ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៦ ៖ ថ្ងៃ​ទី ៤ គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៥០-៨០


មេរៀន​ទី ១៦ ៖ ថ្ងៃ​ទី ៤

គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៥០-៨០

សេចក្ដីផ្ដើម

បន្ទាប់​ពី​បាន​ឃើញ​ការនិមិត្ត​អំពី​សិរីល្អ​នៃ​បុត្រា ការធ្លាក់​របស់ លូស៊ីហ្វើរ និង ស្ថានភាព​នៃ​ពួក​កូន​អន្តរធាន នោះ​ព្យាការី យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បាន​ឃើញ​មនុស្ស​ទាំងឡាយ​ដែល​នឹង​ចេញ​មក​ក្នុង​ដំណើររស់​ឡើង​វិញ​នៃ​មនុស្ស​សុចរិត ៖ បណ្ដាជន​នៃ​នគរ​សេឡេស្ទាល និង ទេរេសទ្រាល ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៥០-៧០

ព្រះអម្ចាស់​បើក​សម្ដែង​លក្ខខណ្ឌ និង ពរជ័យ​ទាំងឡាយ​នៃ​ការទទួលបាន​សិរីល្អ​ខាង​សេឡេស្ទាល

រូបភាព
ផ្ទះ​របស់ យ៉ូហាន ចនសុន

បន្ទប់​ដែល​ការនិមិត្ត ដែល​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦ ត្រូវបាន​ទទួល ។

ពេល​កំពុង​បកប្រែ​ព្រះគម្ពីរ​ប៊ីប​នៅ​ថ្ងៃ​ទី ១៦ ខែ កុម្ភៈ ឆ្នាំ ១៨៣២ ព្យាការី យ៉ូសែប ស៊្មីធ បាន​ធ្វើ​ការកែប្រែ​ដ៏​បំផុសគំនិត​ទៅ​លើ​ពាក្យពេជន៍​នៃ យ៉ូហាន ៥:២៩ ដែល​ប្រាប់​អំពី​ការរស់ឡើងវិញ​នៃ​មនុស្ស​សុចរិត និង មនុស្ស​ឥត​សុចរិត ( សូម​មើល គ. និង ស. ៧៦:១៥–១៧ ) ។ លោក និង ស៊ីឌនី រិកដុន បាន​ពិចារណា​លើ​ការពិពណ៌នា​អំពី​ការរស់ឡើងវិញ​នៃ​មនុស្ស​សុចរិត និង ការរស់ឡើងវិញ​នៃ​មនុស្ស​ឥត​សុចរិត នៅ​ពេល​ពួកលោក​ទទួល​បាន​វិវរណៈ​ដែល​មាន​បញ្ចូល​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៥០ដោយ​ស្វែងរក​មនុស្ស​ប្រភេទ​ណា ដែល យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បាន​ឃើញ​បន្ទាប់​ពី​វិវរណៈ​នៃ​ពួក​កូន​អន្តរធាន ។ ( នៅ​ពេល​អ្នក​អាន វា​អាច​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​ដែល​ត្រូវ​ដឹង​ថា នៅ​ក្នុង​ខគម្ពីរ​នេះ ពាក្យ សុចរិត មាន​ន័យ​ថា មនុស្ស​សុចរិត ។ អ្នក​អាច​នឹង​ចង់​សរសេរ​និយមន័យ​នេះ​នៅ​លើ​គែម​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៥០ ) ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៧០រួច​គូស​ចំណាំ​ប្រភេទ​មនុស្ស​ដែល​នៅ​ក្នុង​ក្រុម​ទី​មួយ ដែល យ៉ូសែប និង ស៊ីឌនី បាន​ឃើញ ដែល​នឹង​រស់ឡើងវិញ​នៅ​អំឡុង​ពេល​នៃ​ការរស់ឡើងវិញ​នៃ​មនុស្ស​សុចរិត ។ ជា​ផ្នែក​មួយ​នៃ​ការនិមិត្ត​នេះ ព្រះអម្ចាស់​បាន​បើកសម្ដែង​លក្ខខណ្ឌ​នៃ​អស់​អ្នក​ដែល​នឹង​គ្រង​នគរ​សេឡេស្ទាល ។

  1. សូម​សរសេរ​ចំណងជើង​ថា ការក្លាយ​ទៅ​ជា​អ្នក​គ្រង​នគរ​សេឡេស្ទាល នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៥១–៥៣រួច​រាយ​នៅ​ក្រោម​ចំណងជើង​ដែល​បាន​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​លក្ខខណ្ឌ​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ចំពោះ​អ្នក​ដែល​នឹង​គ្រង​នគរ​សេឡេស្ទាល ។ សូម​ព្យាយាម​ស្វែងរក​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ លក្ខខណ្ឌ​ចំនួន​បួន ។

ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់ អំពី​ឃ្លា​មួយ​ចំនួន​ដែល​អ្នក​រក​ឃើញ នោះ​វា​អាច​នឹង​មាន​ប្រយោជន៍ ដែល​ត្រូវ​ដឹង​ថា « [ ទទួល ] ទីបន្ទាល់​ពី​ព្រះយេស៊ូវ » ( គ. និង ស. ៧៦:៥១ ) គឺ​ទទួល​បាន​ទីបន្ទាល់​មួយ តាមរយៈ​វិវរណៈ​ផ្ទាល់ខ្លួន ដែល​ថា​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះអង្គសង្គ្រោះ ហើយ​ត្រូវ​ប្រព្រឹត្ត​ឲ្យ​ស្រប​ទៅ​តាម​ទីបន្ទាល់​នោះ​នៅ​ក្នុង​ជីវិត​របស់​អ្នក ។ « ឈ្នះ​ដោយសារ​សេចក្ដី​ជំនឿ » ( គ. និង ស. ៧៦:៥៣ ) គឺ​ឈ្នះ​លើ​ការល្បួង និង អំពើ​បាប​ទាំងឡាយ ដោយ​ការអនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ បុគ្គល​ម្នាក់ « ត្រូវបាន​ភ្ជាប់​ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដី​សន្យា » ( គ. និង ស. ៧៦:៥៣ សូមមើល​ផងដែរ គ. និង ស. ១៣២:៧) នៅ​ពេល​ព្រះវិញ្ញាណ​បរិសុទ្ធ​បញ្ជាក់​ថា ពិធី​បរិសុទ្ធ​ទាំងឡាយ​នៃ​បព្វជិតភាព​ត្រូវបាន​ទទួល ហើយ​សេចក្ដី​សញ្ញា​ដែល​បាន​ធ្វើ​ឡើង​នោះ ត្រូវបាន​ទទួល​ស្គាល់​ដោយ​ព្រះ ។ ការអនុមតិ​នេះ អាស្រ័យ​លើ​ភាពស្មោះត្រង់​របស់​បុគ្គល​ម្នាក់ ។

  1. ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​បុគ្គល​ដែល​គ្រង​នគរ​សេឡេស្ទាល សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ​ចំនួន​ពីរ ឬ ច្រើន​ជាង​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​ធ្លាប់​បាន​ធ្វើ​ដូចម្ដេច ដើម្បី​ទទួល​បាន​ទីបន្ទាល់​ពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​រក្សា​ទីបន្ទាល់​នោះ​ឲ្យ​រឹងមាំ ?

    2. តើ​អ្នក​អាច​ធ្វើ​ដូចម្ដេច ដើម្បី​ទទួល​បាន​ទីបន្ទាល់​ពី​ព្រះយេស៊ូវគ្រីស្ទ​ឲ្យ​បាន​កាន់តែ​ច្រើន ?

    3. តើ​ការទទួល​បាន​ទីបន្ទាល់​នៃ​ព្រះយេស៊ូវគ្រីស្ទ និង ការរក្សា​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ជួយ​មនុស្ស​ម្នាក់​ឲ្យ​ប្រែក្លាយ​កាន់តែ​សក្ដិសម ដើម្បី​គ្រង​នគរ​នគរ​សេឡេស្ទាល​តាម​របៀប​ណា ?

រូបភាព
ព្រះយេស៊ូវគ្រីស្ទ

បន្ថែម​ពី​លើ​ការបើកសម្ដែង​លក្ខខណ្ឌ​មួយ​ចំនួន​ទាំងនេះ អំពី​អ្នក​ដែល​នឹង​គ្រង​នគរ​សេឡេស្ទាល នោះ​ព្រះអម្ចាស់​បាន​បន្ត​ពិពណ៌នា​អំពី​ពរជ័យ​មួយ​ចំនួន ដែល​បណ្ដាជន​នៃ​នគរ​សេឡេស្ទាល​នឹង​ទទួល​បាន ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៥៤-៦៨ហើយ​ស្វែងរក​ពរជ័យ​ទាំងនេះ ។ សូម​ពិចារណា​អំពី​ការ​គូសចំណាំ​ពរជ័យ​ទាំងឡាយ​ណា ដែល​មាន​ន័យ​ជា​ពិសេស​ចំពោះ​អ្នក ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៦៩–៧០ដោយ​ស្វែងរក​អ្វី​ដែល​កើតឡើង​ចំពោះ អ្នក​ដែល​សក្ដិសម​គ្រង​នគរ​សេឡេស្ទាល ។ នៅ​ពេល​អ្នក​អាន វា​អាច​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​ដែល​ត្រូវ​ដឹង​ថា​ពាក្យ ល្អ​ឥតខ្ចោះ នៅ​ក្នុង ខទី ៦៩ ពុំ​មាន​ន័យ​ថា មិន​មាន​កន្លែង​ខុស​នោះ​ទេ ប៉ុន្តែ វា​មាន​ន័យ​ថា ពេញលេញ ។ ( ម៉ាថាយ ៥:៤៨ លេខយោង  ពន្យល់​ថា ការបកប្រែ​ពី​ភាសា​ក្រិក​មាន​ន័យ​ថា « ពេញលេញ បញ្ចប់ រីកចម្រើន​ពេញលេញ » ) ។

ទោះ​ជា​ពេល​ដែល​យើង​ប្រឹងប្រែង​ដោយ​អស់​ពី​សមត្ថភាព​ដើម្បី​រក្សា​ព្រះបញ្ញត្តិ​ទាំងឡាយ​មិន​ធ្វើ​ឲ្យ​យើង​បាន​ល្អ​ឥតខ្ចោះ​យ៉ាង​ណា​ក្ដី ក៏​ការប្រឹងប្រែង​របស់​យើង ធ្វើ​ឲ្យ​យើង​អាច​ទទួល​បាន​ព្រះគុណ​របស់​ព្រះអង្គសង្គ្រោះ ហើយ​បាន​ស្អាតស្អំ​ដោយ « ដង្វាយធួន​ដ៏​ល្អ​ឥតខ្ចោះ តាមរយៈ​ការច្រួច​ព្រះលោហិត​របស់​ព្រះអង្គ​ទ្រង់ » ផ្ទាល់​ដែរ (គ. និង ស. ៧៦:៦៩ ) ។ យើង​ម្នាក់ៗ​អាច​ធ្វើ​ឲ្យ​បាន​ល្អ​ឥតខ្ចោះ តាម​រយៈ​ព្រះយេស៊ូវគ្រីស្ទ និង ត្រូវបាន​តម្កើង​ឡើង​ជាមួយ​ក្រុមគ្រួសារ​នៅ​ក្នុង​កម្រិត​ខ្ពស់​ជាង​គេ​នៃ​នគរ​សេឡេស្ទាល ( សូម​មើល មរ៉ូណៃ ១០:៣២–៣៣ ) ។ សេចក្ដីពិត​នេះ​អាច​លើកទឹកចិត្ត​យើង ឲ្យ​រក្សា​ព្រះបញ្ញត្តិ ហើយ​ទទួល​បាន​ពិធីបរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ ដើម្បី​យើង​អាច​ទទួល​បាន​ពរជ័យ​ដ៏​មហិមា​ទាំងនេះ ។ ដូច្នេះ យើង​អាច​ធ្វើ​ឲ្យ​បាន​ល្អ​ឥតខ្ចោះ តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​នេះ​នៅ​ក្រោម ចំណងជើង « ការក្លាយ​ទៅ​ជា​អ្នក​គ្រង​នគរ​សេឡេស្ទាល » នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​គោលការណ៍​ដែល​បាន​បង្រៀន​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៦៩–៧០ ពង្រឹង​សេចក្ដី​ជំនឿ​របស់​អ្នក ហើយ​បំផុស​អ្នក​ឲ្យ​ស្វែងរក​ភាពតម្កើង​ឡើង​នៅ​ក្នុង​នគរ​សេឡេស្ទាល​យ៉ាង​ដូចម្ដេច ?

    2. តើ​គោលការណ៍​ទាំងឡាយ​ដែល​បាន​បង្រៀន​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ជួយ​យើង​ឲ្យ​យក​ឈ្នះ​លើ​ការបាក់​ទឹកចិត្ត ពេល​យើង​ពុះពារ​ឲ្យ​បាន​សិរីល្អ​សេឡេស្ទាល​យ៉ាង​ដូចម្ដេច ?

គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៧១-៨០

យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បាន​ឃើញ​ការនិមិត្ត​អំពី​នគរ​ទេរេសស្ទ្រាល

ប្រសិនបើ​អ្នក​ត្រូវ​សួរ​មិត្តភក្ដិ​របស់​អ្នក ថាតើ​ពួកគេ​ជឿ​ថា​ពួកគេ​អាច​គ្រង​នគរ​សេឡេស្ទាល—ដើម្បី​ត្រឡប់​ទៅ​រស់នៅ​ដ៏​អស់កល្ប​ជានិច្ច​ជាមួយ​ព្រះវរបិតាសួគ៌​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ—តើ​អ្នក​គិត​ថា ពួកគេ​ប៉ុន្មាន​នាក់​ដែល​នឹង​និយាយ​ថា ពួកគេ​ជឿ​ថា​ពួកគេ​អាច ? តើ​អ្នក​ជឿ​ថា អ្នក អាច​គ្រង​នគរ​សេឡេស្ទាល​បាន​យ៉ាង​ដូចម្ដេច ?

ប៊ីស្សព យ៉ូសែប អិល វើតលីន ក្នុង​គណៈ​ប៊ីស្សព​ជា​អធិបតី បាន​ថ្លែងទីបន្ទាល់​ថា « យើង​ទាំងអស់​គ្នា គឺ​ជា​អ្នក​ដែល​នឹង​ចូល​ទៅ​ក្នុង​នគរ​សេឡេស្ទាល » ( នៅ​ក្នុង​របាយការណ៍​សន្និសីទ ខែ មេសា ឆ្នាំ ១៩៥២ ទំព័រ ១១៨ ) ។ អ្នក​អាច​នឹង​ចង់​សរសេរ​សេចក្ដី​ថ្លែងការណ៍​នេះ នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ឬ នៅ​លើ​គែម​នៃ​ព្រះគម្ពីរ​របស់​អ្នក ។

ទោះជា​មនុស្ស​ទាំងអស់​គឺ​ជា​អ្នក​ដែល​នឹង​ចូល​ទៅ​ក្នុង​នគរ​សេឡេស្ទាល​ក្ដី ក៏​មនុស្ស​មួយ​ចំនួន​ជ្រើសរើស​មិន​រស់នៅ​តាម​សក្ដានុពល​របស់​ខ្លួន​ដែរ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៧១រួច​គូសចំណាំ​អ្វី​ដែល​ព្យាការី យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បាន​ឃើញ​ក្រោយ​មក​ទៀត​ក្នុង​ការនិមិត្ត ។

សូម​កត់ចំណាំ​អំពី​របៀប​ដែល​បទគម្ពីរ​ទាំងនេះ ប្រើប្រាស់​ភាពខុសគ្នា​រវាង​ពន្លឺ​ដែល​ចាំង​ឆ្លុះ​ពី​ព្រះចន្ទ និង ពន្លឺ​ដែល​ជះ​ចេញ​ដោយ​ផ្ទាល់​ពី​ព្រះអាទិត្យ ដើម្បី​តំណាង​ឲ្យ​ភាព​ខុសគ្នា​រវាង​សិរីល្អ​នៃ​នគរ​ទេរេសទ្រាល និង សេឡេស្ទាល ។ ទន្ទឹម​នឹង​ពេល​ដែល​បណ្ដាជន​នៃ​នគរ​សេឡេស្ទាល និង ទេរេសទ្រាល ទាំងពីរ​ត្រូវបាន​បញ្ចូល​ទៅ​ក្នុង​ការរស់ឡើងវិញ​នៃ​មនុស្ស​សុចរិត នោះ​អ្នក​ដែល​នឹង​ទទួលបាន​រូបកាយ​សេឡេស្ទាល ក៏​នឹង​រស់ឡើងវិញ​ដោយ​មាន​សិរីល្អ និង ពរជ័យ​កាន់តែ​ប្រសើរ​ជាង អ្នក​ដែល​នឹង​ទទួល​បាន​រូបកាយ​ខាង​ទេរេសទ្រាល​ដែរ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៧២–៨០ដោយ​ស្វែងរក​កត្តា​ដែល​បណ្ដាជន​នៃ​នគរ​ទេរេសទ្រាល មាន​សភាព​ខុស​គ្នា​ពី​បណ្ដាជន​នៃ​នគរ​សេឡេស្ទាល ។

សូម​រំឭក គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៧១–៧៩រួច​គូសចំណាំ​អ្វី​ដែល​អ្នក​រកឃើញ​អំពី អ្នក​ដែល​នឹង​គ្រង​នគរ​ទេរេសទ្រាល ។ « ចូរ​ចងចាំ​ថា​មាន​តែ​ព្រះ​ទ្រង់​មួយ​អង្គ​គត់ ជា​ព្រះ​ដែល​ជ្រាប​ពី​ដួងចិត្ត​នៃ​បុគ្គល​ម្នាក់ៗ ទើប​អាច​ជំនុំជម្រះ​ដល់​បុគ្គល​ទាំងអស់​បាន ( សូម​មើល វិវរណៈ ២០:១២; នីហ្វៃទី​៣ ២៧:១៤; គ. និង ស. ១៣៧:៩ ) » (ពិត​ចំពោះ​សេចក្ដី​ជំនឿ ៖ ឯកសារយោង​នៃ​ដំណឹងល្អ[ឆ្នាំ ២០០៤ ] ទំព័រ ៩០ ) ។ មាន​តែ​ព្រះអម្ចាស់​ទេ ដែល​អាច​ជ្រាប​អំពី​ដួងចិត្ត​របស់​យើង​បាន ដូច្នេះ យើង​គួរតែ​ប្រយ័ត្ន​ដោយ​មិន​វិនិច្ឆ័យ​លើ​នគរ​ណាមួយ ដែល​យើង​ជឿ​ថា​មនុស្ស​ដទៃ​នឹង​គ្រង ។

  1. សូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​មនុស្ស​មួយ​ចំនួន​សព្វថ្ងៃ​នេះ កំពុង​ត្រូវបាន​បំភាន់​ដោយ​កលល្បិច​នៃ​មនុស្ស​យ៉ាង​ដូចម្ដេច ?

ភាពខុសគ្នា​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​មួយ​រវាង មនុស្ស​ដែល​នឹង​គ្រង​នគរ​សេឡេស្ទាល និង មនុស្ស​ដែល​នឹង​គ្រង​នគរ​ទេរេសទ្រាល គឺ​ជា​អ្វី​ដែល​ពួកគេ​ប្រព្រឹត្ត​ចំពោះ​ទីបន្ទាល់​របស់​ខ្លួន​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ មនុស្ស​ដែល​គ្រង​នគរ​ទេរេសទ្រាល « ពុំ​ក្លាហាន​ក្នុង​ទីបន្ទាល់​ពី​ព្រះយេស៊ូវ » ឡើយ (គ. និង ស. ៧៦:៧៩ ) ។ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ពន្យល់ ៖

រូបភាព
អែលឌើរ ប្រ៊ូស អរ ម៉ាក់ខនឃី

« តើ​ភាពក្លាហាន​ក្នុង​ទីបន្ទាល់​ពី​ព្រះយេស៊ូវ មាន​ន័យ​ដូចម្ដេច ?

« វា​តម្រូវ​ឲ្យ​មាន​ភាពអង់អាច និង មោះមុត ដើម្បី​ប្រើ​ភាពខ្លាំង ថាមពល និង សមត្ថភាព​របស់​យើង​នៅ​ក្នុង​ចម្បាំង​ជាមួយ​លោកិយ ដើម្បី​ច្បាំង​សម្រាប់​សេចក្ដីល្អ​នៃ​សេចក្ដី​ជំនឿ ។… មូលដ្ឋានគ្រឹះ​ដ៏​ធំ​នៃ​ភាពក្លាហាន​នៅ​ក្នុង​បុព្វហេតុ​នៃ​សុចរិតភាព គឺ​ជា​ការគោរពប្រតិបត្តិ​ចំពោះ​ក្រឹត្យវិន័យ​ទាំងអស់​នៃ​ដំណឹងល្អ​ទាំងស្រុង ។…

« ដើម្បី​មាន​ភាពក្លាហាន​នៅ​ក្នុង​ទីបន្ទាល់​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ គឺ​ត្រូវ​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង ដំណឹងល្អ​របស់​ទ្រង់ ដោយ​មាន​ជំនឿស៊ប់​ដ៏​ខ្ជាប់ខ្ជួន ។ វា​តម្រូវ​ឲ្យ​ស្គាល់​សច្ចភាព [ ភាពស្មោះត្រង់ ] និង ទេវភាព​នៃ​កិច្ចការ​របស់​ព្រះអម្ចាស់​នៅ​លើ​ផែនដី ។

« ប៉ុន្តែ វា​ពុំ​ទាន់​អស់​នៅ​ឡើយ​ទេ ។ វា​លើសពី​ការ​ជឿ និង ការ​ដឹង​ទៅ​ទៀត ។ យើង​ត្រូវ​តែ​ធ្វើ​ជា​អ្នក​រស់នៅ​តាម​ព្រះបន្ទូល ពុំមែន​គ្រាន់​តែ​ជា​អ្នក​ស្ដាប់​នោះ​ឡើយ ។ វា​លើស​ពី​ការ​ថា​បម្រើ​តែ​មាត់ វា​ពុំមែន​គ្រាន់​តែ​ជា​ការ​សារភាព​តែនឹងមាត់​ពី​ភាព​ជា​ព្រះរាជបុត្រា​របស់​ព្រះអង្គសង្គ្រោះ​ប៉ុណ្ណោះ​ទេ ។ វា​គឺ​ជា​ការ​គោរពប្រតិបត្តិ និង ការ​ធ្វើតាម​វិន័យ និង​សេចក្ដីសុចរិត​ផ្ទាល់ខ្លួន ។…

« ដើម្បី​ក្លាហាននៅក្នុង​ទីបន្ទាល់​ពី​ព្រះយេស៊ូវ​គឺត្រូវ … ‹ កាន់ខ្ជាប់​ដរាប​ដល់ចុង​បំផុត › ។ (នីហ្វៃទី ២ ៣១:២០) ។ គឺ​ត្រូវ​រស់នៅ​តាម​សាសនា​របស់​យើង ដើម្បីអនុវត្ត​នូវអ្វី​ដែល​យើង​ផ្សាយ ដើម្បី​រក្សា​បទបញ្ញត្តិ​ទាំងឡាយ » (Be Valiant in the Fight of Faith, » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៧៤ ទំព័រ ៣៥ ) ។

យើង​ម្នាក់ៗ​មាន​សក្ដានុពល​ដើម្បី​គ្រង​នគរ​សេឡេស្ទាល តាមរយៈ​ជម្រើស​ដែល​យើង​ធ្វើ ។ ដូច​បាន​បង្រៀន​នៅ​ក្នុង​បទគម្ពីរ ដែល​អ្នក​បាន​សិក្សា​នៅ​ក្នុង​មេរៀន​នេះ​ថា បើ​យើង​មាន​ភាពក្លាហាន​ក្នុង​ទីបន្ទាល់​ពី​ព្រះយេស៊ូវ នោះ​យើង​អាច​គ្រង​នគរ​សេឡេស្ទាល​នៃ​ព្រះ​បាន ។ សូម​សរសេរ​បញ្ចូល​គោលការណ៍​នេះ នៅ​ពី​ក្រោម​ចំណងជើង « ការក្លាយ​ទៅ​ជា​អ្នក​គ្រង​នគរ​សេឡេស្ទាល » នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​គិត​អំពី​មនុស្ស​ដែល​អ្នក​ស្គាល់ ជា​បុគ្គល​ដែល​អ្នក​ចាត់ទុក​ថា​មាន​ភាពក្លាហាន​ក្នុង​ទីបន្ទាល់​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ តើ​លក្ខណៈសម្បត្តិ និង ទង្វើ​បែប​ណា​ខ្លះ ដែល​បង្ហាញ​អំពី​ភាពក្លាហាន​របស់​គាត់ ?

    2. តើ​អ្វី​បាន​ជួយ​អ្នក​ឲ្យ​មាន​ភាពក្លាហាន ក្នុង​ទីបន្ទាល់​របស់​អ្នក​ពី​ព្រះយេស៊ូវគ្រីស្ទ ?

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៥០-៨០ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖