៣០ ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ​ដែល​មាន​ចែង​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៩ « នៅ​ក្នុង​វត្តមាន​ពួក​អែលឌើរ​ប្រាំមួយ​នាក់ » (ក្បាល​កណ្ឌ គ. និង ស. ២៩ ) ។ សេចក្តីណែនាំ​ទាំងឡាយ​នៅ​ក្នុង​វិវរណៈ​នេះ អនុវត្ដ​ចំពោះ​អស់​អ្នក​ទាំងឡាយ​ដែល​ត្រូវបាន​ហៅ​ឲ្យ​ប្រកាស​ដំណឹងល្អ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:១-៥

ព្រះអម្ចាស់​ថ្លែងទីបន្ទាល់​អំពី​ដង្វាយធួន និង ព្រះបំណង​ទ្រង់​ក្នុង​ការប្រមូល​រាស្ត្រ​របស់​ទ្រង់ ។

តើ​អ្នក​ធ្លាប់​ឆ្ងល់​ថា​តើ​ព្រះ​នឹង​ស្រឡាញ់ ការពារ ហើយ​អភ័យទោស​ដល់​អ្នក​ដែរ​ឬ​ទេ ? សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:១-៥ រួច​ស្វែងរក​របៀប​ដែល​ព្រះអង្គសង្គ្រោះ​ស្រឡាញ់ ការពារ ហើយ​អភ័យទោស​ដល់​យើង ។

យោង​តាម គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:២ តើ​ព្រះអង្គសង្គ្រោះ​បាន​ប្រៀបធៀប​ព្រះអង្គ​ទ្រង់​ទៅ​នឹង​អ្វី ?

នៅ​ពេល​មេមាន់​ដឹង​ថា​មាន​គ្រោះថ្នាក់ វា​នឹង​កៀង​កូន​របស់​វា ។ កូនៗ​របស់​វា​នឹង​រត់​មក​រក​វា ហើយ​វា​នឹង​ប្រមូល​កូនៗ​ទាំងនោះ​នៅ​ក្រោម​ស្លាប​របស់​វា​ដើម្បី​ការពារ ។ វា​នឹង​លះបង់​ខ្លួន​ដើម្បី​ជួយ​សង្គ្រោះ​កូនៗ​របស់​វា ។

រូបភាព
មេមាន់ និង កូនមាន់

សូម​ពិចារណា​អំពី​ការណ៍​ដែល​កូនមាន់​ត្រូវតែ​ធ្វើ ដើម្បី​មាន​សុវត្ថិភាព​នៅ​ក្រោម​ការការពារ​របស់​មេ ។ តើ​អាច​នឹង​មាន​អ្វី​កើតឡើង​ដល់​កូនមាន់ បើ​ពួកវា​ពុំ​ធ្វើ​ទៅ​តាម​អ្វី​ដែល​វា​ត្រូវតែ​ធ្វើ​ទេ​នោះ ? តើ​ព្រះអង្គសង្គ្រោះ​មាន​លក្ខណៈ​ដូចជា​មេមាន់ ដែល​ក្រុង​ការពារ​កូន​វា​យ៉ាង​ដូចម្ដេច ?

រូបភាព
ព្រះគ្រីស្ទ​ជាមួយ​នឹង​កុមារតូចៗ

សូម​រំឭក គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:២ រួច​គិត​អំពី​អ្វី​ដែល​យើង​ត្រូវតែ​ធ្វើ ដើម្បី​ត្រូវបាន​ប្រមូល​មក​ឯ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ឲ្យ​បាន​សុខសុវត្ថិភាព ។ សូម​គូសចំណាំ​ពាក្យ ឬ ឃ្លា​នៅ​ក្នុង ខទី ១–២ ដែល​បង្រៀន​អំពី​សេចក្ដីពិត​នេះ​ថា ៖ ព្រះយេស៊ូវគ្រីស្ទ នឹង​ប្រមូល​យើង​ទាំងអស់​គ្នា​នៅ​ក្រោម​ព្រះពាហុ​នៃ​សេចក្ដីមេត្តា​ករុណា​ទ្រង់ បើ​យើង​ស្ដាប់​តាម​ព្រះ​សូរសៀង​ទ្រង់ បន្ទាបខ្លួន ហើយ​អំពាវ​ដល់​ទ្រង់​ក្នុង​ការអធិស្ឋាន ។ ( សូម​ចងចាំ​ពាក្យ ចូរ​ស្ដាប់​តាម មាន​ន័យ​ថា ស្ដាប់​ដោយ​យកចិត្តទុកដាក់ ហើយ​គោរពប្រតិបត្តិ​តាម ) ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    1. តើ​អ្នក​អាច​ធ្វើ​អ្វី ដើម្បី​ស្ដាប់​តាម​ព្រះសូរសៀង​របស់​ព្រះអម្ចាស់​នា​ពេល​នេះ​ក្នុង​ជីវិត​របស់​អ្នក ? តើ​អ្នក​អាច​ធ្វើ​អ្វី​បាន​ទៀត ?

    2. តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​ខិត​កាន់តែ​ជិត​ព្រះអង្គសង្គ្រោះ ដោយ​ការស្ដាប់តាម​ព្រះសូរសៀង​របស់​ទ្រង់ ឬ តាម​រយៈ​ការអធិស្ឋាន​យ៉ាង​ដូចម្ដេច ?

គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:៥ ចាប់ផ្ដើម​ជាមួយ​ឃ្លា « ចូរ​លើក​ចិត្ត​អ្នក​ឡើង ហើយ​អរសប្បាយ​ចុះ » ។ ( អ្នក​អាច​នឹង​ចង់​គូសចំណាំ​ឃ្លា​ទាំងនេះ នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ) ។ ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា ពួកគេ​គួរតែ​អរសប្បាយ ? តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ចេញ​ពី គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:១–៥ អំពី​មូលហេតុ​ដែល​យើង​អាច​លើក​ចិត្ត​យើង​ឡើង ហើយ​អរសប្បាយ ?

គោលការណ៍​ដែល​យើង​អាច​រៀន​គឺ​ថា ដោយសារ​ព្រះយេស៊ូវគ្រីស្ទ បាន​ធ្វើ​ឲ្យ​ធួន​នឹង​អំពើបាប​ទាំងឡាយ​របស់​យើង និង ជា​ព្រះ​ដ៏​គាំទ្រ​ចំពោះ​ព្រះវរបិតា នោះ​យើង​អាច​លើក​ចិត្ត​យើង​ឡើង ហើយ​អរសប្បាយ ។ អ្នក​អាច​នឹង​ចង់​សរសេរ​សេចក្ដីពិត​នៅ​លើ​គែម​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ ខទី ៥ ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​របៀប​ដែល​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ បាន​នាំ​មក​នូវ​សុភមង្គល និង សេចក្ដីអំណរ​ទៅ​ដល់​ជីវិត​របស់​អ្នក ឬ ជីវិត​របស់​មនុស្ស​ដែល​អ្នក​ស្គាល់ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៦-១៣

ព្រះយេស៊ូវគ្រីស្ទ នឹង​ប្រមូល​អ្នក​ដែល​ទ្រង់​បាន​រើសតាំង ដើម្បី​រៀបចំ​សម្រាប់​ការយាងមក​ជា​លើក​ទី​ពីរ​របស់​ទ្រង់ ។

បន្ទាប់​ពី​យើង​ទទួល​បាន​ទីបន្ទាល់​មួយ​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ហើយ​នោះ យើង​មាន​ទំនួល​ខុសត្រូវ​មួយ​ដើម្បី​ចែកចាយ​ដំណឹង​នេះ​ជាមួយ​មនុស្ស​ដទៃ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:៧–៨ ដោយ​ស្វែងរក​បុគ្គល ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​ឲ្យ​ពួក​អែលឌើរ​ទាំងនេះ ប្រមូល​តាម​រយៈ​ការប្រកាស​ដំណឹងល្អ​របស់​ពួកគេ ។ តើ​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ដូចម្ដេច​អំពី​អ្នក​ដែល​ទ្រង់​បាន​រើស ខទី ៧ ?

  1. សូម​ឆ្លើយ​សំណួរ​ដូច​តទៅនេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ចេញ​ពី​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​អ្នក​ដែល​ព្រះអម្ចាស់​បាន​រើស តើ​អ្នក​អាច​ធ្វើ​អ្វី​នៅ​ក្នុង​ជីវិត​អ្នក ដើម្បី​ក្លាយ​ជា​ម្នាក់​ដែល​ព្រះ​បាន​រើស ?

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:១០–១៣ ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​ថា ទ្រង់​នឹង « សម្ដែង [ ព្រះកាយ​ទ្រង់ ] ពី​ស្ថានសួគ៌ ដោយ​ព្រះចេស្ដា និង សិរីល្អ​ដ៏​ធំ » ( ខទី ១១ ) ឬ យើង​អាច​និយាយ​បាន​ម្យ៉ាងទៀត​ថា ទ្រង់​នឹង​យាង​មក​ពី​ស្ថានសួគ៌​មក​ផែនដី​ម្ដង​ទៀត ហើយ​ទ្រង់​នឹង​សោយរាជ្យ​នៅ​ក្នុង​សេចក្ដីសុចរិត​អស់ ១,០០០ ឆ្នាំ ។ នៅ​ពេល​ទ្រង់​យាង​មក​ម្ដងទៀត ដោយ​មាន​ទាំង​ពួកសាវក​របស់​ទ្រង់​ឈរ « ខាង​ស្ដាំ​ដៃ » ទ្រង់ ( ខទី ១២ ) នោះ​ទ្រង់​នឹង​ជំនុំជម្រះ​រាស្ត្រ​នៅ​លើ​ផែនដី ហើយ​ពួក​សុចរិត​ដែល​បាន​ស្លាប់​ទៅ​នឹង​បាន​រស់ឡើងវិញ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:១៤-២១

ព្រះអម្ចាស់​ពិពណ៌នា​អំពី​ទីសម្គាល់​មួយ​ចំនួន ដែល​នឹង​កើតឡើង​មុន​ការយាង​មក​ជា​លើក​ទីពីរ​របស់​ទ្រង់

ទោះជា​គ្មាន​បុគ្គល​ណា​ម្នាក់​នៅ​លើ​ផែនដី ដឹង​អំពី​ពេលវេលា​នៃ​ការយាង​មក​ជា​លើក​ទី​ពីរ​យ៉ាង​ណា​ក្ដី ក៏​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់​ពី​ទីសម្គាល់ ដែល​នឹង​កើតឡើង​ពី​មុន​ការយាង​មក​ជា​លើក​ទី​ពីរ​ដែរ ដើម្បី​ឲ្យ​ពួក​សុចរិត​អាច​បាន​ត្រៀមខ្លួន​ជា​ស្រេច ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:១៤–២១ រួច​គូសចំណាំ​ព្រឹត្តិការណ៍​មួយ​ចំនួន ដែល​នឹង​កើតឡើង​ពី​មុន​ការយាង​មក​ជា​លើក​ទី​ពីរ ។

  1. សូម​ពិពណ៌នា​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​របៀប​ដែល​ការស្គាល់​ទីសម្គាល់​នានា​នៃ​ការយាង​មក​ជា​លើក​ទី​ពីរ អាច​ជួយ​យើង​ឲ្យ​បន្ត​ស្មោះត្រង់ ។

ការចងចាំ​អំពី​រឿង​ប្រដូច​នៃ​មេមាន់​កៀង​កូន​របស់​វា នឹង​ជួយ​អ្នក​ឲ្យ​យល់​អំពី​សារលិខិត​របស់​ព្រះអង្គសង្គ្រោះ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:១៧ រួច​ស្វែងរក​ការណ៍ ដែល​នឹង​កើតឡើង​ចំពោះ​អ្នក​ដែល​ពុំ​ស្ដាប់​តាម​សេចក្ដី​អំពាវនាវ​របស់​ព្រះអង្គ​សង្គ្រោះ ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:១៧ យើង​រៀន​អំពី​គោលការណ៍​ដែល​ថា បើ​យើង​ពុំ​ប្រែចិត្ត​ទេ​នោះ ព្រះលោហិត​ដ៏​ធួន​របស់​ព្រះអង្គសង្គ្រោះ​នឹង​មិន​សម្អាត​យើង​ឡើយ ។

សូម​ពិចារណា​ថា​តើ​មាន​អ្វី​មួយ​ក្នុង​ជីវិត​អ្នក ដែល​អ្នក​ត្រូវ​ប្រែចិត្ត និង អ្វី​ដែល​អ្នក​ត្រូវតែ​ធ្វើ​ដើម្បី​បាន​ស្អាតស្អំ​ដែរ​ឬ​ទេ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:២២-៣០

សហស្សវត្សរ៍ និង សេចក្តី​ជំនុំជម្រះ​ចុងក្រោយ

បន្ទាប់​ពី​បាន​បង្រៀន​អំពី​ការយាង​មក​ជា​លើក​ទី​ពីរ ព្រះអម្ចាស់​បាន​បង្រៀន​ពួក​បរិសុទ្ធ​អំពី​អ្វី ដែល​នឹង​កើតឡើង​បន្ទាប់​ពី​សហវត្ស ។ សហស្សវត្សរ៍ គឺ​ជា​រយៈពេល​នៃ​សេចក្ដី​សុខសាន្ត ១,០០០ ឆ្នាំ ដែល​នឹង​ចាប់ផ្ដើម​នៅ​ពេល​ព្រះគ្រីស្ទ​យាង​ត្រឡប់​មក​សោយរាជ្យ​ដោយ​ព្រះអង្គ​ទ្រង់​នៅ​លើ​ផែនដី ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:២២-៣០ រួច​ស្វែងរក​អ្វី​ដែល នឹង​កើតឡើង​បន្ទាប់​ពី​សហស្សវត្សរ៍ ។ ( វា​អាច​នឹង​ជួយ​អ្នក​ឲ្យ​ដឹង​ថា មីកែល ជា​មហាទេវតា ដែល​បាន​លើកឡើង​នៅ​ក្នុង ខទី ២៦ គឺ​ជា អ័ដាម [ សូម​មើល គ. និង ស. ១០៧:៥៤ ] ) ។

សូម​ពិចារណា​អំពី​របៀប​ដែល​ការស្គាល់​ពី​សេចក្ដីពិត​ទាំងនេះ អាច​បាន​ជួយ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​កាល​ពី​ជំនាន់​ដំបូង ឲ្យ​បំពេញ​ការហៅ​របស់​ខ្លួន​បាន​កាន់តែ​ប្រសើរ​ឡើង ក្នុង​ការប្រកាស​ដំណឹងល្អ ហើយ​ប្រមូល​អ្នក​ដែល​ទ្រង់​បាន​រើស ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:២៧ ម្ដងទៀត ដោយ​ស្វែងរក​ពរជ័យ​ដែល​បាន​ប្រទាន​ដល់​អស់​អ្នក​ដែល​ត្រូវបាន​ប្រមូល​នៅ​ឯ​ព្រះអង្គសង្គ្រោះ ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ ពាក្យ ឬ ឃ្លា ដែល​បង្រៀន​ពី​គោលការណ៍​នេះ ៖ អស់​អ្នក​ដែល​បាន​រស់នៅ​ដោយ​សុចរិត ហើយ​មក​រក​ព្រះយេស៊ូវគ្រីស្ទ នឹង​ទទួលបាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។

  1. សូម​ពិចារណា​ពី​ទី​ដែល​អ្នក​ឈរ​ក្នុង​ការខិតខំ​របស់​អ្នក ដើម្បី​មក​រក​ព្រះយេស៊ូវគ្រីស្ទ ។ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ខិត​ជិត​ទ្រង់ ? សូម​សរសេរ​ចម្លើយ​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ ។

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:១-៣០ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖