ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២៦ ៖ ថ្ងៃ​ទី ២ គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:៨៤-១៤៥; ១២៥-២៦


មេរៀន​ទី ២៦ ៖ ថ្ងៃ​ទី ២

គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:៨៤–១៤៥; ១២៥-២៦

បុព្វកថា

គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:៨៤–១៤៥ បាន​ទទួល​នៅ​ថ្ងៃ ទី ១៩ ខែ មករា ឆ្នាំ ១៨៤១ មាន​នូវ​បន្ទូល​ទូន្មាន​របស់​ព្រះអម្ចាស់​ទៅ​កាន់​សមាជិក​សាសនាចក្រ​ម្នាក់ៗ ។ ទ្រង់​ក៏​បាន​ដាក់​ឈ្មោះ​នៃ​អស់​អ្នក​ដែល​ត្រូវ​បម្រើ​នៅក្នុង​មុខងារ​ផ្សេងៗ​នៃ​ថ្នាក់​ដឹកនាំ​បព្វជិតភាព​ផង​ដែរ ។ នៅក្នុង​ខែ មិនា ឆ្នាំ ១៨៤១ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈ​ដែល​មាន​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២៥ ដែល​ព្រះអម្ចាស់​បាន​បើក​សម្តែង​ព្រះឆន្ទៈ​របស់​ទ្រង់​ទាក់ទង​នឹង​ការប្រមូល​ផ្តុំ​ពួក​បរិសុទ្ធ​នៅក្នុង​ទឹកដី អៃអូវ៉ា ។ នៅ​ថ្ងៃ​ទី ៩ ខែ កក្កដា ឆ្នាំ ១៨៤១ ព្យាការី​បាន​ទទួល​វិវរណៈ​ដែល​មាន​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២៦ ដែល​ព្រះអម្ចាស់​បាន​ប្រាប់ ព្រិកហាំ យ៉ង់ ថា​លោក​នឹង​ពុំ​តម្រូវ​ឲ្យ​ចាកចេញ​ពី​គ្រួសារ​របស់​លោក​ដើម្បី​បម្រើ​បេសកកម្ម​ទៀត​ឡើយ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:៨៤-១២២

ព្រះអម្ចាស់​បាន​ប្រទាន​ដំបូន្មាន​ដល់​បុគ្គល​ជាក់លាក់​ទាំងឡាយ

សូម​គិត​ពី​គ្រា​មួយ​ដែល​អ្នក​បាន​ទទួល​ពាក្យ​ទូន្មាន​មក​ពី​មនុស្ស​ម្នាក់​ដែល​ចង់​ជួយ​អ្នក ។ តើ​អ្នក​បាន​ធ្វើ​តាម​ពាក្យ​ទូន្មាន​នោះ​ដែរ​ឬ​ទេ ? ហេតុអ្វី​ធ្វើ​តាម ឬ ហេតុអ្វី​អត់​ធ្វើ​តាម ?

រូបភាព
យុវជន និង ប៊ីស្សព

នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:៨៤-១១៨ ព្រះអម្ចាស់​បាន​ប្រទាន​ពាក្យ​ទូន្មាន​ដោយ​ផ្ទាល់​ដល់​សមាជិក​សាសនាចក្រ​ជាក់លាក់​ម្នាក់ៗ បើសិន​ពួកគេ​ធ្វើ​តាម នោះ​សន្យា​ថា​នឹង​បាន​ពរជ័យ​ដ៏​មហិមា ។ សូម​អាន​សារលិខិត​ដូច​តទៅ​នេះ ដោយ​រកមើល​ភាព​ស្រដៀង​គ្នា​មួយ​នៅ​ក្នុង​ពាក្យ​ទូន្មាន​ដែល​បាន​ផ្ដល់​ដល់​បុគ្គល​ទាំងនេះ ។ ( វា​អាច​មាន​ប្រយោជន៍​ដើម្បី​ដឹង​ថា ពាក្យ​ទូន្មាន សំដៅ​ទៅ​លើ​ការ​ណែនាំ ការ​ដឹកនាំ ឬ​សេចក្ដី​បង្គាប់ ។ អ្នក​គួរ​គូស​ចំណាំ​ពាក្យ​ទូន្មាន​ដែល​ស្រដៀង​គ្នា ) ។

សូម​មើល​ខគម្ពីរ​ដែល​អ្នក​បាន​អាន​ឡើង​វិញ ហើយ​រកមើល​ពរជ័យ​ដែល​ព្រះអម្ចាស់​បាន​សន្យា​នឹង​ប្រទាន​ឲ្យ បើសិន​ពួកបុរស​ទាំង​នេះ​ធ្វើតាម​ការទូន្មាន​ដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួកគេ ។ នៅ​ត្រង់​ចន្លោះ សូម​សរសេរ​ពី​ពរជ័យ​ដែល​ព្រះអម្ចាស់​បាន​សន្យា​ដល់​ពួកគេ ៖

គោលការណ៍​មួយ​ដែល​យើង​បាន​រៀន​ពី​ខគម្ពីរ​ទាំង​នេះ ដែល​វា​អនុវត្ត​ចំពោះ​កូនចៅ​ទាំងអស់​របស់​ព្រះ​គឺថា ប្រសិន​បើ​យើង​ស្ដាប់​តាម​ពាក្យ​ទូន្មាន​របស់​ពួក​ព្យាការី យើង​នឹង​បាន​សេចក្តី​សុខ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ពាក្យ​ទូន្មាន​ជាក់​លាក់​អ្វីខ្លះ​ដែល​ប្រធាន​សាសនាចក្រ​បាន​ផ្ដល់​នៅ​ក្នុង​ឆ្នាំ​កន្លង​ទៅ​ថ្មីៗ​នេះ ?

    2. តើ​ពេល​ណា​ដែល​អ្នក​បាន​ទទួល​ពរជ័យ ដោយ​ការស្តាប់តាម​ការទូន្មាន​របស់​ព្យាការី ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:៨៤ ហើយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​មាន​បន្ទូល​ថា សមាជិក​សាសនាចក្រ​ម្នាក់​ឈ្មោះ អាលម៉ុន បាបបិត បាន​កំពុង​ធ្វើ ជាជាង​ការធ្វើតាម​ការទូន្មាន​របស់​គណៈប្រធាន​នៃ​សាសនាចក្រ ។ វា​អាច​មាន​ប្រយោជន៍​ដើម្បី​ដឹង​ថា « រូប​គោ​មាស » សំដៅ​ទៅ​លើ​រូប​បដិមា ឬ​ព្រះ​ក្លែង​ក្លាយ​ដែល​អើរ៉ុន​បាន​ធ្វើ​សម្រាប់​កូនចៅ​អ៊ីស្រាអែល កាល​ព្យាការី​ម៉ូសេ​នៅ​លើ​ភ្នំ​ស៊ីណាយ ( សូមមើល និក្ខមនំ ៣២ ) ។ វា​គឺជា​និមិត្តរូប​មួយ​នៃ​រឿង​ខាង​លោកិយ​ដែល​អាច​អូសទាញ ហើយ​រារាំង​យើង​មិន​ឲ្យ​បាន​ពរជ័យ​ខាង​វិញ្ញាណ ។

យោង​តាម ខ ៨៤ « រូប​គោមាស »​របស់​អាលម៉ុន បាបបិត គឺ​ថា គាត់បាន​ប្រាថ្នា​ចង់​បង្កើត​ការ​ប្រឹក្សា​ផ្ទាល់​ខ្លួន​ជាជាង​ការ​ប្រឹក្សា​មក​ពី​គណៈប្រធាន​ទីមួយ ។

សូម​អាន ការ​ព្រមាន​របស់​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល អំពី​ព្រះ​ក្លែង​ក្លាយ​ជា​ច្រើន​ដែល​មនុស្ស​ថ្វាយ​បង្គំ​នៅ​សព្វថ្ងៃ​នេះ ហើយ​ពិចារណា​រូប​បដិមា​ទាំងនេះ​នា​សម័យ​ទំនើប​អាច​ជំនួស​ឲ្យ​ការ​ប្រឹក្សា​របស់​ពួក​ព្យាការី​ដែល​នៅ​រស់​ដូច​តទៅ ៖

រូបភាព
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

« រូបសំណាក​សម័យ​ទំនើប ឬ រូប​ព្រះ​ខុសឆ្គង​អាច​មាន​ទម្រង់​ដូចជា សំលៀកបំពាក់ ផ្ទះ ជំនួញ ម៉ាស៊ីន រថយន្ដ ទូក​កំសាន្ដ និង សម្ភារ​បា្លត​ផ្សេង​ទៀត​ជាច្រើន​តាម​ផ្លូវ​ទៅកាន់​ភាព​ជា​ព្រះ ។ តើ​វា​មាន​ភាព​ខុស​គ្នា​យ៉ាង​ណា​ទៅ ប្រសិន​បើ​វត្ថុ​ដែល​មាន​ការ​ព្រួយបារម្ភ​ពុំ​មាន​រូបរាង​ដូចជា​រូប​បដិមា ?…

« វត្ថុ​អរូបីយ​ប្រៀប​បាន​ដូចជា​ពួក​ព្រះ ។ កម្រិត​សញ្ញាបត្រ និង លិខិត ព្រមទាំង​មុខងារ​អាច​ជា​រូប​បដិមា ។… បរិញ្ញាបត្រ [ នៃ​មហាវិទ្យាល័យ ] និង ទ្រព្យ​សម្បត្តិ និង សន្ដិសុខ ដែល​កើត​មាន​តាមរយៈ​រឿង​ទាំងនេះ លេចឡើង​យ៉ាង​ទាក់ទាញ​រហូត​ធ្វើ​ឲ្យ [ ការ​បម្រើ ] បេសកកម្ម​ធ្លាក់​មក​លំដាប់​ទី​ពីរ ។ មនុស្ស​ខ្លះ​បាន​បោះបង់​ការ​មក​ព្រះវិហារ ពេល​រៀន​នៅ​មហាវិទ្យាល័យ ដោយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​បំពាក់បំប៉ន​ខាង​លោកិយ ហើយ​ច្រាន​ចោល​សេចក្ដី​សញ្ញា​ខាង​វិញ្ញាណ​ដែល​ពួកគេ​បាន​ធ្វើ ។…

« មនុស្ស​ជាច្រើន​គោរព​ការបរបាញ់ ដំណើរ​កំសាន្ដ​ស្ទូច​ត្រី វិស្សមកាល ពេលវេលា​ពិចនិច​ចុង​សប្ដាហ៍ និង ការចេញ​ទៅ​ក្រៅ ។ អ្នក​ផ្សេង​ទៀត​មាន​ល្បែង​កីឡា បាល់​បោះ បាល់​ទាត់ ល្បែងប្រកួត​សត្វគោ ឬ ការលេង​កូនហ្គោល​ជា​រូប​ព្រះ​របស់​ពួកគេ ។ ជាទូទៅ ការ​ស្វែង​រក​ទាំងនេះ​ចូល​ឡូក​ឡំ​នឹង​ការ​ថ្វាយ​បង្គំ​ព្រះអម្ចាស់ និង​ការផ្ដល់​ការបម្រើ​ដើម្បី​ស្ថាបនា​នគរ​ព្រះ ។ ចំពោះ​ពួក​អ្នក​ធ្វើ​កិច្ចការ​នេះ ការ​គូសបញ្ជាក់​នេះ​ទំនង​ប្រហែល​ពុំ​មែន​ជា​រឿង​ធំដុំ​នោះ​ទេ ប៉ុន្តែ​វា​ចង្អុល​បង្ហាញ​ថាតើ​ភាព​ទៀងត្រង់ និង ភាព​ស្មោះត្រង់​របស់ ពួកគេ​ស្ថិត​នៅ​ត្រង់​ណា ។

« នៅ​មាន​រូបភាព​មួយ​ទៀត​ដែល​មនុស្ស​ថ្វាយ​បង្គំ​គឺ​អំណាច និង កិត្យានុភាព ។ មនុស្ស​ជាច្រើន​នឹង​ជាន់ឈ្លី​នៅ​ក្រោម​ជើង​នូវ​រឿង​ខាង​វិញ្ញាណ ហើយ​ជារឿយៗ​នូវ​តម្លៃសីលធម៌​ដោយ​ភាព​ឆ្មើង​ឆ្មៃ​ដើម្បី​ចាប់​យក​ភាព​ជោគជ័យ​របស់​ពួកគេ ។ ពួក​ព្រះ​ទាំង​នេះ​ដែល​រួម​មាន អំណាច ទ្រព្យសម្បត្តិ និង ឥទ្ធិពល​គឺ​ជា​អ្វី​ដែល​គេ​ចង់​បាន​បំផុត ហើយ​វា​ពិត​ដូចជា​រូប​គោ​មាស​របស់​ពួក​កូនចៅ​អ៊ីស្រាអែល​នៅ​ក្នុង​ទីរហោស្ថាន​ដែរ » ( The Miracle of Forgiveness [ ឆ្នាំ ១៩៦៩ ] ទំព័រ ៤០–៤២ ) ។

រូបភាព
កាក់ និង វិក្កយបត្រ
  1. សូម​ឆ្លើយ​សំណួរ​ដូច​ទៅ​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​វិធី​មួយ​ចំនួន​ដែល​មនុស្ស​អាច​ដាក់​ការ​ប្រឹក្សា​របស់​ខ្លួន​ហួស​ពី​ការ​ប្រឹក្សា​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​យើង​នៅ​សព្វថ្ងៃ​នេះ​តាមរយៈ​ពួក​ព្យាការី​របស់​ទ្រង់​មាន​អ្វី​ខ្លះ ?

សូម​ចងចាំ​ថា អ្នក​អាច​មាន​ភាព​ជឿជាក់​នៅ​ក្នុង​ការ​ប្រឹក្សា និង ការ​ណែនាំ​របស់​ពួក​ព្យាការី​បាន ដោយសារ​ពួក​លោក​ថ្លែង​នូវ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ( សូមមើល គ. និង ស. ១:៣៨ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៤:១១៩-២២ មាន​នូវ​ការណែនាំ​បន្ថែម​ដល់​សាសនាចក្រ​ទាក់ទង​នឹង​ការណែនាំ​អំពី​ផ្ទះ​សំណាក់​ណៅវូ ដែល​ក្លាយ​ជា​សណ្ឋាគារ​ផ្ទាល់​របស់​សាសនាចក្រ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:១២៣-៤៥

ព្រះអម្ចាស់​ប្រាប់​ឈ្មោះ​នៃ​អស់​អ្នក​ដែល​ត្រូវ​បម្រើ​នៅក្នុង​មុខងារ​ផ្សេងៗ​នៃ​ថ្នាក់​ដឹកនាំ​បព្វជិតភាព

សូម​សរសេរ​តួនាទី​ថ្នាក់ដឹកនាំ​បព្វជិតភាព​មួយ​ចំនួន​នៅ​ក្នុង​សាសនាចក្រ ៖

នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:១២៣-៤៥ ព្រះអម្ចាស់​បាន​ប្រាប់​ឈ្មោះ​ជាក់លាក់​របស់​មនុស្ស​មួយ​ចំនួន​ដើម្បី​បម្រើ​ក្នុង​មុខងារ​ផ្សេងៗ​នៃ​ថ្នាក់​ដឹកនាំ​បព្វជិតភាព ។ សូម​អាន ខ ១២៣–៤២ ដោយ​រក​មើល​តួនាទី​ថ្នាក់​ដឹកនាំ​បព្វជិតភាព​ដែល​ព្រះអម្ចាស់​បាន​លើក​ឡើង ។ សូម​ដាក់​បន្ថែម​នូវ​តួនាទី​ផ្សេងទៀត​ដែល​អ្នក​ពុំ​មាន​សរសេរ​នៅ​ក្នុង​បញ្ជី​របស់​អ្នក ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:១៤៣ ដោយ​រក​មើល​ពី​ហេតុផល​ដែល​ព្រះអម្ចាស់​ហៅ​ថ្នាក់​ដឹកនាំ​បព្វជិតភាព ហើយ​ប្រទាន​កូនសោ​បព្វជិតភាព ។

យើង​រៀន​ពី​សេចក្ដីពិត​ដូចតទៅ​នៅ​ក្នុង​ខគម្ពីរ​នេះ ៖ ព្រះអម្ចាស់​ហៅ​ថ្នាក់​ដឹកនាំ​បព្វជិភាព​ដើម្បី​គ្រប់គ្រង​កិច្ចការ​នៃ​ការ​បម្រើ ហើយ​ជួយ​ធ្វើ​ឲ្យ​ពួក​បរិសុទ្ធ​ឲ្យ​បាន​គ្រប់​លក្ខណ៍ ។ ( កិច្ចការ​នៃ​ការ​បម្រើ និង​ការធ្វើ​ឲ្យ​ពួក​បរិសុទ្ធ​បាន​គ្រប់​លក្ខណ៍​សំដៅ​ទៅ​លើ​កិច្ចការ​នៃ​ការ​ជួយ​កូនចៅ​ព្រះវរបិតាសួគ៌​ទាំងអស់​ឲ្យ​ខិត​មក​ជិត​ទ្រង់ ហើយ​ត្រឡប់​ទៅ​វត្តមាន​ទ្រង់​វិញ​ដោយ​ភាព​សក្ដិសម ) ។ សូម​ពិចារណា​ក្នុង​ការគូស​ចំណាំ​ពាក្យ ឬ​ឃ្លា​ដែល​បង្រៀន​សេចក្ដីពិត​នេះ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​អំពី​វិធី​មួយ ឬ​ពីរ​ដែល​ថ្នាក់​ដឹកនាំ​បព្វជិតភាព​របស់​អ្នក​ធ្លាប់​ជួយ​អ្នក​ឲ្យ​ខិត​ទៅ​ជិត​ព្រះវរបិតា​សួគ៌​របស់​អ្នក ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ១២៥

ព្រះអម្ចាស់​ដឹកនាំ​ពួកបរិសុទ្ធ​ឲ្យ​ប្រមូល​គ្នីគ្នា​ទៅ​កន្លែង​នានា​ដែល​ទ្រង់​បាន​កំណត់

បន្ទាប់​ពី​ពួក​បរិសុទ្ធ​ត្រូវបាន​បណ្តេញ​ចេញ​ពី​រដ្ឋ មិសសួរី នៅ​រដូវ​រងា​ឆ្នាំ ១៨៣៨–៣៩ ពួកគេ​បាន​ធ្វើ​ដំណើរ​ចូលទៅ រដ្ឋ អិលលីណោយ និង អៃអូវ៉ា ជា​កន្លែង​ដែល​ពួកគេ​បាន​តាំងទីលំនៅ​ទាំងសងខាង​លើ​ច្រាំង​ទន្លេ មីស៊ីស៊ីបពី ។ វិវរណៈ​ដែល​មាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៥ ត្រូវ​បាន​ទទួល​នៅ​ខែ មិនា ឆ្នាំ ១៨៤១ ហើយ​វា​បើកសម្តែង​ពី​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់​ទាក់ទង​នឹង​ពួកបរិសុទ្ធ ។ នៅ​ពេល​អ្នក​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៥ សូម​ស្វែងរក​ការណែនាំ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួក​បរិសុទ្ធ​ទាំងនេះ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ១២៦

ព្រិកហាំ យ៉ង់ ពុំ​តម្រូវ​ឲ្យ​ចាកចេញ​ពី​គ្រួសារ​របស់​លោក​ដើម្បី​បម្រើ​បេសកកម្ម​បន្ថែម​ទៀត​ឡើយ

សូម​ស្រមៃ​ថាតើ​វា​មាន​ទិដ្ឋភាព​បែបណា​ដែរ​នៅ​ពេល​អ្នក​ចាកចេញ​ពី​គ្រួសារ​ទៅ​បម្រើ​បេសកកម្ម​សម្រាប់​ព្រះអម្ចាស់​ក្នុង​រយៈពេល​រដូវ​ក្តៅ​ប្រាំ​ឆ្នាំ​បន្ទាប់​ទៀត ហើយ​បន្ទាប់មក​នឹង​ត្រូវ​បាន​ហៅ​បម្រើ​បេសកកម្ម​មួយ​ទៀត​នៅ​បរទេស​រយៈពេល​ជិត​ពីរ​ឆ្នាំ ។ តើ​អ្នក​នឹង​មាន​អារម្មណ៍​ដូចម្ដេច អំពី​ការចាកចេញ​ពី​គ្រួសារ​អ្នក​ច្រើន​ដង​បែប​នេះ ? តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា បើសិន​អ្នក​មាន​ទំនួល​ខុសត្រូវ​ចំពោះ​សេចក្តី​ត្រូវការ​របស់​គ្រួសារ​អ្នក ?

បន្ទាប់​ពី ព្រិកហាំ យ៉ង់ បាន​ចូលរួម​សាសនាចក្រ​នៅ​ខែ មេសា ឆ្នាំ ១៨៣២ លោក​បាន​បម្រើ​បេសកកម្ម​ប្រាំពីរ​ក្នុង​រយៈពេល​ប្រាំបួន​ឆ្នាំ ។ បេសកកម្ម​ដំបូង​របស់​លោក​គឺ​អំឡុង​ពេល​នៃ​រដូវ​រងា បន្ទាប់ពី​លោក​បានទទួល​បុណ្យជ្រមុជទឹក​រួច ។ ការបម្រើ​បេសកកម្ម​ប្រាំ​ផ្សេង​ទៀត រួមមាន​ការចូលរួម​របស់​លោក​នៅក្នុង ជំរុំ​ស៊ីយ៉ូន បាន​កើត​ឡើង​រាល់​រដូវ​ក្តៅ​ពី​ឆ្នាំ ១៨៣៣ ដល់ ១៨៣៧ ។ បេសកកម្ម​ទាំង​នេះ​មាន​រយៈពេល​ចាប់​ពី​បី ទៅ​ប្រាំ​ខែ ។ ក្នុងឆ្នាំ ១៨៣៩ ព្រិកហាំ យ៉ង់ ជាមួយ​នឹង​សាវក​ផ្សេង​ទៀត​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​បេសកកម្ម​នៅ​ចក្រភព​អង់គ្លេស ។ ពួកគេ​បាន​ធ្វើ​តាម​ការណែនាំ​របស់​ព្រះអម្ចាស់ ដើម្បី​ចាកចេញ​ទៅ​បេសកកម្ម​នេះ​ពី ហ្វាវែស្ទ រដ្ឋ មិសសួរី នៅថ្ងៃ​ទី ២៦ ខែ មេសា ឆ្នាំ ១៨៣៩ ( សូមមើល គ. និង ស. ១១៨) ។ ព្រិកហាំ និង សាវក​ផ្សេង​ទៀត​បាន​ចំណាយ​ពេល​ពីរបី​ខែ​បន្ទាប់​នៅ​ក្នុង​រដ្ឋ អៃអូវ៉ា និង អិលលីណោយ ធ្វើការ​រៀបចំ​បន្ថែម​ទៀត​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ចក្រភព​អង់គ្លេស ។ ការឆ្លង​រោគ​គ្រុនចាញ់ បានកើត​មាន​នៅក្នុង​តំបន់​នោះ​នា​រដូវ​ក្តៅ​ឆ្នាំ ១៨៣៩ ហើយ​ពួកគេ​ក៏​បាន​ឆ្លង​ជំងឺ​នោះ​ផងដែរ ។

រូបភាព
ប្រធាន ព្រិកហាំ យ៉ង់

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ដូច​តទៅ​នេះ​មកពី​ព្រិកហាំ យ៉ង់ ហើយ​រក​មើល​ភស្តុតាង​នៃ​ឥរិយាបថ​របស់​ព្រិកហាំ​ចំពោះ​ការ​បម្រើ​ព្រះអម្ចាស់​ថ្វីបើ​មាន​ជំងឺ​ជា​ទម្ងន់​រហូត​ត្រូវ​មាន​គេ​ជួយ​ពេល​ឡើងជិះ​រទេះ​ចេញ​ទៅ​ក៏ដោយ ៖« ខ្ញុំ​សម្រេច​ចិត្ត​ទៅ​ប្រទេស អង់គ្លេស ឬ ក៏​ធ្វើ​ការណ៍​នោះ​រហូត​ដល់​ស្លាប់ » ។ ខ្ញុំ​មាន​ការតាំងចិត្ត​យ៉ាង​មុតមាំ​ថា ខ្ញុំ​នឹង​ធ្វើ​អ្វី​ដែល​ខ្ញុំ​បាន​តម្រូវ​ឲ្យ​ធ្វើ​នៅក្នុង​ដំណឹង​ល្អ​នៃ​ជីវិត និង សេចក្តីសង្គ្រោះ ឬ ខ្ញុំ​នឹង​ស្លាប់​ដោយការ​ព្យាយាម​ធ្វើ​ការណ៍​នេះ » (Teachings of Presidents of the Church: Brigham Young[ឆ្នាំ ១៩៩៧ ], ទំព័រ ៥) ។

ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​ព្រិកហាំ យ៉ង់ បាន​តម្រូវ​ឲ្យ​មាន​ការលះបង់​ពី​គ្រួសារ​គាត់​ផងដែរ ។ សូម​អាន​សេចក្តី​សង្ខេប​ខាងក្រោម​នេះ​អំពី​ស្ថានភាព​របស់​គ្រួសារ​ព្រិកហាំ នៅពេល​លោក​បាន​ចេញ​ទៅ​បម្រើ​បេសកកម្ម​របស់​ខ្លួន​ទៅ​ចក្រភព​អង់គ្លេស ៖

ព្រិកហាំ យ៉ង់ បាន​ចេញ​ពី ម៉ុនទ្រូស រដ្ឋ អៃអូវ៉ា ទៅ​ចក្រភព​អង់គ្លេស នៅថ្ងៃ​ទី ១៤ ខែ កញ្ញា ឆ្នាំ ១៨៣៩ គឺ​ដប់​ថ្ងៃ​បន្ទាប់​ពី​ភរិយា​របស់​លោក ម៉ារី អាន បាន​ឆ្លង​ទន្លេ​កូន​ទី​បួន​របស់​ពួកគេ ។ ម៉ារី អាន បាន​រងទុក្ខ​ដោយសារ​ជំងឺ​គ្រុនចាញ់ ។ នេះ​គឺ​ជា​លើក​ទីប្រាំ​ហើយ​តាំង​ពីពួកគេ​បាន​រៀបការ​ដែល​គាត់​បាន​ឲ្យ​ព្រិកហាំ​ចេញ​ទៅ​បេសកកម្ម ។ បន្ទាប់​ពី​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ផ្ទះ និង បាន​បាត់បង់​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ​នៅក្នុង​រដ្ឋ មិសសួរី កាល​ពី​ឆ្នាំ​មុន ពួកគេ​មាន​ភាព​ក្រតោកយ៉ាក ។ ប្រធានព្រិកហាំ បាន​បន្សល់​ប្រាក់​តែ ២.៧២ ដុល្លារ ឲ្យ​ម៉ារី អាន សម្រាប់​គ្រួសារ​របស់​ពួកគេ ។ ប្រធានព្រិកហាំ និង ម៉ារី អាន បាន​ទុក​ចិត្ត​ថា ព្រះអម្ចាស់​នឹង​ប្រទាន​ពរដល់​ពួកគេ និង ពឹកផ្អែក​លើ​ការសន្យា​ពី​ព្រះអម្ចាស់ ដែល​ថា ក្រុម​គ្រួសារ​របស់​ពួកសាវក​នឹង​ទទួល​បាន​ការថែទាំ​សម្រាប់​សេចក្តី​ត្រូវការ​នានា​ខណៈ​ដែល​ពួកសាវក​ទាំង​នោះ​ចេញ​ទៅ​បម្រើ​បេសកកម្ម ( សូមមើល គ. និង ស. ១១៨:៣ ) ។

នៅ​ពេល​អែលឌើរ ព្រិកហាំ យ៉ង់ ហ៊ីបឺរ ស៊ី គិមបុល និង ជួច អេ ស្ម៊ីធ​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ភាគ​ខាង​កើត​សហរដ្ឋ​សម្រាប់​បេសកកម្ម​របស់​ពួកគេ​ទៅ​ចក្រភព​អង់គ្លេស « ព្រិកហាំ​បាន​លូក​ដៃ​ចូល​ទៅ​ក្នុង​ហិប​របស់​គាត់ ហើយ​តែង​ឃើញ​មាន​លុយ​គ្រប់គ្រាន់​សម្រាប់​ថ្លៃ​ការ​បង្រៀន​បន្ទាប់​ទៀត​របស់​ពួកលោក ។ លោក​បាន​គិត​ថា ហ៊ីបឺរ​បាន​បន្ថែម​ប្រាក់ ប៉ុន្តែ​ក្រោយ​ក្រោយ​មក​បាន​ដឹង​ថា​លោក​ពុំ​បាន​ធ្វើ​ដូច្នេះ​ទេ ។ បងប្អូនប្រុស​ទាំង​នេះ​បាន​ចាប់ផ្ដើម​ធ្វើ​ដំណើរ​មាន​តែ​ប្រាក់​ដង្វាយ ១៣.៥០ ដុល្លារ ប៉ុន្តែ​ពួកលោក​បាន​ចំណាយ​ច្រើន​ជាង ៨៧ ដុល្លារ​សម្រាប់​ថ្លៃ​បង្រៀន ។ ពួក​លោក​ពុំ​បាន​ដឹង​ថា ប្រាក់​នោះ​បាន​នៅ​ក្នុង​ហិប​របស់​ពួកលោក​ដោយ​របៀប​ណា​ទេ ‹ លើក​លែង​តែ​ទេវតា​នៅ​ស្ថានសួគ៌​បាន​ដាក់​ឲ្យ​ដើម្បី​បន្ត​ការ​ផ្សាយ​ដំណឹងល្អ [ នៅ​ក្នុង Leonard J. Arrington Brigham Young: American Moses [ ឆ្នាំ ១៩៨៥ ] ទំព័រ ៧៧ ] » ។ (Church History in the Fulness of Times Student Manual បោះពុម្ពទី ២ [ Church Educational System manual, ឆ្នាំ ២០០៣ ] ទំព័រ ២២៨) ។

រូបភាព
កោះ​អង់គ្លេស

ព្រិកហាំ យ៉ង់​បាន​ដឹកនាំ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​នៅ​កោះ​នានា​ក្នុង​ប្រទេស​អង់គ្លេស ។

នៅពេល​លោក បាន​ដឹកនាំ​ពង្រីក​កិច្ចការ​អ្នក​ផ្សព្វផ្សាយ​សាសនា​ទូទាំង​កោះ​នៃ​ប្រទេស​អង់គ្លេស ព្រិកហាំ យ៉ង់ បាន​បង្ហាញ​សមត្ថភាព​ខាង​វិញ្ញាណ​ដ៏​អស្ចារ្យ និង សមត្ថភាព​នៃ​រដ្ឋបាល ។ ក្រោម​ការដឹកនាំ​របស់​ព្រិកហាំ យ៉ង់ និង សាវក​ផ្សេង​ទៀត សាសនាចក្រ​បាន​រីក​ចម្រើន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ចក្រភព​អង់គ្លេស ។ នៅពេល​នោះ​សាវក​ស្ទើរតែ​ទាំងអស់ បាន​បញ្ចប់​បេសកកម្ម​របស់​ពួកលោក​នៅ​លើ​កោះ​នានា​ក្នុង​ប្រទេស​អង់គ្លេស​នៅ​ចុង​ខែ មេសា ឆ្នាំ ១៨៤១ មាន​មនុស្ស​ច្រើន​ជាង ៥,០០០ នាក់​បាន​ចូល​សាសនាចក្រ ដែល​មាន​គ្នា ប្រហែល​១,០០០​នាក់​បាន​ធ្វើ​អន្តោប្រវេសន៍​ទៅ​ទីក្រុង ណៅវូ ពីរបី​ខែ​មុន​នោះ ។

« បេសកកម្ម​នេះ​គឺ​ជា​ពេល​សំខាន់​មួយ​នៃ​ការបំពាក់បំប៉ន និង មាន​ភាព​ចាស់ទុំ​សម្រាប់​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ ព្រិកហាំ យ៉ង់ បាន​ពង្រឹង​ជំនាញ​នៃ​ភាព​ដឹកនាំ ដែល​មិន​យូរមិន​ឆាប់​នឹង​ត្រូវ​បាន​ហៅ​ដើម្បី​ប្រើ​វា​នៅក្នុង​ទីក្រុង​ណៅវូ ។… តាមរយៈ​ការសាកល្បង និង ការលះបង់​នៅក្នុង​ប្រទេស​អង់គ្លេស ព្រមទាំង​ការធ្វើការ​ក្នុង​គោលដៅ​រួម នោះពួក​ដប់ពីរនាក់​បាន​រួមគ្នា​ក្នុង​របៀប​មួយ​ដែល​ធានា​ឲ្យ​មាន​ភាព​រឹងមាំ​ក្នុង​ថ្នាក់​ដឹកនាំ​សាសនាចក្រ​នៅ​ក្នុង​ឆ្នាំ​បន្តបន្ទាប់​ទៀត » ( Church History in the Fulness of Times,ទំព័រ ២៣៤) ។

បន្ទាប់​ពី​ការដឹកនាំ​កិច្ចការ​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​សាសនាចក្រ​នៅក្នុង​ចក្រភព​អង់គ្លេស ព្រិកហាំ យ៉ង់ បាន​ទៅដល់​ទីក្រុង ណៅវូ រដ្ឋ អិលលីណោយ នៅថ្ងៃ​ទី ១ ខែ កក្កដា ឆ្នាំ ១៨៤១ ។ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈ ដែល​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៦ ប្រាំបី​ថ្ងៃ​ក្រោយ​មក ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៦:១-៣ ដោយ​ស្វែងរក​អ្វី ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រាប់​ព្រិកហាំ​អំពី​ការ​បម្រើ​របស់​លោក ។ តើ​នៅពេល​ណា​ដែល​អ្នក​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​បាន​សព្វព្រះទ័យ​នឹង​ការបម្រើ​របស់​អ្នក ?

សូម​បំពេញ​គោលការណ៍​ដូច​តទៅ​ស្ដី​ពី​ការ​បម្រើ​ដែល​យើង​ផ្ដល់​ឲ្យ​មក​ពី​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង ខ ១–២ ៖ ប្រសិន​បើ​យើង​ធ្វើ​ការ​ដោយ​ឧស្សាហ៍​ថ្វាយ​ព្រះអម្ចាស់ ទ្រង់​នឹង ការបូជា​ដ៏​សុចរិត​របស់​យើង

« ក្រៅពី​អាច​ចំណាយ​ពេល​ច្រើន​ជាមួយ​គ្រួសារ​របស់​លោក ក្រោយ​ពី​វិវរណៈ នេះ [គ. និង ស. ១២៦] នោះ​ព្រិកហាំ យ៉ង់ ក៏​បាន​នៅ​ក្បែរ​ព្យាការី យ៉ូសែប ស៊្មីធ អស់​ពេល​ជា​ច្រើន​ឆ្នាំ​ជាង​លោក​អាច​ធ្វើ​បាន​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ( ម្ភៃ​ប្រាំបី ខែ​នៃ​សាមសិប​ប្រាំមួយ​ខែ​ចុងក្រោយ​នៃ​ជីវិត​របស់​យ៉ូសែប ) ។

« វា​ហាក់បី​ជា​ប្រាកដ​ថា​ព្រះអម្ចាស់​បាន​ដឹង​ពី​អនាគត ព្រិកហាំ យ៉ង់ និង អនាគត​របស់​សាសនាចក្រ ដោយ​បាន​ឲ្យ ព្រិកហាំ នៅក្បែរ​យ៉ូសែប ដូច្នេះ​លោក​អាច​រៀន​អ្វី​ដែល​ចាំបាច់​ដើម្បី​ដឹង ដើម្បី​ដឹកនាំ​សាសនាចក្រ​បន្ទាប់​ពី​យ៉ូសែប ស្លាប់ » ( Doctrine and Covenants Student Manual,ការបោះពុម្ព​លើកទី ២ [ Church Educational System manual ឆ្នាំ ២០០១ ] ទំព័រ ៣១៣) ។

រូបភាព
រូប​សំណាក​ព្រិកហាំ យ៉ង់ និង យ៉ូសែប ស៊្មីធ

ដោយ​សារ​ទំនាក់ទំនង​ជិត​ស្និទ្ធ​របស់​លោក​ជាមួយ​នឹង​ព្យាការី យ៉ូសែប ស្ម៊ីធ នោះ ព្រិកហាំ យ៉ង់ បាន​រៀន​អ្វី​ដែល​លោក​ត្រូវការ​ដឹង​ដើម្បី​ដឹកនាំ​សាសនាចក្រ​បន្ទាប់​ពី​មរណភាព​របស់​យ៉ូសែប ។

ទោះបី​ជា​ព្រិកហាំ យ៉ង់ មិន​តម្រូវ​ឲ្យ​ចាកចេញ​ពី​គ្រួសារ​លោក​ទៅ​បម្រើ​បេសកកម្ម​បន្ថែម​ទៀត​ក្តី ក៏​លោក​បាននៅតែ​បម្រើ​បេសកកម្ម​រយៈពេល​ខ្លីៗ​មួយ​ចំនួន​ពីមុន​ព្យាការី​ស្លាប់ ។ ព្រះអម្ចាស់​បាន​ទទួល​យក​ការ​បូជា​សុចរិត និង​ភាព​ឧស្សាហ៍ព្យាយាម​នៅ​ក្នុង​កិច្ចការ​របស់​ទ្រង់​របស់​ព្រិកហាំ យ៉ង់ ។

  1. សូម​គិត​អំពី​ឱកាស​នានា​ដែល​អ្នក​មាន​ដើម្បី​បម្រើ​ព្រះអម្ចាស់ ។ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពាក្យ​ពីរបី​ប្រយោគ​ពន្យល់​ពី​របៀប​ដែល​អ្នក​ធ្វើ​តាម​គំរូ​របស់​ថ្នាក់​ដឹកនាំ​ដូចជា ព្រិកហាំ យ៉ង់ ដើម្បី​ធ្វើ​ការ​យ៉ាង​ឧស្សាហ៍​នៅ​ក្នុង​ឱកាស​ទាំងនេះ ។

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:៨៤-១៤៥; ១២៥-២៦ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖