ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៧ ៖ ថ្ងៃ​ទី ១ គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៨១–១១៩; ៧៧


មេរៀន​ទី ១៧ ៖ ថ្ងៃ​ទី ១

គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៨១–១១៩៧៧

បុព្វកថា

មេរៀន​នេះ​ពិភាក្សា​អំពី​ការនិមិត្ត​អំពី​នគរ​ទេឡេស្ទាល ដែល​បាន​បង្ហាញ​ដល់​ព្យាការី យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន ដូច​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦ ។ វិវរណៈ​នេះ​ត្រូវបាន​ប្រទាន​ឲ្យ​នៅ​ភូមិ​ហៃរាំ រដ្ឋ អូហៃអូ នៅ​ថ្ងៃ​ទី ១៦ ខែ កុម្ភៈ ឆ្នាំ ១៨៣២ ។ យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន បាន​ពិពណ៌នា​អំពី​អ្វី​ដែល​ពួក​លោក​បាន​រៀន​អំពី​អ្នក​ទាំងឡាយ ដែល​នឹង​គ្រង​នគរ​ទេឡេស្ទាល និង អំពី​លទ្ធផល​នៃ​ការបដិសេធ​ទីបន្ទាល់​ពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ពួក​លោក​ក៏​បាន​ពិពណ៌នា​ផងដែរ អំពី​លក្ខណៈ​ដែល​នគរ​ទេឡេស្ទាល មាន​សភាព​ខុស​គ្នា​ពី​នគរ​នៃ​សិរីល្អ​ដទៃ​ទៀត ហើយ​បាន​ពន្យល់​អំពី​អ្វី​ដែល​បុគ្គល​ទាំងឡាយ​អាច​ធ្វើ ដើម្បី​សម​នឹង​ឃើញ ហើយ​យល់​ដោយ​ខ្លួន​គេ​ផ្ទាល់ នូវ​អាថ៌កំបាំង​នៃ​នគរ​ព្រះ ។ ក្រោយ​មក ក្នុង​ខែ មិនា ឆ្នាំ ១៨៣២ យ៉ូសែប ស៊្មីធ បាន​កត់ត្រា​ចម្លើយ​របស់​ព្រះអម្ចាស់ ដែល​ឆ្លើយ​ចំពោះ​សំណួរ​របស់​លោក​ស្ដីពី​ព្រះគម្ពីរ​វិវរណៈ ។ វិវរណៈ​នេះ មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៧ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៨១-១១២

ព្រះអម្ចាស់​បង្ហាញ​ដល់ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន នូវ​ការនិមិត្ត​មួយ​អំពី​នគរ​ទេឡេស្ទាល

សូម​ស្រមៃ​ថា អ្នក​មាន​ការពិភាក្សា​អំពី​សាសនា​ជាមួយ​មិត្តភក្ដិ​ម្នាក់ ដែល​ជា​សមាជិក​មក​ពី​និកាយ​សាសនាគ្រិស្ត​មួយ​ផ្សេង​ទៀត ។ មិត្ត​ភក្ដិ​របស់​អ្នក​វាចា​ថា « នៅ​ឯ​ព្រះវិហារ​កាល​ពី​សប្ដាហ៍​មុន គ្រូ​គង្វាល​របស់​ខ្ញុំ​បាន​ប្រាប់​ពួក​យើង​ថា បន្ទាប់​ពី​យើង​ស្លាប់​ទៅ យើង​អាច​នឹង​ទៅ​ស្ថានសួគ៌​ផង ឬ ស្ថាន​នរក​ផង ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ពុំ​ល្អ​គ្រប់គ្រាន់​ដើម្បី​ទៅ​ស្ថានសួគ៌​នា​ពេល​ឥឡូវ​នេះ​ទេ ប៉ុន្តែ ខ្ញុំ​ក៏​ពុំ​មាន​អារម្មណ៍​ថា ខ្ញុំ​អាក្រក់​ខ្លាំង ដែល​នឹង​ធ្លាក់​ទៅ​ស្ថាននរក​នោះ​ដែរ ។ តើ​សាសនា​របស់​អ្នក​បង្រៀន​អ្វី​ខ្លះ អំពី ស្ថានសួគ៌ និង ស្ថាន​នរក » ?

សូម​មើល​ទៅ​ដ្យាក្រាម « គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦ ៖ សេចក្ដី​ណែនាំ​អំពី​ការនិមិត្ត » ចេញ​ពី​មេរៀន​ទី ១៦ ៖ ថ្ងៃទី ៣ មេរៀន​នៅ​ក្នុង​សៀវភៅ​សិក្សា​នេះ ។ សូម​កត់ចំណាំ​ថា នគរ​នៃ​សិរីល្អ​ចុង​ក្រោយ​គេ ដែល​ព្យាការី យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បាន​ឃើញ​នៅ​ក្នុង​ការនិមិត្ត​នោះ គឺ​ជា​នគរ​ទេឡេស្ទាល ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៨១–៨៣, ១០៣ដោយ​ស្វែងរក​ពាក្យ និង ឃ្លា​ទាំងឡាយ ដែល​ពិពណ៌នា​អំពី​មនុស្ស​ដែល​នឹង​គ្រង​នគរ​ទេឡេស្ទាល ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

នៅ​ក្នុង ខទី ១០៣ពួក​មន្តអាគម គឺ​ជា​មនុស្ស​ដែល​ព្យាយាម​គ្រប់គ្រង ហើយ​ប្រើប្រាស់​អំណាច​តាមរយៈ​ជំនួយ​មក​ពី​ប្រភព​ដ៏​អាក្រក់ ។ ពួក​កំផិត គឺ​ជា​មនុស្ស​ដែល​ចូលរួម​ក្នុង​អំពើ​សាហាយស្មន់ និង អំពើបាប​ខាង​ផ្លូវភេទ​ដទៃ​ទៀត ។

លក្ខណៈ​មួយ​ដែល​កំណត់​ថាតើ​នគរ​នៃ​សិរីល្អ​មួយ​ណា ដែល​បុគ្គល​ម្នាក់​នឹង​គ្រង​នោះ គឺ​ជា​របៀប​ដែល​បុគ្គល​នោះ​ប្រព្រឹត្ត​ចំពោះ​ដំណឹងល្អ និង ទីបន្ទាល់​ពី​ព្រះយេស៊ូវគ្រីស្ទ ។ សូម​អាន​សេចក្ដី​យោង​បទគម្ពីរ នៅ​ក្នុង​តារាង​ខាង​ក្រោម​នេះ ។ នៅ​ក្នុង​ចន្លោះ​ដែល​មាន សូម​ពិពណ៌នា​អំពី​របៀប​ដែល​បណ្ដា​ជន​ដែល​នឹង​គ្រង​នគរ​ទាំងនេះ ប្រព្រឹត្ត​ចំពោះ​ដំណឹងល្អ និង ទីបន្ទាល់​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

នគរ

ការប្រព្រឹត្ត​ចំពោះ​ដំណឹងល្អ និង ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ

សេឡេស្ទាល ( គ. និង ស. ៧៦:៥០–៥១ )

ទេរេសទ្រាល ( គ. និង ស. ៧៦:៧៤, ៧៩ )

ទេឡេស្ទាល ( គ. និង ស. ៧៦:៨២, ១០១ )

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​ព្យាយាម​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​ពី​ព្រះយេស៊ូវគ្រីស្ទ តាម​របៀប​ណា​ខ្លះ ?

    2. តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ការប្រព្រឹត្ត​របស់​បុគ្គល​ម្នាក់​ចំពោះ​ដំណឹងល្អ និង ទីបន្ទាល់​ពី​ព្រះយេស៊ូវគ្រីស្ទ ជះឥទ្ធិពល​យ៉ាង​សំខាន់​ទៅ​លើ​នគរ ដែល​គេ​នឹង​គ្រង ?

    3. តើ​អ្នក​អាច​មាន​ភាពក្លាហាន ក្នុង​ទីបន្ទាល់​របស់​អ្នក​ពី​ព្រះយេស៊ូវគ្រីស្ទ​បាន​យ៉ាង​ដូចម្ដេច ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៨៤–៨៥, ១០៤–៦រួច​គូសចំណាំ​ឃ្លា ដែល​បង្រៀន​អំពី​សេចក្ដីពិត​ដូចតទៅ​នេះ ៖ អ្នក​ដែល​នឹង​គ្រង​នគរ​ទេឡេស្ទាល ត្រូវតែ​រងទុក្ខ​ក្នុង​ស្ថាននរក​ពីមុន​ពួកគេ​នឹង​ត្រូវបាន​ប្រោសលោះ​ដោយ​ព្រះអង្គសង្គ្រោះ ។

វា​មាន​ប្រយោជន៍​ក្នុង​ការដឹង​ថា បទគម្ពីរ​នេះ​ប្រើ​វាក្យសព្ទ ស្ថាននរក យ៉ាងហោចណាស់​តាម​ពីរ របៀប ។ ទីមួយ ស្ថាននរក គឺ​ជា​ផ្នែក​នៃ​ពិភព​វិញ្ញាណ​ដែល​បាន​គ្រង​ដោយ​ពួក​ទុច្ចរិត ហើយ​គឺ​ជា​ការ​ពិតមួយ ប៉ុន្តែ ជា​ស្ថានភាព​បណ្ដោះ​អាសន្ន​នៃ​ទណ្ឌកម្ម និង ការ​រងទុក្ខ​ខាង​វិញ្ញាណ ( សូម​មើល គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៨៤–៨៥, ១០៤–៦ ) ។ « ភ្លើង​ឆេះ​ដ៏​អស់កល្ប​ជានិច្ច » គឺ​ជា​សំនួន​វោហារ ដែល​សំដៅ​ទៅ​លើ​ទារុណកម្ម​ដ៏​សែន​ឈឺចាប់ និង ការរងទុក្ខ​ដែល​នឹង​កើតឡើង​នៅ​ឯ​ស្ថាននរក ។ ទី​ពីរ ពេល​ខ្លះ​បទគម្ពីរ​ប្រើ​ពាក្យ ស្ថាននរក ដើម្បី​សំដៅ​ទៅ​លើ​ទីងងឹត​ខាង​ក្រៅ ដែល​ពេល​ខ្លះ​សំដៅ​ទៅ​លើ​ស្ថានភាព​ជា​អចិន្ត្រៃយ៍​នៃ​ទារុណកម្ម និង ការរងទុក្ខ ដែល​បន្ត​ចំពោះ​ពួក​កូន​អន្តរធាន​បន្ទាប់​ពី​ពួកគេ​បាន​រស់ឡើងវិញ ហើយ​ត្រូវបាន​ជំនុំជម្រះ ក៏​ដូចជា​សាតាំង និង ពួក​អ្នក​ដើរតាម​ទាំងឡាយ​របស់​វា​ចេញ​ពី​ជីវិត​មុន​ផែនដី​មក​ដែរ ។ ( សូម​មើល Bible Dictionary, Hell » សេចក្ដីណែនាំ​ដល់ព្រះគម្ពីរHell »scriptures.lds.org) ។

អែលឌើរ ជេម អ៊ី ថាលម៉េហ្គ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​អំពី​ស្ថាននរក​ដូចតទៅ​ថា ៖

រូបភាព
អែលឌើរ ជេម អ៊ី ថាលម៉េហ្គ

« នៅ​ស្ថាននរក មាន​ច្រក​ចេញ​មួយ​ក៏​ដូចជា​ច្រក​ចូល​មួយ​ដែរ ។… វា​គឺ​ជា​កន្លែង​ដែល​បាន​រៀបចំ​សម្រាប់​ការបង្រៀន ការលុតដំ​ចំពោះ​អ្នក​ដែល​មិន​បាន​រៀន​កាល​នៅ​លើ​ផែនដី​នេះ នូវ​អ្វី​ដែល​ពួកគេ​គួរតែ​រៀន » ( នៅ​ក្នុង របាយការណ៍​សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ១៩៣០ ទំព័រ ៩៧ ) ។

« ចំពោះ​រយៈ​ពេល​នៃ​ទារុណកម្ម យើង​អាច​នឹង​អះអាង​ថា វា​នឹង​ត្រូវបាន​កំណត់​ដោយ​យោង​ទៅ​តាម​អំពើបាប​នោះ ហើយ​ដែល​ថា ការលើកលែង​ទោស​ចំពោះ​អំពើបាប​នឹង​មាន​ជា​ដរាប [ គ្មាន​ទីបញ្ចប់ ] នោះ គឺ​ជា​គំនិត​ខុសឆ្គង [ សូម​មើល គ. និង ស. ១៩:៦–១២; ៧៦:៣៦, ៤៤ ] ។ ទោះ​ជា​លទ្ធផល​នៃ​ទង្វើ​ក្នុង​ជីវិត​លើ​ផែនដី​នេះ មាន​ឥទ្ធិពល​លើ​ជីវិត​បន្ទាប់​ពី​ស្លាប់​ក្ដី និង ទោះជា​យើង​នឹង​ត្រូវ​ទទួល​ខុសត្រូវ​លើ​ការមិន​ប្រែចិត្ត​ក្ដី ក៏​ព្រះ​នៅ​តែ​មាន​ព្រះចេស្ដា​ដើម្បី​អត់ទោស​បន្ទាប់​ពី​បាន​ស្លាប់​ហើយ​ទៅ​ដែរ ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ បទគម្ពីរ​ថ្លែង​ប្រាប់​អំពី​ទោស​ដ៏​នៅ​អស់កល្ប​ជានិច្ច និង ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ។ ទោស​ដែល​មក​ពី​ព្រះ​គឺ​អស់កល្ប​ជានិច្ច ដ្បិត​ទ្រង់​ជា​អង្គ​អស់កល្ប​ជានិច្ច [ សូម​មើល គ. និង ស. ១៩:១០–១២ ] ។ ទោស​របស់​ទ្រង់​គឺ​ជា​ទារុណកម្ម​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ដ្បិត​វា​នឹង​កើតឡើង​ជានិច្ច ជា​ទីកន្លែង ឬ ស្ថានភាព​ដែល​បាន​រៀបចំ​សម្រាប់​វិញ្ញាណ​ដែល​មិន​គោរពប្រតិបត្តិ ប៉ុន្តែ ការរងទុក្ខ​នៃ​ការផ្តន្ទាទោស​នោះ នឹង​មាន​ទី​បញ្ចប់​ក្នុង​គ្រប់​ករណី​នៃ​ការប្រែចិត្ត និង សំណង​ដែល​អាច​ទទួល​យក​បាន » (The Articles of Faith, 12th ed. [ ឆ្នាំ ១៩២៤ ] ទំព័រ ៦០–៦១ ) ។

តើ​ឃ្លា​ណា​ខ្លះ ចេញ​មក​ពី គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៨៥, ១០៦ ដែល​បង្រៀន​ថា ស្ថាននរក​នឹង​ជា​ស្ថានភាព​បណ្ដោះអាសន្ន​មួយ សម្រាប់​អ្នក​ទាំងឡាយ​ដែល​នឹង​គ្រង​នគរ​ទេឡេស្ទាល ?

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​ពន្យល់​អំពី​លទ្ធផល​នៃ​ការរងទុក្ខ​នៅ​ឯ​ស្ថាននរក ចំពោះ​អ្នក​ដែល​នឹង​គ្រង​នគរ​ទេឡេស្ទាល​ថា ៖ « ការរងទុក្ខ​នេះ​នឹង​ក្លាយ​ទៅ​ជា​វិធី​មួយ​ដើម្បី​សម្អាត ឬ បន្សុទ្ធ ហើយ​តាមរយៈ​ការបន្សុទ្ធ​នេះ ពួក​ទុច្ចរិត​នឹង​ត្រូវបាន​នាំ​ទៅ​ឯ​ស្ថានភាព​មួយ ដែល​ពួកគេ​អាច​ទទួល​បាន​អមតភាព តាមរយៈ​ការប្រោសលោះ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ វិញ្ញាណ និង រូបកាយ​របស់​ពួកគេ​នឹង​ត្រូវ​បាន​ផ្គុំ​គ្នា​សាជាថ្មី ហើយ​ពួកគេ​នឹង​រស់​នៅ​ក្នុង​នគរ​ទេឡេស្ទាល ។ ប៉ុន្តែ​ការរស់ឡើងវិញ​នឹង​ពុំ​កើ​ឡើង​ឡើយ​រហូតដល់​ចុង​បំផុត​នៃ​ពិភពលោក » (Doctrines of Salvation, comp . Bruce R. McConkie វ៉ុល​៣. [១៩៥៤–៥៦] ២:២៩៨ ) ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:១០៦-៨យើង​ស្វែងយល់​ថា ពួក​ទុច្ចរិត​នឹង​រងទុក្ខ​ចំពោះ​អំពើ​បាប​របស់​ពួកគេ​រហូត​ដល់​ព្រះយេស៊ូវគ្រីស្ទ បញ្ចប់​កិច្ចការ​របស់ទ្រង់ ហើយ​លើក​នគរ​នៃ​ព្រះ​នៅ​លើ​ផែនដី​ឡើង​ទៅ​ថ្វាយព្រះបិតា​ទ្រង់ ដែល​នឹង​កើតឡើង​នៅ​បន្ទាប់​ពី​សហស្សវត្សរ៍ ។ ពេល​នោះ ព្រះគ្រីស្ទ នឹង​ត្រូវ​បំពាក់មកុដ​ដោយ​សិរីល្អ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:១១១ និង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៧:៩ដោយ​ស្វែងរក​អ្វី​ដែល​នឹង​កំណត់​អំពី​នគរ​នៃ​សិរីល្អ ដែល​ពួកយើង​នឹង​គ្រង​នោះ ។

គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី​ខគម្ពីរ​ទាំងនេះ​គឺ​ថា នគរ​នៃ​សិរីល្អ ដែល​យើង​គ្រង នឹង​ត្រូវ​បាន​កំណត់​ដោយ​កិច្ចការ​ទាំងឡាយ​របស់​យើង​នៅ​ក្នុង​ជីវិត​នេះ និង ដោយ​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​ដួងចិត្ត​របស់​យើង ។

រូបភាព
អែលឌើរ រ័សុល អិម ណិលសុន

សេចក្ដីថ្លែង​ការណ៍​ដូចតទៅ​នេះ​ដោយ អែលឌើរ រ័សុល អិម ណិលសុន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​គោលការណ៍​នេះ ៖ « បងប្អូន​ទាំងអស់​គ្នា​នឹង​ត្រូវបាន​ជំនុំជម្រះ ស្រប​ទៅ​តាម​កិច្ចការ​ទាំងឡាយ និង សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​ដួងចិត្ត​របស់​បងប្អូន [ សូម​មើល គ. និង ស. ១៣៧:៩ ] ។ បងប្អូន​នឹង​មិន​ចាំបាច់​សង​បំណុល ជំនួស​មនុស្ស​ណា​ផ្សេង​ទៀត​នោះ​ទេ ។ ទីកន្លែង​ចុងក្រោយ​របស់​បងប្អូន​នៅ​ក្នុង​នគរ​សេឡេស្ទាល ទេរេសទ្រាល ឬ ទេឡេស្ទាល នឹង​មិន​ត្រូវបាន​កំណត់​ដោយ​យថាហេតុ​នោះ​ទេ ។ ព្រះអម្ចាស់​បាន​ដាក់​កម្រិត​ចំពោះ គុណសម្បត្តិ​ទាំងឡាយ​ដែល​មិន​អាច​កែប្រែ​បាន​សម្រាប់​យើង​ម្នាក់ៗ​ហើយ ។ បងប្អូន​អាច​ដឹង​អំពី​អ្វី​ដែល​បទគម្ពីរ​បង្រៀន ហើយ​បត់បែន​ជីវិត​របស់​បងប្អូន​ឲ្យ​ស្រប​ទៅ​តាម​គុណសម្បត្តិ​ទាំងនោះ [ សូម​មើល យ៉ូហាន ១៤:២; កូរិនថូស ទី១ ១៥:៤០–៤១; គ. និង ស. ៧៦:៥០–១១៩; ៩៨:១៨ ] » (Constancy amid Change » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ទំព័រ ៣៥ ) ។

  1. សូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ការយល់ដឹង​អំពី​គោលការណ៍​នេះ អាច​មាន​ឥទ្ធិពល​លើ​ជម្រើស ដែល​អ្នក​ជ្រើសរើស​យក​នៅ​ថ្ងៃ​នេះ​យ៉ាង​ដូចម្ដេច ?

សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៨៦-៨៩, ៩៨, ១១២ដោយ​ស្វែងរក​មើល​ពាក្យ ឬ ឃ្លា​ដែល​ពិពណ៌នា​អំពី​សភាព​នៃ​អមតភាព ចំពោះ​អ្នក​ទាំងឡាយ​ដែល​គ្រង​នគរ​ទេឡេស្ទាល ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​នូវ​អ្វី​ដែល​អ្នក​រកឃើញ ។

នៅ​ពេល​ព្យាការី យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បាន​ពិពណ៌នា​អំពី​បណ្ដាជន​នៃ​នគរ​ទេឡេស្ទាល ពួកលោក​បាន​សរសេរ​បញ្ចូល​ការបកស្រាយ​អំពី​ការប្រៀបធៀប​រវាង​នគរ​នៃ​សិរីល្អ​ទាំង​បី​នេះ ។ សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៩១-៩៨ដោយ​ស្វែងរក​ថា​តើ​នគរ​ទាំង​បី​នេះ ប្រៀបធៀប​ចំពោះ​គ្នា​យ៉ាង​ដូចម្ដេច ។

តើ​សិរីល្អ​នៃ​នគរ​សេឡេស្ទាល ខុស​ពី​សិរីល្អ​នៃ​នគរ​ទេរេទ្រាល និង ទេឡេស្ទាល​យ៉ាង​ដូចម្ដេច ?

រូបភាព
ព្រះអាទិត្យ ព្រះចន្ទ តារា

ភាពខុសគ្នា​នៃ​សិរីល្អ​រវាង​នគរ​សេឡេស្ទាល ទេរេសទ្រាល និង ទេឡេស្ទាល អាច​ត្រូវបាន​បង្ហាញ​ដោយ​ភាពខុសគ្នា​នៃ​រស្មី​ព្រះអាទិត្យ ព្រះចន្ទ និង តារា ដែល​មើល​មក​ពី​ផែនដី ។ នៅ​ពេល​យើង​មើល​ពី​ផែនដី​ទៅ តារា​ដែល​ចែងចាំង​បំផុត ភ្លឺ​ជាង​តារា​ដែល​ស្រអាប់​ប្រមាណ​ជា ១០០ ដង ។ ព្រះចន្ទ​ភ្លឺ​ជាង​តារា​ដែល​ចែងចាំង​បំផុត​នោះ​ប្រមាណ​ជា ៣០,០០០ ដង ។ ព្រះអាទិត្យ​ភ្លឺ​ជាង​ព្រះចន្ទ​ពេញ​បរមី​ប្រមាណ​ជា ៤០០,០០០ ដង ។ ភាពខុសគ្នា​ខាង​រស្មី​ទាំងនេះ ជួយ​បង្ហាញ​អំពី​ភាពខុសគ្នា​ដែល យ៉ូសែប និង ស៊ីឌនី បាន​សង្កេត​ឃើញ​រវាង​នគរ​នៃ​សិរីល្អ​ទាំងនេះ ។ ដូច​ដែល​អ្នក​អាច​ឃើញ​ចេញ​ពី គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៩៤–៩៥ពរជ័យ​ដែល​បាន​ទទួល​ដោយ​អ្នក​ទាំងឡាយ ដែល​មាន​គុណសម្បត្តិ​គ្រង​នគរ​សេឡេស្ទាល មាន​សភាព​ថ្លៃថ្លា​ក្រៃលែង​ជាង​ពរជ័យ​ដែល​បាន​ទទួល​ដោយ​អ្នក​ទាំងឡាយ​ដែល​គ្រង​នគរ​ទេឡេស្ទាល ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:១១៣-១៩

យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ពន្យល់​អំពី​អ្វី​ដែល​បុគ្គល​ទាំងឡាយ​ត្រូវតែ​ធ្វើ ដើម្បី​សម​នឹង​មើល​ឃើញ ហើយ​យល់​ដោយ​ខ្លួន​គេ​ផ្ទាល់ នូវ​អាថ៌កំបាំង​នៃ​នគរ​ព្រះ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:១១៣–១៩ មាន​នូវ​ការបកស្រាយ​របស់​ព្យាការី យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ថា​ពួកលោក​មិន​ត្រូវ​សរសេរ​នូវ​អ្វី​ទាំងអស់ ដែល​ពួកលោក​បាន​ឃើញ​នោះ​ទេ ។ ពួក​លោក​ក៏​បាន​ពន្យល់​ផងដែរ​នូវ​អ្វី​ដែល​យើង​ត្រូវតែ​ធ្វើ ដើម្បី​អាច​មើល​ឃើញ ហើយ​យល់​ដោយ​ខ្លួន​គេ នូវ​អាថ៌កំបាំង​នៃ​នគរ​ព្រះ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:១១៦ដោយ​ស្វែងរក​របៀប​ដែល​បុគ្គល​ម្នាក់​អាច​សម​នឹង​មើល​ឃើញ ហើយ​យល់​អាថ៌កំបាំង​នៃ​នគរ​ព្រះ ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

យោង​តាម ខទី ១១៦តើ​បុគ្គល​ម្នាក់​ត្រូវតែ​ធ្វើ​អ្វី ដើម្បី​បាន​មើល​ឃើញ ហើយ​យល់​អាថ៌កំបាំង​នៃ​នគរ​ព្រះ ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ?

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នូវ​ចម្លើយ​ចំពោះ​ឈុតឆាក​ស្រមើស្រមៃ​ដែល​បាន​បង្ហាញ​នៅ​ដើម​មេរៀន​នេះ ដែល​មិត្តភក្ដិ​ម្នាក់​របស់​អ្នក​បាន​ចោទ​សំណួរ​អំពី ថាតើ​សាសនាចក្រ​យើង​បង្រៀន​យ៉ាង​ដូចម្ដេច អំពី​ស្ថានសួគ៌ និង ស្ថាននរក ។ សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ទុក​ជា​ផ្នែក​មួយ​នៃ​ចម្លើយ​ចំពោះ​សំណួរ​របស់​មិត្តភក្ដិ​អ្នក ។

    1. តើ​ព្រះអម្ចាស់​បាន​បើក​សម្ដែង​អ្វី​ខ្លះ អំពី​ស្ថានសួគ៌ និង ស្ថាននរក នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦ ?

    2. តើ​ភាព​ខុសគ្នា​រវាង​នគរ​នៃ​សិរីល្អ​នីមួយៗ និង ទីងងឹត​ខាង​ក្រៅ​មាន​អ្វីខ្លះ ?

    3. តើ​ភាពខុសគ្នា​នៃ​ជម្រើស​ដែល​បាន​ធ្វើ​ឡើង​ដោយ​អ្នក​ដែល​គ្រង​នគរ​ទាំង​បី និង អ្នក​ធ្លាក់​ទៅ​ទីងងឹត​ខាង​ក្រៅ មាន​អ្វី​ខ្លះ ?

  2. ដើម្បី​ជួយ​អ្នក​ឲ្យ​អនុវត្ត​អ្វី ដែល​អ្នក​បាន​រៀន​ចេញ​ពី​ការសិក្សា នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦សូម​បញ្ចប់​សេចក្ដី​ថ្លែងការណ៍​នីមួយៗ​ខាង​ក្រោម​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ជា​លទ្ធផល​នៃ​អ្វី​ដែល​ខ្ញុំ​បាន​រៀន​ចេញ​ពី​ការសិក្សា នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦ ៖

    1. ខ្ញុំ​ជឿ ឬ ដឹង​ថា …

    2. ខ្ញុំ​ចង់ …

    3. ខ្ញុំ​នឹង …

គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៧

ព្រះអម្ចាស់​បើក​សម្ដែង​ចម្លើយ​ចំពោះ​សំណួរ​របស់ យ៉ូសែប ស៊្មីធ អំពី​ព្រះគម្ពីរ​វិវរណៈ

សូម​បើក​ទៅ គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧រួច​កត់ចំណាំ​អំពី​របៀប​ដែល​ខគម្ពីរ​ទាំងនេះ​ត្រូវបាន​រៀបរៀង​ឡើង​ខុស​គ្នា​ពី​ខគម្ពីរ​នៅ​ក្នុង​កណ្ឌ​ដទៃៗ​ទៀត​នៅ​ក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ។ សូម​អាន​សេចក្ដីណែនាំ​អំពី​កណ្ឌ​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧ដោយ​ស្វែងរក​អ្វី​ដែល​ព្យាការី យ៉ូសែប ស៊្មីធ កំពុងតែ​ធ្វើ កាល​លោក​បាន​ទទួល​វិវរណៈ​នេះ ។

ចាប់​ផ្ដើម​ពី​ខែ មិនា ឆ្នាំ ១៨៣១ ដល់​ខែ កក្កដា ឆ្នាំ ១៨៣៣ ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​ធ្វើ​កំណែ​ដ៏​បំផុសគំនិត​លើ​ព្រះគម្ពីរ​សញ្ញា​ថ្មី ។ ( កំណែ​ថ្មី​ទាំងនេះ​ជា​ច្រើន ត្រូវបាន​រាយ​នៅ​ក្នុង​ការបោះពុម្ព​របស់​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ នៃ​ព្រះគម្ពីរ​ប៊ីប​របស់​ស្តេច​ជេមស៍ មាន​លេខយោង​ជា ក.យ.ស និង នៅ​ក្នុង​ផ្នែក​នៃ​ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ នៅ​ក្នុង​សេចក្ដីបន្ថែម​នៃ​ព្រះគម្ពីរ​ប៊ីប ដែល​មាន​ពាក្យ​ត្រូវបាន​កែប្រែ​សរសេរ​ជា​អក្សរ​ទ្រេត ) ។ កាល​កំពុង​បកប្រែ​ព្រះគម្ពីរ​វិវរណៈ ព្យាការី​បាន​ទូល​សួរ​ព្រះអម្ចាស់ អំពី​អត្ថន័យ​នៃ​ខគម្ពីរ​ទាំងនេះ​មួយ​ចំនួន ។ សំណួរ​របស់ យ៉ូសែប និង ចម្លើយ​របស់​ព្រះអម្ចាស់ ត្រូវបាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧ ។ សូម​អាន​ខគម្ពីរ​ទាំងនេះ​មួយ​ចំនួន រួច​កត់ចំណាំ​ពាក្យពេចន៍​ដែល​ផ្នែក សំណួរ ចោទ​ឡើង​ដែល​ទូល​សួរ​ដោយ យ៉ូសែប ស៊្មីធ និង ផ្នែក ចម្លើយ ឆ្លើយ​ដោយ​ព្រះអម្ចាស់ ។

រូបភាព
យុវនារី​អាន​ព្រះគម្ពីរ

បទពិសោធន៍​របស់ យ៉ូសែប ស៊្មីធ ជាមួយ​នឹង​ការទទួល​បាន​វិវរណៈ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧ បង្រៀន​យើង​ថា ព្រះអម្ចាស់​បើកសម្ដែង​ការបកស្រាយ​ព្រះគម្ពីរ​ដ៏​ត្រឹមត្រូវ តាមរយៈ​ពួក​ព្យាការី​របស់​ទ្រង់ ។ យើង​ក៏​អាច​ស្វែងយល់​ផងដែរ​ថា បើ​យើង​ទូល​សួរ​ដល់​ព្រះអម្ចាស់ នោះ​ទ្រង់​អាច​ជួយ​យើង​ឲ្យ​យល់​អំពី​បទគម្ពីរ​ទាំងឡាយ ។

វា​អាច​នឹង​មាន​ប្រយោជន៍ ក្នុង​ការយល់​ថា នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧:៦៧,០០០ ឆ្នាំ សំដៅ​លើ​ការរស់នៅ​ខាង​សាច់ឈាម​នៃ​ផែនដី មាន​ន័យ​ចាប់តាំង​ពី​ការធ្លាក់​នៃ​លោក​អ័ដាម ។ នេះ​មិនមែន​ជា​ការពន្យល់​ប្រាប់​អំពី អាយុ​កាល​នៃ​ផែនដី​ឡើយ ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៨១-១១៩៧៧ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖