ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៣០ ៖ ថ្ងៃ​ទី ៤ ក្រុម​អ្នកត្រួតត្រាយ​រទេះអូស ឆ្នាំ ១៨៥៦-៦០


មេរៀន​ទី ៣០ ៖ ថ្ងៃ​ទី ៤

ក្រុម​អ្នកត្រួតត្រាយ​រទេះអូស ឆ្នាំ ១៨៥៦-៦០

បុព្វកថា

ពួកបរិសុទ្ធ​ដែល​បាន​មក​ដល់ជ្រលង​ភ្នំ សលត៍ លេក ក្នុង​ឆ្នាំ ១៨៤៧ បាន​ចេញ​ទៅ​ធ្វើការ​ដាំដុះ​ជា​កសិកម្ម និង បង្កើត​ធនធាន​ដទៃទៀត សម្រាប់​អ្នក​ធ្វើ​អន្ដោប្រវេសន៍​នា​ពេល​អនាគត ។ ក្នុង​ខែ កញ្ញា ឆ្នាំ ១៨៥១ ប្រធាន ព្រិកហាំ យ៉ង់ ព្រម​ទាំង​ទីប្រឹក្សា​របស់​លោក នៅ​ក្នុង​គណៈ​ប្រធាន​ទី​មួយ បាន​អំពាវនាវ​ឡើង​វិញ​ដល់​ពួកបរិសុទ្ធ​ទាំងអស់​នៅ​រដ្ឋ អៃអូវ៉ា និង​នៅ​ជុំវិញ​ពិភពលោក មក​ជួបជុំ​គ្នា​នៅ​ជ្រលងភ្នំ សលត៍ លេក ។ មាន​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយជា​ច្រើន​នាក់ បាន​ឆ្លើយ​តប​ចំពោះ​សេចក្ដី​អំពាវនាវ​របស់​ប្រធាន យ៉ង់ ដោយ​មាន​ការលះបង់​ដ៏​លើសលប់ ។ សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួកដប់ពីរ​នាក់ ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​មើល​អ្នក​ធ្វើ​អន្ដោប្រវេសន៍ ហើយ​ក្នុង​ឆ្នាំ ១៨៥២ មាន​ពួកបរិសុទ្ធ​កាន់តែ​ច្រើន​បាន​ធ្វើ​ដំណើរ​ដោយ​ការអូសរទេះ ទៅ​កាន់ជ្រលងភ្នំ សលត៍ លេក ដែល​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​ណា​ៗ​ទាំងអស់ ។ បន្ថែម​ពី​លើ​នោះ មាន​ពួកបរិសុទ្ធ​ជាច្រើន​ធ្វើ​ដំណើរ​ទៅជ្រលងភ្នំ សលត៍ លេក នៅ​ក្នុង​ក្រុម​រទេះរុញ ចន្លោះ​ឆ្នាំ ១៨៥៦ និង ឆ្នាំ ១៨៦០ ។

ពួកបរិសុទ្ធ​បាន​ធ្វើ​តាម​ដំបូន្មាន​ឲ្យ​ប្រមូល​ផ្ដុំ​គ្នា​នៅ ជ្រលង​ភ្នំ សលត៍ លេក

សូម​ស្រមៃ​ថា អ្នក​ត្រូវ​បាន​សុំ​ឲ្យ​ធ្វើដំណើរ​ចម្ងាយ​ប្រមាណ ២០៩០ គីឡូម៉ែត្រ ដោយ​ថ្មើរ​ជើង ខណៈ​ដែល​ត្រូវ​អូស​រទេះ​ផងដែរ ហើយ​ពួកគេ​ត្រូវបាន​អនុញ្ញាត​ឲ្យ​យក​របស់​របរ​ផ្ទាល់​ខ្លួន​តាម​ខ្លួន​តែ ៧.៧ គីឡូក្រាម​ប៉ុណ្ណោះ ។ តើ​អ្នក​នឹង​ស្ម័គ្រចិត្ត​ធ្វើ​ដំណើរ​បែប​នេះ​ដែរ​ឬ​ទេ ?

នៅ​ចន្លោះ​ឆ្នាំ ១៨៥៦ និង ១៨៦០ មាន​ពួកបរិសុទ្ធ​ជិត ៣០០០ នាក់​បាន​ជ្រើសរើស​ធ្វើដំណើរ​ទៅ​ទិស​ខាង​លិច កាត់​វាល​ទំនាប​នៃ​សហរដ្ឋអាមេរិក​ទៅ​កាន់​រដ្ឋ យូថាហ៍ ដោយ​អូស​របស់​របរ​ពួកគេ​នៅ​ក្នុង​រទេះ ។ ក្រុម​រទេះរុញ​ច្រើន​បំផុត​បាន​ដាក់​ស្បៀងអាហារ និង​សម្ភារ​ផ្ទាល់ខ្លួន និង​អាហារ​ខ្លះៗ​នៅក្នុង​រទេះ ហើយ​ដើរ​ពីទីក្រុង អៃអូវ៉ា រដ្ឋ អៃអូវ៉ា ធ្វើដំណើរ​ទៅ​កាន់​ទីក្រុង សលត៍ លេក រដ្ឋ យូថាហ៍ ។ បី​ក្រុម​ចុង​ក្រោយគេ បាន​ចាប់​ផ្ដើម​ការធ្វើដំណើរ​នៅ​ទីក្រុង ហ្លូរិន រដ្ឋ នេប្រាស្កា ។

បើ​អាច​ធ្វើ​ទៅ​បាន សូម​ប្រមូល​របស់​របរ​មួយ​ចំនួន​នៅ​ក្នុង​ផ្ទះ​របស់​អ្នក ដែល​អ្នក​គិត​ថា​អ្នក​នឹង​យកអ្វី​ទៅ​ជាមួយ បើ​សិន​ជា​អ្នក​មាន​វត្តមាន​ក្នុង​ចំណោម​ពួក​ត្រួសត្រាយ​ផ្លូវ​រទេះអូស​ទាំងនេះ ។ សូម​ថ្លឹង​របស់​របរ​ដើម្បី​ដឹង ថាតើ​អ្នក​អាច​យក​របស់​របរ​អ្វី​ខ្លះ​ទៅ​បាន​ក្នុង​ទម្ងន់​ដែល​បាន​កំណត់ ៧.៧ គីឡូក្រាម នោះ ។

រូបភាព
ពួក​ត្រួសត្រាយ​ផ្លូវ​រទេះអូស

នៅ​ពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​គិត​អំពី​សំណួរ​ដូចតទៅ ៖ តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ពួកបរិសុទ្ធ​ស្ម័គ្រចិត្ត​លះបង់​យ៉ាង​ច្រើន ដើម្បី​បាន​ទៅ​ដល់​រដ្ឋ យូថាហ៍​ដូច្នេះ ?

សមាជិក​ភាគ​ច្រើន​នៃ​សាសនាចក្រ រួម​ទាំង​សមាជិក​ដែល​រស់នៅ​ក្រៅ​សហរដ្ឋ​ផងដែរ បាន​ចង់​ទៅ​ជួបជុំ​ជាមួយ​ពួក​បរិសុទ្ធ​នៅ​រដ្ឋ យូថាហ៍ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួកគេ​ភាគ​ច្រើន​ពុំ​មាន​ប្រាក់កាស ឬ បរិក្ខា ទំនុកបម្រុង​គ្រប់គ្រាន់​សម្រាប់​ខ្លួនគេ​ក្តី ។ ដោយសារ​មូលហេតុ​នេះ ទើប​ប្រធាន ព្រិកហាំ យ៉ង់ បាន​បង្កើត​មូលនិធិ​អន្ដោប្រវេសន៍​អចិន្ត្រៃយ៍ ក្នុង​ឆ្នាំ ១៨៤៩ ។ មូលនិធិ​នេះ​បាន​ផ្ដល់​ប្រាក់​កម្ចី​ដល់​អ្នក​ធ្វើ​អន្ដោប្រវេសន៍ ដើម្បី​ជួយ​ពួកគេ​បង់ថ្លៃ​ការធ្វើ​ដំណើរ និង បរិក្ខារ​ទំនុកបម្រុង ។ ដោយសារ​តែ​មាន​បញ្ហា​ខាង​ហិរញ្ញវត្ថុ​គ្រប់​ជំពូក នោះ​មូលនិធិ​បាន​ចុះ​ថយ ក្នុង​ឆ្នាំ ១៨៥៥ ហើយ​ប្រធាន យ៉ង់ បាន​បារម្ភ​ខ្លាច​ថា​នឹង​មិន​មាន​ប្រាក់​គ្រប់គ្រាន់ ដើម្បី​ជួយ​ដល់​ពួក​បរិសុទ្ធ​ដែល​ចង់​ធ្វើ​អន្ដោប្រវេសន៍​ក្នុង​ឆ្នាំ ១៨៥៦ បន្តទៀត ។ លោក​បាន​សំណូមពរ​ឲ្យ​អ្នក​ធ្វើ​អន្ដោប្រវេសន៍ ដែល​ត្រូវការ​ជំនួយ​ពី​មូលនិធិ គួរតែ​ធ្វើ​ដំណើរ​ដោយ​អូស​រទេះ ជំនួស​ដោយ​ការដឹក​ជញ្ជូន​តាម​រទេះ​សេះ ។ ក្រុម​រទេះអូស ពុំ​សូវ​ចំណាយ​ច្រើនទេ ហើយ​អនុញ្ញាត​ឲ្យ​ពួកបរិសុទ្ធ​ធ្វើ​អន្ដោប្រវេសន៍បាន​ច្រើន ។

រូបភាព
ផែនទី សហរដ្ឋ​អាមេរិក

ទោះជា​ការធ្វើ​ដំណើរ​មាន​សភាព​លំបាក​យ៉ាង​ណា​ក្ដី ក៏​ក្រុម​អ្នក​ត្រួតត្រាយ​រទេះអូស​ចំនួន ៨ ទៅ ១០ រទេះ​ក្នុង​ចន្លោះ​ឆ្នាំ ១៨៥៦ និង ១៨៦០ បាន​បញ្ចប់​ការធ្វើ​ដំណើរ​ដោយ​ជោគជ័យ ដោយ​អត្រា​មនុស្ស​ស្លាប់​មាន​ប្រមាណ ៣ ភាគរយ បើ​ធៀប​ទៅ​នឹង​ក្រុម​ធ្វើ​ដំណើរ​តាម​រទេះសេះ ។ ប៉ុន្តែ​ក្នុង​ឆ្នាំ ១៨៥៦ មាន​ក្រុម​រទេះអូស​ទីបួន និង ទីប្រាំ បាន​ចេញ​ដំណើរ​យឺត​ពេល​ក្នុង​រដូវ ហើយ​បាន​ជួប​នឹង​ការលំបាក​ដ៏​ធ្ងន់ធ្ងរ ។ ពួកគេ​គឺជា​ក្រុមរទេះ​អូស វីលី ដែល​ដឹកនាំ​ដោយ ជេម ជី វីលី និង ក្រុម​រទេះអូស ម៉ាទីន ដែល​ដឹកនាំ​ដោយ អែតវើត ម៉ាទីន ។ បន្ទាប់ពី​បាន​ធ្វើ​ដំណើរ​ប្រមាណ ១៦០០ គីឡូម៉ែត្រ ទៅ​ភាគ​ខាង​លិច​ពី​រដ្ឋ អៃអូវ៉ា ក្រុម​រទេះអូស​ទាំងឡាយ បាន​ខ្វះខាត​បរិក្ខាទំនុកបម្រុង និង ស្បៀង​អាហារ​ជា​ខ្លាំង ។ ក្រុម​ទាំង​ពីរ​នេះ​ក៏​បាន​ជួប​នឹង​ព្យុះ​រដូវ​រងា ដែល​បាន​បង្អាក់​ដល់​ការធ្វើ​ដំណើរ​ទៅមុខ​របស់​ពួកគេ​ដែរ ។ ពួកបរិសុទ្ធ​ទាំងនេះ​បាន​រងទុក្ខ​យ៉ាង​លំបាក​នៅ​ក្នុង​ភាពត្រជាក់ និង ទឹកកក​ដ៏​ច្រើន​សន្ធឹក​នោះ ។

នៅ​ថ្ងៃ​ទី ១៩ ខែ តុលា ឆ្នាំ ១៨៥៦ សមាជិក​ក្នុង​ក្រុម​រទេះ​អូស​របស់ ម៉ាទីន ត្រូវ​ឆ្លង​កាត់​ទន្លេ​ដ៏​ធំ​មួយ អំឡុង​ពេល​ព្យុះ​ទឹកកក​មួយ ។ សមាជិក​ក្នុង​ក្រុម​នោះ​ជាច្រើន​នាក់ រួមមាន​ទាំង អើរ៉ុន ចាកសុន ផងដែរ បាន​ទន់ខ្សោយ ហើយ​បាន​ធ្លាក់​ខ្លួន​ឈឺ រីឯ​ការធ្វើ​ដំណើរ​ឆ្លង​កាត់​ទន្លេ គឺ​មាន​ឥទ្ធិពល​កាន់​តែ​អាក្រក់​លើ​ពួកគេ ។ អេលីស្សាប៊ែត ចាកសុន បាន​ពិពណ៌នា​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ស្វាមី​របស់​គាត់​នៅ​ពីរបីថ្ងៃ​ក្រោយ​មក ៖

« ខ្ញុំ​បាន​ចូល​ដេក នៅ​ម៉ោង​ប្រហែល​ជា​ប្រាំ​បួន ។… វា​ដូចជា ខ្ញុំ​បាន​ដេក​រហូត​ដល់​ម៉ោង​ប្រហែល​ជា​ពាក់កណ្ដាល​អធ្រាត្រ ។ ខ្ញុំ​ត្រជាក់យ៉ាង​ខ្លាំង ។ អាកាសធាតុ​កាន់​តែ​ត្រជាក់ខ្លាំង ។ ខ្ញុំ​បាន​ស្ដាប់​ថាតើ​ស្វាមី​របស់​ខ្ញុំ​នៅ​មាន​ដណ្ដើម​ឬ​ទេ--​ព្រោះ​គាត់​ដេក​នឹង​ថ្កល់ ។ ខ្ញុំ​ស្ដាប់​ពុំ​ឮ​ដង្ហើម​របស់​គាត់​ទេ ។ ខ្ញុំបាន​ដឹង​ភ្លាម ។ ខ្ញុំ​បាន​ដាក់ដៃ​ខ្ញុំ​លើ​ខ្លួនគាត់ នៅ​ពេល​នោះ​បាន​ដឹង​ដោយ​រន្ធត់​ចិត្តជា​ខ្លាំង ហើយ​ភាពភ័យខ្លាច​បំផុត​របស់​ខ្ញុំ​បានចាប់​ផ្ដើម ។ ស្វាមី​របស់​ខ្ញុំ​បាន ស្លាប់​ហើយ ។… ខ្ញុំ​បាន​ស្រែក​ហៅ​រកជំនួយ​ពី​មនុស្ស​ដែល​នៅ​ក្នុងតង់​ផ្សេង​ទៀត ។ ពួកគេ​ពុំ​អាច​ជួយ​ខ្ញុំ អ្វី​បាន​ទេ ។… នៅពេល​ព្រឹក​ឡើង នោះ​បុរស​មួយ​ចំនួន​មក​ពី​ក្នុង​ក្រុម បាន​រៀបចំ​បញ្ចុះ​សព​របស់​គាត់ ។… ពួកគេ​បាន​រុំ​សព​គាត់​នៅ​ក្នុង​ភួយ​មួយ ហើយ​បាន​ដាក់​គាត់នៅ​ក្នុង​គំនរ​នៃ​មនុស្ស​ស្លាប់​ដប់បី​នាក់​ទៀត រួច​ក៏​គ្រប​ដណ្ដប់​គាត់​ដោយ​ពំនូក​ទឹកកក ។ ដី​មាន​សភាព​កក​រឹង ដែល​បណ្ដាល​ឲ្យ​ពួកគេ​ពុំ​អាច​ជីក​រណ្ដៅ​ផ្នូរ​បាន​ឡើយ » ( Leaves from the Life of Elizabeth Horrocks Jackson Kingsford [ ឆ្នាំ ១៩០៨ ] ទំព័រ ៦–៧ សូម​មើល​ផងដែរ history.lds.org ) ។

រូបភាព
ពួក​ត្រួសត្រាយ​ផ្លូវ​រទេះអូស
  1. បើ​អ្នក​អាច​សរសេរ​សំបុត្រ​ទៅ​កាន់ អេលីស្សាប៊ែត ចាកសុន នៅ​អំឡុង​គ្រា​ដ៏​លំបាក​នេះ តើ​អ្នក​នឹង​និយាយ​អ្វី​ខ្លះ ដើម្បី​លើក​ទឹកចិត្ត​កុំ​ឲ្យ​គាត់​បោះបង់​ចោល​ការធ្វើ​ដំណើរ​នេះ ? សូម​សរសេរ​សំបុត្រ​ខ្លី​មួយ​ទៅ​កាន់ អេលីស្សាប៊ែត ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

សូម​ស្វែងរក​ភស្ដុតាង​នៃ​សេចក្ដី​ជំនឿ​របស់ អេលីស្សាប៊ែត នៅ​ក្នុង​ដំណើររឿង​របស់​គាត់ ៖

« សាកសព​របស់​គាត់​ត្រូវបាន​ទុក​នៅ​ទី​នោះ ដើម្បី​សម្រាក​ក្នុង​ភាពស្ងប់ស្ងាត់​ដរាប​ដល់​ត្រែ​របស់​ព្រះអម្ចាស់​នឹង​បន្លឺ​ឡើង ហើយ​មនុស្ស​ដែល​ស្លាប់​ទៅ​ក្នុង​ព្រះគ្រីស្ទ​នឹង​ក្រោក​ឡើង ហើយ​ឆ្ពោះ​ទៅ​រក​ព្រឹក​នៃ​ការរស់ឡើង​វិញ​ទី​មួយ ។ លំដាប់នោះ យើង​នឹង​រួបរួម​ចិត្ត និង ជីវិត​សាជាថ្មី ចំណែក​ឯ​ភាពអស់កល្បជានិច្ច​នឹង​ផ្ដល់​ជីវិត​ឲ្យ​យើង​រស់នៅ​ជា​និរន្តរ ។

« ខ្ញុំ​ពុំ​ចង់​ពិពណ៌នា​អំពី​អារម្មណ៍​របស់​ខ្ញុំ ពេល​ឃើញ​ថា​ខ្លួន​ត្រូវ​បាន​បន្សល់​ទុក​ឲ្យ​នៅជា​ស្ត្រីមេម៉ាយ​ជាមួយ​នឹង​កូន​បីនាក់ ស្ថិត​នៅក្រោម​ស្ថានភាព​ដ៏ឈឺ​ចាប់​ដូច្នេះ​ទេ ។ ខ្ញុំ​ពុំ​អាច​ធ្វើ​បាន​ទេ ។ ប៉ុន្តែ​ខ្ញុំ​ជឿ​ទៅ​លើ​កំណត់ត្រា​ទេវតា ដែល​បាន​ពិពណ៌នា​ក្នុង​កំណត់ត្រា​នៅ​ឯ​ស្ថាន​លើ ហើយ​ថា​ការរងទុក្ខ​របស់​ខ្ញុំ​ដោយសារ​តែ​ដំណឹងល្អ នឹង​ញែក​ចេញ​ជា​បរិសុទ្ធ​ចំពោះ​ខ្ញុំ សម្រាប់​ជា​សេចក្ដី​ល្អ​របស់​ខ្ញុំ » ( Leaves,ខទី ៧ សូម​មើល​ផងដែរ history.lds.org ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ចេញ​ពី​កំណត់ត្រា​របស់ អេលីស្សាប៊ែត តើ​អ្វី​ដែល​ជា​គោលបំណង​មួយ​ចំពោះ​ការរងទុក្ខ និង ការលះបង់​ចំពោះ​ដំណឹងល្អ ?

    2. ឃ្លា « ញែក​ចេញ​ជា​បរិសុទ្ធ​ចំពោះ​ខ្ញុំ សម្រាប់​ជា​សេចក្ដី​ល្អ​របស់​ខ្ញុំ » មាន​ន័យ​ថា ការរងទុក្ខ​របស់ អេលីស្សាប៊ែត នឹង​ត្រូវបាន​ធ្វើ​ឲ្យ​ពិសិដ្ឋ និង បរិសុទ្ធ​សម្រាប់​ជា​ផលប្រយោជន៍​ដល់​គាត់ ។ ទោះជា​អ្នក​ពុំ​រងទុក្ខ​ដូចជា​គាត់​យ៉ាង​ណា​ក្ដី តើ​អ្នក​អាច​នឹង​ត្រូវ​រងទុក្ខ​ដោយសារតែ​ដំណឹងល្អ​តាម​របៀប​ណា​ខ្លះ ? តើ​អ្នក​អាច​នឹង​ទទួលពរ តាមរយៈ​បទពិសោធន៍​ទាំងនេះ​យ៉ាង​ដូចម្ដេច ?

អំឡុង​ពេល​ពីរ​បី​ថ្ងៃ​ក្រោយ​បន្ទាប់​ពី អើរ៉ុន ចាកសុន បាន​ស្លាប់ នោះ​ក្រុម​រទេះអូស ម៉ាទីន បាន​ធ្វើដំណើរ​ឆ្ពោះ​ទៅ​មុខ​ទៀត​បាន​ប្រមាណ ១៦ គីឡូម៉ែត្រ ។ មនុស្ស​ជាច្រើន​បាន​ស្លាប់​អំឡុង​ពេល​នេះ ។ នា​យប់មួយ អំឡុង​ពេល​ធ្វើដំណើរ​នេះ គ្មាន​នរណា​ម្នាក់​មាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​បោះ​តង់​នោះ​ទេ ។ អេលីស្សាប៊ែត ចាកសុន បាន​អង្គុយ​នៅ​លើ​ថ្ម​មួយ​ដុំ ដែល​កូន​ម្នាក់​អង្គុយ​នៅលើ​ភ្លៅ ហើយ​កូន​ម្នាក់ទៀត​អង្គុយ​នៅ​សង​ខាង​គាត់ ។ គាត់​បាន​នៅ​អង្គុយ​ដូច្នោះ​រហូត​ដល់​ព្រឹក ។ អេលីស្សាប៊ែត​បាក់ទឹកចិត្ត​យ៉ាងខ្លាំង​។ ក្រោយ​មក នា​យប់​ថ្ងៃ​ទី ២៧ ខែ តុលា គាត់​បាន​ទទួល​បទពិសោធន៍​មួយ ដែល​ផ្ដល់​សេចក្ដី​សង្ឃឹម​នៃ​ការសង្គ្រោះ​ដល់​គាត់ ៖

« មនុស្ស​នឹង​អាច​យល់​ភ្លាម​ថា នៅក្រោម​ស្ថានភាព​ដ៏​អាក្រក់​ដូច្នេះ ខ្ញុំ​អស់​សង្ឃឹម​ជា​ខ្លាំង ។ ខ្ញុំ​នៅ​ចម្ងាយ​ប្រាំបួន​ពាន់​ប្រាំរយ ឬ មួយ​ម៉ឺន​មួយ​ពាន់​គីឡូម៉ែត​ពី​ដែនដី​កំណើត​របស់​ខ្ញុំ នៅ​ក្នុង​តំបន់​ព្រៃភ្នំ​ក្រោម​ថ្ម នៅ​ក្នុង​ស្ថានភាព​ដ៏​អស់​សង្ឃឹម ដែល​ផ្ទៃដី​គ្រប​ដណ្ដប់​ដោយ​ព្រិល ទឹក​ត្រូវ​បាន​គ្របដណ្ដប់​ដោយ​ទឹកកក ហើយ​ខ្ញុំ​នៅ​ជាមួយ​នឹង​កូន​បីនាក់​ដែល​គ្មាន​ឪពុក គ្មាន​អ្វី​ជួយ​ការពារ​ពួកគេ​ពី​ព្យុះ​ដ៏​កំណាច​ឡើយ ។ ពេល​ខ្ញុំ​ចូល​ដេក​នៅ​ពេល​យប់ នៅ​ថ្ងៃទី ២៧ ខែ តុលា នោះ​ខ្ញុំ​បាន​មាន​វិវរណៈ​យ៉ាង​អស្ចារ្យ​មួយ ។ នៅ​ក្នុង​សុបិន​របស់​ខ្ញុំ ប្ដី​របស់​ខ្ញុំ​បាន​ឈរ​នៅ​ជិត​ខ្ញុំ ហើយ​បាន​និយាយ​ថា— « ចូរ​រីករាយឡើង អែលីស្សាប៊ែត ការជួយ​សង្គ្រោះ​ជិត​មក​ដល់​ហើយ › » ( Leaves,៨ សូម​មើល​ផងដែរ history.lds.org ) ។

ក្ដី​សុបិន​របស់ អេលីស្សាប៊ែត ត្រូវបាន​បំពេញ ។ ស្អែក​ឡើង ក្រុម​ជួយ​សង្គ្រោះ​ទី​មួយ​មក​ពី​ទីក្រុង សលត៍ លេក បាន​រក​ឃើញ​ក្រុម​រទេះ​អូស ម៉ាទីន ។

នៅ​ថ្ងៃ​ទី ៤ ខែ តុលា ឆ្នាំ ១៨៥៦ អស់ជា​ច្រើន​សប្ដាហ៍​មុន​ពេល​មាន​ព្យុះ​ទឹកកក បាន​វាយ​ប្រហារ​លើ​ក្រុម​រទេះ​អូស នោះ​ពួក​អ្នក​ធ្វើដំណើរ​បាន​រាយ​ការណ៍​ទៅ​ប្រធាន ព្រិកហាំ យ៉ង់ ថា ក្រុម​ត្រួសត្រាយ​ផ្លូវ កំពុង​ស្ថិតនៅ​លើ​ទីវាល​ទំនាប​នៅ​ឡើយ ហើយ​នៅ​ចម្ងាយផ្លូវ​រាប់​រយ​គីឡូម៉ែត​ទៀត​ឯ​ណោះ ។ នៅ​ថ្ងៃ​ស្អែក​ឡើង ក្នុង​ការប្រជុំ​ថ្ងៃ​អាទិត្យ ព្រិកហាំ យ៉ង់ បាន​ថ្លែង​អំពី​ការជួយ​សង្គ្រោះ​ដល់​ពួក​ត្រួសត្រាយ​ផ្លូវ​រទេះអូស​ទាំងនេះ ៖

រូបភាព
ប្រធាន ព្រិកហាំ យ៉ង់

« ពួក​បងប្អូន​ប្រុស​ស្រី​របស់​យើង​ជាច្រើន​នាក់​កំពុង​ស្ថិត​នៅ​តំបន់​វាល​ទំនាប​ដោយ​មាន​រទេះអូស​ជាច្រើន ហើយ​ប្រហែលជា​ពួកគេ​ជាច្រើន ឥឡូវ​នេះ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ១១០០ គីឡូម៉ែត្រ​ពី​ទីកន្លែង​នេះ យើង​ត្រូវ​នាំ​ពួកគេ​មក​ទីនេះ ដូច្នេះ​យើង​ត្រូវ​តែ​បញ្ជូន​ជំនួយ​ដល់​ពួកគេ ។…

« នោះ​ជា​សាសនា​របស់​ខ្ញុំ នេះ​ជា​ការបង្ហាញ​ប្រាប់​ដល់​ខ្ញុំ​ពីព្រះវិញ្ញាណ​បរិសុទ្ធ ថាត្រូវ​សង្គ្រោះ​ដល់​មនុស្ស ។… នេះ​គឺជា​សេចក្ដី​សង្គ្រោះ ដែល​ខ្ញុំ​កំពុង​ស្វែងរក​នា​ពេល​នេះ ដើម្បី​សង្គ្រោះ​បងប្អូន​ប្រុស​របស់​យើង ដែល​នឹង​ត្រូវ​វិនាស ឬ រងទុក្ខ​ដ៏​ធ្ងន់ធ្ងរ បើសិនជា​យើង​មិន​បញ្ជូន​ជំនួយ​ដល់​ពួកគេ​ទេ​នោះ ។

« ខ្ញុំ​នឹង​ពុំ​រង់ចាំ​រហូត​ដល់​ថ្ងៃ​ស្អែក ឬ រហូត​ដល់​ថ្ងៃ​ស្អែក​ឡើយ ខ្ញុំ​នឹង​ហៅ​ឲ្យ​ពួក​ប៊ីស្សព​នៅ​ថ្ងៃ​នេះ រក​គោ​ល្អៗ​ចំនួន ៦០ ក្បាល និង រទេះ ១២ ឬ ១៥ រទេះ… [ ព្រមទាំង ] ម្សៅ ១២ តោន និង មនុស្ស​បររទេះ​រឹងមាំ ៤០ នាក់ ក្រៅ​ពី​អ្នក​ទាំងឡាយ​ដែល​ដឹកនាំ​ក្រុម ។…

« ខ្ញុំ​នឹង​ប្រាប់​អ្នក​ទាំងអស់​គ្នា​ថា សេចក្ដីជំនឿ សាសនា និង កិច្ចការ​សាសនា​របស់​អ្នក នឹង​ពុំ​សង្គ្រោះ​ដល់​ព្រលឹង​អ្នក​នៅ​ក្នុង​នគរ​សេឡេស្ទាល​នៃ​ព្រះ​របស់​យើង​ឡើយ លុះត្រា​តែ​អ្នក​អនុវត្ត​នូវ​គោលការណ៍​ទាំងឡាយ​នេះ ដែល​ខ្ញុំ​កំពុង​តែ​បង្រៀន​អ្នក​នា​ពេល​នេះ​ប៉ុណ្ណោះ ។ ចូរ​ចេញ​ទៅ ហើយ​នាំ​អ្នក​ទាំងឡាយ​ដែល​កំពុង​តែ​នៅ​លើ​វាល​ទំនាប​នា​ពេល​ឥឡូវ​នេះ » ( « Remarks » Deseret News ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ១៨៥៦ ទំព័រ ២៥២ ) ។

តើ​អ្វី​ជា​គោលការណ៍​មួយ​ដែល​ប្រធាន ព្រិកហាំ យ៉ង់ បាន​បង្រៀន​ដល់​ពួក​បរិសុទ្ធ ?

មាន​បុរស និង ស្ត្រី​ជា​ច្រើន​បាន​ឆ្លើយ​តប​ទៅ​នឹង​ការស្នើសុំ​របស់​ព្យាការី ឲ្យ​ជួយ​ដល់​ពួក​បរិសុទ្ធ​ដែល​កំពុង​តែ​រងទុក្ខ ។ អំឡុង​ពេល​ពីរ​ថ្ងៃ​បន្ទាប់ពី​ទេសនកថា​របស់​ប្រធាន យ៉ង់ នោះ​មាន​បុរសៗ​បាន​ចេញ​ទៅ​រក​ពួក​អន្ដោប្រវេសន្ដ៍ ដោយ​បរ​រទេះ​គោ​ដឹកជញ្ជូន​សម្ភារ​ជាច្រើន ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​កិច្ចខិតខំ​ជួយ​សង្គ្រោះ​នេះ អាច​ជា​ការលះបង់​មួយ​ចំពោះ​ពួកបរិសុទ្ធ​នៅ​ជ្រលង​ភ្នំ សលត៍ លេក យ៉ាង​ដូចម្ដេច ?

    2. តើ​ការលះបង់​មួយ​ចំនួន​ដែល​យើង​អាច​ធ្វើ ដើម្បី​ជួយ​ដល់​អ្នក​ទាំងឡាយ​ដែល​មាន​សេចក្ដី​ត្រូវការ​ខាង​រូបកាយ មាន​អ្វីខ្លះ ?

    3. តើ​ការលះបង់​មួយ​ចំនួន​ដែល​យើង​អាច​ធ្វើ ដើម្បី​ជួយ​ដល់​អ្នក​ទាំងឡាយ​ដែល​មាន​សេចក្ដី​ត្រូវការ​ខាង​វិញ្ញាណ​មាន​អ្វី​ខ្លះ ?

នៅ​ថ្ងៃ​ទី ២១ ខែ តុលា ឆ្នាំ ១៨៥៦ ក្រុម​រទេះ​សេះ​ជួយ​សង្គ្រោះ​ទីមួយ បាន​រក​ឃើញ​ក្រុម​របស់ វីលី ។ ក្រុម​រទេះសេះ​មួយ​ចំនួន បាន​បន្ដ​នៅ​ជាមួយ​នឹង​ក្រុម វីលី ប៉ុន្តែ​ពួកគេ​ភាគ​ច្រើន បាន​បន្ដ​ទៅ​ជួយ​ដល់​ក្រុម ម៉ាទីន ។ នៅ​ថ្ងៃ​ទី ២៣ ខែ តុលា ក្រុម​វីលី បាន​ធ្វើ​ដំណើរ ២៤ គីឡូម៉ែត្រ ឆ្លង​កាត់​ស្ថានភាព​មាន​ព្យុះ​ជា​ខ្លាំង ។ ក្នុង​ចម្ងាយ ៥ គីឡូម៉ែត្រ មាន​ទាំង​ការឡើង​ភ្នំ ដែល​ឈ្មោះ​ថា រ៉កគី រីដ ដែលមាន​កម្ពស់ ១៨០ ម៉ែត្រ ផងដែរ ។

ប្រធាន ជែមស៍ អ៊ី ហ្វោស្ដ ក្នុង​គណៈ​ប្រធាន​ទី​មួយ បាន​ពិពណ៌នា​អំពី​ភាពក្លាហាន​របស់​កុមារ​ត្រួសត្រាយ​ផ្លូវ​ក្នុង​ក្រុម វីលី ៖

រូបភាព
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

« សមាជិក​នៃ​ក្រុម​វីលី​ដប់បី​នាក់ ដែល​បាន​ស្លាប់​ដោយសារ​ភាពត្រជាក់ខ្លាំង ការ​នឿយហត់ និង ការស្រេកឃ្លាន ត្រូវ​បាន​កប់​នៅ​ក្នុង​ផ្នូរ​រួម​នៅ រ៉ក ក្រិក ហូឡូ ។… មាន​មនុស្ស​ពីរ​នាក់​នៃ​អ្នក​ទាំងនោះ ដែល​បាន​កប់​នៅ រ៉ក ក្រិក ហូឡូ គឺ​ជា​កុមារ​ដ៏​ក្លាហាន​ដែល​មាន​វ័យ​នៅ​ទន់ខ្ចី ៖ បូឌីល [ ម៉ូធិនសិន ] អាយុ [ ដប់មួយ​ឆ្នាំ ] មក​ពី​ប្រទេស ដាណាម៉ាក និង ជេម ខឺតវូឌ អាយុ​ដប់មួយ​ឆ្នាំ មក​ពី​ប្រទេស ស្កុតឡង់ ។

« ជាក់​ស្ដែង បូឌីល ត្រូវ​បាន​ចាត់​ឲ្យ​មើល​ថែ​កុមារ​តូចៗ​មួយ​ចំនួន នៅពេល​ពួកគេ​ដើរ​ឆ្លង​កាត់ រ៉កគី រីដ ។ នៅ​ពេល​ពួកគេ​បាន​មក​ដល់ នាង​ត្រូវបាន​ចាត់​ឲ្យ​ទៅ​ប្រមូល​ឧស​មក​បង្កាត់​ភ្លើង ។ គេ​បាន​ឃើញ​នាង​រងា​ស្លាប់​នៅ​លើ​កង់​រទេះអូស​របស់​នាង ដោយ​ដៃ​ក្ដាប់​ស្មៅ​ជាប់ ។

« ខ្ញុំ​នឹង​ប្រាប់​អ្នក​អំពី ជេម ខឺតវូឌ ។ ជេម មកពី ហ្គ្លាសហ្គ្រូ ប្រទេស ស្កុតឡង់ ។ នៅ​ក្នុង​ការធ្វើដំណើរ​ទៅ​ភាគ​ខាង​លិច ជេម បាន​ទៅ​ជាមួយ​ម្ដាយ​មេម៉ាយ​របស់​គាត់ និង បងប្អូនប្រុស​បីនាក់ ដែល​ក្នុង​នោះ​គឺ ថូម៉ាស ដែល​មាន​អាយុ​ដប់ប្រាំ​បួន​ឆ្នាំ ជាមនុស្សពិការ ដែល​ត្រូវ​ជិះ​នៅ​លើ​រទេះ​រុញ ។ ទំនួលខុសត្រូវ​ចម្បង​របស់ ជេម នៅ​ក្នុង​ការធ្វើដំណើរ​នោះ គឺ​ត្រូវ​មើល​ថែ​ប្អូន​ប្រុស​អាយុបួន​ឆ្នាំ​គាត់​ឈ្មោះ យ៉ូសែប ខណៈដែល​ម្ដាយ​របស់​គាត់ និង​បងប្រុស​ច្បង​របស់​គាត់ រ៉ូប៊ើត ត្រូវ​អូស​រទេះ ។ នៅពេល​ពួកគេ​បានឡើង​ទៅដល់ រ៉កគី រីដ វា​មាន​ធ្លាក់ព្រិល ហើយ​ខ្យល់​បក់​ត្រជាក់​យ៉ាង​ខ្លាំង ។ វា​បាន​នាំឲ្យ​ក្រុមទាំង​មូល​ធ្វើ​ដំណើរ [ ម្ភៃ ] ម៉ោង​ក្នុង​ចម្ងាយ​ម្ភៃបួន​គីឡូម៉ែត្រ ។ នៅ​ពេល​ប្អូន​ប្រុស យ៉ូសែប ខ្សោយ​ពេក ពុំ​អាច​ដើរ​បាន នោះ ជេម ដែលជា​បងប្រុស ត្រូវលើក​អៀវប្អូន ដោយ​គ្មាន​ជម្រើស​ណា​ផ្សេង​ទេ ។ ជេម និង យ៉ូសែប បាន​ធ្វើ​ដំណើរ​ដោយ​យឺតៗ​ទៅ​កាន់ជំរុំមុន ទុក​ឲ្យ​ក្រុម​ធំ​នោះ​មក​តាម​ក្រោយ ។ ទីបំផុត នៅពេល​អ្នក​ទាំងពីរ​បាន​មក​ដល់កន្លែង​ភ្នក់ភ្លើង នោះជេម ‹ ដោយ​បាន​អនុវត្ត​នូវ​កិច្ចការ​របស់ខ្លួន​ស្មោះត្រង់​យ៉ាង​ខ្លាំង​បាន​ដួល​ចុះ រួច​ក៏ស្លាប់ទៅ ដោយ​សារតែការ​រង​នឹង​ធាតុ​ត្រជាក់​ខ្លាំង និង​ខំ​ប្រឹង​ហួស​កម្លាំង​ពេកនោះ › » ( « A Priceless Heritage » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩២ ទំព័រ ៨៤-៨៥ ) ។

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ពន្យល់​អំពី​របៀប​យើង​អាច​រស់នៅ​តាម​គោលការណ៍​នៃ​ការជួយ​មនុស្ស​ដែល​មាន​សេចក្ដី​ត្រូវការ​នាពេល​បច្ចុប្បន្ន​នេះ ។ នៅ​ពេល​អ្នក​អាន​អ្វី​ដែល​គាត់​បាន​បង្រៀន សូម​ស្វែងរក​មធ្យោបាយ​បន្ថែមទៀត​ដែល​យើង​អាច​ជួយ​មនុស្ស​ទូទៅ​បាន​នា​ពេល​សព្វថ្ងៃ​នេះ ។

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ក្នុង​នាម​ជា​ពួក​អ្នក​មាន​សិទ្ធិអំណាច​ទូទៅ​មួយ​រូប ខ្ញុំ​បាន​គូសសម្គាល់​អំពី​សេចក្ដី​ត្រូវការ​ដើម្បី ‹ ជួយ​សង្គ្រោះ › បងប្អូន​ប្រុស​ស្រី​យើង​ពី​ស្ថានភាព​ខុស​គ្នា​ជា​ច្រើន ដែល​អាច​នឹង​ដក​យក​ពរជ័យ​ទាំង​អស់ ដែល​ដំណឹងល្អ​អាច​ផ្ដល់​ឲ្យ ។ ចាប់តាំង​ពី​ខ្ញុំ​បាន​កា្លយ​ជា​ប្រធាន​នៃ​សាសនាចក្រ​មក ខ្ញុំ​បាន​ទទួល​អារម្មណ៍​នៃ​ភាពបន្ទាន់មាន​កាន់តែខ្លាំងឡើង​ចំពោះ​យើង ដែល​ត្រូវ​រួម​ចំណែក​នៅ​ក្នុង​កិច្ចខិតខំ​សង្គ្រោះ​នេះ ។ ក្នុងនាមជា​សមាជិក​ដ៏​ស្មោះត្រង់​នៃ​សាសនាចក្រត្រូវ​ឈោង​ទៅ​ជួយ​មនុស្ស​ដោយ​សេចក្ដី​ស្រឡាញ់ និង ការយោគយល់ នោះ​មាន​មនុស្ស​ជា​ច្រើន​បាន​ត្រឡប់​មក​សកម្ម​ទាំងស្រុង​ឡើង​វិញ ហើយ​រីករាយ​នឹង​ពរជ័យ​ដែល​បាន​ផ្ដល់​ឲ្យ​បន្ថែមទៀត​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។ មាន​អ្វី​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ​នៅ​ក្នុង​ចក្ខុវិស័យ​នេះ​ស្រេច​ទៅ​ហើយ ហើយ​ខ្ញុំ​សូម​លើក​ទឹកចិត្ត​មនុស្ស​ទាំងអស់ ឲ្យ​បន្ត​ឈោង​ទៅ​ជួយ​មនុស្ស​ទូទៅ ។ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា ‹ កាល​ណា​អ្នក​បាន​ប្រែ​ចិត្ត​វិល​មក​វិញ នោះ​ចូរ​ចម្រើន​ឲ្យ​បង​ប្អូន​អ្នក​បាន​ខ្ជាប់ខ្ជួន​ឡើង › (លូកា ២២:៣២ )Reach Out to Rescue »; (“Reach Out to Rescue”; LDS.org) ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​គ្រា​មួយ​ដែល​អ្នក​បាន​ឃើញ​មនុស្ស​ណា​ម្នាក់ ជួយ​មនុស្ស​ដែល​មាន​សេចក្ដី​ត្រូវការ​ខាង​វិញ្ញាណ និង ខាង​សាច់ឈាម ។ តើ​មនុស្ស​ម្នាក់​នោះ បាន​ជួយ​តាម​របៀប​ណា ? តើ​ការបម្រើ​នោះ​បាន​ប្រទានពរ​ទាំង​មនុស្ស​ដែល​បម្រើគេ និង មនុស្ស​ដែល​ទទួល​បាន​ការបម្រើ​នោះយ៉ាង​ដូចម្ដេច ?

សូម​យក​ពេល​បន្តិច​ដើម្បី​ពិចារណា ថាតើ​នរណា​នៅ​ជុំ​វិញ​ខ្លួន​អ្នក​ដែល​ត្រូវការ​ជំនួយ​ខាង​វិញ្ញាណ និង ខាង​សាច់ឈាម ។ តើ​អ្នក​អាច​ជួយ​ពួកគេ​បាន តាម​របៀប​ណា​ខ្លះ ?

ដំណើររឿង​ខាង​ក្រោម​នេះ អាច​ជួយ​អ្នក​រក​ឃើញ​ពរជ័យ​មួយ​ចំនួន ដែល​ពួក​បរិសុទ្ធ​ទទួល ដោយសារតែ​ពួកគេ​បាន​តស៊ូ​នៅ​ក្នុង​ការរងទុក្ខ​ដោយ​មាន​ចិត្ត​ស្មោះត្រង់ ៖

រូបភាព
ពួក​អ្នក​ត្រួសត្រាយ និង ទេវតា​នៅ​ក្នុង​ព្រិល​ទឹកកក

ក្នុង​ឆ្នាំ ១៨៥៦ ហ្វ្រែនស៊ីស និង បេតស៊ី វិបស្ទើរ មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ដំណើរ​ទៅ​រដ្ឋ យូថាហ៍ តាម​រទេះសេះ ប៉ុន្តែ​ពួកគេ​បាន​បរិច្ចាគ​ប្រាក់​របស់​ពួកគេ​ចូល​មូលនិធិ​អន្តោប្រវេសន៍​អចិន្ត្រៃយ៍ ។ ការបរិច្ចាគ​របស់​ពួកគេ​បាន​អនុញ្ញាត​ឲ្យ​មនុស្ស​ប្រាំបួន​នាក់​បន្ថែម​ទៀត អាច​ធ្វើដំណើរ​តាម​រទេះ​អូស ។ បងប្រុង និងបងស្រី វិបស្ទើរ ដែល​កំពុង​មានកូន​នោះ បាន​ធ្វើដំណើរ​ទៅ​ទីក្រុង សលត៍ លេក ជាមួយ​ក្រុម​រទេះ​អូស ម៉ាទីន ហើយ​បាន​រង​ទុក្ខ​លំបាក​នៅ​តាម​ផ្លូវ​ជាមួយ​នឹង​មនុស្ស​ក្នុង​ក្រុម​ផ្សេងៗ​ទៀត ។

ប៉ុន្មាន​ឆ្នាំ​ក្រោយមក នៅ​ពេល​បងប្រុស វិបស្ទើរ អង្គុយ​នៅ​ក្នុង​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ នោះ​គាត់​បាន​ស្ដាប់​ឮ​សមាជិក​សាសនាចក្រ​មួយ​ចំនួន រិះគន់​ដល់​ថ្នាក់​ដឹកនាំ​សាសនាចក្រ ចំពោះ​ទុក្ខលំបាក​របស់​ក្រុម​រទេះ​អូស ។ ដោយ​ពុំ​អាច​ទប់​បាន គាត់​បាន​ក្រោក​ឈរ​ឡើង រួច​ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​កាល​នៅ​ជាមួយ​ក្រុមរទេះ​អូស ម៉ាទីន ៖

« ខ្ញុំ​សូម​ឲ្យ​អ្នក​បញ្ឈប់​ការ​រិះគន់​នេះ ដ្បិត​អ្នក​កំពុង​តែ​ពិភាក្សា​អំពី​រឿង​មួយ​ដែល​អ្នក​ពុំ​ដឹង​អ្វី​បន្ដិច​សោះ ។ អង្គ​ហេតុ​ជា​ប្រវត្តិសាស្ត្រ ពុំ​មាន​ន័យ​អ្វី​ទេ​នៅ​ទីនេះ ដ្បិត​វា​ពុំ​បាន​ផ្ដល់​នូវ​ការ​បកប្រែ​ត្រឹមត្រូវ​ចំពោះ​សំណួរ​ដែល​ជាប់​ពាក់ព័ន្ធ​ទេ ។ តើ​វា​ជា​កំហុស​ឆ្គង​ទេ ដែល​បញ្ជូន​ក្រុម​រទេះអូស​ចេញ​ទៅ​យឺត​ពេល​នៅ​ក្នុង​ពេល​នោះ ? មែនហើយ ។ ប៉ុន្តែ​ខ្ញុំ​បាន​នៅ​ក្នុង​ក្រុម​នោះ ហើយ​ភរិយា​របស់​ខ្ញុំ​ក៏​នៅ​ទីនោះ​ដែរ ។… យើង​បាន​រងទុក្ខ​ហួសពី​អ្វី​ដែល អ្នក​គិត​ឃើញទៅទៀត ហើយ​មាន​មនុស្ស​ជាច្រើន​បាន​ស្លាប់​ដោយ ហេវហត់ និងសេចក្តីស្រេក​ឃ្លាន ។ តើ​អ្នក​ធ្លាប់​ឮ​មនុស្ស​ដែល​នៅ​មាន​ជីវិត​ពី​ក្រុម​នោះ​ថ្លែង​ពាក្យ​រិះគន់​ឬ​ទេ ?… យើង​គ្រប់គ្នា​បាន​ឆ្លង​កាត់​ដោយ​មាន​ចំណេះដឹង​ដ៏​ពិត​ថា ព្រះ​មាន​ព្រះជន្ម​រស់ ដ្បិត​យើង​បាន​ស្គាល់​ទ្រង់​នៅ​ក្នុង​គ្រា​ដ៏​លំបាក [ ក្នុងគ្រាដែលត្រូវការ​ដ៏​ខ្លាំង​បំផុត ] របស់​យើង ។

« ខ្ញុំ​បាន​ទាញ​រទេះ​ខ្ញុំ​ពេល​ខ្ញុំ​ខ្សោយ​កម្លាំង ហើយ​ល្ហិតល្ហៃ​ដោយសារ​ជំងឺ និង កង្វះ​អាហារ ដែលធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​នឹង​បោះ​ជំហាន​ទៅ​មុខ​បំផុត ។ ខ្ញុំ​បាន​សម្លឹង​ទៅ​មុខ ហើយ​ឃើញ​វាល​ខ្សាច់ ឬ ទីទួល ហើយ​បាន​និយាយ​ថា​ខ្ញុំ​អាច​ដើរ​ទៅ​បាន​តែ​ប៉ុណ្ណេះ​ទេ ហើយ​ខ្ញុំ​ត្រូវតែ​បញ្ឈប់​ការធ្វើ​ដំណើរ​នៅ​ត្រង់​នេះ ដ្បិត​ខ្ញុំ​មិន​អាច​ទាញ​រទេះ​ខ្ញុំ​ឆ្លង​កាត់​ទី​នោះ​ឡើយ ។ ខ្ញុំ​បាន​ដើរ​ទៅ​វាល​ខ្សាច់​នោះ ហើយ​កាល​ខ្ញុំ​បាន​ទៅ​ដល់​ហើយ​នោះ រទេះ​បាន​ចាប់ផ្ដើម​រុញ​ខ្ញុំ ។ ខ្ញុំ​បាន​ងាក​មើល​ក្រោយ​ជាច្រើន​ដង ដើម្បី​មើល​ថា​តើ​នរណា​ដែល​បាន​រុញ​រទេះ​របស់​ខ្ញុំ តែ​ខ្ញុំ​មើល​ពុំ​ឃើញ​ថា​មាន​នរណា​ម្នាក់​ទេ ។ រួច​ហើយ​ខ្ញុំ​ដឹង​ថា ពួកទេវតា​នៃ​ព្រះ​គង់​នៅ​ទីនោះ ។

« តើ​ខ្ញុំ​សោកស្ដាយ​ដែល​ខ្ញុំ​បាន​ជ្រើសរើស​ធ្វើ​ដំណើរ​មក​ដោយ​ការអូស​រទេះ​ឬ​ទេ ? អត់ទេ ។ ទេ ។ គ្មាន​សោះឡើយ​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ ទាំង​នា​ពេល​នោះ ហើយ​ពេល​នេះ ក៏​គ្មាន​ដែរ ។ តម្លៃ​ដែល​យើង​បាន​បង់ថ្លៃ ដើម្បី​ស្គាល់​ព្រះ គឺជា​ឯកសិទ្ធិ​ដើម្បី​បង់​ថ្លៃ ហើយ​ខ្ញុំ​មាន​អំណរគុណ​ដែល​ខ្ញុំ​មាន​ឯក​សិទ្ធិ​ដើម្បី​មក​ដល់​ស៊ីយ៉ូន នៅ​ក្នុង​ក្រុម​រទេះអូស ម៉ាទីន » ( នៅ​ក្នុង William R. Palmer, « Pioneers of Southern Utah, » The Instructor ខែ ឧសភា ឆ្នាំ ១៩៤៤ ទំព័រ ២១៧–១៨ ) ។

គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី​ទីបន្ទាល់​របស់ ហ្វ្រែនស៊ីស វិបស្ទើរ គឺ បើ​សិន​ជា​យើង​តស៊ូ​ក្នុង​ការរងទុក្ខ​ដោយ​មាន​ចិត្ត​ស្មោះត្រង់ នោះ​យើង​អាច​ស្គាល់​ព្រះ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ឥរិយាបទ ឬ អាកប្បកិរិយា​ប្រភេទ​ណា​ខ្លះ ដែល​អ្នក​បាន​ឃើញ​មាន​នៅក្នុង​ខ្លួន​មនុស្ស​ទាំងឡាយ ដែល​ស៊ូទ្រាំ​ក្នុង​ការរងទុក្ខ​ដោយ​មាន​ចិត្ត​ស្មោះត្រង់​នោះ ?

    2. តើ​អ្នក​បាន​ស្គាល់ព្រះ​តាមរយៈ​ការ​សាកល្បង​ដែលអ្នកបានជួប​ប្រទះដោយ​របៀប​ណា ?

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា​មេរៀន​អំពី « ក្រុម​អ្នកត្រួតត្រាយ​រទេះអូស ឆ្នាំ ១៨៥៦-៦០ » ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាល​បរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖