ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២៥ ៖ ថ្ងៃទី ៣ គោលលទ្ធិ និង សេចក្តីសញ្ញា ១១៥-១៦


មេរៀន​ទី ២៥ ៖ ថ្ងៃទី ៣

គោលលទ្ធិ និង សេចក្តីសញ្ញា ១១៥-១៦

បុព្វកថា

នៅថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ១៨៣៨ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ទទួលវិវរណៈ ដែល​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៥ ។ នៅ​ក្នុង​នោះ ព្រះអម្ចាស់​បាន​បើក​សម្ដែង​ឈ្មោះ​របស់​សាសនាចក្រ និង​បាន​បញ្ជា​ពួក​បរិសុទ្ធ​ឲ្យ « ក្រោក​ឡើង ហើយ​បញ្ចាំង​ពន្លឺ​ចេញ​ទៅ » ( គ និង ស ១១៥:៥ ) ហើយ​បាន​បើក​សម្ដែង​ព្រះទ័យ​ទ្រង់​ទាក់ទង​នឹង​ព្រះវិហារ​បរិសុទ្ធ​នៅ​ក្នុង​ភូមិ​ហ្វាវេសត៍ ។ នៅ​ថ្ងៃ​ទី ១៩ ខែ ឧសភា ឆ្នាំ ១៨៣៨ ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈ​ដែល​មាន​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៦ដែល​ប្រាប់​ពី​កន្លែង​មួយ​ដែល​ហៅថា ស្ព្រឹង ហិល រដ្ឋ មិសសួរី ជា​កន្លែង អ័ដាម-អុនដៃ-អាម៉ាន ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៥:១-៦

ព្រះអម្ចាស់​បញ្ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ទ្រង់​ឲ្យ « ក្រោក​ឡើង ហើយ​បញ្ចាំង​ពន្លឺ​ចេញ​ទៅ »

តើ​អ្នក​ស្គាល់​ឈ្មោះ​ក្រុមហ៊ុន ឬ​ឈ្មោះ​អង្គការ​អ្វី​ខ្លះ ? តើ​ឈ្មោះ​របស់​អង្គការ​ទាំងនេះ មានន័យ​យ៉ាងណា ? តើ​នរណា​ដឹកនាំ​អង្គការ​ទាំងនេះ ? តើ​អង្គការ​ទាំង​នេះ​ធ្វើ​អ្វី​ខ្លះ ?

សូម​គិត​ពី​ឈ្មោះ និង​រូបសញ្ញា​របស់​សាសនាចក្រ ។ នៅពេល​អ្នក​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១១៥សូម​រកមើល​ថាតើ​ឈ្មោះ​របស់​សាសនាចក្រ​ប្រាប់​ថា នរណា​ជា​អ្នក​ដឹកនាំ​សាសនាចក្រ និង​ប្រាប់​អ្វី​ពី​សាសនាចក្រ​ផ្ទាល់ ។

រូបភាព
ស្លាក​សញ្ញា​សាសនាចក្រ

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៥:១-៣ ប្រាប់​យើង​ថា​វិវរណៈ​នេះ ត្រូវ​បាន​ប្រទាន​តាម​រយៈ យ៉ូសែប ស៊្មីធ ដល់​សមាជិក​សាសនាចក្រ​ទាំងអស់ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១៥:៤រកមើល​ឈ្មោះ​ដែល​ព្រះអម្ចាស់ បាន​រើស​សម្រាប់​សាសនាចក្រ​របស់​ទ្រង់ ។

សូម​មើល​ពាក្យ​នីមួយៗ​នៅ​ក្នុង​ឈ្មោះ​នៃ​សាសនាចក្រ​ដោយ​ប្រុងប្រយ័ត្ន ហើយ​គិត​អំពី​មូលហេតុ​ដែល​ពាក្យ​នីមួយៗ​មាន​សារៈសំខាន់ ។

សូម​អាន​ការ​ពន្យល់​ដូច​ខាងក្រោយ​ដោយ​អែលឌើរ អិម រ័សុល បាឡឺដ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ អិម រ័សុល បាឡឺដ

« ខ្ញុំ​បាន​គិត​ជា​ច្រើន​អំពី​មូលហេតុ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឈ្មោះ​ដែល​មាន​ប្រាំបួន​ពាក្យ​ដល់​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ទ្រង់ ។ វា​ហាក់​ដូច​ជា​វែង ប៉ុន្តែ​បើ​យើង​គិត​ពី​វា​ជា​ទិដ្ឋិភាព​ពិពណ៌នា​ទូទៅ​ពី​សាសនាចក្រ នោះ​វា​ខ្លី ត្រង់ និង​ច្បាស់ចំៗ ។ តើ​មាន​ការ​រៀបរាប់​ណា​ទៀត​ដែល​ចំ និង​ច្បាស់ ប៉ុន្តែ​បញ្ជាក់​ន័យ​តែ​ត្រឹម​ពាក្យ​បីបួន​ម៉ាត់​ដូច​ពាក្យ​ទាំងនេះ ?

« ពាក្យ​នីមួយៗ​ច្បាស់ ហើយ​សំខាន់ ។ ពាក្យ សាសនាចក្រ បញ្ជាក់​ពី​គោលជំហរ​តែមួយ​របស់​សាសនាចក្រ​ដែល​បាន​ស្ដារឡើង​វិញ នៅ​ក្នុង​ចំណោម​សាសនា​ជាច្រើន​នៅ​លើ​ពិភពលោក ។

« ពាក្យ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទប្រកាស​ថា វា​ជា​សាសនាចក្រ​របស់​ទ្រង់ ។…

«នៃ​ថ្ងៃ​ចុងក្រោយ ពន្យល់​ថា វា​ជា​សាសនាចក្រ​តែមួយ​នឹង​សាសនាចក្រ​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្កើត​ឡើង​ក្នុង​ពេល នៃ​ការ​គ្រប់គ្រង​ខាង​សាច់ឈាម​របស់​ទ្រង់ ហើយ​ត្រូវ​បាន​ស្ដារឡើងវិញ​នៅ​ថ្ងៃ​ចុងក្រោយ​នេះ ។…

ពួកបរិសុទ្ធមាន​ន័យ​ថា សមាជិក​សាសនាចក្រ​ធ្វើ​តាម​ទ្រង់ ហើយ​ព្យាយាម​ធ្វើ​តាម​ព្រះទ័យ​ទ្រង់ រក្សា​ព្រះបញ្ញត្តិ​ទ្រង់ ហើយ​រៀបចំ​ខ្លួន​ម្ដង​ទៀត ដើម្បី​រស់នៅ​ជាមួយ​ទ្រង់ និង​ព្រះវរបិតាសួគ៌​យើង​នៅ​ពេល​អនាគត ។ ពួក​បរិសុទ្ធសំដៅ​យ៉ាង​សាមញ្ញ​លើ​អស់​អ្នក​ណា​ដែល​ព្យាយាម​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្លួន​បរិសុទ្ធ​ដោយ​ចុះ​សេចក្តី​សញ្ញា​ធ្វើ​តាម​ព្រះគ្រីស្ទ » (The Importance of a Name » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៨០ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​សេចក្ដី​ពិត​អ្វី​ខ្លះ ដែល​បង្ហាញ​ដោយ​ឈ្មោះ​នៃ​សាសនាចក្រ ?

    2. តើ​នរណា​គឺ​ជា​អ្នក​ដឹកនាំ​សាសនាចក្រ ? តើ​ទ្រង់​បាន​បញ្ជា និង​បំផុស​គំនិត​នរណា​នៅ​លើ​ផែនដី​ឲ្យ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១៥:៥ ដោយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​រំពឹង​ពី​អ្នក ដែល​នៅ​ក្នុង​សាសនាចក្រ​របស់​ទ្រង់ ។

  1. សូម​ឆ្លើយ​នឹង​សំណួរ​ដូច​ខាងក្រោម​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ តើ​អ្នក​គិត​ថា « ក្រោក​ឡើង ហើយ​បញ្ចាំង​ពន្លឺ​ចេញ​ទៅ » ( គ និង ស.​១១៥:៥ ) មាន​ន័យ​ដូចម្ដេច ?

តើ​ពរជ័យ​អ្វីខ្លះ​នឹង​កើត​មាន​នៅពេល​សមាជិក​នៃ​សាសនាចក្រ​ធ្វើ​តាម​ឱវាទ​របស់​ព្រះអម្ចាស់​ឲ្យ​ក្រោក​ឡើង ហើយ​បញ្ចាំង​ពន្លឺ​ចេញ​ទៅ ? ដើម្បី​ឆ្លើយ​សំណួរ​នេះ សូម​ប្រើ ខទី ៥ ដើម្បី​ជួយ​អ្នក​ឲ្យ​បំពេញ​ឃ្លា​ខាង​ក្រោម ៖ បើ​យើង​ក្រោក​ឡើង ហើយ​បញ្ចាំង​ពន្លឺ​ចេញ​ទៅ . សូម​ពិចារណា​អំពី​ការ​ធ្វើ​គោលការណ៍​នៅ​ក្នុង ខ ៥ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ពន្លឺ ឬ​គំរូ​របស់​យើង អាច​ក្លាយ​ជា « បមាណីយ​ដល់​សាសន៍​នានា » មាន​ន័យ​យ៉ាងណា (គ. និង ស. ១១៥:៥ ) ? ( នៅពេល​អ្នក​ឆ្លើយ​សំណួរ​នេះ វា​អាច​មាន​ប្រយោជន៍​ក្នុង​ការ​ដឹង​ថា បមាណីយ គឺ​ជា​ទង់ ឬ​បដា​ដែល​ធ្វើ​ជា​ចំណុច​រួបរួម ឬ​ជា​និមិត្តរូប​បំផុស​គំនិត ) ។

    2. តើ​ការធ្វើ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះអង្គសង្គ្រោះ​ឲ្យ​ក្រោកឡើង ហើយ​បញ្ចាំង​ពន្លឺ​ចេញ​ទៅ ទាក់ទាញ​អ្នក​ដទៃ​មក​កាន់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ ដូចម្ដេច ?

ប្រធាន ជែមស៍ អ៊ី ហ្វោស្ដ នៃ​គណៈប្រធាន​ទីមួយ បាន​ចែកចាយ​រឿង​ដូច​ខាងក្រោម​ពី​សមាជិក​សាសនាចក្រ​ម្នាក់ ដែល​ធ្វើ​តាម​គោលការណ៍​នេះ ៖

រូបភាព
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

« ជា​ច្រើន​ឆ្នាំ​មុន ខនស្ទែន ជា​និសិត្ស​គិលានុបដ្ឋា​ម្នាក់​ត្រូវ​បាន​ចាត់​ឲ្យ​ព្យាយាម​ជួយ​ស្រ្តី​ម្នាក់​ដែល​មាន​របួស​ជើង​នៅ​ក្នុង​គ្រោះថ្នាក់​មួយ ។ ស្ត្រីម្នាក់​នោះ​បាន​បដិសេធ​ជំនួយ​ផ្នែក​ពេទ្យ ដោយសារ​តែ​គាត់​មាន​បទពិសោធន៍​មិន​ល្អ​ជាមួយ​នរណា​ម្នាក់​នៅ​មន្ទីរពេទ្យ ។ គាត់​មាន​ការ​ភ័យ​ខ្លាច ហើយ​បាន​ដក​ខ្លួន​ចេញ​ពី​សង្គម ។ លើក​ទីមួយ​ដែល ខនស្ទែន បាន​ទៅ​ផ្ទះ​គាត់ ស្រី្ត​រងរបួស​នោះ​បាន​បញ្ជា​ឲ្យ​នាង​ចេញ ។ ក្នុងការព្យាយាម​លើកទីពីរ គាត់​បាន​ឲ្យ ខនស្ទែន ចូល ។ ឥឡូវនេះ​ជើង​របស់​ស្ត្រី​នោះ​មាន​ដំបៅ​ដ៏​ធំ ហើយ​សាច់​មួយ​ចំនួន​បាន​ស្អុយ​ខូច​អស់ ។ ប៉ុន្តែ គាត់​នៅ​តែ​មិន​ចង់​ទទួល​ការ​ព្យាបាល ។

« ខនស្ទែន បាន​អធិស្ឋាន​ពី​រឿង​នោះ ហើយ​មួយថ្ងៃ ឬ​ពីរ​ថ្ងៃ​ក្រោយ​មក នាង​បានទទួល​ចម្លើយ ។ នាង​បាន​យក​ទឹក​លាងរបួស ទៅ​ជាមួយ​នៅពេល​នាង​ទៅ​លើក​ក្រោយ ។ ដោយសារ​តែ​វា​មិន​ធ្វើ​ឲ្យ​ឈឺ ស្ត្រី​ចំណាស់​នោះ​បាន​ព្រម​ឲ្យ​នាង​ប្រើ​វា​នៅ​លើ​ជើង​គាត់ ។ ហើយ​ពួកគេ​បាន​និយាយ​អំពី​ការព្យាបាល​ដែល​ប្រាកដ​ប្រជា​ជាង​នេះ ។ ខនស្ទែន បាន​អះអាង​នឹង​គាត់​ថា មន្ទីរ​ពេទ្យ​នឹង​ព្យាយាម​ធ្វើ​ឲ្យ​គាត់​ស្នាក់នៅ​យ៉ាង​សុខស្រួល ។ មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​ក្រោយ​មក ស្ត្រី​នោះ​មាន​ចិត្ត​ក្លាហាន​ទៅ​មន្ទីរពេទ្យ ។ នៅ​ពេល ខនស្ទែន ទៅ​សួរសុខទុក្ខ​គាត់ ស្ត្រី​នោះ​បាន​ញញឹម ហើយ​បាន​និយាយ​ថា ‹ ក្មួយ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ផ្លាស់​ប្ដូរ​គំនិត › ។ ហើយ​គាត់​បាន​សួរ ខនស្ទែន ដោយ​មិន​បាន​រំពឹង​ទុក​ថា ‹ តើ​ក្មួយ​ជា​សមាជិក​របស់​សាសនាចក្រ​មួយ​ណា​ដែរ ? › ខនស្ទែន បាន​ប្រាប់​គាត់​ថា នាង​គឺ​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ស្ត្រី​នោះ​បាន​និយាយ​ថា ៖ ‹ ខ្ញុំ​ដឹង​ហើយ ។ ខ្ញុំ​ដឹង​ថា ក្មួយ​ត្រូវ​បាន​បញ្ជូន​មក​ខ្ញុំ តាំងពី​ថ្ងៃ​ទីមួយ​ដែល​ខ្ញុំ​បាន​ឃើញ​ក្មួយ ។ មាន​ពន្លឺ​មួយ​នៅ​លើ​មុខ​របស់​ក្មួយ ដែល​ខ្ញុំ​បាន​សម្គាល់​ឃើញ​មាន​នៅ​លើ​មុខ​របស់​អ្នក​ដទៃ​ទៀត ដែល​មាន​ជំនឿ​ដូច​ក្មួយ ។ ខ្ញុំ​ត្រូវ​ទុកចិត្ត​លើ​ក្មួយ › ។

« ជើង​ដំបៅ​របស់​គាត់​បាន​ជាសះស្បើយ​ទាំងស្រុង​ក្នុង​រយៈពេល​បីខែ ។ សមាជិក​ក្នុង​វួដ​ដែល​ស្រ្តី​ចំណាស់​នោះ​រស់​នៅ បាន​ជួសជុល​ផ្ទះ​របស់​គាត់ ហើយ​សម្អាត​ទីធ្លា​ឲ្យ​គាត់ ។ អ្នកផ្សព្វផ្សាយ​សាសនា បាន​ជួប​ជាមួយ​គាត់ ហើយ​គាត់​បាន​ទទួល​បុណ្យ​ជ្រមុជទឹក​មួយ​រយៈខ្លី​បន្ទាប់​ពី​នោះ ។ [ សូមមើល Constance Polve, « A Battle Won » New Era, ខែ មេសា ឆ្នាំ ១៩៨០ ទំព័រ ៤៤–៤៥ ] ។ ការណ៍​ទាំងនេះ ដោយសារតែ​គាត់​បាន​កត់សម្គាល់​ពី​ពន្លឺ​ដែល​មាន​លើ​មុខ​របស់​និស្សិត​គិលានុបដ្ឋាយិកា​ក្មេង​នោះ » (The Light in Their Eyes » EnsignLiahona,ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ២២ ) ។

តើ ខនស្ទែន បាន​ធ្វើ​អ្វី​ខ្លះ ដើម្បី​ក្រោកឡើង ហើយ​បញ្ចាំង​ពន្លឺ​ចេញ​ទៅ ? តើ​ពន្លឺ​នៅ​លើ​មុខ​របស់​នាង​ជា​បមាណីយ​សម្រាប់​ស្រី្ត​នោះ​ដូចម្ដេច ? តើ​ស្ត្រី​នោះ​ត្រូវ​បាន​ប្រទានពរ ដោយ​សារ​ពន្លឺ​ដែល​គាត់​បាន​ឃើញ​ដូចម្ដេច ?

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​ស្គាល់​នរណា​ដែល​ជា​គំរូ​នៃ​ការ​ក្រោកឡើង ហើយ​បញ្ចាំង​ពន្លឺ​ចេញ​ទៅ ?

    2. តើ​គំរូ​របស់​គេ​ក្លាយ​ជា​ពរជ័យ​ដល់​អ្នក​ដូចម្ដេច ?

ព្យាការី យ៉ូសែប ស៊្មីធ គឺ​ជា​គំរូ​ដ៏​ល្អ ពី​អ្វី​ដែល​មាន​ន័យ​ថា​ក្រោកឡើង ហើយ​បញ្ចាំង​ពន្លឺ​ចេញ​ទៅ ។ មិន​យូរប៉ុន្មាន​បន្ទាប់​ពី​វិវរណៈ​នេះ​ត្រូវ​បាន​ទទួល យ៉ូសែប បាន​ចាប់​ផ្ដើម​សរសេរ​ប្រវត្តិ​របស់​លោក ដែល​មាន​នៅ​ក្នុង មុក្តា​ដ៏​មាន​តម្លៃ​មហិមា ។

រូបភាព
ឯកសារ​សរសេរ​ដោយ​ដៃ

រឿង​មួយ​សន្លឹក​ចេញ​ពី​ប្រវត្តិ​របស់ យ៉ូសែប ស្ម៊ីធ

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ប្រវត្តិ យ៉ូសែប ស្ម៊ីធ ដែល​រួម​មាន​ទីបន្ទាល់​របស់​លោក​ពី​ការនិមិត្ត​លើក​ដំបូង ជា​បមាណីយ​សម្រាប់​ប្រជាជាតិ​ដូចម្ដេច ?

    2. តើ​វា​ជា​បមាណីយ​សម្រាប់​អ្នក​ដូចម្ដេច ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១៥:៦ហើយ​រកមើល​ពរជ័យ​ដែល​ត្រូវ​បាន​សន្យា​ដល់​ពួក​អ្នក​ដែល​ប្រមូល​គ្នា​ជាមួយ​សាសនាចក្រ​នៅ​ក្នុង​ស្តេក​ស៊ីយ៉ូន ។

សេចក្ដី​ពិត​មួយ​ដែល​យើង​រៀន​ចេញ​ពី​ខគម្ពីរ​នេះ មាន​ដូច​តទៅ​នេះ ៖ យើង​ប្រមូល​គ្នា​នៅ​ស្តេកស៊ីយ៉ូន​ដើម្បី​មាន​កម្លាំង និង​ការ​ជ្រកកោន ។ តើ​អ្នក​គិត​ថា ការ​ប្រមូល​គ្នា​ជា​ពួកបរិសុទ្ធ ផ្ដល់​ឲ្យ​យើង​នូវ​ការ​ការពារ សុវត្ថិភាព ឬ​ការ​ជ្រកកោន​ដូចម្ដេច ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៥:៧-១៩

ព្រះអម្ចាស់​បាន​ត្រាស់​បញ្ជា​ពួក​បរិសុទ្ធ​បង្កើត​ក្រុង​ហ្វាវែស្ទ និង​ឲ្យ​កសាង​ព្រះវិហារ​បរិសុទ្ធ

វិធី​មួយ​ដែល​យើង​អាច​ទទួល​បាន​ការ​ការពារ​ពី​ព្រះអម្ចាស់ និង​សុវត្ថិភាព គឺ​ដោយ​ការ​បម្រើ និង​ការ​ថ្វាយបង្គំ​ទ្រង់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ បន្ទាប់​ពី​ពួកបរិសុទ្ធ​បាន​ចាប់ផ្ដើម​ផ្លាស់​ទៅ​ក្រុង​ហ្វាវែស្ទ រដ្ឋ មិសសួរី ក្នុង​ឆ្នាំ ១៨៣៦ អ្នក​ដឹកនាំ​សាសនាចក្រ​បាន​រៀបចំ​ផែនការ​កសាង​ព្រះវិហារ​បរិសុទ្ធ​ដែល​ស្រដៀង​ទៅ​នឹង​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង​ខឺតឡង់ រដ្ឋ អូហៃអូ ដែរ ។ ទោះ​បី​ជា​បានចាប់​ផ្ដើម​ការចាក់គ្រឹះ​ហើយ​ខ្លះៗ​ក៏​ដោយ ក៏​ការ​សាងសង់​ត្រូវ​បាន​ផ្អាក​រហូត​ដល់ យ៉ូសែប ស៊្មីធ អាច​ទទួលបាន​ការ​ណែនាំ​បន្ថែម​ទៀត​ពី​ព្រះអម្ចាស់​ដែរ ។ ព្រះអម្ចាស់​បាន​បើក​សម្ដែង​ព្រះទ័យ​ទ្រង់​ទាក់ទង​នឹង​ព្រះវិហារ​បរិសុទ្ធ ជា​ផ្នែក​មួយ​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៥ ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១៥:៧–១៦ព្រះអម្ចាស់​បាន​បើក​សម្ដែង​ថា ព្រះវិហារ​បរិសុទ្ធ​គួរ​តែ​ត្រូវ​សាងសង់​ក្នុង​ក្រុង​ហ្វាវែស្ទ តាម​គំរូ​ដែល​ទ្រង់​បាន​ប្រទាន​ដល់​គណៈប្រធាន​ទីមួយ ។ ព្រះអម្ចាស់​ក៏​បាន​ទូន្មាន​ដល់​អ្នកដឹកនាំ​សាសនាចក្រ កុំ​ឲ្យ​មាន​បំណុល​ក្នុង​ការ​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ផង​ដែរ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១៥:១៧-១៩រក​មើល​អ្វី ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​ពួកបិរសុទ្ធ​ធ្វើ​ក្រោម​ការ​ដឹកនាំ​របស់ យ៉ូសែប ស៊្មីធ ក្នុង​ក្រុង​ហ្វាវែស្ទ និង​ក្នុង​តំបន់​ជិតខាង ។

គោលការណ៍​មួយ​ដែល​យើង​រៀន​ពី ខ ១៩ គឺថា ប្រធាន​នៃ​សាសនាចក្រ កាន់​កូនសោ​ដើម្បី​ដឹកនាំ​កិច្ចការ​របស់​ព្រះអម្ចាស់​នៅ​លើ​ផែនដី ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ១១៦

ព្រះអម្ចាស់​រើស​ទីតាំងនៅ អ័ដាម-អុនដៃ-អាម៉ាន

ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ធ្វើ​តាម​ដំបូន្មាន​របស់​ព្រះអម្ចាស់​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១៥:១៨ ហើយ​បាន​ស្ទង់​មើល​តំបន់​ដែល​នៅ​ជុំវិញ​ក្រុង​ហ្វាវែស្ទ ។ សូម​អាន​សេចក្ដីណែនាំ​អំពី​កណ្ឌ​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ១១៦រកមើល​ឈ្មោះ​នៃ​កន្លែង​ដែល​ព្យាការី​បាន​ស្ទង់​មើល ។

រូបភាព
អ័ដាម-អុនដៃ-អាម៉ាន

អ័ដាម-អុនដៃ-អាម៉ាន

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១៦:១ ដោយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​បើក​សម្ដែង​អំពី ស្ព្រឹង ហិល ។ អ្នក​អាច​បើក​មើល​ផែនទី និង​រូប​នៃ​កន្លែងអ័ដាម-អុនដៃ-អាម៉ាន នៅ​ខាងក្រោយ​ព្រះគម្ពីរ​របស់​អ្នក ( សូមមើល ប្រវត្តិ​សាសនាចក្រ ផែនទី ទី​៥ « តំបន់​នៅ​រដ្ឋ​មិសសួរី រដ្ឋ​អិលលីណោយ រដ្ឋ​អៃអូវ៉ា នៅ​ក្នុង​សហរដ្ឋ​អាមេរិក » និង​ប្រវត្តិ​សាសនាចក្រ រូបថត ទី១០ នៃ អ័ដាម-អុនដៃ-អាម៉ាន ) ។

វិវរណៈ​នេះ បង្ហាញ​ពី​ទីតាំង​នៃ​ការ​បំពេញ​ការ​ព្យាករ​ដែល​បាន​ធ្វើ​ពី​បុរាណ​សម្រាប់​ពេល​អនាគត ដោយ​ព្យាការី ដានីយ៉ែល ( សូមមើល ដានីយ៉ែល ៧:៩–១០, ១៣–១៤ ) ។ វិវរណៈ​នោះ​ពិពណ៌នា​អំពី​ព្រឹត្តិការណ៍​មួយ​នៅ​ថ្ងៃ​ចុងក្រោយ ដែល​ព្រះអង្គ​សង្គ្រោះ និង​អ័ដាម នឹង​យាង​មក​ផែនដី ហើយ​ធ្វើ​ជា​អធិបតី​នៅក្នុង​ការប្រជុំ​មួយ មុនពេល​នៃ​ការយាងមក​ជា​លើក​ទីពីរ ( សូមមើល គ. និង ស. ២៧:៥–១៤ ) ។

សូម​ពិចារណា ឬ ច្រៀង​ទំនុកតម្កើង​បទ « Adam-ondi-Ahman » ( ទំនុក​តម្កើង លេខ. ៤៩ នៅ​ក្នុង​ទំនុកតកម្កើង​ជា​ភាសា អង់គ្លេស ) ។

ផែនដី​នេះ​ធ្លាប់​ជា​សួន​ច្បារ​មួយ

ដែល​មាន​សិរីល្អ​ជា​ទូទៅ

ហើយ​មនុស្ស​បាន​រស់នៅ​ក្នុង​ទី​ដ៏​បរិសុទ្ធ

ហើយ​ថ្វាយ​បង្គំ​ព្រះយេស៊ូវ​ដោយ​ផ្ទាល់

នៅ​កន្លែង អ័ដាម-អុនដៃ-អាម៉ាន ។

យើង​អាន​ថា អេណុក បាន​នៅ​ជាមួយ​ព្រះ

បាន​យក​ឈ្នះ​លើ​អំណាច​ទ្រព្យសម្បត្តិ

ព្រោះ​ស៊ីយ៉ូន​បាន​ពង្រីក​ខ្លួន​របស់​វា

ហើយ​ពួក​បរិសុទ្ធ និង ពួក​ទេវតា​បន្លឺ​ច្រៀង​ឡើង

នៅ​កន្លែង អ័ដាម-អុនដៃ-អាម៉ាន ។

ដែនដី​នោះ​ជា​ដែនដី​បវរ និង សុខដុម

លើស​ជាង​ស្រុក​កាណាន​ដែនដី​អ៊ីស្រាអែល​ទៅ​ទៀត

កិត្តិសព្ទ​របស់​វា​រីកសុះសាយ​ពី​ទិស​ខាង​កើត​ទៅ​ទិស​ខាង​លិច

ភាពសុខសាន្ត​របស់​វា​ធំធេង និង បរិសុទ្ធ

នៃ អ័ដាម-អុនដៃ-អាម៉ាន ។

ហូសានណា​ដល់​ទិវា​ដែល​នឹង​មក​ដល់​នោះ

គឺ​ការយាង​មក​វិញ​ជា​លើក​ទី​ពីរ​របស់​ព្រះអង្គ​សង្គ្រោះ

ជា​ពេល​ដែល​ផែនដី​ទាំងមូល​ស្ថិត​ក្នុង​សិរីល្អ

ផ្ដល់​ឲ្យ​ពួក​បរិសុទ្ធ​នូវ​ផ្ទះ​មួយ​ដ៏​បរិសុទ្ធ

ដូចជា អ័ដាម-អុនដៃ-អាម៉ាន ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១១៥-១៦ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖