ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៣ ៖ ថ្ងៃទី ៣ គោលលទ្ធិ និង សេចក្តីសញ្ញា ៥


មេរៀន​ទី ៣ ៖ ថ្ងៃ​ទី ៣

គោលលទ្ធិ និង សេចក្តី​សញ្ញា ៥

បុព្វកថា

ទោះជា ម៉ាទិន ហារីស បាន​ធ្វើ​ឲ្យ​បាត់​សំណៅ​សរសេរដៃ​ទាំង ១១៦ ទំព័រ​នៃ​ព្រះគម្ពីរ​មរមន​កាល​ពី​រដូវក្ដៅ​ក្នុង​ឆ្នាំ ១៨២៨ យ៉ាង​ណា​ក្ដី ក៏​គាត់​នៅ​តែ​មាន​បំណង​ជួយ​ឲ្យ​ព្រះគម្ពីរ​មរមន​លេច​ឡើង​ចេញ​ជា​រូបរាង​ដែរ ។ ក្នុង​ខែ មិនា ឆ្នាំ ១៨២៩ ម៉ាទិន បាន​គ្រោង​ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ​របស់​គាត់​នៅ​ទីក្រុង នូវ យ៉ោក ទៅ​សួរ​សុខទុក្ខ​យ៉ូសែប និង អិមម៉ា ស៊្មីធ នៅ​ភូមិហាម៉ូនី រដ្ឋ​ផែនសិលវេញ៉ា ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ភរិយា​របស់​ម៉ាទិន​គឺ លូស៊ី ហារីស ពុំ​សប្បាយ​ចិត្ត​ឡើយ​ចំពោះ​ពេល​វេលា និង​ប្រាក់កាស​ដែល​ស្វាមី​របស់​គាត់​បាន​លះបង់​សម្រាប់​ការបោះពុម្ព​ព្រះគម្ពីរ​មរមន ។ នាង​ក៏​បាន​ខឹង​នឹង​យ៉ូសែប ស្ម៊ីធ ដែល​បាន​បដិសេធ​នឹង​សំណើ​របស់គាត់​ពី​មុន​ដើម្បី​សុំ​មើល​ផ្ទាំងចំណារ​មាស ។ គាត់​បាន​ដាក់​បណ្ដឹង​តាម​ផ្លូវច្បាប់​ប្រឆាំង​នឹង​យ៉ូសែប ហើយ​បាន​កេណ្ឌ​មនុស្ស​មួយ​ចំនួន​ដែល​ចង់​ធ្វើ​ជា​សាក្សី​ថា លោក​បាន​កុហក​ថា​មាន​ផ្ទាំងចំណារ​មាស ។ បន្ថែម​ពី​លើ​ការគំរាមកំហែង​ខាង​ច្បាប់​ប្រឆាំង​នឹង​យ៉ូសែប មនុស្ស​ទាំងនេះ​បាន​ព្រមាន​ដល់​ម៉ាទិន ហារីស ថា​ប្រសិនបើ​គាត់​ពុំ​ចូលរួម​ជាមួយ​នឹង​ពួកគេ​ដើម្បី​ធ្វើ​ជា​សាក្សី​ចំពោះ​ការបោក​បញ្ឆោត និង​ការក្លែង​បន្លំ​របស់​យ៉ូសែប ស្ម៊ីធ ទេ​នោះ ម៉ាទិន ក៏​នឹង​មាន​បញ្ហា ហើយ​ជាប់​គុក​ជាមួយ​យ៉ូសែប​ដែរ ។

នៅ​គ្រា​នោះ ម៉ាទិន ពុំ​ទាន់​បាន​ឃើញ​ផ្ទាំងចំណារ​មាស​ដោយ​ផ្ទាល់​នឹង​ភ្នែក​គាត់​នៅ​ឡើយ​ទេ ទោះជា​គាត់​មាន​តួនាទី​ជា​ស្មៀន​របស់​យ៉ូសែប​ក៏​ដោយ ។ បន្ទាប់​ពី​បាន​ទៅ​ដល់​ផ្ទះ​របស់​យ៉ូសែប​ហើយ​នោះ ម៉ាទិន បាន​ប្រាប់​ពី​បំណង​ប្រាថ្នា​របស់​គាត់​ដើម្បី​ទទួល​បាន​សាក្សី​បន្ថែម​ចំពោះ​ភាពជាក់ស្ដែង​នៃ​ផ្ទាំងចំណារ​មាស ។ បន្ទាប់​ពី​បាន​ឮ​សំណើ​របស់​ម៉ាទិន​ដើម្បី​សុំ​មើល​ផ្ទាំងចំណារ​ហើយ​នោះ លោក​បាន​ទូល​សួរ​ដល់​ព្រះអម្ចាស់ ហើយ​បាន​ទទួល​វិវរណៈ​ដែល​មាន​ចែង​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥ ។ ព្រះអម្ចាស់​បាន​មាន​ព្រះ​បន្ទូល​នៅ​ក្នុង​វិវរណៈ​នេះ​ថា សាក្សី​បី​រូប​នឹង​ត្រូវ​បាន​ហៅ​ឲ្យ​ថ្លែងទីបន្ទាល់​ពី​ព្រះគម្ពីរ​មរមន ហើយ​បាន​មាន​ព្រះបន្ទូល​ប្រាប់​ដល់​ម៉ាទិន ពី​អ្វី​ដែល​គាត់​ត្រូវតែ​ធ្វើ ដើម្បី​ក្លាយ​ជា​សាក្សី​មួយ​រូប​ក្នុង​ចំណោម​សាក្សី​ទាំងបី ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥:១-២២

ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា ទ្រង់​នឹង​នាំ​ព្រះបន្ទូល​ទ្រង់​ចេញ​មក​នៅ​ថ្ងៃ​ចុងក្រោយ ហើយ​ពួក​សាក្សី​នឹង​ថ្លែង​ទីបន្ទាល់​ពី​វា

តើ​អ្នក​ធ្លាប់​ត្រូវ​បាន​គេ​សុំ​ឲ្យ​ធ្វើ​ជា​សាក្សី​ដែរ​ឬ​ទេ ? តើ​វា​តម្រូវ​ឲ្យ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ក្លាយ​ជា​សាក្សី​ដ៏​ជំនាញ ? តើ​មាន​ព្រឹត្តិការណ៍​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​ណា​ខ្លះ ដែល​អ្នក​ចង់​ធ្វើ​ជា​សាក្សី​ដោយ​ខ្លួន​អ្នក​ផ្ទាល់ ? តើ​មាន​ព្រឹត្តិការណ៍​ក្នុង​ប្រវត្តិសាស្ត្រ​សាសនាចក្រ​ណា​ខ្លះ ដែល​អ្នក​ចង់​ឃើញ ហើយ​ធ្វើ​ជា​សាក្សី ? ហេតុអ្វី ?

នៅ​ក្នុង​បុព្វកថា​នៃ​មេរៀន​នេះ អ្នក​បាន​រៀន​ថា ម៉ាទិន ហារីស មាន​បំណង​ចង់​ឃើញ​ផ្ទាំងចំណារ​មាស ។ តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ចង់​ឃើញ​ផ្ទាំងចំណារ​មាស​ដែរ​ឬ​ទេ ? ហេតុអ្វី ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥:១-៣ រួច​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះ​បន្ទូល​ប្រាប់​ដល់​យ៉ូសែប ស្ម៊ីធ ដើម្បី​ឆ្លើយតប​ទៅ​នឹង​សំណើ​របស់ ម៉ាទិន ហារីស ។ យោងតាម​ខគម្ពីរ​ទាំងនេះ ហេតុអ្វី​បាន​ជា​យ៉ូសែប ស្ម៊ីធ ពុំ​អាច​បង្ហាញ​ផ្ទាំងចំណារ​ដល់ ម៉ាទិន ហារីស បាន ?

រូបភាព
ផ្ទាំង​ចំណារ​មាស

តើ​អ្នក​ធ្លាប់​ឆ្ងល់​ដែរ​ឬ​ទេ​ថា ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​ពុំ​បាន​អនុញ្ញាត​ឲ្យ​ផ្ទាំងចំណារ​មាស​ត្រូវបាន​បង្ហាញ​ដល់​មនុស្ស​ទូទៅ ? ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​ពន្យល់​ថា​យ៉ាងហោចណាស់​មាន​ហេតុផល​មួយ​ដែល​មនុស្ស​មាន​បំណង​ចង់​ឃើញ​ផ្ទាំងចំណារ ៖ « ជាញឹកញាប់ នៅពេល [មនុស្ស]… ស្ដាប់​រឿង​អំពី​ការ​ចេញមក​នៃ​ព្រះគម្ពីរមរមន នោះ​ពួកគេ​សួរ​បើ​ផ្ទាំង​ចំណារ​មាន​នៅក្នុង​សារមន្ទីរ​ខ្លះ ដែល​ពួកគេ​អាច​មើល​ឃើញ​ដែរ​ឬ​ទេ។ មនុស្ស​ដែលមាន​ការ​បំពាក់បំប៉ន​ខាង​វិទ្យាសាស្ត្រ​មួយចំនួន [ស្មាន​] ថា បើ​មាន​អ្នក​ប្រាជ្ញា​អាច​មើលឃើញ និង​ពិនិត្យ​មើល​ផ្ទាំង​ចំណារ ហើយ​រៀន​ពី​វា នោះ​ពួកគេ​នឹង​ថ្លែង​ទីបន្ទាល់​ពី​សេចក្ដីពិត និងសច្ចៈសីលភាព​របស់​យ៉ូសែប ស្ម៊ីធ ហើយ​ពិភពលោក​ទាំងមូល​នឹង​បាន​ផ្លាស់ប្រែចិត្តជឿ » (Church History and Modern Revelation, វ៉ុល ២ [ ឆ្នាំ ១៩៥៣ ] ១:៤០ ) ។

នៅ​ពេល​អ្នក​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥:៥–១០ សូម​ស្វែងរក​មូលហេតុ​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់​យ៉ូសែប ស្ម៊ីធ កុំ​ឲ្យ​បង្ហាញ​ផ្ទាំងចំណារ​ដល់​មនុស្ស​ទូទៅ ។

យោង​តាម គោលលទ្ធិ និង សេចក្តីសញ្ញា ៥:៧ អស់​អ្នក​ដែល​មិន​បាន​ជឿ​ដល់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ដែល​បាន​បើកសម្ដែង​តាម​រយៈ​ព្យាការី យ៉ូសែប ស៊្មីធ ទេ នោះ​ក៏​នឹង​មិន​ជឿ​ដដែល ទោះបីជា​ពួកគេ​បាន​ឃើញ​ផ្ទាំងចំណារ​នោះ​ក៏​ដោយ ។

  1. ដោយ​ផ្អែក​លើ​អ្វី​ដែល​អ្នក​បាន​រៀន​ចេញ​ពី គោលលទ្ធិ និង សេចក្តីសញ្ញា ៥:៥–១០ សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នូវ​ប្រយោគ​ពីរ​បី​ស្ដីពី​មូលហេតុ​ដែល​ព្រះអម្ចាស់​ពុំ​មាន​ព្រះទ័យ​ឲ្យ​យ៉ូសែប ស្ម៊ីធ បង្ហាញ​ផ្ទាំងចំណារ​នោះ​ដល់​មនុស្ស​ទូទៅ ។

ចេញ​ពី គោលលទ្ធិ និង សេចក្តីសញ្ញា ៥:១០ យើង​ស្វែងយល់​ថា ព្រះអម្ចាស់​បាន​ហៅ​ឲ្យ​យ៉ូសែប ស្ម៊ីធ នាំ​យក​ព្រះបន្ទូល​របស់​ទ្រង់​ទៅ​កាន់​ពិភពលោក ។ នេះ​គឺ​ជា​ការហៅ​ដែល​គ្មាន​អ្វី​ប្រៀប​ផ្ទឹម​បាន​សម្រាប់​ព្យាការី យ៉ូសែប ស៊្មីធ ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​ពាក្យ​នានា ដែល​បង្រៀន​ពី​សេចក្ដីពិត​នេះ​ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥:១០ ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ពី​មូលហេតុ​ដែល​អ្នក​គិត​ថា​វា​មាន​សារៈសំខាន់​ដើម្បី​មាន​ទីបន្ទាល់​ពី​សេចក្ដីពិត​នេះ ។

ពីមុន​ទទួល​បាន​វិវរណៈ​នេះ ម៉ាទិន ហារីស ត្រូវ​បាន​កោះហៅ​ឲ្យ​ឈរ​ថ្លែង​ទីបន្ទាល់​នៅ​ចំពោះ​ចៅក្រម​នៅ​រដ្ឋ នូវ យ៉ោក ស្ដីអំពី​ការ​ចោទប្រកាន់​អំពីការ​បោកបញ្ឆោត និង​ការ​បន្លំ ទាស់​នឹង យ៉ូសែប ស៊្មីធ ។ ម៉ាទីន បាន​ថ្លែងទីបន្ទាល់​ដោយ​ម៉ឺងម៉ាត់​អំពី ភាព​ស្មោះត្រង់ និងចរិតលក្ខណៈ​របស់ យ៉ូសែប ស៊្មីធ ហើយ​បាន​ប្រាប់​តុលាការ​ថា « ទាក់ទង​នឹង​ផ្ទាំង​ចំណារ​ដែល​លោកអះអាង​ថា​លោក​មាន សុភាពបុរស​ទាំងឡាយ បើ​អ្នក​មិន​ជឿ​វាទេ ប៉ុន្តែ​បន្ដទាស់​នឹង​សេចក្ដីពិត នោះ​នៅ​ថ្ងៃមួយ វា​នឹង​ក្លាយ​ជា​មធ្យោបាយ​នៃការកាត់ទោស​ដល់​ព្រលឹង​របស់អ្នកហើយ » ( នៅ​ក្នុង លូស៊ី ម៉ាក ស្ម៊ីធ History of Joseph Smith by His Mother, បាន​បោះពុម្ព​ដោយ Preston Nibley [ ឆ្នាំ ១៩៥៨ ] ទំព័រ ១៤៦ ) ។ បន្ទាប់​ពី​បាន​ឮ​ទីបន្ទាល់​របស់​ម៉ាទិន​ហើយ ចៅក្រម​ក៏​បាន​បញ្ចប់​រឿង​ក្ដី​ដែល​ប្រឆាំង​នឹង​យ៉ូសែប ស្ម៊ីធ នោះ​ទៅ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥:១១ រួច​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា​នឹង​ធ្វើ ដើម្បី​គាំទ្រ​ដល់​ទីបន្ទាល់​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ អំពី​ព្រះគម្ពីរ​មរមន ។ យើង​ស្វែងយល់​ចេញ​ពី​ខគម្ពីរ​នេះ​ថា​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ដូច្នេះ​ថា ទីបន្ទាល់​របស់​សាក្សី​បី​រូប​នឹង​ឈរ​ជា​ភស្ដុតាង​ចំពោះ​សេចក្ដីពិត​ដ៏​ពេញលេញ​នៃ​ព្រះគម្ពីរ​មរមន ។ សូម​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥:១១–១៥ ដោយ​រកមើល​អ្វី​ដែល​សាក្សី​បី​នាក់​បាន​ឮ ឃើញ និង​ត្រូវបាន​ចាត់​ឲ្យ​ធ្វើ ។ ពេល​អ្នក​អាន អ្នក​អាច​គូស​ចំណាំ​នូវ​អ្វី​ដែល​អ្នក​រកឃើញ ។

  1. សូម​សរសេរ​គំនិត​របស់​អ្នក​ចំពោះ​សំណួរ​ខាង​ក្រោម​នៅក្នុង​សៀវ​ភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ៖

    1. តើ​ទីបន្ទាល់​បន្ថែម​របស់​សាក្សី​ទាំងបី​រូប​អំពី​ផ្ទាំងចំណារ​ព្រះគម្ពីរ​មរមន អាច​មាន​សារៈប្រយោជន៍​ចំពោះ​អ្នក​ដែល​មិន​មែន​ជា​សមាជិក​សាសនាចក្រ​យ៉ាង​ដូចម្ដេច ?

    2. តើ​សេចក្ដីពិត​នេះ​អាច​មាន​សារៈប្រយោជន៍​ចំពោះ​អ្នក​ដែល ជា សមាជិក​សាសនាចក្រ​យ៉ាង​ដូចម្ដេច ?

បន្ថែម​លើ​ការណែនាំ​ដល់ យ៉ូសែប ស៊្មីធ និង សាក្សី​ទាំង​បី​រូប​ឲ្យ​ថ្លែង​ទីបន្ទាល់​របស់​ខ្លួន ព្រះអម្ចាស់​បាន​ប្រទាន​នូវ​មធ្យោបាយ​មួយ​ផ្សេងទៀត ដែល​យើង​អាច​ស្គាល់​សេចក្ដីពិត​ដ៏​ពេញលេញ​នៃ​ព្រះគម្ពីរ​មរមន ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥:១៦ រួច​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​បាន​សន្យា​ដល់​អស់​អ្នក​ដែល​ជឿ​លើ​ព្រះគម្ពីរ​មរមន ។

ដោយ​ផ្អែក​លើ​អ្វី​ដែល​អ្នក​បាន​អាន សូម​បំពេញ​សេចក្ដីពិត​តទៅ​នេះ ៖ ប្រសិនបើ​យើង​នឹង​ជឿ​លើ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ។ ( អ្នក​ក៏​អាច​នឹង​សរសេរ​គោលការណ៍​ដែល​បាន​បំពេញ​ហើយ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​នៅ​ក្បែរ ខទី ១៦ ដែរ ) ។

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​មាន​ប្រសាសន៍​ពី​ការទទួលខុសត្រូវ​ផ្ទាល់ខ្លួន​របស់​យើង​ក្នុង​ការ​បង្កើន ហើយ​ចែកចាយ​សក្ខីភាព​នៃ​ព្រះគម្ពីរ​មរមន​ថា ៖ « យើង​ម្នាក់ៗ​ត្រូវការ​មានទីបន្ទាល់​ផ្ទាល់ខ្លួន​យើង អំពី​ព្រះគម្ពីរមរមន តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ ។ បន្ទាប់មក​ទីបន្ទាល់របស់យើង ផ្គួប​ជាមួយ​នឹង​ព្រះគម្ពីរមរមន គួរ​តែ​ចែកចាយ​ជាមួយនឹង​អ្នកដទៃ​ដើម្បី​ពួកគេ​អាច​ដឹង​តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ​ផងដែរ​អំពី​សេចក្ដីពិត​ពេញលេញ​របស់វា » (The Book of Mormon and the Doctrine and Covenants, » Ensign,ខែ ឧសភា ឆ្នាំ ១៩៨៧, ទំព័រ ៨៤ ) ។

  1. សូម​សរសេរ​ចំណុច​មួយ ឬ ទាំង​ពីរ​ខាងក្រោម​នេះ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​អ្នក​អំពី​ព្រះគម្ពីរ​មរមន

    2. អ្វី​ដែល​អ្នក​អាច​ធ្វើ ដើម្បី​បង្កើន ឬ ពង្រឹង​សក្ខីភាព​របស់​អ្នក​ដែល​ថា​ព្រះគម្ពីរ​មរមន​គឺ​ជា​ព្រះគម្ពីរ​ពិត

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥:២១–២២ ដោយ​ដាក់​ឈ្មោះ​របស់​អ្នក​ជំនួស​ឲ្យ « យ៉ូសែប » វិញ ។ សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​ចៀស​ឲ្យ​ផុត​ពី​ការស្ដាប់តាម « ការបញ្ចុះបញ្ចូល​នៃ​មនុស្ស​លោក » ។

តើ​ព្រះអម្ចាស់​បាន​សន្យាថា យ៉ូសែប ស៊្មីធ នឹង​ទទួល​បាន​អ្វី​ខ្លះ ប្រសិនបើ​លោក​ស្មោះត្រង់ សូម្បី​តែ​លោក​ត្រូវ « គេ​សម្លាប់ » ក៏​ដោយ​នោះ ?

គោលលទ្ធិ និង សេចក្តីសញ្ញា ៥:២៣-៣៥

ម៉ាទិន ហារីស អាច​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​សាក្សី​មួយ​រូប​ក្នុង​ចំណោម​បី​រូប​ប្រសិនបើ​គាត់​ប្រែចិត្ត

តើ​អ្វី​ជា​របស់​ចាំបាច់ ដើម្បី​ឲ្យ​អំពូល​ភ្លើង​មាន​ពន្លឺ ?

រូបភាព
ចង្កៀង​អគ្គិសនី និង អំពូលភ្លើង

បន្ថែម​លើ​ថាមពល​អគ្គិសនី យើង​ត្រូវ​មួល​បញ្ចូល​អំពូលភ្លើង​ទៅ​ក្នុង​ចង្កៀង​អគ្គិសនី ដោត​ខ្សែភ្លើង រួច​បើក​កុងតាក់​ភ្លើង ។ ដូច​ជា​ត្រូវ​មាន​ជំហាន​មួយ​ចំនួន​ដើម្បី​ធ្វើ​ឲ្យ​អំពូលភ្លើង​ភ្លឺ​ដែរ នោះ ម៉ាទិន ហារីស បាន​ស្វែងយល់​ថា មាន​ជំហាន​មួយ​ចំនួន​ដើម្បី​ទទួល​បាន​សក្ខីភាព​អំពី​ផ្ទាំងចំណារ​ដែល​លោក​មាន​បំណង​ចង់​បាន​ពី​ព្រះអម្ចាស់ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥:២៣–២៤ រួច​ស្វែងរក​ការសន្យា​ដែល​មាន​លក្ខខណ្ឌ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់ ម៉ាទិន ហារីស ។ នៅ​ពេល​អ្នក​អាន សូម​ស្វែងរក​ពាក្យ បើ រួច​ស្វែងរក​ជំហាន​មួយ​ចំនួន ឬ លក្ខខណ្ឌ​ដែល​មាន​លើកឡើង​បន្ទាប់​ពី​ពាក្យ​នោះ ។ សូម​បំពេញ​សេចក្ដីថ្លែងតទៅ​នេះ​ដោយ​ផ្អែក​លើ​អ្វី​ដែល​អ្នក​អាន ៖ បើ ម៉ាទិន ហារីស នឹង នោះ ព្រះអម្ចាស់​នឹង​ប្រទាន​ការអនុញ្ញាត​ឲ្យ​គាត់​បាន​ឃើញ​ផ្ទាំងចំណារ​សម​បំណង​ប្រាថ្នា​របស់​គាត់ ។ តាម​រយៈការសន្យា​នេះ ព្រះអម្ចាស់​បាន​ប្រទាន​ឱកាស​ឲ្យ ម៉ាទិន ហារីស ធ្វើ​ជា​សាក្សី​ចំពោះ​ព្រះគម្ពីរ​មរមន ។

ការសន្យា​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់ ម៉ាទិន ហារីស ដែល​មាន​ចែង​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥:២៤ ក៏​អនុវត្ត​ចំពោះ​យើង​ផងដែរ ៖ បើ​យើង​អធិស្ឋាន​ដោយ​រាបសា និង ដោយ​សេចក្ដី​ជំនឿ នោះ​យើង​អាច​ទទួល​បាន​ចម្លើយ​ស្រប​តាម​បំណងប្រាថ្នា​ដ៏​សុចរិត​របស់​យើង ។

សូម​ពិចារណា​ពី​អត្ថន័យ​នៃ​ការអធិស្ឋាន​ដោយ​រាបសា ដោយ​សេចក្ដីជំនឿ និង ដោយ​ស្មោះ​អស់​ពី​ចិត្ត ។ សូម​គិត​អំពី​ពេល​ដែល​អ្នក​បាន​ឮ ឬ បាន​ផ្ដល់​ការអធិស្ឋាន​ដែល​អ្នក​ដឹង​ថា​ត្រូវ​បាន​ផ្ដល់​ដោយ​របៀប​នេះ ។ តើ​អ្វី​ដែល​ធ្វើ​ឲ្យ​ការអធិស្ឋាន​នេះ​មាន​សភាព​ខុស​ប្លែក​ពី​ការអធិស្ឋាន​ដទៃ​ទៀត​ដែល​អ្នក​បាន​ឮ ឬ បាន​ផ្ដល់ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥:២៥–២៦ រួច​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះទ័យ​រំពឹង​ឲ្យ ម៉ាទិន ហារីស ធ្វើ បន្ទាប់​ពី​ក្លាយជា​សាក្សី​ម្នាក់​ចំពោះ​ព្រះគម្ពីរ​មរមន​ហើយ ។ បន្ទាប់​មក សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥:២៧–២៨, ៣២ រួច​ស្វែងរក​ដំបូន្មាន និង ការ​ព្រមាន​បន្ថែម ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់ ម៉ាទិន ហារីស ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    1. តើ​ព្រះអម្ចាស់​បាន​ទូន្មាន ហើយ​ព្រមាន​ដល់ ម៉ាទិន ហារីស ឲ្យ​ធ្វើ​ដូចម្ដេច​ខ្លះ ?

    2. តើ​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា​នឹង​មាន​អ្វី​កើតឡើង​ចំពោះ ម៉ាទិន ហារីស ប្រសិនបើ​គាត់​ពុំ​បន្ទាបខ្លួន ហើយ « ទទួល​សាក្សី » ( គ. និង ស. ៥:៣២ ) ពី​ព្រះអម្ចាស់​ទេ​នោះ ?

    3. តើ​យើង​អាច​អនុវត្ត​ដំបូន្មាន​ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥:៣២ ទៅ​នឹង​ខ្លួនយើង​បាន​យ៉ាង​ដូចម្ដេច ?

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៥ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖