ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២ ៖ ថ្ងៃ​ទី ១ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–២០


មេរៀន​ទី ២ ៖ ថ្ងៃ​ទី ១

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–២០

សេចក្តីផ្តើម

នៅ​ឆ្នាំ ១៨៣៨ យ៉ូសែប ស៊្មីធ បាន​ចាប់​ផ្ដើម​ធ្វើ​ការ​អំពី​ប្រវត្តិនៃគ្រួសារលោក​ជា​ផ្លូវការ ។ ក្នុង​នោះ​លោក​បាន​សរសេរ​ប្រាប់​ពី​ក្រុមគ្រួសារ និង​ទីកន្លែង​ផ្សេងៗ​ដែល​ពួកលោក​បាន​រស់នៅ ។ លោក​ក៏​បាន​ប្រាប់​ផងដែរ​អំពី « ការរំភើប​ខុស​ប្រក្រតី » អំពី​វិស័យ​សាសនា​ដែល​រីកសុះសាយ​ពេញ​រដ្ឋ​នូវយ៉ោក​ភាគ​ខាង​លិច​ក្នុង​ឆ្នាំ ១៨២០ ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥ ) ។ សេចក្ដី​រំភើប​ដ៏​ធំ​នេះ​បាន​នាំ​ឲ្យ​លោក « មាន​គំនិត​គិត​ពិចារណា​ដ៏​ជ្រាលជ្រៅ ហើយ​មាន​ចិត្ត​ខ្វល់ខ្វាយ​ជា​ខ្លាំង » ដោយសារ​តែ « ការរំជួល និង​ការឈ្លោះ​ប្រកែក​គ្នា​ជា​ខ្លាំង​ក្នុង​ចំណោម​បក្សពួក​ផ្សេងៗ » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៨ ) ។

កាល​កំពុង​ស្រាវជ្រាវ​ព្រះគម្ពីរ យ៉ូសែប បាន​អាន​នៅ​ក្នុង​គម្ពីរ យ៉ាកុប ១:៥ ( សូម​មើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១១ ) ដែល​ទូន្មាន​ដល់​អស់​អ្នក​ដែល​ត្រូវការ​ប្រាជ្ញា​ឲ្យ « សូម​ដល់​ព្រះ » ។ យ៉ូសែប បាន​សរសេរ​ថា ៖ « ពុំ​ដែល​មាន​បទគម្ពីរ​ណាមួយ ដែល​មាន​ប្រសិទ្ធិភាព​ទៅ​លើ​ចិត្ត​មនុស្ស ដូចជា​បទគម្ពីរ​នេះ​មាន​ប្រសិទ្ធិភាព​មក​លើ​ចិត្ត​ខ្ញុំ​ឡើយ ។ មើល​ទៅ​ហាក់បីដូចជា​ចូល​មក​ពេញ​ដួងចិត្ត​ដោយ​ឥទ្ធិពល​ដ៏​មហិមា ។ ខ្ញុំ​តែងតែ​ពិចារណា​គិត​អំពី​រឿង​នោះ​ម្ដងហើយ​ម្ដង​ទៀត ដោយ​ដឹង​ថា បើ​មាន​អ្នក​ណា​មួយ​ដែល​ត្រូវការ​ប្រាជ្ញា​ពី​ព្រះ គឺ​ខ្លួន​ខ្ញុំ​នេះ​ហើយ តែ​នឹង​ធ្វើ​ណា​នោះ​ខ្ញុំ​មិន​ដឹង​ទេ ហើយ​លើកលែង​តែ​ខ្ញុំ​អាច​មាន​ប្រាជ្ញា​លើស​ជាង​ដែល​ខ្ញុំ​មាន នោះ​ខ្ញុំ​នឹង​មិន​ដឹង​សោះ ដ្បិត​ពួក​គ្រូ​បង្រៀន​សាសនា​ពី​បក្សពួក​ផ្សេងៗ​គេ​យល់​បទគម្ពីរ​តែ​មួយ​ខុស​ឆ្ងាយ​ពី​គ្នា ធ្វើ​យ៉ាង​នេះ​ដូចជា​បំផ្លាញ​នូវ​ការទុកចិត្ត​ទាំងអស់ បើ​ចង់​បាន​ការដោះស្រាយ​នូវ​សំណួរ​នេះ​ដោយ​ពឹង​ផ្អែក​ទៅ​លើ​ព្រះគម្ពីរ​ប៊ីប » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១២ ) ។ លោក​ក៏​បាន​សម្រចចិត្ត​ថា​នឹង​សូម​ដល់​ព្រះ​នៅ​ក្នុង​ការអធិស្ឋាន​ដើម្បី​ទទួល​បាន​ចម្លើយ​ចំពោះ​សំណួរ​របស់​លោក ។ ក្នុង​ការឆ្លើយតប​ដល់​ការអធិស្ឋាន​របស់​លោក ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជ​បុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ បាន​បង្ហាញ​ព្រះកាយ​មក​ឲ្យ​លោក​ឃើញ ។

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១-៤

យ៉ូសែប ស៊្មីធ ចាប់ផ្ដើម​សរសេរ​ជីវប្រវត្តិ​របស់​លោក

ប្រធាន ថូម៉ាស អេស ម៉នសុន ដែល​បាន​បម្រើ​ជា​ប្រធាន​បេសកកម្ម​ប្រទេស​កាណាដា បាន​ចែកចាយ​បទពិសោធន៍​របស់​អ្នក​ពួក​ផ្សព្វផ្សាយសាសនា​ពីរ​រូប​របស់​លោក​ថា ៖

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« [ អ្នក​ផ្សព្វផ្សាយ​សាសនា ] ពីរ​នាក់​ត្រូវបាន​ហៅ​នៅ​ផ្ទះ​របស់​លោក អ៊ីមើរ ផូឡាដ ហើយ​គាត់​ដោយ​ក្តីអាណិតអាសូរ​ដល់​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ស្ទើរតែ​រងារ​កក​ខ្លួន នោះ​លោក​បាន​អញ្ជើញ​ពួកគេ​ឲ្យ​ចូល​ផ្ទះ ។ ពួកគេបាន​បង្ហាញ​សារលិខិត​របស់ពួកគេ ហើយ​សួរ​គាត់ បើ​គាត់​នឹង​ចូលរួម​ក្នុង​ការអធិស្ឋាន​ជាមួយពួកគេ ។ គាត់​បាន​យល់​ព្រម តែ​ទាល់​តែ​គាត់​ជា​អ្នក​ធ្វើ​ការ​អធិស្ឋាន។

« ការ​អធិស្ឋាន​របស់​គាត់ បាន​ធ្វើ​ឲ្យ​អ្នក​ផ្សព្វផ្សាយសាសនា​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។ គាត់​អធិស្ឋានថា ‹ ព្រះវរបិតា​សួគ៌​អើយ សូម​ប្រទានពរ​ដល់​អ្នក​ផ្សព្វផ្សាយសាសនា​ដ៏​អភ័ព្វ និង​ល្ងិតល្ងង់​ពីរ​នាក់​នេះ​ផង ដើម្បី​ពួកគេ​អាច​ត្រឡប់​ទៅ​ផ្ទះវិញ ហើយ​កុំ​ខ្ជះខ្ជាយ​ពេលវេលា​ដើរ​និយាយ​ប្រាប់​ប្រជាជន​កាណាដា អំពី​សារលិខិត ដែល​មិនគួរ​ឲ្យជឿ​នេះ ហើយ​ដែល​ពួកគេ​ចេះ​តែ​បន្ដិច​បន្ដួច​នេះឡើយ​ › ។

« នៅពេល​ពួកគេ​ក្រោក​ឡើង នោះ​លោក ផូឡាត បានសុំ​ឲ្យ​អ្នក​ផ្សព្វផ្សាយសាសនា​កុំ​ត្រឡប់មក​ផ្ទះ​គាត់ទៀត​ឡើយ ។ នៅពេល​ពួកគេ​ចាក​ចេញ​ទៅ គាត់​បាន​និយាយ​ចំអក​ដាក់ពួកគេ ‹ អ្នក​មិន​អាចទាំង​ប្រាប់​ខ្ញុំ​ថា អ្នក​ពិត​ជា​ជឿ​ថា យ៉ូសែប ស៊្មីធ ជា​ព្យាការី​ម្នាក់​របស់​ព្រះ​ផង​ហ្នឹង ណាស់ហើយ​ចុះ › ហើយ​គាត់​បាន​រុញ​ទ្វាបិទទៅ » ( «The Prophet Joseph Smith: Teacher by Example, » Ensignខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៦៩ ) ។

ប្រសិនបើ​អ្នក​គឺ​ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងនោះ តើ​អ្នក​នឹង​ថ្លែង​ដូចម្ដេច​ទៅ​កាន់​លោក ផូឡឺដ អំពី​ព្យាការី យ៉ូសែប ស្ម៊ីធ ?

ព្យាការី យ៉ូសែប ស៊្មីធ បាន​សរសេរ​ពី​ដំណើរ​ជីវិត​របស់​លោក​ដែល​មាន​ចែង​ក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ក្នុង​ឆ្នាំ ១៨៣៨ ក្នុង​គោលបំណង​បោះពុម្ព​ជា​ប្រវត្តិ​ផ្លូវការ​របស់​សាសនាចក្រ ។ សូម​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–២ រួច​ស្វែងរក​មូលហេតុ​ដែល​យ៉ូសែប ស្ម៊ីធ បាន​ផ្ដល់​ឲ្យ​ក្នុង​ការសរសេរ​ពី​ប្រវត្តិ​ជា​ផ្លូវការ​នេះ ។

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ រួម​មាន​នូវ​ដំណើរ​រឿង​ផ្ទាល់ខ្លួន​នៃ​ការនិមិត្ត​ដំបូង​របស់​ព្យាការី ។ មាន​ដំណើរ​រឿង​នៃ​ការនិមិត្ត​ដំបូង​ដែល​គេ​ស្គាល់​មួយ​ចំនួន—បួន​ត្រូវ​បាន​សរសេរ ឬ​ហៅ​ឲ្យ​សរសេរ​តាម​ដោយ​យ៉ូសែប ស្ម៊ីធ និង​ផ្សេង​ទៀត​ត្រូវ​បាន​សរសេរ​ដោយ​អ្នក​ដែល​បាន​រំឭក​ឡើង​វិញ​ពី​បទពិសោធន៍​របស់​យ៉ូសែប ស្ម៊ីធ ដោយ​សម្ដី​ផ្ទាល់​របស់​គេ ។ ដំណើរ​រឿង​ទាំងនេះ​ត្រូវ​បាន​រៀបរៀង​ឡើង​នៅ​ពេល​ខុសៗ​គ្នា សម្រាប់​អ្នក​អាន​ខុស​គ្នា និង គោលបំណង​ផ្សេង​គ្នា ។ ដំណើររឿង​ទាំងនេះ​រៀបរៀង​ឡើង​ដោយ​យល់​ស្រប​គ្នា​ចំពោះ​សេចក្ដីពិត​ដ៏​ចាំបាច់​ដែល​ថា យ៉ូសែប ស៊្មីធ ពិត​ជា​បាន​ធ្វើ​ឲ្យ​ស្ថានសួគ៌​បើក​ចំហ​ដល់​លោក ហើយ​ឃើញ​សារទូត​សួគ៌ា ដែល​រួម​មាន​ទាំង​ព្រះ​ជា​ព្រះវរបិតា និង ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ ។ ដោយសារតែ​ដំណើររឿង​ក្នុង​ឆ្នាំ ១៨៣៨ គឺ​ជា​ផ្នែក​នៃ​ប្រវត្តិ​ជា​ផ្លូវការ​របស់​យ៉ូសែប ស្ម៊ីធ និង​ជា​ទីបន្ទាល់​ទៅ​កាន់​ពិភពលោក ទើប​វា​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​គម្ពីរ​មុក្ដា​ដ៏​មាន​តម្លៃ​មហិមា ។

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥-១៣

ស្ថិត​នៅក្នុង​ការរំជួល​ខាង​សាសនា​នេះ យ៉ូសែប ស៊្មីធ ប្ដេជ្ញា​ចិត្ត​សូម​ដល់​ព្រះ​ថា​តើ​សាសនាចក្រ​មួយ​ណា​ត្រឹមត្រូវ

យ៉ូសែប ស៊្មីធ បាន​រស់នៅ​អំឡុង​ពេល​មាន​ការចាប់អារម្មណ៍ និង ការរំភើប​ដ៏​ធំ​អំពី​សាសនា ។ សូម​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥–៧ រួច​ស្វែងរក​ពាក្យ ឬ​ឃ្លា​ដែល​ពិពណ៌នា​អំពី​ស្ថានភាព​ដែល យ៉ូសែប បាន​ប្រឈមមុខ ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​ពាក្យ​ទាំងនេះ នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។ ពេល​អ្នក​បញ្ចប់​ការស្វែងរក សូម​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៨, ១០ ដោយ​ស្វែងរក​ការពិពណ៌នា​របស់​យ៉ូសែប ស្ម៊ីធ ថាតើ​លោក​បាន​មាន​អារម្មណ៍​យ៉ាង​ណា​ក្នុង​ពេល​នោះ ។

  1. សូម​សង្ខេប​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​ពី យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥–៧ ដោយ​ស្រមៃ​ថា​ខ្លួន​អ្នក​ត្រូវ​ពន្យល់​ពី​ស្ថានភាព និង​គ្រា​លំបាក​របស់​យ៉ូសែប ទៅ​កាន់​នរណា​ម្នាក់​ដែល​ពុំ​ដែល​បាន​ឮ​ពី យ៉ូសែប ស៊្មីធ ។ សូម​សរសេរ​បញ្ចូល​គំនិត​ឲ្យ​បាន​យ៉ាង​ហោចណាស់​បី​ដែល​អ្នក​គិត​ថា​គួរ​លើកឡើង​ពី​យ៉ូសែប ស្ម៊ីធ ។

សូម​គិត​អំពី​ស្ថានភាព​ដែល​បណ្ដាល​ឲ្យ​អ្នក​សួរ​សំណួរ​មួយ​ចំនួន ហើយ​ពិចារណា​ពី​អ្វី​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​ដោះស្រាយ​កង្វល់​ផ្ទាល់ខ្លួន ។ សូម​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១១ រួច​ស្វែងរក​ទីកន្លែង​ដែល​យ៉ូសែប ស្ម៊ីធ បាន​ទទួល​ចម្លើយ​ចំពោះ​សំណួរ​របស់​លោក ។ សូម​យក​ពេល​បន្តិច ហើយ​សូត្រ​ឡើង​វិញ ឬ ទន្ទេញ​ឮៗ យ៉ាកុប ១:៥ ដែល​បាន​ដកស្រង់​ក្នុង ខ​ទី ១១ ។

គោលការណ៍​មួយ​ដែល​មាន​ក្នុង យ៉ាកុប ១:៥ ដែល​បាន​ជួយ​ដល់​យ៉ូសែប ស្ម៊ីធ ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​លោក​គឺ ប្រសិនបើ​យើង​សូម​ដល់​ព្រះ​ក្នុង​សេចក្ដី​ជំនឿ នោះ​ទ្រង់​នឹង​ឆ្លើយ​តប​ការអធិស្ឋាន​របស់​យើង ។ សូម​គូស​ចំណាំ​ពាក្យ ឬ ឃ្លា​ដែល​បង្រៀន​ពី​គោលការណ៍​នេះ​នៅ​ក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១១ ។ ដោយ​យល់​ថា ព្រះ​នឹង​ឆ្លើយ​តប​ការអធិស្ឋាន​របស់​យើង​តាម​កាលវេលា និង​របៀប​របស់​ទ្រង់ នោះ​សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​ឃើញ​ថា​គោលការណ៍​នេះ​ពិត​ក្នុង​ជីវិត​ផ្ទាល់​របស់​អ្នក ។

យ៉ូសែប បាន​ប្រាប់​ពី​របៀប​ដែល​វគ្គ​បទគម្ពីរ​នេះ​បាន​មាន​អានុភាព​លើ​រូប​លោក ។ សូម​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១២–១៣ រួច​ស្វែងរក​ឃ្លា​ដែល​ពិពណ៌នា​ពី​បទពិសោធន៍​របស់​យ៉ូសែប ស្ម៊ីធ ហើយ​សូម​ឆ្លើយ​បន្ទាប់​ពី​អាន យ៉ាកុប ១:៥ ចប់ ។ តើ​ធ្លាប់​មាន​ខគម្ពីរ​ណា​ដែល​បាន​ធ្វើ​ឲ្យ​អ្នក​រំជួល​ចិត្ត​ដោយ​ព្រះចេស្ដា​ដែរ​ឬ​ទេ ? យោង​តាម យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៣ តើ​យ៉ូសែប ស៊្មីធ ចង់​យក​ឈ្នះ​លើ​អ្វី ? តើ​លោក​បាន​សម្រេចិត្ត​ថា​នឹង​ត្រូវ​ធ្វើ​អ្វី ?

យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:១៤-២០

យ៉ូសែប ស៊្មីធ ឃើញ​ព្រះ​ជា​ព្រះវរបិតា និង ព្រះរាជបុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥–២០ គឺ​ជា​ចំណេះចំណាន​ខគម្ពីរ ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​វា​នៅ​ក្នុង​របៀប​មួយ​ដែល​ងាយស្រួល​រក​ឃើញ ។

ប្រសិនបើ​អ្នក​អាច​ចូល​ទៅ​កាន់ LDS hymnbook បាន សូម​អាន​ទំនុកបទ « Joseph Smith’s First Prayer » (Hymns no. ២៦) ។ បន្ទាប់​មក​សូម​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៤–១៥ ។

តើ​អ្នក​គិត​ថា​ហេតុអ្វី​សាតាំង​ព្យាយាម​បញ្ឈប់​យ៉ូសែប ស្ម៊ីធ ពី​ការអធិស្ឋាន ? ដើម្បី​រកឃើញ​អ្វី​ដែល​យ៉ូសែប ស្ម៊ីធ បាន​ធ្វើ​កាល​លោក​ត្រូវ​ប្រឈម​មុខ​នឹង « ឥទ្ធិពល​យ៉ាង​អស្ចារ្យ » នេះ សូម​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៦ ។ តើ​អ្នក​គិត​ថា​ព្យាការី​ចង់​មាន​ន័យ​ដូចម្ដេច​កាល​លោក​បាន​មាន​ប្រសាសន៍​ថា លោក​បាន​ប្រឹងប្រែង « អស់​ពី​សមត្ថភាព [ របស់​លោក ] ដើម្បី​អំពាវនាវ​ដល់​ព្រះ » ? សូម​ពិចារណា​ពី​អ្វី​ដែល​គំរូ​របស់​យ៉ូសែប ស្ម៊ីធ អាច​បង្រៀន​អ្នក​អំពី​របៀប​ឆ្លើយ​តប កាល​អ្នក​ត្រូវបាន​បំភាន់​ដោយ​នូវ​ស្ថានភាព​លំបាក ឬ ការល្បួង​របស់​សាតាំង​នោះ ។

ព្រឹត្តិការណ៍​សំខាន់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សលោក​ត្រូវបាន​កត់ត្រា​ក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៧ ។ នៅ​ពេល​អ្នក​អាន​ខគម្ពីរ​នេះ សូម​ព្យាយាម​ស្រមៃ​ពី​ព្រឹត្តិការណ៍​ដ៏​ពិសិដ្ឋ​នេះ ។ សេចក្ដីពិត​សំខាន់​មួយ​ដែល​យើង​រៀន​ចេញ​ពី​ខគម្ពីរ​នេះ​គឺ យ៉ូសែប ស៊្មីធ បាន​ឃើញ​ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ ។ លោក​ក៏​បាន​ទូល​ជាមួយ​ទ្រង់​ទាំង​ពីរ​អង្គ ហើយ​ទទួល​បាន​ការណែនាំ​ផងដែរ ។ ការនិមិត្ត​ដំបូង​របស់​យ៉ូសែប ស្ម៊ីធ គឺ​ជា​ព្រឹត្តិការណ៍​គ្រឹះ​នៃ​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ​នា​ថ្ងៃ​ចុងក្រោយ ។

រូបភាព
ការនិមិត្ត​ដំបូង
  1. សូម​សរសេរ​នៅ​ក្នុង​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ពី​មូលហេតុ​ដែល​អ្នក​គិត​ថា​វា​មាន​សារៈសំខាន់​សម្រាប់​អ្នក និង​សមាជិក​សាសនាចក្រ​គ្រប់​រូប​ត្រូវ​មាន​ទីបន្ទាល់​ថា​យ៉ូសែប ស្ម៊ីធ បាន​ឃើញ​ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ ។

សូម​រំឭក យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥–១៧ រួច​ស្វែងរក​សេចក្ដីពិត​ដែល​យើង​អាច​រៀន​ចេញ​ពី​ដំណើររឿង​នៃ​ការបង្ហាញ​ព្រះកាយ​របស់​ព្រះវរបិតា និង​ព្រះរាជបុត្រា​ទៅ​ដល់​យ៉ូសែប ស្ម៊ីធ ។

ជួនកាល ការល្បួង ឬ ការសាកល្បង​អាច​កើតឡើង​ពីមុន ឬ បន្ទាប់​ពី​បទពិសោធន៍​ខាង​វិញ្ញាណ ។ យ៉ូសែប ស៊្មីធ បាន​មាន​បទពិសោធន៍​ពី​ការសាកល្បង​មួយ​ពី​មុន​ការនិមិត្ត​ដំបូង ។ សម្រាប់​ម៉ូសេ ការសាកល្បង​បាន​កើតឡើង​បន្ទាប់​ពី​លោក​បាន​ទូល​ជាមួយ​ព្រះ ( សូម​មើល ម៉ូសេ ១:៩–១២ ) ។ យ៉ូសែប ស៊្មីធ បាន​ស្វែងយល់​ឃើញ​ថា ប្រសិនបើ​យើង​ស្វែងរក​ជំនួយ​ពី​ព្រះ​ដោយ​ស្មោះត្រង់ កាល​សាតាំង​ព្យាយាម​បំបាក់​ទឹកចិត្ត​យើង នោះ​ព្រះ​អាច​ជួយ​រំដោះ​យើង​បាន ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    1. តើ​ការដឹង​ថា​យើង​អាច​ទទួល​បាន​ជំនួយ​ពី​ព្រះ​ដើម្បី​យក​ឈ្នះ​លើ​ភាពលំបាក និង​ការបាក់​ទឹកចិត្ត​បាន ជួយ​អ្នក​បាន​យ៉ាង​ដូចម្ដេច ?

    2. តើ​មាន​គោលការណ៍​ផ្សេង​ណា​ទៀត​ដែល​អ្នក​អាច​រៀន​ពី​បទពិសោធន៍​របស់​យ៉ូសែប ស្ម៊ីធ នៅ​ក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥–១៦ ដែល​អាច​ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​លើ​ការល្បួង​បាន ?

  2. តើ​យើង​អាច​រៀន​អ្វី​ខ្លះ​អំពី​ក្រុមព្រះ​ចេញ​ពី យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥–១៧ ? សូម​សរសេរ​ចម្លើយ​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ ។

គោលលទ្ធិ​មួយ​ចំនួន​អំពី​ក្រុមព្រះ​ដែល​មាន​ចែង​នៅ​ក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥–១៧ មាន ៖ ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះជន្ម​រស់ ។ ព្រះវរបិតាសួគ៌ និង ព្រះរាជបុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ ជា​ជា​អង្គ​ផ្សេង និង​ដាច់​ដោយ​ឡែក​ពី​គ្នា ។

យ៉ូសែប ស៊្មីធ បាន​ទូល​សួរ​ដល់​ព្រះអម្ចាស់​ដើម្បី​ដឹង​ថា សាសនាចក្រ​ណា​មួយ​ដែល​លោក​គួរ​ចូលរួម ។ សូម​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៨–២០ រួច​គូសចំណាំ​ពី​ចម្លើយ​ដែល​យ៉ូសែប បាន​ទទួល​ចំពោះ​សំណួរ​នេះ ។

តើ​អ្នក​ចងចាំ​ពី​ដំណើររឿង​នៃ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ត្រូវ​បាន​ចែកចាយ​នៅ​ពេល​ចាប់ផ្ដើម​មេរៀន​ដែរ​ឬ​ទេ ? ប្រធាន ម៉នសុន បាន​មាន​ប្រសាសន៍​ប្រាប់​ពី​អ្វី​ដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ធ្វើ​បន្ទាប់​ពី​បុរស​រូប​នោះ​បាន​បិទ​ទ្វារ​ឮ​សូរ​ក្ឌាំង​នៅ​ចំពោះ​មុខ​គេ​ថា ៖

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដើរ​បាន​តែ​ប៉ុន្មាន​ជំហាន ស្រាប់តែ​ដៃគូ​ជុញ្ញ័រ​បន្លឺ​ថា ‹ អែលឌើរ យើង​ពុំ​ទាន់​បាន​ឆ្លើយ​នឹង​សំណួរ​របស់​លោក ផូឡាត នៅ​ឡើយ​ទេ › ។

« ដៃគូ​ច្បង​បាន​ឆ្លើយ​ថា ៖ ‹ យើង​ត្រូវ​គេ​បដិសេធ​ហើយ ។ តោះ​យើង​បន្ត​ទៅ​មុខ​ទៀត › ។

« ទោះជាយ៉ាងក៏ដោយ អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​រូប​នោះ​បាន​ជំនះ​រហូត​ដល់អ្នក​ទាំងពីរ​ត្រឡប់​ទៅ​មាត់ទ្វារ​ផ្ទះ​របស់​លោក ផូឡាត វិញ ។ លោក​ផូឡាត បាន​បើក​ទ្វា​ទាំងខឹង រួច​និយាយថា ‹ ខ្ញុំ​គិត​ថា ខ្ញុំ​បាន​ប្រាប់​យុវជន​ឯងហើយ ថា​កុំ​ឲ្យត្រឡប់មក​វិញ​ទៀត ! ›

« ដៃគូ​ជុញ្ញ័រ ពេលនោះ​បាន​និយាយ​ដោយ​ភាព​ក្លាហាន​របស់​ខ្លួន​ថា ‹ លោក ផូឡាត នៅពេលដែល​យើងបាន​ដើរ​ចេញពី​ទ្វាផ្ទះលោក លោក​បាន​និយាយ​ថា យើង​ពុំ​បានជឿពិត​ថា យ៉ូសែប ស៊្មីធ គឺ​ជា​ព្យាការី​ម្នាក់​របស់​ព្រះ ។ ខ្ញុំ​ចង់​ថ្លែងទីបន្ទាល់​ទៅ លោក ផូឡាត ថា ខ្ញុំ​ដឹង​ថា យ៉ូសែប ស៊្មីធ គឺ​ជា​ព្យាការី​ម្នាក់​របស់ព្រះ ថា​តាមរយៈ​ការ​បំផុសគំនិត​លោក​បាន​បកប្រែ​កំណត់ត្រា​ពិសិដ្ឋ ដែលស្គាល់​ថា​ជាព្រះគម្ពីរមរមន ថា​លោក​បាន​ឃើញ​ព្រះ​ជា​ព្រះវរបិតា និង​ព្រះយេស៊ូវ ជា​ព្រះរាជបុត្រា › ។ រួច​ហើយ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ក៏​បាន​ដើរ​ចេញ​ពី​មាត់ទ្វាទៅ ។

« [ ក្រោយមក លោក ផូឡា បាន​ថ្លែង​ទីបន្ទាល់ថា ] ‹ នា​ល្ងាច​នោះ ខ្ញុំ​គេង​ពុំ​លក់​សោះ។ ខ្ញុំ​ប្រែខ្លួន​ចុះឡើងរហូត ។ ខ្ញុំ​បាន​ឮ​ពាក្យ​សម្ដី​ដែលថា « យ៉ូសែប ស៊្មីធ គឺ​ជា​ព្យាការី​ម្នាក់​របស់​ព្រះ ម្ដងហើយ​ម្ដងទៀតក្នុង​គំនិតរហូត ។ ខ្ញុំដឹងពីរឿងនេះ ។… ខ្ញុំដឹងពីរឿងនេះ ។… ខ្ញុំ​ដឹង​យ៉ាង​ដូច្នេះ » ។… ខ្ញុំ​បាន​អន្ទះសា​ចង់​ឲ្យ​ពេល​ព្រឹក​មក​ដល់​ឆាប់ៗ ។ ខ្ញុំ​បាន​ទូរសព្ទ​ទៅ​កាន់​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងនោះ តាម​លេខ​ដែល​មាន​សរសេ​នៅ​លើ​ប័ណ្ណ​តូច​មួយ​នៃ​មាត្រា​នៃ​សេចក្ដី​ជំនឿ ។ ពួកគេ​បាន​ត្រឡប់មកវិញ ហើយគ្រា​នេះ ភរិយា​ខ្ញុំ គ្រួសារ​ខ្ញុំ និង​ខ្ញុំ បាន​ចូលរួម​ក្នុង​ការ​ពិភាក្សា ក្នុង​នាម​ជា​អ្នក​ស្វែង​រក​សេចក្ដីពិត​ដោយ​អស់ពីចិត្ត ។ ជា​លទ្ធផល ពួកយើង​ទាំងអស់​គ្នា​បាន​ឱបក្រសោប​យក​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ » ( «The Prophet Joseph Smith, » ទំព័រ ៦៩ ) ។

ប្រសិនបើ​អ្នក​ពុំ​ទាន់​បាន​ធ្វើ​ដូច្នេះ​ទេ​នោះ សូម​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ដោយ​ខ្លួនឯង ហើយ​សូម​ដល់​ព្រះវរបិតាសួគ៌​ដើម្បី​ជួយ​អ្នក​ដឹង​ថា​ដំណើររឿង​នៃ​ការនិមិត្ត​ដំបូង​របស់​យ៉ូសែប ស្ម៊ីធ គឺ​ជា​រឿង​ពិត ឬ ដើម្បី​ពង្រឹង​ជំនឿ​របស់​អ្នក​ថា​រឿង​នេះ​គឺ​ពិត ។ អ្នក​ក៏​អាច​នឹង​ចង់​ស្វែងរក​ឱកាស​ចែកចាយ​សារលិខិត​នៃ​ការនិមិត្ត​ដំបូង​នេះ​ជាមួយ​នឹង​មនុស្ស​ដទៃ​ផងដែរ ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​នូវ​អារម្មណ៍ ឬ ទីបន្ទាល់​របស់​អ្នក​អំពី​ព្យាការី យ៉ូសែប ស៊្មីធ ។

រូបភាព
រូបសញ្ញា​ចំណេះចំណាន​ខគម្ពីរ
ចំណេះចំណាន​ខគម្ពីរ—យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥–២០

សូម​ញែក​ពេល​ដើម្បី​ព្យាយាម ហើយ​ទន្ទេញ​វគ្គ​ចំណេះចំណាន​ខគម្ពីរ​នេះ ។ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា​ពុំ​អាច​ទន្ទេញ​ខគម្ពីរ​ទាំងអស់​ទេ នោះ​អ្នក​អាច​នឹង​ចង់​បែកចែក​ខគម្ពីរ​ជា​ចំណែក​តូចៗ ឬ ទន្ទេញ ខទី ១៦–១៧ ឬ គ្រាន់តែ​ការសង្ខេប​ខ្លីៗ​នៃ​ខគម្ពីរ​ទាំងនេះ​ក៏​បាន ។ នេះ​គឺ​ជា​វិធីសាស្ត្រ​មួយ​ដើម្បី​ជួយ​អ្នក​ឲ្យ​ទន្ទេញ​ចាំ​ខគម្ពីរ​ទាំងនេះ​បាន ៖ អាន​ឃ្លា​មួយ​ម្ដងហើយ​ម្ដងទៀត​ដរាប​ដល់​អ្នក​អាច​ថា​ឃ្លា​នោះ​បាន​ដោយ​មិន​បាច់​មើល ។ បញ្ចូល​ឃ្លា​ទី​ពីរ ហើយ​អាន​ឃ្លា​នោះ​ម្ដងហើយ​ម្ដងទៀត​ដរាប​ដល់​អ្នក​អាច​សូត្រ​ឃ្លា​ទាំងពីរ​បាន ។ បញ្ចូល​ឃ្លា​ទី​បី​ទៀត រួច​បន្ត​ធ្វើ​ដូចនេះ ។ អ្នក​អាច​សូត្រ​ឃ្លា​ដែល​អ្នក​បាន​ទន្ទេញ​ចាំ​ហើយ​នោះ​យ៉ាង​លឿន ហើយ​សូត្រ​ឃ្លា​ថ្មី​ដោយ​យឺតៗ ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–២០ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖