ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២៦ ៖ ថ្ងៃ​ទី ៤ គោលលទ្ធិ និង សេចក្តីសញ្ញា ១២៣; ការ​ស្ថាបនា​ទីក្រុង​ណៅវូ


មេរៀន​ទី ២៦ ៖ ថ្ងៃទី ៤

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៣; ការ​ស្ថាបនា​ទីក្រុង​ណៅវូ

សេចក្តីផ្តើម

ខណៈ​ពេល​ដែល​ព្យាការី យ៉ូសែប ស៊្មីធ នៅ​ក្នុង​គុក​លិបើធី នៅ​លិបើធី រដ្ឋ​មិសសួរី ពី ខែ ធ្នូ ឆ្នាំ ១៨៣៨ ដល់​ខែ មេសា ឆ្នាំ ១៨៣៩ លោក​បាន​សរសេរ​សំបុត្រ​នៃ​ការលួងលោម និង ទូន្មាន​ដល់​ពួក​បរិសុទ្ធ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១២៣ គឺ​ជា​ការដកស្រង់​មួយ​ចេញ​ពី​សំបុត្រ​នោះ​ដែល​ចុះ​ថ្ងៃ​ទី ២០ ខែ មិនា ឆ្នា ១៨៣៩ ដែល​លោក​បាន​សរសេរ​ទៅកាន់​ពួក​បរិសុទ្ធ ។ នៅ​ក្នុង​សេចក្ដី​ដក​ស្រង់​នេះ យ៉ូសែប​បាន​ឲ្យ​ដំបូន្មាន​ទៅ​ពួក​បរិសុទ្ធ​ដែល​ត្រូវបាន​គេ​បណ្ដេញ​ចេញ​ពី​រដ្ឋ​មិសសួរី ។ បន្ទាប់​ពី​យ៉ូសែប ត្រូវបាន​អនុញ្ញាត​ឲ្យ​រួច​ពី​ការ​ជាប់​ឃុំ លោក​បាន​មក​ជួប​ជុំ​នឹង​ពួក​បរិសុទ្ធ​វិញ ហើយ​បាន​ធ្វើ​ការ​ជាមួយ​ពួកគេ​ដើម្បី​ស្ថាបនា​ទីក្រុង​ណៅវូ រដ្ឋ​អិលលីណោយ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១២៣:១-៦

យ៉ូសែប ស៊្មីធ ទូន្មាន​ឲ្យ​ពួក​បរិសុទ្ធ​ប្រមូល និង បោះពុម្ព​ដំណើរ​រឿង​នៃ​ការបៀតបៀន និង ការរងទុក្ខ​របស់​ពួកគេ

នៅ​ខែ មិនា ឆ្នាំ ១៨៣៩ ពួក​បរិសុទ្ធ​បាន​រង​ការ​បៀតបៀន​យ៉ាង​ឃោរឃៅ​នៅ​មិសសួរី ។ ព្យាការី យ៉ូសែប ស៊្មីធ និង​ថ្នាក់​ដឹកនាំ​សាសនាចក្រ​មួយចំនួន​ផ្សេង​ទៀត​ត្រូវ​បាន​គេ​ចាប់​ដាក់​គុក​នៅ​លិបើធី រដ្ឋ​មិសសួរី ហើយ​ពួក​បរិសុទ្ធ​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី រដ្ឋ​មិសសួរី អំឡុង​ខែ​រងា​ដ៏​ត្រជាក់​ខ្លាំង ដោយសារ​ដីកា​ការ​សម្លាប់​គ្មាន​សល់​របស់​លោក​អភិបាល លីលប៊ើន ដបុលយូ ប័ហ្គស៍ ។

សូម​អាន​សេចក្ដីថ្លែងការណ៍​ដូច​តទៅ​នេះ ដោយ​បាន​ពិពណ៌នា​ពី​ការ​ធ្វើ​ខុស​ឆ្គង​មួយ​ចំនួន​មក​លើ​ពួក​បរិសុទ្ធ ៖ « នេះ​សូម​បញ្ជាក់​ថា ខ្ញុំ ឈ្មោះ ឌែលា រីដ បាន​ប្តូរ​មកនៅ​រដ្ឋ មិសសួរី​នៅក្នុង​ឆ្នាំ ១៨៣៦ ។ ស្វាមី​របស់​ខ្ញុំ​បាន​ស្លាប់​មិន​យូរ​ប៉ុន្មាន បន្ទាប់​ពី​យើង​បាន​មក​ដល់​ទីនេះ ហើយ​ទុក​កូន​តូចៗ​ប្រាំពីរ​នាក់​ជាមួយ​ខ្ញុំ ។ រួច​ខ្ញុំ​បាន​ផ្លាស់​ទៅភូមិខាលវែល ដោយ​បាន​សង់​កសិដ្ឋាន​មួយ [ហើយ]​បន្ត​រស់​នៅ​ក្នុង​កសិដ្ឋាន​នោះ​រហូត​ដល់​រដូវ​ស្លឹក​ឈើ​ជ្រុះ​នា​ឆ្នាំ ១៨៣៨ ។ នៅពេល​ភាពច្របូកប្របល់​បាន​កើត​មាន​ឡើង​រវាង​ពួក​ប្រជាជន និង ពួក​មរមន នោះ​ខ្ញុំ​ជាមួយ​នឹង​សមាគម​ទាំងអស់​របស់​យើង ត្រូវបាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​រដ្ឋ​នោះ ។… ខ្ញុំ​ត្រូវ​បាន​បង្ខំ​ឲ្យ​លះបង់​ទ្រព្យ​សម្បត្តិ​ភាគ​ច្រើន [ និង ] គ្រួសារ​របស់​ខ្ញុំ [ បាន ] ព្រាត់ប្រាស់​គ្នា ហើយ​ខ្ញុំ​ត្រូវ​ទទួល​អាហារ​បន្តិចបន្តួច​ពី ជន​ដែល​ខ្ញុំ​មិន​ស្គាល់ » ( ឌែលា រីដ នៅក្នុង Mormon Redress Petitions: Documents of the 1833–1838 Missouri Conflict,បាន​បោះពុម្ព​ដោយ ខ្លាក វី ចនសុន [ ឆ្នាំ ១៩៩២ ] ទំព័រ ៥២៣ វណ្ណយុត្ត អក្សរ​ធំ និង ការប្រកប​ពាក្យ​ដែល​មាន​បទដ្ឋាន ) ។

បងស្រី រីដ បាន​ឲ្យ​សេចក្ដី​ថ្លែង​ការណ៍​ជា​ផ្លូវ​ការ​នេះ​ទៅ​មន្ត្រី​ច្បាប់​ម្នាក់ ។ សូម​ពិចារណា​ពី​ហេតុផល​ដែល​គាត់​ឲ្យ​សេចក្ដី​ថ្លែង​ការណ៍​នេះ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៣:១–៥ ដោយ​ស្វែងរក​អ្វី​ដែល​ព្យាការី យ៉ូសែប ស៊្មីធ បាន​ទូន្មាន​ឲ្យ​ពួកបរិសុទ្ធ​ដែល​ទទួល​ការបៀតបៀន​ធ្វើ ។ វា​អាច​មាន​ប្រយោជន៍​ដើម្បី​ដឹង​ថា នៅក្នុង ខទី ៥ ឃ្លា « ប្រជុំ​អំពើ​ទុច្ចរិត » សំដៅ​ទៅលើ​ការប្រមូលផ្តុំ​នៃ​អំពើកុហក​ទុច្ចរិត និង​ឃ្លា « ការ​បង្ខំ​ដ៏​អាក្រក់​អាស្រូវ និង​ឃាតកម្ម​ទាំង​ឡាយ » សំដៅ​លើ​អំពើ​អាក្រក់ និង​ហិង្សា​ទាំងឡាយ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៣:៦ដោយ​ស្វែងរក​ហេតុផល​ដែល​ពួក​បរិសុទ្ធ​ត្រូវបាន​ប្រាប់​ឲ្យ​ប្រមូល​ដំណើរ​រឿង​នៃ​ការបៀតបៀន និង ការរងទុក្ខ​របស់​ពួកគេ ។ ( នៅពេល​អ្នក​អាន វា​មាន​ប្រយោជន៍ដើម្បី​ដឹង​ថា ឃ្លា « ដែល​តម្រូវ​ពី​យើង » មាន​ន័យ​ថា « តម្រូវ​ឲ្យ​ពួក​យើង ») ។

មាន​ពួក​បរិសុទ្ធ​ជាច្រើន​បាន​ធ្វើ​តាម​ពាក្យ​ទូន្មាន​របស់​ព្យាការី ហើយ​បាន​ប្រមូល​ដំណើរ​រឿង​នៃ​ការ​បៀតបៀន​របស់​ពួកគេ​បាន​យ៉ាង​ច្រើន ដែល​វា​រួម​បញ្ចូល​ការ​បំផ្លិច​បំផ្លាញ និង ការ​បាត់បង់​ផ្ទះ​សម្បែង សត្វពាហនៈ និង ទ្រព្យ​សម្បត្តិ​ផ្សេង​ទៀត​របស់​ពួកគេ ការ​រំលោភ​បំពាន​លើ​រូបកាយ ព្រមទាំង​ការ​បាត់​បង់​ជីវិត​ផងដែរ ។ តើ​អ្នក​គិត​ថា ហេតុអ្វី​វា​ជា​ការ​ចាំបាច់​ដើម្បី​ឲ្យ​ពួក​បរិសុទ្ធ​ប្រមូល​ដំណើររឿង​ទាំងនេះ ហើយ​ដាក់​ស្នើ​ទៅប្រមុខ​រដ្ឋាភិបាល​ជាជាង​រង់ចាំ ឬ​សង្ឃឹម​ឲ្យ​ព្រះ​ដោះ​ស្រាយ​បញ្ហា​របស់​ពួកគេ ? សេចក្ដី​ពិត​មួយ​ដែល​យើង​អាច​រៀន​ពី គោលលទ្ធិ និង សេចក្តីសញ្ញា ១២៣:៦ គឺ​ថា ព្រះអម្ចាស់​នឹង​បំពេញ​ការ​សន្យា​របស់​ទ្រង់ បន្ទាប់​ពី​យើង​ធ្វើ​ផ្នែក​របស់​យើង​ជា​មុន ។ សូម​ពិចារណា​ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ព្រះអម្ចាស់​រំពឹង​ឲ្យ​យើង​ធ្វើ​ផ្នែក​របស់​យើង ពីមុន​ទ្រង់​នឹង​បំពេញ​ការសន្យា​របស់​ទ្រង់ ។

  1. សូម​ឆ្លើយ​សំណួរ​ដូច​ទៅ​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖​តើ​អ្នក​ធ្លាប់​ឃើញ​សេចក្ដី​ពិត​ត្រូវបាន​បំពេញ​នៅ​ក្នុង​ជីវិត​ផ្ទាល់​របស់​អ្នក ឬ​នៅ​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់​ដែល​អ្នក​ស្គាល់​នៅ​ពេល​ណា​ដែរ ?

គោលលទ្ធិ និង សេចក្តីសញ្ញា ១២៣:៧-១៧

យ៉ូសែប ស៊្មីធ ទូន្មាន​ឲ្យ​ពួក​បរិសុទ្ធ​ជួយ​ដល់​អស់​អ្នក​ដែល​ចាញ់​បោក​ដោយ​ពាក្យ​កុហក

សូម​នឹក​ស្រមៃ​ថា​អ្នក​ត្រូវ​បាន​ចាត់តាំង​ឲ្យ​សរសេរ​របាយការណ៍​មួយ​អំពី​សាសនាចក្រ​សម្រាប់​មុខវិជ្ជា​មួយ​នៅ​សាលា​រៀន​របស់​អ្នក ។ ជា​ផ្នែក​មួយ​នៃ​តម្រូវការ​នោះ អ្នក​ត្រូវ​រួមបញ្ចូល​យ៉ាង​ហោច​ណាស់​ប្រភព​ចំនួន​បី ។ សូម​គិត​អំពី​របៀប​ដែល​អ្នក​នឹង​ឆ្លើយ​ចំពោះ​សំណួរ​ដូច​តទៅ​នេះ ៖

  • តើ​ធនធាន​អ្វី​ដែល​អ្នក​អាច​ប្រើ​សម្រាប់​របាយការណ៍​របស់​អ្នក ?

  • ហេតុអ្វី​បាន​ជា​វា​សំខាន់​ពី​ធនធាន​ដែល​អ្នក​ប្រើ​ដើម្បី​សរសេរ​អំពី​សាសនាចក្រ​នោះ ?

  • តើ​អ្នក​ដឹង​បាន​ដោយ​របៀប​ណា ថា​ធនធាន​ណា​មួយ​ដែល​ពិពណ៌នា​យ៉ាង​ត្រឹមត្រូវ​ពី​សាសនាចក្រ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៣:៧-១០ ។ នៅ​ពេល​ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​សរសេរ​សំបុត្រ​នេះ មាន​រឿង​កុហក​ជាច្រើន​អំពី​សាសនាចក្រ​ត្រូវ​បាន​រីក​សាយ​ភាយ ។ ពួក​បរិសុទ្ធ​ត្រូវ​បាន​ប្រាប់​ថា វា​គឺជា « កាតព្វកិច្ច​ដ៏​ចាំបាច់ » ( គ. និង ស. ១២៣:៧, ៩ ) ដើម្បី​ប្រមូល និង បោះពុម្ព​ដំណើរ​រឿង​នៃ​ការបៀតបៀន និង ការរងទុក្ខ​របស់​ពួកគេ​ដើម្បី​ឆ្លើយតប​នឹង​រឿងកុហក​ទាំង​នេះ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៣:១១–១២ដោយ​ស្វែងរក​ហេតុផល​បន្ថែម​ទៀត​ដែល​ពួក​បរិសុទ្ធ​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រមូល ហើយ​បោះពុម្ព​ដំណើរ​រឿង​ទាំងនេះ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. យោង​តាម គោលលទ្ធិ និង សេចក្តីសញ្ញា ១២៣:១២តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​មាន​ចិត្ត​បរិសុទ្ធ​ដែល​បាន​លាក់​ពី​សេចក្តី​ពិត ?

    2. តើ​ការបោះពុម្ព​សេចក្តី​ពិត​អំពី​ការបៀតបៀន និង ការរងទុក្ខ​របស់​ពួក​បរិសុទ្ធ​នៅពេល​នោះ​អាច​ជួយ​មនុស្ស​ដទៃទៀត​ឲ្យ​រក​សេចក្តី​ពិត​នៃ​ដំណឹងល្អ​យ៉ាង​ដូចម្តេច ?

    3. យោង​តាម ខ ១២ហេតុអ្វី​មាន​មនុស្ស​ជា​ច្រើន​នាក់​នៅ​លើ​ផែនដី​នេះ​ត្រូវ​បាន​លាក់​ពី​សេចក្តី​ពិត ? សូម​ឆ្លើយ​សំណួរ​នេះ​ដោយ​បំពេញ​សេចក្ដីពិត​ដូច​តទៅ ៖ មាន​មនុស្ស​ជា​ច្រើន​ត្រូវ​បាន​លាក់​ពី​សេចក្តី​ពិត ដោយសារ …

នៅតែ​មាន​មនុស្ស​ជា​ច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ « ដែល​បាន​ខ្វាក់​ដោយសារ​ឧបាយកល​ដ៏​ប្រសប់​នៃ​មនុស្ស » ហើយ​ដែល​ត្រូវបាន​លាក់​ពី​សេចក្តីពិត ពីព្រោះ​ពួកគេ​មិន​ដឹង​ជា​ទៅ​រក​សេចក្តី​ពិត​ឯណា​ទេ ( គ. និង ស. ១២៣:១២)។

រូបភាព
អែលឌើរ អិម រ័សុល បាឡឺដ

នៅ​ពេល​អ្នក​អាន​សេចក្ដី​ថ្លែងការណ៍​ដូច​តទៅ​នេះ​របស់​អែលឌើរ អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ សូម​គូស​បន្ទាត់​ពី​ក្រោម​នូវ​អ្វី​ដែល​លោក​បាន​លើក​ឡើង ដែល​វា​បាន​រារាំង​មនុស្ស​មិន​ឲ្យ​ស្គាល់​សេចក្ដីពិត​អំពី​សាសនាចក្រ​នៅ​ជំនាន់​របស់​យើង ៖ « មាន​មនុស្ស​ជា​ច្រើន ដែល​បាន​យល់​តិចតួច​អំពី​សាសនាចក្រ ដោយសារតែ​ព័ត៌មាន​ភាគច្រើន​ដែល​ពួកគេ​បាន​ឮ​អំពី​យើង គឺ​មក​ពី​ព័ត៌មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដែលជាញឹកញាប់​ជំរុញ​ដោយ​ការជំទាស់ ។ ការផ្តោត​ចិត្ត​ច្រើន​ពេក​លើ​ការជំទាស់​បាននាំ​ឲ្យ​ជះឥទ្ធិពល​អវិជ្ជមាន​លើ​ការយល់ដឹង​របស់​មនុស្ស​អំពី​ភាពពិត ដែល​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​មាន » (Sharing the Gospel Using the Internet » ខែ កក្កដា ឆ្នាំ ២០០៨ ទំព័រ ៦២ ) ។

ស្រដៀងគ្នា​នឹង​ពួកបរិសុទ្ធ​នា​ឆ្នាំ ១៨៣៩ ដែរ យើង​ត្រូវបានណែនាំ​ឲ្យ​ជួយ​មនុស្ស​ដទៃ​ឲ្យ​មាន​ការយល់​ដឹង​ត្រឹមត្រូវ​អំពី​សាសនាចក្រ​នេះ—អំពី​សមាជិក អ្នក​ដឹកនាំ ជំនឿ ប្រវត្តិ ការបង្រៀន និងការអនុវត្ត ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ជួយ​មនុស្ស​ដទៃទៀត​ឲ្យ​ទទួល​បាន​ការ​យល់​ដឹង​ដ៏​ត្រឹមត្រូវ​មួយ​អំពី​សាសនាចក្រ និង​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ស្គាល់​ពី​ទីកន្លែង​ដែល​ពួកគេ​អាច​ស្វែងរក​សេចក្ដី​ពិត​នោះ ។

នៅ​ពេល​អ្នក​អាន​សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ បាឡឺដ ដូច​តទៅ​នេះ សូម​រកមើល​វិធី​មួយ​ដែល​លោក​បាន​លើក​ឡើង ដែល​យើង​អាច​ជួយ​មនុស្ស​ដទៃទៀត​ឲ្យ​ទទួល​បាន​ការ​យល់ដឹង​ដ៏​ត្រឹមត្រូវ​អំពី​សាសនាចក្រ ។

រូបភាព
អែលឌើរ អិម រ័សុល បាឡឺដ

« មាន​ការសន្ទនា​ជាច្រើន​អំពី​សាសនាចក្រ​ឥត​ឈប់ឈរ ។ ការសន្ទនា​នោះ​នឹង​បន្ត ទោះបី​ជា​យើង​ជ្រើសរើស​ចូលរួម ឬ មិន​ចូលរួម​ក៏​ដោយ ។ ប៉ុន្តែ​យើង​មិន​អាច​ឈរ​នៅ​ស្ងៀម ខណៈ​ដែល​មនុស្ស​ដទៃ រួម​ទាំងអ្នក​រិះគន់​របស់​យើង​ព្យាយាម​កំណត់​ពី​អ្វី​ដែល​សាសនាចក្រ​បង្រៀនឡើយ ។ ខណៈ​ដែល​ការសន្ទនា​មួយ​ចំនួន​មាន​អ្នក​ស្តាប់​រាប់ពាន់ ឬ រាប់លាន​អ្នក​ក៏​ដោយ ការសន្ទនា​នោះ​គឺ​ជា​រឿង​តូចតាច​ទេ ។ ប៉ុន្តែ​ការសន្ទនា​ទាំង​នោះ​មាន​ឥទ្ធពល​លើ​អស់​អ្នក​ដែល​ចូលរួម​ក្នុង​ការសន្ទនា​នោះ ។ ការយល់ដឹង​អំពី​សាសនាចក្រ​ត្រូវបាន​កកើត​ឡើង​នៅក្នុង​ការសន្ទនា​ម្តងៗ ។…

« ឥឡូវ​នេះ​ខ្ញុំ​សូម​ឲ្យ​អ្នក​ចូលរួម​សន្ទនា​តាមរយៈ ការចូលរួម​តាម​អ៊ិនធើរណែត ដើម្បី​ចែកចាយ​ដំណឹងល្អ ហើយ​ចូរ​ពន្យល់​នូវ​សារលិខិត​ដ៏​សាមញ្ញ និងច្បាស់លាស់​នៃ​ការស្តារ​ឡើងវិញ ។… ពិត​មែន​ហើយ ការណ៍​នេះ​តម្រូវ​ឲ្យ​អ្នក​យល់​គោលការណ៍​គ្រឹះ​របស់​ដំណឹង​ល្អ​សិន ។ វា​គឺ​ជា​ការណ៍​សំខាន់​ដែល​អ្នក​អាច​ផ្តល់​ជា​សាក្សី​ដ៏ ច្បាស់និង ត្រឹមត្រូវអំពី​សេចក្តី​ពិត » ( « Sharing the Gospel Using the Internet » ទំព័រ ៦១ -៦២ ) ។

  1. សូម​បំពេញ​កិច្ចការ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​សរសេរ​ពី​គ្រា​មួយ​ដែល​អ្នក ឬ​មនុស្ស​ម្នាក់​ដែល​អ្នក​ស្គាល់​បាន​ជួយ​មនុស្ស​ដទៃ​ទៀត​ឲ្យ​យល់​ដឹង​បន្ថែម​ទៀត​អំពី​សាសនាចក្រ ។

    2. សូម​ជ្រើស​យក​វិធី​មួយ​ដែល​បាន​អ្នក​បាន​សរសេរ​នៅ​ក្នុង​កិច្ចការ​ទី ៣ ហើយ​សរសេរ​ពី​របៀប​ដែល​អ្នក​នឹង​ធ្វើ​កិច្ចការ​នោះ​ដើម្បី​ជួយ​មនុស្ស​ដទៃ​ទៀត​រៀន ហើយ​ស្វែង​រក​សេចក្ដី​ពិត​អំពី​សាសនាចក្រ និង ដំណឹងល្អ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៣:១៣–១៦ដោយ​ស្វែង​រក​អ្វី​ដែល​ពួក​បរិសុទ្ធ​ត្រូវ​បាន​ប្រាប់​អំពី​កិច្ចខិតខំ​របស់​ពួកគេ​ដើម្បី​ប្រាប់​នូវ​ដំណើរ​រឿង​ដ៏​ត្រឹមត្រូវ​មួយ​ស្ដី​ពី​បទពិសោធន៍​របស់​ពួកគេ​ទៅ​កាន់​មនុស្ស​ដទៃទៀត ។ យោង​តាម ខ ១៥ហេតុអ្វី​បាន​ជា​ពួក​គេ​ត្រូវបាន​ប្រាប់​ថា​កុំ​ចាត់ទុក​កិច្ចខិតខំ​របស់​ពួកគេ​ថា​ជា « ការណ៍​តូច​ឡើយ ? »

គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​ពី គោលលទ្ធិ និង សេចក្តីសញ្ញា ១២៣:១៥ គឺ​ថា ការសម្រេចចិត្ត​របស់​យើង​ដើម្បី ធ្វើ​តាម​ព្រះបញ្ញាត្តិ​របស់​ព្រះអម្ចាស់​ដែល​ហាក់បី​ដូច​ជា​តូចតាច អាច​មាន​ឥទ្ធិពល​ធំធេង​លើ​ជីវិត​របស់​យើង​នា​ពេល​អនាគត ។

រូបភាព
ដៃ​ចង្កូត​នាវា និង ក្ដោង

យោង​តាម គោលលទ្ធិ និង សេចក្តីសញ្ញា ១២៣:១៦តើ​វត្ថុ​ដ៏តូច​បែប​នេះដូចជា​ដៃ​ចង្កូត​នាវា ( ចង្កូត​ដែល​គ្រប់គ្រង​ដៃ​ចង្កូត ) អាច​ជះ​ឥទ្ធិពល​ទៅ​លើ​នាវា​ដ៏​ធំ​មួយ​បាន​ដោយ​របៀប​ណា ? ( នៅក្នុង​ខ​នេះ​ឃ្លា « ដោយសារ​ដំណើរ​ប្រក្រតី និង ខ្យល់ និង រលក » សំដៅ​លើ​ការ​អាច​បត់​នាវា​ដើម្បី​ឲ្យ​វា​រក្សា​លំនឹង ហើយ​មិន​ក្រលាប់​នៅពេល​ខ្យល់ព្យុះ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការ​សម្រេច​ចិត្ត​តូចៗ​របស់​យើង​ប្រៀប​បាន​នឹង​ដៃ​ចង្កូត​នាវា​យ៉ាង​ដូចម្ដេច​ដែរ ?

    2. តើ​ការ​សម្រេច​ចិត្ត​ទាំងនេះ​អាច​ជួយ​អ្នក​ឲ្យ​រក្សា​លំនឹង​របស់​អ្នក​នៅ​ពេល​មាន​ព្យុះភ្លៀង​នៃ​ជីវិត​បាន​ដោយ​របៀប​ណា ?

    3. តើ​ការ​សម្រេច​ចិត្ត​តូចៗ​អ្វីខ្លះ ដែល​អ្នក​កំពុង​ធ្វើ​នៅ​ក្នុង​ជីវិត​របស់​អ្នក​នៅ​ពេល​នេះ​ដែល​អាច​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​អនាគត​របស់​អ្នក ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៣:១៧ដោយ​ស្វែង​រក​របៀប​ដែល​ខ​នេះ​ទាក់​ទង​នឹង​គោលការណ៍​ដែល​បាន​ពន្យល់​នៅ​ក្នុង ខ ៦ ៖ ព្រះអម្ចាស់​នឹង​បំពេញ​ការ​សន្យា​របស់​ទ្រង់ បន្ទាប់​ពី​យើង​ធ្វើ​ផ្នែក​របស់​យើង​ជា​មុន​សិន ។

ផ្អែក​ទៅ​លើ​អ្វី​ដែល​ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​សរសេរ យើង​រៀន​ថា បើ​យើង​ប្រព្រឹត្តិ​ការណ៍​ទាំងនេះ​ដែល​នៅ​ក្នុង​អំណាច​យើង ដើម្បី​គោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញាត្តិ​របស់​ព្រះអម្ចាស់ នោះ​យើង​អាច​ទទួល​ការធានា​អះអាង​ថា ព្រះ​នឹង​ប្រើ​ព្រះចេស្តារ​របស់​ទ្រង់​ដើម្បី​ជួយ​យើង​ស្រប​តាម​ព្រះឆន្ទៈ និង ពេលវេលា​របស់​ទ្រង់ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ហេតុអ្វី​យើង​ត្រូវ « ប្រព្រឹត្តការណ៍​ទាំងនេះ​ដែល​នៅក្នុង​អំណាច​យើង » ( គ​. និង ស. ១២៣:១៧ ) ពីមុន​យើង​អាច​មាន​ការ​អះអាង​ថា​ព្រះ​នឹង​ជួយ​យើង ?

    2. តើ​អ្នក​គិត​ថា ហេតុអ្វី​វា​សំខាន់​ដើម្បី​ប្រព្រឹត្តិ​ការណ៍​ទាំងនេះ​ដែល​នៅ​ក្នុង​អំណាច​យើង ដោយ​រីករាយ​ចុះ ?

អ្នក​អាច​មាន​ទំនុកចិត្ត​ថា នៅពេល​អ្នក​បាន​ធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញាត្តិ​របស់​ព្រះ នោះ​ទ្រង់​នឹង​បំពេញ​ការសន្យា​របស់​ទ្រង់ ។

ការស្ថាបនា​ទីក្រុង ណៅវូ

បន្ទាប់ពី ការបណ្តេញចេញ​របស់​ពួកគេ​ពី រដ្ឋ មិសសួរី ពួកគេ​បាន​រកឃើញ​ទីជម្រក​នៅ ឃ្វីនស៊ី រដ្ឋ អិលលីណោយ និង តាម​សហគម​តូចៗ​ផ្សេង​ទៀត ។ សូម​រក ឃ្វីនស៊ី នៅ​លើ​ផែនទី​ទី ៥​នៃ​ប្រវត្តិ​សាស្ត្រ​សាសនាចក្រ « តំបន់​មិសសួរី, អិលលីណោយ និង អៃអូវ៉ា នៃ​ស.រ.អា. » នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

នៅ​ខែ មេសា ឆ្នាំ ១៨៣៩ ពួក​អ្នក​យាម​គុក​នៅ​គុក​នៅ​លិបើធី រដ្ឋមិសសួរី បាន​អនុញ្ញាត​ឲ្យ​យ៉ូសែប ស្ម៊ីធ រត់​គេច​ខ្លួន ហើយ​បាន​ជួប​ជុំ​នឹង​គ្រួសារ​លោក​នៅ​ឃ្វីនស៊ី រដ្ឋ​អិលលីណោយ ។ ក្រោមការដឹកនាំ​របស់​ព្យាការី សាសនាចក្រ​បាន​ទិញ​ដី​មួយ​កន្លែង​នៅ​ទន្លេ មីស៊ីស៊ីបពី ភាគ​ខាង​ជើង​នៃ​ឃ្វីនស៊ី ។ ភាគ​ខាង​លិច​នៃ​ទន្លេ​នោះ​គឺ​ជា​ផ្នែក​មួយ​នៃ​ទឹកដី​រដ្ឋ អៃអូវ៉ា ហើយ​ភាគ​ខាង​កើត​គឺ​ផ្នែក​មួយ​នៃ​រដ្ឋ អិលលីណោយ ។ ពួក​បរិសុទ្ធ​បាន​កសាង​ទីស្នាក់ការកណ្តាល​ថ្មី​មួយ​របស់​សាសនាចក្រ​នៅ​ផ្នែក​ខាង​រដ្ឋ អិលលីណោយ នៅកន្លែង​មួយ​ដែល​ហៅថា ខំមើរស៍ ដែល​ពួកគេ​បាន​ដាក់​ឈ្មោះ​ម្តង​ទៀត​ថា ណៅវូ ។. ណៅវូគឺជា​ភាសា​ហេព្រើ​មាន​ន័យ​ថា « ស្រស់​ត្រកាល » ។

រូបភាព
ណៅវូ​ឆ្លងកាត់​ទន្លេ​មិស៊ីស៊ិបពី

ខណៈ​ដែល​ពួក​បរិសុទ្ធ​បន្ត​រក្សា​ទីស្នាក់ការ​កណ្តាល​នៅ​ក្នុង​ទីក្រុង ណៅវូ ព្យាការី​យ៉ូសែប ស្ម៊ីធ ត្រូវ​បាន​បំផុស​គំនិត​ឲ្យ​រៀបចំ​សមាគម​សង្គ្រោះ ព្រះអម្ចាស់​បាន​បើក​សម្ដែង​ពិធី​បរិសុទ្ធ​នៃ​ពិធី​បុណ្យ​ជ្រមុជទឹក​ជំនួស​ឲ្យ​អ្នក​ស្លាប់ អំណោយទាន​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ និង ការ​ផ្សារភ្ជាប់​អាពាហ៍ពិពាហ៍ ហើយ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ត្រូវ​បាន​លាត​សន្ធឹង​នៅ​ទូទាំង​ពិភពលោក ។

  1. សូម​ស្នើ​ឲ្យ​សមាជិក​ម្នាក់​ក្នុង​សមាគម​សង្គ្រោះ ( ដូចជា​សមាជិក​គ្រួសារ ឬ មិត្តភក្ដិ ) ឲ្យ​ប្រាប់​អ្នក​អំពី​របៀប​មួយ​ចំនួន​ដែល​សមាគម​សង្គ្រោះ​បាន​ផ្តល់​ឱកាស​ដល់​គាត់​ចូលរួម​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ហើយ​បាន​ប្រទាន​ពរ​ដល់​ជីវិត​គាត់ ។ សូម​កត់ត្រា​ទុក​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នូវ​អ្វី​ដែល​អ្នក​រៀន​ពី​គាត់ ហើយ​ត្រៀម​ខ្លួន​ចែកចាយ​នូវ​អ្វី​ដែល​អ្នក​បាន​កត់​ត្រា​ទុក​ជាមួយ​នឹង​សិស្ស​ផ្សេង​ទៀត​ដែល​សិក្សា​នៅ​ផ្ទះ ។

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១២៣ និង « ការ​ស្ថាបនា​ទីក្រុង​ណៅវូ » ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖