ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១០ ៖ ថ្ងៃ​ទី ២ គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:១-២៩


មេរៀន​ទី ១០ ៖ ថ្ងៃ​ទី ២

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:១-២៩

បុព្វកថា

នៅ​ថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ១៨៣១ មិន​យូរប៉ុន្មាន​បន្ទាប់​ពី​បាន​ទៅ​ដល់​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ ដែល​ឥឡូវ​នេះ​បាន​បញ្ចូល​ទៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:១–៧២ ។ លោក​បាន​ទទួល​ការណែនាំ​បន្ថែម​នៅ​ថ្ងៃ​ទី ២៣ ខែ កុម្ភៈ ( សូមមើល គ. និង ស. ៤២:៧៣-៩៣ ) ។ នៅ​ពេល​ដាក់​បញ្ចូល​ជាមួយ​គ្នា វិវរណៈ​ទាំងនេះ​ត្រូវបាន​ស្គាល់​ថា​ជា « ក្រឹត្យវិន័យ​នៃ​សាសនាចក្រ » ( សូម​មើល សេចក្ដី​ណែនាំ​អំពី​កណ្ឌ​នៃ គ. និង ស. ៤២ ) ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៤២ ត្រូវបាន​បែងចែក​ជា​ពីរ​មេរៀន ។ មេរៀន​នេះ​មាន ខទី ១–២៩ដែល​ផ្ដល់​នូវ​សេចក្ដីណែនាំ​លើ​ការបង្រៀន​ដំណឹងល្អ និង ការចេញ​ក្រឹត្យវិន័យ​ទូទៅ​នៃ​ការប្រព្រឹត្ត​របស់​សមាជិក​សាសនាចក្រ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:១-១០

ព្រះអម្ចាស់​ត្រាស់​ហៅ​ពួកអែលឌើរ ឲ្យ​បង្រៀន​ដំណឹងល្អ ហើយ​ស្ថាបនា​សាសនាចក្រ​ទ្រង់​ឡើង

សូម​គូស​រង្វង់​លើ​ពាក្យ​ខាង​ក្រោម ដែល​អ្នក​គិត​ថា​ប្រើ​ចំពោះ​ក្រឹត្យវិន័យ និង ព្រះបញ្ញត្តិ​របស់​ព្រះ ៖

ភាពតឹងតែង

ពរជ័យ

ពិបាក

ត្រួតត្រា

អំណោយ

ដាក់​កំហិត

រង្វាន់

សេរីភាព

ហេតុអ្វី​បាន​ជា​ពេល​ខ្លះ យើង​គិត​អវិជ្ជមាន​ចំពោះ​ក្រឹត្យវិន័យ និង ព្រះបញ្ញត្តិ​របស់​ព្រះ ? ហេតុអ្វី​បាន​ជា​វា​មាន​សារៈសំខាន់​ដើម្បី​យល់​ថា ក្រឹត្យវិន័យ និង ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់​គឺ​ជា​អំណោយ ឬ ពរជ័យ ? តើ​ការគោរពប្រតិបត្តិ​តាម​ក្រឹត្យវិន័យ និង ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ រំដោះ​យើង​ចេញ​ពី​លទ្ធផល​នៃ​អំពើបាប​យ៉ាង​ដូចម្ដេច ?

នៅ​ពេល​អ្នក​សិក្សា​មេរៀន​ថ្ងៃ​នេះ សូម​ស្វែងរក​របៀប​ដែល​ពួក​បរិសុទ្ធ​ចាត់ទុក ការទទួលយក​ក្រឹត្យវិន័យ​របស់​ព្រះ ហើយ​ពិចារណា​អំពី​លក្ខណៈសម្បត្តិ​ផ្ទាល់ខ្លួន​របស់​អ្នក​ចំពោះ​ព្រះបញ្ញត្តិ ។

ព្រះអម្ចាស់​បាន​បញ្ជា​ពួក​បរិសុទ្ធ​នៅ​រដ្ឋ នូវ យ៉ោក ឲ្យ​ទៅ​រដ្ឋ អូហៃអូ ហើយ​បាន​សន្យា​ថា ទ្រង់​នឹង​ប្រទាន​ក្រឹត្យវិន័យ​ទ្រង់​ដល់​ពួកគេ​បន្ទាប់​ពី​បាន​ទៅ​ដល់​ទី​នោះ ( សូម​មើល គ. និង ស. ៣៨:៣២ ) ។ តាមរយៈ​ការបូជា​ដ៏​ធំ ពួកគេ​បាន​ចាកចោល​ផ្ទះសម្បែង និង ទ្រព្យសម្បត្តិ​របស់​ខ្លួន ហើយ​បាន​គោរពប្រតិបត្តិ​តាម​ការបញ្ជា​ឲ្យ​ទៅ​ប្រមូលផ្ដុំ​គ្នា​នៅ​រដ្ឋ អូហៃអូ ។ ពួកបរិសុទ្ធ​ភាគ​ច្រើន​នៅ​រដ្ឋ នូវ យ៉ោក បាន​គោរពប្រតិបត្តិ​តាម​ការបញ្ជា​ឲ្យ​ទៅ​ប្រមូលផ្ដុំ​គ្នា​នៅ​រដ្ឋ អូហៃអូ ។ បន្ទាប់​ពី​ពួកគេ​បាន​ទៅ​ដល់​ទីក្រុង ខឺត​ឡង់ ពួកអែលឌើរ​ចំនួន ១២ នាក់ បាន​មក​ជួប​ព្យាការី យ៉ូសែប ស៊្មីធ ហើយ​បាន​អំពាវនាវ​ដល់​ព្រះអម្ចាស់ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:១–៣ដោយ​ស្វែងរក​មូលហេតុ ដែល​ពួក​អែលឌើរ​នៃ​សាសនាចក្រ​បាន​មក​ជួបជុំ​គ្នា ។

ពួក​អែលឌើរ​ទាំងនេះ​បាន​មក​ជួបជុំ​គ្នា ព្រោះ​ពួកគាត់​ត្រូវ​បាន​បញ្ជា​ឲ្យ​ធ្វើ​ដូច្នោះ ដើម្បី​ព្រះអម្ចាស់​អាច​ប្រទាន​ក្រឹត្យវិន័យ​ដល់​ពួកគាត់ ។ សេចក្ដី​ណែនាំ​ដំបូង​ពី​ព្រះអម្ចាស់​ដល់​ពួកគាត់ គឺ​ពួកគាត់​ត្រូវ​ចេញ​ទៅ​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ពីរ​នាក់ៗ ដើម្បី​ចែកចាយ​ដំណឹងល្អ ស្ថាបនា​សាសនាចក្រ​ឡើង​ក្នុង​គ្រប់​ទាំង​ភូមិភាគ ដែល​ពួកគាត់​ត្រូវ​បាន​ហៅ​ឲ្យ​ទៅ ដរាប​ដល់​មនុស្ស​ទាំងអស់​បាន​ប្រមូលគ្នា​តែ​មួយ ( សូម​មើល គ. និង ស. ៤២:៤–១០ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:១១-១៧

ព្រះអម្ចាស់​ចេញ​គោលការណ៍​នៃ​ការបង្រៀន​ដំណឹងល្អ

សូម​ស្រមៃ​ថា​អ្នក​កំពុង​អង្គុយ​នៅ​ក្នុង​សាលា​ជំនុំ រង់ចាំ​ការប្រជុំ​សាក្រាម៉ង់​ចាប់ផ្ដើម ។ ពុំ​មាន​វត្តមាន​សមាជិក​ក្នុង​គណៈប៊ីស្សព ឬ គណៈប្រធាន​សាខា​នៅ​ទី​នោះ​ឡើយ ។ មាន​មនុស្ស​ម្នាក់​នៅ​ក្នុង​ក្រុមជំនុំ​ក្រោក​ឈរ​ឡើង ហើយ​ពន្យល់​ថា គាត់​ចង់​បន្ត​ការហៅ​មួយ​ចំនួន ហើយ​បង្រៀន​អំពី​គោលលទ្ធិ​ថ្មី​ខ្លះៗ ដែល​បាន​បើកសម្ដែង​ដល់​គាត់ ។ តើ​អ្នក​នឹង​គិត​ដូចម្ដេច​ចំពោះ​ស្ថានភាព​នេះ ? ហេតុអ្វី ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:១១រួច​ស្វែងរក​អ្វី​ដែល​ត្រូវ​ធ្វើ ពីមុន​បុគ្គល​ម្នាក់​អាច​ផ្សាយ​ដំណឹងល្អ ឬ ស្ថាបនា​សាសនាចក្រ​ឡើង ក្នុង​នាម​ជា​អ្នក​តំណាង​ជា​ផ្លូវការ​នៃ​សាសនាចក្រ ។ សេចក្ដី​ណែនាំ​អំពី​ការតែងតាំង​នេះ ពុំ​គ្រាន់តែ​អនុវត្ត​ចំពោះ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​អនុវត្ត​ចំពោះ​អ្នក​ដែល​ត្រូវបាន​ញែក​ចេញ​ឲ្យ​បង្រៀន ហើយ​ដឹកនាំ​ក្នុង​សាសនាចក្រ​ដែរ ។ អ្នក​អាច​នឹង​គូសចំណាំ​ពាក្យ ឬ ឃ្លា​នៅ​ក្នុង​ខគម្ពីរ​នេះ ដែល​បង្រៀន​អំពី​គោលការណ៍​ដូចតទៅ​នេះ ៖ អ្នក​ទាំងឡាយ​ណា​ដែល​បង្រៀន ហើយ​ស្ថាបនា​សាសនាចក្រ​ឡើង ត្រូវបាន​ហៅ​ដោយ​ព្រះ និង ត្រូវបាន​តែងតាំង ឬ ញែកចេញ​ដោយ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ដែល​ទទួល​បាន​សិទ្ធិ​អំណាច ។

សូម​គិត​អំពី​របៀប​ដែល​ការអនុវត្ត​នៃ​ការប្រកាស​ជា​សាធារណៈ និង ការគាំទ្រ​ដល់​ថ្នាក់​ដឹកនាំ​សាសនាចក្រ និង ដល់​សមាជិក​ក្នុង​ការហៅ​របស់​ខ្លួន អាច​បំពេញ​តាម​ការបង្គាប់​បញ្ជា​របស់​ព្រះអម្ចាស់ ដែល​ថា​សិទ្ធិអំណាច​របស់​ពួកគេ « បាន​ស្គាល់​ដោយ​សាសនាចក្រ » ( គ. និង ស. ៤២:១១ សូម​មើល គ. និង ស. ២៨:១៣ ) ។ តើ​ការណ៍​នេះ​ធ្វើ​ឲ្យ​សាសនាចក្រ​មាន​សណ្ដាប់ធ្នាប់ ហើយ​ការពារ​យើង​ឲ្យ​មាន​សុវត្ថិភាព​ពី​ការបំភាន់​យ៉ាង​ដូចម្ដេច ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:១២–១៣រួច​គូសចំណាំ​ការទទួលខុសត្រូវ​ទាំងឡាយ ដែល​ត្រូវបាន​ប្រទាន​ដល់​អ្នក ដែល​បង្រៀន ហើយ​ដឹកនាំ​ក្នុង​សាសនាចក្រ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. យោងតាម គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:១២ តើ​គ្រូ​បង្រៀន​នៅ​ក្នុង​សាសនាចក្រ បង្រៀន​អំពី អ្វី ?

    2. យោងតាម ខទី ១៣ តើ​ពួកគេ​បង្រៀន​តាម របៀប​ណា ?

  2. សូម​កត់ចំណាំ​ឃ្លា « ធ្វើតាម​សេចក្តីសញ្ញា និង មាត្រា​ទាំងឡាយ​នៃ​សាសនាចក្រ » នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:១៣ ។ សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​មូលហេតុ​ដែល​វា​មាន​សារៈសំខាន់​ចំពោះ​គ្រូ​បង្រៀន និង ថ្នាក់ដឹកនាំ​សាសនាចក្រ ដែល​ពួកគាត់​ត្រូវ​រស់នៅ​ស្រប​ទៅ​តាម​អ្វី​ដែល​ពួកគាត់​បង្រៀន ។ តើ​ជីវិត​អ្នក ឬ ជីវិត​មនុស្ស​ណា​ម្នាក់​ដែល​អ្នក​ស្គាល់ ធ្លាប់​មាន​ពរ​នៅ​ដោយសារតែ​គ្រូបង្រៀន ឬ អ្នក​ដឹកនាំ​បាន​រស់នៅ​តាម​គោលលទ្ធិ និង គោលការណ៍ ដែល​គាត់​បាន​បង្រៀន​យ៉ាង​ដូចម្ដេច ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:១៤ រួច​ស្វែងរក​អ្វី ដែល​អ្នក​បង្រៀន​គប្បី​ធ្វើ ដើម្បី​ទទួល​បាន​ការដឹកនាំ​ពី​ព្រះវិញ្ញាណ ។ បន្ទាប់​មក សូម​បញ្ចប់​គោលការណ៍​ដូចតទៅ​នេះ ៖ បើ​យើង នោះ​យើង​អាច​ទទួល​បាន​ព្រះវិញ្ញាណ ជួយ​យើង​ឲ្យ​បង្រៀន​ដល់​មនុស្ស​ដទៃ ទៀត ។ ( អ្នក​អាច​នឹង​ចង់​គូសចំណាំ​ពាក្យ​ដែល​មាន​នៅ​ក្នុង​ខគម្ពីរ ដែល​បង្រៀន​អំពី​គោលការណ៍​នេះ ឬ សរសេរ​គោលការណ៍​នេះ​នៅ​លើ​គែម​ព្រះគម្ពីរ​របស់​អ្នក ) ។

គោលការណ៍​មួយ​ទៀត​ដែល​មាន​បង្រៀន​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:១៤ គឺ បើ​យើង​ពុំ​មាន​ព្រះវិញ្ញាណ​ទេ នោះ​យើង​នឹង​មិន​បង្រៀន​ឡើយ ។

ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​អំពី​មូលហេតុ​វា​មាន​សារៈសំខាន់ ដែល​ត្រូវ​មាន​ព្រះវិញ្ញាណ​នៅ​ពេល​អ្នក​រៀន ហើយ​បង្រៀន​ដំណឹងល្អ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:១៦–១៧ រួច​ស្វែងរក​អ្វី ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ទ្រង់​ជ្រាប ហើយ​ធ្វើ ។ វាក្យសព្ទ ព្រះ​ដ៏​ជា​ជំនួយ ដែល​ត្រូវបាន​ប្រើ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ គឺ​ជា​ព្រះនាម​មួយ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ។ នៅ​ក្នុង​ចន្លោះ​ដែល​ផ្ដល់​ឲ្យ សូម​បញ្ចប់​ការបង្រៀន​ដែល​ជា​គោលការណ៍​ចេញ​ពី ខទី ១៧ ដូច​តទៅនេះ ៖ ព្រះវិញ្ញាណ​បរិសុទ្ធ​ទ្រង់​ជ្រាប ហើយ​ធ្វើ​ទីបន្ទាល់​ពី  ។

យោង​តាម​សេចក្ដីពិត​នេះ តើ​ព្រះវិញ្ញាណ​បរិសុទ្ធ អាច​ជួយ​អ្នក​បង្រៀន​យ៉ាង​ដូចម្ដេច ?

ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធ​ជ្រាប​គ្រប់​ទាំងអស់ នោះ​ទ្រង់​ជ្រាប​ពី​អ្វី ដែល​យើង​ទាំងអស់​គ្នា​ធ្លាប់​មាន​បទពិសោធន៍ និង ត្រូវការ​ក្នុង​ជីវិត​យើង ។ អ្នក​ទាំងឡាយ​ណា​ដែល​បង្រៀន ថ្លែងទីបន្ទាល់ ឬ ពន្យល់​អំពី​សេចក្ដីពិត​នៃ​ដំណឹងល្អ តាមរយៈ​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ អាច​ត្រូវ​បាន​ដឹកនាំ​ទៅ​ជួយ​មនុស្ស​ដទៃ ឲ្យ​ទទួល​បាន​អ្វី ដែល​ព្រះអម្ចាស់​ទ្រង់​ជ្រាប​ថា​ពួកគេ​ត្រូវការ ។

  1. សូម​ពិពណ៌នា​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​គ្រា​មួយ​ដែល​អ្នក​បាន​ទទួល​អារម្មណ៍​ពី​អានុភាព​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅ​ពេល​អ្នក​បង្រៀន ចែកចាយ ពន្យល់ ឬ ថ្លែងទីបន្ទាល់​អំពី​ដំណឹងល្អ ។ សូម​សរសេរ​ផងដែរ​អំពី​ពេល​ដែល​អ្នក​បាន​ទទួល​អារម្មណ៍​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​ថ្លែងទីបន្ទាល់​ទៅ​កាន់​អ្នក​អំពី​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ។ ប្រសិនបើ​អ្នក​ពុំ​ប្រាកដ​ថា អ្នក​ធ្លាប់​មាន​បទពិសោធន៍​បែប​នេះ​ទេ​នោះ សូម​សួរ​សមាជិក​គ្រួសារ ឬ មិត្ត​ភក្ដិ​របស់​អ្នក​អំពី​បទពិសោធន៍​ដែល​ពួកគេ​បាន​ទទួល​អារម្មណ៍​ពី​អានុភាព​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ រួច​សរសេរ​អំពី​អ្វី​ដែល​អ្នក​រៀន​ចេញ​ពី​ដំណើររឿង​របស់​បុគ្គល​នោះ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:១៨-២៩

ព្រះអម្ចាស់​ប្រទាន​ក្រឹត្យវិន័យ និង ព្រះបញ្ញត្តិ​ដល់​សមាជិក​សាសនាចក្រ

បន្ទាប់​ពី​ព្រះអម្ចាស់ បាន​ប្រទាន​សេចក្ដីណែនាំ​ស្ដីពី​ការបង្រៀន​នៅ​ក្នុង​សាសនាចក្រ​ហើយ ទ្រង់​បាន​បើកសម្ដែង​ក្រឹត្យវិន័យ និង ព្រះបញ្ញត្តិ​ទាំងឡាយ ដែល​អនុវត្ត​ចំពោះ​សមាជិក​សាសនាចក្រ​ទាំងអស់​គ្នា ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:១៨-២៩ រួច​ស្វែងរក​ព្រះបញ្ញត្តិ​ទាំងឡាយ ដែល​បាន​បង្រៀន​នៅ​ក្នុង​ខគម្ពីរ​ទាំងនោះ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​នូវ​អ្វី​ដែល​អ្នក​រកឃើញ ។

ទោះជា ខទី ១៩ ថ្លែង​ថា « អ្នក​ណា​ដែល​សម្លាប់ នោះ​នឹង​ត្រូវ​ស្លាប់ » យ៉ាងណា​ក្ដី ក៏ ខទី ៧៩ ជួយ​ឲ្យ​យើង​យល់​ថា ឃាតករ​សម្លាប់​គេ នឹង​ត្រូវ​បញ្ជូន​ទៅ​អាជ្ញាធរ​ក្នុង​ស្រុក « កាត់ក្ដី​តាម​ច្បាប់​ទាំងឡាយ​នៃ​ប្រទេស » ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:២០–២៨ ត្រូវ « បណ្ដេញ​ចេញ » មាន​ន័យ​ថា ត្រូវ​កាត់​កាល​ចេញ ឬ ដក​សមាជិកភាព​របស់​បុគ្គល​ម្នាក់​ចេញ​ពី​សាសនាចក្រ ។ ទោះជា​ខគម្ពីរ​ទាំងនេះ​បង្រៀន​ថា ការកាត់​កាល​ចេញ គឺ​អនុវត្ត​ចំពោះ​អ្នក​ដែល​នឹង​មិន​ប្រែចិត្ត ក៏​លទ្ធផល​នៃ​ការកាត់​កាល​ចេញ​ចំពោះ​អំពើបាប​ធ្ងន់ធ្ងរ​ខ្លះ អាច​ជា​ផ្នែក​នៃ​ដំណើរការ​នៃ​ការប្រែចិត្ត​ដល់​បុគ្គល​មួយ​ចំនួន​ដែល​បន្ទាបខ្លួន ប្រែចិត្ត ដែល​ស្វែងរក​ការអភ័យទោស​ចំពោះ​អំពើបាប​ខ្លួន​ដែរ ។ ទង្វើ​លត់ដំ​ក្នុង​សាសនាចក្រ គឺ​ដើម្បី​ការពារ​សមាជិក​សាសនាចក្រ និង ដើម្បី​ជួយ​អ្នក​ប្រព្រឹត្ត​បាប​ឲ្យ​ប្រែចិត្ត ហើយ​ទទួលបាន​ពរជ័យ​ពី​ដង្វាយធួន​នៃ​ព្រះអង្គសង្គ្រោះ ។

  1. ដើម្បី​បង្កើន​ការយល់ដឹង​អំពី​គោលការណ៍​មួយ​ចំនួន ដែល​មាន​បង្រៀន​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:១៨–២៩ សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​មនុស្ស​សព្វថ្ងៃ​នេះ​ត្រូវ​បាន​ល្បួង​ឲ្យ​លួច​ប្លន់ ? តើ​អ្នក​គិត​ថា អ្វី​ដែល​អាច​ជួយ​បុគ្គល ដែល​ជា​ញឹកញាប់​ត្រូវ​បាន​ល្បួង​ឲ្យ​លួច​ប្លន់​នោះ ?

    2. ទម្រង់​មួយ​នៃ​ការកុហក គឺ​ការ​បន្លំ ។ តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ការកុហក និង ការបន្លំ​គឺ​ជា​អំពើបាប​ធ្ងន់ធ្ងរ ?

    3. ដោយ​គិត​អំពី​បទពិសោធន៍​ដែល​អ្នក​មាន ហេតុអ្វី​បាន​ជា​ការពោល​ពាក្យ​អាក្រក់​អំពី​មនុស្ស​ដទៃ​គឺ​ជា​ទង្វើ​ខុសឆ្គង និង ធ្វើ​ឲ្យ​មាន​ទុក្ខទោស ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:២២–២៣ រួច​គូសចំណាំ​ពាក្យ​ទាំងឡាយ ដែល​បង្រៀន​អំពី​គោលការណ៍​នេះ ៖ បើ​យើង​មាន​តម្រេក​សម្រើប​ចង់​បាន​បុគ្គល​ណា​មួយ នោះ​យើង​នឹង​បោះបង់​ចោល​សេចក្ដីជំនឿ ហើយ​នឹង​មិន​មាន​ព្រះវិញ្ញាណ​ឡើយ ។

តម្រេក​សម្រើប​ពុំ​មែន​ជា​សេចក្ដីស្រឡាញ់​នោះ​ទេ ។ បុគ្គល​ដែល​មាន​តម្រេក​សម្រើប​ចង់​បាន​នរណា​ម្នាក់​នោះ គឺ​ជា​បុគ្គល​ដែល​ខ្វល់ខ្វាយ​តែ​ពី​ការបំពេញ​តាម​កិលេស​របស់​ខ្លួន​យ៉ាង​អាត្មានិយម​បំផុត ។ បុគ្គល​ទាំងនោះ​ចាត់ទុក​មនុស្ស​ដទៃ​ថា​ជា​វត្ថុ ហើយ​ពុំ​អាច​គ្រប់គ្រង​ខ្លួនឯង​បាន ។ តម្រេក​សម្រើប​កែប្រែ និង ធ្វើ​ឲ្យ​ខុស​ពី​ភាព​ដើម​នូវ​របៀប​ដែល​អ្នក​ចាត់ទុក​មនុស្ស​ដទៃ ។ វា​បណ្ដាល​ឲ្យ​អ្នក​បាត់បង់​ការដឹកនាំ​ពី​ព្រះវិញ្ញាណ ហើយ​អាច​បំផ្លាញ​លទ្ធភាព​របស់​អ្នក​ក្នុង​ការមាន​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​មនុស្ស​ដទៃ ជា​ពិសេស​អនាគត​ភរិយា/ស្វាមី​របស់​អ្នក ។ វា​កំណត់​ពី​លទ្ធភាព​របស់​អ្នក ក្នុង​ការមាន​អារម្មណ៍​ពី​សេចក្តី​ស្រឡាញ់​ដ៏​ពិត​ប្រាកដ ។ តម្រេក​សម្រើប​បង្ហាញ​ពី​កង្វះ​សេចក្ដីជំនឿ​លើ​ព្រះ ហើយ​ប្រឆាំង​នឹង​អ្វី​ដែល​ទ្រង់​រំពឹង​ឲ្យ​យើង​ចាត់ទុក​មនុស្ស​ដទៃ ។

របៀប​មួយ​ដែល​តម្រេក​សម្រើប រាលដាល​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ ការណ៍​អាសគ្រាម ។ អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ព្រមាន​ថា ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« ​រូបអាសគ្រាម​បណ្ដាល​ឲ្យ​លទ្ធភាព​របស់​បុគ្គល​ម្នាក់ ចុះ​អន់ថយ​ក្នុង​ការរីករាយ​នឹង​ទំនាក់ទំនង​ខាង​អារម្មណ៍ ខាង​មនោសញ្ចេតនា និង ខាង​វិញ្ញាណ​ជាមួយ​នឹង​មនុស្ស​ភេទ​ផ្ទុយ​គ្នា ។…

« ការណ៍​អាសគ្រាម ក៏​ធ្វើឲ្យ​ញៀន​ផងដែរ ។ វា​ធ្វើ​ឲ្យ​លទ្ធភាព​នៃ​ការសម្រេចចិត្ត​ចុះ​អន់ថយ ហើយ​វា ‹ ចាប់ › អ្នក​ដែល​បើក​មើល​វា ដោយ​ធ្វើ​ឲ្យ​ពួកគេ​ចេះ​តែ​រវើរវាយ​ទៅៗ ។…

« ចូរ​ធ្វើ​អ្វី​ទាំងអស់ ដែល​អ្នក​អាច​ធ្វើ​ទៅ​បាន ដើម្បី​ចៀសវាង​ពី​ការណ៍​អាសគ្រាម ។ បើ​អ្នក​ឃើញ​ថា ខ្លួន​អ្នក​ស្ថិត​នៅ​ក្នុង​ចំណោម​ការណ៍​អាសគ្រាម—ដែល​អាច​កើតឡើង​ចំពោះ​មនុស្ស​គ្រប់​រូប​លើ​ពិភពលោក ដែល​យើង​រស់នៅ​នោះ—សូម​ធ្វើតាម​គំរូ​របស់ យ៉ូសែប ដែល​នៅ​ស្រុក អេហ្ស៊ីប ។ កាល​ការល្បួង​បាន​ធ្វើ​ឲ្យ​គាត់​ត្រូវ​បានជាប់​នៅ​ក្នុង​កណ្ដាប់​ដៃ​នាង គាត់​បាន​គេច​ចេញ​ពី​ការល្បួង ហើយ​បាន ‹ រត់​ចេញ​ទៅ​ក្រៅ​ទៅ › ( លោកុប្បត្តិ ៣៩:១២ ) ។

« ចូរ​កុំ​បំពេញ​តាម​តម្រូវចិត្ត​នៃ​ការល្បួង​គ្រប់​កម្រិត​ណា​ឲ្យ​សោះ ។ ចូរ​ទប់ស្កាត់​កុំ​ឲ្យ​មាន​អំពើបាប ហើយ​ចៀសវាង​ពី​ការពាក់ព័ន្ធ​ទៅ​នឹង​សេចក្ដីបំផ្លិចបំផ្លាញ​ដែល​ចៀស​មិន​រួច​របស់​វា ។ ដូច្នេះ ចូរ​បិទ​វា​ចោល​ទៅ ! សម្លឹង​មើល​ទៅ​ឲ្យ​ឆ្ងាយ ! ចូរ​ចៀសវាង​ពី​គ្រប់​រូបភាព​ទាំងអស់ ។ ចូរ​ដឹកនាំ​គំនិត​របស់​អ្នក ឲ្យ​ទៅ​តាម​មាគ៌ា​ដ៏​ត្រឹមត្រូវ ។…

« …ចូរ​កុំ​គាំទ្រ​ការណ៍​អាសគ្រាម ។ ចូរ​កុំ​ប្រើប្រាស់​ឥទ្ធិពល​នៃ​ការជួញដូរ​របស់​អ្នក មក​គាំទ្រ​ការបន្ទាបបន្ថោក​ខាង​សីលធម៌​ឲ្យ​សោះ ។ ចំណែក​ឯ​ក្រុម​យុវនារី សូម​យល់​ថា ប្រសិនបើ​ប្អូនៗ​ស្លៀកពាក់​ពុំ​សមរម្យ មាន​ន័យ​ថា ប្អូនៗ​កំពុង​តែ​ចូលដៃ​ក្នុង​បញ្ហា​នេះ ដោយ​ប្រព្រឹត្ត​ការណ៍​អាសគ្រាម​ទៅ​កាន់​បុរស​មួយ​ចំនួន ដែល​មើល​មក​ប្អូនៗ » ( Pornography,” Ensignលីអាហូណាខែ ឧសភា ឆ្នាំ ២០០៥ ទំព័រ ៨៩–៩០ ) ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នូវ​កថាខណ្ឌ​មួយ ដែល​ពិពណ៌នា​អំពី​អ្វី ដែល​អ្នក​អាច​ធ្វើ ដើម្បី​ពង្រឹង​ខ្លួន​អ្នក​ប្រឆាំង​នឹង​ការល្បួង​នៃ​តម្រេក​សម្រើប ។ សូម​បញ្ចូល​ហេតុផល​នានា​ទៅ​ក្នុង​កថាខណ្ឌ​របស់​អ្នក​អំពី​មូលហេតុ​ដែល​អ្នក​គិត​ថា ព្រះបញ្ញត្តិ​នេះ​មាន​សារៈសំខាន់ ។ ( អ្នក​អាច​សិក្សា​ប្រធានបទ « ព្រហ្មចារីភាព » នៅ​ក្នុង​សៀវភៅ ពិត​ចំពោះ​សេចក្ដីជំនឿ ៖ ឯកសារ​យោង​នៃ​ដំណឹងល្អ [ ឆ្នាំ ២០០៤ ] សម្រាប់​យោបល់​បន្ថែម ) ។

ដើម្បី​បញ្ចប់​មេរៀន​នេះ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:២៩ រួច​ស្វែងរក​គោលការណ៍​ដែល​បាន​បង្រៀន​នៅ​ក្នុង​ខគម្ពីរ​នេះ ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ថា​តើ​អ្នក​គិត​ថា ការគោរព​តាម​ក្រឹត្យវិន័យ និង ព្រះបញ្ញត្តិ​របស់​ព្រះ បង្ហាញ​សេចក្ដីស្រឡាញ់​របស់​អ្នក​ចំពោះ​ទ្រង់​យ៉ាង​ដូច​ម្ដេច ។ តើ​ការគោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ បាន​នាំ​ឲ្យ​អ្នក​ខិត​ទៅ​កាន់តែ​ជិត​ព្រះ​យ៉ាង​ដូចម្ដេច ?

នៅ​អំឡុង​សប្ដាហ៍​ក្រោយ សូម​បង្ហាញ​សេចក្ដីស្រឡាញ់​ចំពោះ​ព្រះ​ឲ្យ​បាន​កាន់តែ​ច្រើន តាមរយៈ​ការខិតខំ​គោរពប្រតិបត្តិ​តាម​ក្រឹត្យវិន័យ ឬ ព្រះបញ្ញត្តិ​របស់​ទ្រង់​ណា​មួយ ឲ្យ​បាន​កាន់តែ​ប្រសើរ​ជាង​មុន ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:១-២៩ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖