ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១២ ៖ ថ្ងៃ​ទី ៤ គោលលទ្ធិ និង សេចក្តីសញ្ញា ៥៣-៥៦


មេរៀន​ទី ១២ ៖ ថ្ងៃ​ទី ៤

គោលលទ្ធិ និង សេចក្តី​សញ្ញា ៥៣-៥៦

បុព្វកថា

ក្នុង​ខែ មិថុនា ឆ្នាំ ១៨៣១ ព្យាការី យ៉ូសែប ស្ម៊ីធ បានទទួល​វិវរណៈ​ដែល​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៣-៥៥ ។ វិវរណៈ​នេះ​មាន​នូវ​ការណែនាំ​របស់​ព្រះអម្ចាស់​ទៅ​កាន់​សមាជិក​មួយ​ចំនួន​នៃ​សាសនាចក្រ ដែល​បាន​រស់នៅ​ក្នុង​រដ្ឋ អូហៃអូ ប៉ុន្ដែ មិន​យូរប៉ុន្មាន​បាន​ផ្លាស់​ទៅ​រដ្ឋ មីសសួរី វិញ ។ ក្នុង​វិវរណៈ​ទាំងនេះ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ទៅ​កាន់ ស៊ីឌនី គិលបឺត, នូវល ណៃត៍ និង វិលលាម ដ័បបុលយូ ហ្វែប្ស ដោយ​បាន​ប្រទាន​ដល់​ពួកគាត់​នូវ​សេចក្ដី​ណែនាំ​នានា ដែល​មាន​ភាពជាក់លាក់​ចំពោះ​កិច្ចការ​ចាត់តាំង​ក្នុង​សាសនាចក្រ និង ទេពកោសល្យ​របស់​ពួកគាត់ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៥៣

ព្រះអម្ចាស់​ហៅ ស៊ីឌនី គិលបឺត ឲ្យ​ធ្វើ​ជា​អែលឌើរ ហើយ​ធ្វើ​ដំណើរ​ជាមួយ យ៉ូសែប ស៊្មីធ ទៅ​រដ្ឋ​មិសសួរី

បន្ទាប់​ពី ស៊ីឌនី គិលបឺត បាន​ឃើញ​ថា ឈ្មោះ​របស់​គាត់​ពុំ​មាន​នៅ​ក្នុង​បញ្ជី​អ្នក​ផ្សព្វផ្សាយ​សាសនា ដែល​ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ មិសសួរី ទេ ( សូម​មើល គ. និង ស. ៥២:២២–៣២ )នោះ​គាត់​បាន​ទៅ​ជួប​ព្យាការី យ៉ូសែប ស៊្មីធ ហើយ​បាន​ទូល​សួរ​អំពី​អ្វី​ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​ឲ្យ​គាត់​ធ្វើ ។ យ៉ូសែប​បាន​ទូល​សូម​ដល់​ព្រះអម្ចាស់ ហើយ​បាន​ទទួល​វិវរណៈ​ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥៣ ។ នៅ​ក្នុង​វិវរណៈ​នោះ ព្រះអម្ចាស់​បាន​ណែនាំ​ឲ្យ​បងប្រុស គិលបឺត ត្រូវបាន​តែងតាំង​ជា​អែលឌើរ ហើយ​បម្រើ​ជា​អ្នក​តំណាង​ឲ្យ​ប៊ីស្សព អែតវឺត ប៉ាទ្រិច ។ តួនាទី​របស់​បងប្រុស គិលបឺត ក្នុង​នាម​ជា​អ្នក​តំណាង​ឲ្យ​ប៊ីស្សព ត្រូវបាន​ពន្យល់​កាន់តែ​ច្បាស់​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥៧:៦–១០, ១៥ ។ ព្រះអម្ចាស់​ក៏​បាន​បញ្ជា ស៊ីឌនី ឲ្យ​ទៅ​រដ្ឋ មិសសួរី ជាមួយ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ដែរ ។

សូម​ពិចារណា​អំពី​បទពិសោធន៍​របស់​យុវជន​ខាង​ក្រោម​នេះ ដែល​បាន​ចង់​ដឹង​អំពី​អ្វី​ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​ឲ្យ​គាត់​ធ្វើ ៖

« អេលីស្សា ក្រេមើរ បាន​ទទួល​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​នាង​នៅ​ក្នុង​ប្រទេស​ចិន ។ ចម្លើយ​របស់​នាង​សាមញ្ញ ប៉ុន្តែ ទន្ទឹម​នឹង​នោះ​ក៏​លំបាក​ក្នុង​ការធ្វើ​ដែរ ។ នាង​ត្រូវ​បោះបង់​ចោល​ក្ដី​ស្រមៃ​ដែល​នាង​មាន​តាំង​ពី​យូរ​មក​ហើយ​នោះ ដោយ​ត្រឡប់​ទៅ​ប្រទេស​វិញ ហើយ​រស់នៅ​ក្នុង​ជីវិត​ជា​និស្សិត​សាកលវិទ្យាល័យ​ទូទៅ​មួយ ។ ចម្លើយ​នោះ​បាន​ធ្វើ​ឲ្យ​នាង​ភ្ញាក់ផ្អើល ប៉ុន្តែ នាង​មាន​ឆន្ទៈ​ធ្វើតាម ការណ៍​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់​ឲ្យ​នាង​ធ្វើ ។

« អេលីស្សា… បាន​ក្លាយ​ទៅ​ជា​កីឡាការិនី​បាល់​ទាត់​ដ៏​កំពូល​មួយ​រូប ។ នាង​សម្រេច​បាន​គោលដៅ​ជា​ច្រើន​របស់​នាង ដោយ​ខិតខំ​ប្រឹងប្រែង​ដើម្បី​បាន​ក្លាយ​ទៅ​ជា​សមាជិក​មួយ​រូប​នៃ​ក្រុម​កីឡាការិនី​ថ្នាក់​ជាតិ​ប្រចាំ​សហរដ្ឋ ដែល​បាន​ផ្ដល់​ឱកាស​ឲ្យ​នាង​បាន​ប្រកួត​នៅ​ក្នុង​ការប្រកួត​កីឡា​ពាន​រង្វាន់​ពិភពលោកនិង ការប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ ២០០៤ ។

រូបភាព
អេលីស្សា ក្រេមើរ

« នាង​បាន​សម្រេច​អ្វី​គ្រប់​យ៉ាង​ដែល​នាង​ចង់​ធ្វើ ។ ប៉ុន្តែ វា​មិន​បាន​ធ្វើ​ឲ្យ​នាង​សប្បាយ​ចិត្ត​នោះ​ទេ ។

« អេលីស្សា បាន​វាចា​ថា ‹ ខ្ញុំ​មាន​អ្វី​គ្រប់​យ៉ាង ។ ‹ ខ្ញុំ​មាន​ក្រុមគ្រួសារ​មួយ​ដ៏​ល្អ ។ ខ្ញុំ​មាន​មិត្តភក្ដិ​ជា​ច្រើន ។ ខ្ញុំ​កំពុង​សិក្សា​នៅ​សាលា ប៊ី. វ៉ាយ យូ ។ ខ្ញុំ​លេង​បាន​យ៉ាង​ល្អ​សម្រាប់​ក្រុម​ជម្រើស​ជាតិ ។ ប៉ុន្តែ តើ​ខ្ញុំ​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ឆ្ពោះ​ទៅ​មុខ ក្នុង​ការបង្កើត​ក្រុម​ប្រកួត​ពាន​រង្វាន់​ពិភពលោក ហើយ​នៅ​តែ​មាន​អារម្មណ៍​ទទេ​ស្អាត​យ៉ាង​នេះ​ម៉េច​នឹង​កើត​ទៅ ? ›

« ក្រោយ​មក កាល​កំពុង​ប្រកួត នៅ​ប្រទេស​ចិន អេលីស្សា បាន​ភ្ញាក់​ឡើង​កណ្ដាល​រាត្រី​ទាំង​យំ​ផង ។ នាង​ទទួលបាន​អារម្មណ៍​កក់ក្ដៅ ជា​អារម្មណ៍​លួងលោមចិត្ត ។ ‹ ខ្ញុំ​នៅ​ចាំ​បាន​ថា ខ្ញុំ​ដាក់​ដៃ​លើ​ទ្រូង ហើយ​ភ្លាម​នោះ មាន​គំនិត​ទាំងនេះ​បាន​លេច​ឡើង​ថា ៖ « អ្នក​ត្រូវតែ​ចាកចេញ​ពី​ក្រុម​កីឡាការិនី​ថ្នាក់​ជាតិ​នោះ ។ វា​មិន​ត្រឹមត្រូវ​ទេ ដែល​អ្នក​ត្រូវ​រំលង​ច្បាប់​ថ្ងៃ​ឈប់​សម្រាក​នោះ ។ វា​មិន​ថ្វី​ទេ ដែល​អ្នក​ដើរ​តាម​មាគ៌ា​ផ្សេង​ពី​នេះ ។ អ្វីៗ​នឹង​ដំណើរការ​ល្អ › » ។ នាង​បាន​រ៉ាយរ៉ាប់​ថា នាង​បាន​ពេញ​ទៅ​ដោយ​ព្រះវិញ្ញាណ និង មាន​បទពិសោធន៍​ដដែលៗ​កើតឡើង​បី​បួន​រាត្រី​ជាប់ៗ​គ្នា ។

« ទោះជា​នាង​ជា​សមាជិក​នៃ​សាសនាចក្រ​តាំង​ពី​នាង​កើត​មក​ក្ដី ក៏​ចំណាប់​អារម្មណ៍​របស់​អេលីស្សា ទៅ​លើ​ដំណឹងល្អ​បាន​កើតឡើង​ជា​លំដាប់​ដែរ ។ នាង​អាន​ព្រះគម្ពីរ​យ៉ាង​ហោចណាស់ ៣០ នាទី​ជា​រៀង​រាល់​ថ្ងៃ ហើយ​នាង​បាន​សម្គាល់​ថា ការអធិស្ឋាន​របស់​នាង​កំពុង​តែ​ផ្លាស់ប្ដូរ ។ នាង​បាន​ទូលសួរ​ព្រះអម្ចាស់​នូវ​អ្វី​ដែល​ទ្រង់​ចង់​ឲ្យ​នាង​ធ្វើ ។ ហើយ​នៅក្នុង​ប្រទេស​ចិន នាង​បាន​ទទួល​ចម្លើយ​របស់​ខ្លួន ។

« ‹ ខ្ញុំ​មិន​ដែល​មាន​អារម្មណ៍​ដូចនោះ​ពី​មុន​មក​ទេ ដែល​ជា​អារម្មណ៍​លួងលោម និង កក់ក្ដៅ ។ ខ្ញុំ​ប្រាថ្នា​សូម​ឲ្យ​មាន​បទពិសោធន៍​ទាំងនោះ គ្រប់​ពេល​ដែល​ខ្ញុំ​មាន​សំណួរ ។ អ្វី​គ្រប់​យ៉ាង​ហាក់​ដូចជា​មាន​ភាពច្បាស់លាស់ ។ វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​យល់​យ៉ាង​ច្បាស់ › ។

« អេលីស្សា បាន​ធ្វើតាម​ការបំផុសគំនិត ដែល​នាង​បាន​ទទួល ។ នាង​បន្លឺ​ថា ‹ នៅ​ពេល​អ្នក​ទទួល​បាន​ការបំផុសគំនិត អ្នក​ត្រូវ​ធ្វើតាម​ការបំផុសគំនិត​នោះ​ភ្លាម ។ ប្រសិនបើ​ខ្ញុំ​និយាយ​ថា « មែន វា​ត្រឹមត្រូវ​ហើយ ។ ប៉ុន្តែ ខ្ញុំ​ពិត​ជា​ចង់​ប្រកួត​ក្នុង​ការប្រកួត​កីឡា​ពាន​រង្វាន់​ពិភពលោក ដូច្នេះ​ខ្ញុំ​នឹង​ធ្វើតាម​ការបំផុសគំនិត​តាម​ក្រោយ » នោះ​អ្វីៗ​អាច​នឹង​មិន​ដំណើការ​ស្រប​ទៅ​តាម​អ្វី​ដែល​ត្រូវបាន​រំពឹងទុក​នោះ​ឡើយ › ។…

« មិនមែន​ការចួលរួម​ក្នុង​ក្រុម​កីឡារិនី​ជាតិ​នោះ​ទេ ដែល​បាន​ផ្ដល់​ពេល​វេលា​ឲ្យ អេលីស្សា សាកល្បង​អ្វី​ដែល​ថ្មីៗ » ។ វា​គឺ​អំឡុង​ពេល​ដែល​នាង​បាន​ចាប់ផ្ដើម​ដើរ​លេង​ជា​គូ​ជាមួយ​នឹង​យុវជន​ម្នាក់ ដែល​បាន​បង្រៀន​នាង​លេង​ហ្គីតា ហើយ​ក្រោយ​មក​ពួកគេ​បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

« អេលីស្សា បាន​ពោល​ថា ‹ ខ្ញុំ​ប្រាកដ​ណាស់​ថា ខ្ញុំ​ត្រូវបាន​រៀបចំ​ឲ្យ​មាន​ការផ្លាស់ប្ដូរ​នេះ តាមរយៈ​អ្វី​ដែល​បាន​កើតឡើង​នៅ​ប្រទេស​ចិន ។ ខ្ញុំ​បាន​លះបង់​អ្វី​មួយ​ចោល ហើយ​ទទួល​បាន​អ្វី​មួយ​ដែល​កាន់តែ​ប្រសើរ​ជាង​នោះ​ទៅ​ទៀត › ។

« …នាង​នៅ​តែ​ចង់​ប្រឹងប្រែង​ធ្វើការ ប៉ុន្តែ ឥឡូវ​នេះ​វា​ជា​ការប្រឹងប្រែង​ដើម្បី​គ្រួសារ​ផ្ទាល់ខ្លួន​របស់​នាង ។

« [ អេលីស្សា ] ស្ដាប់​តាម​គ្រូ​បង្វឹក​ដ៏​ឆ្នើម​បំផុត គឺ​ព្រះវរបិតាសួគ៌ ដែល​ជា​អ្នក​អាច​ដឹកនាំ​នាង ហើយ​ប្រទាន​ឲ្យ​នាង​នូវ​ការដឹកនាំ និង ការបំផុសគំនិត ។ ដូច​អេលីស្សា បាន​ពោល​ថា ‹ ព្រះអម្ចាស់​ទ្រង់​ជ្រាប​ពី​យើង​ម្នាក់ៗ ។ ចំពោះ​ខ្ញុំ នោះ​ជា​រឿង​ប្រពៃ​ណាស់ ដើម្បី​ដឹង ហើយ​មាន​ទីបន្ទាល់​អំពី​ការណ៍​នោះ › » ( Janet Thomas«The Playmaker»New Era ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ២១, ២៣ ) ។

សូម​ពិចារណា​អំពី​វិធី ដែល​អ្នក​អាច​ទទួលបាន​ការដឹកនាំ​ពី​ព្រះអម្ចាស់​អំពី​ជីវិត​របស់​អ្នក ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៥៤

ព្រះអម្ចាស់​ណែនាំ នូវល ណៃត៍ ឲ្យ​ដឹកនាំ​ពួក​បរិសុទ្ធ​នៅ​ភូមិ​ខូលស្វិល ទៅ​កាន់​រដ្ឋ មិសសួរី ។

ក្នុង​ខែ មេសា ឆ្នាំ ១៨៣១ នូវល ណៃត៍ បាន​ដឹកនាំ​ពួក​បរិសុទ្ធ​ចេញ​ពី​ភូមិ​ខូលស្វិល រដ្ឋ នូវ យ៉ោក ទៅ​ចូលរួម​ជាមួយ​ពួក​បរិសុទ្ធ​នៅ​រដ្ឋ អូហៃអូ ។ ក្នុង​ខែ ឧសភា ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ណែនាំ​ប៊ីស្សព អែតវឺត ប៉ាទ្រិច ឲ្យ​រៀបចំ​ពួក​បរិសុទ្ធ​តាំង​លំនៅ​លើ​ដីធ្លី​ក្នុង​ភូមិ​ថមសុន រដ្ឋ អូហៃអូ ដែល លីម៉ាន ខូព្លី បាន​ចុះ​សេចក្ដី​សញ្ញា ( ឬ សន្យា ) ថា​នឹង​ប្រគល់​ឲ្យ​ទុក​សម្រាប់​ជា​គោលបំណង​នោះ ។ ពួកគេ​បាន​ដាំ​ដំណាំ​នៅ​ទី​នោះ ហើយ​បាន​ចាប់ផ្ដើម​បង្កបង្កើន​ផល​នៅ​លើ​ដីធ្លី​នោះ ។ ប៉ុន្តែ ទោះជា​ពួកគេ​ធ្វើការ​រួម​គ្នា​ដើម្បី​បង្កើន​ដី​នោះ​ក្ដី ក៏​ពួកគេ​បាន​ចាប់ផ្ដើម​មាន​ភាពអាត្មានិយម និង ភាពលោភលន់ ។ ស្ថានភាព​របស់​ពួកគេ​មាន​សភាព​កាន់តែ​អាក្រក់​ទៅៗ​នៅ​ពេល លីម៉ាន ខូព្លី បាន​ត្រឡប់​មក​ពី​បេសកកម្ម​ផ្សាយ​ទៅ​កាន់​ពួក​សេកើរ​វិញ ( សូម​មើល គ. និង ស. ៤៩ ) ហើយ​បាន​ចាប់ផ្ដើម​សង្ស័យ​លើ​សេចក្ដី​ជំនឿ​របស់​ខ្លួន ។ គាត់​បដិសេធ​ទីបន្ទាល់​ដែល​កំពុង​រីកលូតលាស់​របស់​គាត់​ចំពោះ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ ហើយ​បាន​បញ្ជា​ឲ្យ​ពួក​បរិសុទ្ធ​ចាកចេញ​ពី​ដី​ធ្លី ។ គាត់​ក៏​បាន​ទារ​ថ្លៃ​ពី​ពួកគេ​ចំនួន ៦០ ដុល្លា ។ ដោយសារ​តែ​លីម៉ាន ខូព្លី បាន​ល្មើស​នឹង​សេចក្ដីសញ្ញា​របស់​គាត់ នោះ​ពួក​បរិសុទ្ធ​ពុំ​មាន​កន្លែង​ណា​នឹង​រស់នៅ​ឡើយ ។ នូវល ណៃត៍ និង អ្នក​ដទៃ​ទៀត បាន​សួរ​ព្យាការី​ថា​តើ​គួរ​ធ្វើ​ដូចម្ដេច ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥៤:១-៣ រួច​គូស​សម្គាល់​អ្វី ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះទ័យ​ចង់​ឲ្យ​ពួក​បរិសុទ្ធ​ទាំងនេះ​ធ្វើ ដើម្បី​ជួយ​ឲ្យ​ស្ថានភាព​របស់​ពួកគេ​មាន​សភាព​ប្រសើរ​ឡើង ។ បន្ទាប់​មក សូម​ពិចារណា​អំពី​សំណួរ​ដូចតទៅ​នេះ ៖ ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ការប្រែចិត្ត និង ការបន្ទាបខ្លួន នឹង​ជួយ​ដល់​ពួក​បរិសុទ្ធ​ទាំងនេះ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥៤:៦ រួច​គូស​សម្គាល់​ពរជ័យ​មួយ ដែល​ត្រូវបាន​ប្រទាន​ដល់​ពួក​បរិសុទ្ធ​ទាំងនោះ ដែល​បាន​រក្សា​សេចក្ដី​សញ្ញា​ក្នុង​ការថ្វាយ​ទ្រព្យសម្បត្តិ​ពួកគេ ។

យោង​តាម​ការបង្រៀន​របស់​ព្រះអម្ចាស់​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥៤:១–៦ សូម​បំពេញ​គោលការណ៍​ដូចតទៅ​នេះ ៖ បើ​យើង​រក្សា​សេចក្ដីសញ្ញា​របស់​យើង ហើយ​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះអម្ចាស់ នោះ​យើង​នឹង​ទទួលបាន  ។

រាល់​ពរជ័យ​ដែល​យើង​ទទួលបាន គឺ​ជា​ទង្វើ​នៃ​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់ ។ គំរូ​មួយ​នៃ​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់ គឺ​នៅ​ពេល​ដែល​ទ្រង់​អភ័យទោស​ដល់​យើង​ពី​អំពើបាប ។ នៅ​ពេល​យើង​រក្សា​សេចក្ដីសញ្ញា ដែល​យើង​ធ្វើ​នៅ​ពេល​ពិធីបុណ្យជ្រមុជទឹក ហើយ​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ នោះ​យើង​នឹង​មិន​គ្រាន់តែ​ទទួល​បាន​សេចក្ដី​មេត្តា​ករុណា​នៅ​ក្នុង​ជីវិត​នេះ​ទេ គឺ​ថែមទាំង​បន្ត​ទៅ​ដល់​សេចក្តី​ជំនុំជម្រះ​ចុងក្រោយ​ទៀត ។

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​អំពី​វិធី​មួយ​ចំនួន ដែល​ព្រះអម្ចាស់​បន្ត​មាន​សេចក្ដី​មេត្តា​ករុណា នៅ​ពេល​យើង​រក្សា​សេចក្ដី​សញ្ញា​របស់​យើង ៖

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

« សេចក្តី​មេត្តា​ករុណា​ដ៏​ទន់ភ្លន់​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ គឺជា​ពរ​ជ័យ​ផ្ទាល់​ខ្លួន និង សម្រាប់​បុគ្គល​ម្នាក់ៗ ជា​កម្លាំង ជា​ការ​ការពារ ជា​ការធានា​អះអាង ជា​ការដឹកនាំ ជា​សេចក្តី​សប្បុរស ដែល​ពោរពេញ​ដោយ​សេចក្តី​ស្រឡាញ់ ជា​ការ​លួង​លោម​ចិត្ត ជា​ការ​គាំ​ទ្រ និង ជា​អំណោយ​ទាន​ទាំង​ឡាយ​ខាង​វិញ្ញាណ ដែល​យើង​បាន​ទទួល និង ក៏​ដោយ​សារតែ​តាម​រយៈ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។…

« … សេចក្តី​មេត្តា​ករុណា​ដ៏​ទន់​ភ្លន់​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ មិន​កើត​ឡើង​ដោយ​ចៃដន្យ ឬ គ្រាន់​តែ​ជា​ការ​គាប់​ជួន​នោះ​ទេ ។ ភាព​ស្មោះ​ត្រង់ ការគោរព​ប្រតិបត្តិ និង ការ​បន្ទាបខ្លួន​នាំ​ឲ្យ​សេចក្តី​មេត្តា​ករុណា​ដ៏​ទន់ភ្លន់​ទាំងឡាយ កើត​មាន​ក្នុង​ជីវិត​របស់​យើង ហើយ​ជា​ញឹកញាប់ វា​កើត​មាន​តាម​កាលកំណត់​របស់​ព្រះ​អម្ចាស់​ដែល​អាច​ធ្វើ​ឲ្យ​យើង​ទទួល​ស្គាល់ និង ឲ្យ​តម្លៃ​ខ្ពស់​ចំពោះ​ពរជ័យ​សំខាន់​ៗ​ទាំង​នេះ » ( «The Tender Mercies of the Lord» EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៥ ទំព័រ ៩៩–១០០ ) ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​ពរជ័យ​មួយ​ចំនួន ដែល​អ្នក​មាន​អារម្មណ៍​ថា​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​អ្នក​នា​ពេល​ថ្មីៗ​នេះ ដោយសារតែ​ភាពស្មោះត្រង់​របស់​អ្នក​ដែល​មាន​ចំពោះ​សេចក្ដី​សញ្ញា និង ការគោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥៤:៧–១០ យើង​អាន​ថា បន្ទាប់​ពី​ពួក​បរិសុទ្ធ​ទាំងនេះ​បាន​បាត់បង់​ផ្ទះសម្បែង​ខ្លួន​នៅ​លើ​ដីធ្លី​របស់ លីម៉ាន ខូព្លី នោះ​ព្រះអម្ចាស់​បាន​បញ្ជា​ពួកគេ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ មិសសួរី ។ ពួកគេ​ត្រូវ​តាំង​នរណា​ម្នាក់​ឲ្យ​បង់ប្រាក់​សម្រាប់​ការចំណាយ​នៅ​តាម​ផ្លូវ ហើយ​ពួកគេ​ត្រូវ​ធ្វើការ​ដើម្បី​ផ្គត់ផ្គង់​ជីវិត​រស់នៅ​នៅ​ទី​នោះ រហូត​ដល់​ព្រះអម្ចាស់​នឹង​រៀបចំ​កន្លែង​មួយ​ឲ្យ​ពួកគេ​តាំង​លំនៅ ។ ព្រះអម្ចាស់​ក៏​បាន​ប្រទាន​ឱវាទ​ដល់​ពួកគេ ឲ្យ​មាន​ការអត់ធន់​ក្នុង​សេចក្ដី​លំបាក ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៥៥

ព្រះអម្ចាស់​ហៅ វិលលាម ដ័បបុលយូ ហ្វែប្ស ឲ្យ​ជួយ​ក្នុង​ការសរសេរ និង ការបោះពុម្ព​សៀវភៅ​ផ្សេងៗ​នៃ​សាសនាចក្រ

សូម​គិត​អំពី​ទេពកោសល្យ ឬ ជំនាញ​មួយ​ចំនួន​របស់​អ្នក ។ រួច​គិត​អំពី​ទេពកោសល្យ ឬ ជំនាញ​មួយ​ចំនួន ដែល​មិត្តភក្ដិ​អ្នក​មា្នក់​មាន ។ ដោយសារ​តែ​សមត្ថភាព​របស់​យើង​មាន​ច្រើន​ខុសៗ​គ្នា នោះ​យើង​អាច​ជួយ​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់​តាម​វិធី​ផ្សេងៗ​គ្នា ។. ព្រះ​អាច​ប្រើប្រាស់​ទេពកោសល្យ ជំនាញ និង សមត្ថភាព​នានា​ដើម្បី​ប្រទានពរ​ដល់​កូនចៅ​ទ្រង់ ។ វិលលាម ដ័បបុលយូ ហ្វែប្ស គឺ​ជា​គំរូ​នៃ​គោលការណ៍​នេះ ។ មុន​ពេល​គាត់​បាន​ទៅ​ដល់​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ គាត់​បាន​ជាវ​ព្រះគម្ពីរ​មរមន​មួយ​ក្បាល​នៅ​ពីរ​សប្ដាហ៍​បន្ទាប់​ពី​វា​ត្រូវបាន​ដាក់​លក់ ។ ការណ៍​នេះ​បាន​នាំ​ឲ្យ​គាត់​មាន​ការប្រែចិត្ត​ជឿ ។

សូម​អាន​សេចក្ដីណែនាំ​អំពី​កណ្ឌ​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ៥៥ ដោយ​ស្វែងរក​ជំនាញ ឬ សមត្ថភាព​មួយ​របស់ វិលលាម ដ័បបុលយូ ហ្វែប្ស ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥៥:៤ ដោយ​ស្វែងរក​ទេពកោសល្យ​មួយ​ទៀត​ដែល​គាត់​មាន ។ ព្រះអម្ចាស់​បាន​ហៅ​បងប្រុស ហ្វែប្ស ឲ្យ​ប្រើប្រាស់​ទេពកោស្យ និង ជំនាញ​ទាំងឡាយ​របស់​គាត់ ដើម្បី​ជួយ​ក្នុង​ការសរសេរ និង ការបោះពុម្ព​សៀវភៅ​ផ្សេងៗ​នៃ​សាសនាចក្រ​ក្នុង​រដ្ឋ មិសសួរី ( សូម​មើល គ. និង ស. ៥៥:៥ ) ។ កិច្ចខិតខំ​របស់​បងប្រុស ហ្វែប្ស នៅ​ទី​នោះ បាន​ប្រទានពរ​ដល់​សាសនាចក្រ​តាម​វិធី​ជា​ច្រើន ។

រូបភាព
វិលលាម ហ្វែប្ស និង​យ៉ូសែប ស៊្មីធ នៅ​ហាង​បោះពុម្ព
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​ធ្លាប់​បាន​ឃើញ​ព្រះអម្ចាស់​ប្រើប្រាស់​ទេពកោសល្យ និង សមត្ថភាព​របស់​រាស្ត្រ​ទ្រង់ ទៅ​ប្រទានពរ​ដល់​មនុស្ស​ដទៃ​តាម​របៀប​ណា ?

    2. តើ​ទេពកោសល្យ និង សមត្ថភាព​របស់​អ្នក អាច​នឹង​ប្រទានពរ ហើយ​លើកទឹកចិត្ត​មនុស្ស​ដទៃ ហើយ​ជម្រុញ​កិច្ចការ​ព្រះអម្ចាស់​ឲ្យ​ឆ្ពោះ​ទៅ​មុខ​យ៉ាង​ដូចម្ដេច ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៦:១-១៣

ព្រះអម្ចាស់​ដកហូត​ការហៅ​បម្រើ​បេសកកម្ម​របស់ អែសរ៉ា ធេយ័រ ហើយ​ព្រមាន​គាត់​ឲ្យ​ប្រែចិត្ត

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​មនុស្ស​ម្នាក់​ដែល​អ្នក​ស្គាល់ ដែល​បាន​លះបង់​អ្វី​មួយ​ដែល​សំខាន់​បំផុត​ចំពោះ​ពួកគេ ដើម្បី​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ ។ ( ឧទាហរណ៍​អាច​រួម​បញ្ចូល​ទាំង​ការលះបង់​របស់​មនុស្ស​ម្នាក់ ដើម្បី​ចូល​សាសនាចក្រ ចេញ​បេសកកម្ម ឬ គោរពប្រតិបត្តិ​តាម​បទដ្ឋាន​មួយ​ចំនួន​របស់​សាសនាចក្រ ) ។

អែសរ៉ា ធេយ័រ ត្រូវបាន​ចាត់តាំង​ឲ្យ​រស់នៅ ហើយ​ធ្វើការ​ជាមួយ យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ ក្នុង​កសិដ្ឋាន​របស់ ហ្វ្រែឌើរិក ជី វិលលាម្ស នៅ​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ ។ បន្ថែម​លើ​ការធ្វើការ​ក្នុង​កសិដ្ឋាន អែសរ៉ា ក៏​បាន​ជួយ​បង់ថ្លៃ​បំណុល​ខ្លះ​ដែល​ជំពាក់​លើ​ដីធ្លី​ដែរ ។ នៅ​ពេល​គាត់​ត្រូវបាន​ហៅ​ឲ្យ​ទៅ​បេសកកម្ម​មិសសួរី ជាមួយ ថូម៉ាស ប៊ី ម៉ាស ( សូម​មើល គ. និង ស. ៥២:២២ ) គាត់​បាន​សុំ​យក​កម្មសិទ្ធ​ចំណែក​លើ​ដីធ្លី​នៃ​សាសនាចក្រ ដែល​គាត់​គិត​ថា​ខ្លួន​សម​នឹង​ទទួល​បាន​ដីធ្លី​នោះ ។ ដោយសារតែ​ការខ្វល់ខ្វាយ​របស់​គាត់​ចំពោះ​ទ្រព្យសម្បត្តិ និង ប្រាក់កាស នោះ​អែសរ៉ា ធេយ័រ ពុំ​បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ចេញ​ទៅ​បម្រើ​បេសកកម្ម​នោះ​ឡើយ ទន្ទឹម​នឹង​ពេល​ដែល ថូម៉ាស បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​នោះ ដូច្នេះ​ហើយ ថូម៉ាស ក៏​បាន​ទៅ​ជួប​ព្យាការី យ៉ូសែប ស៊្មីធ ហើយ​បាន​សួរ​អំពី​អ្វី​ដែល​គាត់​គួរតែ​ធ្វើ ។

ក្នុង​វិវរណៈ​ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥៦ ព្រះអម្ចាស់​បាន​ដក​ហូត​ការហៅ​បម្រើ​បេសកកម្ម​ពី អែសរ៉ា ធេយ័រ មក​វិញ ហើយ​ចាត់​ដៃគូ​ថ្មី​សម្រាប់​បងប្រុស ម៉ាស ។ ក្រោយមក ព្រះអម្ចាស់​បាន​ព្រមាន​អំពី​ភាពឆ្មើងឆ្មៃ ហើយ​បាន​បង្រៀន​ពួក​បរិសុទ្ធ​ថា ទ្រង់​មាន​ពរជ័យ​ទុក​សម្រាប់​ប្រទាន​ឲ្យ​ច្រើន​ជាង​ដីធ្លី និង ប្រាក់កាស​ទាំងនេះ​ទៅ​ទៀត ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥៦:៣–៥ ដោយ​ស្វែងរក​អ្វី​ដែល​បាន​កើតឡើង ដោយសារតែ អែសរ៉ា ធេយ័រ ពុំ​បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ចេញ​ទៅ​ជាមួយ ថូម៉ាស ប៊ី ម៉ាស ទៅ​កាន់​រដ្ឋ មិសសួរី ។ នៅ​ពេល​អ្នក​អាន វា​អាច​នឹង​មាន​ប្រយោជន៍ ដើម្បី​ស្គាល់​ថា​ពាក្យ ដកហូត មាន​ន័យ​ថា ដក​យក​មក​វិញ ឬ បោះបង់ ។ តើ​អែសរ៉ា បាន​បាត់បង់​អ្វី​ខ្លះ ដោយសារតែ​ការពុំ​ទាន់​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ចេញ​ទៅ​ជាមួយ​បងប្រុស ម៉ាស នោះ ?

គោលលទ្ធិ និង សេចក្តីសញ្ញា ៥៦:៤ បង្រៀន​យើង​ថា ព្រះអម្ចាស់​អាច​បញ្ជា ឬ ដកហូត​ព្រះបញ្ញតិ​មួយ​វិញ នៅ​ពេល​ទ្រង់​ព្រះតម្រិះ​ឃើញ​ថា​សម​នឹង​ធ្វើ ។ អ្នក​អាច​គូសចំណាំ​ពាក្យ ឬ ឃ្លា ដែល​បង្រៀន​អំពី​គោលការណ៍​នេះ ។

ចំណុច​ខាង​ក្រោម​នេះ គឺ​ជា​ឧទាហរណ៍​មួយ​ចំនួន​ចេញ​ពី​បទគម្ពីរ និង ប្រវត្តិ​សាសនាចក្រ​នៃ​ការប្រទាន​ឲ្យ ឬ ការដកហូត​ព្រះបញ្ញត្តិ​មក​វិញ ៖

  • បន្ទាប់​ពី​ព្រះអម្ចាស់​បាន​ប្រទាន​ក្រឹត្យវិន័យ​មួយ​ដែល​កាន់តែ​ពិបាក​ទៅ​ដល់​ម៉ូសេ និង រាស្ត្រ​របស់​លោក នោះ​ពួក​កូនចៅ​អ៊ីស្រាអែល​បាន​បះបោរ ហើយ​បាន​ចាប់ផ្ដើម​ថ្វាយបង្គំ​រូប​សំណាក​គោ​ធ្វើ​ពី​មាស ។ រួច​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួកគេ នូវ​ក្រឹត្យវិន័យ​មួយ​ដែល​ស្រួល​ជាង​នេះ ។ ( សូម​មើល ការបកប្រែ​របស់ យ៉ូសែប ស្ម៊ីធ និក្ខមនំ ៣២:១៤; ៣៣:២០; ៣៤:១–២ [ នៅ​ក្នុង​សេចក្ដីបន្ថែម​ព្រះគម្ពីរ​ប៊ីប ] ) ។

  • អំឡុង​ពេល​ការបម្រើ​របស់​ព្រះអង្គ​នៅ​លើ​ផែនដី ទ្រង់​បាន​មាន​ព្រះបន្ទូល​ប្រាប់​ពួក​សាវក​ទ្រង់​ឲ្យ​ផ្សាយ​ដំណឹងល្អ​ទៅ​ត្រឹមតែ​ពួក​សាសន៍​យូដា​ប៉ុណ្ណោះ ( សូម​មើល ម៉ាថាយ ១០:៥) ។ មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ការសុគត​របស់​ព្រះអង្គ​សង្គ្រោះ ពេត្រុស បាន​ទទួល​វិវរណៈ​មួយ​ថា ដល់​ពេល​ដែល​ត្រូវ​ផ្សាយ​ដំណឹងល្អ​ទៅ​កាន់​មនុស្ស​នៃ​អស់​ទាំង​សាសន៍​ហើយ ( សូម​មើល ម៉ាថាយ ២៨:១៩) ។

  • នៅ​ក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​នេះ ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​ពួក​បរិសុទ្ធ​ជំនាន់​ដំបូង​មួយ​ចំនួន​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ។ ព្យាការី យ៉ូសែប ស៊្មីធ និង ថ្នាក់​ដឹកនាំ​សាសនាចក្រ​ជា​ច្រើន​ទៀត បាន​ឃើញ​ថា ព្រះបញ្ញត្តិ​នេះ​ពិបាក​នឹង​អនុវត្ត ប៉ុន្តែ ពួកលោក​បាន​គោរពប្រតិបត្តិ​តាម ។ ច្រើន​ឆ្នាំ​ក្រោយ​មក បន្ទាប់​ពី​បាន​ទទួល​វិវរណៈ ប្រធាន វិលហ្វូឌ វូឌដ្រុព្វ បាន​ចេញ​ជា​សេចក្ដី​ថ្លែងការណ៍​លាយលក្ខណ៍​អក្សរ—សេចក្ដីប្រកាស—ដែល​ត្រូវបាន​ទទួល​យក​ជា​ផ្លូវការ​ដោយ​សាសនាចក្រ និង បាន​ចងក្រង​នៅ​ថ្ងៃ​ទី ៦ ខែ តុលា ឆ្នាំ ១៨៩០ ។ សេចក្ដី​ថ្លែងការណ៍​នេះ បាន​បញ្ចប់​ការអនុវត្តន៍​អាពា៍ពិពាហ៍​ពហុពន្ធភាព​នៅ​ក្នុង​សាសនាចក្រ ( សូម​មើល សេចក្ដី​ប្រកាស​ជា​ផ្លូវការ ទី​១ ) ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥៦:៨–១១ ដោយ​ស្វែងរក​ការណ៍​ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ អែសរ៉ា ធេយ័រ ធ្វើ បន្ទាប់​ពី​ការហៅ​បម្រើ​បេសកកម្ម​របស់​គាត់​ត្រូវបាន​ដកហូត ។ ជា​សំណាងល្អ អែសរ៉ា បាន​ជ្រើសរើស​ប្រែចិត្ត ហើយ​ប្រាំពីរ​ខែ​ក្រោយ​មក គាត់​ត្រូវបាន​ហៅ​ម្ដង​ទៀត​ឲ្យ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ជាមួយ ថូម៉ាស ប៊ី ម៉ាស ( សូម​មើល គ. និង ស. ៧៥:៣១ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៦:១៤-២០

ព្រះអម្ចាស់​ព្រមាន​ពួក​បរិសុទ្ធ​ប្រឆាំង​នឹង​ភាពលោភលន់ និង ចិត្ត​ឆ្មើងឆ្មៃ

មនុស្ស​ខ្លះ​គិត​ថា ភាពឆ្មើងឆ្មៃ​គឺ​ជា​លក្ខណៈសម្បត្តិ​មួយ​ដែល​មាន​ក្នុង​ចិត្ត​របស់​អ្នក​មាន​ទ្រព្យសម្បត្តិ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការណ៍​នេះ​មិន​ពិត​ប្រាកដ​ជានិច្ច​នោះ​ទេ នៅ​ពេល​ដែល​អ្នក​បាន​រៀន​ក្នុង​ខគម្ពីរ​ខាង​ក្រោម​នេះ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥៦:១៦–១៧ ដោយ​ស្វែងរក​ថា​តើ​ចិត្ត​ដែល​មិន​បាន​កែប្រែ​នោះ សម្ដែង​ចេញ​ក្នុង​អ្នក​មាន និង អ្នក​ក្រ​យ៉ាង​ដូចម្ដេច ។ សូម​គិត​ពី​ការគូសចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។ សូម​ពិចារណា​អំពី​មូលហេតុ​ដែល​ភាពឆ្មើងឆ្មៃ និង ភាពលោភលន់ មាន​លក្ខណៈ​ដូចគ្នា ទោះ​ជា​អ្នក​មាន ឬ អ្នក​ក្រ​ក្ដី ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥៦:១៨ ដោយ​ស្វែងរក​ការពិពណ៌នា​របស់​ព្រះអម្ចាស់​ស្ដីពី​ចិត្ត និង វិញ្ញាណ​នៃ​បុគ្គល​ទាំងឡាយ​ណា​ដែល​នឹង​ទទួលបាន​ពរ ។ សូម​ប្រើ​លេខ​យោង ដើម្បី​យល់​ពាក្យ​មួយ​ចំនួន ដែល​ព្រះអម្ចាស់​ប្រើ ។

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា ៖ « នៅ​ពេល​អ្នក​ស្វែងរក​ពរជ័យ​ទាំងឡាយ​នៃ​ការប្រែចិត្ត​ជឿ នោះ​អ្នក​អាច​ថ្វាយ​ដល់​ព្រះអម្ចាស់​នូវ​អំណោយ​នៃ​ចិត្ត​សង្រេង ឬ ប្រែចិត្ត និង វិញ្ញាណ​ទន់ទាប ឬ គោរព​ប្រតិបត្តិ​របស់​អ្នក ។ ជាក់ស្ដែង វា​គឺ​ជា​អំណោយ​នៃ​ខ្លួន​អ្នក​ផ្ទាល់​តែ​ម្ដង —គឺ​ថា​អ្នក​ជា​នរណា ហើយ​អ្នក​នឹង​ក្លាយ​ជា​នរណា » ( «When Thou Art Converted» Ensign ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ១២ ) ។

សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៦:១៩-២០ ដោយ​ស្វែងរក​ពរជ័យ ដែល​ព្រះអម្ចាស់​បាន​សន្យា​ដល់​អ្នក​ដែល​មាន​ចិត្ត​ទន់ទាប ។ វា​អាច​នឹង​ជួយ​អ្នក​ឲ្យ​ដឹង​ថា « រង្វាន់ » របស់​ព្រះអម្ចាស់​មាន​ន័យ​ថា ទ្រង់​នឹង​សង​នូវ​គ្រប់​កិច្ចការ​ល្អ និង អាក្រក់​ទាំងអស់​ដែល​បាន​ប្រព្រឹត្ត ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ពរជ័យ​ទាំងឡាយ​ដែល​មាន​រ៉ាយរ៉ាប់​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥៦:១៨–២០ បើ​ប្រៀបធៀប​ទៅ​នឹង​ទ្រព្យសម្បត្តិ និង ប្រាក់កាស​ដែល អែសរ៉ា ធេយ័រ និង មនុស្ស​ដទៃ​ទៀត​បាន​ខ្វល់ខ្វាយ​នោះ មាន​លក្ខណៈ​ដូចម្ដេច ?

    2. តើ​អ្នក​អាច​ធ្វើ​ដូចម្ដេច ដើម្បី​មាន​ដួងចិត្ត ដែល​នឹង​ទទួល​បាន​ពរជ័យ ដូច​មាន​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ?

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៥៣-៥៦ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖