ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១១ ៖ ថ្ងៃទី ៣ គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦


មេរៀន​ទី ១១ ៖ ថ្ងៃ​ទី ៣

គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៦

បុព្វកថា

វិវរណៈ​ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦ ត្រូវបាន​ទទួល​នៅ​ថ្ងៃ​ទី ៨ ខែ មិនា ឆ្នាំ ១៨៣១—គឺ​ជិត​មួយ​ឆ្នាំ ក្រោយ​ពី​សាសនាចក្រ​ត្រូវបាន​បង្កើត​ឡើង ។ នៅ​ក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​ដាស់តឿន​ពួក​បរិសុទ្ធ​ថា ការប្រជុំ​ទាំងឡាយ​នៅ​ក្នុង​សាសនាចក្រ គឺ​ត្រូវ​ធ្វើ​ឡើង​ដោយ​ព្រះវិញ្ញាណ ហើយ​ទ្រង់​បាន​គូសសម្គាល់​ថា មនុស្ស​ដែល​មិនមែន​ជា​សមាជិក​សាសនាចក្រ មិនគួរ​ត្រូវបាន​ដេញ​ចេញ​ពី​ការប្រជុំ​ជា​សាធារណៈ​ឡើយ ។ ព្រះអម្ចាស់​ក៏​បាន​ពន្យល់ អំពី​គោលបំណង​នៃ​អំណោយទាន​ទាំងឡាយ​នៃ​ព្រះវិញ្ញាណ​ផង​ដែរ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦:១-៦

ព្រះអម្ចាស់​ណែនាំ​ពួក​បរិសុទ្ធ ស្ដីពី​ការប្រជុំ​ទាំងឡាយ​នៅ​ក្នុង​សាសនាចក្រ

សូម​ស្រមៃ​ថា អ្នក​ត្រូវបាន​ស្នើ​ឲ្យ​រៀបចំ​ការប្រជុំ​សាក្រាម៉ង់​ទាំងមូល ។ តើ​អ្នក​នឹង​ជ្រើសរើស​ចម្រៀង អ្នក​អធិស្ឋាន ប្រធានបទ​ការឡើងនិយាយ អ្នក​ឡើង​និយាយ និង លំដាប់លំដោយ​នៃ​ការឡើងនិយាយ ដោយ​របៀប​ណា ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦:១-២ដោយ​ស្វែងរក​សេចក្ដីណែនាំ ដែល​ព្រះអម្ចាស់​បាន​ប្រទាន អំពី​របៀប​ដែល​ការប្រជុំ​ទាំងឡាយ​ត្រូវ​បាន​ដឹកនាំ ។ ពាក្យ ដឹកនាំ នៅ​ក្នុង ខទី ២ មាន​បញ្ចូល​ទាំង​ការរៀបចំ និង ការដឹកនាំ​ការប្រជុំ​ទាំងឡាយ​នៅ​ក្នុង​សាសនាចក្រ ។

  1. សូម​ពិពណ៌នា​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ថា​តើ​អ្នក​គិត​ថា ការប្រជុំ​មួយ​មាន​សភាព​ដូចម្ដេច នៅ​ពេល​វា​ត្រូវ​បាន « ដឹកនាំ និង ណែនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

  2. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ថ្នាក់​ដឹកនាំ និង សមាជិក​សាសនាចក្រ​អាច​នឹង​ត្រូវ​ធ្វើ​អ្វី ដើម្បី​ឲ្យ​ការប្រជុំ​ក្នុង​សាសនាចក្រ​ត្រូវបាន​ដឹកនាំ និង ណែនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ?

    2. តើ​អ្នក​ត្រូវ​ធ្វើ​អ្វី ដើម្បី​នាំ​ឲ្យ​មាន​អានុភាព​នៃ​ព្រះវិញ្ញាណ ស្ថិត​នៅ​ក្នុង​ការប្រជុំ​ក្នុង​សាសនាចក្រ ?

សូម​គូសចំណាំ​ពាក្យ ឬ ឃ្លា​ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦:២ ដែល​បង្រៀន​អំពី​គោលការណ៍​ដូចតទៅ​នេះ ៖ ថ្នាក់​ដឹកនាំ​សាសនាចក្រ​ត្រូវតែ​បាន​ណែនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ នៅ​ពេល​ពួកគាត់​ដឹកនាំ​សាសនាចក្រ ។

សូម​គិត​អំពី​ទីកន្លែង​មួយ​ចំនួន​ដែល​អ្នក​ធ្លាប់​បាន​ឃើញ​ស្លាក​ដែល​មាន​ឃ្លា « សូម​ស្វាគមន៍​ភ្ញៀវ​ទស្សនា » ។ សូម​អាន​សេចក្ដី​ណែនាំ​អំពី​កណ្ឌ​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦ដោយ​ស្វែងរក​អ្នក​ដែល​ពួក​បរិសុទ្ធ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ក្នុង​ការប្រជុំ​ទាំងឡាយ​របស់​ពួកគេ ។ បន្ទាប់​មក សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦:៣–៦ ដើម្បី​ស្វែងរក​ឃ្លា និង ពាក្យ​ទាំងឡាយ​ដែល​បង្ហាញ​ថា ព្រះអម្ចាស់​បាន​បញ្ជា​យើង​ឲ្យ​ស្វាគមន៍​ដល់​មនុស្ស​ទាំងអស់​មក​ដល់​ការប្រជុំ​ជា​សាធារណៈ​របស់​យើង ។ អ្នក​អាច​ដឹង​រួច​មក​ហើយ​ថា ឃ្លា « សូម​ស្វាគមន៍​ភ្ញៀវ​ទស្សនា » ត្រូវ​បាន​សរសេរ​នៅ​ខាង​មុខ​សាលាប្រជុំ​នៃ​សាសនាចក្រ ។

សូម​ពិចារណា​អំពី​ស្ថានភាព​ដូចតទៅ​នេះ ៖ យុវនារី​ម្នាក់​ទៅ​លេង​វួដ​ថ្មី​មួយ ជាមួយ​ក្រុមគ្រួសារ​របស់​នាង​ជា​លើកទីមួយ ។ បន្ទាប់​ពី​ការប្រជុំ​សាក្រាម៉ង់ មាន​សមាជិក​ក្នុង​វួដ​ម្នាក់ មក​ទទួល​រាក់ទាក់​ក្រុមគ្រួសារ​នោះ ហើយ​បង្ហាញ​ពួកគេ​អំពី​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ ។ គាត់​បាន​នាំ​យុវនារី​រូប​នោះ​ចូល​ទៅ​ក្នុង​ថ្នាក់ ហើយ​ណែនាំ​នាង​ឲ្យ​ស្គាល់​គ្រូ​បង្រៀន ។ យុវជន និង យុវនារី​នៅ​ក្នុង​ថ្នាក់​នោះ ទទួល​យុវនារី​នោះ​បាន​តែ​មួយ​ភ្លែត ហើយ​បាន​បន្ត​ជជែក​គ្នា​តែ​ក្នុង​ចំណោម​គ្នា​គេ ដោយ​មិន​អើពើ​ពី​នាង​ឡើយ ។

តើ​ស្ថានភាព​នេះ​អាច​មាន​សភាព​ខុស​គ្នា​យ៉ាង​ដូចម្ដេច ប្រសិនបើ​សិស្ស​ក្នុង​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​នោះ យល់​ច្បាស់​អំពី​ព្រះបញ្ញត្តិ​ក្នុង​ការស្វាគមន៍​មនុស្ស​ទាំងអស់​មក​ដល់​ការប្រជុំ​ជា​សាធារណៈ​នោះ ?

  1. សូម​ធ្វើ​បញ្ជី​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​មធ្យោបាយ​មួយ​ចំនួន ដែល​អ្នក​អាច​ជួយ​ដល់​មនុស្ស​ដែល​មិនមែន​ជា​សមាជិក​សាសនាចក្រ សមាជិក​ដែល​ពុំ​បាន​ទៅ​ព្រះវិហារ​អស់​មួយ​រយៈ សមាជិក​ថ្មី​នៅ​ក្នុង​វួដ ឬ សាខា និង ភ្ញៀវ​ទស្សនា ឲ្យ​មាន​អារម្មណ៍​ថា​មាន​គេ​ទទួល​ស្វាគមន៍ ។

មធ្យោបាយ​មួយ​ចំនួន ដែល​អ្នក​បាន​លើក​ឡើង អាច​ជា​ការពិបាក​ក្នុង​ការប្រព្រឹត្ត ប៉ុន្តែ សូម​គិត​អំពី​ពេល​ដែល​អ្នក​បាន​ចូលរួម​ក្នុង​ការប្រជុំ ឬ សកម្មភាព​នៅ​ក្នុង​វួដ ឬ សាខា​ផ្សេង​ទៀត​ក្នុង​សាសនាចក្រ ។ តើ​សមាជិក​សាសនាចក្រ​ដទៃ​ទាំងនោះ​បាន​ធ្វើ​អ្វី ឬ អ្វី​ដែល​អ្នក​នឹង​ចង់​ឲ្យ​ពួកគេ​ធ្វើ ដើម្បី​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ថា​មាន​គេ​ស្វាគមន៍ ? សូម​គិត ហើយ​អធិស្ឋាន​អំពី​របៀប​ដែល​អ្នក​អាច​ជួយ​មនុស្ស​ដទៃ ឲ្យ​មាន​អារម្មណ៍​ថា​កាន់តែ​មាន​គេ​ស្វាគមន៍​នៅ​ឯ​ការប្រជុំ និង សកម្មភាព​ទាំងឡាយ​នៃ​សាសនាចក្រ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦:៧-៣៣

ព្រះអម្ចាស់​ពន្យល់ អំពី​គោលបំណង​នៃ​អំណោយទាន​ទាំងឡាយ​នៃ​ព្រះវិញ្ញាណ

តើ​ការ​ដែល​ត្រូវ​គេ​បញ្ឆោត​មាន​ន័យ​ដូចម្ដេច ? តើ​អ្នក​អាច​គិត​អំពី​គ្រា​មួយ កាល​អ្នក​មាន​អារម្មណ៍​ថា ត្រូវ​បាន​គេ​បញ្ឆោត​ដែរ​ឬ​ទេ ? តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ចៀសវាង​ពី​ការដែល​ត្រូវ​គេ​បញ្ឆោត ?

នៅ​ពេល​ព្យាការី យ៉ូសែប ស៊្មីធ បាន​មក​ដល់​រដ្ឋ អូហៃអូ លោក​បាន​ឃើញ​ថា​មាន​ឫកពារ​ចម្លែក និង ជ្រុលនិយម​នៅ​ក្នុង​សមាជិក​មួយ​ចំនួន​នៃ​សាសនាចក្រ ឧទាហរណ៍ សមាជិក​ខ្លះ​បាន​អះអាង​ថា ប្រព្រឹត្ត​ទៅ​នៅ​ក្រោម​អានុភាព​នៃ​ព្រះវិញ្ញាណ ប៉ុន្តែ បង្ហាញ​ចេញ​ឫកពារ​ដែល​ពុំ​ចុះ​សម្រុង​ទៅ​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ថ្នាក់​ដឹកនាំ និង សមាជិក​ដទៃ​ទៀត បាន​សង្ស័យ​ថា ឫកពារ​នោះ​បាន​មក​ពី​អានុភាព​របស់​អារក្ស​អាសោចិ៍ ។ សូម​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦:៧–៨ដោយ​ស្វែងរក​អ្វី ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឱវាទ​ដល់​រាស្ត្រ​ទ្រង់​ឲ្យ​ធ្វើ ដើម្បី​ពួកគេ​នឹង​មិន​ត្រូវ​បញ្ឆោត​ដោយ​ស្មារតី​ក្លែងបន្លំ ឬ គោលលទ្ធិ​ខុសឆ្គង ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. យោងតាម គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៦:៧–៨តើ​អ្វី​ទៅ ដែល​អាច​ជួយ​យើង​ឲ្យ​ចៀសវាង​ពី​ការដែល​ត្រូវ​គេ​បញ្ឆោត​បាន ?

    2. ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ការណ៍​នោះ​អាច​ជួយ​បុគ្គល​ម្នាក់​មិន​ឲ្យ​គេ​បញ្ឆោត​បាន ?

គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦:៧ បង្រៀន​យើង​អំពី​គោលការណ៍​ដូចតទៅ​នេះ ៖ នៅ​ពេល​យើង​ធ្វើតាម​ការដឹកនាំ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅ​ក្នុង​គ្រប់​ភាពបរិសុទ្ធ ហើយ​ធ្វើ​សកម្មភាព​ទាំងអស់​ដោយ​នូវ​ការអធិស្ឋាន និង សេចក្ដីថ្លែង​អំណរគុណ នោះ​យើង​អាច​ចៀសវាង​ពី​ការដែល​ត្រូវ​គេ​បញ្ឆោត​បាន ។

អ្នក​អាច​នឹង​ចង់​គូសចំណាំ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦:៨ នូវ​ការណ៍​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា យើង​នឹង​ស្វែងរក​ដោយ​ស្មោះត្រង់ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦:៩-១២, ២៦ដោយ​ស្វែងរក​អ្វី ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​ឲ្យ​យើង​យល់ដឹង​អំពី​អំណោយទាន​ទាំងឡាយ​នៃ​ព្រះវិញ្ញាណ ។ ( អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​នូវ​អ្វី​ដែល​អ្នក​រកឃើញ ) ។ យោងតាម​អ្វី​ដែល​អ្នក​បាន​រៀន​ចេញ​ពី​ខគម្ពីរ​ទាំងនេះ សូម​បញ្ចប់​គោលការណ៍​ដូចតទៅ​នេះ ៖ បើ​យើង​ស្វែងរក​អំណោយទាន​ទាំងឡាយ​ដោយ​ស្មោះត្រង់  ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​មូលហេតុ​ដែល​អ្នក​គិត​ថា វា​មាន​សារៈសំខាន់ ដែល​យើង​ស្វែងរក​អំណោយទាន​ខាង​វិញ្ញាណ​ដើម្បី​ជា​ប្រយោជន៍​ដល់​កូនចៅ​របស់​ព្រះ ជាជាង​ដើម្បី​គោលបំណង​ដ៏​អាត្មា​និយម ។ បន្ទាប់មក សូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ៖ យោង​តាម គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦:១១–១២ហេតុអ្វី​បាន​ជា​អំណោយទាន​ខាង​វិញ្ញាណ​នៃ​បុគ្គល​ម្នាក់ៗ មាន​សារៈសំខាន់​ចំពោះ​សាសនាចក្រ ? ( សូម​មើល​ផងដែរ កូរិនថូស ទី​១ ១២ ) ។

ទោះជា​អំណោយទាន​ខាង​វិញ្ញាណ​របស់​យើង​អាច​មាន​ច្រើន​ខុសៗ​គ្នា​ក្ដី ក៏​សាសនាចក្រ​ព្រះអម្ចាស់​ត្រូវការ​ពួកគេ​ទាំងអស់​គ្នា​ដែរ ។ មនុស្ស​គ្រប់​រូប​មាន​តួនាទី និង ការទទួលខុសត្រូវ​មួយ ក្នុង​ការស្ថាបនា​នគរ​ព្រះ​នៅ​លើ​ផែនដី ។ សូម​សិក្សា​អំណោយទាន​ទាំងឡាយ​ខាង​វិញ្ញាណ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦:១៣–២៧ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​នូវ​អំណោយទាន​ទាំងនោះ ។

ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​អំណោយទាន​ទាំងឡាយ​ខាង​វិញ្ញាណ​ទាំងនេះ សូម​ផ្គូផ្គង​អំណោយទាន​ដែល​មាន​នៅ​ក្នុង​តារាង​ខាងក្រោម ទៅ​នឹង​សេចក្ដី​ពន្យល់​ដែល​ត្រូវ​នឹង​វា ។ ( ចម្លើយ​មាន​នៅ​ចុង​មេរៀន ) ។

អំណោយទាន

សេចក្ដី​ពន្យល់

  1. អំណោយទាន « ឲ្យ​ដឹង​ពី​ការសម្ដែង​ផ្សេងៗ​ពី​គ្នា » ( គ. និង ស. ៤៦:១៥ )

  1. អំណោយទាន​នេះ​ក៏​សម្ដែង​ឡើង​ដូចគ្នា​នៅ​ចំពោះ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ដែល​អាច​រៀន​ចេះ ហើយ​យល់​ភាសា​បាន​យ៉ាង​ឆាប់​រហ័ស​ដែរ ។

  1. អំណោយទាន « ឲ្យ​ដឹង​ពី​ការងារ​ផ្សេងៗ​ពី​គ្នា » ( គ. និង ស. ៤៦:១៦ )

  1. អំណោយទាន​នេះ​អនុញ្ញាត​ឲ្យ​បុគ្គល​ម្នាក់​ស្គាល់ ឬ យល់​អំពី​បំណង​ដ៏​ពិត និង ហេតុផល​ដែល​បាន​លាក់​ទុក ។ វា​ជួយ​ឲ្យ​បុគ្គល​ម្នាក់​មើល​ឃើញ​សេចក្ដី​អាក្រក់​ដែល​លាក់បាំង ហើយ​មើល​ឃើញ​សេចក្ដីល្អ​នៅ​ក្នុង​មនុស្ស​ដទៃ ។

  1. អំណោយទាន​នៃ « ការចេះសង្កេត​ស្គាល់​វិញ្ញាណ​ទាំងឡាយ » ( គ. និង ស. ៤៦:២៣ )

  1. ជា​ញឹកញាប់ អំណោយទាន​នេះ សម្ដែង​ចេញ​នៅ​ក្នុង​ថ្នាក់ដឹកនាំ ដែល​ស្គាល់​ពី​របៀប​ដែល​អំណោយទាន​របស់​មនុស្ស​ដទៃ​អាច​មាន​ប្រយោជន៍​ដើម្បី​បម្រើ​ក្នុង​តំណែង​នានា ទោះ​ជា​អំណោយទាន​ទាំងនោះ​មាន​សភាព​ខុសៗ​ពី​គ្នា​យ៉ាង​ណា​ក្ដី ។

  1. អំណោយទាន « ឲ្យ​ចេះ​និយាយ​ភាសា​ដទៃ​ផ្សេងៗ » និង « បកប្រែ​ភាសា​ដទៃ » ( គ. និង ស. ៤៦:២៤–២៥ )

  1. អំណោយទាន​នេះ សម្ដែង​ចេញ​ក្នុង​សមត្ថភាព​របស់​បុគ្គល​ម្នាក់ ដើម្បី​ឲ្យ​ឃើញ​ភាព​ខុសប្លែក​ពី​គ្នា​រវាង​អំណោយទាន​ដ៏​ពិតប្រាកដ ឬ ដំណើរការ​នៃ​ព្រះវិញ្ញាណ និង វិញ្ញាណ​ក្លែងបន្លំ គោលលទ្ធិ​ខុស​ឆ្គង ឬ ព្រះ​បញ្ញត្តិ​ក្លែងក្លាយ ។

បញ្ជី​នៃ​អំណោយទាន​ទាំងឡាយ​នៃ​ព្រះវិញ្ញាណ ដែល​មាន​លើកឡើង​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦ គ្រាន់តែ​ជា​អំណោយទាន​មួយ​ចំនួន​នៃ​អំណោយទាន​ទាំងឡាយ​ដែល​មាន​តែ​ប៉ុណ្ណោះ ។ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ថា ៖ « អំណោយទាន​ទាំងឡាយ​ខាង​វិញ្ញាណ​មាន​ច្រើន​សន្ធឹកសន្ធាប់ និង មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ឡើយ ។ អំណោយទាន​ទាំងឡាយ​ដែល​មាន​សម្ដែង​ចេញ​នោះ គឺ​ជា​ការបង្ហាញ​ឲ្យ​ឃើញ​អំពី​ការចាក់​បង្ហូរ​ព្រះគុណ​ដ៏​ឥត​ព្រំដែន ដែល​ព្រះ​ដ៏​ប្រកប​ដោយ​សេចក្ដី​មេត្តា​ករុណា ប្រទាន​ដល់​បុគ្គល​ដែល​ស្រឡាញ់ ហើយ​បម្រើ​ទ្រង់ » ( A New Witness for the Articles of Faith [ ឆ្នាំ ១៩៨៥ ] ទំព័រ ៣៧១ ) ។

តើ​អ្នក​អាច​គិត​អំពី​អំណោយទាន​ទាំងឡាយ​ខាង​វិញ្ញាណ ដែល​អ្នក​ធ្លាប់​ឃើញ ឬ អាច​លើកឡើង​ពី​អំណោយទាន​ណា​ដែល​មិនមាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦ ដែរ​ឬ​ទេ ?

ប្រសិនបើ​អ្នក​បាន​ទទួល​ពរ​របស់​លោកអយ្យកោ​ហើយ​នោះ ព្រះអម្ចាស់​អាច​នឹង​បាន​ធ្វើ​បញ្ជី​អំណោយទាន​មួយ​ចំនួន ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​អ្នក ។ អ្នក​ក៏​អាច​នឹង​ទទួល​បទពិសោធន៍​នៃ​អំណោយ​ទាន​ទាំងឡាយ​ខាង​វិញ្ញាណ​ដែរ នៅ​ពេល​អ្នក​បម្រើ​ព្រះវរបិតាសួគ៌ និង កូនចៅ​ទ្រង់​នៅ​ក្នុង​ការហៅ​នានា​នៅ​ក្នុង​សាសនាចក្រ ។គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦បង្រៀន​ថា អស់​អ្នក​ដែល​ត្រូវ​បាន​ហៅ​ឲ្យ « មើល​គន់​លើ​សាសនាចក្រ » ត្រូវ​បាន​ប្រទាន​ឲ្យ​នូវ​អំណោយទាន​ដើម្បី​ធ្វើ​ការវិនិច្ឆ័យ ថា​តើ​អំណោយទាន​ទាំងឡាយ​ខាង​វិញ្ញាណ​មួយ​ណា​ដែល​បាន​មក​ពី​ព្រះ ( សូម​មើល គ. និង ស. ៤៦:២៧ ) ។ អ្នក​អាច​ទុកចិត្ត​លើ​សមត្ថភាព​ប៊ីស្សព​របស់​អ្នក ដើម្បី​ញាណ​ដឹង​អំពី​អំណោយទាន​របស់​អ្នក និង តំណែង​ដែល​អ្នក​អាច​មាន​លទ្ធភាព​បម្រើ​បាន​យ៉ាង​ល្អ​បំផុត ហើយ​ប្រទានពរ​ដល់​មនុស្ស​ដទៃ​នៅ​ក្នុង​សាសនាចក្រ ទោះជា​អ្នក​ពុំ​ទាន់​ដឹង​អំពី​អំណោយទាន​ទាំងនោះ​ក្ដី ។

វា​ក៏​អាច​នឹង​មាន​ប្រយោជន៍​ផងដែរ ដើម្បី​យល់ដឹង​ឲ្យ​បាន​កាន់តែ​ច្បាស់​អំពី​អំណោយទាន​ខាង​ភាសា ។ ព្យាការី យ៉ូសែប ស៊្មីធ បាន​បង្រៀន​អំពី​អំណោយទាន​នៃ​ព្រះវិញ្ញាណ​មួយ​នេះ​ដូច្នេះ​ថា ៖

រូបភាព
បងប្រុស យ៉ូសែប

« [ អំណោយទាន​ខាង​ភាសា​ត្រូវបាន ] ប្រទាន​ឲ្យ​ដើម្បី​ជា​គោលបំណង​នៃ​ការប្រកាស​ដំណឹងល្អ ទៅ​ក្នុង​ចំណោម​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេង​ដូច​នៅ​បុណ្យ​ថ្ងៃ​ទី​ហាសិប ជាដើម ហើយ​វា​ពុំ​ចាំបាច់​ឡើយ ដែល​ភាសា​ទាំងឡាយ​ត្រូវតែ​បានបង្រៀន​ទៅ​ដល់​សមាជិក​ក្នុង​សាសនាចក្រ​ជា​ពិសេស​នោះ ដ្បិត​មនុស្ស​ណា​ក៏​ដោយ ដែល​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ អាច​ថ្លែង​អំពី​ការណ៍​ទាំងឡាយ​នៃ​ព្រះ​បាន​ជា​ភាសា​របស់​ខ្លួន ក៏​ដូចជា​ថ្លែង​ជា​ភាសា​មួយ​ផ្សេង​ទៀត​ដែរ ព្រោះ​សេចក្ដី​ជំនឿ​ពុំ​មែន​កើតឡើង​ដោយសារ​ទីសម្គាល់​នោះ​ទេ ផ្ទុយទៅវិញ គឺ​ដោយ​ការឮ​ព្រះបន្ទូល​នៃ​ព្រះ​ទេ​តើ » (ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស៊្មីធ [ ឆ្នាំ ២០០៧ ] ទំព័រ ៣៨៣–៨៤) ។

« ប្រសិនបើ​ការណ៍​ណាមួយ​ត្រូវបាន​បង្រៀន​ដោយ​អំណោយទាន​ខាង​ភាសា​នោះ វា​ពុំ​មែន​ត្រូវបាន​ទទួល​សម្រាប់​គោលលទ្ធិ​នោះ​ទេ » (ការបង្រៀន ៖ យ៉ូសែប ស៊្មីធទំព័រ ៣៨៤) ។

« ចូរ​កុំ​ថ្លែង​ដោយ​នូវ​អំណោយទាន​ខាង​ភាសា​ឡើយ ប្រសិនបើ​គ្មាន​ការយល់ដឹង​អំពី​វា ឬ ដោយ​គ្មាន​ការបកប្រែ​ទេ​នោះ ។ អារក្ស​អាច​និយាយ​បាន​ច្រើន​ភាសា បច្ចាមិត្ត​នឹង​មក​ជាមួយ​នឹង​កិច្ចការ​របស់​វា វា​អាច​ល្បួង​មនុស្ស​បាន​គ្រប់​ជាន់​ថ្នាក់ វា​អាច​និយាយ​ជា​ភាសា​អង់គ្លេស ឬ ភាសា​ហូឡង់ ។ ចូរ​កុំ​ឲ្យ​មាន​នរណា​ម្នាក់​ថ្លែង​ជា​ច្រើន​ភាសា​ឡើយ លើកលែង​តែ​បុគ្គល​នោះ​ចេះ​បកប្រែ ដោយ​មាន​ការអនុមតិ​ពី​ម្នាក់​គ្រប់គ្រង​ពី​លើ លំដាប់​នោះ បុគ្គល​នោះ​អាច​ញាណ​ដឹង ឬ អាច​បកប្រែ​បាន ឬ បុគ្គល​ម្នាក់​ទៀត​អាច​ធ្វើ​បាន » (ការបង្រៀន ៖ យ៉ូសែប ស៊្មីធទំព័រ ៣៨៤) ។

រូបភាព
អែលឌើរ ប្រ៊ូស អរ ម៉ាក់ខនឃី

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ថា ៖ « អំណោយទាន​ខាង​ភាសា និង ការបកប្រែ ត្រូវបាន​ប្រទាន​ឲ្យ​ក្នុង​គោលបំណង​ពិសេស ដើម្បី​ប្រើប្រាស់​ក្នុង​កាលៈទេសៈ​ពិសេសៗ ។ មាន​អំណោយទាន​ជា​ច្រើន ដែល​មាន​សារៈសំខាន់​បំផុត ចំណែក​ឯ​ការប្រើប្រាស់​របស់​វា​វិញ​នោះ គឺ​ធ្វើ​ឲ្យ​ការបំភាន់​បាត់បង់​ឱកាស​របស់​វា ។ អំណោយទាន​នៃ​ការដាស់តឿន នៃ​ការប្រកាស​ដំណឹងល្អ នៃ​ការបកស្រាយ​គោលលទ្ធិ នៃ​ការបង្រៀន​ដំណឹងល្អ—ទោះជា​មិន​មាន​សេចក្ដីរំភើប​ខ្លាំង​ក្ដី—ក៏​វា​មាន​សភាព​ប្រសើរ និង មាន​តម្លៃ​ជាង​ភាសា​ដែរ » ( Mormon Doctrine ការបោះពុម្ព​លើក​ទី ២ [ ឆ្នាំ ១៩៦៦ ] ទំព័រ ៨០០ ) ។

សូម​ពិចារណា​មួយ​ស្របក់​អំពី​របៀប​ដែល​អំណោយទាន​ទាំងឡាយ​នៃ​ព្រះវិញ្ញាណ​បាន​ផ្ដល់​អត្ថប្រយោជន៍​ដល់​អ្នក ។ សូម​គិត​ផងដែរ អំពី​របៀប​ដែល​អ្នក​អាច​ស្វែងរក ហើយ​ប្រើប្រាស់​អំណោយទាន​ទាំងឡាយ​ដើម្បី​ប្រទានពរ​ដល់​កូនចៅ​របស់​ព្រះ ។

ព្រះអម្ចាស់​បាន​បញ្ចូល​វិវរណៈ​នេះ​តាមរយៈ​ការ​បង្គាប់​ឲ្យ​អ្នក​ដើរ​តាម​ទ្រង់​អំពី​អ្វី​ដែល​ពួកគេ​ត្រូវធ្វើ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:៥–៦ដោយ​ស្វែងរក​អ្វី​ដែល​ទ្រង់​បាន​បង្រៀន ។

រូបភាព
រូបសញ្ញា​ចំណេះចំណាន​ខគម្ពីរ
ចំណេះចំណាន​ខគម្ពីរ—គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦:៣៣

សូម​ចំណាយ​ពេល​ពីរ​បី​នាទី​ទន្ទេញ គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦:៣៣ ។ ប្រសិនបើ​អាច សូម​សូត្រ​ខគម្ពីរ​នេះ​ឲ្យ​សមាជិក​គ្រួសារ ឬ មិត្ត​ភក្ដិ​ម្នាក់​ស្ដាប់ ។

  1. សូម​ធ្វើ​បញ្ជី​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​មធ្យោបាយ​មួយ​ចំនួន​ដែល​អ្នក​អាច « ប្រព្រឹត្ត​ដោយ​គុណធម៌ និង ដោយ​បរិសុទ្ធភាព » ។ នៅ​ពេល​អ្នក​ធ្វើ​បញ្ជី​របស់​អ្នក សូម​ជ្រើសរើស​យក​ពីរ ឬ បី​ជំពូក​ចេញ​ពី​កូន​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ហើយ​ប្រើប្រាស់​ជំពូក​ទាំងនោះ ដើម្បី​ជួយ​អ្នក​ឲ្យ​មាន​ចំណុច​បញ្ចូល​ទៅ​ក្នុង​បញ្ជី​នោះ ។ សូម​សរសេរ​គោលដៅ​អំពី របៀប​ដែល​អ្នក​គ្រោង​ដើម្បី​ប្រព្រឹត្ត​ដោយ​គុណធម៌ និង បរិសុទ្ធភាព​នៅ​ចំពោះ​ព្រះអម្ចាស់ ។

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖