ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៨ ៖ ថ្ងៃទី ៤ គោលលទ្ធិ និង សេចក្តីសញ្ញា ៣៥


មេរៀន​ទី ៨ ៖ ថ្ងៃ​ទី ៤

គោលលទ្ធិ និង សេចក្តី​សញ្ញា ៣៥

បុព្វកថា

ក្នុង​រយៈ​ពេល​ប្រាំមួយ​ខែ​ចាប់តាំង​ពី​ការរៀបចំ​សាសនាចក្រ មាន​អ្នក​ផ្សព្វផ្សាយ​សាសនា​ចំនួន​បួន​រូប រួម​ទាំង ប៉ាលី ភី ប្រាត្ត ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ប៉ែក​ខាង​លិច ដើម្បី​ផ្សាយ​ដំណឹងល្អ​ទៅ​កាន់​ពួក​អាមេរិកាំង​ជនជាតិ​ដើម ។ នៅ​តាម​ផ្លូវ​របស់​ពួកគាត់​ទៅ​កាន់​ព្រំដែន​ប៉ែក​ខាង​លិច​នៃ រដ្ឋ​មិសសួរី ពួកគាត់​បាន​ឈប់​សម្រាក​នៅ​តំបន់​ជុំវិញ​ទីក្រុង ខឺតឡង់ រដ្ឋ​អូហៃអូ ជា​កន្លែង​ដែល ប៉ាលី បាន​រស់នៅ​ទី​នោះ​អស់​មួយ​រយៈ ។ ពួកគាត់​បាន​ចែកចាយ​សារលិខិត​ជាមួយ​នឹង​មិត្តភក្ដិ​របស់​អែលឌើរ ប្រាត្ត ដែល​ជា​អាចារ្យ​សាសនា​ដ៏​ល្បី​ម្នាក់​ឈ្មោះ ស៊ីឌនី រិកដុន ។ ក្នុង​រយៈ​ពេល​ដ៏​ខ្លី មាន​មនុស្ស​ជាង ១០០ នាក់​រួមទាំង ស៊ីឌនី រិកដុន និង សមាជិក​ជា​ច្រើន​នាក់​ទៀត​នៃ​ក្រុមជំនុំ​របស់​គាត់ បាន​ទទួល​ពិធី​បុណ្យជ្រមុជទឹក ដែល​ចំនួន​នោះ​បាន​បង្កើន​សមាជិកភាព​សរុប​នៃ​សាសានាចក្រ​ទ្វេ​ដង ។ ស៊ីឌនី និង ភរិយា​គាត់ ហ្វែប៊ី បាន​ដឹង​ថា ការចូល​សាសនាចក្រ​នេះ​នឹង​តម្រូវ​ឲ្យ​ពួកគាត់​ធ្វើ​ការលះបង់​យ៉ាង​ធំ ។ គាត់​បាន​ដឹង​ថា ការ​រកស៊ី​ចិញ្ចឹម​ជីវិត​ជា​អាចារ្យ​សាសនា និង កិត្តិនាម​របស់​គាត់​នៅ​ក្នុង​សហគមន៍​នឹង​ត្រូវ​ខាតបង់ ប៉ុន្តែ គាត់​បាន​ប្ដេជ្ញាចិត្ត​ធ្វើ​តាម​សេចក្ដីពិត ។

បន្ទាប់ពី​ពួក​អែលឌើរ បាន​ចាក​ចេញ​ពី​ទីក្រុង ខឺតឡង់ ដើម្បី​បន្ដ​ដំណើរ​របស់​ពួកគាត់ នោះ ស៊ីឌនី រិកដុន និង មិត្តភក្ដិ​ម្នាក់​ឈ្មោះ អែតវឺត ប៉ាទ្រិច បាន​ធ្វើ​ដំណើរ​ទៅ រដ្ឋ​នូវ យ៉ោក ដើម្បី​ជួប​នឹង​ព្យាការី យ៉ូសែប ស៊្មីធ ។ មិន​យូរ​ប៉ុន្មាន បន្ទាប់ពី​ពួកគាត់​បាន​ទៅ​ដល់ ព្យាការី​បាន​ទទួល​វិវរណៈ ដែល​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៥ ។ ក្នុង​វិវរណៈ​នោះ ព្រះអម្ចាស់​បាន​ប្រទាន​ការទទួល​ខុសត្រូវ​ជាក់លាក់​នានា​ដល់ ស៊ីឌនី រិកដុន នៅ​ក្នុង​សាសនាចក្រ​ដែល​ទើប​តែ​បាន​ស្ដារឡើងវិញ​ថ្មីៗ​នេះ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥:១-១២

ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ប្រាប់ ស៊ីឌនី រិកដុន ថា​គាត់​ត្រូវបាន​រៀប​ចំ​ឲ្យ​ធ្វើ​កិច្ចការ​ដ៏​លើលលែង​ទៅ​ទៀត

  1. សូម​ឆ្លើយ​សំណួរ​តទៅនេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​ធ្លាប់​មាន​បទពិសោធន៍ ដែល​ជួយ​អ្នក​ឲ្យ​ដឹង​ថា ព្រះ​ទ្រង់​ស្គាល់​អ្នក​ដែរ​ឬ​ទេ ?

វិវរណៈ​ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣៥ បង្ហាញ​ថា ព្រះអម្ចាស់​ទ្រង់​ស្គាល់ ស៊ីឌនី រិកដុន ហើយ​ទ្រង់​បាន​មាន​ព្រះបន្ទូល​ទៅ​កាន់ ស៊ីឌនី អំពី​តួនាទី​របស់​គាត់​ក្នុង​ការ​ជួយ​ដល់​ព្យាការី យ៉ូសែប ស៊្មីធ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៥:១-៣ ដោយ​ស្វែងរក​ភស្ដុតាង ដែល​បង្ហាញ​ថា ព្រះអម្ចាស់​បាន​ស្គាល់ ស៊ីឌនី រិកដុន ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​នូវ​អ្វី​ដែល​អ្នក​រកឃើញ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៥:៣ ម្ដង​ទៀត ដោយ​ដាក់​ឈ្មោះ​របស់​អ្នក​ជំនួស​ឲ្យ ស៊ីឌនី វិញ ។ តើ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ បង្រៀន​អ្វី​ខ្លះ​អំពី​ការដែល​ទ្រង់​ស្គាល់​យើង​ម្នាក់ៗ ?

រូបភាព
អែលឌើរ ណែល អេ. ម៉ាកស្វែល

អែលឌើរ នែល អេ ម៉ាក់ស្វែល ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ថ្លែងទីបន្ទាល់​អំពី​ការដែល​ទ្រង់​ស្គាល់​យើង​ម្នាក់ៗ​ថា ៖ « ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះ​ទ្រង់​ស្គាល់​យើង​ម្នាក់ៗ​… ជា​យូរ​លង់​ណាស់​មក​ហើយ ( សូម​មើល គ. និង ស. ៩៣:២៣ ) ។ ទ្រង់​ស្រឡាញ់​អ្នក​ជា​យូរ​លង់មក​ហើយ ។… ទ្រង់​ស្គាល់ឈ្មោះរបស់អ្នក និង​ការ​ឈឺចាប់​ទាំងអស់​របស់អ្នក និង​ក្ដីអំណរ​របស់អ្នក ! » ( Remember How Merciful the Lord Hath Been,” Ensignខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៤៦ ) ។

គោលការណ៍​មួយ​ដែល​យើង​រៀន​មក​ពី គោលលទ្ធិ និង សេចក្តី​សញ្ញា ៣៥:៣ គឺ​ថា ព្រះអម្ចាស់​ស្គាល់​យើង ហើយ​ថា​ទ្រង់​មាន​កិច្ចការ​សម្រាប់​យើង​ម្នាក់ៗ​ឲ្យ​ធ្វើ ។ តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា តើ​ព្រះអម្ចាស់​មាន​កិច្ចការ​ជាក់​លាក់​អ្វីខ្លះ​ឲ្យ​អ្នក​ធ្វើ​នៅ​ក្នុង​ជីវិត​របស់​អ្នក ?

ពីមុន​ដែល​គាត់​បាន​រៀន​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារឡើងវិញ ស៊ីឌនី រិកដុន បាន​ធ្វើ​កិច្ចការ​ដ៏​ប្រពៃ ក្នុង​នាម​ជា​អាចារ្យ​សាសនា​នៃ​សាសនាចក្រ​មួយ​ផ្សេង​ទៀត ។ ក្រោយ​ពី​បាន​ចូល​សាសនាចក្រ​របស់​ព្រះអម្ចាស់​ដែល​បាន​ស្ដារឡើងវិញ​ហើយ​នោះ គាត់​មាន​លទ្ធភាព​ធ្វើ « កិច្ចការ​ដ៏​លើសលែង​ទៅ​ទៀត » ( គ. និង ស. ៣៥:៣ ) ដើម្បី​នគរ​នៃ​ព្រះអម្ចាស់ ។ មនុស្ស​ដែល​មាន​ជំនឿ​ផ្សេង អាច​ប្រព្រឹត្ត​កិច្ចការ​ល្អ​ជាច្រើន ។ វា​គឺ​ជា​ការទទួលខុសត្រូវ​របស់​យើង ដើម្បី​ចែកចាយ​ភាពពេញលេញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ឲ្យ​ពួកគេ​អាច​ធ្វើ « កិច្ចការ​ដ៏​លើស​លែង​ទៅ​ទៀត » ។ ស្រដៀងគ្នា​នេះ​ដែរ យើង​អាច​មាន​ទំនុក​ចិត្ត​ថា ព្រះអម្ចាស់​ទ្រង់​ស្គាល់​យើង​ម្នាក់ៗ ហើយ​នៅ​ពេល​យើង​ពុះពារ​ដើរតាម​ទ្រង់ នោះ​ទ្រង់​នឹង​ជួយ​យើង​ឲ្យ​សម្រេចបាន​កិច្ចការ ដែល​យើង​ត្រូវបាន​រៀបចំ​ឲ្យ​ធ្វើ ។

រូបភាព
ការផ្សាយ​ដំណឹងល្អ​របស់ យ៉ូហាន បាទីស្ទ

ក្នុង​នាម​ជា​អ្នក​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះយេស៊ូវគ្រីស្ទ យ៉ូហាន បាទីស្ទ បាន​រៀបចំ​ដួងចិត្ត​មនុស្ស​ជា​ច្រើន​រង់ចាំ​ទទួល​ការយាង​មក​របស់​ទ្រង់ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៥:៤-៦ រួច​ស្វែងរក​ចំណុច​ដែល ស៊ីឌនី រិកដុន មាន​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង យ៉ូហាន បាទីស្ទ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​នូវ​អ្វី​ដែល​អ្នក​រកឃើញ ។

ទោះជា ស៊ីឌនី រិកដុន មាន​លក្ខណៈ​ដូចជា យ៉ូហាន បាទីស្ទ ត្រង់​ចំណុច​មួយ​ចំនួន​ក្ដី ក៏​គាត់​មាន​លក្ខណៈ​ខុស​ពី យ៉ូហាន បាទីស្ទ ដែរ ព្រោះ​កាល ស៊ីឌនី បាន​ធ្វើ​ពិធីបុណ្យជ្រមុជទឹក​ឲ្យ​សមាជិក​ក្នុង​ក្រុមជំនុំ​របស់​គាត់ គាត់​ពុំ​មាន​សិទ្ធិអំណាច​ពី​ព្រះ​ដើម្បី​ធ្វើ​កិច្ចការ​នោះ​ឡើយ ( សូម​មើល គ. និង ស. ៣៥:៥–៦ ) ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៥:៧–១១ រួច​ស្វែងរក​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ក្នុង​ជីវិត​របស់​អ្នក​ទាំងឡាយ​ណា ដែល​ជឿ ហើយ​អនុវត្ត​សេចក្ដីជំនឿ​ទៅ​លើ​ព្រះ នៅ​ថ្ងៃ​ចុង​ក្រោយ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ចេញ​ពី គោលលទ្ធិ និង សេចក្តីសញ្ញា ៣៥:៧–១១ អំពី​អ្វី​ដែល ព្រះអម្ចាស់​បាន​សន្យា​ថា​នឹង​បង្ហាញ​ដល់​អ្នក​ទាំងឡាយ​ណា ដែល​ដើរតាម​ទ្រង់​ដោយ​សេចក្ដីជំនឿ ? ( ពាក្យ ពួក​សាសន៍​ដទៃ នៅ​ក្នុង ខទី ៧ សំដៅ​ទៅ​លើ​អស់​អ្នក​ដែល​ពុំ​ទាន់​ស្គាល់​ភាពពេញលេញ​នៃ​ដំណឹងល្អ ។ ពាក្យ បាប៊ីឡូន នៅ​ក្នុង ខទី ១១ សំដៅ​លើ​លោកិយ ) ។

    2. តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​អព្ភូតហេតុ​ទាំងឡាយ ត្រូវបាន​ភ្ជាប់​គ្នា​យ៉ាង​ជាប់​ទៅ​នឹង​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ? ( សូម​គិត​ថា អព្ភូតហេតុ​នានា​អាច​ជា​ការល្អិតល្អន់​ដូច​ជា​ការផ្លាស់​ប្ដូរ​នៅក្នុង​ដួងចិត្ត ឬ ការអត់ទោស​ដល់​អំពើ​បាប ហើយ​អព្ភូតហេតុ​ទាំង​នោះ​បាន​មក​តាម​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥:១៣-១៩

ព្រះអម្ចាស់​សន្យា​ថា នឹង​ជួយ​ដល់​អ្នក ដែល​បន្ទាបខ្លួន​ក្នុង​ការធ្វើ​កិច្ចការ​របស់​ទ្រង់

សូម​ស្រមៃ​ថា អ្នក​កំពុង​បង្កើត​ក្រុម​កីឡា​មួយ​ជាមួយ​គ្នា ( សូម​គិត​អំពី​កីឡា​មួយ​ដែល​អ្នក​ចេះ​លេង ) ។ សូម​ពិពណ៌នា​អំពី​ភាពខ្លាំង និង ភាពស្ទាត់ជំនាញ ដែល​អ្នក​ចង់​ឲ្យ​កីឡាករ​របស់​អ្នក​មាន នៅ​ក្នុង​ចន្លោះ​ដែល​មាន​ផ្ដល់​ឲ្យ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៥:១៣ ដោយ​ស្វែងរក​បុគ្គល ដែល​ព្រះអម្ចាស់​បាន​រើសតាំង​ឲ្យ​បំពេញ​កិច្ចការ​របស់​ទ្រង់ ។ សូម​កត់ចំណាំ​អំពី​លក្ខណៈសម្បត្តិ​ទាំងឡាយ​នៃ​មនុស្ស ដែល​ព្រះអម្ចាស់​ជ្រើសតាំង​ឲ្យ​ជួយ​ដល់​ទ្រង់ ដែល​មាន​សភាព​មិន​ប្រក្រតី​ចំពោះ​បទដ្ឋាន​របស់​លោកិយ ។ « ពួក​កំសោយ​នៅ​លោកិយ » សំដៅ​ទៅ​លើ​ពួក​អ្នក​បម្រើ​ព្រះអម្ចាស់ ។ ពាក្យ បញ្ជាន់បោក នៅ​ក្នុង​ខគម្ពីរ​នេះ សំដៅ​ទៅ​លើ​ការបញ្ជាន់ ដែល​ជា​សកម្មភាព​នៃ​ការបោកបែន​គ្រាប់​ស្រូវ​ចេញ​ពី​ទង ឬ សំបក​របស់​វា ។ នៅ​ក្នុង​ខគម្ពីរ​នេះ វា​សំដៅ​ទៅ​លើ​ការបំបែក និង ការប្រមូល​រាស្ត្រ ដែល​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ទទួល​យក​ដំណឹងល្អ ចេញ​ពី​រាស្ត្រ​ដែល​ពុំ​បាន​ត្រៀមខ្លួន​នៅ​ឡើយ ។ របៀប​មួយ​ដែល​កិច្ចការ​នេះ​ត្រូវបាន​បំពេញ​គឺ តាម​រយៈ​ការដើរ​ស្វែងរក​មនុស្ស​របស់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា និង ការរៀបចំ​ពួកគេ​ឲ្យ​ធ្វើ ហើយ​រក្សា​សេចក្ដីសញ្ញា​ពិសិដ្ឋ ។

រូបភាព
ការកិន​ស្រូវ

យោងតាម គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៥:១៣ យើង​រៀន​ថា ព្រះ​ត្រាស់​ហៅ អ្នក​កំសោយ​ឲ្យ​បំពេញ​កិច្ចការ​របស់​ទ្រង់ តាម​រយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​ទ្រង់ ។

  1. សូម​ឆ្លើយ​សំណួរ​ដូច​តទៅ​នេះ​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់ ហៅ​ពួក​អ្នក​បម្រើ​ទ្រង់​ថា​ជា « អ្នក​កំសោយ » « ល្ងង់ខ្លៅ » និង « ត្រូវ​គេ​ប្រមាថ » ?

សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៥:១៤-១៥ ដោយ​ស្វែងរក​ការសន្យា ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ដល់​អ្នក​ដែល​ជួយ​ក្នុង​កិច្ចការ​ទ្រង់ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​នូវ​អ្វី​ដែល​អ្នក​រកឃើញ ។ អ្នក​ក៏​អាច​នឹង​ដាក់​ខគម្ពីរ​ទាំងនេះ​ជា​ខគម្ពីរ​ផ្ទាល់ខ្លួន ដោយ​ការអាន​ខគម្ពីរ​ទាំងនោះ​ម្ដងទៀត ហើយ​ដាក់​បញ្ចូល​ឈ្មោះ​របស់​អ្នក ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ពីរ ឬ ទាំងអស់​នៃ​សំណួរ​ខាងក្រោម​នេះ ៖

    1. តើ​ការដឹង​ថា ព្រះ​ប្រើ​ពួក​កំសោយ​នៅ​លោកិយ ឲ្យ​បំពេញ​កិច្ចការ​របស់​ទ្រង់​តាម​រយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​របស់​ទ្រង់ អាច​ជួយ​ដល់​យុវវ័យ​ម្នាក់ ដែល​មាន​អារម្មណ៍​ថា ភ័យ​ខ្លាច​ក្នុង​ការបម្រើ​បេសកកម្ម​បាន​យ៉ាង​ដូចម្ដេច ?

    2. តើ​ការយល់ដឹង​នេះ អាច​ជួយ​យុវនារី​ម្នាក់ ដែល​ត្រូវបាន​ស្នើ​ឲ្យ​បង្រៀន​ថ្នាក់​មួយ​ក្នុង​សាសនាចក្រ ហើយ​មាន​អារម្មណ៍​ថា​មិន​សូវ​ចេះ​យ៉ាង​ដូចម្ដេច ?

    3. តើ​ការយល់ដឹង​នេះ ជួយ​យើង​ទាំងអស់​គ្នា​យ៉ាង​ដូច​ម្ដេច កាល​យើង​ទទួលបាន​អារម្មណ៍​បំផុតគំនិត​ឲ្យ​ចែកចាយ​ដំណឹងល្អ​ជាមួយ​នរណាម្នាក់​នោះ ?

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​លើក​ទឹកចិត្ត​អ្នក​ដែល​អាច​នឹង​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ជា​មនុស្ស​កំសោយ ឬ មិន​សូវ​ចេះ ឲ្យ​ជួយ​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់​ថា ៖ « មនុស្ស​មួយ​ចំនួន​អាច​នឹង​មាន​ការអៀនប្រៀន​ពី​កំណើត ឬ គិត​ថា​ខ្លួន​មិន​សូវ​ចេះ​ក្នុង​ការ​ឆ្លើយ​តប​ដោយ​មោះមុត​ចំពោះ​ការហៅ​បម្រើ ។ ចូរ​ចាំ​ថា កិច្ចការ​នេះ គឺ​ពុំ​មែនជា​របស់​អ្នក និង ខ្ញុំ​តែ​ឯង​នោះ​ទេ ។ វា​ជា​កិច្ចការ​របស់​ព្រះ​អម្ចាស់ ហើយ​ពេល​យើង​ស្ថិត​នៅ​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ នោះ​យើង​នឹង​ទទួល​បាន​ជំនួយ​ពី​ព្រះអម្ចាស់ ។ ចូរ​ចាំ​ថា ព្រះអម្ចាស់ នឹង​ដុស​ខាត់​ខ្នង​ដើម្បី​រែក​បន្ទុក​ដែល​នឹង​ដាក់​មក​លើ » ( « To Learn, to Do, to Be » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៨, ទំព័រ ៦២ ) ។

ព្យាការី យ៉ូសែប ស៊្មីធ ត្រូវបាន​ចាត់ទុក​ដោយ​មនុស្ស​មួយ​ចំនួន​ថា​ជា មនុស្ស​កំសោយ​ខាង​ចំណេះដឹង​ទូទៅ និង សមត្ថភាព​ផ្សេងៗ​ទៀត ។ បើ​ប្រៀបធៀប​នឹង ស៊ីឌនី រិកដុន គាត់​គឺ​ជា​បុគ្គល​ដែល​មាន​ការអប់រំ​ខ្ពស់ និង មាន​អំណោយទាន​ជា​ច្រើន ។ សូម​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥:១៧-១៩ រួច​ស្វែងរក​ឱវាទ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់ ស៊ីឌនី រិកដុន អំពី​ព្យាការី យ៉ូសែប ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ហេតុអ្វី​បាន​ជា​ឱវាទ​ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣៥:១៧–១៩ មាន​សារៈសំខាន់​ចំពោះ​អាចារ្យ​សាសនា​ដែល​មាន​ការអប់រំ​ខ្ពស់​ដូចជា ស៊ីឌនី រិកដុន ដែល​គាត់​ត្រូវ​យល់ ?

    2. តើ​វា​នឹង​មាន​អត្ថប្រយោជន៍​ដូចម្ដេច​ចំពោះ​យើង ក្នុង​ការចងចាំ​អំពី​ឱវាទ​នេះ ដោយ​ការគោរព​ដល់​ថ្នាក់ដឹកនាំ​សាសនាចក្រ​យើង​ដែល​កំពុង​តែ​ដឹកនាំ ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥:២០-២៧

ស៊ីឌនី រិកដុន ត្រូវបាន​បាន​បញ្ជា​ឲ្យ​ធ្វើ​ជា​ស្មៀន​របស់ យ៉ូសែប ស៊្មីធ ដើម្បី​ផ្សាយ​ដំណឹងល្អ ហើយ​រក្សា​សេចក្ដី​សញ្ញា​របស់​គាត់ ។

តើ​អ្នក​មាន​ការហៅ ឬ ករណីយកិច្ច​ជាក់លាក់​ណា​មួយ នៅ​ក្នុង​សាសនាចក្រ​ដែរ​ឬ​ទេ ? សូម​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥:២០-២៤ រួច​ស្វែងរក​ករណីយកិច្ច​ជាក់លាក់ ដែល ស៊ីឌនី រិកដុន ត្រូវបាន​ហៅ​ឲ្យ​បំពេញ ។

ព្រះអម្ចាស់​បាន​ត្រាស់​ហៅ ស៊ីឌនី ឲ្យ​បំពេញ​តួនាទី​ជា​ស្មៀន​របស់​ព្យាការី យ៉ូសែប ស៊្មីធ ដែល​បាន​បន្ត​ការបកប្រែ​របស់​លោក​លើ​ព្រះគម្ពីរ​ប៊ីប ។ ការបកប្រែ​នេះ មិន​មែន​បាន​ធ្វើ​ឡើង ចេញ​ពី​ភាសា​មួយ​ទៅ​ភាសា​មួយ​ទៀត​នោះ​ទេ ។ ព្យាការី​បាន​ធ្វើ​កំណែ និង កែតម្រូវ លើ​ព្រះគម្ពីរ​ប៊ីប​អស់​រយៈពេល​ជាង ១៦ ឆ្នាំ ។ យើង​ហៅ​កំណែ​នេះ​ថា​ជា ការបកប្រែ​របស់ យ៉ូសែប ស៊្មីធ ។ ការកែតម្រូវ​ទាំងនេះ​ភាគច្រើន អាច​រក​មើល​បាន​នៅ​លើ​លេខយោង និង សេចក្ដីបន្ថែម​នៃ​ការបោះពុម្ព​ព្រះគម្ពីរ​ប៊ីប អិល.ឌី.អេស ។ ព្រះគម្ពីរ​ម៉ូសេ និង យ៉ូសែប ស្ម៊ីធ—ម៉ាថាយ នៅ​ក្នុង មុក្តា​ដ៏​មាន​តម្លៃ​មហិមា ក៏​ស្ថិត​នៅ​ក្នុង​ផ្នែក​នៃ​ការបកប្រែ​របស់ យ៉ូសែប ស៊្មីធ ដែរ ។

សូម​កត់ចំណាំ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣៥:២៣ ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់ ស៊ីឌនី រិកដុន ថា ក្រៅ​ពី​ការធ្វើ​ជា​ស្មៀន​ឲ្យ យ៉ូសែប ស៊្មីធ គាត់​ក៏​គួរតែ​ផ្សាយ​ដំណឹងល្អ​ផងដែរ ដោយ​ប្រើ​ចំណេះដឹង​ខាង​បទគម្ពីរ​ដើម្បី​គាំទ្រ​ប្រសាសន៍​របស់​ព្យាការី ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣៥:២៤ តើ​ពរជ័យ​អ្វី​ខ្លះ ដែល​ព្រះអម្ចាស់​បាន​សន្យា​ដល់ ស៊ីឌនី រិកដុន ប្រសិនបើ​គាត់​គោរព​តាម​សេចក្ដី​សញ្ញា​របស់​គាត់ ? គោលការណ៍​មួយ ដែល​យើង​អាច​រៀន​ចេញ​ពី​ខគម្ពីរ​នេះ​គឺ នៅ​ពេល​យើង​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ហើយ​រក្សា​សេចក្ដី​សញ្ញា​របស់​យើង នោះ​ព្រះអម្ចាស់​នឹង​ជួយ​យើង​ឲ្យ​បំពេញ​កិច្ចការ​របស់​ទ្រង់ ។

  1. សូម​មើល​ទៅ​គោលការណ៍​ទាំងបី ដែល​បាន​បង្ហាញ​នៅ​ក្នុង​មេរៀន​នេះ ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    1. តើ​គោលការណ៍​ទាំងបី​នៅ​ក្នុង​មេរៀន​នេះ ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ដូចម្ដេច ?

    2. តើ​នៅ​ពេល​ណា​ដែល អ្នក​ធ្លាប់​ដឹង ឬ ធ្វើ​សាក្សី​ចំពោះ​ជំនួយ​ពី​ព្រះអម្ចាស់​ដែល​បាន​ប្រទាន​ដល់​អ្នក ឬ ដល់​នរណាម្នាក់​ដែល​អ្នក​ស្គាល់ កាល​កំពុង​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ ?

ដើម្បី​បញ្ចប់​មេរៀន សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៥:២៦-២៧ ។ ចេញ​ពី​អ្វី​ដែល​អ្នក​បាន​រៀន​អំឡុង​ការសិក្សា​របស់​អ្នក​អំពី គោលលទ្ធិ និង សេចក្តីសញ្ញា ៣៥ នៅ​ថ្ងៃ​នេះ តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា ស៊ីឌនី រិកដុន មាន​ហេតុផល​នឹង​លើក​ចិត្ត​របស់​គាត់​ឡើង ហើយ​អរសប្បាយ ? តើ​អ្នក​មាន​ហេតុផល​អ្វី​ខ្លះ ដើម្បី​លើក​ចិត្ត​អ្នក​ឡើង ហើយ​អរសប្បាយ ?

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៣៥ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖