ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២៩ ៖ ថ្ងៃ​ទី ១ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:១-៣៥


មេរៀន​ទី ២៩ ៖ ថ្ងៃ​ទី ១

គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:១-៣៥

បុព្វកថា

នៅ​ថ្ងៃ​ទី ៣ ខែ វិច្ឆិកា ឆ្នាំ ១៨៣១ គឺ​ពីរ​ថ្ងៃ​បន្ទាប់​ពី ព្រះអម្ចាស់​បាន​ណែនាំ យ៉ូសែប ស៊្មីធ ឲ្យ​បោះពុម្ព​ព្រះគម្ពីរ​នៃ​បទបញ្ញត្តិ ( សូម​មើល គ. និង ស. ១ក្បាល​កណ្ឌ ) ព្យាការី​បាន​ទទួល​វិវរណៈ​ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣ ។ វិវរណៈ​នេះ​ត្រូវបាន​បញ្ចូល​ទៅ​ក្នុង​ការបោះពុម្ព​ឆ្នាំ ១៨៣៥ នៃ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ទុក​ជា​សេចក្ដីបន្ថែម ហើយ​ក្រោយ​មក​ត្រូវបាន​ទុក​ជា​លេខ​កណ្ឌ ។ អ្នក​ដែល​បាន​ធ្វើការ​ជាមួយ​សំណៅដើម​នោះ មាន​បំណង​ឲ្យ​វិវរណៈ​នេះ​ត្រូវបាន​ដាក់​បញ្ចូល​ជាមួយ​នឹង កណ្ឌ​ទី ១ ទៅ​ក្នុង​វិវរណៈ​ដែល​ត្រូវបាន​ដាក់​បញ្ចូល​ទៅក្នុង​ការបោះពុម្ព​នា​ឆ្នាំ ១៨៣៥ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣ នឹង​ត្រូវ​បាន​បំបែក​ជា​ពីរ​មេរៀន ។ មេរៀន​នេះ​មាន​នូវ​ការត្រាស់​បង្គាប់​ពី​ព្រះអម្ចាស់ ដែល​ប្រាប់​ឲ្យ​រាស្ត្រ​របស់​ទ្រង់ និង មនុស្ស​ទូទៅ​ត្រៀមខ្លួន​ទទួល​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់ ។ វា​ក៏​មាន​នូវ​ការព្យាករណ៍​អំពី​ព្រឹត្តិការណ៍​នានា ដែល​ទាក់ទង​នឹង​ការយាង​មក​ជា​លើក​ទី​ពីរ និង រជ្ជកាល​នៃ​សហស្សវត្សរ៍​របស់​ទ្រង់​ផងដែរ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:១-១៥

ព្រះអម្ចាស់​ត្រាស់​បង្គាប់​ឲ្យ​រាស្ត្រ​ទ្រង់ ត្រៀម​ខ្លួន​ទទួល​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់

រូបភាព
ព្រះយេស៊ូវគ្រីស្ទ

តើ​អ្នក​ធ្លាប់​ទៅ​សាលា ហើយ​ដឹង​ខ្លួន​ថា​អ្នក​ភ្លេច​ត្រៀមខ្លួន​ប្រឡង​ដែរ​ឬ​ទេ ? តើ​អ្នក​បាន​មាន​អារម្មណ៍​ដូចម្ដេច ឬ តើ​អ្នក​អាច​នឹង​មាន​អារម្មណ៍​ដូចម្ដេច ?

តើ​អ្នក​មាន​អារម្មណ៍​ដូចម្ដេច នៅ​ពេល​អ្នក​ដឹង​ថា​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ​សម្រាប់​ការប្រឡង ?

សូម​គិត​អំពី​ព្រឹត្តិការណ៍​មួយ​ចំនួន​នា​ពេល​អនាគត ដែល​អ្នក​គួរតែ​ត្រៀមខ្លួន​ពី​ឥឡូវ​នេះទៅ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:១-៣ដោយ​ស្វែងរក​ព្រឹត្តិការណ៍​មួយ ដែល​យើង​ត្រូវតែ​ត្រៀមខ្លួន​ទទួល និង មូលហេតុ​របស់​វា ។

វា​អាច​នឹង​ផ្ដល់​អត្ថប្រយោជន៍​ក្នុង​ការដឹង​ថា « យាង​ចុះ​មក​លើ​ពិភពលោក ដោយ​សេចក្ដី​បណ្ដាសា​ដើម្បី​ជំនុំជម្រះ » ( គ. និង ស. ១៣៣:២ ) សំដៅ​ទៅ​លើ​ការដាក់​ទណ្ឌកម្ម​លើ​ពួក​ទុច្ចរិត នៅ​ពេល​ដែល​ទ្រង់​យាង​មក​ជា​លើក​ទី​ពីរ ។ ឃ្លា « លាត​ព្រះពាហុ​បរិសុទ្ធ​របស់​ទ្រង់ » ( គ. និង ស. ១៣៣:៣ ) សំដៅ​ទៅ​លើ​ព្រះអម្ចាស់ បង្ហាញ​អានុភាព និង ព្រះចេស្ដា​របស់​ទ្រង់​ទៅ​កាន់​ពិភពលោក ។ ឃ្លា « អស់​ទាំង​ចុង​ផែនដី នឹង​បាន​ឃើញ​សេចក្ដី​សង្គ្រោះ​នៃ​ព្រះ​របស់​ពួកគេ » ( គ. និង ស. ១៣៣:៣ ) មាន​ន័យ​ថា មនុស្ស​ទាំងអស់​នឹង​ឃើញ​ការរំដោះ ដែល​ព្រះ​នឹង​នាំមក​ដល់​អស់​អ្នក​ដែល​ធ្វើតាម​ទ្រង់ ។

នៅ​ពេល​អ្នក​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣សូម​គិត​អំពី​មូលហេតុ​ដែល​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ និង ការត្រៀមខ្លួន​របស់​យើង​មាន​សារៈសំខាន់​បំផុត ។

យោង​តាម គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:២តើ​នឹង​មាន​អ្វី​កើតឡើង​ចំពោះ​ពួក​មនុស្ស​អាក្រក់ ឬ ពួកទុច្ចរិត នៅ​ពេល​ព្រះយេស៊ូវគ្រីស្ទ​យាង​មក​ជា​លើក​ទី​ពីរ ? សូម​ឆ្លើយ​សំណួរ​នេះ ដោយ​បញ្ចប់​គោលលទ្ធិ​ដូចតទៅ ដោយ​ប្រើ​អ្វី​មួយ​ដែល​អ្នក​បាន​រៀន​ចេញ​ពី​ខគម្ពីរ​នេះ ៖ នៅ​ពេល​ទ្រង់​យាង​មក​ជា​លើក​ទី​ពីរ ព្រះយេស៊ូវគ្រីស្ទ​នឹង​យាង​មក  ។

យើង​រៀន​ចេញ​ពី​ខគម្ពីរ​ទាំងនេះ​ថា ពួក​ទុច្ចរិត និង ពួក​មនុស្ស​អាក្រក់​នឹង​មិន​បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការយាងមក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ​នោះ​ទេ ។ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ប្រាកដ​ថា យើង​បាន​ត្រៀមខ្លួន​រួចរាល់ ?

  1. សូម​បំពេញ​កិច្ចការ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នេះ ៖ ជួយ​រៀបចំ​យើង ទទួល​ការយាងមក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៤–១៦ដោយ​ស្វែងរក​ឃ្លា​ទាំងឡាយ​ដែលអាច​ត្រូវបាន​ប្រើ​ដើម្បី​បំពេញ​ចន្លោះ ។ សូម​សរសេរ​ឃ្លាយ៉ាងតិច​ចំនួន​ប្រាំ ពី​ក្រោម​ចន្លោះទទេ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

    2. សូម​ជ្រើសរើស​ឃ្លា​ដែល​អ្នក​បាន​រកឃើញ​នៅ​ក្នុង​លំហាត់ ក ។ សូម​ពន្យល់​អំពី​មូលហេតុ​ដែល​ទង្វើរ​ទាំងនេះ​មានសារៈសំខាន់​ក្នុង​ការរៀបចំ​ខ្លួន​យើង ដើម្បី​ទទួល​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

    3. សូម​ពន្យល់​អំពី​ពរជ័យ​នានា ដែល​អ្នក​នឹង​ទទួល​បាន​នា​ពេល​ឥឡូវ​នេះ តាមរយៈ​ការអនុវត្ត​តាម​ទង្វើរ​ដែល​អ្នក​បាន​រកឃើញ​នៅ​ក្នុង​លំហាត់ ខ ។

សូម​មើល​ឡើង​វិញ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៥, ៧, ១៤ ។ សូម​គិត​អំពី​ការគូសចំណាំ​ឃ្លា​ស្រដៀងគ្នា​នេះ ដែល​អ្នក​បាន​កត់ចំណាំ​នៅ​ក្នុង​ខគម្ពីរ​នីមួយៗ ។

នៅ​ជំនាន់​ព្រះគម្ពីរ​សញ្ញា​ចាស់ ទីក្រុង បាប៊ីឡូន គឺ​ជា​ទីក្រុង​ទុច្ចរិត​បំផុត ។ នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ទីក្រុង បាប៊ីឡូន អាច​ត្រូវបាន​ឃើញ​ថា​ជា​និមិត្តរូប​នៃ​សេចក្ដី​ទុច្ចរិត និង​លោកិយ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​វា​អាច​មាន​ន័យ​ដូចម្ដេច នៅ​ពេល​ព្រះអម្ចាស់​ត្រាស់​បង្គាប់​ឲ្យ​យើង​រត់ភៀស​ពី​ទីក្រុង បាប៊ីឡូន ?

    2. តើ​យើង​អាច​រត់ភៀស​ពី​ទីក្រុង បាប៊ីឡូន បានដោយ​របៀប​ណា ? តើ​ការណ៍​ទាំងនេះ​អាច​នឹង​រៀបចំ​ខ្លួន​យើង ទទួល​ការយាង​មក​ជា​លើក​ទី​ពីរ​បាន​យ៉ាង​ដូចម្ដេច ?

សូម​កត់ចំណាំ​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:១៥ អំពី​របៀប​ដែល​យើង​ត្រូវ​រត់ភៀសខ្លួន​ពី​ទីក្រុង បាប៊ីឡូន ។ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា នៅ​ពេល​ប្ដី​ថ្មោងថ្មី​មក​ដល់ ( សូម​មើល ខទី ១០ ) នោះ​នឹង​ពុំ​មាន​ពេល​បង្ហើយ​កិច្ចការ​យ៉ាង​រួសរាន់ ដែល​គួរតែ​បាន​បង្ហើយ​តាំង​ពី​យូរ​ណាស់​មក​ហើយ​នោះ​ទេ ។ ការណ៍​នេះ​មាន​សភាព​ស្រដៀងគ្នា​ទៅ​នឹងសារលិខិត​ដែល​ត្រូវបាន​បង្រៀន​នៅ​ក្នុង​រឿងប្រដូច​នៃ​ស្ត្រីព្រហ្មចារិយ​ទាំង​ដប់​នាក់ ( សូម​មើល ម៉ាថាយ ២៥:១–១៣សូម​មើល​ផងដែរ គ. និង ស. ៤៥:៥៦–៥៧ ) ។ ស្ត្រីព្រហ្មចារិយ​ប្រាំ​នាក់​បាន​ព្យាយាម​បង្ហើយ​កិច្ចការ​យ៉ាង​រួសរាន់ នៅ​ពេល​បាន​ឮ​សេចក្តីប្រកាស​ថា ប្ដី​ថ្មោងថ្មី​បាន​មក​ដល់ ប៉ុន្តែ វា​យឺត​ពេល​ណាស់​ទៅ​ហើយ ។

សូម​កត់ចំណាំ​ផងដែរ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:១៥ អំពី​ការណ៍ ដែល​ព្រះអម្ចាស់​បាន​ព្រមាន​មិន​ឲ្យ​យើង​ធ្វើ នៅ​ពេល​យើង​រត់ភៀស​ពី​ទីក្រុង បាប៊ីឡូន ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

សូម​ពិចារណា​អំពី​អត្ថន័យ​នៃ​ឃ្លា « កុំ​ឲ្យ​គេ​ងាក​មើល​ក្រោយ » ( គ. និង ស. ១៣៣:១៥ ) បន្ទាប់​ពី​យើង​បាន​ដក​ខ្លួន​ចេញ​ពី​អានុភាពដែល​ពេញ​ដោយ​អំពើបាប និង ខាង​លោកិយ​ហើយ ។ បរិបទ​នៃ​ឃ្លា កុំ​ឲ្យ​គេ​ងាក​មើល​ក្រោយ សំដៅ​ទៅ​លើ​ការប្រឹងប្រែង​រលាស់​ចោល​សេចក្ដី​ទុច្ចរិត និង ភាពខាង​លោកិយ​ទាំងស្រុង ហើយ​ពុំ​ត្រឡប់​ទៅ​ផ្លូវ​កាល​ពី​មុន​ទៀត​ឡើយ ។ ខគម្ពីរ​នេះ​គឺ​ជា​ការព្រមាន​យើង​កុំ​ឲ្យ​មាន​បំណង ហើយ​ត្រឡប់​ទៅ​រក​ជីវិត​កាល​ពី​មុន​របស់​យើង​ទៀត ។

រូបភាព
កូនប្រុស និង ឪពុក​ដើរ​ចេញ​ទៅ

ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​ដល់​យើង ឲ្យ​ចាកចេញ​ពី​សេចក្ដី​ទុច្ចរិត និង កុំ​ងាក​មើល​ក្រោយ​ឡើយ ។

សូម​គិត​អំពី​ការសរសេរ​សេចក្ដីពិត​ដូចតទៅ ដាក់​នៅ​លើ​គែម​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ ខទី ១៥ ៖ បើសិនជា​យើង​ងាក​ទៅ​រក​សេចក្ដី​ទុច្ចរិត និង អំពើបាប​កាល​ពី​មុន​របស់​យើង នោះ​យើង​នឹង​ពុំ​បាន​ត្រៀមខ្លួន​ជា​ស្រេច ដើម្បី​ទទួល​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអង្គសង្គ្រោះ​ឡើយ ។

  1. សូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​យុវវ័យ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី « កុំ​ឲ្យ​គេ​ងាក​មើល​ក្រោយ » នៅ​ពេល​ពួកគេ​ព្យាយាម​រីកចម្រើន​ខាង​វិញ្ញាណ ហើយ​មក​ឲ្យ​កាន់តែ​ជិត​ព្រះអង្គសង្គ្រោះ ?

សូម​កត់ចំណាំ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៩ ថាព្រះអម្ចាស់​បាន​ដឹកនាំ​រាស្ត្រ​របស់​ទ្រង់ ឲ្យ​ប្រមូល​គ្នា​នៅ​ក្នុង​ដែនដី​ស៊ីយ៉ូន ។ សូម​ចងចាំ​ថា ដែនដី​ស៊ីយ៉ូន​ក៏​តំណាង​ឲ្យ​មនុស្ស​សុចរិត​ដែរ—គឺ​អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ រួបរួម និង លះបង់​ចំពោះ​ព្រះរាជ​បំណង​របស់​ព្រះ ។

  1. សូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ការលើកទឹកចិត្ត​បែប​ណា​ខ្លះ ដែល​អ្នក​នឹង​ផ្ដល់​ឲ្យ​ដល់​អស់អ្នក​ដែល​បាន​រត់ភៀសខ្លួន​ពី​ទីក្រុង បាប៊ីឡូន ( សេចក្ដី​ទុច្ចរិត និង ភាពខាងលោកិយ ) ហើយ​កំពុង​ពុះពារ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង ស៊ីយ៉ូន ( សេចក្តី​សុចរិត ) ដើម្បី​ជួយ​គាត់​ឲ្យ​បន្ត​មាន​ចិត្ត​ស្មោះត្រង់ ?

បើសិនជា​អ្នក​អវត្តមាន​នៅ​ចំ​ថ្ងៃ ដែល​គ្រូ​ប្រកាស​អំពី​ការប្រឡង​មួយ​ដ៏​ធំ​នា​ថ្ងៃ​ខាង​មុខ តើ​អ្នក​នឹង​សង្ឃឹម​ថា មិត្ត​រួម​ថ្នាក់​របស់​អ្នក​នឹង​ធ្វើ​អ្វី​សម្រាប់​អ្នក ?

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៤–១៥ព្រះអម្ចាស់​ក៏​បាន​បង្រៀន​ពួក​បរិសុទ្ធ​ផងដែរ​ថា ការត្រៀមខ្លួន​របស់​ពួកគេ​ទទួល​ការយាង​មក​ជា​លើក​ទី​ពីរ រួម​បញ្ចូល​ទាំង​ការជួយ​មនុស្ស​ដទៃ​ឲ្យ​ត្រៀមខ្លួន​ផងដែរ ។ តើ​កិច្ចការ​ប្រភេទ​ណា​ខ្លះ​ដែល ព្រះអម្ចាស់​បាន​មាន​បន្ទូល​រៀបរាប់​នៅ​ក្នុង ខទី ៨–១០ ?

នៅ​ពេល​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​អំពី​ការទទួល​ខុសត្រូវ​ដ៏​មាន​សារៈសំខាន់​មួយ ដែល​ក៏​អនុវត្ត​ចំពោះ​សមាជិក​សាសនាចក្រ​ផងដែរ ៖

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

« ការទទួលខុសត្រូវ​ដ៏​ចាំបាច់​មួយ​របស់​អ្នក គឺ​ត្រូវ​ជួយ​រៀបចំ​មនុស្ស​ទទួល​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអង្គ​សង្គ្រោះ ។…

« បេសកកម្ម​របស់​អ្នក​នឹង​ក្លាយ​ជា​ឱកាស​មួយ​ដ៏​ពិសិដ្ឋ​ក្នុង​ការនំា​មនុស្ស​ទូទៅ​មក​រក​ព្រះ​គ្រីស្ទ ហើយ​ជួយ​រៀបចំ​ពួកគេ​ទទួល​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអង្គ​សង្គ្រោះ ។…

« … ពិភពលោក​កំពុង​ត្រូវបាន​រៀបចំ​ទទួល​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​ទ្រង់ទ្រាយដ៏​ធំ​មួយ តាមរយៈ​កិច្ចការ​របស់​ព្រះអម្ចាស់ ពីសំណាក់​អ្នកផ្សព្វផ្សាយ​សាសនា​របស់​ទ្រង់ » ( «Preparing the World for the Second Coming» EnsignLiahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៤៩–៥១ ) ។

  1. សូម​បំពេញ​កិច្ចការ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ៖ តើ​អ្នក​គិត​ថា ការជួយ​មនុស្ស​ទូទៅ ត្រៀម​ខ្លួន​ទទួល​ការយាងមក​ជា​លើក​ទី​ពីរ ក៏​នឹង​ជួយ​អ្នក​ឲ្យ​ត្រៀមខ្លួន​ដូចគ្នា​ដោយ​របៀប​ណា ? តើ​ពរជ័យ​បន្ថែម​មួយ​ចំនួន ដែល​អ្នក​នឹង​រីករាយ​នៅ​ក្នុង​ជីវិត​របស់​អ្នក​តាមរយៈ​ការជួយ​មនុស្ស​ទូទៅ ឲ្យ​ត្រៀមខ្លួន​ទទួល​ការយាង​មក​ជា​លើក​ទីពីរ​នោះ មាន​អ្វី​ខ្លះ ?

    2. សូម​រំឭក​ពីអ្វី​ដែល​អ្នក​បាន​សរសេរ អំពី​ការត្រៀមខ្លួន​ទទួល​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូម​សរសេរ​អ្វី​មួយ​ដែល​អ្នក​មាន​អារម្មណ៍​បំផុស​ឲ្យ​ធ្វើ ដើម្បី​ត្រៀមខ្លួន​អ្នក​ឲ្យ​បាន​កាន់តែ​ប្រសើរ ឬ ជួយ​រៀបចំ​មនុស្ស​ទូទៅទទួល​ការយាង​មក​ជា​លើក​ទី​ពីរ ។ សូម​សរសេរ​ផែនការ​មួយ អំពី​របៀប​ដែល​អ្នក​នឹង​សម្រេច​គោលដៅ​នេះ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:១៦រួច​ស្វែងរក​អ្វី​ដែល​នឹង​ជួយ​យើង ឲ្យ​ត្រៀមខ្លួន​ជួប​ព្រះអម្ចាស់ នៅ​ពេល​ដែល​ទ្រង់​យាង​មក ។ សូម​បំពេញ​គោលការណ៍​ដូចតទៅ​នេះ ដោយ​សរសេរ​នៅ​ក្នុង​ចន្លោះ​ទទេ​ដោយ​ប្រើ​ពាក្យ​ដែល​អ្នក​រកឃើញ ៖ នៅ​ពេល​យើង នោះ​យើង​បាន​ត្រៀមខ្លួន​ដើម្បី​ជួប​ព្រះ​ហើយ ។

  1. សូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ការប្រែចិត្ត​ជួយ​រៀបចំ​យើង ទទួល​ការយាង​មក​ជា​លើក​ទី​ពីរ​យ៉ាង​ដូចម្ដេច ?

គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:១៧-៣៥

ព្រះអម្ចាស់​ត្រាស់សម្ដែង​ព្រឹត្តិការណ៍​មួយ​ចំនួន ដែល​ទាក់ទង​ទៅ​នឹង​ការយាង​មក​ជា​លើក​ទី​ពីរ និង រជ្ជកាល​នៃ​សហស្សវត្សរ៍​របស់​ទ្រង់ ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:១៧–៣៥ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​អំពី​ព្រឹត្តិការណ៍​មួយ​ចំនួន ដែល​ទាក់ទង​នឹង​ការយាង​មក​ជា​លើក​ទី​ពីរ និង រជ្ជកាល​នៃ​សហស្សវត្សរ៍​របស់​ទ្រង់​នៅ​លើ​ផែនដី ។ សូម​អាន​ខគម្ពីរ​ទាំងនេះ ហើយ​គិត​អំពី​ការគូសចំណាំ​ព្រឹត្តិការណ៍​នានា ដែល​អ្នក​រក​ឃើញ ។ តើ​ព្រឹត្តិការណ៍​មួយ​ណា ដែល​អ្នក​ចាប់​អារម្មណ៍​ចង់​ឃើញ​ជាង​គេ ?

ព្រឹត្តិការណ៍​មួយ​ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:២១–២៩ គឺ​ជា​ការត្រឡប់​ទៅ​វិញ​នៃ​អំបូរ​អ៊ីស្រាអែល​មួយ ដែល​បាន​បាត់បង់ ។ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់ ៖ « អំបូរ​ទាំង​ដប់​នឹង​ត្រឡប់​មក​វិញ​ក៏​បាន​ដូចជា​អំបូរ​ដទៃ​ទៀត​ដែរ ៖ តាមរយៈ​ការទទួល​យក​ព្រះគម្ពីរ​មរមន និង ការជឿ​លើ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ ។ ពុំ​អាច​មាន​អង្គការ​សាសនាចក្រ​ពីរ​ដាច់​ពី​គ្នា និង ឯករាជ្យ​នៅ​លើ​ផែនដី​ដូចគ្នា ក្នុង​ពេល​តែ​មួយ​បាន​ទេ យ៉ាងណាក៏ដោយ ក្នុងរយៈពេល​មួយ​ថ្ងៃ​មិន​អាច​គ្រប់គ្រង​សាសនាចក្រ​ចេញ​ពី​កន្លែង​តែ​មួយ​បាន​ទេ ។ ប្រធាន​នៃ​សាសនាចក្រ កាន់​កូនសោ​ទាំងឡាយ អំបូរ​ទាំង​ដប់​នឹង​ត្រូវបាន​នាំ​ចេញ​ពី​ដែនដី​ភាគ​ខាង​ជើង ទៅ​កាន់​មាតុភូមិ​ប៉ាឡេស្ទីន​របស់​ពួកគេ​វិញ ។ គឺ​ទ្រង់ មិន​មែន​ពួកគេ​ទេ ដែល​នឹង​ដឹកនាំ​ពួកគេ​ឲ្យ​ត្រឡប់​មក​វិញ​នោះ » ( A New Witness for the Articles of Faith [ ឆ្នាំ ១៩៨៥ ] ទំព័រ ៥២០–២១ ) ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៣០–៣៥ ប្រាប់​អំពី​ពរជ័យ​មួយ​ចំនួន ដែល​រាស្ត្រ​ក្នុង​សេចក្ដី​សញ្ញា​របស់​ព្រះអម្ចាស់​ទទួល​បាន ជា​ពរជ័យ​ដែល​ទាក់ទង​ទៅ​នឹង​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអម្ចាស់ ។ ដោយសារតែ​ការសន្យា​របស់​ព្រះអម្ចាស់​ត្រូវបាន​ធ្វើ​ជាមួយ អេប្រាអិម ( ជា​កូនប្រុស​របស់ យ៉ូសែប ) និង ជា​អំបូរ​របស់​លោក នោះ​កូនចៅ​របស់ អេប្រាអិម នឹង​ត្រូវបាន​ប្រមូល​មុន​គេ​នៅ​ថ្ងៃ​ចុងក្រោយ​បង្អស់ ។ ពួកគេ​ត្រូវបាន​ផ្ដល់​ឲ្យ​នូវ​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ និង សិទ្ធិអំណាច​បព្វជិតភាព ព្រមទាំង​កូនសោ​ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​ដឹកនាំ​កិច្ចការ​នៃ​ការប្រមូលផ្តុំ​វង្ស​អ៊ីស្រាអែល ។ ព្រះ​រាជ​បំណង​ដ៏​ធំ​បំផុត​របស់​ព្រះអម្ចាស់ គឺ​ត្រូវ​ជួយ​ក្រុមគ្រួសារ​ទាំង​មូល​របស់​ព្រះ ឲ្យ​បាន​ពាក់​មកុដ​ដោយ​នូវ​សិរីល្អ ហើយ​ទទួល​បាន​ពរជ័យ​ដែល​មាន​តាមរយៈ​ពិធី​បរិសុទ្ធ​នានា​នៃ​ដំណឹងល្អ ។

តាមរយៈ​ការប្រែចិត្ត និង ការត្រៀមខ្លួន​របស់យើង និង ការរៀបចំ​មនុស្ស​ទូទៅ​ទទួល​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអម្ចាស់ នោះ​យើង​អាច​ទន្ទឹង​រង់ចាំ​ការយាង​មក​របស់​ទ្រង់​ដោយសេចក្តី​អំណរ ហើយ​ក៏​រីករាយ​នឹង​ពរជ័យ​ដែល​កើត​មាន​ពី​ការរស់នៅ​ប្រកប​ដោយ​សុចរិតភាព​ក្នុង​ពេល​នេះ​ដែរ ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:១-៣៥ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖