ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១២ ៖ ថ្ងៃទី ២ គោលលទ្ធិ និង សេចក្តីសញ្ញា ៥០


មេរៀន​ទី ១២ ៖ ថ្ងៃ​ទី ២

គោលលទ្ធិ និង សេចក្តី​សញ្ញា ៥០

សេចក្តីផ្តើម

នៅ​ពេល​ព្យាការី យ៉ូសែប ស៊្មីធ បាន​មក​ដល់​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ លោក​បាន​សង្កេត​ឃើញ​ថា​មាន « គំនិត​ប្លែក និង វិញ្ញាណ​ក្លែងក្លាយ​ខ្លះ​កើត​មាន​ឡើង​ក្នុង​ចំណោម » ពួក​បរិសុទ្ធ​មួយ​ចំនួន ។ លោក​បាន​ចាប់ផ្ដើម​បង្រៀន​ដោយ​ប្រើ « បម្រាម និង … ប្រាជ្ញា » ដើម្បី​យកឈ្នះ​លើ​អ្វី​ទាំងនេះ ( សូម​មើល History of the Church ១:១៤៦ ) ។ អែលឌើរ ប៉ាលី ភី ប្រាត្ត បាន​ត្រឡប់​មក​ពី​បេសកកម្ម​វិញ ហើយ​បាន​សង្កេត​ឃើញ​មាន​ឥរិយាបថ​ស្រដៀងៗគ្នា​នៅ​ក្នុង​សាខា​ទាំងឡាយ​ក្នុង​សាសនាចក្រ​នៅ​ក្រៅ​ទីក្រុង ខឺត​ឡង់ ។ គាត់ និង ពួក​អែលឌើរ​ដទៃ​ទៀត​បាន​ទៅ​ជួប យ៉ូសែប ដើម្បី​ទទួលបាន​ការណែនាំ ( សូម​មើល History of the Church ១:១៧០ ) ។ ក្នុង​ខែ ឧសភា ឆ្នាំ ១៨៣១ ព្យាការី បាន​ទូល​សូម​ព្រះអម្ចាស់ ហើយ​ទទួល​បាន​វិវរណៈ​ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥០ ។ នៅ​ក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​ណែនាំ​ពួក​បរិសុទ្ធ​ឲ្យ​បង្រៀន ហើយ​ទទួល​ដំណឹងល្អ​ដោយ​ព្រះវិញ្ញាណ​នៃ​សេចក្ដីពិត ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:១-៩

ព្រះអម្ចាស់​ព្រមាន​ពួក​អែលឌើរ​ក្នុង​សាសនាចក្រ​អំពី​វិញ្ញាណ​ក្លែងក្លាយ

តើ​អ្នក​ដឹង​ថា​ការស្អាង​នរណាម្នាក់​មាន​ន័យ​ដូចម្ដេច ? វា​មាន​ន័យ​ថា ការអភិវឌ្ឍន៍​នរណាម្នាក់—ជា​ពិសេស​ពង្រឹង​នរណាម្នាក់​ខាង​វិញ្ញាណ ឬ ខាង​សតិអារម្មណ៍ ឬ ណែនាំ និង បំភ្លឺ​នរណាម្នាក់ ។ តើ​អ្នក​អាច​គិត​អំពី​គ្រា​មួយ កាល​អ្នក​មាន​អារម្មណ៍​ថា​បាន​ស្អាង​ឡើង នៅ​ពេល​នរណាម្នាក់​បាន​បង្រៀន​គោលការណ៍​នៃ​ដំណឹងល្អ​ដល់​អ្នក​ដែរ​ឬ​ទេ ? តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា បាន​ជួយ​ស្អាង​មនុស្ស​ដទៃ​នៅ​ពេល​ណា​ខ្លះ ?

សូម​រំឭក​អំពី​សេចក្តីផ្តើម​នៃ​មេរៀន​នេះ​ឡើង​វិញ ។ សមាជិក​ថ្មី​នៃ​សាសនាចក្រ​នៅ​តំបន់​ទីក្រុង ខឺត​ឡង់ បាន​បង្ហាញ​ពី​ទង្វើ​ប្លែក ស្រែក​ឡូឡា និង បែក​ឆ្វេង​នៅ​ក្នុង​ការប្រជុំ​ថ្វាយ​បង្គំ​របស់​ពួកគេ ។ ទង្វើ​ទាំងនេះ​ធ្វើ​ឲ្យ​អារម្មណ៍​មនុស្ស​រំជើបរំជួល ប៉ុន្តែ ពួកគេ​ពុំ​ទទួល​បាន​ការស្អាង​ឡើយ ។

រូបភាព
យ៉ូសែប ស៊្មីធ

ព្យាការី យ៉ូសែប ស៊្មីធ បាន​សរសេរ​អំពី​ឥទ្ធិពល​មួយ​ចំនួន​នៃ​វិញ្ញាណ​ក្លែងក្លាយ​ដូច​តទៅ​នេះ ៖ « មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​ដំណឹងល្អ​ត្រូវ​បាន​ស្ថាបនា​ឡើង​នៅ​ទីក្រុង ខឺត​ឡង់ ហើយ​អំឡុង​ពេល​ពួក​អ្នក​មាន​សិទ្ធិអំណាច​មិន​មាន​វត្តមាន​នៅ​ទី​នោះ មាន​វិញ្ញាណ​ក្លែងក្លាយ​ជា​ច្រើន​ត្រូវ​បាន​សម្ដែង​ចេញ ទស្សនៈ​ប្លែក​ជាច្រើន​ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ ថែមទាំង​គំនិត​កើត​ដោយ​ឯកឯង ដែល​ធ្វើ​ឲ្យ​មនុស្ស​រំជើបរំជួល​ត្រូវបាន​គេ​ទទួល​យក បុរសៗ​រត់​ចេញ​ទៅ​ក្រៅ​ដោយ​នូវ​អានុភាព​នៃ​វិញ្ញាណ​នោះ ពួកគេ​ខ្លះ​ចំពប់​ជើង​ដួល​នឹង​ដើមឈើ ហើយ​បាន​ស្រែក​ឡើង ហើយ​សកម្មភាព​មិន​ប្រក្រតី​ទាំងអស់​បាន​បង្កើត​ឡើង​ដោយ​ពួកគេ មាន​បុរស​ម្នាក់​តាម​ចាប់​ដុំ​មូល​មួយ ដែល​គាត់​ថា​បាន​ឃើញ​វា​ហោះ​នៅ​ក្នុង​អាកាស​រហូត​គាត់​បាន​រត់​ទៅ​ដល់​ជ្រោះ​មួយ ហើយ​គាត់​បាន​លោត​ទៅ​លើ​ចុង​ឈើ​មួយ​ដែល​បាន​ជួយ​សង្គ្រោះ​ជីវិត​គាត់ និង ការណ៍​គួរ​ឲ្យ​អស់​សំណើច​ជាច្រើន​បាន​កើតឡើង ដែល​ធ្វើ​ឲ្យ​អាប់ឱន​ដល់​សាសនាចក្រ​នៃ​ព្រះ ហើយ​បណ្ដាល​ឲ្យ​ព្រះវិញ្ញាណ​នៃ​ព្រះ​ដក​ខ្លួន​ចេញ ហើយ​ដក​យក និង បំផ្លាញ​គោលការណ៍​ដ៏​ត្រចះត្រចង់​ទាំងនោះ ដែល​បាន​បង្កើត​ឡើង​សម្រាប់​ជា​សេចក្ដី​សង្គ្រោះ​នៃ​ក្រុមគ្រួសារ​មនុស្ស​លោក » ( នៅ​ក្នុង History of the Church ៤:៥៨០ ) ។

ពួក​អែលឌើរ​មួយ​ចំនួន​នៃ​សាសនាចក្រ ពុំ​បាន​យល់​អំពី​អ្វី​ដែល​កំពុង​តែ​កើតឡើង​នោះ​ទេ ដូច្នេះ​ពួក​គាត់​បាន​សុំ​ដំបូន្មាន​ពី យ៉ូសែប ស៊្មីធ ។ លោក​បាន​ទូល​សូម​ពី​ព្រះអម្ចាស់ ហើយ​បាន​ទទួល​វិវរណៈ​ដែល​នឹង​ជួយ​ពួក​បរិសុទ្ធ​ឲ្យ​ស្អាង​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ពេល​ពួកគេ​បង្រៀន និង រៀន​អំពី​សេចក្ដីពិត​នៃ​ដំណឹងល្អ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:១–៣ដោយ​ស្វែងរក​អំណាច​ដែល​បាន​ដឹកនាំ​ពួក​បរិសុទ្ធ ឲ្យ​ប្រព្រឹត្ត​តាម​របៀប​ដែល​ពុំ​មាន​ការស្អាង​គ្នា​ឡើង ។ យោង​តាម ខទី ៣ហេតុអ្វី​បាន​ជា​សាតាំង​ចង់​បោក​បញ្ឆោត​ពួក​បរិសុទ្ធ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:៤–៩ដោយ​ស្វែងរក​ការព្រមាន​ពី​ព្រះអម្ចាស់ អំពី​មនុស្ស​មួយ​ចំនួន​ក្នុង​ចំណោម​សមាជិក​សាសនាចក្រ​ក្នុង​រដ្ឋ អូហៃអូ ។ មនុស្ស​កំពុត គឺ​ជា​ជន​ដែល​ពុំ​ប្រព្រឹត្ត​ឲ្យ​ដូច​អ្វី​ដែល​ជា​ជំនឿ​ខ្លួន ឬ ជា​ជន​ដែល​ធ្វើ​ពុត​ជា​មាន​គុណធម៌ ប៉ុន្តែ តាម​ពិតទៅ​ពុំ​មាន​ទាល់​តែ​សោះ ( សូម​មើល ម៉ាថាយ ៦:២លេខ​យោង ២ក ) ។ សូម​គូសចំណាំ​អំពី​អ្វី​ដែល​ព្រះអម្ចាស់ បាន​មាន​ព្រះបន្ទូល​ថា​នឹង​កើត​ឡើង​ចំពោះ​ពួកគេ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:៦, ៨ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:១០-៣៦

ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា យើង​ត្រូវតែ​បង្រៀន ហើយ​រៀន​ដោយ​ព្រះវិញ្ញាណ

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​តម្រូវ​ឲ្យ​មាន​អ្វី​ខ្លះ ដើម្បី​ធ្វើ​ជា​គ្រូ​បង្រៀន​ដំណឹងល្អ​ដ៏​មាន​ប្រសិទ្ធភាព ?

    2. តើ​តម្រូវ​ឲ្យ​មាន​អ្វី​ខ្លះ ដើម្បី​ធ្វើ​ជា​អ្នក​រៀន​ដំណឹងល្អ​ដ៏​មាន​ប្រសិទ្ធភាព ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:១៣–២០ដោយ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ទាំងនេះ ។ សូម​គិត​ពី​ការគូសចំណាំ​អ្វី ដែល​អ្នក​រកឃើញ​ក្នុង​ព្រះគម្ពីរ​អ្នក ហើយ​សរសេរ​ចូល​ទៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូម​កត់ចំណាំ​ថា​តើ​ព្រះអម្ចាស់​សង្កត់​ធ្ងន់​ទៅ​លើ តម្រូវការ​ឲ្យ​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ក្នុង​ការបង្រៀន និង ការរៀន​ដំណឹងល្អ​ដល់​កម្រិត​ណា ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​តួនាទី​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​មាន​លើកឡើង​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:១៤មាន​អ្វី​ខ្លះ ?

    2. តើ​អ្នក​គិត​ថា ការបង្រៀន​ដំណឹងល្អ « ដោយសារ​ព្រះវិញ្ញាណ » មាន​ន័យ​ដូចម្ដេច ( គ. និង ស. ៥០:១៤ ) ? តើ​អ្នក​គិត​ថា ការបង្រៀន​ដំណឹងល្អ​តាម « មាគ៌ា​ណាមួយ​ទៀត » មាន​ន័យ​ដូចម្ដេច ( គ. និង ស. ៥០:១៧ ) ?

    3. តើ​អ្នក​គិត​ថា « ការទទួល [ ព្រះបន្ទូល​នៃ​សេចក្ដីពិត ] ដោយសារ​ព្រះវិញ្ញាណ​នៃ​សេចក្ដីពិត » មាន​ន័យ​ដូចម្ដេច ( គ. និង ស. ៥០:១៩ ) ? តើ​អ្នក​គិត​ថា ការទទួល​ដំណឹងល្អ​តាម « មាគ៌ា​ណាមួយ​ទៀត » មាន​ន័យ​ដូចម្ដេច ( គ. និង ស. ៥០:១៩ ) ?

សូម​មើល​ទៅ​សេចក្ដីយោង​បទគម្ពីរ ដែល​មាន​នៅ​ក្នុង Topical Guide សម្រាប់​ពាក្យ « Holy Ghost, Mission of » ។ សូម​ស្វែងរក​បទគម្ពីរ​នានា ដែល​ជួយ​អ្នក​ឲ្យ​យល់​អំពី​អត្ថន័យ​នៃ​ការបង្រៀន និង ការទទួល ( ត្រូវបាន​បង្រៀន​អំពី ) សេចក្ដីពិត ដោយសារ​ព្រះវិញ្ញាណ​នៃ​សេចក្ដីពិត ។

សូម​គូស​រង្វង់​លើ​បរិយាកាស​ខាង​ក្រោម​នេះ ដែល​អ្នក​ធ្លាប់​បាន​មាន​ឱកាស​បង្រៀន ឬ ថ្លែង​ទីន្ទាល់​អំពី​ដំណឹងល្អ ៖

រាត្រី​ជួបជុំ​ក្រុមគ្រួសារ

ជាមួយ​មិត្តភក្ដិ

ថ្នាក់​សិក្ខាសាលា

ការប្រជុំ​ទាំងឡាយ​នៃ​សាសនាចក្រ

ការបង្រៀន​តាម​ផ្ទះ

នៅ​ពេល​អ្នក​មាន​ឱកាស​បង្រៀន​ដំណឹងល្អ តើ​ការយល់ដឹង​របស់​អ្នក​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ មាន​ឥទ្ធិពល​លើ​របៀប​ដែល​អ្នក​រៀបចំ និង បង្រៀន​យ៉ាង​ដូចម្ដេច ?

សូម​គូស​រង្វង់​លើ​បរិយាកាស​ខាងក្រោម​នេះ ដែល​អ្នក​ធ្លាប់​ត្រូវបាន​គេ​បង្រៀន ៖

រាត្រី​ជួបជុំ​ក្រុមគ្រួសារ

ជាមួយ​មិត្តភក្ដិ

ថ្នាក់​សិក្ខាសាលា

ការប្រជុំ​ទាំងឡាយ​នៃ​សាសនាចក្រ

ការបង្រៀន​តាម​ផ្ទះ

ក្នុង​ការសន្ទនា​នៅ​ឯ​ផ្ទះ

  1. សូម​ជ្រើសរើស​បរិយាកាស​មួយ ដែល​អ្នក​បាន​គូសរង្វង់​លើ​នៅ​ក្នុង​បញ្ជី​ពី​មុន​នេះ ដែល​អ្នក​បាន​បង្រៀន និង ត្រូវបាន​បង្រៀន​ដោយសារ​ព្រះវិញ្ញាណ ។ សូម​សរសេរ​បទពិសោធន៍​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ហើយ​គិត​ពី​ការចែកចាយ​នូវ​អ្វី​ដែល​អ្នក​បាន​រៀន​នេះ ជាមួយ​សមាជិក​គ្រួសារ ឬ មិត្ត​ភក្ដិ ។

សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ ដើម្បី​ខិតខំ​បន្ថែម​ទៀត​ក្នុង​ការរៀន​ដោយសារ​ព្រះវិញ្ញាណ​នៅ​ក្នុង​បរិយាកាស​ទាំងនេះ ។

អែលឌើរ ចាក អេក ហ្គោសលីន នៃ​ពួកចិតសិប​នាក់ បាន​ចែកចាយ​អំពី​បទពិសោធន៍​នៃ​យុវជន​ម្នាក់ ដែល​បាន​ដឹង​ខ្លួន​ថា ទង្វើ និង ឥរិយាបថ​គាត់ បាន​ប៉ះពាល់​ដល់​លទ្ធភាព​របស់​គាត់​ក្នុង​ការរៀន​ដោយសារ​ព្រះវិញ្ញាណ ៖

រូបភាព
អែលឌើរ ចាក អេក ហ្គោសលីន

« តើ​អ្នក​ទាំងអស់​គ្នា​ប៉ុន្មាន​នាក់ ដែល​បង្ហាញ ‹ ឥរិយាបថ​ធុញទ្រាន់ » អំឡុងពេល​ការប្រជុំ​សាក្រាម៉ង់ ? អ្នក​ដឹង​ទេ ឥរិយាបថ​មាន​ដូចជា ៖ អង្គុយ​ឱន​ទៅ​ខាង​មុខ យក​ដៃ​ច្រត់​ចង្កា ដាក់​កែងដៃ​នៅ​លើ​ក្បាល​ជង្គង់ សម្លឹង​មើល​ទៅ​ក្រោម ។ តើ​អ្នក​ធ្លាប់​មាន​ឥរិយាបថ​បែប​នេះ ដែល​ជា ជម្រើសរបស់​អ្នក ទោះ​ជា​ការប្រជុំ​នោះ​មាន​ការចាប់អារម្មណ៍ ឬ អត់​ដែរ​ឬ​ទេ ?…

« ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​មាន​ប្រសាសន៍​អំពី​ការថ្វាយបង្គំ​បែប​នោះ​ថា ‹ ជា​ការទទួលខុសត្រូវ​ផ្ទាល់ខ្លួន​មួយ ហើយ​ទោះ​ជា​អ្វី​ដែល​ត្រូវ​បាន​ថ្លែង​ចេញ​ពី​វេទិកា​ក៏​ដោយ ប្រសិនបើ​បុគ្គល​ម្នាក់​មាន​បំណង​ថ្វាយបង្គំ​ព្រះអម្ចាស់​តាម​វិញ្ញាណ និង តាម​សេចក្ដីពិត នោះ​គាត់​អាច​ធ្វើ​ដូចនោះ​បាន ។… ប្រសិនបើ​ការប្រជុំ​នោះ​ជា​ការធ្វេសប្រហែស​ចំពោះ​អ្នក អ្នក​បាន​បរាជ័យ​ហើយ ។ គ្មាន​នរណាម្នាក់​អាច​ថ្វាយបង្គំ​ជំនួស​អ្នក​បាន​ឡើយ អ្នក​ត្រូវតែ​ចាំ​ទទួល​ព្រះអម្ចាស់​ដោយ​ខ្លួន​អ្នក​ផ្ទាល់ › ។ ( Ensign ខែ មករា ឆ្នាំ ១៩៧៨  ៥) ។

« យុវវ័យ​ម្នាក់​បាន​ប្រាប់​អំពី​បទពិសោធន៍​ដំបូង ដែល​គាត់​មាន​អំពី​វិញ្ញាណ​នៃ​ការថ្វាយបង្គំ ។ គាត់​ពុំ​សូវ​មាន​ភាពសកម្ម ក្នុង​ការកាន់​បព្វជិតភាព​អើរ៉ុន​របស់​គាត់​ឡើយ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ។ នៅ​ពេល​គាត់​ចូលរួម​ការប្រជុំ​សាក្រាម៉ង់ ជា​ធម្មតា​គាត់​អង្គុយ​នៅ​ខាង​ក្រោយ​ជាមួយ​ក្រុម​មិត្តភក្ដិ​របស់​គាត់ ហើយ​គាត់​ពុំ​បាន​ធ្វើ​ជា​គំរូ​ល្អ​ក្នុង​ការមាន​គារវភាព​ឡើយ ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ថ្ងៃ​មួយ​គាត់​បាន​មក​យឺត​ពេល ហើយ​ពុំ​មាន​កន្លែង​អង្គុយ​ក្បែរ​មិត្តភក្ដិ​របស់​គាត់​នោះ​ទេ ។ គាត់​បាន​អង្គុយ​តែ​ឯង ហើយ​នោះ​ជា​លើក​ទី​មួយ​ហើយ​នៅ​ក្នុង​ជីវិត​របស់​គាត់​ដែល​អង្គុយ​តែ​ឯង គាត់​បាន​បិទ​ភ្នែក​ពេល​អធិស្ឋាន គាត់​បាន​ច្រៀង​ទំនុកតម្កើង គាត់​បាន​ស្ដាប់​ការអធិស្ឋាន​សាក្រាម៉ង់ ហើយ​គាត់​បាន​យក​ចិត្ត​ទុក​ដាក់​លើ​អ្នក​ឡើង​និយាយ ។ នៅ​ពេល​អ្នក​ឡើង​និយាយ​ទី​មួយ និយាយ​បាន​ប្រហែល​ពាក់​កណ្ដាល គាត់​ឃើញ​ថា ទឹក​ភ្នែក​គាត់​បាន​ស្រក់​ពី​ភ្នែក​របស់​គាត់ ។ ដោយ​ការអៀនប្រៀន​បន្តិច គាត់​បាន​សម្លឹង​មើល​ទៅ​ជុំវិញ​ខ្លួន​ដោយ​ប្រុងប្រយ័ត្ន ប៉ុន្តែ គ្មាន​នរណា​ម្នាក់​មាន​អារម្មណ៍​រំជួល​ដូចជា​គាត់​ឡើយ ។ គាត់​ពុំ​បាន​ដឹង​ថា មាន​អ្វី​បាន​កើតឡើង​ចំពោះ​គាត់​នោះ​ទេ ប៉ុន្តែ បទពិសោធន៍​នោះ​បាន​កែប្រែ​ជីវិត​របស់​គាត់ ។ អំឡុង​ពេល​ការប្រជុំ​នោះ​ហើយ ដែល​គាត់​បាន​ចាប់ផ្ដើម​ត្រៀមខ្លួន​យ៉ាង​ប្រាកដប្រជា​ខាង​វិញ្ញាណ​ដើម្បី​បម្រើ​បេសកកម្ម ។ គាត់ បាន​ដឹង​ពីអ្វី​មួយ ហើយ​ជា​កុសលល្អ គាត់​បាន​ធ្វើ​តាម ហើយ​គាំទ្រ​អារម្មណ៍​ទាំងនោះ » (Yagottawanna » Ensign ខែ ឧសភា ឆ្នាំ ១៩៩១, ទំព័រ ៤៦ ) ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នូវ​វិធី​ជាក់លាក់​មួយ​ដែល​អ្នក​អាច​បង្កើន​ការខិតខំ​របស់​អ្នក ដើម្បី​អ្នក​អាច​រៀន​ដោយ​ព្រះវិញ្ញាណ​បាន ។

តើ​អ្នក​អាច​ប្រាប់​ថា អ្នក​កំពុង​បង្រៀន និង រៀន​ដោយ​ព្រះវិញ្ញាណ​យ៉ាង​ដូចម្ដេច ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:២១–២២ដោយ​ស្វែងរក​សេចក្ដីណែនាំ​ពី​ព្រះអម្ចាស់ ស្ដីពី​របៀប​កំណត់​ថា​តើ​អ្នក​កំពុង​បង្រៀន និង រៀន​ដោយ​ព្រះវិញ្ញាណ​ដែរ​ឬ​ទេ ។

តើ​អ្នក​នឹង​សង្ខេប​អំពី​ការបង្រៀន​របស់​ព្រះអម្ចាស់ ដែល​មាន​នៅ​ក្នុង​ខគម្ពីរ​ទាំងនោះ​យ៉ាង​ដូចម្ដេច ?

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:២៣–២៥សូម​កត់ចំណាំ​អំពី​ភាពខុសគ្នា​រវាង​អ្វី​ដែល​កើតឡើង នៅ​ពេល​មនុស្ស​បង្រៀន​ដោយ​ព្រះវិញ្ញាណ និង អំពី​អ្វី​ដែល​កើតឡើង​នៅ​ពេល​មនុស្ស​បង្រៀន និង រៀន​ដោយ « មាគ៌ា​ណា​មួយ​ទៀត » ( គ. និង ស. ៥០:១៧ ) ។

តើ​ព្រះអម្ចាស់​ពិពណ៌នា​យ៉ាង​ដូចម្ដេច អំពី​ការបង្រៀន ដែល​ពុំ​ស្អាង​ឡើង ? តើ​ទ្រង់​បាន​ពិពណ៌នា​យ៉ាង​ដូចម្ដេច អំពី​ការបង្រៀន​ដែល « មក​ពី​ព្រះ » ( គ. និង ស. ៥០:២៤ ) ?

ចេញ​ពី​ខគម្ពីរ​ទាំងនេះ យើង​អាច​រៀន​គោលការណ៍​ដូច​តទៅ​នេះ ៖ អ្វី​ដែល​មក​ពី​ព្រះបំភ្លឺ ហើយ​ស្អាង​ឡើង ប៉ុន្តែ អ្វី​ដែល​មិន​មែន​មក​ពី​ព្រះ​ទេ​នោះ នាំ​មក​នូវ​ភាពច្របូកច្របល់ និង សេចក្ដី​ងងឹត​សូន្យសុង ។

តើ​នៅ​ពេល​ណា​ខ្លះ ដែល​អ្នក​ធ្លាប់​បាន​ឃើញ ឬ មាន​អារម្មណ៍​ថា​អ្វី​មួយ​មិន​មែន​មក​ពី​ព្រះ ? តើ​ព្រះវិញ្ញាណ​ជួយ​អ្នក ឲ្យ​ស្គាល់​ការណ៍​នោះ​យ៉ាង​ដូចម្ដេច ?

នឹង​មាន​គ្រា​ជាច្រើន ដែល​អ្នក​នឹង​ឮ ហើយ​ឃើញ​សារលិខិត ដែល​បម្រុង​នឹង​បំបាក់​សេចក្ដី​ជំនឿ​របស់​អ្នក ។ គោលការណ៍​ទាំងឡាយ ដែល​អ្នក​រៀន​នៅ​ថ្ងៃ​នេះ អាច​ពង្រឹង​អ្នក​ជំទាស់​នឹង​សារលិខិត​ទាំងនោះ ។ សូម​អធិស្ឋាន​ឲ្យ​មាន​ព្រះវិញ្ញាណ​ក្នុង​រាល់​ការរៀន​របស់​អ្នក ហើយ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ដល់​អានុភាព​នៃ​ការបង្រៀន​ដោយ​ព្រះវិញ្ញាណ ។ នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:១៣–២២យើង​រៀន​ថា នៅ​ពេល​យើង​បង្រៀន​ដោយ​ព្រះវិញ្ញាណ យើង​យល់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​យើង​ទាំង​ពីរ​នាក់​ត្រូវ​បាន​ស្អាង​ឡើង និង ត្រេកអរ​ជាមួយ​គ្នា ។ ការណ៍​នេះ​មាន​សភាព​ខុស​គ្នា​ពី​ភាពច្របូកច្របល់ និង សេចក្ដី​ងងឹត​សូន្យសុង នៅ​ពេល​អ្វី​មួយ​ត្រូវបាន​បង្រៀន « ដោយ​មាគ៌ា​ណា​មួយ​ទៀត » ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:២៦–៣៦សូម​អាន​ឱវាទ​របស់​ព្រះអម្ចាស់​ប្រទាន​ទៅ​ដល់​ពួក​អ្នក​កាន់​បព្វជិតភាព ស្ដីពី​អំណាច និង ការទទួល​ខុសត្រូវ​ទាំងឡាយ ដែល​មាន​មក​ជាមួយ​ការតែងតាំង​របស់​ពួកគាត់ ។ ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា ពួក​អ្នក​កាន់​បព្វជិតភាព ត្រូវ​បម្រើ ហើយ​រក្សា​ខ្លួន​ពួកគាត់​ឲ្យ​បាន​បរិសុទ្ធ ។ នៅ​ពេល​ពួកគាត់​ធ្វើ​ដូច្នោះ ព្រះអម្ចាស់​នឹង​ប្រទាន​ឲ្យ​ពួកគេ​នូវ​អំណាច ដើម្បី​យក​ឈ្នះ​លើ​វិញ្ញាណ​ខុសឆ្គង ដូចជា​វិញ្ញាណ​ខុសឆ្គង​ទាំងឡាយ ដែល​មាន​នៅ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​មួយ​ចំនួន​ដែរ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:៣៧-៤៦

ព្រះអម្ចាស់​លើក​ទឹកចិត្ត​ពួក​អ្នក​បម្រើ​ទ្រង់ ឲ្យ​បន្ត​រីកចម្រើន​ក្នុង​ព្រះគុណ និង សេចក្ដីពិត ហើយ​ទ្រង់​ធានា​ថា​នឹង​គង់​នៅ​ជាមួយ​ពួកគាត់

រូបភាព
ការអធិស្ឋាន​ជា​គ្រួសារ

សូម​ស្រមៃ​ថា​កុមារ​ក្នុង​វួដ ឬ សាខា​របស់​អ្នក នឹង​បម្រើ​បេសកកម្ម​ពេញ​ម៉ោង​នៅ​ពេល​ពួកគេ​ធំ​ឡើង ។ តើ​ពួកគេ​ត្រូវការ​អ្វី​ខ្លះ ដើម្បី​ត្រៀមខ្លួន​បម្រើ ? តើ​យើង​មាន​លក្ខណៈ​អ្វី​ខ្លះ ដែល​ដូច​ទៅ​នឹង​កុមារ​ទាំងនេះ ?

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:៣៧-៤៦ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ជា​ពិសេស​ទៅ​កាន់​ពួក​អែលឌើរ​មួយ​ចំនួន ដែល​បាន​បម្រើ​ក្នុង​ឆ្នាំ ១៨៣១ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះបន្ទូល​របស់​ទ្រង់​ទាំងនេះ ក៏​អនុវត្ត​ចំពោះ​យើង​ដែរ ។ សូម​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:៤០–៤៦ដោយ​ស្វែងរក​ពាក្យ ឬ ឃ្លា​នៃ​ការលួងលោម និង ការធានា ។ សូម​គិត​ពី​ការគូសចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:៤០ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « អ្នក​រាល់​គ្នា​ត្រូវតែ​ចម្រើន​ឡើង​ក្នុង​ព្រះគុណ » ។ តើ​អ្នក​គិត​ថា « ចម្រើន​ឡើង​ក្នុង​ព្រះគុណ » មាន​ន័យ​ដូចម្ដេច ?

នៅ​ពេល​អ្នក​គិត​អំពី​សំណួរ​នេះ អ្នក​អាច​នឹង​ចង់​អាន​និយមន័យ​នៃ ព្រះគុណនៅ​ក្នុង Bible Dictionaryឬ នៅ​ក្នុង ពិត​ចំពោះ​សេចក្ដី​ជំនឿ ។ អ្វី​ដែល​យើង​រៀន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:៣៧–៤៦ ជួយ​យើង​ឲ្យ​ដឹង​ថា ព្រះអង្គសង្គ្រោះ​មាន​ព្រះទ័យ​ឲ្យ​យើង​រីកចម្រើន​ក្នុង​ព្រះគុណ និង ក្នុង​ចំណេះដឹង​នៃ​សេចក្ដីពិត និង មាន​ទំនុកចិត្ត​លើ​ទ្រង់ ។ ដូច​ជា​អ្វី​ដែល​ទ្រង់​បាន​សន្យា​ដល់​ពួក​អែលឌើរ​ទាំងនោះ​ដែរ​ថា ទ្រង់​នឹង​មើល​ថែ​យើង នៅ​ពេល​យើង​ទុក​ចិត្ត​លើ​ទ្រង់ ហើយ​ព្យាយាម​ធ្វើតាម​ព្រះឆន្ទៈ​ទ្រង់ ។

តើ​វា​មាន​ន័យ​យ៉ាង​ណា​ចំពោះ​អ្នក នៅ​ពេល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា « អ្នក​រាល់​គ្នា​ជា​របស់​ផង​យើង » ? តើ​ការធានា​បែប​នេះ ជួយ​យើង « មិន​ឲ្យ​ខ្លាច » តាម​របៀប​ណា ( គ. និង ស. ៥០:៤១ ) ?

តើ​មាន​ការសន្យា​អ្វី​ផ្សេង​ទៀត​ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:៤០–៤៦ ដែល​មាន​ន័យ​ជ្រាលជ្រៅ​ចំពោះ​អ្នក ?

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៥០ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖